ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

ខេត្តកំពតនាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិនជាង២០០០តោន ក្នុងមួយខែ

2023/02/16 04:24:57 pm        773
ភ្នំពេញ៖ ខេត្តកំពតក្នុងពេលបច្ចុប្បន្ននេះ គឺមានលទ្ធភាពនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន ប្រមាណជាង ២០០០តោន ក្នុងមួយខែ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់ខេត្ត។ ខេត្តកំពត ក្រៅពីមានភាពល្បីល្បាញ ​លើដំណាំម្រេច និងទុរេន ​បច្ចុប្បន្ននេះ ខេត្តកំពត ក៏មានដំណាំចេកអំបូងលឿងមួយមុខទៀតកំពុងមានសក្ដានុពលជាខ្លាំងផងដែរ។ ជាក់ស្ដែងខេត្តកំពត ​មានលទ្ធភាពនាំចេញចេកអំបូងលឿងចន្លោះពី ​២៣០០តោន ទៅ២៥០០តោន ក្នុងមួយខែ ទៅកាន់ប្រទេសចិន។ នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ឯកឧត្តម បញ្ជាក់ថា ការវិនិយោគលើដំណាំចេកអំបូងលឿងនេះ គឺជាការវិនិយោគលើទីតាំង​ដែល​ជាអតីតសមរភូមិ។ ឯកឧត្តមថា នេះជាការកែប្រែដ៏ប្រសើរ ប្រែពីតំបន់ធ្លាប់ជាសមរភូមិ មកជាទីតាំងដាំដុះ ​និងជាកន្លែងទេសចរណ៍ផងដែរនោះ។ ក្នុងនាមជារដ្ឋបាលខេត្ត ឯកឧត្តមក៏គាំទ្រ ដល់គម្រោងពង្រីកផ្ទៃដីដាំចេកអំបូងលឿង​ដែលកំពុង​មានសក្ដានុពលផងដែរ។ ចំណុចសំខាន់មួយទៀត​ ដំណាំចេកអំបូងលឿងនាពេលនេះ គឺជា​ការផ្ដល់ការងារជូនប្រជាពលរដ្ឋរហូតដល់ជាង ២០០០នាក់។ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដែរថា ចេកអំបូងលឿងនៅខេត្តកំពត ក្រៅពីនាំចេញ​ទៅប្រទេសចិន ចេកអំបូងលឿងនេះ ​ក៏បានផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ។ ពិសេសគឺផ្គត់ផ្គង់ទៅតាម​ ភោជនីយដ្ឋានជាច្រើនដែលមានវត្តមានក្នុងខេត្តកំពតផ្ទាល់តែម្ដង។ការដាំចេកអំបូងលឿងនៅខេត្តកំពត ​គិតត្រឹមពេលបច្ចុប្បន្ន គឺក្រុមហ៊ុនចំនួនពីរ ​កំពុងដាំដុះលើផ្ទៃដី ១០៦៣ហិកតា ​ហើយអាចប្រមូលផលបានលើផ្ទៃដី ​៦៦១ហិកតា។នេះជាការបញ្ជាក់បន្ថែម​របស់លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពត។ លោកលម្អិតថា សម្រាប់ដំណាំចេកអំបូងលឿងដែលកំពុងប្រមូលផលនេះ គឺមានលទ្ធភាព​ប្រមូល​ផល​បានប្រមាណ ៤៣តោនក្នុងមួយហិកតា។ចំពោះដំណាំទុរេន​ ជាដំណាំមានភាពល្បីល្បាញ​ជាយូរមកហើយសម្រាប់​ខេត្តកំពតវិញ បច្ចុប្បន្ននេះ​គឺមានការដាំដុះលើផ្ទៃដីប្រមាណ ​១៧០០ហិកតា ដោយក្នុងនោះ​អាចប្រមូលផលបាន​លើផ្ទៃដី​ប្រមាណជាង ១២០០ហិកតា។ ​លទ្ធភាពប្រមូលវិញ​ គឺអាចទទួលបានក្នុងរង្វង់ ​១៥តោន ក្នុង​មួយហិកតា៕អត្ថបទ៖ គឹមហុក

កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងបន្តកើនឡើងដល់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣នេះ

2023/02/16 10:19:42 am        523
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា ជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការបើកដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ពេញលេញបានឆាប់ និងការកាត់បន្ថយផលប៉ះពាល់ពី​សង្រ្គាម​រវាង រុស្ស៊ី និង អ៊ុយក្រែន តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាល, សេដ្ឋកិច្ច និង សង្គម បានគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា, បានជួយសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងឆាប់ ចេញពីកំណើនអវិជ្ជមានក្នុងឆ្នាំ ២០២០ ទៅកំណើនវិជ្ជមានប្រមាណ ៣% ក្នុងឆ្នាំ ២០២១, និង បន្តកើនឡើងដល់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២២ ព្រមទាំងត្រូវបានព្យាករថានឹងបន្ត កើនឡើងដល់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣ នេះ ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ក្នុងឱកាសនោះដែរឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តខិតខំដោះស្រាយបញ្ហាប្រឈម និង ពន្លឿនការងារមួយចំនួនទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ឱ្យបានចប់សព្វគ្រប់ និង ទាន់ពេល ដើម្បីចូលរួមចំណែកក្នុង​ការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ឱ្យបានកាន់តែមានប្រសិទ្ធភាព ។ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានជំរុញដល់ក្រសួងសាធារណការ និងដឹកជញ្ជូន យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវ​បានចុះហត្ថលេខាជាផ្លូវការរួចហើយ លើកម្ចីសម្បទានជាមួយភាគីមិត្ត។ ជាពិសេស គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីឱ្យគម្រោងដ៏មានសារៈសំខាន់នេះ អាចចាប់ ផ្តើមដំណើរការ បានដោយរលូនតាមការគ្រោងទុក ដែលនឹងមិនត្រឹមតែជួយលើកសម្រស់ និង ទាក់ទាញភ្ញៀវ​ទេសចរ​នៅ​ក្នុងរាជធានីភ្នំពេញរបស់យើងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងនឹងក្លាយជានិមិត្តរូបដ៏លេចធ្លោ​មួយ (Landmark) របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ក្រសួងសេដ្ឋកិច្ច កំណត់ទិសដៅ នៃការចូលរួមវិភាគទាន ធ្វើឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល

2023/02/15 01:37:44 pm        331
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ក្នុងចក្ខុវិស័យ នៅឆ្នាំ ២០៣០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​នឹងងក្លាយជាស្ថាប័ននៃឧត្តមភាព​ ប្រកបដោយសមត្ថភាព ​និងគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីបំពេញ​បេសកកម្មស្នូល និងពាក់ព័ន្ធ​ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យ​រាជរដ្ឋាភិបាល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកការផ្សព្វផ្សាយ ចក្ខុវិស័យឆ្នាំ ២០៣០ របស់ក្រសួង ​ដែលមានគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។ ជាក់ស្តែងក្នុងរយៈពេលជិត ៣ ទសវត្សរ៍, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​សម្រេចសមិទ្ឋផលជាច្រើន ដែលបានរួមចំណែកនាំ​ឱ្យកម្ពុជា អភិវឌ្ឍន៍​ប្រកបដោយឯករាជ្យ និងអធិបតេយ្យ។ ក្នុងន័យនេះ ការបន្តកសាង និងពង្រឹងសមត្ថភាព និងអភិបាលកិច្ចស្ថាប័នរដ្ឋរួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង ​ពិតជាមានសារៈសំខាន់ និងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធានាការ​អនុវត្តមុខងារ​ និងភារកិច្ចរបស់ក្រសួងប្រកបដោយប្រសិទ្ធភាពខ្ពស់ផង និងចូលរួមចំណែកជំរុញ​ឱ្យ​កម្ពុជាកាន់តែរឹងមាំ និងមានជវភាព ។ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានសម្រេចរៀបចំ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ ២០៣០” ។ទាក់ទងកម្មវត្ថុសំខាន់នៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០ គឺកសាងស្ថាប័ន ឱ្យមានសមត្ថភាព ​និងគុណវុឌ្ឈគ្រប់គ្រាន់ ​សម្រាប់អនុវត្តបេសកកម្មរបស់ក្រសួង ផ្សារភ្ជាប់ជាមួយ​គោល​ដៅធំៗដែលមានកំណត់ក្នុងគោលនយោបាយ និងយុទ្ធសាស្ដ្រនានារបស់រាជរដ្ឋាភិបាល​ពាក់ព័ន្ធ ​នឹងសមត្ថកិច្ចរបស់ក្រសួង, ក្នុងគោលបំណងចូលរួមគាំទ្រឱ្យរាជរដ្ឋាភិបាល សម្រេច​គោលដៅយុទ្ឋសាស្រ្តជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ក្នុងន័យនេះចក្ខុវិស័យក្រសួង ត្រូវបានកំណត់ថា «នៅឆ្នាំ២០៣០ ​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ជា​ស្ថាប័ននៃឧត្តមភាព​ ប្រកបដោយសមត្ថភាព ​និងគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល​និងពាក់ព័ន្ឋ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល››។ នៅក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបំពេញ​បេសកកម្ម​រួម​មាន៖ កសាងមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ​កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ដឹកនាំ​ និងសម្របសម្រួលការកសាងប្រព័ន្ធគាំពារសង្គម, និង​ចូលរួមដឹកនាំ សម្របសម្រួលបរិវត្តកម្មឌីជីថល​ និងកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា៕អត្ថបទ៖ ស៊ុន រ៉ាឌី

ពាណិជ្ជកម្មកម្ពុជា និងឡាវកើនពី ១៦០ លានក្នុងឆ្នាំ២០២១ ទៅ២១០លានដុល្លារនៅឆ្នាំ២០២២

2023/02/14 03:13:07 pm        436
ភ្នំពេញ៖ កំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឡាវដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ទៅ២១០ លានដុល្លារអាម៉េរិក នៅឆ្នាំ២០២២ ខណៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកទឹកចិត្តឱ្យភាគីទាំងពីរពន្លឿន​ការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍​ផ្គូផ្គង​ដៃគូ​ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលាជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ដីពីលទ្ធផលនៃដំណើរ​ទស្សនកិច្ច​ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទីក្រុងវៀងច័ន្ទន៍ ថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា តាមយរៈដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ និង​ឯកឧត្តម សនសៃ ស៊ីផាន់ដន បានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីស្ថានភាពនៃទំនាក់ទំនង​ទ្វេភាគី និង​ទិសដៅអនាគតដើម្បីបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណី ​ទំនាក់ទំនងដ៏​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន៖ ​នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ​ពាណិជ្ជកម្ម និងវិនិយោគ ​ការតភ្ជាប់ផ្លូវអាកាស ​ទេសចរណ៍ ថាមពល និងការអប់រំ។សេចក្ដីប្រកាស បញ្ជាក់ថា កំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឡាវដែលមានសន្ទុះជាវិជ្ជមាន​កើនឡើងពី ១៦០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ទៅ ២១០​ លានដុល្លារអាម៉េរិក នៅឆ្នាំ២០២២។ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យភាគីទាំងពីរពន្លឿន​ការចរចា​លើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍​ផ្គូផ្គងដៃគូពាណិជ្ជកម្ម ​ការតាំងពិព័រណ៍​ និងសិក្ខាសាលា ដើម្បី ផ្តល់ឱកាសកាន់តែច្រើន​សម្រាប់​ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ និង​សកម្មភាពសេដ្ឋកិច្ចនានារវាងប្រទេសទាំងពីរ៕ អត្ថបទ៖ វ៉ន ដារ៉ា

កម្ពុជារក្សាកំណើននាំចេញខ្ពស់​ បើទោះបីបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP

2023/02/10 11:19:13 am        426
ភ្នំពេញ៖ ការនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក ​នៅតែបន្តកើនឡើង បើទោះបីជាកម្ពុជា បានបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA និងប្រព័ន្ធអនុគ្រោះពន្ធ GSP​នៅសហរដ្ឋអាមេរិក។​ ក្រសួងពាណិជ្ជកម្ម អះអាងថា ​ការកើនឡើងទំហំនៃការនាំចេញទៅទីផ្សារធំៗទាំងពីរនេះ ​ឆ្លុះបញ្ចាំង​ពី​តម្រូវការផលិតផលផលិតនៅប្រទេសកម្ពុជា។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍​នៅថ្ងៃទី១០ ​ខែកុម្ភៈនេះថា ​ការបាត់បង់ការអនុគ្រោះពន្ធពីប្រព័ន្ធ​អនុគ្រោះពន្ធទាំងពីរនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជា​ទៅទីផ្សារសហរដ្ឋអាមេរិក និង​បណ្តា​ប្រទេសនៅសហភាពអឺរ៉ុបឡើយ ។ ​ជាក់ស្តែង ការនាំចេញទំនិញទៅទីផ្សារសហរដ្ឋអាមេរិក សម្រេចបានជិត ៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ តំណាងប្រមាញជាង៤០%នៃទីផ្សារនាំចេញ​សរុប​របស់កម្ពុជា មានកំណើន ១៩% បើធៀបនឹងឆ្នាំ២០២១ ។ដោយឡែក កម្ពុជាបានសម្រេចការនាំចេញទៅកាន់សហភាពអឺរ៉ុប ​មាន​ទឹកប្រាក់​ជាង ​៤​ ពាន់​លាន​ដុល្លារ រួមចំណែកប្រមាណ១៨ភាគរយ ​នៃទីផ្សារនាំចេញសរុបរបស់កម្ពុជា ​កាលពីឆ្នាំមុន។រដ្ឋលេខាក្រសួងពាណិជ្ជកម្ម លើកឡើងថា ​ទោះបីបាត់២០ភាគរយនៃ EBA សហភាពអឺរ៉ុប នៅបន្តនាំចូល​សំលៀកបំពាក់ កង់​ អង្ករ ស្បែកជើង​ សំភារៈធ្វើដំណើរ និងទំនិញផ្សេងៗ​ទៀតជាច្រើន មានការកើនឡើងគួរឱ្យកត់សំគាល់។គួររំលឹកថា គណៈកម្មការអឺរ៉ុបបានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា កាល​ពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ ដោយឡែកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក​បាន​ផុត​សុពលកាលពីដំណាច់ឆ្នាំ២០២០​ សម្រាប់ផ្តល់ឱ្យប្រទេស​អភិវឌ្ឍន៍​តិចតួច រួមមានកម្ពុជា​ផងដែរ។ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បានលើកឡើង​កាលពីសប្តាហ៍កន្លងទៅ​ក្នុង​កិច្ចប្រជុំបូកសរុបការងារក្រសួង​ ថាការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក ​ការពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ ​ការបង្ក​លក្ខណៈ​ងាយស្រួល​ និង​ការ​បង្កើត​បរិយាកាស​អំណោ​យ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​វិនិយោគ ​បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​​ ២០២២ មាន​ប្រមាណ ៥២,៤២​ ពាន់​លាន​ដុល្លារ កើន ៩,១​ ភាគរយ​ បើ​ធៀប​ទិន្នន័យ​ឆ្នាំ​ ២០២១​។ ឯកឧត្តម រដ្ឋមន្ត្រី លើកឡើងថា ក្រសួងពាណិជ្ជកម្ម បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅក្នុង​ការជំរុញ​កំណើន​វិស័យ​ពាណិជ្ជកម្ម ​ដោយបាន​កែប្រែ​បញ្ហា​ប្រឈម​ទៅជា​ឱកាស ​តាមរយៈ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក ​ការកាត់បន្ថយ​ចំណាយ និង​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។ ​ជាមួយគ្នានេះ​ក្រសួង​ក៏​បង្ក​លក្ខណៈ​ងាយស្រួល និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការធ្វើ​ធុរកិច្ច ​និង​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​​៕ ​អត្ថបទ៖ វណ្ណៈ 

កម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ លើឧស្សាហកម្មកែច្នែកសិកម្ម ដើម្បីធានាការផ្គត់ផ្គង់ និងការនាំចេញ

2023/02/10 11:05:12 am        402
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្តខ្ពស់ លើឧស្សាហកម្មកែច្នែវិស័យកសិកម្ម និងកំពុងស្រូបលើការធ្វើធុរកិច្ចលើវិស័យនេះ ដើម្បីបង្កើននូវតម្លៃបន្ថែម ជាពិសេសការធានា​ដល់ការ​ផ្គត់ផ្គង់​ក្នុងស្រុក​ និងការបម្រើទីផ្សារនាំចេញ ។ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធីគ្រុប លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការកែច្នៃ និងការវេចខ្ចប់ និងការនាំចេញផលិតផល​កសិផលកសិកម្មថា ជុំវិញការផ្គត់ផ្គង់ចំណីអាហារលើពិភពលោក មិនទាន់មាននិរន្តរភាពក្នុងការ​ចែកចាយ​នៅឡើយបច្ចុប្បន្នប្រទេសនីមួយៗ បានកំពុងខិតខំប្រឹងប្រែងនូវគ្រប់មធ្យោបាយ ដើម្បី​រក្សានិរន្តរភាពការ​ផ្គត់ផ្គង់​ក្នុងប្រទេសរបស់ខ្លួន​ រួមទាំង​ស្ថិរភាពនៃការផលិត ការគិតគូតលើកបញ្ហា​គុណភាព និងតម្លៃសមស្របនៅតាមទីផ្សារ។ទាក់ទងវិស័យកសិកម្មនេះ ឯកឧត្តម រំពឹងថា សម្រាប់កម្ពុជា​ ការអភិវឌ្ឍ​វិស័យកសិកម្មនឹងមាន​កំណើន​កើនឡើង​ ប៉ុន្តែបច្ចុប្បន្នវិស័យម្ហូបអាហារនៅកម្ពុជា​មានតម្លៃខ្ពស់នៅឡើយ ​ដែលបញ្ហានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ​ដើម្បីជំរុញការផលិតក្នុងស្រុកឲ្យមានតម្លៃថោក ជាពិសេស​ការផ្តល់ការលើកទឹកចិត្តខ្ពស់ ​លើឧស្សាហកម្មកែច្នែវិស័យកសិកម្ម ស្របពេលកម្ពុជា​កំពុងស្រូប​ការធ្វើធុរកិច្ចលើវិស័យនេះ ដើម្បីបង្កើននូវតម្លៃបន្ថែម ជាពិសេសការធានាដល់ការ​ផ្គត់ផ្គង់​ក្នុងស្រុក និងការបម្រើទីផ្សារនាំចេញ ។ជុំវិញវិស័យកសិកម្មនេះដែរថ្មីៗនេះ, ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជាថា វិស័យកសិកម្មគឺជាវិស័យស្នូលមួយរបស់រាជរដ្ឋាភិបាល បច្ចុប្បន្នទោះបី​កសិកម្ម​ផ្តល់​នូវតម្លៃបន្ថែមទាប តែវិស័យនេះបានគាំទ្រដល់ការ​ផ្គត់ផ្គង់​សកម្មភាពក្នុងស្រុក ជាក់ស្តែង​នៅក្នុងវិបត្តិនៃការរីករាលដាល់ជំងឺកូវីដ​១៩ ​ជាដើម, ដូច្នេះជុំវិញការអភិវឌ្ឍ​វិស័យនេះ ទោះជា​ប្រទេសមានការអភវិឌ្ឍ​យ៉ាងណាក៏ដោយ​ ក៏មិនបង់បោះ ​ឬការទម្លាក់ដៃចោលឡើយ ដូចបាន​សង្កេតឃើញស្រាប់ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ផលិតដើម្បីការផ្គត់ផ្គង់​ក្នុងស្រុក និងដើម្បីនាំចេញ។សូមបញ្ជាក់ថា វិស័យកសិកម្មត្រូវបានរំពឹងថា ​នៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១% ក្នុង​ឆ្នាំ២០២៣ និង ០,៧% ក្នុងឆ្នាំ២០២២ ​ដោយ​សារការរំពឹងទុក​លើការបន្តរក្សាកំណើនល្អប្រសើរ​នៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទត្រូវ​បានរំពឹងថា​នឹងងើប​ឡើងវិញ ក្នុងនោះ អនុវិស័យដំណាំ ត្រូវបានរំពឹងថា នឹងបន្តកើនឡើង ដោយសារការរំពឹងទុក​កំណើន​ល្អ​ប្រសើរនៃការនាំចេញផលិតផលកសិកម្ម ​ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្ម​ដែល​នឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគរបស់​រាជរដ្ឋាភិបាល​ ជាពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី 

បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសចំនួន ៣៨៣ កន្លែង មានកម្មករសរុបជាង ១៥ ម៉ឺននាក់

2023/02/09 02:34:00 pm        473
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ន ទូទាំងខេត្តកំពង់ស្ពឺ​មានរោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន ៣៨៣ កន្លែង ក្នុងនោះមានកម្មករ ​និយោជិតសរុបចំនួន ១៥៥,៧៦១ នាក់ ស្រី ១១៥.៥២២នាក់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» ​រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ​នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន ៣៨៣ ​កន្លែង ក្នុងនោះ វិស័យ​វាយនភណ្ឌកាត់ដេរ​សំលៀកបំពាក់ និងស្បែកជើងចំនួន ១៨៩ កន្លែង មានកម្មករ​និយោជិតសរុប ១៤៥.៣៩៩ នាក់ ស្រី ១១០.៨៤៣ នាក់។ ជាមួយគ្នានេះ ​ក៏មានរោងចក្រធុនធំចំនួន ២២៩ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ស្រី ១០២,៨៨៥នាក់ ​ដោយប្រើប្រាស់ទុនវិនិយោគសរុប​ ១.៧១៤.៨៣៦.០០០ ដុល្លាសហរដ្ឋអាមេរិកផងដែរ។ បើតាមឯកឧត្ដមអភិបាលខេត្ត ចំពោះរោងចក្រធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួន ១,១៣០ មូលដ្ឋាន ដោយមានទុនវិនិយោគចំនួន ២៦.៤៤៩.៩១០ ដុល្លារ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤.៦២០ នាក់ ស្រីចំនួន ៧.៧០០នាក់៕អត្ថបទ៖ វ៉ន ដារ៉ា

សហព័ន្ធស្រូវអង្ករកម្ពុជា កំណត់គោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំនេះ

2023/02/08 01:51:29 pm        299
ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា សម្រាប់អាណត្តិទី៤នេះ បានកំណត់យក​គោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣​ និងឈានដល់ ១លានតោនក្នុងឆ្នាំ២០២៥ ខណៈសហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ច និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការបើកច្រកទីផ្សារថ្មីៗដើម្បីជំរុញដល់ការនាំចេញ។ក្នុងជំនួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់អាណិត្តថ្មី ជូនឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៣នេះ ​នៅទីស្តីការក្រសួង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហព័ន្ធមានផែនការ​បន្ត​សហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣នេះតទៅ ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែ​ទូលំទូលាយ ​ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ។ល។ ព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាកសមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK”។ជាមួយការលើកឡើងខាងលើនេះឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា វិស័យ​ស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយ​ដែលរាជរដ្ឋាភិបាល ​ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់ជាអាទិភាពបំផុត ​ហើយសម្តេច​តែងតែ​យកវិស័យនេះ​ ជាប្រធានបទ និង​ជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។ ឯកឧត្តម បន្តទៀតថា ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ​ក្រសួងបាននិងកំពុងខិតខំបើកច្រក​ទីផ្សារស្រូវអង្ករ ​និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការ​បញ្ចូល​ទំនិញទាំងនេះ ​ទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ព្រមទាំង​កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ​ប្រទេសនានា ​ដូចជាការចុះអនុស្សរណៈយោគយល់ ​ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត ហ្វីលីពីន បង់ក្លាដេស ។ល។កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ​បានចំនួន ៦៣ម៉ឺន តោន និងនាំចេញស្រូវ​បានចំនួន ៣,៤ លានតោនក្នុងឆ្នាំ២០២២កន្លងទៅ ដែលគិតជាទឹកប្រាក់​ប៉ាន់ស្មាន​បានចំនួនជាង១ ២៥៥​ លាន​ដុល្លារសហរដ្ឋអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី

IFAD នឹងផ្តល់ហិរញ្ញប្បទាន ១៩៤ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

2023/02/08 01:43:35 pm        320
ភ្នំពេញ៖ កម្ពុជា នឹងចុះហត្ថលេខាជាមួយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ១៩៤ លានដុល្លារ ​ដើម្បីគាំទ្រសេដ្ឋកិច្ចជនបទ និង​ពាណិជ្ជកម្មផលិតផលកសិកម្ម ​ជាពិសេសការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកប​ដោយបរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាល បម្រុងរបស់កម្ពុជា ប្រចាំមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា ទេសាភិបាល​លើកទី ៤៦ របស់ IFAD ប្រចាំឆ្នាំ ២០២៣ នៅទីក្រុងរ៉ូម​ ប្រទេសអ៊ីតាលី និង​គ្រោងចុះហត្ថលេខា ជាមួយឯកឧត្តម Alvaro Lario ប្រធាន IFAD លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន​សហប្រតិបត្តិការ​ សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ ​និងពាណិជ្ជកម្ម ​ផលិតផលកសិកម្ម ដែល​មានទឹកប្រាក់សរុបចំនួន ១៩៤ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពី IFAD មានចំនួន ៤៧,៩ លានដុល្លារអាមេរិក។នៅក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម កម្ពុជាមានគោលបំណង​ចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាមរយៈការលើកកម្ពស់ភាពធន់ទៅ​នឹងអាកាសធាតុ ​និងការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ន​និង​ចីរភាពបរិស្ថាន ​លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ ដោយកម្មវិធីនេះ មានវិសាលភាពគ្រប​ដណ្ដប់​ទូទាំងប្រទេស ​ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោលដៅចំនួន ៦រួមមាន៖ បន្លែ, មាន់, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ផ្លែឈើស្រស់ និងផ្លែឈើដែលបានកែច្នៃរួច៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនជប៉ុន គ្រោងពង្រីការវិនិយោគ លើដំណាំស្វាយចន្ទី នៅខេត្តបាត់ដំបង

2023/02/08 11:53:10 am        327
បាត់ដំបង៖ ក្រុមហ៊ុន Top Planning Japan Co.,LTD នៃប្រទេសជប៉ុន គ្រោងនឹងពង្រីការវិនិយោគលើដំណាំស្វាយចន្ទី នៅតំបន់អតីតដីចម្ការមីន ក្នុងខេត្តបាត់ដំបង និងនាំយកទៅលក់នៅទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជា​ប្រេងឥន្ធនៈ ។ក្នុងជំនួបជាមួយឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Tetsuo MURAYAMA អគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD លើកឡើងថា បច្ចុប្បន្ននៅកម្ពុជា ដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងមួយឆ្នាំអាចទទួល​ផល​បានជាង ១លានតោន ដែលចាត់ថាជាប្រទេសដាំបានច្រើនមួយផងដែរក្នុងពិភពលោក ដោយលក់​ក្នុង​តម្លៃស្រស់បានប្រមាណ ១ពាន់លានដុល្លារ ហើយក្រុមហ៊ុនរបស់លោក គ្រោងនឹងកែច្នៃអាច​លក់បានរហូតដល់ ៣ពាន់លានដុល្លារ ។លោកបានបន្តថា Top Planning Japan Co.,LTD ក៏ចង់ពង្រីកការវិនិយោគបន្ថែមផងដែរ នៅក្នុងខេត្តបាត់ដំបង ដែលជាទីតាំងត្រូវបានបោសសំអាតមីនរួចរាល់ ដោយមានទាំងការកែច្នៃ​ផ្លែស្វាយចន្ទីនាំចេញ និងចម្រាញ់ធ្វើជា​ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ផងដែរ ដោយការវិយោគនេះ នឹងជួយធ្វើឲ្យស្វាយចន្ទីរនៅកម្ពុជា កាន់តែមានតម្លៃ ជួយធ្វើឲ្យសេដ្ឋកិច្ចរបស់កសិករ កាន់តែល្អប្រសើរឡើង ។ក្នុងជំនួបនេះ លោក MURAYAMA បានស្នើដល់ស៊ីម៉ាក់ជួយគាំទ្រ និងសហការលើការងារបោស​សំអាតមីន ដើម្បីឲ្យគម្រោងនេះ អាចអនុវត្តទៅបាន ខណៈភាគីក្រុមហ៊ុន ក៏មានដៃគូក្រុមហ៊ុន ដែលមានឧបករណ៍បោសសំអាតមីនទំនើបៗ សម្រាប់បោសសំអាតមីនចូលរួមលើការ​អនុវត្តនូវគម្រោងនេះផងដែរ ។ជាការឆ្លើយតប ឯកឧត្តម ហេង រតនា បានសម្ដែងនូវការគាំទ្រពេញ​ទំហឹង នូវគម្រោងនេះ ព្រោះវានឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់កសិករកម្ពុជា ហើយរំពឹងថា ពលរដ្ឋកម្ពុជា នឹងអាច​ទទួលបានចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្ម ពីប្រទេសជប៉ុន ដែលជាអ្នកជំនាញ ។ជាមួយនេះ ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនជប៉ុន ដែលបានធ្វើការវិនិយោគជាបន្ត​បន្ទាប់ នូវគម្រោងនានា ក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាល និងពលរដ្ឋជប៉ុន តែងផ្ដល់នូវជំនួយ​ជាច្រើនដល់កម្ពុជា ដែលក្នុងនោះមានគាំទ្រលើវិស័យមីនផងដែរ ។គួរបញ្ជាក់ថា ក្រុមហ៊ុន Top Planning Japan (TPJ) នេះ មានមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង មានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ គ្រាប់ស្វាយចន្ទីកែច្នៃ ជាកសិផលនាំចេញ ដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ហើយគិត​ពីឆ្នាំ២០១៩ ដល់២០២២ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុន​ប្រមាណជាង ១៨៤តោន ក្នុងនោះឆ្នាំ២០២២ មានជាង ១២៦តោន ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ឧបត្ថម្ភកុមារា២នាក់ដែលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិ​
08/03/2025 08:08 PM
TOP STORY | សម្តេចតេជោប្រកាសមិនចូលរួមប្រជុំព្រឹទ្ធសភាថ្ងៃស្អែកទេដោយជាប់រវល់ប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងក្រោយថៃរៀបចំផែនការវាយប្រហារកម្ពុជា
08/03/2025 07:08 PM
BREAKING NEWS ÷ ក្រសួងការពារជាតិកម្ពុជា៖កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែនជាមួយកម្ពុជាឆាប់ៗនេះ
08/03/2025 07:08 PM
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តគោកត្របែក ក្នុងខេត្តកំពង់ធំ និងចែកអំណោយជូនប្រជាពលរដ្ឋ៣៤៩គ្រួសារ
08/03/2025 05:08 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយោធិន ពិសេសយោធិនពលី និងពលរដ្ឋភៀសសឹក
08/03/2025 04:08 PM
ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ច្រើនពាន់នាក់ចូលរួម ក្បួនដង្ហែទង់ជាតិខ្មែរ រួមគ្នាថែរក្សាការពារជាតិមាតុភូមិ
08/03/2025 04:08 PM
សហគមន៍ខ្មែរនៅកូរ៉េប្រមាណជិត២ពាន់នាក់ ប្រមូលផ្តុំអំណរគុណ និងគាំទ្រប្រធានាធិបតីអាមេរិកទទួលពានរង្វាន់សន្តិភាព និងអំពាវនាវឱ្យថៃយល់ព្រមទៅតុលារការអន្តរជាតិ
08/03/2025 03:08 PM
មនុស្សរាប់ម៉ឺននាក់ប្រមូលផ្ដុំគ្នាទូទាំងពិភពលោកតវ៉ាប្រឆាំងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា
08/03/2025 03:08 PM
ប្រតិភូខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគដែលទទួលបានពីសប្បជនផ្ដល់ជូនវីរកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ
08/03/2025 03:08 PM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លៀងមូសុងនៅប្រទេសឥណ្ឌា បានកើនឡើងដល់ជិត១៨០នាក់
08/03/2025 03:08 PM