សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

ដំណើរទស្សនកិច្ចប្រធានបក្សភឿថៃនៅកម្ពុជា ជាការចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសកម្ពុជានិងថៃ

2024/03/18 10:28:32 pm        136
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ(Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃក៏ជាការចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងជាប់គ្នា និង «ភាពជាដៃគូយុទ្ធសាស្ត្រ» ហើយដំណើរទស្សនកិច្ចនេះ ក៏ជាការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងគណបក្សទាំងពីរផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីផេថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹង ថា«ក្នុងដំណើរទស្សនកិច្ច ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនទាន និងបទពិសោធន៍ នៅក្នុងការកសាងបក្ស និងអភិបាលកិច្ចស្ថាប័នរដ្ឋ។ទស្សនកិច្ចនេះ ក៏ជាការចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងជាប់គ្នា និង «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលបានប្រកាសនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ»។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខណៈដំណើរទស្សនកិច្ចនេះ ជាការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងគណបក្សទាំងពីរ។ សេចក្តីប្រកាសព័ត៌មានបានបន្ថែមទៀតថាក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ បានជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានជួបសម្តែងការគួរសមជាមួយ នឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។តាមរយៈជំនួបទាំងនេះ លោកស្រីប្រធានបក្សភឿថៃ ក៏បានសំណេះសំណាលផ្លាស់ប្ដូរយោបល់ជាមួយថ្នាក់ដឹកនាំវ័យក្មេងជាច្រើនរូប របស់គណបក្សប្រជាជនកម្ពុជា ដែលជាសមាជិករាជរដ្ឋាភិបាល និងសមាជិកសភា ក្នុងនោះរួមមាន លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ក្នុងការពិភាក្សាទ្វេភាគី សម្តេចតេជោ បានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចបន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ ការស្វែងរកសន្តិភាព ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ ការប្រែក្លាយតំបន់ ព្រំដែនទៅជា ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាដើម។មួយវិញទៀតភាគីទាំងពីរបានលើកឡើងពីការជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរតាមរយៈការតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ផងដែរ។បើតាមសេចក្តីប្រកាសព័ត៌មានគណបក្សប្រជាជនកម្ពុជាដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ នឹងដឹកនាំគណៈប្រតិភូទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងវិមានឈ្នះ ឈ្នះ ដើម្បីស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅ លើប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ជាពិសេសលើនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅកម្ពុជា ដូចដែលបានឃើញសព្វថ្ងៃនេះផងដែរ៕អត្ថបទ៖​ បាន ចក់

លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា

2024/03/18 05:37:08 pm        66
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកជំទាវក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកជំទាវមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកជំទាវបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្រ្តី ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្តែងការអបអរសាទរជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានគណបក្សភឿថៃ ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ កន្លងទៅ ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ជាដើម។ ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងទទួលបានក្តីសោមនស្សរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ ដោយ ៖ ដារា

ប្រធានគណបក្សភឿថៃមានជំនឿថាសន្តិភាពនឹងមានបន្តសម្រាប់ប្រទេសកម្ពុជា-ថៃ

2024/03/18 04:47:13 pm        116
ភ្នំពេញ ៖លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ បានប្រកាសជំហរ និងមានជំនឿជឿជាក់ថា ទំានក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច និងបន្តរក្សាបាននូវសន្ដិភាព និងនិរន្តរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។ ​លោកជំទាវប្រធានគណបក្សភឿថៃ បានបង្ហាញនូវជំនឿបែបនេះ ក្នុងឱកាស ជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤នេះ នៅវិមានព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា។ ក្នុងឱកាសជំនួបជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតបានសម្ដែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកជំទាវនិងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការកម្ពុជា និងបានអញ្ជើញមកកាន់រដ្ឋសភានាពេលនេះ។ឯកឧត្តមមានប្រសាសន៍ថា តាមរយៈជំនួបនាពេលនេះនឹងជំរុញទំនាក់ទំនងរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផល ប្រយោជន៍សម្រាប់ប្រជាជននៃទាំងពីរប្រទេស។ឯកឧត្តមប្រធាស្ដីទីរដ្ឋសភាបានលើកឡើង ពីទំនាក់ទំនងរដ្ឋសភានៃ ប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានរដ្ឋសភាថៃដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃទាំងក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពិសេសលើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ដែលមានសន្ទុះគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ បានមានប្រសាសន៍ជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចំរុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាពដែលបានបាត់បង់មួយរយៈកាលមុន ឱ្យមានភាពល្អប្រសើរឡើងវិញ។ នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឱ្យសេដ្ឋកិច្ច មានការីកចម្រើន។ លោកជំទាវ មានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការរីកចម្រើនផងដែរ។លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងថា ត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។ លោកជំទាវក៏បានថ្លែងគាំទ្រប្រសាសន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលលើកឡើងអំពី ការលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ៕ ដោយ ៖ ដារា

សម្តេចធិបតី អំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេ​ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស

2024/03/18 08:28:36 am        413
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបររថយន្តធំៗ ត្រូវ​ដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បា​ន​ណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ឲ្យបញ្ឈប់​សកម្មភាព​រាំ​លេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និង​បង្ក​ភាព​អនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើ​ការ​ណែនាំ​ដល់​ក្មួយៗ​ឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ។ការអំពាវនាវរបស់ សម្តេចធិបតី បានធ្វើឡើង ក្រោយពី មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងកុមារ ធ្វើស​កម្មភាព​រាំលេង​តាម​ដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំ​លេ​ង​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និង​ជា​ពិសេស​​អាច​បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ដើម្បីឱ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ សម្ដេចក៏បាន ណែនាំ​ដ​ល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើ​ការ​ណែនាំ​ពាក់ព័ន្ធ​នឹង​លក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់​ភាព​អនាធិប​តេយ្យ​តាម​ដង​ផ្លូវ​សាធារណៈ​។ សម្ដេចបានប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់​សកម្មភាព​អនាធិបតេយ្យ​ដែល​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2024/03/15 10:52:38 am        200
នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ៕

ប្រធានKOICAកោតសរសើរភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យហើយលោកប្រកាសបន្តជួយកម្ពុជាជានិច្ច

2024/03/14 06:19:25 pm        81
ភ្នំពេញ ៖ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េដែលហៅកាត់ថា KOICA លោកChang Won Sam បានថ្លែងកោតសរសើរចំពោះភាពរីកចម្រើនយ៉ាងខ្លាំងក្លារបស់កម្ពុជាលើគ្រប់វិស័យ ហើយលោកបានប្រ កាសត្រៀមធ្វើការជាមួយរាជរដ្ឋាភិបាល និងបន្តផ្តល់ជំនួយដល់កម្ពុជាជានិច្ចផងដែរ។ក្នុងឱកាសជួបសម្តែងការគួរសម និងភាពិក្សាការងារមួយចំនួន ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព លោក Chang Won Sam បានលើកឡើងថា លោកបានមកទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០០៦ ហើយតាមរយៈទស្សនកិច្ចលើកនេះ លោកបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរ និងភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅកម្ពុជា ដែលនេះបង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយលោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតផងដែរ។  លោកChang Won Sam បានលើកឡើងទៀតថារដ្ឋាភិបាលកូរ៉េបានឈ្វេងយល់យ៉ាងច្បាស់អំពីការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ហើយ KOICA បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ (១) ការប្តេជ្ញាបន្តផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា (២) ការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់កម្ពុជា និង (3)ការប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការ តាមរយៈការបន្ស៊ីគ្នារវាងកម្មវិធិអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។ បន្ថែមពីនេះ លោកប្រធាន ក៏បានបង្ហាញពីការបន្តជួយគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងបានសម្តែងនូវការកោតសរសើរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នាពេលខាងមុខនេះផងដែរ។  ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Chang Won Sam និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់KOICA ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ទន្ទឹមនោះដែរ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ បន្ថែមពីនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តការអភិវឌ្ឍនូវគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានគន្លឹះទាំង៥ និងគោលនយោបាយអាទិភាពទាំង៦ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។នៅក្នុងកិច្ចជំនួបនោះសម្តេចធិបតី ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមទៀត៕ ដោយ ៖ ចក់

ស្អែកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2024/03/14 12:00:52 pm        149
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។របៀបវារៈទាំងនោះរួមមាន៖១- សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។២-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧។៣-សេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។៤- បញ្ហាផ្សេងៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា

2024/03/14 11:00:08 am        110
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញ​ជាអ​ធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា(ស.ស.យ.ក) នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ព្រមទាំងភ្ញៀវកិត្តិយស សរុបចំនួន ៧៦០រូប។ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានថ្លែង​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្ដាល ស.ស.យ.ក. ដែលបានប្រពឹត្តទៅរយៈពេល១ថ្ងៃកន្លះមកនេះ ដោយ​អង្គ​ប្រជុំ​សម្រេចលទ្ធផលផ្លែផ្កាគួរជាទីមោទកៈ ។ទន្ទឹមនឹងនេះ ឯកឧត្តមបានរំលឹកពីគំរូវីរភាពរបស់ប្រធានទី១ របស់ ស.ស.យ.ក. គឺ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជំនាន់មុន ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី បញ្ញា ពូនជ្រុំចលនាយុវជន រួមគ្នាដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព ជូន​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម បានបានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់សម្ដេច​មហា​​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលពោរពេញដោយសមត្ថភាព និង​ជា​អ្នក​បន្តវេនក្នុ​ង​ការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ស្ថិរភាពផងដែរ។ ក្នុងនាមជាប្រធាន ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានប្ដេជ្ញា នឹងបន្តគាំទ្រនូវ​គោល​នយោបាយ​​ដែល​ដាក់​ចេញដោយរាជរដ្ឋាភិបាល បន្តជំរុញ និងគាំទ្រសមាជិក សមាជិកា​គ្រប់​រូប​ឱ្យ​ចូល​រួម​ចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកាន់នូវសាមគ្គីភាព ស្មារតីស្ម័គ្រចិត្ត និងបេ្តជ្ញាក្នុង​ការ​ការពារ​សមិទ្ធផលនានា ដែលបានមកពីការពលីរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបន្ត​កសាង​សមិទ្ធផល​ថ្មីៗ ដើម្បីចូលរួមចំណែកជំរុញវឌ្ឍនភាពសង្គមជាតិកម្ពុជា៕

អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត

2024/03/14 09:25:22 am        151
នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុ​រដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ​វិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​វេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារ។ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ជប៉ុន​នឹង​បន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្រប​តាម​ស្មារតី នៃ​ការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក លើវិស័យជាច្រើន ដូចជា​ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ​។ ទន្ទឹម​នឹងនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តមនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណ​​ ១៥០​លាន​ដុល្លារ​ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ ​ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor / សំបូរ​ព្រៃគុក​ ដោយឯកឧត្តមបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជា​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​គំរូមួយលើវិស័យអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ និង​គណៈ​ប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​បាន​ថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលជា​ទំនាក់​ទំនង​ស្ថិតក្នុ​ងក​ម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការ​ដំឡើង​កម្រិត​ទំនាក់​ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣។ សម្តេច​ធិបតី​ បានគូសបញ្ជាក់ជូនឯកឧត្តមអនុរដ្ឋមន្ត្រីផងដែរថា ក្នុងរយៈពេល៦ខែនេះ កម្ពុជា និងជប៉ុន បាន​សម្រេច​នូវសមិទ្ធផលរួមគ្នាជាច្រើន ដូចជា៖ ការសម្ពោធផ្លូវជាតិលេខ៥ ការ​សម្ពោធ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹកកខ្វក់ ការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងការ​ជំរុញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​ជាដើម។ ក្នុងក្របខ័ណ្ឌនៃវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការ ដំឡើង​កម្រិត​នៃ​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​នៃប្រទេសទាំងពីរ និងការធ្វើសកម្មភាពរួមគ្នាមួយចំនួន ដូចជា ទស្សនកិច្ច​កងនាវានៃ​កង​កម្លាំង​ស្វ័យការពារជើងទឹកជប៉ុន ព្រមទាំង​ការធ្វើលំហាត់រួមគ្នាផងដែរ។ ជាងនេះទៅទៀត សម្ដេច​ធិបតី ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុន តាមរយៈយន្តការ ICC-Angkor ដែលជាយន្តការមួយក្នុងការចូលរួមថែរក្សា និងអភិរក្ស​បេតិកភណ្ឌ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រមទាំងបានកត់សម្គាល់ពីភាពរីកចម្រើននៃយន្តការនេះ ដោយបាន​ពង្រីក​ដល់​ការ​អភិរក្ស​នៅ​តំបន់ប្រាសាទសំបូរព្រៃគុក និងការបន្តសុពលភាពនៃយន្តការនេះ រយៈពេល ១០​ឆ្នាំ​បន្ថែម​ទៀត​ផងដែរ។ មុននឹងបញ្ចប់ សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​អំពី​ការ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកក្នុងការគាំពារដល់សន្តិភាព និង​វិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ៕

ផ្ទះថ្មី២ខ្នងព្រះរាជអំណោយសម្តេចម៉ែត្រូវបានប្រគល់ជូនគ្រួសារឥតទីពឹងនៅខេត្តឧត្តរមានជ័យ

2024/03/12 08:31:16 pm        113
ឧត្តរមានជ័យ÷ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ គ្រួសារលោកយាយឥតទីពឹងចំនួន២គ្រួសារ រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទទួលផ្ទះម្នាក់១ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ក្នុងឱកាសប្រគល់-ទទួលនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង២ខ្នងខាងលើជ្រាបថា កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការីចុះពិនិត្យគ្រួសារណា ដែលជាមុខសញ្ញាងាយរងគ្រោះបំផុត របស់កាកបាទក្រហមកម្ពុជា ដើម្បីសាងសង់ផ្ទះជូន។ ក្នុងនោះដែរតាមសំណើសុំរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានពិនិត្យឃើញ២គ្រួសារខាងលើនេះ ក្សត់ខ្សោយជាងគេ ក៏សម្រេចសាងសង់ផ្ទះជូន។ ផ្ទះទាំងពីរខ្នងខាងលើនេះមានទំហំ ៤ម៉ែត x ៦ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៦.០០០ដុល្លារ ត្រូវបានប្រគល់ជូន៖ ម្ចាស់ផ្ទះទី១ លោកយាយ    ឆិម ធិប អាយុ ៦៣ឆ្នាំ មានកូនសតិមិនគ្រប់ម្នាក់ និងចៅកំព្រាម្នាក់ រស់នៅភូមិសុភាព ឃុំអំពិល ស្រុកស្រុកបន្ទាយអំពិល។ ម្ចាស់ផ្ទះទី២. លោកយាយ ហ៊ឹម ភាព អាយុ៧៣ឆ្នាំ មានកូនជាស្ត្រីមេម៉ាយម្នាក់ និងចៅ៣នាក់ រស់នៅភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល។ សូមបញ្ជាក់ថា ផ្ទះនីមួយៗទទួលបានអំណោយសង្កត់ផ្ទះរួមមាន ៖ អង្ករ១០០គីឡូក្រាម, មី៤កេស, ត្រីខ៤០កំប៉ុង, ទឹកត្រី១២ដប, ឃីត(មុង ភួយ សារុង ក្រមា) ២កញ្ចប់, សម្ភារក្នុងផ្ទះមួយចំនួន, សម្ភារផ្ទះបាយ១ឈុត, និងថវិកា ៥០ម៉ឺនរៀល៕អត្ថបទៈ សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកនិយាយថា អ៊ីរ៉ង់ ព្រមព្រៀងពង្រាវអ៊ុយរ៉ានីញ៉ូម ក្រោមកិច្ចព្រមព្រៀងសន្តិភាព
06/18/2026 10:06 AM
លោក Trump អរគុណលោក Xi Jinping និងលោក Putin ចំពោះជំហរអព្យាក្រឹតក្នុងសង្គ្រាមអ៊ីរ៉ង់
06/18/2026 10:06 AM
ប្រមុខក្រុមហេសបូឡា៖ លីបង់ស្ថិតក្នុងពេលដ៏សំខាន់បន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/18/2026 10:06 AM
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រ ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ
06/18/2026 09:06 AM
លោក Putin ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម
06/18/2026 09:06 AM
តម្លៃប្រេងបន្តធ្លាក់ចុះ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
06/18/2026 09:06 AM
ប្រធានាធិបតីបារាំងសាទរភាពជោគជ័យនៃកិច្ចប្រជុំកំពូល G7 ដោយសារការវិវត្តន៍លើអ៊ុយក្រែន និងអ៊ីរ៉ង់
06/18/2026 09:06 AM
ប្រធានាធិបតីអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែលោក Trump ថា នៅតែអាចបន្តការវាយប្រហារបាន
06/18/2026 08:06 AM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
06/18/2026 07:06 AM
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
06/18/2026 07:06 AM