សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឆ្លៀតពេលដ៏មមាញឹកជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៅសហគមន៍ស្ទឹងមានជ័យ

2024/10/17 02:35:59 pm        158
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ពិសារអាហារសាមគ្គីជាមួយ លោកតា លោក​យាយ ចាស់ជរា កុមារកំព្រា និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និង​អង្គការ​ដើម្បី​ភាពញញឹមនៃកុមារ (PSE) នាព្រឹកថ្ងៃ ព្រហ ទី ១៧ ខែតុលា ឆ្នាំ ២០២៤ នៅសាលា​មត្តេយ្យយ៉ូស ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងពិធីសំណេះ សំណាលនាព្រឹកនេះ មានការចូលរូមពីសំណាក់លោកតា លោកយាយ ដែលរស់នៅក្នុងសហគមន៍ស្ទឹងមានជ័យ រួមទាំងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) សប្រមាណជាង ១០០០ នាក់។ ក្នុងដំណើរចុះសួរសុខទុក្ខដោយឥតព្រៀងទុកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​សំណេះសំណាលជាមួយលោកតាលោកយាយ និងសិស្សានុសិស្សនៃអង្គការទាំង២ ប្រកប​ដោយភាពសប្បាយរីករាយ ព្រមទាំងបាន​សន្យា​ថា​នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ជូន​លោក​តាលោក​យាយ​ទៅកម្សាន្តនៅភ្នំគូលេន ខេត្តសៀមរាប នាខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីចប់​ព្រះរា​ជ​ពិធី​បុណ្យអុំទូក។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោក ស្កុត នីសិន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) និងលោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ នាយិកាគ្រប់គ្រងនៃអង្គការស្នាមញញឹមនៃកុមារ (PSE) ដែលកន្លងមកអង្គការទាំងពីរ បានរួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ចូលរួម​លើក​កម្ពស់​ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ និងជាពិសេសបា​ន​ផ្ដល់​ការ​អប់រំ​ដល់​កូនៗរបស់ពួកគាត់តាំងពីថ្នាក់បឋមសិស្សរហូតដល់ឧត្តមសិក្សា និងអ្នកខ្លះបាន​បន្ត​ទៅ​ក្រោយ​ឧត្តម​សិក្សា ព្រមទាំងមានសមត្ថភាព​ទទួល​បាន​អាហារូបករណ៍​ចេញ​ទៅ​សិក្សា​នៅ​ក្រៅប្រទេសថែ​ម​ទៀតផង។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសផ្ដល់​អាហារូបករណ៍​ដល់​សិស្សា​នុសិស្ស​នៃ​អង្គការទាំងពីរដើម្បីបានសិក្សានៅតាមសាកលវិទ្យាល័យនានានៅក្នុងប្រទេស និង​អាហារូបករណ៍នៅប្រទេសចិនផងដែរ។ ក្នុងឱកាសនេះដែរ លោក ស្កុត នីសុន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) បាន​បង្ហាញ​ចំណាប់​អារម្មណ៍ និងថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបាន និងបន្តជួយឧបត្ថម្ភ​គាំទ្រ​ដល់​បេសក​កម្មរ​បស់​អង្គ​ការ​មនុស្ស​ធម៌​របស់​លោក​អស់​រយៈ​ពេល​ជាង​១០ឆ្នាមកនេះ។ ក្នុងឱកាសនេះ លោក ស្តុត នីសុន ក៏បានធ្វើសេចក្ដី​រាយការណ៍​សំខាន់​ៗ​អំពី​សមិទ្ធផលជាង ២០ ឆ្នាំ របស់អង្គការនៅលើទឹកដីកម្ពុជាក្នុងសហគមន៍ស្ទឹងមានជ័យ ដោយ​បាន​ជួយ​គាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ តាមរយៈការគាំទ្រសហគមន៍ កម្ម​វិធី​ថែទាំសុខភាព និងកម្មវិធីអប់រំ។ ក្នុងនោះមានសិស្សកំពុងសិក្សាមានចំនួនប្រមាណ ១៨០០ នាក់ និង ១៨៥នាក់កំពុងសិក្សានៅសាកលវិទ្យាល័យ ១៤០នាក់ នៅទារកដ្ឋាន និង​មតេយ្យ​សិក្សា។ លោកបានគូសបញ្ជាក់ដែរថា តាមរយៈកម្មវិធីអប់រំនៅទីនេះ គឺបានជួយដ​ល់​សិស្ស​ជាង ៧០% អាចបន្តការសិក្សាពីបឋមរហូតដល់សកលវិទ្យាល័យ។ លោកតា លោកយាយ សិស្សានុសិស្សទាំងអស់ បានបង្ហាញក្ដីរំភើប និងសប្បាយ​រីករា​យ​ឥត​ឧបមា ដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានផ្ដល់​កិត្តិយស​ឆ្លៀត​ពេល​ដ៏​មមាញឹក​ពី​ការ​ងារ​ចុះ​ជួបណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគ្នា ព្រមទាំងបានថ្លែង​អំណរ​គុណ​ដល់​សម្ដេច និងលោកជំទាវ ក៏ដូចជាអង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុ​សិស្សរ​បស់​អង្គការ​ដើម្បី​ភាពញញឹមនៃកុមារ (PSE) ដែលតែងតែជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ និងការសិក្សារបស់ក្មេងៗក្នុងសហគមន៍នេះ។ ក្រោយចប់ពិធីសំណេះសំណាល សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានផ្ដល់អំណោយជូនលោកតា លោកយាយ អង្គការទាំងពីរ និង​សិស្សានុសិស្សមានទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ជាច្រើន​សម្រាប់​បំពេញ​តម្រូវ​ការ​ទទួល​ទាន​ប្រចាំថ្ងៃ៕ អត្ថបទ៖ កញ្ញា ចេន សុភានាថ

ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារកម្ពុជា

2024/10/16 05:02:26 pm        748
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែក​លក់​តំបន់​អាស៊ី-អាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ របស់ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប លោក Julien Nargeot បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍​ចំពោះ​ទីផ្សារ​អាកាសចរណ៍​នៅកម្ពុជា​។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុន​ផ្ដល់​សេវា​ហោះ​ហើរ​ឯក​ជន​ឈាន​មុខ​របស់​អាមេរិក ដោយផ្តោតលើជើងហោះហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរៈជន។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណង​ចូល​រួម​អភិវឌ្ឍ​វិស័យ​អាកាស​ចរណ៍​នៅ​កម្ពុជា ដែលនឹងរួមចំណែកក្នុងការពង្រីកការតភ្ជាប់ និងទេសចរណ៍ជា​មួ​យ​តំប​ន់​និ​ង​ពិភព​លោក។ ជាការឆ្លើយតប សម្ដេចធិបតីបានស្វា​គមន៍​ចំណាប់​អារម្មណ៍​របស់​ក្រុម​ហ៊ុន​ចំពោះ​ទីផ្សារ​នៅ​កម្ពុជា​។ សម្ដេចធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូ​ច​ជា​សន្ទុះ​នៃការ​អភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា ពិតជា​ផ្តល់​ឱកាស និងសក្ដានុពលដល់ក្រុមហ៊ុន ព្រោះទីផ្សារកម្ពុជាត្រូវបានផ្សាភ្ជាប់ជាមួយតំបន់។ បន្ថែម​លើនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និង​ដៃ​គូរ​ពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតអំពីការវិនិយោគនៅកម្ពុជាផងដែរ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង

2024/10/14 08:34:56 pm        143
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” ។  ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតី បានលើកឡើងថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព, ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក, ការចាកចេញពីភាពឯកានយោបាយ និងសេដ្ឋកិច្ច ដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពល ពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ។ ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ កម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ, តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់៤៨ពាន់លានដុល្លា ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក ដែលបានរំលេចក្នុងយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ។ សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បន្តថែរក្សាសមិទ្ធផលវិជ្ជមាននានា និងពង្រីកការធ្វើសមាហរណកម្មទៅក្នុងក្របខណ្ឌ នានា ព្រមទាំបន្តថែរក្សាគោលនយោបាយអព្យាក្រឹត ដែលផ្អែកលើគោលការណ៍ច្បាប់ ហើយកម្ពុជានឹងមិនចូលរួមជាមួយយន្តការណាដែលមានចរិតនយោបាយបង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណាឡើយ ។ ក្នុងឱកាសនោះ សម្តេចបវរធិបតី បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង ។ ទន្ទឹមនេះ គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយនៃអង្គការសហប្រជាជាតិ បានវាយតម្លៃឱ្យកម្ពុជាឆ្លងផុតនូវការត្រួតពិនិត្យ រយៈពេល ៣ ឆ្នាំម្ដងជាលើកទី២ នៃការចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ។ ជាមួយនឹងការឆ្លងផុតដំណាក់កាលពិនិត្យលើកទី ២ នេះ កម្ពុជាត្រូវបាន គណៈកម្មាធិការដដែលរបស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ ។ ពិតណាស់ថា ការចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម, ប្រព្រឹត្តកម្មពិសេស និង ដោយឡែក ដែលមានចែងក្នុងកិច្ចព្រមព្រៀង WTO ក៏ដូចជាផលវិបាកមួយចំនួនទៀត ប៉ុន្តែយើងមិនអាចនៅជាប្រទេសអ្នកក្ររហូត ដើម្បីបានការអនុគ្រោះនោះទេ ។

កម្ពុជា-លុចសំបួ បង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ

2024/10/11 04:01:07 pm        528
នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌ នៃប្រទេសលុចសំបួ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាកិច្ចចាប់ផ្ដើមសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងពីទំនាក់ទំនងការទូតកន្លងមក រវាងកម្ពុជា-លុចសំបួ ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-លុចសំបួ។ ក្នុងន័យនេះ ប្រទេសទាំងពីរ គប្បីបង្កើតយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងកំណត់អំពីវិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចបវរធិបតីអំពីបំណងរបស់លុចសំបួ ក្នុងការជ្រើសរើសប្រទេសមួយចំនួន រួមទាំងកម្ពុជា ជាប្រទេសដៃគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា វិស័យសុខាភិបាល និង វិស័យអប់រំ ជាដើម។ សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យទេសចរណ៍, វិស័យធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យាឌីជីថល និងការបោសសម្អាតមីន៕ 

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលថ្មីសម្រេចបានលទ្ធផលដ៏ល្អជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះ​ទៅមុខដោយភាពជឿជាក់

2024/10/11 03:55:51 pm        714
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ថា បច្ចុប្បន្នរាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុង​បន្តឆ្ពោះទៅមុខដោយភាពជឿជាក់។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធាន​​តំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូល​ជួបសម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ក្នុងឱកាសនោះសម្ដេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួប ឯកឧត្តម កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា ដែលបានធ្លាប់ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ហើយជាមិត្តភ័ក្តិចាស់មួយរូប។ឯកឧត្តម SHINOHARA បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ ហើយបានអបអរសាទរសម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមមានប្រសាសន៍ថា ជំនួបថ្ងៃនេះ គឺជាឱកាសសម្រាប់ឯកឧត្តម ថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងជម្រាបលាទៅកាន់ប្រទេសជប៉ុនវិញ ដោយឯកឧត្តម មានសេចក្តីរីករាយដែលបានបន្តកិច្ចការនៅប្រទេសកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅ កម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។ តាមរយៈវត្តមានរបស់ឯកឧត្តមជាច្រើនឆ្នាំនៅកម្ពុជា ឯកឧត្តមបានមើលឃើញនូវការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់កម្ពុជា ជាបន្តបន្ទាប់។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ ឯកឧត្តម នឹងរីករាយប្រាប់អំពីប្រទេសកម្ពុជា ដល់ប្រជាជនជប៉ុនដែលចាប់អារម្មណ៍ពីកម្ពុជា។ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានឆ្លងកាត់ និងជាសក្ខីភាពនៃដំណាក់កាលជាច្រើនរបស់កម្ពុជា ហើយ ឯកឧត្តម SHINOHARA គឺជាសាក្សីរស់មួយរូបសម្រាប់កម្ពុជា។សម្ដេចតេជោ បានរំលឹកពីស្ថានភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០មក និងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្ន កម្ពុជា បានដើរចម្ងាយឆ្ងាយជាងមុនច្រើន និងមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយភាពក្រីក្រ ការផ្គត់ផ្គង់ទឹកស្អាត ការកើនឡើងនៃការប្រើប្រាស់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផលកសិកម្ម ដូចជា ស្រូវ ស្វាយចន្ទី...។ល។សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តម SHINOHARA ពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាចទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន រយៈពេលយូរអង្វែង។ សម្ដេចតេជោ បន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍ ។សម្តេចតេជោ និង ឯកឧត្តម SHINOHARA ក៏បានពិភាក្សាគ្នាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅប្រទេសជប៉ុន ហើយបានឯកភាពគ្នាអំពីសង្គតិភាពរបស់គោលនយោបាយការបរទេសជប៉ុនចំពោះកម្ពុជា។ ឯកឧត្តម បានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់សម្តេចក្នុងការជំរុញសន្តិភាពនៅក្នុងតំបន់និងជុំវិញពិភពលោក៕ 

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា សម្ដេចធិបតីជំរុញសម្រេចឱ្យបាននូវការបញ្ចប់ការចរចា​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ

2024/10/11 12:08:24 pm        143
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់ ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេច​មហា​បវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញសម្រេចឱ្យ​បាននូវ​ការ​បញ្ចប់​ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ។នៅក្នុង​កិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាព ធន់អាស៊ាន សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ទ្វេដង ដើម្បី​ជំរុញពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ព្រមទាំងលើកកម្ពស់ការធ្វើ សមាហរណកម្ម​សេដ្ឋកិច្ចក្នុងតំបន់។ នៅក្នុងន័យនេះ សម្តេចធិបតី បានជំរុញសម្រេចឱ្យបាននូវការ បញ្ចប់ការចរចាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ។ បន្ថែមពីនេះ សម្តេចធិបតី​ក៏បាន​ជំរុញឱ្យមានការពង្រឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា ដើម្បីផ្តល់វេទិកា​សម្រាប់វិស័យ​ឯកជន​ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្វះស្វែងរកឱកាសអាជីវកម្ម កៀរគរមូលនិធិ និងកសាងបណ្តាញទំនាក់ទំនងនានា។សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់តំបន់ទាំងពីរ ដើម្បីទាញយកសក្តានុពល ដ៏ធំៗ នៃឧស្សាហកម្មនានាដែលកំពុងលេចឡើង ដូចជាវិស័យសេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង ការតភ្ជាប់ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ដែលមានភាពធន់។ សម្តេចធិបតីក៏បានឆ្លៀតឱកាសថ្លែង អំណរគុណដល់កាណាដា ចំពោះការគាំទ្រថវិកាចំនួន ៨,៥ លានដុល្លាកាណាដា ក្នុងរយៈពេល៥ឆ្នាំសម្រាប់វិស័យអាទិភាពនានា ក្រោមក្របខ័ណ្ឌផែនការសកម្មភាពតំបន់របស់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS)៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជំរុញឱ្យឥណ្ឌាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការបំពាក់បំប៉នជំនាញឌីជីថលដល់ប្រជាជនអាស៊ាន

2024/10/11 12:02:47 pm        238
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញឱ្យឥណ្ឌាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបំពាក់បំប៉នជំនាញឌីជីថលដល់ប្រជាជនអាស៊ាន តាមរយៈការប្តូរជំនាញថ្មីៗ និងការបំប៉នជំនាញនានា ដែលមានសារសំខាន់ក្នុងការពង្រឹង សហគ្រាសធុនមីក្រូ តូច និងមធ្យម។ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានចែករំលែកផងដែរថា អាស៊ាន និងឥណ្ឌា គួរបង្កើនកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ លើថាមពលកកើតឡើងវិញ, ថាមពលបៃតង និង ថាមពលបញ្ចេញកាបូនទាប ដោយប្រើប្រាស់ជំនាញបច្ចេកទេស និងបច្ចេកវិទ្យារបស់ឥណ្ឌា។ សម្តេចធិបតី បានលើកឡើងបន្ថែមទៀតថា ដើម្បីជួយផ្តល់ហិរញ្ញវត្ថុដល់ការកាត់បន្ថយកាបូន យើងត្រូវទាញប្រយោជន៍ពីមូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា និងមូលនិធិ បៃតងអាស៊ាន-ឥណ្ឌា។ចំពោះការតភ្ជាប់ក្នុងតំបន់ សម្តេចធិបតី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះការ ដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីញវឌេលី ដែលអាចជួយជំរុញ ទេសចរណ៍ទ្វេភាគី ចំពេលនឹងការកំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា”៕

សម្តេចធិបតីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីធ្វើ​ឱ្យ​សមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត

2024/10/11 11:21:05 am        156
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជា​ធិបតេយ្យ​ប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិ​ត្ត​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​អូស្ត្រាលដើម្បីធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត។សម្តេចធិបតី បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីធ្វើឱ្យ​សមាហរណកម្ម​សេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ហើយនៅក្នុងន័យនេះ កម្ពុជាបាន​ស្វាគមន៍​ការ​ដាក់ឱ្យអនុវត្តនូវឯកសារយុទ្ធសាស្ត្រ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់ អូស្ត្រាលីឆ្ពោះ​ទៅ​ឆ្នាំ២០៤០ (Invested: Australia's Southeast Asia Economic Strategy to 2040) ដើម្បី​ពង្រឹង​ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ដើម្បីចាប់យកអត្ថប្រយោជន៍​ឱ្យ​បាន​ជា​អតិបរមា​ពី​ការ​ដំឡើង​កម្រិត​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA) នាពេល​ថ្មី​ៗ​នេះ អាស៊ាន និងអូស្ត្រាលីត្រូវបង្កើនល្បឿនក្នុងដំណើរការផ្តល់សច្ចាប័ន ដើម្បីធ្វើយ៉ាង​ណា​ធានា​ឱ្យ​ពិធីសារទី២ ស្តីពីវិសោធនកម្មលើ កិច្ចព្រមព្រៀង AANZFTA ចូលជាធរមាន​តាម​ពេល​កំណត់​។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់ពីសារសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្ម​ដែលកំពុងលេចឡើងថ្មីៗ មានជា អាទិ៍ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល របៀបវារៈបៃតង និង​បណ្តាញ​អគ្គិសនី អាស៊ាន ខណៈគូសបញ្ជាក់អំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ ដែល​បានដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ភាពជាដៃគូអាស៊ាន-អូស្ត្រាលី។សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអូស្ត្រាលីជួយផ្តល់ការគាំទ្រដល់សហគ្រាសអាស៊ានតូចៗ ដើម្បីឱ្យ​កាន់តែមានផលិតភាព មានសមត្ថភាពប្រកួតប្រជែង និងមានភាពធន់ រួមទាំង​តាម​រយៈ​ការចាប់យកឧបករណ៍ឌីជីថលនានា និងការទទួលបានថែមទៀតនូវច្រកចូលទីផ្សារ និង​ហិរញ្ញប្បទាន​៕

សម្តេចធិបតីគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េដើរតួនាទីយ៉ាងសំខាន់​ក្នុងការលើកកម្ពស់​នវានុវត្តន៍ឌីជីថល​នៅក្នុងតំបន់ និងធ្វើឱ្យសម្រេចបានកិច្ចព្រមព្រៀង​ក្របខ័ណ្ឌសេដ្ឋកិច្ច​ឌីជីថលអាស៊ាន

2024/10/11 11:11:04 am        125
​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៥ និងរំឭកខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសំ​ខាន់​ក្នុងកា​រ​លើកកម្ពស់នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ រួមមានតាមរយៈការ​គាំទ្រ​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់អំពីការ​អនុម័ត​សេចក្តីថ្លែង​ការណ៍​រួម​ស្តីពី​ការ​បង្កើត​ភាព​ជា​ដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលជាបង្គោល​ចរ​ដ៏សំខាន់​មួយទៀត​ក្នុង​ដំណើររួមគ្នាអស់រយៈពេលជាង៣ទសវត្សរ៍មកនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ចំពោះវិស័យសេដ្ឋកិច្ច សម្តេចធិបតី បានសង្កត់ធ្ងន់ថា ជាលទ្ធផលនៃការ​ប្រើប្រាស់​បាន​ពេញ​លេញ និងប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ និង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) ពាណិជ្ជកម្មរវាងអាស៊ាន និង​សាធារណ​រដ្ឋ​កូរ៉េកាន់តែរីកចម្រើនឡើង។ នៅ ក្នុងន័យនេះ សម្តេចធិបតី បានសង្កត់​ធ្ងន់​ថា​ការ​ដំឡើង​កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងធានាថាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីនេះនឹងនៅតែមានសារ សំខាន់ មានការឆ្លើយតប ទំនើប និងប្រកបដោយ​ចក្ខុ​វិស័យ​វែងឆ្ងាយ។សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើក​កម្ពស់​នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ រួមមានតាមរយៈការគាំទ្រការសម្រេចឲ្យបាននូវកិច្ចព្រម ព្រៀង​ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។ ចំពោះការលើកកម្ពស់ការតភ្ជាប់តំបន់ សម្តេចធិបតីពាក់ព័ន្ធ​នឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្តេចធិបតី បានទន្ទឹងរ​ង់ចាំ​ធ្វើ​ការ​ជាមួ​យ​សាធារណ​រដ្ឋ​កូរ៉េ ដើម្បីធ្វើឱ្យអាជីវកម្មខ្នាតតូចកាន់តែមានភាពធន់ ប្រកបដោយការប្រកួតប្រជែង និង​ផលិតភាពតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូធុរកិច្ចថ្មីអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​នានា​ដែល​គ្របដណ្តប់​លើការ​កសាង​សមត្ថភាពការតភ្ជាប់អាជីវកម្ម និងការផ្ទេរបច្ចេកវិទ្យាទាំងឡាយ៕

សម្តេចធិបតីគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ​មាន​លក្ខណៈ​ជាក់ស្តែង និងការជំរុញសមាហរណកម្ម​សហគមន៍​អាស៊ី​បូព៌ា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូកបី លើកទី២៧

2024/10/11 11:02:59 am        146
នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៧ ទីក្រុងវៀងចន្ទន៍ សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់​អំពី​សារសំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ឈ្នះ-ឈ្នះមានលក្ខណៈជាក់ស្តែង និងការជំរុញសមាហរណកម្ម​សហគមន៍​អាស៊ីបូព៌ា​។អង្គប្រជុំកំពូលអាស៊ានបូកបីលើកទី២៧ បានកោតសរសើរ​ចំពោះវឌ្ឍន​ភាពគួ​រ​ឱ្យស​ម្គាល់​ក្នុង​ការ​អនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០២៣-២០២៧)។ កិច្ច​ប្រជុំ​ក៏​បាន​គូសបញ្ជាក់ជាថ្មីនូវតួនាទីដ៏សំខាន់នៃយន្តការអាស៊ានបូកបីក្នុងការជំរុញ ការកសាង​សហគមន៍​តំបន់ និងការជំរុញសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ ដោយមាន អាស៊ាន​ជា​កម្លាំងចលករ។ កិច្ចប្រជុំបានអនុម័ត «សេចក្តីថ្លែងការណ៍ប្រមុខដឹកនាំអាស៊ានបូកបី ស្តីពីការ​ពង្រឹង​ការ​តភ្ជាប់​ខ្សែ​ច្រវ៉ាក់​ផ្គត់​ផ្គង់តំបន់» គាំទ្រមូលបទឆ្នាំនេះស្តីពីការពង្រឹងភាពធន់ សាមគ្គីភាព និងចីរភាពតំបន់ ដើម្បី​ធ្វើ​ឱ្យអាស៊ានក្លាយជាអង្គការមួយដែលស្វាហាប់ និងបុរេសកម្ម​ដែល​មាន​សមត្ថ​ភាព​បន្សំ​នឹងគ្រោះ​​កាចនានា នាពេលអនាគត។នៅក្នុងកិច្ចប្រជុំនោះផងដែរ សម្តេចធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ច សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ ដែលមានលក្ខណៈជាក់ស្តែង និងការជំរុញសមាហរណកម្មសហគមន៍ អាស៊ីបូព៌ា តាម​រយៈ​ការ​ជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការពង្រឹងការតភ្ជាប់ក្នុងតំបន់ ការទាញ​យក​កាលា​នុវត្តភាពពីឧស្សាហកម្មដែលកំពុងលេចឡើងថ្មី ដើម្បីត្រៀម​កម្លាំង​រួច​ជា​ស្រេច​សម្រា​ប់​បំពាក់​អនាគតឌីជីថលដល់កម្មករនិយោជិក និងការកសាងភាពធន់ក្នុងតំបន់ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ហានិភ័យហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះសម្តេចធិបតី បានកោតសរសើរចំពោះ វឌ្ឍនភាព​ក្នុង​ការ​អនុវត្ត​ផែន​ការការងារសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបីឆ្នាំ២០២៣-២០២៤ និង​កិច្ច​ព្រម​ព្រៀង​ RCEP។សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសបូកបីមានភាពអំណោយផល នៅក្នុងការរួមចំណែក ដល់​ការ​អភិវឌ្ឍកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និងការ​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី អាស៊ាន។ សម្តេចធិបតី ក៏បានជំរុញ​បណ្តាប្រ​ទេស​បូក​បី​ឲ្យ​គាំ​ទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាស៊ាន ក្នុងការបំពាក់ជូនប្រជាជននូវអនាគតឌីជីថល និងបៃតង។ សម្តេចធិបតី ក៏បាន​គូ​ស​បញ្ជាក់ផងដែរ ថា ការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់អាស៊ានបូកបី (APTERR) និងប្រព័ន្ធ​ព័ត៌មាន​សន្តិសុខ ស្បៀងតំបន់អាស៊ាន (AFSIS) បានចូលរួមចំ​ណែក​យ៉ាង​សំខាន់ដល់ការ​កសាង​ភាព​ធន់នឹងគ្រោះ កាចនានា នាពេលអនាគត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM