ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល

សេដ្ឋកិច្ច និង កសិកម្ម

ធនាគារជាតិចេញសេចក្តីជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នប្រាក់ដុល្លារ​ក្លែងក្លាយ

2025/01/02 10:54:22 am        149
ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​ក្រដាសប្រាក់ដុល្លារអាមេរិក ក្លែងក្លាយ ដោយត្រូវពិនិត្យពិច័យឱ្យបានហ្មត់ចត់ មុននឹង​ទទួល​យក​ក្រដាសប្រាក់ដុល្លារអាមេរិក ខណៈដែលក្រដាសប្រាក់នោះ កំពុងចរាចរនៅកម្ពុជា។ធនាគារជាតិ នៃ​កម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិកក្លែងក្លាយ និង បានជម្រាបជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និង​សាធារណ​ជន​ឱ្យ​បាន​ជ្រាប ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុង ប្រទេសកម្ពុជា, ក្រដាស​ប្រាក់​ដុល្លារ​អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ ការចរាចរ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ តាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក។ជុំវិញបញ្ហានេះ, ធនាគារជាតិនៃកម្ពុជា ស្នើដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដក​ហូត​ក្រដាស​ប្រាក់​ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារ​សម្ងាត់​អាមេរិក ​ជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារ សម្ងាត់អាមេរិក​ស៊ើប​អង្កេត​បន្ត​។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែ​ល​ចរាចរ​​ក្រដាសប្រាក់ ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័​ត៌​មាន​ទាំង​នេះ​មក​ធនាគារជាតិ នៃ​កម្ពុជា,​ និងសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង ពិនិត្យពិច័យឱ្យបានហ្មត់ចត់ មុន​នឹង​ទទួល​យក​ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារ អាមេរិក​នោះក្លែងក្លាយសូមផ្ដល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។បញ្ហានេះ, ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ណែនាំ​អតិថិជន​របស់​ខ្លួន​អំពីរបៀបកំណត់ អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួម​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនេះ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីកសិកម្ម ជំរុញមន្រ្តីក្រោមឱវាទបន្តយកចិត្តទុកដាក់លើការផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ

2024/12/31 03:42:36 pm        339
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យមន្រ្តីក្រោមឱវាទ ត្រូវចេះសហការគ្នាគ្រប់អនុវិស័យទាំងអស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបា លរួមមានការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអង្គពិធីត្រូវយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់អង្គពិធីត្រូវផ្តោតទៅលើគុណភាពនៃការផ្គត់ផ្គង់ ទៅលើគ្រប់អនុវិស័យ និងតាមរយៈសហគមន៍កសិកម្មទំនើប ដែលជាចំនុចសំខាន់ដើម្បីអាចឆ្លើយតបបានគ្រប់តម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ មានបច្ចេកទេសច្បាស់លាស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន ថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែចង្វាក់តម្លៃបានយ៉ាងពិតប្រាកដ។ ពាក់ព័ន្ធនឹងការងារធាតុចូលកសិកម្ម ឯកឧត្តម បានបញ្ជាក់ថា ការងារនេះ ត្រូវបន្តការយកចិត្តទុកដាក់ មានការកំណត់ថ្លៃច្បាស់លាស់ ជាពិសេសត្រូវមានអំណាចនៅក្នុងទីផ្សារ និងមានអំណាចនៃការចរចា។ជាទិសដៅការងារបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាក្រសួងនឹងជំរុញការងារបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម និងមន្ទីរពិសោធន៍ជាតិ ដើម្បីជំរុញការងារស្រាវជ្រាវ និងការងារពិសោធឱ្យមានភាពបន្ស៊ីគ្នា មាននវានុវត្តន៍ខ្ពស់ និងអាចបម្រើគ្រប់អនុវិស័យទាំងអស់ក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តខិតខំបំពេញការងារ និងចេះផ្សព្វផ្សាយនូវសមិទ្ធផលនានា ដើម្បីទទួលបានការគាំទ្រ និងការទទួលស្គាល់ពិតប្រាកដពីសាធារណជន ដែលជាគុណាធិបតេយ្យនៃមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីបើក «ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤»

2024/12/30 12:23:22 pm        177
នាព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក “ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “វិនិយោគ​លើ​សហគ្រិន​វ័យក្មេង ដើម្បី​សេដ្ឋកិច្ចថាមវន្ត និងបរិយាប័ន្ន” ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ឧកញ៉ា គួច ផេង តំណាង​អង្គការ​បណ្ដាញ​សហគ្រិនសកលកម្ពុជា (GEN Cambodia) ឯកឧត្តម លោកជំទាវ ជាថ្នាក់​ដឹកនាំ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងម្ចាស់អាជីវកម្ម ក្រុមហ៊ុន សហគ្រាស ពីវិស័យឯកជន និងសិស្សានុសិស្សជាច្រើនរូប។ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្តាញសហគ្រិនសកលកម្ពុជា (GEN Cambodia) ដែលបាន​សហការ​រៀបចំ​​ទិវាប្រកបដោយអត្ថន័យនេះឡើង និងបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេ​ច​បាន​ជា​ច្រើន​របស់ សមាគម ក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ ព្រមទាំង​ការ​ចូលរួ​ម​ចំណែក​យ៉ាង​សំខាន់​របស់​សមាគមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។លោកជំទាវរដ្ឋមន្ត្រី បន្តថា ប្រធានបទនៃទិវាសហគ្រិនភាពកម្ពុជាឆ្នាំនេះ បាន​សបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​សហគ្រិនវ័យក្មេង ក្នុងការបង្កើតការប្រកួតប្រជែងលើអាជីវកម្ម ពាណិជ្ជកម្មប្រកប​ដោយ​ការ​ច្នៃប្រឌិត បណ្តុះនូវឯកទេសនិងជំនាញជាក់លាក់ ក្តាប់បាននូវឱកាសថ្មីៗ នៃ​ការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ ជាពិសេសការធ្វើការពាណិជ្ជូបនីយកម្មឌីជីថល។លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា វេទិកានេះនឹងផ្តល់នូវសារៈសំខាន់ជាសារវន្ត ទាំងលើការ​ចែក​រំលែក​ព័ត៌មាន បទពិសោធន៍ល្អៗពីវាគ្មិននិងតួអង្គពាក់ព័ន្ធ ព្រមទាំង​កសាង​នូវ​បណ្តាញ​ទំនាក់​ទំនង​គ្នា​កាន់​តែ​ប្រសើរ ដល់អ្នកចូលរួមទាំងអស់ផងដែរ។លោកជំទាវរដ្ឋមន្ត្រី គូសបញ្ជាក់ថា សហគ្រិនវ័យក្មេង ប្រកបដោយថាមវន្ត និងវិស័យឯកជន ដែលរឹងមាំ គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះសហគ្រិន ម្ចាស់​អាជីវកម្ម និងវិស័យឯកជន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចកម្ពុជាយើង។មុននឹង​បញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងស្នើឱ្យវិនិយោគិន សមាជិក សហគ្រិន​វ័យក្មេង សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមគ្នាសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងស្វែងរ​ក​ដំណោះ​ស្រា​យ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាព និងឯកទេសនីយកម្មរបស់ខ្លួន ដោយត្រូវ​តាម​ឱ្យ​ទាន់ការ​វិវត្តន៍របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច-សង្គម ដែលមានការប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ការប្រកួតប្រជែង ក្នុងយុគ្គសម័យឌីជីថល។ លើសពីនេះ ចាំបាច់ត្រូវ​រួម​សហការ​គ្នាប្រ​កប​ដោយ​ភាព​បុរេសកម្ម និងអន្តរសកម្មបំផុតក្នុងការចាប់យកនូវកាលានុវត្តភាពជាសក្តានុពល ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងលើកកម្ពស់សុខមាលភាពសង្គមឱ្យកាន់តែប្រសើរ៕

វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៥ នឹងមានកំណើន ៨,៦% គាំទ្រដោយវិស័យកាត់ដេរ និងមិនមែនកាត់ដេរ

2024/12/26 03:37:51 pm        357
វិស័យឧស្សាហកម្មនៅឆ្នាំក្រោយនេះ ត្រូវបានព្យាករថានឹងមានកំណើន ៨,៦% ខ្ពស់ជាង​ឆ្នាំ២០២៤ ដែលគាំទ្រដោយការរក្សាបាន តុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាល​មិនមែន​កាត់ដេរ ខណៈអនុវិស័យសំណង់ នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា មុនវិបត្តិជំងឺកូវីដ-១៩។តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បើយោងលើការវាយតម្លៃ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបាន កំណើនក្នុងរង្វង់ ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ជិត ២១០ ពាន់ប៊ីលានរៀល សមមូលនឹងប្រមាណជាង ៥១ ពាន់លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ៩២៤ ដុល្លារអាមេរិក បើធៀបនឹងប្រមាណ ២ ៧១៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ដែលគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យឧស្សាហកម្ម, សេវា និងវិស័យកសិកម្ម។ ចំណែកទាក់ទិនវិស័យឧស្សាហកម្ម, សម្រាប់ឆ្នាំ ២០២៥ ខាងមុខនេះ ត្រូវបានព្យាករថានឹងមានកំណើន ៨,៦% ដែលគាំទ្រ ដោយការរក្សាបានតុល្យភាព នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្នុងនោះសម្រាប់អនុវិស័យកាត់ដេរ ត្រូវបានរំពឹង ថា នៅបន្តរក្សាបានកំណើនប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ-១៩, ដោយសារភាពប្រសើរនៃតម្រូវការសកល គួបផ្សំនឹងការពង្រឹងការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលនឹងលើកកម្ពស់បរិយាកាស វិនិយោគ និងភាពប្រកួតប្រជែងជាមួយនឹងការបង្កើនផលិតភាពពលកម្ម។ ចំណែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ, ត្រូវបានព្យាករថា នឹងបន្តរក្សាបានកំណើនរឹងមាំ ដោយសារការរំពឹងពីការបន្ត កើននៃតម្រូវការខាងក្រៅ ដែលនឹងបន្តជំរុញការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ស្របពេលដែលឧស្សាហកម្មបម្រើឱ្យ ទីផ្សារក្នុងស្រុក ត្រូវបានរំពឹងថា នឹងបន្តកើនក្រោមការដាក់ចេញនូវវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល សំដៅជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។ ស្របគ្នានេះ អនុវិស័យផលិតកម្មម្ហូបអាហារ និងភេសជ្ជៈ ក៏ត្រូវបានព្យាករថានឹងបន្តកំណើនល្អ ខណៈ ដែលអនុវិស័យសំណង់ ត្រូវបានព្យាករថាបន្តកំណើនទាបជាងនិន្នាការធម្មតា ដោយសារការរំពឹងពីការងើបវិញយឺត នៃរំហូរវិនិយោគ ទុនពីបរទេស។ចំណែកវិស័យសេវាកម្ម នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ, ត្រូវបានព្យាករថា នឹងមានកំណើន ៥,៦% ដោយសារការបន្តបាន ចលនានៃការអនុវត្តបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងៗ ខណៈដែលអនុវិស័យអចលនទ្រព្យ នៅបន្តមានកំណើនទាប។ ដោយឡែកវិស័យកសិកម្មវិញ, នៅក្នុងឆ្នាំក្រោយនេះដែរ ត្រូវបានព្យាករថា មានកំណើន ១,១% ដោយ សារការរំពឹងទុកនូវកំណើនល្អ នៃអនុវិស័យដំណាំនិងចិញ្ចឹមសត្វ និងការងើបឡើងវិញសន្សឹមៗនៃអនុវិស័យនេសាទ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-វៀតណាម បើកវេទិកាពិភាក្សាស្វែងយល់ពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា

2024/12/26 01:57:12 pm        249
កម្ពុជា-វៀតណាម បើកវេទិកាដើម្បីបង្កលក្ខណៈសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ ដើម្បី​បង្កើត​ទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មាន​សំខាន់ៗ​ពាក់​ព័ន្ធ​នឹង​សក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេស កម្ពុជា ពិសេស​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើក​ឡើង​នៅ​ក្នុង​វេទិកា​ជំរុញ​ពាណិជ្ជ​កម្ម និងវិនិយោគ កម្ពុជា-វៀតណាម ស្តីពីការបង្កើនកិ​ច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ឆ្លង​ដែន និងសេដ្ឋកិច្ចឌីជីថល នៅរសៀលថ្ងៃទី២៥ ខែធ្នូ ម្សិលមិញ ក្នុងនោះឯកឧត្តមអគ្គលេខាធិការ បាន​គូសបញ្ជាក់អំពីសារៈសំខាន់ នៃពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ដែល​កំពុង​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស នៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន និងនិន្នាការសកលនៃយុគសម័យឌីជីថល ហើយ​បានចូលរួមចំណែកក្នុងការកាត់បន្ថយ ថ្លៃដើម និងពេលវេលា, បង្កើនការលក់ និងផលិតភាព ព្រម​ទាំងលទ្ធភាពក្នុងការពង្រីកវិសាលភាពទីផ្សារបានលឿនរហ័ស។ឯកឧត្តម បានលើកទឹកចិត្តដល់វិនិយោគិនវៀតណាម បន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឬ​ចាប់​ដៃគូវិនិយោគជាមួយ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេស​លើ​វិស័យ​ដែល​មាន​សក្ដានុពលខ្ពស់ ដែលអាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ផលិតកម្ម​នៅ​ប្រទេស​វៀតណាម​ដូចជា​៖ កសិកម្ម និងកសិ-ឧស្សាហកម្ម, កម្មន្តសាលគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក, បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ, និងឧស្សាហកម្មកម្មន្តសាលដទៃទៀត ព្រមទាំង​បាន​អំពាវ​នាវ​ដល់វិនិយោគិន និងធុរជន ដែលមិនទាន់បានវិនិយោគនៅកម្ពុជា ឱ្យអញ្ជើញ​មក​សិក្សា​ស្វែង​យល់​បន្ថែម អំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន និងរួសរាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។សូមបញ្ជាក់ជូនផងដែរថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៤ ចំពោះអ្ន​ក​វិនិយោគ​មក​ពី​ប្រទេស​វៀតណាម មកបណ្តាក់ទុននៅ កម្ពុជា មានទុនវិនិយោគជាប់ចំណាត់ថ្នាក់ទី៣ ដែល​មាន​ទំហំ​ទឹក​ប្រាក់សរុបប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក ខណៈដែលនៅក្នុង វិច្ឆិកា កន្លងមកនេះ, វៀត​ណាមជាប់លំដាប់លេខ១ លើការមកបណ្តាក់ទុកនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ បញ្ជ្រាបការយល់ដឹងលើការអនុវត្តច្បាប់ដល់សមាគម និងអង្គការនានា

2024/12/25 12:20:11 pm        106
អគ្គនាយកដ្ឋានពន្ធដារ បញ្ជ្រាបការយល់ការដឹងបន្ថែម អំពីការអនុវត្តច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ស្តីពី​ពន្ធដារ ដល់គ្រប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាអ្នកជាប់ពន្ធទាំងអស់ សំដៅ​ពង្រឹង​អនុលោមភាពសារពើពន្ធ និងលើកកម្ពស់វប្បធម៌បង់ពន្ធ ដើម្បីឆ្លើយតប​ទៅ​នឹង​ការ​វិវត្ត​នៃសង្គម និងសេដ្ឋកិច្ចជាតិ ។ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាស្តីពី “កាតព្វកិច្ច និងនីតិវិធីក្នុង ការធ្វើបច្ចុប្បន្នភាពពន្ធដារ ស្របតាមច្បាប់​ស្ដីពី​សារ​ពើពន្ធ​សម្រាប់​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” នៅថ្ងៃ ២៣ ធ្នូ នេះ, ឯកឧត្តមបណ្ឌិត ក៏បាន​សម្តែង​នូវ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សិក្ខាកាមទាំងអស់ ដែលមានវត្តមានចូលរួម​នៅក្នុង​កម្ម​វិធី​សិក្ខា​សាលា​នេះ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងបង្កើន​ការ​យល់​ដឹង​បន្ថែម​អំពីច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តស្តីពីពន្ធដារ ជាពិសេស​ធ្វើការ​ស្វែង​យល់​ឱ្យ​បាន​កាន់​តែ​ស៊ីជម្រៅថែមទៀត ចំពោះកាតព្វកិច្ចសារពើពន្ធ សម្រាប់សកម្មភាព អាជីវកម្ម ដោយ​ឡែក​បន្ថែម​លើ​សកម្មភាពគោលដៅសុទ្ធសាធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បី​ចូល​រួម​បំពេញកាតព្វកិច្ចសារពើពន្ធ ក្នុងឋានៈជាអ្នកជាប់ពន្ធ និងឋានៈជាភ្នាក់ងារកាត់ទុក ឱ្យ​បាន​ត្រឹម​ត្រូវ​ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តស្តីពីពន្ធដារជាធរមាន។ ឯកឧត្ដមបណ្ឌិតអគ្គនាយករង បានគូស​បញ្ជាក់​អំពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ក្នុងការលើកកម្ពស់ និង បញ្ជ្រាបវប្បធម៌បង់ពន្ធ ឱ្យបានជ្រួតជ្រាបដល់គ្រប់សមាគម និង​អង្គការ​មិន​មែនរដ្ឋាភិបាល ក៏ដូចជាអ្នកជាប់ពន្ធទាំងអស់ ដើម្បីឱ្យយល់ ដឹង​កាន់​តែ​ច្បាស់​អំពី​កាតព្វកិច្ចសារពើពន្ធ និងការវិវត្តឥតឈប់ឈរនៃការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ សំដៅ​ធ្វើ​ការ​ប្រែក្លាយ​ស្ថាប័ន ជាតិមួយនេះ ឱ្យមានលក្ខណៈទំនើប ដែលអាចឆ្លើយតបទៅនឹងការវិវត្តនៃសង្គម និង​សេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាល ប្រែប្រួលថ្មី ក៏ដូចជា​បរិបទ​នៃ​សមាហរណ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ក្នុង​តំបន់ និងពិភពលោក។ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល បានជំរុញនិងលើកទឹកចិត្តសិក្ខាកាមទាំងអស់ ចូល​រួម​ឱ្យ​បាន​សកម្ម​នៅ​ក្នុងសិក្ខាសាលានេះ តាមរយៈការលើកជាមតិយោបល់ សំណួរមួយចំនួន ដើម្បីផ្តល់ និង​ស្រូប​យក​ធាតុចូល ព្រមទាំងចែករំលែកជាចំណេះដឹង ចំណេះធ្វើ បទពិសោធអនុវត្ត និង​បទ​ប្បញ្ញត្តិ​ ដើម្បីជាប្រយោជន៍​ជា​ចំណេះដឹង​សម្រាប់​បំពេញ​កាតព្វកិច្ច​សារ​ពើ​ពន្ធ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅពង្រឹងវប្បធម៌នៃការបង់ពន្ធ និង​អនុ​លោម​ភាព​សារ​ពើពន្ធ​។សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះ បានធ្វើបទបង្ហាញស្ដីពី "នីតិវិធីចុះបញ្ជី និង​បច្ចុប្បន្ន​កម្ម​ស្រប​តាម​ច្បាប់ស្តីពីសារពើពន្ធ សម្រាប់ សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល” ដែល​មាន​ចំណុច​សំខាន់​ៗចំនួនបីរួមមាន៖ ១.ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, ២. បែបបទ​ និង​នីតិ​វិធី​សម្រាប់​ការបំពេញកាតព្វកិច្ចចុះបញ្ជី និងបច្ចុប្បន្នកម្ម, និង៣. មធ្យោបាយដាក់ពាក្យស្នើសុំ និង​ការតាំងឬព្យួរ បង្ហាញឯកសារចុះបញ្ជីពន្ធដារ៕ អត្ថបទ៖ សុន រ៉ាឌី

គ្រឹះស្ថានហិរញ្ញវត្ថុបានផ្តល់ឥណទានសម្រាប់វិស័យសំខាន់ៗ មានទឹកប្រាក់ជិត ៦១ ប៊ីលានដុល្លារ

2024/12/25 11:52:20 am        147
គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅក្នុង​វិស័យ​សេដ្ឋកិច្ច មានទំហំទឹក ប្រាក់ជាង ២៤៧ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៦១ ប៊ីលាន​ដុល្លារ​អាមេរិក កើនឡើងជាង ២ ភាគរយ ធៀបនឹងឆ្នាំមុន។ធនាគារជាតិនៃកម្ពុជា បង្ហាញពីឥណទានដែលបានផ្តល់តាមវិស័យ ជួយ​ទ្រទ្រង់​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច សម្រាប់ជាប្រភព ទុនដ៏សំខាន់ៗសម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាស ក្នុងការ​ពង្រីក​អាជីវកម្ម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ សកម្មភាពសេដ្ឋកិច្ច បង្កើត​ឱកាស​ការងារ និងបង្កើនផលិតភាព។ជាក់ស្តែងបើតាមការបង្ហាញរបស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមខែ តុលា ឆ្នាំ ២០២៤ ឥណទាន​ផ្តល់​ដោយ​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួនទឹកប្រាក់ប្រមាណ ២៤៧.៦៣១ ប៊ីលានរៀល ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក កើនជាង ២ ភាគរយ ធៀប​នឹង​ឆ្នាំ​មុន​។ ការកើនឡើងនេះ រួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និង​រាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ចំពោះទឹកប្រាក់ដែលត្រូវផ្តល់ទៅតាមវិស័យទាំងនោះរួមមាន៖ វិស័យជួញដូរដុំនិងរាយ មាន​ទឹក​ប្រាក់​ជាង ៦០.៩២៦ ប៊ីលានរៀល, សំណង់ ២៩.១៩៩ ប៊ីលានរៀល, ការទិញ​ទំនិញ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ២៧.៦៨៦ ប៊ីលានរៀល, អចលនទ្រព្យ ២៤.៨៦៣, កសិកម្ម ២៣.៧៥៩ ប៊ីលាន​រៀល​, សេវាកម្ម ១៩.៥៨៦ ប៊ីលានរៀល, កម្មន្តសាល ១០.៣៦៧ ប៊ីលានរៀល, អង្គភាព គ្រួសារ ២.៥៩១ ប៊ីលានរៀល និងការផ្តល់ឥណទានទៅលើវិស័យផ្សេងៗទៀត មានទឹកប្រាក់ជាង ៤៨.៦៥៤ ប៊ីលានរៀល៕ អត្ថបទ៖ សុន រ៉ាឌី

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ រំពឹងថា នឹងមានកំណើនខ្ពស់ជាងឆ្នាំកន្លងមក

2024/12/24 12:51:46 pm        267
កម្ពុជានៅឆ្នាំ២០២៥ និងរយៈពេលមធ្យមទៅមុខ គឺជាដំណាក់កាលដែលបន្តដំណើរលើមាគ៌ា ស្ដារ និងជំរុញកំណើនឡើងវិញ និងរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយ ត្រូវបានព្យាករ ក្នុងរង្វង់ ៦,៣ ភាគរយ និងជាមធ្យម ៦,៦ ភាគរយ សម្រាប់ឆ្នាំ ២០២៦-២០២៧។តាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ២០២៥-២០២៧ របស់រាជរដ្ឋាភិបាល, ការ​រៀប​ចំ​ក្របខ័ណ្ឌហិរញ្ញវត្ថុ សាធារណៈនេះ ត្រូវបានធ្វើឡើងក្រោមទម្រង់ ៣ ឆ្នាំរំកិល ដែល​ក្នុង​នោះ​ពិតានថវិកាជាក់លាក់ឆ្នាំ ២០២៥ (ដែលជាឆ្នាំទី១) នឹងជា ផ្នែកមួយ​នៃកា​រ​រៀប​ចំ​ច្បាប់​ថវិ​កា​ឆ្នាំ២០២៥, ខណៈដែលចំណោលសម្រាប់ឆ្នាំ ២០២៦ (ឆ្នាំទី២) និងឆ្នាំ ២០២៧ (ឆ្នាំទី៣) នឹងអាចត្រូវបានកែតម្រូវនៅឆ្នាំបន្តបន្ទាប់ ដើម្បីឱ្យស្របទៅតាមការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ចក្នុងស្រុក និងបរិយាកាសសេដ្ឋ កិច្ចខាងក្រៅ ។ ក្របខ័ណ្ឌនេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​ការ​រៀបចំនូវ “ក្របខ័ណ្ឌថវិការយៈពេលមធ្យម ២០២៥-២០២៧» និង «សេចក្តីព្រាង​ច្បាប់​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥» ។ជាការគិតគូរ, ឆ្នាំ ២០២៥ និងរយៈពេលមធ្យមទៅមុខ គឺជាដំណាក់កាលដែលកម្ពុជា​បន្ត​ដំណើរ​លើ​មាគ៌ា​ស្ដារ និងជំរុញ កំណើនឡើងវិញ បន្ទាប់ពីទទួលរង​ការ​ប៉ះ​ទង្គិច​ផ្ទួនៗ​ពី​វិបត្តិបន្ត​បន្ទាប់​ក្នុង​ឆ្នាំ​កន្លងមក, ប៉ុន្តែកំណើនមិនទាន់ស្ថិតលើគន្លងសក្តានុពល នៅឡើយ; ខណៈស្ថាន​ភាព​នយោបាយ​, សេដ្ឋកិច្ច និងសង្គម, ទាំងសកល, តំបន់, និងក្នុងស្រុក, ត្រូវបានរំពឹងទុកថា នឹង​កាន់​តែ​មាន ភាពប្រសើរឡើង ។ ក្នុងដំណាក់កាលនេះ, ការវាយតម្លៃទស្សនវិស័យសេដ្ឋកិច្ច ស្ថិត​ក្រោម​សម្មតិកម្មថា ស្ថានភាពសង្គម-សេដ្ឋកិច្ច នៃ ប្រទេសជាដៃគូសំខាន់របស់កម្ពុជា នឹង​វិវត្ត​កាន់​តែ​វិជ្ជមាន ហើយភាពតានតឹងគោលនយោបាយ និងវិបត្តិនានា នឹងមានភាពធូរស្បើយ ដែល​នឹង​ជះ​ឥទ្ធិពលល្អ មកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ស្របពេល​ចលនការ​នៃ​ការកែទម្រង់ស៊ីជម្រៅ ក្នុងប្រទេស នឹងបន្តហុចផលជាផ្លែផ្កា និង​រួម​ចំណែក​ជា​វិជ្ជមាន ដល់ដំណើរការអភិវឌ្ឍន៍ជារួម ។ក្រោមសម្មតិកម្មនេះ, កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករក្នុងរង្វង់ ៦,៣ ភាគរយ សម្រាប់ ២០២៥ និងជាមធ្យម ៦,៦ ភាគរយ សម្រាប់ឆ្នាំ ២០២៦-២០២៧ ។ យ៉ាងណាមិញ, ហានិភ័យ និង​ភាពមិនប្រាកដប្រជា, ទាំងក្នុងក្របខណ្ឌសកល, តំបន់, និងក្នុងស្រុក, នៅតែអាច​មាន​លទ្ធភាព​កើតឡើងខ្ពស់ ដែលនឹងធ្វើឱ្យសម្មតិកម្មខាងលើ អាចមិនប្រែក្លាយជាតថភាពជាក់ស្ដែង, និងផ្លាស់ប្ដូរនូវក្របខ័ណ្ឌដែលបានរៀបចំនេះ។ជុំវិញបញ្ហានេះដែរ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​រាជ​បណ្ឌិតសភាកម្ពុជា លើក ឡើងថា ជុំវិញបញ្ហាសេដ្ឋកិច្ច កម្ពុជានឹងអាច​សម្រេច​បាន​តាម​គ្រោង​ទុក ខណៈបច្ចុប្បន្នបន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បានទម្លាក់អត្រាការប្រាក់នោះ ភាព​នៃ​ការតានតឹងសេដ្ឋកិច្ចជាសកលមានការប្រែប្រួលជាបណ្តើរៗ ក្នុងនោះបញ្ហាអតិផរណា ជា​ពិសេស​ថ្លៃ​មុខទំនិញលើទីផ្សារ នឹងអាចធ្លាក់មកក្នុងកម្រិតល្អប្រសើរវិញផងដែរ ។ ចំណែក​ការ​នាំ​ចេញ​វិញ, កម្ពុជាបានកំពុងនាំ ចេញមានកំណើនល្អប្រសើរ ក្នុងនោះខណៈ​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក ត្រូវរំពឹងនឹងធូរស្រាលមកវិញ នឹងធ្វើឱ្យប្រទេស ដែលជាដៃគូនាំ​ចេញ​ទំនិញ​កម្ពុជា នឹងងើបឡើងវិញ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជាកាន់តែច្រើន ។ ក្រៅពីនេះ នៅ​ក្នុង​ឆ្នាំ២០២៥ ខាងមុខ កម្ពុជាក៏រំពឹងថា នឹងស្រូបយកភ្ញៀវទេសចរណ៍បរទេសបានកាន់តែច្រើន គាំទ្រ​ដល់សកម្មភាពអាជីវកម្មបម្រើ ទេសចរ អាចបង្កើតការងារ និងប្រាក់ចំណូលបន្ថែមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

សមាគមអ្នកវិនិយោគកម្ពុជា៖ ចិនជាទីផ្សារធំជាងគេក្នុងការនាំចេញទំនិញស្ទើរគ្រប់វិស័យ

2024/12/24 12:44:47 pm        244
ក្រុមហ៊ុន សហគ្រាសចិន ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា មានចំនួនសរុបជិត ៣​ពាន់​ក្រុមហ៊ុន កើនឡើងជាង ២០% ។ រីឯទំហំពាណិជ្ជកម្មទ្វេរភាគីសម្រេចបានសរុបជាង ១៣​ពាន់​លាន​ដុល្លាអាម៉េរិក កើនឡើងជាង ២៤% ។ នេះបើគិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៤។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម គិតក្នុងរយៈពេលដូចគ្នាខាងលើនេះ និយាយ​ចំពោះ​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន សម្រេចបានចំនួន ១,៦០៧លានដុល្លារអាម៉េរិក កើនឡើងជាង ២២% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣។ ក្រៅពីនេះ កម្ពុ​ជា​មាន​ជំនួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមកពីរដ្ឋបាលខេត្ត និងប្រតិភូមក​ពី​វិស័យ​ឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យលទ្ធភាព ក្នុងការទាក់​ទាញ​ធុរជន​ពី​តំបន់​នោះ​មកធ្វើធុរកិច្ចនៅកម្ពុជា និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា សម្រាប់​អតិថិជន​ក្នុងតំបន់ និងជំរាបជូនពីគោលនយោបាយ ឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅ​បង្កើនកិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យកាន់តែប្រសើរឡើង។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា “ទីផ្សារចិន គឺជាទីផ្សារដែលធំជាងគេ ដែលអាចគិត​បាន​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា ក្រៅពីអ៊ឺរ៉ុប និងអាម៉េរិកគឺជឿជាក់ថា ទីផ្សារចិននេះគឺជាទីផ្សារធំមែនទែន ហើយ​យើង​ជឿជាក់​ដោយ​សារ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​កន្លង​មក​បាន​ចុះ​មក​ទស្សន​កិច្ច​ក៏​ដូច​ជា​ធ្វើ​ការ​សិក្សា​ទីផ្សារដើម្បីរកឱកាសវិនិយោគនៅប្រទេសកម្ពុជា”។បើតាមលោក លី ឃុនថៃ កន្លងមកខាងសមាគមស្បែក សមាគមផលិតផលធ្វើដំណើរ ក៏​ដូចជា​សហព័ន្ធអ្នកវិនិយោគកម្ពុជា ក៏តែងតែឆ្លៀតឱកាសធ្វើដំណើរទៅបរទេសដើម្បីធ្វើការផ្សព្វផ្សាយ ទាក់​ទាញអ្នកវិនិយោគ ដូចសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តែងតែទៅ​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេសមកវិនិយោគនៅកម្ពុជា ហើយសមាគមក៏​តែងតែ​ធ្វើ​សកម្មភាព​នេះ​ជា​បន្ត​បន្ទាប់​ផង​ដែរ​។សូមជំរាបជូនថា កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមអតីតនិស្សិតមកពីសាកលវីទ្យាល័យអាស៊ី អឺរ៉ុប និងក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ចំនួនប្រមាណ ១,៣០០នាក់ បានជួប​ជុំ​អាហារ​សាមគ្គី ដើម្បីបង្កើតការជួបជុំគ្នារំឭកអនុស្សាវរីយ៍អំឡុងពេលនិស្សិតសិក្សា ថែមទាំ​ង​បាន​ចែក​រំលែក​បទ​ពិសោធន៍ការងារល្អៗ ដែលបានជួបប្រទះកន្លងមក ពង្រីកនិង​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​គ្នា​នឹងគ្នាដើម្បីកិច្ចសហការកាន់តែជិតស្និត និងការអភិវឌ្ឍអាជីពបន្ថែមទៀត៕ អត្ថបទ ឈិត បូរ៉ាវី 

ឆ្នាំ២០២៤ CDCបានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង មានទឹកប្រាក់ជិត ៧០០០លានដុល្លារ

2024/12/24 09:43:18 am        258
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC នៅក្នុងឆ្នាំ២០២៤នេះ បាន​អនុម័ត​គម្រោង​វិនិយោគបានចំនួន៤១៤គម្រោង ដោយមានទំហំទុនវិនិយោគជិត៧០០០លានដុល្លារអាមេរិក ដោយ​បានបង្កើត ការងាររហូតដល់៣៣ម៉ឺនកន្លែង។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការ លើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដឹកនាំកិច្ចប្រជុំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ កន្លងទៅនេះបានបញ្ជាក់ឲ្យដឹងថា ធៀប​នឹង​ឆ្នាំ២០២៣​ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង កើនឡើង ១៤៦​គម្រោង​ស្មើ​និង​៥៤ភាគរយ ដោយមានទំហំទុនវិនិយោគ៦៧០០លានដុល្លារអាមេរិក កើន​ឡើង​១៩៧៣លានដុល្លារអាមេរិក ស្មើ៤០ភាគរយ ដែល​អាច​បង្កើត​ការងារ​សរុប​ប្រមាណ​៣៣​ម៉ឺន​កន្លែង ក្នុងនោះ គម្រោងវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​មា​ន​អត្រា​ខ្ពស់​ជាង​​គេ​រហូត​ដល់​៦៩​ភាគរយ​។ដោយឡែកចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍អន្តរ ជាតិ​លើ​ភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលឆ្នាំ២០២៣ ដោយ​កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ២១០០លានដុល្លារអាមេរិក ក្នុង​នោះ​៤០​ភាគរយជា ហិរញ្ញប្បទានឥតសំណង(កម្ចីអត់ការប្រាក់) និង៦០ភាគ​រយ​ជា​ឥនទាន​សម្បទាន​(ជំនួយឥតសំណង)។បើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC បានបញ្ជាក់បន្ថែមទៀតថា ភាគច្រើននៃហិរញ្ញប្បទាន ត្រូវ​បាន​ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ២២ភាគរយ និងវិស័យសេដ្ឋកិច្ច និង​សង្គមកិច្ច ប្រមាណ២៥ភាគរយ។បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ ក៏​បាន​លើក​ឡើង​អំពី​អនុសាសន៍​ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ ដើម្បី​ឆ្លើយ​តប​បញ្ហា​ប្រឈមនានា ដោយ​សម្តេច​បាន​ណែនាំ​ឲ្យ​CDC​បន្ត​អនុវត្ត​យន្ត​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហភាគី រួមមាន ជប៉ុន កូរ៉េ អាមេរិក សហគមន៍អឺរ៉ុប ឲ្យបានពីរដងក្នុងមួយឆ្នាំ បន្ថែម​លើ​យន្ត​ការវេទិការាជរដ្ឋាភិ បាល ផ្នែកឯកជន ដែលដឹកនាំដោយសម្តេចធិបតី រៀងរាល់​មួយ​ឆ្នំា​មួយ​ដង​នោះ។សម្តេចក៏បានណែនាំឲ្យមានការពង្រឹងការលើកកម្ពស់នូវធនធានមនុស្សសម្រាប់ការផ្តល់សេវាជូន វិនិយោគិនប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយហេតុថា ធនធាន​មនុស្ស​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែ​ការលើកកម្ពស់ ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផល​ជាវិជ្ជមាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាននាក់ តាមរយៈការ ទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផល​ចំណូល​សម្រាប់​គ្រប់​អង្គភាពពាក់ព័ន្ធផងដែរ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី​ក៏​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ជា​ច្រើន​ទៀតផងដែរ ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នក វិនិយោគិនអន្តរជាតិ​ឲ្យ​មក​ដាក់​ទុន​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើនបន្ថែមទៀត ដោយក្នុងនោះសម្តេចបានជំរុញ ឲ្យអនុវត្តនូវ​គោល​ការណ៍​«រក្សាចាស់ បង្កើនថ្មី»ដើម្បីចូលរួមបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ជំរុញ សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និងសម្រេចឲ្យបានកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ នា​ពេល​ខាង​មុខនេះផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin៖ ការពិភាក្សាជាមួយលោក Trump អាចបើកផ្លូវដល់ការដោះស្រាយជម្លោះអ៊ុយក្រែន និងស្តារទំនាក់ទំនងជាមួយអាមេរិកឡើងវិញ
08/16/2025 01:08 PM
គណៈកម្មការUN ជំរុញឱ្យអាមេរិកឡាទីនធ្វើពិពិធកម្មទីផ្សារដើម្បីប្រឈមនឹងការដំឡើងពន្ធរបស់លោក Trump
08/16/2025 12:08 PM
ចំហេះព្រៃនៅព័រទុយហ្គាល់ឆក់យកជីវិតជនរងគ្រោះដំបូង ខណៈអេស្ប៉ាញព្រមានពីចំហេះព្រៃ
08/16/2025 12:08 PM
អង្គភាពការពារជនស៊ីវិលអាល់ហ្សេរី៖ រថយន្តក្រុងធ្លាក់ចូលទន្លេសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់
08/16/2025 12:08 PM
ទឹកជំនន់ដ៏គំហុកបណ្តាលឲ្យមនុស្សជាង២៨០នាក់ស្លាប់នៅឥណ្ឌានិងប៉ាគីស្ថាន ខណៈរាប់ពាន់នាក់ជម្លៀសខ្លួន
08/16/2025 10:08 AM
UN៖ មនុស្សយ៉ាងហោចណាស់១.៧៦០នាក់ត្រូវបានសម្លាប់ ខណៈស្វែងរកជំនួយនៅហ្កាហ្សា
08/16/2025 10:08 AM
លោកTrump មិនជឿនោះទេថា លោក Xi នឹងមានចំណាត់ការលើកោះតៃវ៉ាន់
08/16/2025 10:08 AM
ក្រុមអ្នកតវ៉ានៅទីក្រុងAnchorage ធ្វើបាតុកម្មដើម្បីអ៊ុយក្រែន ខណៈលោកTrump ជួបលោក Putin
08/16/2025 10:08 AM
លោកPutin និយាយបង្ហើបពី«កិច្ចព្រមព្រៀង»ប៉ុន្តែលោកTrumpថា«គ្មានកិច្ចព្រមព្រៀងទេ រង់ចាំរហូតដល់មានកិច្ចព្រមព្រៀង»
08/16/2025 09:08 AM
លោកTrump៖ គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ជាមួយលោកPutin ជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើយ
08/16/2025 09:08 AM