ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល

សេដ្ឋកិច្ច និង កសិកម្ម

អគ្គនាយកពន្ធដារប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៤ អនុវត្តបានស្ទើរ ១០០ ភាគរយហើយ

2024/10/29 12:28:29 pm        159
ការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកពន្ធដារ បាន​អនុវត្ត​ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះបានល្អប្រសើរ និង ជិតសម្រេចទៅតាមផែនការរួចហើយ, នេះសបញ្ជាក់​ឱ្យ​ឃើញ​អំពី​ការ​យល់ដឹងរបស់ប្រជាពលរដ្ឋ និងស្របពេលដែលអគ្គនាយកពន្ធដារ បានបង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់អ្នកជាប់ពន្ធ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា​អគ្គ​នាយក នៃអគ្គនាយក ដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការ​ប្រមូល​ចំណូល​ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ ២០២៤ នេះថា ទាក់ទងការបង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូននេះ អគ្គនាយកដ្ឋានពន្ធដារបានបង្កើត App មួយ ដែលមានឈ្មោះថា កម្មវិធី​គណនាពន្ធ មធ្យោបាយ សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន​យន្ត​គ្រប់​ប្រភេទ​។ ចំពោះការបង់ពន្ធតាមរយៈ App នេះ គឺបាន ផ្តល់ភាព​ងាយ​ស្រួល​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមិនចំណាយពេលវេលាធ្វើដំណើរទៅទិញ តាលកបត្រនោះឡើយ។ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ គឺជាការបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ តែទោះ​បី​យ៉ាង​ណា​នៅ​មានអ្នក ជាប់ពន្ធមួយចំនួន បានបន្តទៅបង់ពន្ធនៅតាមសាខាពន្ធដារ ខេត្ត-ខណ្ឌ-ស្រុក និងតាមធនាគារដៃគូរនានាមួយចំនួនផងដែរ, គិតមក ដល់ពេល​នេះកា​រ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន សឹងតែអនុវត្តប្រមូលបាន ១០០ ភាគរយរួចហើយ បើគិតពីការ​ប្រមូល​ចំណូល​ពន្ធ ឆ្នាំមុនៗ យកមកធ្វើបច្ចុប្បន្នភាពនៃការប្រមូលពន្ធក្នុងឆ្នាំនេះ។ នេះសបង្ហាញ​ឃើញ​នូវ​ការ​យល់ដឹងរបស់អ្នកជាប់ពន្ធ និងការបង្ករ លក្ខណៈងាយស្រួលតាម App ជាដើម។ ឯកឧត្តម​បញ្ជាក់ថា ចំពោះការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូននេះ ឃើញថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មានកំណើនឡើងជាបន្តបន្ទាប់ ខណៈដែលទីផ្សាររថយន្តនៅកម្ពុជាក្នុងមួយឆ្នាំៗ បាន​កើន​ឡើង​មិន​តិចជាង ៥០ ពាន់គ្រឿងនោះឡើយ។ទាក់ទិនយានយន្តនេះដែរ, ឯកឧត្តម គង់ វិបុល ក៏បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើដំណើរ ដែលខកខាន មិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន សូម​អញ្ជើញ​មកបង់ពន្ធឱ្យបានរួសរាន់ ដោយការបង់ពន្ធនេះនឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ វិច្ឆិកា ខាង​មុខ។ ចំណែកការទិញរថយន្តតគ្នា (ពីម្ចាស់មួយទៅម្ចាស់មួយ) ឯកឧត្តម ក៏បានអំពាវនាវ ដល់​អ្នក​លក់​-ទិញ សូមកាត់ឈ្មោះនិងផ្ទេរកម្មសិទ្ធយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបង្ក​ភាព​ងាយ​ស្រួល​ក្នុងការផ្តល់តាលកបត្រ ចំពោះការបញ្ជាទិញតាម App ជាពិសេសការផ្ត​ល់​ភាព​ងាយ​ស្រួល​ដល់​សមត្ថកិច្ច លើការស្រាវជ្រាវរករថយន្ត នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ផ្សេងៗ​, ការធ្វើបែបនេះ គឺមិនរំខានដល់ម្ចាស់ដើមដែលជាអ្នកលក់រថយន្តបន្ត៕ អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជា និង IMF កំពុងពិភាក្សាលើយន្តការចងក្រងទិន្នន័យ ស្ដីពីរំហូរវិនិយោគបរទេសមកកម្ពុជា

2024/10/29 11:51:34 am        132
ស្ថាប័នសំខាន់ៗចំនួន៣ បានពិភាក្សាគ្នា លើការធ្វើឱ្យប្រសើរឡើងនូវយន្តការក្នុងការប្រមូល និង​ចង​ក្រង​ទិន្នន័យ ស្ដីពីរំហូរវិនិយោគ បរទេសមកកម្ពុជា ព្រមទាំងនីតិវិធីផ្ទៀងផ្ទាត់ទិន្នន័យ ក៏​ដូច​ជា​​វិធីសាស្រ្តសមស្រប ក្នុងការរៀបចំរបាយការណ៍ស្ថិតិជញ្ជីងទូទាត់។ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក.អ.ក. នៅថ្ងៃទី ២៨ ម្សិលមិញនេះ បានដឹកនាំក្រុម​ការងារ​ទទួល​ជួប​ពិភាក្សា​ការងារជាមួយ ក្រុមអ្នកជំនាញការមូលនិធិរូបិយវត្ថុអន្ដរជាតិ ដែលដឹកនាំ ដោយលោក Renato Perez Davalos សេដ្ឋវិទូជាន់ខ្ពស់ នៃនាយកដ្ឋានស្ថិតិជញ្ជីងទូទាត់ រួម​នឹង​តំណាង​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC), ក្នុងនោះ ឯកឧត្តម បានសម្ដែង​ការ​ស្វាគមន៍​ប្រកប​ដោយ​ភាព​កក់​ក្ដៅ​ដល់​តំណាង​ IMF និងធនាគារជាតិនៃកម្ពុជា ដែលបាន អញ្ជើញជួបពិភាក្សាដោយផ្ទាល់ ក្នុងគោល​បំណង​ផ្ដល់​កិច្ចសហការរួមគ្នាជាមួយធនាគារជាតិ និង IMF សំដៅធ្វើឱ្យប្រសើរឡើង នូវ ការ​ប្រមូល និងចងក្រងទិន្នន័យវិនិយោគផ្ទាល់ពីបរទេសដែលមានសង្គិតភាព។  ឯកឧត្តម ក៏បានជម្រាបជូនគណៈប្រតិភូអំពីយន្តការ និងការរៀបចំគ្រប់គ្រងទិន្នន័យពាក់ព័ន្ធ នឹង​គម្រោង​វិនិយោគ​ដែល ទទួលបានការចុះបញ្ជី ដោយទទួលបានការ​លើកទឹ​ក​ចិត្ត​ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌ​ច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា NBC និង IMF ព្រមទាំង ក.អ.ក. នឹងបន្ត សហការ​គ្នា ក្នុងការរៀបចំយន្តការធ្វើឱ្យកាន់តែប្រសើរឡើង នូវការគ្រប់គ្រងទិន្នន័យវិនិយោគ ក៏​ដូច​ជា​ការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗដទៃទៀត ដើម្បី​រួម​គ្នា​ក្នុងការរៀបចំការស្ទង់មតិជាមួយវិនិយោគិន ដើម្បីប្រមូលនូវធាតុ ចូលសំខាន់ៗ ក្នុងការ​រៀបចំ​ទិន្នន័យ​ខាងលើ នាពេលខាងមុខផងដែរ។ ដោយឡែកនៅក្នុងថ្ងៃដដែលនេះដែរ, ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈ​កម្មាធិការ​វិនិយោគកម្ពុជា ក៏បាន ដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្មហុងកុង តំណាងដោយ លោក Dewan Saiful Alam ប្រធាន​គណៈ​កម្មការ​ទទួល​បន្ទុក​កិច្ចការអាស៊ី, អាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលមានបំណង ឈ្វេងយល់អំពីបរិយាកាស, សក្តានុពល និងកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងនួបនេះ, ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនសមភាគី អំពីវឌ្ឍន​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​ជាតិ ដែលបាន និងកំពុង រីកលូតលាស់ប្រកបដោយភាពធន់ តាមរយៈ​កំណើន​សេដ្ឋកិច្ច​ជា​លំដាប់​, អត្រាអតិផរណាដែលអាចគ្រប់គ្រងបាន, កំណើននៃរំហូរ វិនិយោគ, អត្រាប្តូរ​ប្រាក់​ដែល​មា​ន​ស្ថិរភាព, និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការចូលរួម​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​។ ឯកឧត្តម ជម្រាបជូនបន្ថែម អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគ ដែលរាជ​រដ្ឋាភិបាល​បាន​ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការ ធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់​សំដៅបង្កភាពងាយស្រួលសម្រាប់វិនិយោគិន ក្នុងការបណ្តាក់ទុនវិនិយោគប្រកប ដោយ​ទំនុក​ចិត្ត និងភាពកក់ក្តៅ៕ អត្ថបទ៖ សុន រ៉ាឌី

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិនរួមគ្នាជំរុញ និងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងការរីកចម្រើនរួមគ្នា

2024/10/28 04:07:23 pm        625
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិននៅកម្ពុជា ចុះអនុ​ស្សរណៈ​លើ​កិច្ច​សហ​ប្រតិបត្តិការ លើការកំណត់កាលា- នុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាននិងធនធាន និងការ​សហការ​រៀបចំព្រឹត្តិការណ៍ធុរកិច្ច និងកម្មវិធីរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើក​ឡើង​នៅ​ក្នុង​ពិធី​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ចកម្មចិននៅកម្ពុជា នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ នេះថា ក្នុងភាពជាដៃគូសហការរបស់ស្ថាប័នទាំងពីរ បានឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​រួម​គ្នា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពនៅកម្ពុជា។ ក្នុងកម្មវិធីនេះដែរ, អ្នកឧកញ៉ា បាន​លើក​ឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរ រវាងកម្ពុជានិងចិន និងបានជំរុញ​លើក​ទឹក​ចិត្ត​វិនិយោគិន​ចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្រោមក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​សំខាន់​ៗ​រួមមាន​៖ ​គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ, កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ, កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីចិន-អាស៊ាន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)​ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ចំណែកបណ្ឌិត បិន លី (Ben Li) ប្រធានសមាគមពាណិជ្ជកម្មចិននៅកម្ពុជា បាន​បង្ហាញ​នូវ​សេចក្តី​សោមន្សរីករាយ ក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញ និងផ្សព្វ​ផ្សាយ​សក្តានុពល និងបរិយាកាសធុរកិច្ចល្អប្រសើរនៅកម្ពុជា ទៅកាន់វិនិយោគិនចិន។ លោក​បណ្ឌិត គូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ គឺជា​ជំហា​ន​វិជ្ជមាន​មួយ ដែលរួមចំណែកដល់ការបង្កើនពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា ហើយ​ស្ថាប័ន​ទាំង​ពីរ​នឹង​រៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នាជាបន្តបន្ទាប់ ដើម្បីតភ្ជាប់​សហគមន៍​ធុរកិច្ច​ប្រទេស​ទាំងពីរ​។សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៤, មាន​ទំហំ​ទឹក​ប្រាក់ប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៥ ភាគរយ ក្នុង​នោះ​កម្ពុ​ជា​បាននាំចេញទៅកាន់ទីផ្សារចិន ជិត ១ ៣០០ លានដុល្លារ កើន ២០ ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​ចិនមកកម្ពុជា មានទឹកប្រាក់ជិត ៩ ៩០០ លានដុល្លារ កើនជាង ២២ភាគរយ បើធៀប​រយៈ​ពេល​ដូច គ្នានិងឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

កិច្ចសហការកម្ពុជា-ហុងកុង បានកំពុងលើកទឹកចិត្តវិនិយោគិនចិនហុងកុង មកបណ្តាក់ទុន​នៅកម្ពុជា

2024/10/28 03:57:27 pm        646
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហុងកុង បានកំពុងលើកទឹកចិត្តដល់វិនិយោគិនចិនហុងកុង តាមរយៈ​នៃ​ការការទាញយក ប្រយោជន៍ជាអតិបរមា ពីទំនាក់ទំនងទាំងនេះ មកបណ្តាក់​ទុន​វិនិយោគ និងការធ្ចើពាណិជ្ជកម្មផ្សេងៗនៅកម្ពុជា។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះយោ​បល់​ធុរកិច្ច​អាស៊ានសម្រាប់កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចហុងកុង ដឹកនាំ​ដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ប្រធានគណៈកម្មាធិការអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃសភាពាណិជ្ជកម្មហុងកុង នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ នេះ ក្នុង​នោះ អ្នកឧកញ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ធុរកិច្ច​ហុងកុង ដែលនេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់សភាពាណិជ្ជកម្មទាំងពីរ ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម និងវិនិយោគរវាងហុងកុងនិងកម្ពុជា។អ្នកឧកញ៉ា គូសបញ្ជាក់ អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងហុងកុង ដោយ​បាន​កំពុង​ជំរុញ​លើក​ទឹក​ចិត្តវិនិយោគិនចិន ហុងកុង ទាញយកប្រយោជន៍ជាអតិបរមាពីទំនាក់ទំនងនេះ ដើម្បី​បណ្តាក់​ទុន​វិនិយោគនៅកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ សំខាន់ៗរួមមាន៖ គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការ ឡាងឆាងមេគង្គ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​អាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជាចិន ដោយក្នុងនោះកម្ពុជាមានគោលនយោបាយលើកទឹកចិត្តខ្ពស់ ចំពោះ​វិនិយោគិន និងការបើកទីផ្សារដ៏ទូលំទូលាយផងដែរ។ជាការឆ្លើយតប, លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ក៏បាន​គូស​បញ្ជាក់​អំពី​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងហុងកុង លើគ្រប់វិស័យ ពិសេសទេសចរណ៍ ថាមពល ពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះគណៈប្រតិភូធុរកិច្ចហុងកុង មានចំណាប់​អារម្មណ៍​ខ្ពស់ ​ក្នុងការស្វែងរកកាលានុវត្តភាព និងដៃគូសហការជាមួយធុរកិច្ចកម្ពុជា។ លោក សង្កត់ធ្ងន់ថា សភា​ពាណិជ្ជកម្មហុងកុង នឹងសហការជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា លើការ​កំណត់​ និង​អភិវឌ្ឍន៍គម្រោងរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក, សភាពាណិជ្ជកម្មហុងកុង គឺ​ជា​សភាពាណិជ្ជកម្មដ៏ចំណាស់ជាងគេមួយ និងមានសមាជិកច្រើនជាងគេនៅហុងកុង រាប់​បញ្ចូល​ទាំង សហគ្រាសធុនតូច និងមធ្យម សាជីវកម្មពហុជាតិ និងក្រុមហ៊ុន​ភាគ​ច្រើន​ដែល​ចុះ​បញ្ជី​នៅ​ទីផ្សារ​មូល​បត្រហុងកុង។សូមបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ច តាមរ​យៈ​ការ​សម្រប​សម្រួល​របស់​សភា​ពាណិជ្ជក​ម្ម​ក​​ម្ពុជា គណៈប្រតិភូធុរកិច្ចហុងកុង បានជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួង​ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសមាគមពាណិជ្ជកម្មនានា ដើម្បី​សិក្សា​ស្វែង​យល់​ពី​កាលានុវត្តភាព គោលនយោបាយលើកទឹកចិត្តការវិនិយោគ និងបទប្បញ្ញត្តិ​នានា​ពាក់​ព័ន្ធ​នឹង​ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ផ្សារមូលបត្រកម្ពុជានឹងអាចទទួលបានវិនិយោគិនជាង ៦០ពាន់ នៃការបើកគណនី​ជួញដូរនៅបំណាច់ឆ្នាំនេះ

2024/10/28 10:51:21 am        144
អ្នកជំនាញផ្សារមូលបត្រ រំពឹងថា ការបើកគណនីជួញដូរ​នៅតាម​បណ្តា​ក្រុមហ៊ុន​មូលបត្រ​នានា​នៅ​កម្ពុជា នឹងអាចមានកំណើន កើនដល់ជាង ៦០ ពាន់គណនីជួញដូរ បើគិតត្រឹមបំណាច់ឆ្នាំ ២០២៤ នេះ ខណៈដែលទំនោរទីផ្សារកំពុងទទួលបានការវិនិយោគជា បន្តបន្ទាប់។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើក​ឡើង​នៅពិព័រណ៍ផ្សារភាគ ហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៤ ដែលប្រារព្វធ្វើនៅថ្ងៃទី ២៥ ដល់ ២៧ ខែតុលា ឆ្នាំ២០២៤ នេះថា ទាក់ទិនផ្សារមូលបត្រ នេះ គណៈ​គ្រប់​គ្រង​ផ្សារ​មូល​បត្រ​កម្ពុជា​បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានគៀងគរក្រុមហ៊ុនដែលមានសក្តានុពល និង​ការផ្សព្វផ្សាយជាបន្តបន្ទាប់ដល់វិនិយោគិន មកស្វែងយល់ទីផ្សារមូលបត្ររបស់កម្ពុជា ដើម្បីជំរុញ​ឱ្យ​មាន​សកម្មភាពជួញដូរនៅលើទីផ្សារ មួយនេះឱ្យកាន់តែច្រើន ជាក់ស្តែង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ បានទទួលការចាប់អារម្ភណ៍ពីមហាជនយ៉ាងខ្លាំងផងដែរ។ដោយ​ឡែកសកម្មភាពក្នុងការជួញដូរវិញ, ឯកឧត្តមអគ្គនាយក បន្តឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ នេះ ការជួញដូរមានការធ្លាក់ ចុះនៅដើមឆ្នាំ ប៉ុន្តែគិតមក​ដល់​បច្ចុប្បន្ន​សកម្មភាព​នេះ​បាន​កំពុង​កម្រើក​ឡើង​វិញ ហើយរំពឹងថា ដាច់ឆ្នាំ ២០២៤ នេះ ផ្សារមូលបត្រ កម្ពុជា នឹងអាចទទួល​បានវិ​និយោគិន​ចំនួន ៤ ពាន់គណនីបន្ថែមទៀត ខណៈបច្ចុប្បន្នយើងមានចំនួនសរុប ៥៧ ពាន់គណនី​រួច​ហើយ​ ដែលបានបើកគណនីជួញដូរក្នុងផ្សារភាគហ៊ុន។ក្នុងព្រឹត្តិការណ៍នេះដែរ, ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាច្រក​វិនិយោគ​ដ៏​សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគ​ជាមួយ​នឹង​ដើម​ទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បី បង្កើនចំណូលអកម្មបន្ថែម ប្រកប​ដោយជំនឿទុកចិត្ត។ ដូច្នេះយើងគួរគប្បីរៀន និងចាប់ផ្តើមធ្វើការវិនិយោគ ចាប់ពីថ្ងៃ​នេះ​តទៅ ក៏ប៉ុន្តែ ត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាង​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​ប្រើប្រា​ស់​ប្រចាំ​ថ្ងៃ យកមកវិនិយោគ។សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ដែលប្រារព្វធ្វើរយៈពេល៣ថ្ងៃនេះ ឃើញថា មានប្រជាពលរដ្ឋជាច្រើន បានចូលរួមសិក្សាស្វែងយល់ និងការសាកសួរព័ត៌មានផ្សេងៗ និង​បានចូលរួមបើកគណនីជួញដូរយ៉ាងច្រើនកុះករផងដែរ ដែលសកម្ម- ភាពទាំងនេះ បាន​បង្ហាញ​ឱ្យ​ឃើញនូវការរីកចម្រើនផ្សារភាគហ៊ុននៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-កាតា កំពុងចរចា DTA ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ

2024/10/28 10:37:11 am        221
កម្ពុជា-កាតា ចាប់ផ្តើមប្រជុំចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជុំទី១ (DTA) ដោយបានកំពុងពន្លឿន កិច្ចចរចានេះឱ្យបានឆាប់ៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ការ​វិនិយោគ និងការដឹកជញ្ជូន សម្រាប់ផ្តល់អត្ថប្រយោជន៍រវាងប្រទេស ទាំងពីរ។លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និង​សហ​ប្រតិបត្តិការ​ពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ នៅសប្តាហ៍កន្លងមកនេះ បានចូល​រួម​កិច្ច​ប្រជុំ​ចរចា​លើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-​DTA) ជុំទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា នៅទីស្នាក់ការ​អគ្គអាជ្ញាធរ​ពន្ធដារ ក្នុង រាជធានីដូហា រដ្ឋកាតា។នៅក្នុងកិច្ចប្រជុំនេះ លោក Abdulla Ahmed Al-Sulaiti ប្រធានផ្នែកសន្ធិសញ្ញាពន្ធ និងការចរចា នៃ​នាយកដ្ឋានសន្ធិសញ្ញា ពន្ធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃអគ្គ​អាជ្ញាធរ​ពន្ធដារ​របស់​រដ្ឋកាតា បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ គណៈប្រតិភូ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដែលបានមកចូលរួមកិច្ចប្រជុំចរចា តបតាមការអញ្ជើញរបស់អគ្គអាជ្ញាធរពន្ធដារ នៃ​រដ្ឋ​កាតា និង បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង DTA ក្នុងការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពន្ធដារ​ទ្វេភាគី រវាងកម្ពុជានិងកាតា, ជុំវិញបញ្ហា នេះ លោកក៏មានបំណង​ចង់​ឱ្យកា​រ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ អាចបញ្ចប់ឱ្យបានឆាប់ តាមតែអាចធ្វើបានផងដែរ។ជាការឆ្លើបតប លោកបណ្ឌិត សេង ជាសិទ្ធ បានសម្តែងអំណរ​គុណ​ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ពីភាគីកាតា និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ភាគីកាតា ក្នុងការរៀបចំ​ឱ្យ​មាន​កិច្ច​ប្រជុំ​ចរចាលើកិច្ចព្រមព្រៀង DTA ជុំទី១ ជាលក្ខណៈរូបវន្ត។ ទន្ទឹមនឹងនេះ លោក​ក៏បា​ន​ឯកភាព​ជាមួយភាគីកាតា ដើម្បីព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA នេះឱ្យបានឆាប់ ក្នុង​លោកក៏ បានលើកឡើងអំពីសារបាន ដែលនាំឱ្យភាគីទាំងពីរឈានដល់ការឯកភាពគ្នា រៀប​ចំ​កិច្ច​ប្រជុំ​ចរចា​លើកិច្ចព្រមព្រៀង DTA ជុំទី១ ព្រមទាំងបានគូសរំលេចផងដែរអំពីសារៈសំខាន់ នៃកិច្ច​ព្រម​ព្រៀង​នេះ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ជាពិសេស​អត្ថ​ប្រយោជន៍ដែលសហគ្រាស ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹក រវាងកម្ពុជានិងកាតា អាច​ទទួលបានពីកិច្ច ព្រមព្រៀងនេះ។ គួរបញ្ជាក់ផងដែរថា ជុំវិញកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) រវាង​ព្រះរាជា​ណា​ចក្រកម្ពុជា ជាមួយប្រទេស នានា កំពុងមានប្រសិទ្ធភាពអនុវត្តរួមមាន៖ ប្រទេស​សិង្ហបុរី, ចិន, ថៃ, ព្រុយណេ, វៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, តំបន់​រដ្ឋបាល​ពិសេស​ហុងកុង, តំបន់រដ្ឋបាលពិសេសម៉ាកាវ, និងតួកគីជាដើម ក្នុងនោះចំពោះ​និវាសនជន​នៃ​ប្រទេស​ដែលបានចុះកិច្ចព្រមព្រៀង ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណសម្បត្តិជាមុន មក​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដើម្បីទទួលបានអត្ថប្រយោជន៍ពី DTA នេះ៕ អត្ថបទ៖ សុន រ៉ាឌី

សាធារណជនចាប់អារម្មណ៍ខ្លាំងលើការបើកគណនីជួញដូរក្នុងផ្សារភាគហ៊ុន

2024/10/26 03:29:47 pm        251
ព្រឹត្តិការណ៍ពិព័រណ៍ភាគហ៊ុនឆ្នាំ ២០២៤ ធ្វើឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍យ៉ាងខ្លាំង លើ​ការ​ចូល​រួម​ការ​សាកសួរព័ត៌មាន ទាក់ទិន ទីផ្សារមូលបត្រ និងការបើកគណនីជួញដូរ ដែលប្រការ​ទាំង​នេះ​បា​ន​បង្ហាញឱឃើញពីភាពរីកចម្រើន និងការបង្កើតនូវទំនុកចិត្តពី សាធារណជន។លោកស្រី ឆាយ ស៊ីវហ៊ួយ ប្រធានផ្នែកអន្តរការីនៃក្រុមហ៊ុនមូលបត្រកាណាឌីយ៉ា លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយភ្នាក់ងារ BTV នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារភាគហ៊ុន ឆ្នាំ ២០២៤ នៅ​ថ្ងៃ​ទី២៦ ខែ តុលា ឆ្នាំ ២០២៤ នេះថា ការរបៀបចំពិព័រណ៍ផ្សារ ភាគហ៊ុនឆ្នាំនេះ ពិតជា​មាន​សារៈ​សំខា​ន់ណាស់ ដោយបានផ្តល់ឱកាសជូនវិនិយោគិន និងសាធារណជន​ក្នុង​ការសិ​ក្សាស្វែង​យល់​កាន់តែច្បាស់ អំពីវិស័យមូលបត្រនៅកម្ពុជា តាមរយៈជំនួបផ្ទាល់ជាមួយនិយ័តករ, ប្រតិបត្តិករ, ក្រុម​ហ៊ុនមូលបត្រ, ក្រុមហ៊ុនបោះផ្សាយ មូលបត្រ និងតួអង្គពាក់ព័ន្ធផ្សេងៗជាដើម។លោកស្រី លើកឡើងបន្តថា ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះ ឃើញថា មានប្រជា​ពលរដ្ឋ​បាន​ចូល​រួម​យ៉ាងច្រើនកុះករ ដើម្បី សិក្សាស្វែងយល់ និងព័ត៌មានផ្សេងៗទាក់ទិនទីផ្សារជួញដូរ ក៏​ដូច​ជា​ការ​ទទួលបាននូវចំណេះជំនាញ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ នេះផងដែរឃើញថា សាធា​រណ​ជន​បានចាប់អាម្ភណ៍យ៉ាងខ្លាំង និងបានចូលរួមបើកគណនីជួញដូរយ៉ាងច្រើនកុះករ។ តាមរ​យៈ​នៃ​ការពិព័រណ៍ផ្សារភាគហ៊ុនរយៈពេល៣ថ្ងៃនេះ ក្រុមហ៊ុនមូលបត្រកាណាឌីយ៉ា រំពឹងថា នឹង​ទទួល​បាន​វិនិយោគិនចំនួន ១ ៥០០ នាក់ សម្រាប់ឱកាស​បើក​គណ​នេយ្យ​ជួញ​ដូរ​ថ្មី​បន្ថែ​ម​ផ​ង​ដែរ​។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើក​ឡើង​ឱ្យដឹងថា នៅក្នុងពិព័រ- ណ៍នេះដែរ គឺមានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់​ប្រូម៉ូ​សិន​ពិសេសសម្រាប់វិនិយោគិនថ្មី តាមរយៈការជំរុញការបើក គណនីជួញដូរ ដោយផ្តល់​ជូន​សាធារណ​ជន​នូវលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរដោយឥតគិតថ្លៃ, និងការបញ្ចុះ​កម្រៃ ជើងសារ ៥០ ភាគរយ រហូតដល់ចុងឆ្នាំ ២០២៤ ។ ដូច្នេះសូម​ឱ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​បើក​គណនី​ឱ្យ​បានច្រើនកុះករ ដើម្បីអនាគត របស់ខ្លួន និងក៏ជាការចូលរួមក្នុងសេដ្ឋកិច្ចជាតិជាដើម។ឯកឧត្តម ហុង សុហួរ បានបញ្ជាក់ឱ្យដឹងថា ជុំវិញការបើកគណនីជួញដូរ គិតមកដល់ពេលនេះ អ្នក​វិនិយោគបានបើកគណនីមាន ចំនួនសរុប ៥៧ ពាន់គណនីជួញដូរ ហើយរំពឹងថា នៅ​ក្នុង​បំណាច់​ឆ្នាំ២០២៤ នេះ នឹងអាចទទួលបានក្នុងរង្វង់ ៤ ពាន់គណនី បន្ថែមទៀត នៃការបើក​គណនី​ថ្មី​ជាមួយក្រុមហ៊ុនមូលបត្រនានា ។ ចំណែកសកម្មភាពជួញដូរប្រចាំថ្ងៃវិញ ឯកឧត្តម លើក​ឡើងឱ្យដឹង ថា សម្ទុះការជួញដូរនៅក្នុងឆ្នាំ ២០២៣ បានកំណើនល្អប្រសើរ ខណៈនៅក្នុង ៤ ខែ ដើមឆ្នាំ ២០២៤ ការជួញដូរបានធ្លាក់ចុះក្នុង រង្វង់ជាប់ ១០ ម៉ឺនដុល្លារ គិតជា​មធ្យម​ក្នុង​មួយ​ថ្ងៃ, ប៉ុន្តែនៅក្នុងរយៈពេល៥ ខែ បន្ទាប់នេះវិញ ឃើញថា ការជួញដូរបានងើបមកវិញ ក្នុង​នោះ​បើ​គិតជាមួយក្នុងរយៈជិត ១០ ខែ ឆ្នាំ ២០២៤ នេះ បានឡើងដល់ជិត ២០ ម៉ឺនដុល្លារ ជា​មធ្យម​ក្នុងមួយថ្ងៃវិញ បច្ចុប្បន្ន ទំនោរទីផ្សារកំពុងកើនឡើងជាបន្ថែមទៀត ខណៈដែល​វិនិយោគិន​សកម្ម​បាន​កើនឡើងជារៀងរាល់ថ្ងៃ៕ អត្ថបទ៖ សុន រ៉ាឌី 

គុយបា នាំយកពូជស្រូវមួយចំនួនពីកម្ពុជា ដើម្បីដាំដុះសាកល្បងនៅប្រទេសគុយបា

2024/10/25 02:02:22 pm        97
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា នៅ​រសៀល​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។នៅក្រោយចប់កិច្ចប្រជុំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្នុងបណ្តាញ​សង្គម​ថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាពីការពិសោធន៍ និងវាយតម្លៃភាព​សមស្រប​នៃ​ប្រភេទ​ពូជ​ស្រូវរបស់កម្ពុជា ដើម្បីដាំដុះសាកល្បងនៅសាធារណរដ្ឋគុយបា ដោយកម្ពុជា​មាន​បំណង​នាំ​យក​ពូជស្រូវកង្រី ពូជស្រូវស្រង៉ែថ្មី និងពូជផ្សេងទៀតតាមការសម្រេចរបស់ភាគីទាំងពីរ និង​ផ្តល់បច្ចេកទេស សម្ភារៈកសិកម្មចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការពិសោធ ព្រមទាំង​ពិនិត្យ​លទ្ធភាព​ក្នុងការវិនិយោគស្រូវអង្កររបស់កម្ពុជានៅគុយបា។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម និងវិស័យ​ឯកជន​ត្រូវ​គិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដឹងពីទំហំផ្ទៃដីក្នុងការអនុវត្តជាក់ស្តែង គម្រោង​ចំណាយជាក់លាក់ ស្វែងយល់ពីបញ្ហាប្រឈមនានា និងវិនិយោគ​ចំ​គោលដៅ​ទទួល​បាន​ផល​ចំនេញ​ពិតប្រាកដ។ ឯកឧត្តម បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវ​មានភាពបុរេសកម្ម និងមានខ្លឹមសារគ្រប់គ្រាន់អាចទទួលយកបានទាំងអស់គ្នា ទើប​អាច​វិនិយោគ​ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងអាចពង្រឹង​នូវ​កិច្ច​សហ​ប្រតិបត្តិការ នៃ​ប្រទេសទាំងពីរ។យោងតាមស្មារតីនៃកិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភាកម្ពុជា ជាមួយ ឯកឧត្តម MANUEL MARRERO CRUZ នាយករដ្ឋមន្រ្តី នៃ​សាធារណ​រដ្ឋប្រទេសគុយបា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានផ្តល់ជំនួយអង្ករចំនួន ៦ពាន់តោន និងសន្យាផ្តល់​នូវ​ជំនួយ​បច្ចេក​ទេស​កសិកម្ម​បន្ថែម​ទៀត​ដល់ប្រទេសគុយបា ព្រមទាំងស្វាគមន៍អ្នកជំនាញការកសិកម្ម ដើម្បីមកសិក្សា​ស្វែង​យល់ និងដកពិសោធន៍លើបច្ចេកទេសដាំដុះកសិកម្ម ជាពិសេសដំណាំស្រូវកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

កម្ពុជា-កូរ៉េ បើកកិច្ចសន្ទនា ដើម្បីដោះស្រាយ និងបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរ

2024/10/25 10:59:27 am        149
កម្ពុជា-កូរ៉េ បើកកិច្ចសន្ទនាលើកដំបូង រវាងរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការដោះស្រាយ​បញ្ហាប្រឈម សំដៅធានាបាននូវភាព​សុខដុមរមនា ជំរុញធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងបរិយាកាស វិនិយោគ។ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៤ ខែតុលា ម្សិលមិញនេះ បានដឹកនាំកិច្ច សន្ទនា រវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូង លើកទី១, ដែលកិច្ចសន្ទនាផ្លូវការនេះជាបៀបវារៈថ្មី ដែលរៀបចំឡើងក្រោម គំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៤ នៅសាធារណរដ្ឋកូរ៉េ។កិច្ចសន្ទនានេះមានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ព្រមទាំងធ្វើ ឱ្យប្រសើរឡើង នូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្ត ពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េ សំដៅជំរុញ ការវិនិយោគបន្ថែមទៀតមកកម្ពុជា។ នៅក្នុងការបើកកិច្ចសន្ទនានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ថា តាមរយៈនៃកិច្ចសន្ទនានេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដាប់នូវរាល់កង្វល់របស់វិនិយោគិន កូរ៉េ តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀងទាត់ សំដៅធានាដល់ការតាមដាន និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ជាអាទិភាព។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មី នូវព័ត៌មានពាក់ព័ន្ធនឹងនិន្នាការវិនិយោគនៅកម្ពុជា មានជាអាទិ៍ ស្ថានភាពនៃរំហូរវិនិយោគ និងវឌ្ឍនភាពនៃការដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ជូនភាគីមិត្តផងដែរ។ ចំណែក ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ច សំដៅ ពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េ ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត, ឯកឧត្តមក៏មានជំនឿចិត្ត យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី នឹងកាន់តែមានភាពស្រស់បំព្រងគួរជាទីមោទនៈ។សូមបញ្ជាក់ថា ក្នុងកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-កូរ៉េនេះ អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុសផុល ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ លើប្រធានបទចំនួន៧ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម និងហិរញ្ញវត្ថុ ជាមួយនឹងស្មារតីជឿជាក់ថា រាល់បញ្ហាប្រឈម ត្រូវតែមានដំណោះ ស្រាយឈ្នះ-ឈ្នះ សំដៅធានាបាននូវភាពសុខដុមរមនា និងភាពកក់ក្តៅជូនវិនិយោគិន៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយផ្នែកពន្ធដារដល់វិស័យឯកជន ដើម្បីលើកកម្ពស់​អនុលោមភាពការបង់ពន្ធ

2024/10/24 02:55:34 pm        190
អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តផ្សព្វផ្សាយផ្នែកពន្ធដារដល់វិស័យឯកជន ដែល​ប្រតិបត្តិការ​អាជីវកម្មនៅកម្ពុជា បាន សិក្សាស្វែងយល់បន្ថែម លើការអនុវត្ត​កាតព្វកិច្ច​នៃ​ការ​បង់ពន្ធ ក៏ដូចជាការគោរពអនុលោមភាពសារពើរពន្ធនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា​អគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ លើកនៅក្នុងវេទិកាពន្ធដារឆ្នាំ ២០២៤ ដែល​រៀបចំ​ដោយ​សមាគម​វាយ​នភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញការរៀបចំវេទិកាស្តីពីពន្ធដារ ក្នុងរយៈពេលជាង ១ ទស្សវត្សមកនេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ បានអនុវត្តកិច្ចការនេះជាច្រើន ដើម្បីពង្រឹងដល់វប្បធម៌ដល់ការបង់ពន្ធ និងការអប់រំ ដើម្បី​ឱ្យ​អ្នក​ជាប់ពន្ធបានយល់ច្បាស់ពីកាតព្វកិច្ច ពន្ធដារ។ឯក​ឧត្តម បន្ថែមថា ជុំវិញវប្បធម៌បងពន្ធនេះ ឃើញថា វិស័យឯកជនមានការយល់ដឹងជាច្រើន និង​បានចូលរួមដល់ការ បង់ពន្ធយ៉ាងផុលផុស ខណៈដែលអគ្គនាយកដ្ឋានពន្ធដារ បាន​កែ​ទម្រង់​ជា​បន្ត​បន្ទាប់ដូចជា ការកែទម្រង់ផ្នែកបទប្បញ្ញាត្តិឱ្យកាន់តែល្អ ប្រសើរ ហើយនៅពេល​កន្លង​មក​នេះ អគ្គនាយកដ្ឋានក៏បានចេញច្បាប់សារពើរឆ្នាំ ២០២៣ និងបទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​បន្ត​បន្ទាប់​ទៀត​ ដោយឱ្យអ្នកជាប់ពន្ធ និងសាធារណៈជនបានយល់ច្បាស់អំពីច្បាប់ និងបទប្បញ្ញត្តិ​ទំាង​នោះ​។ ក្រៅពីនេះអគ្គនាយកដ្ឋានពន្ធដារ ក៏បាន ធ្វើទំនើបកម្មផ្នែកពន្ធដារ ឱ្យជារដ្ឋបាល​សារ​ពើពន្ធ​ឌីជីថល​ជារួម ការធ្វើទំនើបកម្មផ្នែកពន្ធដារនេះ កម្ពុជាបានកំពុងអនុវត្តមិនចាញ់ បរទេសនោះ​ឡើយ ទោះបីកម្ពុជាដើរក្រោយគេក៏ដោយ ក្នុងនោះសម្រាប់ការអនុវត្តនេះមានដូចជា ការ​ដាក់ឱ្យ​បង់ពន្ធ E-filling, ការដាក់ឱ្យបង់ពន្ធអនឡាញ, ការដាក់ឱ្យប្រើប្រាស់ E-Tax service ក្តី ហើយ​បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារបានឈានទៅបង្កើត E-take and taxation ដើម្បី​ប្រាស្រ័យ​ទាក់​ទង​មក​ពន្ធដារ តាមរយៈប្រព័ន្ធអេឡិចត្រូនិចទាំងអស់។ឯកឧត្តម គង់ វិបុល បញ្ជាក់ថា ទាក់ទិននិងការធ្វើទំនើបកម្មនេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ធ្វើ​ឱ្យ​អ្នក​ជា​ប់ពន្ធ មានការងាយស្រួល ក្នុងការបង់ពន្ធ ការផ្តល់សេវាបានរហ័ស ប្រកបដោយតម្លាភាព ក្នុង​នោះចំពោះផ្នែកអនុលោមភាពវិស័យឯកជន អគ្គនាយកដ្ឋាន ពន្ធដារ នៅតែបន្តផ្សព្វផ្សាយ ក៏ដូច​ជាការបណ្តុះបណ្តាល ក្នុងគោលដៅពង្រឹងនូវវិស័យនេះឱ្យមានអនុលោមភាពផ្នែកពន្ធដារ បាន ស្គា​ល់នូវកាតព្វកិច្ចពន្ធដារប្រសើរជាងមុន និងបានធ្វើ​បច្ចុប្បន្ន​ភាព​លើការ​កែទម្រង់​នៅ​វិស័យ​ពន្ធដារនេះ ក៏ដូចជាការធ្វើទំនើបកម្មឱ្យ បានយល់ច្បាស់ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញព្យាយាមពន្លត់ភ្លើងឆេះព្រៃដោយមានជំនួយច្រើនបំផុតពីសហគមន៍អន្តរជាតិ
08/18/2025 08:08 PM
លោក Trump និយាយថា លោក Zelenskyy អាចបញ្ចប់សង្រ្គាមភ្លាមៗបាន
08/18/2025 08:08 PM
មនុស្ស ២៦៣នាក់ រួមទាំងកុមារ ១១២នាក់ ដាច់ពោះស្លាប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង
08/18/2025 08:08 PM
ក្តីសង្ឃឹមសម្រាប់អ្នករស់រានលែងមាន ពេលដែលក្រុមជួយសង្រ្គោះ ព្យាយាមស្វែងរកមនុស្សបាត់ខ្លួន ១៥០នាក់ក្នុងជំនន់ប៉ាគីស្ថាន
08/18/2025 08:08 PM
អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់
08/18/2025 08:08 PM
ចិនគំាទ្ររាល់កិច្ចខិតខំទាំងអស់ ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពក្នុងវិបត្តិសង្រ្គាមអ៊ុយក្រែន
08/18/2025 08:08 PM
លោក Zelenskyy ព្រមានប្រឆាំងនឹង «ការផ្តល់រង្វាន់» ដល់រុស្ស៊ី បន្ទាប់ពីលោក Trump ជំរុញឲ្យព្រមសម្បទាន
08/18/2025 08:08 PM
ភ្នាក់ងារពន្លត់អគ្គិភ័យ ២នាក់ស្លាប់ និងមនុស្សយ៉ាងហោច ៤នាក់រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុង Osaka ប្រទេសជប៉ុន
08/18/2025 08:08 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចធ្ងន់ធ្ងរនៅទីក្រុងម៉ុមបៃ និងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា
08/18/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសចិនធ្វើដំណើរទៅដល់ទីក្រុងញូវដែល្លីសម្រាប់ជំនួបជាមួយសមភាគីឥណ្ឌា
08/18/2025 08:08 PM