រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

សេដ្ឋកិច្ច និង កសិកម្ម

តម្លៃហាងឆេងមាសនឹងបន្តធ្លាក់ចុះ ស្របពេលប្រាក់ដុល្លារបន្តឡើងថ្លៃ

2024/12/20 11:35:05 am        1032
តម្លៃទីផ្សារហាងឆេងមាសជាសកល បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បាន​កាត់នូវ​អត្រា​ការប្រាក់ដុល្លារ តម្លៃមាស បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរង្វង់ប្រមាណជាង ៥០ ដុល្លារក្នុងមួយអោន ហើយតម្លៃនេះនឹងអាចស្រុតចុះបន្តបន្ទាប់ទៀត ស្របពេលប្រាក់ ដុល្លាររំពឹងថា និងបន្តឡើងថ្លៃ។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីតម្លៃទីផ្សារហាងឆេងមាសជាសកល ក្នុងពេលបច្ចុប្បន្ននេះថា តម្លៃហាងឆេងមាសមានភាពប្រែប្រួល គឺវាអាស្រ័យទៅលើ ប្រាក់ដុល្លារ ក្នុងនោះប្រសិនប្រាក់ដុល្លារឡើងថ្លៃ ចំណែកទីផ្សារមាសនឹងធ្លាក់ចុះ ជាក់ស្តែងនៅថ្ងៃ ១៨ ខែធ្នូ កន្លងមកនេះ ធនាគារ កណ្តាលសហរដ្ឋអាមេរិក បានប្រកាសកាត់អត្រាការប្រាក់ដុល្លារពី ៤.៧៥ ភាគរយ ទម្លាក់មកនៅត្រឹម ៤.៥០ ភាគរយប៉ុណ្ណោះ ដែលការប្រកាសកាត់អត្រាការប្រាក់នេះ បានធ្វើឱ្យរូបិយវត្ថុដុល្លារបានឡើងថ្លៃ ខណៈដែលតម្លៃហាងឆេងមាសបានធ្លាក់ចុះ។លោក បន្តឱ្យដឹងថា ជុំវិញប្រាក់ដុល្លារនេះ បើយោងតាមធនាគារកណ្តាលសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ សហរដ្ឋអាមេរិកមិនមានគម្រោងកាត់អត្រាការប្រាក់បន្តទៀតឡើយ, ដូច្នេះនៅពេលធនាគារកណ្តាលសហរដ្ឋអាមេរិក លែងកាត់អត្រា ការប្រាក់ដុល្លារនោះ, ប្រាក់ដុល្លារនឹងឡើងថ្លៃ ហើយនៅក្នុងពេលតែមួយនេះ តម្លៃមាសនឹងធ្លាក់ចុះ។ ចំណែកតទៅមុខទៀត បើធៀប ប្រាក់ដុល្លារទៅនិងមាស ឃើញថា ប្រាក់ដុល្លារនិងអាចបន្តឡើង ចំណែកតម្លៃហាងឆេងមាសអាចនិងបន្តធ្លាក់ចុះថែមទៀត, នឹងអាច ធ្លាក់ចុះដោយសន្សឹមៗ ទៅតាមចំនួនវិនិយោគិនលក់មាសចេញផងដែរ។ ជាក់ស្តែងនៅចុងឆ្នាំនេះ តម្លៃហាងឆេងមាសនិងធ្លាក់ចុះ ចន្លោះពី ២,៦២០ ដល់ក្នុងរង្វង់ ២,៥៦០ ដុល្លារ ក្នុងមួយអោន។ ប៉ុន្តែ, ប្រសិនពិភពលោកមានភាពតាន់តឹងផ្នែកភូមិសាស្រ្ត, នយោបាយ និងការប៉ះទង្គិចសង្គ្រាមណាមួយ ទីផ្សារមាសនឹងអាចហក់ឡើងថ្លៃវិញជាមិនខាន។លោក ឈា ឆាយហេង លើកឡើងបន្ថែមថា ជុំវិញតម្លៃហាងឆេងមាសឡើងឬចុះ វាគឺជាសារមួយបង្ហាញឱ្យពិភពលោកដឹងថា នៅពេលដែលហាងឆេងមាសកើនឡើងខ្លាំង គឺបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិ, ពេលដែលមានសង្គ្រាមក៏តម្លៃហាង ឆេងមាសឡើងថ្លៃ, ពេលរីករាលដាលជំងឺកូវីដ-១៩ ក៏តម្លៃហាងឆេងមាសឡើង, វិបត្តិសេដ្ឋកិច្ចពិភព ក៏តម្លៃហាងឆេងមាសឡើង។ ប៉ុន្តែប្រសិនតម្លៃហាងឆេងមាសបន្តធ្លាក់ថ្លៃ វាក៏ជាសារល្អបង្ហាញពិភពលោកឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបានងើបឡើង ល្អប្រសើរវិញ, តែចំណែកអ្នកអាជីវករ និងអ្នកវិនិយោគលើហាងឆេងមាស ប្រសិនដឹងអំពីទំនោរធ្លាក់ថ្លៃ ពួគគាត់គួរបញ្ចៀសនូវ ហានីភ័យ ដោយលក់នូវតម្លៃខ្ពស់ និងរង់ចាំទិញចូលនូវតម្លៃថោកមកវិញ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ តម្លៃហាងឆេងមាសនៅលើទីផ្សារ​កម្ពុជា ក្នុងនោះសម្រាប់ មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣០៣ និងទិញចូល ២៩៣ ដុល្លារ​អាមេរិក ក្នុងមួយជី, ដុល្លារទិញចូល ៤ ០៨៦ រៀល លក់ចេញ ៤ ០៩៤ រៀល, ប្រេងឥន្ធនៈ ១លីត្រ ៤ ១០០ រៀល (សាំងធម្មតា) និងប្រេងម៉ាស៊ូត ៤ ០០០ រៀល ក្នុងមួយលីត្រ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា៖ កម្ពុជាបានឈានដល់មានការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់

2024/12/19 02:55:15 pm        155
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាលខ្វះខាតការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់។ យ៉ាងណាក៏ មន្រ្តីក្រោមឱវាទត្រូវបង្កើនការគិតគូរ ដោយផ្តោតទៅលើភាពចំនេញសេដ្ឋកិច្ច តុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ ផែនការផលិតកម្មដល់ប្រជាកសិករអ្នកចិញ្វឹមសត្វ ជាជាងការបង្កើនបរិមាណផលិតកម្មសត្វ ដែលនាំឱ្យតម្លៃធ្លាក់ចុះ និងខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។ក្នុងឱកាសចូលរួមបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបន្តប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បន្តសហការជាមួយអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីជួយដល់ប្រជាកសិករដល់មូលដ្ឋាន និងទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការងារសុខភាពសាធារណៈគឺជាការងារចាំបាច់ដែលអគ្គនាយកដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់សត្វទូទាំងប្រទេស និងការផ្តល់សេវាកម្មថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ពាក់ព័ន្ធនឹងការងារវិនិយោគ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន សហការជាមួយវិស័យឯកជនគ្រប់ភាគីពាក់ព័ន្ធ និងអ្នកវិនិយោគទាំងអស់ ចូលរួមបើកទីផ្សារផលិតផលសាច់គ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដោយគិតគូរពីស្តង់ដាអនាម័យ ភូតគាមអនាម័យ គុណភាព រសជាតិ ស្របតាមនីតិវិធីត្រឹមត្រូវ និងបច្ចេកទេសនៃកិច្ចចរចាពាណិជ្ជកម្ម ដោយទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ផលចំនេញដល់សេដ្ឋកិច្ចជាតិ។ សម្រាប់ការរួមចំណែកកិច្ចការនយោបាយ ឯកឧត្តម បានផ្តល់អនុសាសន៍ដល់អង្គពិធីត្រូវបង្កើនការចូលរួមឱ្យមានភាពសកម្ម ផ្សព្វផ្សាយនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ព្រមទាំងឆ្លើយតប និងតបតរទៅនឹងព័ត៌មានក្លែងក្លាយ រឺភាពមិនប្រក្រតីណាមួយឱ្យចំគោលដៅ និងជាក់ស្តែងច្បាស់លាស់។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមទៀតថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តកិច្ចការងាររបស់ខ្លួនឱ្យកាន់តែល្អថែមទៀត មានសាមគ្គីភាពផ្ទៃក្នុង និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងជូនពរដល់អង្គពិធី ទទួលបានជោគជ័យ និងសុភមង្គលគ្រួសារក្រោមម្លប់សុខសន្តិភាព៕

កម្ពុជាបន្តផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគជូនវិនិយោគិនដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

2024/12/19 02:05:22 pm        143
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញតឱ្យលោក Liang Songshou ប្រធាន​សហព័ន្ធ​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao និងជាប្រធាន​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវឧស្សាហកម្ម Guangdong Huarong ដឹកនាំគណៈប្រតិភូ ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគ ជូន​វិនិយោគិន​ដែល​មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា សំដៅជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និង​បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរតាមរយៈជំនួបនាឱកាសនេះ គណៈ​ប្រតិភូ​នៃ​សហព័ន្ធ​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​ឧស្សាហកម្ម​តំបន់​ឆ្នេរ ​Guangdong-Hong Kong-Macao បានទទួល​ការ​ចង្អុល​បង្ហាញ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​អំពី​បរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលស្របតាមច្បាប់ និងបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ លើវិស័យសក្ដានុពលនានា ដែលក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់សហព័ន្ធ​កំពុង​ចាប់​អារម្មណ៍ផងដែរ៕

រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញទាក់ទាញវិនិយោគក្នុងវិស័យអាទិភាព ដើម្បី​ជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា

2024/12/19 01:55:44 pm        109
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំ “កិច្ចប្រជុំការ​រៀបចំ​យុទ្ធសាស្ត្រ​ជំរុញ​វិនិយោគ​រយៈពេល ៣ឆ្នាំ និងផែនការសកម្មភាព”។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រា្តលីប្រចាំកម្ពុជា និងសហការី, តំណាង​កម្ម​វិធី​ភាព​ជាដៃ​គូ​កម្ពុជា​ អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំង​ថ្នាក់​ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ ៤០រូប។ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍​យ៉ាង​កក់​ក្តៅចំ​ពោះ​គណៈ​ប្រតិភូ​របស់​ស្ថាន​ទូត​អូស្រា្តលី ព្រមទាំងបានបង្ហាញ​​ពី​ចំណាប់​អារម្មណ៍​លើ​ការ​សហការ​រៀប​ចំ​យុទ្ធសាស្រ្ត​នេះ​ជាមួ​យ​កម្មវិធី CAPRED ដោយហេតុថាឯកសារយុទ្ធសាស្ត្រនេះ នឹងដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​គាំទ្រ​ដល់បេសកកម្មជំរុញទាក់ទាញវិនិយោគ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​នូវ​អនុសាសន៍ដល់កម្មវិធី CAPRED ឱ្យផ្តល់​អាទិភាព​ស្វែង​រក​ព័ត៌មាន​អំពី​ក្រុម​ហ៊ុន​សក្ដា​នុពល​ដែល​មានបំណងចង់ផ្លាស់ប្ដូរមូលដ្ឋានផលិតកម្មមកកាន់តំបន់អាស៊ាន, ព្រមទាំង​សិក្សា​ស៊ីជម្រៅ​លើ​យុទ្ធ​សាស្រ្ត​គាំទ្រដល់វិស័យកសិ-ឧស្សាហកម្មកម្ពុជា, និងសាកល្បងសិក្សា​សមិទ្ធ​លទ្ធភាព​ក្នុង​ការកំណត់យកវិស័យភស្ដុភារកម្ម ជាវិស័យអាទិភាព​មួយ​បន្ថែម​ទៀត​សម្រាប់​យុទ្ធសាស្ត្រ​ជំ​រុ​ញវិនិយោគរយៈពេល៣ឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អូស្រ្តាលី​ដែលបាននិងកំពុងបន្តផ្ដល់នូវហិរញ្ញប្បទាន និងជំនួយ​បច្ចេក​ទេស​នានា សម្រាប់កិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតរង បានសម្តែងនូវសេចក្តីសោមនស្ស និង​ការ​ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្រ្តាលី និងរាជ​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក ជាពិសេសកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូតរង មាន​សង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្តវិនិយោគរយៈពេល៣ឆ្នាំ នឹងក្លាយឯកសារ​ផ្ទៃ​ក្នុង​យ៉ាង​សំខាន់​សម្រាប់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចតម្រង់ទិសការ​ទាក់​ទាញ​វិនិយោគ​ដែល​មាន​គុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា។កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងសម្រេច​ជ្រើស​រើស​វិស័យ​អាទិភាព​ចម្បង សម្រាប់ការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគ ក្រោមជំនួយ​បច្ចេកទេស​របស់​អូស្រ្តាលី តាមរយៈកម្មវិធី CAPRED។ យុទ្ធសាស្ត្រជំរុញវិនិយោគ នឹងដាក់​ចេញ​សកម្មភា​ព​ជាក់​លាក់​ដែល​អាច​អនុវត្តបាន ដោយផ្តោតជាចម្បងលើការកំណត់វិស័យអាទិភាព, ការគាំទ្រ និង​កិច្ច​សម្រួល​ដល់​វិនិយោគិន, ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញ​ទាក់​ទាញ​វិនិយោគ និងទាញយក​ជា​អតិបរមា​នូវ​កាលានុវត្តភាព​ពី​និន្នាការ​ដែល​បាន​និង​កំពុង​លេច​ឡើង​ទាំង​ក្នុងតំបន់ និងសកល៕

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជំរុញឱ្យអគ្គនាយកដ្ឋានក្រោមឱវាទគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យស្របតាម​ឧត្តមានុវត្ត

2024/12/19 12:50:26 pm        226
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង​ចំណូល​មិន​មែន​សារ​ពើពន្ធ ពន្លឿនការរៀបចំ ផែនការគោល ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ដែលនៅសេសសល់ឱ្យបានឆាប់ ដើម្បីកែលម្អការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ឱ្យ​ស្រប​តាមឧត្តមានុវត្តអន្តរជាតិ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេក​វិទ្យា​ព័ត៌មាន​គ្រប់​គ្រង​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី ដល់ក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈ​ប្រហា​ក់ប្រហែល, រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ ហៅកាត់ (SARMIS) នៅ​ថ្ងៃទី១៨ ម្សិលមិញនេះថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបញ្ជីសារពើភណ្ឌ, ទោះ​បី​ជា​​មាន​វឌ្ឍនភាព​ល្អ​ហើយក្តី, ក៏នៅជួបបញ្ហាប្រឈម មួយចំនួន ដែលទាមទារនូវការយកចិត្តទុកដាក់ និង​ការ​ដោះស្រាយ​ជាបន្តបន្ទាប់ ។ ជុំវិញការដោះស្រាយបញ្ហាប្រឈមនានានេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នើដល់​អគ្គនាយកដ្ឋាន​ទ្រព្យ​សម្បត្តិ​រដ្ឋ និងចំណូល មិនមែនសារពើពន្ធ ត្រូវបន្តលើកកម្ពស់​ការ​ធ្វើ​ទំនើប​កម្មការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ និងត្រូវពង្រីកវិសាលភាពនៃការកត់ត្រាទ្រព្យ សម្បត្តិរដ្ឋ SARMIS ឱ្យស្រប​តាម​គោល​ការណ៍ណែនាំ ស្ដីពីកិច្ចបញ្ជីការគណនេយ្យទ្រព្យសកម្មរយៈពេលវែង ឱ្យបានចប់សព្វគ្រប់ នៅ​មុន​ដំណាច់ឆ្នាំ២០២៧, និងត្រូវបន្តលើកកម្ពស់ការកសាងសមត្ថភាពមន្រ្តី តាមរយៈ​ការ​រៀបចំ​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល អំពីច្បាប់, លិខិតបទដ្ឋានគតិយុត្ត, ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន និងកិច្ចបញ្ជីការគណនេយ្យជាដើម។អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវពន្លឿន​ការ​រៀបចំ​ផែន​ការ​គោល ស្តីពីការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ និងលិខិតប​ទ​ដ្ឋាន​គតិយុត្ត​ដែល​នៅ​សេស​សល់​ឱ្យ​បាន​ឆាប់ ដោយផ្អែកលើការដកស្រង់បទពិសោធន៍ពីប្រទេសនានាផងដែរ ដើម្បី​កែ​លម្អ​ការ​គ្រប់​គ្រង​ទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិ ។ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធ ក៏ត្រូវពិនិត្យឡើងវិញអំពីនីតិវិធី និងបែបបទការងារ ដែល​អាច​ប្រែប្រួល ដោយសារការដាក់ឱ្យប្រើប្រាស់នូវ SARMIS សំដៅបង្កើនប្រសិទ្ធភាព និង​ស័ក្ដិ​សិទ្ធភាព​នៃ​ការ​អនុវត្តការងារ ។ ក្រុមការងារ SARMIS និងក្រុមការងារ FMIS ត្រូវជំរុញ ការតភ្ជាប់ ឬ​ការ​ធ្វើ​សន្ធានកម្ម ក្នុងការផ្លាស់ប្តូរទិន្នន័យ រវាង SARMIS ជំនាន់ថ្មី ជាមួយ FMIS ឱ្យបានរលូន ដោយ​ជោគជ័យ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និង​អង្គភាព​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិរដ្ឋ ក្រោម ឱវាទ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវរាល់ច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធនឹងការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យ សម្បត្តិរដ្ឋ ។ ទន្ទឹមនេះ,អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវ​បន្ត​ជំរុញការរៀបចំបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ឲ្យបា​ន​ពេញ​លេញ និងគ្រប់ជ្រុងជ្រោយ, ឲ្យបានឆាប់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

១១ខែ ឆ្នាំ២០២៤ ការនាំចេញនាំចូលរបស់កម្ពុជា​សម្រេចបានជាង ៥០ពាន់លានដុល្លារ​កើនឡើង​ជិត១៦ភាគរយ

2024/12/19 10:56:32 am        300
គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥​ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% ក្នុងនោះការនាំ​ចេញ​សម្រេច​បាន​ទឹក​ប្រាក់​ចំនួន ២៤,៣៤ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៤,៣៦% និងការនាំ​ចូល​សម្រេចបាន​ទឹក​ប្រាក់ ​២៦,១០ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៧,៤៨% ។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មុខ​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​លើ​ការ​នាំចេញ រួមមាន សម្លៀកបំពាក់ ៨,៩៤ប៊ីលានដុល្លារ កើនឡើង ២៥,៨៤% , សម្ភារ​ធ្វើ​ដំណើរ ​១,៧៨ប៊ីលានដុល្លារ កើនឡើង ២១,៥០% , ស្បែកជើង ១,៥០ប៊ីលានដុល្លារ កើនឡើង ២៤,៣០% និងស្រូវ ១,៥០លានដុល្លារ កើនឡើង ១៦,៤២% និងផលិតផលផ្សេងៗទៀត ដូច​ជា គ្រឿងអេឡិចត្រូនិក សំកកង់រថយន្ត បន្ទះសូឡា ដំឡូងមី អង្ករ ជ័រកៅស៊ូ និង​ក្តារ​កុង​ប្លាកេ​ជា​ដើ​ម​។ ដោយឡែក ការនាំចូលមកកាន់កម្ពុជា រួមមាន វាយនភ័ណ្ឌ សម្ភារសំណង់ រថយន្ត ប្រេង​សាំង គ្រឿងឧបភោគ បរិភោគ អគ្គិសនី និងគ្រឿងក្រអូប ឬគ្រឿងសម្អាង។ល។នៅ​ក្នុងពិធីបើកអង្គសន្និបាតនេះ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល មានប្រសាសន៍ថា ក្រសួង​ពាណិជ្ជ​កម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុង​ការ​ជំរុញ​​វិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការ​បន្ត​ពង្រឹង​គុណភាពធ​ន​ធាន​មនុស្ស​លើ​វិស័យ​ពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង និង​ការអភិវឌ្ឍស្ថាប័ន , ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យ​ប្រសើរ​ឡើង​គុណភាព នៃ​ការ​ផ្តល់​សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយបានកាត់​បន្ថយ​ទាំង​ការ​ចំណាយ និងពេលវេលា , ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍ​ទីផ្សារ និងអភិវឌ្ឍវិស័យឯកជន និងការបន្ត​កសាង​ និង​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និង​បង្កើត​បរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ក៏ដូចជា​ពង្រឹង​ភាព​ប្រកួត​ប្រជែង នៃ​ទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ជាមួយនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់ឱកាសដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាង​វិស័យឯកជន និងអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម រាយការណ៍អំពីសកម្មភាពការងារ បញ្ហា​ប្រឈម ក៏ដូចជាលើកអនុសាសន៍នានា ដាក់ជូនអង្គ​សន្និបាត​ធ្វើ​ការ​ពិភាក្សា​គ្នា​ដើម្បី​ចូល​រួម​ដល់​ការ​អភិវឌ្ឍវិស័យពាណិជ្ជកម្មកាន់តែរីកចម្រើនទៅមុខបន្តទៀត៕ អត្ថបទ ឈិត បូរ៉ាវី 

ក្រសួងសេដ្ឋកិច្ច កំពុងលើកស្ទួយ MSEMs ជំរុញបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍

2024/12/19 10:10:42 am        175
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្ម ដើម្បីលើក​ស្ទួយ​សហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យម និងសហគ្រិនភាព ដើម្បីរួមចំណែកដល់ការបង្កើត​ឱកាស​ការងារ​ក្នុង​ស្រុក ការលើកកម្ពស់ផលិតភាព បង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងការពង្រឹង​សមត្ថភាព​ប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងសកល។ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់ លើសេចក្តី ព្រាងប្រកាស ស្តីពីលទ្ធកម្មតា​ម​រយៈ​ការ​ផ្តល់​ប្រព្រឹត្តកម្ម​អនុ​គ្រោះ នៅថ្ងៃទី១៨ ខែ ធ្នូ ម្សិលមិញនេះថា គោលបំណងនៃការៀបចំសិក្ខា សាលានាពេលនេះ គឺ​ដើម្បី​ពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមទៀត សម្រាប់ឱ្យការរៀបចំសេចក្តីព្រាងប្រកាស ស្តីពី​លទ្ធកម្ម តាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ កាន់តែមានសុក្រឹតភាព មានភាព​គ្រប់​ជ្រុង​ជ្រោយ និងមានសង្គតិភាព ជាមួយលិខិតបទដ្ឋាន គតិយុត្តជាធរមានដទៃទៀត ព្រមទាំងអា​ច​ផ្តល់​នូវ​លទ្ធផលវិជ្ជមាន ចំពោះសេដ្ឋកិច្ចជាតិ ក៏ដូចជាសម្រាប់វិស័យឯកជននៅក្នុងប្រទេស។ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបង្កើតថ្មី កែ​សម្រួល និងបំពេញបន្ថែម នូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងលទ្ធកម្មសាធារណៈ សម្រាប់​គាំទ្រ​ដល់​ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ២០២៣ ព្រម ទាំងបានដាក់ឱ្យ​អនុវត្ត​នូវ​លិខិត​បទដ្ឋាន​គតិយុត្តទាំងនេះជាបន្តបន្ទាប់។ ដើម្បីបន្តគាំទ្រដល់ការ​អនុវត្ត​ច្បាប់​ស្តីពី​លទ្ធកម្ម​សាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្ម តាមរយៈ​ការ​ផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ក្នុងគោលបំណង ដើម្បីលើកស្ទួយសហគ្រាសធុនមីក្រូ សហ​គ្រាស​ធុនតូច និងមធ្យម និងសហគ្រិនភាព ដែលរួមចំណែកដល់ការបង្កើតឱកាសការងារ ក្នុង​ស្រុក ការលើកកម្ពស់ផលិតភាព ការបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ការពង្រឹង​សមត្ថភាព​ប្រកួតប្រជែងរបស់កម្ពុជា នៅក្នុង ទីផ្សារតំបន់និងសកល ជាពិសេសរួមចំណែក​អភិវឌ្ឍ​វិស័យ​ឯកជន និងការងារដែលជារបៀបវារៈគោលនយោបាយសំខាន់ សម្រាប់ជំរុញ កំណើន នៅក្នុងបរិការណ៍នៃដំណើរការបរិវត្តកម្មសង្គម-សេដ្ឋកិច្ចកម្ពុជា។ចំណែក, ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​លទ្ធ​កម្មសាធារណៈ លើក ឡើងឱ្យដឹងផងដែរថា ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ដែលត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើដោយព្រះរាជក្រម ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមានគោល​បំណង​ដើម្បី​ធានាបា​ននូ​វភាពជឿទុកចិត្ត តម្លាភាពប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំ​ង​ស្រប​តាម ឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជា​និយ័តករ និងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចំណែកក្រសួង-ស្ថាប័ន នឹងត្រូវបាន​ផ្តល់​សិទ្ធិអំ​ណាច និងការទទួលខុសត្រូវ ជាមួយនឹងគណនេយ្យភាពពេញលេញ ក្នុងការអនុវត្តកិច្ច លទ្ធកម្ម​របស់​ខ្លួន​។ ច្បាប់ស្តីពីលទ្ធកម្មសាធារណៈបានកំណត់នូវគោលការណ៍សំខាន់ៗជាច្រើន ដែលក្នុង​នោះ​ក៏​មានការផ្តល់ប្រព្រឹត្តិកម្ម អនុគ្រោះ ចំពោះផលិតផលក្នុងស្រុក និងអ្នកដេញថ្លៃ​ក្នុង​ស្រុក​ផង​ដែរ​។ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ និង​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ក្នុង​នាម​ជា​​សេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសេចក្តី ព្រាងប្រកាសស្តីពីលទ្ធកម្ម តាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ។ ប្រកាសនេះមានកំណត់អំពីលក្ខខណ្ឌ និងនីតិវិធី​វាយ​តម្លៃ សម្រាប់ការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះចំពោះផលិតផលក្នុងស្រុក និងអ្នកដេញថ្លៃក្នុងស្រុក ក្នុង​គោលបំណងដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងពង្រីក វិស័យឧស្សាហកម្ម​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដោយលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស ឬរូបវន្តបុគ្គលក្នុងស្រុកឱ្យចូលរួមដេញថ្លៃ ដើ​ម្បី​ផ្គត់​ផ្គង់ទំនិញ អនុវត្តការងារសំណង់ ផ្តល់សេវាកម្ម ឬផ្តល់សេវាទីប្រឹក្សា ជូនស្ថាប័ន​អនុវត្ត​លទ្ធកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាស្នើ IFC បន្តគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដើម្បីឈានសម្រេចចក្ខុវិស័យដែលកំណត់

2024/12/18 01:58:08 pm        338
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ស្នើសុំឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC បន្ត​គាំទ្រ​កម្ពុជា​ទាំង​ផ្នែក​បច្ចេក​ទេស និងហិរញ្ញវត្ថុ ដើម្បី អាចឱ្យកម្ពុជា​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​ដោយ​ជោគ​ជ័យ​នូវ​ចក្ខុ​វិស័យ​ឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម រីកាដូ តូលីធី (Riccardo Puliti) អនុប្រធាន​ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation IFC) នៅថ្ងៃទី១៧ ខែធ្នូ ម្សិលមិញនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បាន​រំលឹកឡើងវិញ នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​IFC ជាច្រើនទស្សវត្សន៍កន្លងមក និងបានវាយ តម្លៃខ្ពស់ ចំពោះការ​ចូលរួម​ចំណែក​ដ៏​សំខាន់​របស់ IFC ដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ២០០០ មក ទាំងក្នុងវិស័យហិរញ្ញវត្ថុ, កសិ-ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ភាព​ជាដៃគូ​រវាង​រដ្ឋ និង​ឯកជន, និងវិស័យអប់រំ ដែលជា លទ្ធផលបានជួយបង្កើតឱកាសការងារថ្មី បង្កើ​ន​ប្រាក់​ចំណូល និងកាត់បន្ថយភាពក្រីក្រ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុង​ការរួមចំណែកជំរុញ ការអភិវឌ្ឍរបស់កម្ពុជា និងបានជម្រាបជូនថា វិស័យជាអាទិភាពដែល IFC បានកំណត់ គឺពិតជាឆ្លើយតបទៅនឹងបញ្ចកោណយុទ្ធសាស្ត្រ ទាំង ៥ នៃយុទ្ធសាស្ត្រ​បញ្ច​កោណ-​ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលស្ថិតក្រោ​មកា​រ​ដឹក​នាំដ៏​ត្រឹមត្រូវ, ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ​មន្ត្រី ជាអាទិ៍, វិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និង វិស័យឡូជីស្ទីក គឺជាវិស័យគន្លឹះ គាំទ្រ​ការ​អនុវត្ត​កម្ម​វិធីជំរុញកំណើនរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេល៤ ឆ្នាំខាងមុខ ។ ក្នុងជំនួបនេះ ដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រ​កម្ពុជា​ទាំង​ផ្នែក​បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអាច ឱ្យកម្ពុជាឈាន​ឆ្ពោះ​ទៅស​ម្រេច​បាន​ដោយ​ជោគ​ជ័យ​នូវ​ចក្ខុ​វិស័​យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។ជាការឆ្លើយតប, ឯកឧត្តម កាដូ ភូលីធី បានកោតសរសើរ និងវាយតម្លៃ​ខ្ព​ស់​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ជាមួយនឹងការដាក់​ចេញ​នូវ​គោល​នយោបាយ ផែនការយុទ្ធសាស្ត្រ និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការរីក ចំរើនយ៉ាង​ឆាប់​រហ័ស​ដូច​សព្វថ្ងៃ ។ ឯកឧត្តមអនុប្រធាន ក៏បានសម្តែងនូវ​ការ​កោត​សរសើរ​ចំពោះកា​រ​រីក​ចំរើន​របស់​កម្ពុជា ក្នុងការអភិវឌ្ឍ ថាមពលស្អាត ដែលបច្ចុប្បន្នសម្រេចបាន ៥៨% នៃគោលដៅ ៧០% ព្រមទាំងបានគូសបញ្ជាក់អំពីការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុងការ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​របស់​កម្ពុជា តាមរយៈការជំរុញកិច្ចប្រតិបត្តិការឡើងវិញ លើវិស័យអាទិភាព​សំខាន់ៗ​ជា​អាទិ៍​៖ វិស័យហិរញ្ញវត្ថុ, ហិរញ្ញប្បទានបៃតង, ឡូជីស្ទីក, ថាមពល, ការឆ្លើយតប​ទៅ​នឹង​បម្រែ​បម្រួល​អាកាសធាតុ ជាមួយនឹងការបន្តផ្តល់សេវាប្រឹក្សា និងការបណ្តុះបណ្តាល ដើម្បីរួម​ចំណែក​ជួយ​ឱ្យ​កម្ពុជា សម្រេចបាននូវគោល​ដៅ​អភិវឌ្ឍ​ប្រែ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំ២០២៤ កម្ពុជាលក់ជ័រកៅស៊ូបានជាង៦៤០លានដុល្លារ កើនជាង៣០ភាគរយ

2024/12/18 11:18:46 am        204
ក្នុងឆ្នាំ២០២៤នេះ ការលក់ជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ រហូត​ដល់​ជាង ៣០ភាគរយ ដោយទទួលបានចំណូលជាង៦៤០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ហើយ​ឆ្នាំនេះ ជាមធ្យមតម្លៃជ័រកៅស៊ូ ចន្លោះពីជាង១ពាន់ ទៅ២ពាន់ដុល្លារ ក្នុងមួយតោន ។លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា ចាប់តាំងពីមានវត្តមាននៅលើទឹកដីកម្ពុជា ដំណាំកៅស៊ូ បានផ្សារភ្ជាប់ និង​បំពេញ​តួនាទីយ៉ាងសកម្មក្នុងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាននៃប្រទេសកម្ពុជា រហូត​ដល់បច្ចុប្បន្ន ។លោក​បានបន្តថា នៅឆ្នាំ២០២៤នេះ ផលិតផលជ័រកៅស៊ូសម្រេចបានប្រមាណជាង៤០ម៉ឺនតោន បើ​ធៀប​នឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន៤ភាគរយ និងរក​ចំណូល​បាន​ជាង​៦៤០​លាន​ដុល្លារកើនជាង៣០ភាគរយ ដែលថ្លៃលក់ជាមធ្យមក្នុងមួយឆ្នាំនេះ គឺជាង១ពាន់៦០០ដុល្លារ ក្នុង​មួយ​តោនកើនឡើង ២៨០ដុល្លារ ហើយសង្ឃឹមថា នឹងឡើងបន្ថែមទៀត ខណៈដែលកម្ពុជា កំពុង​មាន​រោងចក្រផលិតកង់រថ យន្តចំនួនបី និងគ្រោងបង្កើតពីរទៀត ។លោក គិន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុនផលិតកង់រថយន្តម៉ាកសាយឡុន (SAILUN TIRE CAMBODIA) បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​បោះ​ទុន​វិនិយោគ​ប្រមាណ​មួយពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា លើការផលិតកង់រថយន្ត ហើយបាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស ជាង៣០ទូទាំងពិភពលោក ។លោកបានបញ្ជាក់ថា ក្រុមហ៊ុនសាយឡុន បានប្រមូលទិញជ័រកៅស៊ូប្រមាណជាង៣០ភាគរយ នៃ ផ្ទៃ​ដី​ដំណាំកៅស៊ូជាង៤០ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា ជា​មួយ​នឹង​ការ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​បាន ជាង៧ពាន់នាក់ ហើយឆ្នាំក្រោយ បន្ទាប់ពីក្រុមហ៊ុនពង្រីកការវិនិយោគ នឹង​បង្កើត​ការងារ​ដល់​ជាង ១ម៉ឺននាក់។សូមបញ្ជាក់ថា ដំណាំកៅស៊ូ បានចាប់បដិសន្ធិនៅកម្ពុជា នៅឆ្នាំ១៩២០ ដោយមាន​ក្រុមហ៊ុ​ន​វិនិយោគិន​បារាំងធំៗចំនួន៥ បានបង្កើតចម្ការកៅស៊ូកសិ-ឧស្សាហកម្ម ដែលដំបូង​ដាំ​នៅ​ខេត្ត​កំពង់​ចាម ក្រចេះ និងខេត្តកំពង់ធំ ។ គិតត្រឹមឆ្នាំ១៩៦៩ កម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ សរុប​ជាង​៦៤០​ពាន់ហិកតា ដែលក្នុង នោះជាង៣៩០ពាន់ហិកតា ចៀរជ័រយក​ផល​ជ័រ​បាន​ចំនួន​៥០​ពាន់​តោន សម្រាប់បម្រើសេចក្តីត្រូវការក្នុង ស្រុក និងនាំចេញប្ដូរយករូបីយបណ្ណអន្តរជាតិ។ ក្នុង​រយៈ​ពេល​ជាង​២០ឆ្នាំចុងក្រោយ (២០០០-២០២០) ផ្ទៃដីដំណាំកៅស៊ូបានកើនឡើង៨ដង ដោយ​ឆ្នាំ​២០០០ មានត្រឹម៥ម៉ឺនដើម ហើយមកដល់ឆ្នាំនេះ មានផ្ទៃដីដំណាំកៅស៊ូ ចំនួន៤២៥ពាន់ ៤៤​៣​ហិកតា ក្នុងនោះ៥២ភាគរយ ជាចម្ការកៅស៊ូកសិឧស្សាហ កម្ម និង៤៨ភាគរយ ជាផ្ទៃ​ដី​កៅ​ស៊ូ​គ្រួសារ​៕ អត្ថបទ៖ សុខរិទ្ធិ

ប្រតិភូវិនិយោគិនចិនចំនួន ៣ក្រុម ចាប់អាម្មណ៍យ៉ាងខ្លាំងលើការវិនិយោគនៅកម្ពុជា

2024/12/18 09:46:47 am        248
ប្រតិភូវិនិយោគិនមកពីប្រទេសចិនចំនួន ៣ក្រុម បានកំពុងស្វែងរកឱកាសវិនិយោគ និង​បាន​ចាប់​អារម្មណ៍​លើ​ការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន និងបានប្តេជ្ញាជួយ​គៀង​គរ​វិនិយោគិន​ចិន ឱ្យមកធ្វើការវិនិយោគនៅកម្ពុជាបន្ថែមផងដែរ។ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារជាមួយ គណៈប្រតិភូវិនិយោគិនចិន នៅថ្ងៃទី ១៧ ម្សិលមិញនេះ, ឯកឧត្តម​អគ្គ​លេខា​ធិការ បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ ទាំងអស់ និងបានគូស​រំលេច​ពី​កំណើន​នៃ​រំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេសកំណើនៃរំហូរវិនិយោគចិនមកកម្ពុជា ក្នុង​រយៈ​ពេល​ ប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬ​លេខ២ ជារៀងរាល់ឆ្នាំ។ ឯកឧត្តមអគ្គលេខាធិការ បានគូសរំលេចអំពីភាពរីកលូតលាស់នៃទំនាក់ទំនងកម្ពុជា-ចិន ដែល​បាន​ឈាន​ដល់​កម្រិតខ្ពស់ បំផុត ហើយភាគីទាំងពីរ​បាន​ខិតខំ​ប្រឹង​ប្រែង​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ ពង្រឹងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ និង​បង្កើត​ឱ្យ​មានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏​ដូច​ជា​របៀង​មច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តម​អគ្គ​លេខា​ធិការ ក៏បានធ្វើអត្ថាធិប្បាយអំពី បរិយាកាស និងរបបវិនិយោគកម្ពុជា ដែលមានភាព​អំណោយ​ផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។  ជាការឆ្លើយតប លោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មក​ពី​ទី​ក្រុង​សិន​យ៉ាង ខេត្តលាវនីង ប្រទេស ចិន, បានជម្រាបជូនថា លោកស្រីបាន​ធ្វើ​ការ​សិក្សា​ពី​កាលានុវ​ត្ត​ភាព​វិនិ​យោគ​នៅកម្ពុជាអស់រយៈពេលប្រមាណ ២ ឆ្នាំមកហើយ នៅ ពេលនេះ ក្រុមហ៊ុន​មាន​បំណង​បណ្តាក់​ទុន​វិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម សម្រាប់ទីផ្សារក្នុងស្រុក និង​ការនាំចេញ។ ដោយឡែកគណៈប្រតិភូសមាគមលើកកម្ពស់បច្ចេកវិទ្យា គ្រប់គ្រងសេដ្ឋកិច្ច អន្តរជាតិប៉េកាំង តំណាង​ដោយ​លោកស្រី Li Zeqing ប្រធានមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​នៃ​សកល​វិទ្យា​ល័យ​ប៉េកាំង លោកស្រីបានកត់សម្គាល់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា-ចិន ដែល​ត្រូវ​បាន​ថ្នាក់​ដឹក​នាំកំពូលនៃប្រទេសទាំងពីរ ធ្វើការដំឡើងកម្រិត និងបន្ស៉ីគ្នារវាង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ប្រទេស​។ ស្របគ្នានេះ លោកស្រីបានបង្ហាញនូវចំណាប់អារម្មណ៍ ចំពោះបច្ចុប្បន្ន​ភាព​ថ្មី​នៃ​បរិយាកាស​វិនិយោគនៅកម្ពុជា ដែលមានភាពល្អ ប្រសើរ និងទាក់ទាញខ្ពស់, លោកស្រីបាន​ណែនាំ​ឱ្យ​សហគ្រាសឆ្នើម ដែលបានអញ្ជើញចូលរួមអមដំណើរ ធ្វើការសិក្សាសមិទ្ធិលទ្ធភាព លើ​មុខសញ្ញាគន្លឹះ និងអាទិភាពនានាសំដៅច្បាមយកកាលានុវត្តភាព និងទីផ្សារ។  ចំណែក ប្រតិភូសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែល​ដឹកនាំដោយលោក អ៊ូ ជឺយុង (Wu Zhiyong) អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និង​ពាណិជ្ជ​កម្ម​ខេត្ត​ហ៊ូប៉ី និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តហ៊ូប៉ី, លោក សង្ឃឹមថា ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំងពីរ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នឹងបន្តធ្វើឱ្យប្រជាជនចិន ជា​ពិសេស វិនិយោគិននៅខេត្តហ៊ូប៉ី មានចំណាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគ នៅក​ម្ពុជា​កាន់​តែ​ច្រើន​ទ្បើង​ថែម​ទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM