រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល
ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់

សេដ្ឋកិច្ច និង កសិកម្ម

សម្តេចតេជោ៖ ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងកំណើនទំនិញឆ្លងកាត់កើនឡើង

2023/05/01 02:28:03 pm        221
ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ការពង្រីកកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែទឹកជ្រៅ នឹងធ្វើឱ្យចំនួននាវាធំៗ​ចូលចតមានការ​កើនឡើង​ច្រើនជាងមុន ហើយធ្វើឱ្យតម្លៃនៃការចូលចតរបស់នាវា នឹងមានតម្លៃថោកជាងមុនផងដែរ។សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​ នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី ១ខែឧសភា នៅក្រុងព្រះសីហនុ។ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ​ការកសាងផែទឹកជ្រៅ នឹងធ្វើឱ្យកាត់បន្ថយថ្លៃ​ប្រតិបត្តិការ​លើការធ្វើពាណិជ្ជកម្ម ​ហើយនឹងធ្វើឱ្យកាត់បន្ថយថ្លៃប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យកម្ពុជា ​មានលទ្ធភាពទទួលនាវាពី ១៨ភាគរយ ​ទៅដល់ជាង ៩០ភាគរយ។កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍចំណតកំពង់ផែ​ ជាបីដំណាក់កាល ដោយ​នៅឆ្នាំ២០២៦ ចំណតផែកុងទីន័រថ្មី ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ មាន​សមត្ថភាពផ្ទុកកុងទីន័រឡើងដល់ ១,៤៥ លាន TEU ក្នុងមួយឆ្នាំ ។ចំណតផែកុងទីន័រថ្មី ជំហានទី២ នឹងដាក់អនុវត្តនៅឆ្នាំ២០២៨ និងចំណតផែកុងទីន័រថ្មី ជំហានទី៣ នៅឆ្នាំ២០២៩ ​ធ្វើឱ្យសមត្ថភាពផ្ទុកកុងទីន័រ ឡើងដល់ជាង ​២,៦៧លាន TEU​ក្នុងមួយឆ្នាំ។តាមរយៈផែនការអភិវឌ្ឍចំណតកំពង់ផែថ្មីនេះ ​នឹងអនុញ្ញាត​ឱ្យនាវាដឹកទំនិញទូទាំងពិភពលោក​ចូលចត​បាន ដោយពុំចាំបាច់ Transit នៅកំពង់ផែផ្សេងៗ​ ដោយលែងមានឧបសគ្គជម្រៅទឹក ជា​ពិសេសកាត់បន្ថយចំណាយថវិកា​ និងពេលវេលា​ដឹកជញ្ជូន​តាមសមុទ្រ និងបង្កើនភាពប្រកួត​ប្រជែង៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជា-ជប៉ុន គិតរួមគ្នាកសាងអភិវឌ្ឍន៍កំពង់ផែស្វយ័តព្រះសីហនុ ​ទៅជាកំពង់ផែសេរី

2023/05/01 01:28:28 pm        252
ព្រះសីហនុ៖ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសជប៉ុន បានគិតរួមគ្នាកសាងកំពង់ផែស្វយ័តព្រះសីហនុ ទៅជាកំពង់ផែសេរី ​ដែលមានទំនាក់ទំនងគ្នារវាងកំពង់ផែ ​និងតំបន់សេដ្ឋកិច្ចពិសេស ។ក្នុងពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ០១ឧសភា, បើកការដ្ឋានសាងសង់​ចំណតផែកុងតឺន័រខេត្តព្រះសីហនុ ​និងខួបលើកទី៧០ ​នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម UENO Atsushi មានប្រសាសន៍ថា ទោះបីប្រតិបត្តិការនៅកំពង់ផែព្រះសីហនុ មានប្រសិទ្ធភាព ប៉ុន្តែការរីកចម្រើននៃទំនិញ កុងតឺន័រចេញចូលកំពង់ផែបានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំ​កន្លងមកនេះ ធ្វើឲ្យចំណតផែមិនអាចផ្ទុកទំនិញអស់ ទើបសាងសង់ទីលានកុងតឺន័រថ្មី នៅលើកែមផែមានស្រាប់ និងចំណតផែកុងតឺន័រថ្មី ​តាមរយៈកម្រងកម្ចីប្រាក់យេន ។ឯកឧត្តមបន្តថា នៅពេលសាងសង់រួចរាល់ នាវាដឹកកុងតឺន័រធំៗ ដែលប្រតិបត្តិការរវាងអាមេរិក​ខាងជើង អឺរ៉ុប និងអាស៊ី ដែលរហូតមកដល់ពេលនេះ​ ពិបាកចូលកំពង់ផែ នឹងអាចធ្វើការចូល​ចតបាន ហើយនឹងចូលរួមចំណែកយ៉ាងធំធេង ​ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងការ​តភ្ជាប់​ក្នុងតំបន់ ខណៈរដ្ឋាភិបាលកម្ពុជា និងជប៉ុន កំពុងពិភាក្សាគ្នា ក្នុងការអភិវឌ្ឍកំពង់ផែនេះ ឲ្យក្លាយទៅជាកំពង់ផែសេរី ។ឯកឧត្តមអគ្គរដ្ឋទូតជប៉ុន បានបន្ថែមថា បច្ចុប្បន្ននេះផ្សារទំនើបអ៊ីអន កំពុងសាងសង់មជ្ឈមណ្ឌល​ពិពិធកម្ម​ពហុបំណង ​សម្រាប់កម្រងសាកល្បង ​នៅតំបន់សេដ្ឋកិច្ចពិសេស​ ដែលជាប់នឹងកំពង់ផែ ជាមួយ​នឹងការរំពឹងប្រើប្រាស់កំពង់ផែព្រះសីហនុ ​ជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់តំបន់អាស៊ី នាពេលអនាគត ។ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ពិចារណាលើប្រព័ន្ធដឹកជញ្ជូនស្ដង់ដារពិភពលោក ​ការសម្រេចនូវគោលគំនិតរបស់ក្រុមហ៊ុននេះ មិនត្រឹមតែរួមចំណែកអភិវឌ្ឍន៍​កំពង់ផែព្រះសីហនុបន្ថែមទៀត ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចពង្រីក​ការវិនិយោគ ​ពីប្រទេសជប៉ុនមកកម្ពុជាផងដែរ និងសូមស្នើឲ្យមានការជួយជ្រោមជ្រែងពីភាគី​ពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ៕ អត្ថបទ បាន សុខរិទ្ធិ

រដ្ឋមន្រ្តីកសិកម្ម បង្ហាញបំណងជូនភាគីចិន អំពីពង្រឹងគុណភាពផលិតផលខ្មែរ ដើម្បីពង្រីកការនាំចេញ

2023/04/28 01:16:42 pm        253
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃទី២៧ មេសា ឆ្នាំ២០២៣កន្លងទៅ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមជំនាញការនៃ មជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស (FECC) នៃក្រសួងកសិកម្ម និងកិច្ចការអភិវឌ្ឍចិន ដើម្បីពិភាក្សាការងារមួយចំនួន។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្រាប់កិច្ចសហប្រតិបត្តិការ​ក្នុងការចូលរួម​អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បាន​លើកបញ្ជាក់អំពីទិសដៅរបស់ក្រសួងគឺធ្វើយ៉ាងណាសម្រេចបាននូវសន្តិសុខស្បៀង សុវត្ថិភាព​ស្បៀង និងមាននិរន្តរភាពសេដ្ឋកិច្ច។ ទាក់ទងនឹងការងារនេះ គឺកម្ពុជា នឹងមិនប្រកួតប្រជែងលើបរិមាណទេ ​តែនឹងប្រកួតលើគុណភាព ដើម្បីទទួលបានផលចំណេញដោយគិតគូរដល់បរិស្ថាន (Eco-Friendly) គឺមិនប៉ះពាល់​ដល់ព្រៃឈើឡើយ។បើតាម ឯកឧត្តមរដ្ឋមន្ត្រី គឺក្រសួងនឹងជំរុញការផលិតផលិតផលកសិកម្មប្រកបគុណភាព សុវត្ថិភាព​អនាម័យ SPS សម្រាប់នាំចេញទៅប្រទេសចិន ហើយដែលការងារនេះទាមទារ​ឱ្យមាន​នូវ​បច្ចេកទេស ផែនការអាជីវកម្ម ​និងយុទ្ធសាស្ត្រច្បាស់លាស់ ព្រមទាំងអនុវត្តស្របតាម​គោល​នយោបាយដែលក្រសួងបានដាក់ចេញ៕អត្ថបទ ឈិត បូរ៉ាវី

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលក្នុងខែមីនា បានហក់ឡើងខ្ពស់

2023/04/27 05:29:41 pm        325
ភ្នំពេញ៖ នៅក្នុងខែ មីនា ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានហក់ឡើងខ្ពស់គួរជាទីគត់សម្គាល់ ក្នុងចំនួនប្រមាណជាង ៣ ២៥៨ ប៊ីលានរៀល ត្រូវជាង ៨០៤ លានដុល្លារ ស្មើនឹង ២២,៥២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយក លើកឡើងក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ មីនា និងត្រីមាសទី១ ឆ្នាំ ២០២៣ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣នេះថា ចំណូលពន្ធប្រចាំខែ មីនា ឆ្នាំ ២០២៣ និងនៅក្នុងរយៈពេល ៣ខែដើមឆ្នាំ ២០២៣ បានហក់ឡើងខ្ពស់ ​ដោយសារជារៀងរាល់ឆ្នាំ ខែ មករាដល់ ខែមីនា គឺជារដូវកាលនៃការប្រកាស​ និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ឬខាតរបស់​សហគ្រាសនាឆ្នាំកន្លងមកប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថារកបានចំណេញ ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ​បានទទួលនូវលទ្ធផលល្អប្រសើរ ដោយសារប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing មានភាពរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។ជាក់ស្តែងការប្រមូលចំណូល នៅក្នុងខែ មីនា ឆ្នាំ ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែល​អគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួនជាង ៣ ២៥៨ ប៊ីលានរៀល ត្រូវប្រមាណជា ៨០៤ លានដុល្លារ ស្មើនឹង ២២,៥២% ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែ មីនា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួនជាង ២១៧ ប៊ីលានរៀល ត្រូវជិត ៥៤លានដុល្លារ ស្មើនឹង ៧,១៦%។ ចំណែកចូលសរុបរយៈពេល ៣ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៥ ៤៤២ប៊ីលានរៀល ត្រូវជិត ១ ៣៤៤លានដុល្លារ ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធ-អាករ​ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួនជិត ៣២៧ ប៊ីលានរៀល ត្រូវប្រមាណជា ៨០ លានដុល្លារ ស្មើនឹង ៦,៣៩%។ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ ខែនេះដែរ ទោះបីចំណូលមាន​ការកើនឡើង តែការប្រមូលបំណុលពន្ធមានការថមថយ ធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និងជួបប្រទះបញ្ហាប្រឈម ដោយសារមានសហគ្រាសខ្លះបាន បន្តយកលេសពីស្ថានភាព​នៃភាពមិនប្រាកដប្រជា និងការប្រែប្រួលនូវបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេល​ឬគេចវះ ពីការបង់បំណុលពន្ធ។ ទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាតឱ្យបង់ជាដំណាក់កាល ក៏មានការ​យឺតយ៉ាវ​ក្នុងការបង់បំណុលពន្ធ ​និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាម​កាលកំណត់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារកាណាឌីយ៉ាបើកសាខាធនាគារវៃឆ្លាតថ្មី នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ

2023/04/26 01:19:17 pm        317
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសានេះ ធនាគារកាណាឌីយ៉ា បានដាក់សម្ពោធអោយប្រើប្រាស់​ជាផ្លូវការនូវសាខាឆ្លាតវៃទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ផ្លូវលេខ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា ថ្លែងថា សាខាធនាគារវៃឆ្លាតនេះ គឺមានបំពាក់សម្ភារៈប្រព័ន្ធ​ឌីជីថល ដាក់-ដក ទូទាត់ ផ្ទេរសាច់ប្រាក់ស្វ័យប្រវត្តិ ដែលផ្តល់ភាពងាយស្រួលជាងគេ នៅ​ប្រទេសកម្ពុជា។ក្នុងឱកាសបើកសាខាធនាគារកាណាឌីយ៉ាវៃឆ្លាតថ្មីស្ទឹងមានជ័យនេះ លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា បានថ្លែងថា អស់រយៈពេលជាង ៣២ឆ្នាំមកហើយ ដែលធនាគារកាណាឌីយ៉ា​បានបើកដំណើរផ្តល់សេវាហិរញ្ញវត្ថុ​នៅក្នុង​ប្រទេសកម្ពុជា មានស្ថេរភាពហិរញ្ញវត្ថុរឹងមាំ ​និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។លោកបន្តថា ធនាគារកាណាឌីយ៉ា សាខាស្ទឹងមានជ័យ គឺជាសាខាទី៦៨ ដែលសាខានេះមានផ្តល់​សេវាធនាគារពេញលេញ បំពាក់ដោយម៉ាស៊ីនស្វ័យសេវាធនាគារ ដូចជា ម៉ាស៊ីនឌីជីថលបង្កើត​គណនីដោយខ្លួនឯងបំពាក់ម៉ាស៊ីន CRM ដាក់ប្រាក់ ដកប្រាក់ និងដាក់មូលប្បទានប័ត្រ បំពាក់ម៉ាស៊ីនបោះពុម្ភកាតSEM ដែលអាចទទួលបានកាតឥណពន្ធពីធនាគារ កាណាឌីយ៉ា ក្នុងរយៈពេលខ្លី ព្រមទាំងមានបំពាក់ម៉ាស៊ីន ATM សម្រាប់ដាក់-ដកប្រាក់ជាច្រើនគ្រឿង​ជាដើមផងដែរ។ លោក Raymond Sia បន្តថា សេវាកម្មក្នុងសាខាឆ្លាតវៃថ្មីនេះ ក៏បានរៀបចំឱ្យស្របនឹងតម្រូវការ​ហិរញ្ញវត្ថុរបស់អតិថិជន ដែលមានដូចជា ការបើកគណនីប្រើប្រាស់ម៉ាស៊ីនស្វ័យសេវាធនាគារ ការស្នើសុំកម្ចីឥណទានសម្រាប់សហគ្រាសធនតូច ​និងមធ្យម សេវាកម្មផ្ទេរប្រាក់ក្នុង ឬក្រៅស្រុក ឬសេវា​បើកប្រាក់បៀវត្សសម្រាប់អាជីវកម្ម ​និងសាជីវកម្មផងដែរ ហើយកាន់តែងាយស្រួល អតិថិជន​អាចប្រើប្រាស់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ ​តាមតម្រូវការរបស់ខ្លួន តាមរយៈប្រើប្រាស់កម្មវិធី Canadia Bank App ជំនាន់ថ្មី ទូទាត់សាច់ប្រាក់មានភាពរហ័សផងដែរ។ក្នុងឱកាសនេះលោក ក៏បានថ្លែងអំណរគុណអតិថិជន​ទាំងអស់ ដែលតែងតែបន្តផ្តល់ទំនុកចិត្ត និង​ជ្រើសរើសធនាគារកាណាឌីយ៉ា ជា “ធនាគារជម្រើសដំបូង និងជាដៃគូហិរញ្ញវត្ថុ” ដែលធ្វើធនាគារ​បន្តការប្តេជ្ញាក្នុងការនាំយកនូវផលិតផល និងសេវាកម្ម ដើម្បីធានានូវលទ្ធភាពទទួលបានសេវា​កម្មហិរញ្ញវត្ថុល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ទូទាំងប្រទេស៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ដ នៅក្រុងច្បារមន

2023/04/26 10:32:59 am        341
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតខ្សែបង្គុំគ្រឿង​អេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុនយ៉ូរ៉ា ហាណេស ខេមបូឌា (Yura Harness Cambodia) ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។សូមជម្រាបជូនថា រោងចក្រ Yura Harness Cambodia ត្រូវបានសាងសង់ឡើងមានផ្ទៃក្រឡាសរុប ១៧,៥០០ម៉ែត្រការ៉េ និងមានបុគ្គលិកចំនួនប្រមាណ ១,១០០ នាក់ ដើម្បីផលិតខ្សែភ្លើងចំនួន ១១៥,០០០ ក្នុងមួយឆ្នាំ ក្នុងទុនវិនិយោគសរុបប្រមាណ ១៥លានដុល្លារអាម៉េរិក ខ្សែភ្លើងទាំងអស់​ដែលផលិតនៅទីនេះ នឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុរថយន្ដ Hyundai motor និង Kia motors ដែលនឹងជួយរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់​ពាណិជ្ជកម្ម​រវាង​ប្រទេសកូរ៉េ និងកម្ពុជា។ខ្សែភ្លើងគឺជាប្រព័ន្ធខ្សែដែលបញ្ជូន និងទទួលថាមពលអគ្គីសនី និងសញ្ញាអគ្គិសនីដល់ផ្នែក នីមួយៗនៃរថយន្ដ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនិងគុណភាពរបស់រថយន្ដ។ លើសពីនេះ វាក៏ជាផលិតផលដ៏ស្មុគស្មាញដែលទាមទារការកែច្នៃ ,ការផ្គុំវត្ថុធាតុដើមរាប់ពាន់មុខ និងកម្លាំងពលកម្មជំនាញ៕

កម្ពុជានាំចេញអង្ករទទួលបានចំណូលជាង ១២៦លានដុល្លារ ក្នុងត្រីមាសទី១

2023/04/26 09:46:59 am        401
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករសរុបចំនួនជាង ១៧ម៉ឺនតោន ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលប្រមាណជាង ១២៦ លានដុល្លារអាមេរិក។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយកាលពីថ្ងៃពុធថា ការនាំចេញអង្ករ​បាន​កើនឡើង ៣,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។អង្ករដែលនាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ។អង្ករកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ៤១។ ប្រទេសចិន នៅតែជាអ្នកទិញអង្ករកំពូលរបស់កម្ពុជា ដោយបានទិញអង្ករចំនួន ជាង៨,៤ ម៉ឺនតោន ឬ ៤៨ ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅក្នុងត្រីមាសទីមួយ។ ចំណែកទីផ្សារអឺរ៉ុប តំណាង ៣៨ភាគរយ ។ដោយឡែកបរិមាណស្រូវ ដែលបាននាំចេញចំនួន ជាង ១,៥ លានតោន ទៅកាន់ប្រទេសវៀតណាម ទទទួលបានចំណូលជាង ៣៩០លានដុល្លារ។នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករជាង ៦៣ម៉ឺនតោន ទៅកាន់ប្រទេសចំនួន៥៩ រកចំណូលបាន ៤១៤លានដុល្លារ ខណៈចំណូលពីការនាំចេញស្រូវមាន ៨៤១លានដុល្លារ។សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅប្រកបដោយ​មហិច្ឆិតា ក្នុងការនាំចេញអង្ករយ៉ាងតិច​មួយលានតោននៅឆ្នាំ២០២៥ ដែលកើនឡើងជាង៥០ភាគរយ បើធៀបនឹងតួលេខនាំចេញ​នៅឆ្នាំ២០២២។អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ ជំរុញឱ្យក្រសួងទូរគមនាគមន៍ បង្កើនគុណភាពសេវាអ៊ិនធើណេតទូទាំងប្រទេស

2023/04/25 10:50:04 am        385
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យបណ្តាញចែកចាយប្រព័ន្ធ Internet នៅកម្ពុជាកាន់តែមានទំហំធំ និងស្ថិរភាព ព្រោះការងារមួយចំនួនទាំងកម្រិតរាជរដ្ឋាភិបាល វិស័យឯកជន និងសាធារណជនទូទៅសុទ្ធតែប្រើប្រាស់ប្រព័ន្ធ Internet សម្រាប់បំពេញកិច្ចការ និងទំនាក់ទំនងប្រចាំថ្ងៃ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុងពិធីសំណេះសំណាលប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៥ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពង្រឹងសេវាទូរស័ព្ទ និង internet ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅ​តាមបណ្តាខេត្តនានា គឺស្របពេលដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលមានប្រតិភូកីឡា និងភ្ញៀវទេសចរអន្តរជាតិចូលក្នុងប្រទេសច្រើន។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍៖ “យើងបាននិងកំពុងពង្រឹងនូវស្ថានភាព អ៊ិនធើណេតនៅក្នុងប្រទេសរបស់យើង ឱ្យមានល្បឿនកាន់តែលឿន ហើយមានស្ថិរភាព និងដាក់ពង្រាយចែកចាយទៅច្រើនតំបន់។ ឥឡូវនេះ ស៊ីហ្គេមជិតមកដល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពង្រីងសមត្ថភាព ប្រព័ន្ធអ៊ិនធើណេត នៅតំបន់ផ្សព្វផ្សាយ”។កាលពីពេលថ្មីៗនេះសម្តេចតេជោ ក៏ធ្លាប់បាន ស្នើឱ្យគ្រប់បណ្ដាក្រុមហ៊ុនទូរស័ព្ទ អ៊ិនធើណេត ទាំងអស់ត្រូវពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង, ហើយពង្រីកវាទៅតាមតំបន់ទេសចរណ៍ ដើម្បីធ្វើការទាក់ទាញដល់អ្នកទេសចរណ៍ បានទៅលេងកម្សាន្ត នៅតំបន់ដាច់ស្រយាលឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធ គាំទ្រខាងផ្នែកអ៊ីនធឺណិត។យោងតាមស្ថិតិពីនិយ័តករទូរគមនាគមន៍កម្ពុជា ចំនួនអ្នកប្រើអ៊ីនធើណេតចល័ត និងអចល័ត មាន ១៧,២នាក់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ កើនឡើងទ្វេដង ធៀបនឹងឆ្នាំ២០១៦ ដែលមានអ្នកប្រើ​តែជាង ៨លាននាក់។ ចំណែក អ្នកប្រើទូរស័ព្ទចល័ត មានចំនួន ១៩,៤លាននាក់។បច្ចុប្បន្ន ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទ មានចំនួន ៥ មានដូចជា Cellcard, Smart, Viettel, Cootel និង SeaTel និងក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណេតចំនួន ៣៨៕អត្ថបទ៖ វណ្ណៈ

CGCCបានបញ្ចេញថវិកាជាង ១១៣ លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក

2023/04/24 02:39:11 pm        151
ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់​ឥណទានជាប្រាក់កម្ចី ទៅដល់ក្រុមហ៊ុនអាជីវកម្ម ចំនួនជិត ១ ៣០០ ក្រុមហ៊ុន គិតជាទឹកប្រាក់​កម្ចីមានទំហំប្រមាណជាង ៤៦០ ប៊ីលានរៀល ​ត្រូវជាង ១១៣ ​លានដុល្លារអាមេរិក ដើម្បីគាំទ្រ​ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម។ក្នុងព្រឹត្តិបត្រនៃវឌ្ឍនភាពនៃការធានាឥណទាន​ សម្រាប់ការផ្តល់កម្ចីជាប្រាក់រៀល ទំហំឥណទាន​ដែល​មានការធានា មានចំនួនប្រមាណជាង ៥១ ប៊ីលានរៀល ​ចំណែកការកម្ចីជាប្រាក់ដុល្លារ មាន​ទំហំឥណទានដែលមានការធានា ក្នុងទឹកប្រាក់ប្រមាណជាង ​១០១ លានដុល្លារអាមេរិក។ជុំវិញការផ្តល់ឥណទាននេះ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ឥណទានដែលគ្រប់គ្រង​អាជីវកម្ម​ដោយស្រ្តី មានចំនួន ៤៩៧ មូលដ្ឋាន នៅលើក្រុមហ៊ុនអាជីវកម្មសរុប ១ ២៧៥ ក្រុមហ៊ុន។ក្នុងនោះបានផ្តល់ដល់សហគ្រាសខ្នាតធំ ​មានចំនួន ១០២ មូលដ្ឋាន​ និងការផ្តល់ទៅដល់​សហគ្រាស​ខ្នាតមីក្រូ តូច និងមធ្យម មានចំនួន ១ ១៧៣ មូលដ្ឋាន។សូមបញ្ជាក់ថា ទាក់ទិនការផ្តល់កម្ចីឥណទាននេះ សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ចេញ​គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានទំហំទឹកប្រាក់ ២០០ ​លានដុល្លារអាមេរិក កាលពីខែ មីនា ឆ្នាំ ២០២១, សាជីវកម្មធានាឥណទានកម្ពុជា មានគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃ​សេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។កាលពេលថ្មីៗកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏បានសម្ពោធដាក់ឱ្យដំណើរការ​ជា​ផ្លូវការនូវ គម្រោងធានាឥណទានជាកញ្ចប់ជំហានបន្ត ​ដើម្បីជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ​ដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន OCIC និងក្រុមហ៊ុន Big C ព្រមព្រៀងគ្នា​សាងសង់ផ្សារទំនើប​ខ្នាតយក្ស​នៅ​ទីក្រុងរណប​ជ្រោយចង្វារ

2023/04/23 09:48:19 am        718
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសានេះ លោកស្រី Carolyne Pung អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សម្ព័ន្ធ​កាណា​ឌីយ៉ា ចុះហត្ថលេខាលើអនុសារណៈព្រមគ្នាជាមួយ លោក Gary Hardy ប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​ក្រុមហ៊ុនផ្សារទំនើប BIG C ដើម្បីសាងសង់ផ្សារទំនើបខ្នាតយក្ស BIG C លើ​ទំហំ​ដី​ ២.៧ហិចតា ជិតរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ។បើតាមលោកស្រី លឹម លីជិន នាយិការប្រចាំក្រុមហ៊ុន វិនិយោគអាណិកជនកម្ពុជា OCIC បាន​ឲ្យ​ដឹង​ថា គម្រោង សាងសង់ផ្សារទំនើបខ្នាតយក្ស BIG C របស់ក្រុមហ៊ុន OCIC និង ក្រុមហ៊ុនផ្សារ​ទំនើប​លក់​រាយ​ខ្នាត​យក្សរបស់ប្រទេសថៃ គឺមានគោលដៅសំខាន់បង្កើតភាពរីករាយ ដល់​ពលរដ្ឋ​ទូទៅ ទេសចរជាតិអន្តរជាតិដើរទស្សនាកម្សាន្ត និងផ្តល់ជម្រើសលើមុខទំនិញគ្រប់ប្រភេទ ទាំង​ផ្នែក​អាហារ​គ្រប់​ប្រភេទ ផ្នែកសំលៀកបំពាក់ និងបរិក្ខាបច្ចេកវិទ្យាទំនើបនានាទៀត ដែល​ជា​ផលិត​ផល​នាំ​ចូល​ពី​ក្រៅ​ប្រទេសថៃ ប្រទេសណាទៀត មានគុណភាពកំរិតខ្ពស់ ព្រមទាំង​បង្កើត​ឱកាស​ការងារ​ជាច្រើនទៀតផងដែរ។ លោកស្រី លឹម លីជិន បានថ្លែងថា គម្រោងសាងសង់ផ្សារទំនើបBIG C ធំជាងគេនៅកម្ពុជា ក៏នឹង​ក្លាយ​ជា​តំបន់បណ្តុំអាជីវកម្មកណ្តាលរាជធានីភ្នំពេញថ្មីមួយទៀតដែរ ។លោក Gary Hardy ថ្លែងថា នៅឆ្នាំ២០១៩ក្រុមហ៊ុនផ្សារទំនើប BIG C បានបង្កើត​ផ្សារ​ទំនើប​ខ្នាត​ធំដំបូង​គេមួយ នៅក្រុងប៉ោយប៉ែត ហើយ​បាន​ពង្រីក​ការ​សាងសង់​ផ្សារ​ទំនើប​ខ្នាត​តូច​មាន​ឈ្មោះ BIG C Mini ចំនួន២០កន្លែងទៀត នៅរាជធានីភ្នំពេញ និងខេត្តកំពត។លោក បន្តថា នៅក្នុងគម្រោងសាងសង់BIG C ជាមួយក្រុមហ៊ុនOCIC គឺជាជំហាន​ការ​ពង្រីកខ្លួន​ដ៏​ធំ​មួយ​ទៀត រយៈពេល៥ឆ្នាំទៅមុខទៀត ដើម្បីអភិវឌ្ឍប្រភេទទំនើប គ្រប់​ទំហំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។សូមបញ្ជាក់ថា ផ្សារទំនើបBIG C ជាផ្នែកមួយក្រុមហ៊ុន Berli Jucker Public ធំជាង​គេ​នៅ​ប្រទេសថៃ ។ បច្ចប្បន្ន ផ្សារទំនើបBIG C បាននិង​កំពុង​ដំណើរ​ការ​ផ្សារ​លក់​រាយ​ចំនួន ១៨១០​កន្លែង​នៅ​ប្រទេសថៃ ក្នុងនោះមានប្រភេទផ្សារទំនើបខ្នាតយក្ស BIG C ចំនួន ១៥៤ផ្សារ ក្រៅ​ពី​នេះ​ជា​ផ្សារ BIC C Mini។ដោយឡែក ក្រុមហ៊ុនOCIC ជាក្រុមហ៊ុនវិនិយោគច្រើនជាងគេនៅកម្ពុជា មានដូចជា វិនិយោគលើ​វិស័យ​អចលទ្រព្យ អប់រំ សុខាភិបាល អាកាសយានដ្ឋានអន្តរជាតតេជោ វិស័យសំណង់ ប្រព័ន្ធ​ផ្សព្វផ្សាយ និងកម្សាន្តផ្សេងៗ៕ អត្ថបទ៖ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នេប៉ាលផ្តល់ការឡើងកំពូលភ្នំចំនួន ៩៧ដោយឥតគិតថ្លៃ ពេលដែលវិស័យទេសចរណ៍ហក់ឡើងខ្ពស់នៅភ្នំ Everest
08/12/2025 08:08 PM
រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តថ្នាក់ដឹកនាំទាំងអស់ មានភាពក្លាហានក្នុងការស្វែងយល់ពីស្ថានភាពជុំវិញខ្លួន និងហ៊ានដាក់ចេញសកម្មភាព ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ប្រកបដោយនវានុវត្តន៍
08/12/2025 08:08 PM
និស្សិតនៅតំបន់ហ្កាហ្សាអះអាងថា សង្រ្គាមរបស់អ៊ីស្រាអែលបានប្លន់ការសិក្សារបស់ពួកគេ
08/12/2025 08:08 PM
ក្រុមស្ម័គ្រចិត្តអ៊ីរ៉ាក់នៅទីក្រុងបាកដាដ ចែកចាយដើមឈើដោយឥតគិតថ្លៃដើម្បីប្រយុទ្ធប្រឆាំងនឹងវាលរហោដ្ឋាន
08/12/2025 08:08 PM
ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកនៅសាកលវិទ្យា Emory បង្កើតឧបករណ៍ជីវសាស្រ្ត ដើម្បីការពារកសិករពីរលកកម្តៅ
08/12/2025 08:08 PM
មន្រ្តីរដ្ឋាភិបាល៖ ក្រុមសកម្មប្រយុទ្ធបានសម្លាប់ទាហានប៉ាគីស្ថាន ៩នាក់ នៅខេត្ត Balochistan
08/12/2025 08:08 PM
អ៊ីរ៉ង់៖ ជនសង្ស័យ ២១.០០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងសង្គ្រាម ១២ថ្ងៃជាមួយអ៊ីស្រាអែល
08/12/2025 08:08 PM
ហ៊្សកដានីធ្វើជាម្ចាស់កិច្ចប្រជុំដើម្បីពិភាក្សាលើការកសាងប្រទេសស៊ីរីឡើងវិញ
08/12/2025 08:08 PM
ទាហានគ្រវីទង់ជាតិរុស្ស៊ីនៅភូមិអ៊ុយក្រែនដែលពួកគេអះអាងថាដណ្តើមកាន់កាប់បាន
08/12/2025 08:08 PM
ក្រុមឃ្លាំមើលសមុទ្រអាល្លឺម៉ង់សង្រ្គោះជនអន្តោប្រវេសន៍ ៧៣នាក់នៅជិតតំបន់ឆ្នេរប្រទេសលីប៊ី
08/12/2025 08:08 PM