សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារ នៅព្រះរាជាណាចក្រកម្ពុជា

2024/03/05 11:06:18 am        365
នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន​-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុនមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួម​ទាំងតំបន់អាស៊ាន។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ក៏​មាន​រោងចក្រ​ក្នុង​ការ​កែច្នៃ​ផលិត​ផល​ពី​ផ្លែឈើ ដើម្បី​នាំ​ចេញ​ទៅ​បណ្តា​ទីផ្សារ​ទាំង​នៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុន​ក៏​មាន​នាំចូល​នូវ​វត្ថុធាតុ​ដើម​ពី​បណ្ដា​ប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ជាមួយគ្នានេះ លោក​នាយក​ប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែល​ជា​ជំនាញ​របស់​ក្រុមហ៊ុន SPC Group។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែល​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ប្រធានក្រុមហ៊ុន និងបានគូសបញ្ជាក់អំពី​ភាព​ទាក់​ទាញ​នៃ​បរិស្ថាន​វិនិយោគ​ដែល​មាន​ភាព​ប្រាកដ​និយម អនុគ្រោះ និងបត់បែន ដោយរាជរដ្ឋាភិបាលបានដាក់ចេញ គោល​នយោបាយ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការលើកទឹកចិត្តនានា សម្រាប់​វិនិ​យោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។ សម្ដេចធិបតីក៏បានបន្ថែមថា វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាពមួយ ហើយរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែល​រួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាន​នូវ​យន្តការ​ក្នុង​ការ​គាំទ្រ​ដល់​ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់​នូវ​គុណ​ភាព​ផលិត​ផល ដើម្បីពង្រឹងនូវផលិតភាព និងគុណភាពផលិតផលកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹម​នឹង​នេះ សម្ដេចធិបតី ក៏បានគូស​រំលេច​ពីគោល​នយោបាយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​លើ​វិស័យកសិកម្ម ដែលរួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូល​សម្ភារ​កសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បី​រក្សា​នូវ​ភាព​ប្រកួត​ប្រជែង​ក្នុងទីផ្សារ។ ឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី បាន​ស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ស្វែង​រកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ៕

គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/03/05 10:19:53 am        212
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាស​ជាឱឡារិក ដោយគោរព និងទទួល​យកលទ្ធផល​នៃការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៥ ខែ​មីនានេះ។គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រព្រឹត្ត​ទៅ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង ដែលបានធានានូវលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត។ គណបក្ស​ប្រជាជនកម្ពុជាលើកឡើងថា គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជី គណបក្ស​ឈរ​ឈ្មោះបោះ​ឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ សុទ្ធតែបានធ្វើសកម្មភាពដោយសេរី ហើយ​អ្នក​បោះឆ្នោត​គ្រប់​រូប​បាន​អនុវត្តយ៉ា​ង​ពេញ​លេញ​នូវ​សិទ្ធិ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោ​ត​នេះ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ហើយកាន់តែត្រូវបានពង្រឹងឡើងតាមគន្លងនីតិរដ្ឋ ក្នុង​បរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព និងឯកភាពជាតិពេញលេញ ប្រជាជន​កំពុង​រស់​នៅ​យ៉ាងសុខដុមរមនា និងសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការអភិវឌ្ឍសង្គមជាតិ។គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការ បោះ​ឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែល គ.ជ.ប បានប្រកាសនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ។ លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុត​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន៕

សម្ដេចធិបតី លេីកទឹកចិត្តដល់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី សហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជា បង្កេីត “ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី

2024/03/04 05:18:35 pm        76
ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ក្នុងជំនួបនេះ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) បានគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតី ថាក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជនដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ ក្រុមហ៊ុន ដោយផ្ដល់ឱកាសការងារ ជាង ១លាន កន្លែង។ លោកនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានានៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ចររវាងវិស័យឯកជនអូស្ត្រាលីជាមួយនឹងបណ្តាប្រទេសនានា ហេីយបច្ចុប្បន្ននេះក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារជាមួយនឹងបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះរួមមានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។ បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានបញ្ជាក់អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី និងសហការី ដែលបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ ហើយក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់អំពីតួនាទីរបស់វិស័យឯកជន នៅក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច របស់កម្ពុជា។ សម្តេចធិបតីក៏បានបញ្ជាក់ជូន លោកនាយកប្រតិបតិ្តថា ជំនួបនាថ្ងៃនេះ ជាឱកាសដែលអាចជំរុញឱ្យវិស័យឯកជន នៃប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះបំណងរបស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ច អូស្ត្រាលី ជាមួយនឹងកម្ពុជា ហើយសម្ដេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។ ជាងនេះទៅទៀត សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី អំពីគោលនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តដល់វិស័យឯកជន ដែលមកវិនិយោគនៅកម្ពុជា ស្របពេលដែលកម្ពុជាបានភ្ជាប់ទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្រិតទ្វេភាគី និងពហុភាគី ផងដែរ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង និង លេីកទឹក ចិត្តឱ្យមានការវិនិយោគផងដែរលេីវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គុំអគ្គីសនី និងគ្រឿងបង្គុំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។  មុននឹងបញ្ចប់ សម្ដេចធិបតី និងលោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានឯកភាពគ្នានៅក្នុងការ បង្កើតនូវយន្តការមួយបន្ថែមទៀតគឺ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council) ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូស្រ្តាលី ដោយសម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលីបន្តធ្វើកិច្ចសហការទៅលើការរៀបចំនូវយន្តការនេះជាមួយនឹងក្រសួងពាណិជ្ជកម្មកម្ពុជាក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា ៕ ដោយ ៖ ដារា

ក្រុមហ៊ុន SunRice Group ចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

2024/03/04 02:55:04 pm        272
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។ ព្រមគ្នានេះដែរ លោកនាយកប្រតិបត្តិបានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។ ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ ហើយសម្ដេចធិបតីក៏បានបញ្ជាក់ជូនក្រុមហ៊ុនថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូននិងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ដោយសម្ដេចធិបតីបានសង្កត់ថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរ​ដេីម្បី​គាំទ្រ​ដល់សកម្មភាព​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​នៅកម្ពុជាកាន់តែមានសមត្ថភាព​ប្រកួតប្រជែង​ និងផ្តល់ភាពងាយស្រួលក្នុង​ការតភ្ជាប់​ ក៍ដូចជាកាត់ថ្លៃដឹកជញ្ជូន​។ សម្តេច​ធិបតី​ ក៍បាន​លេីក​ទឹកចិត្ត​ឱ្យក្រុមហ៊ុន​ទស្សនកិច្ចនៅកម្ពុជា​ដេីម្បី​​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​ ដោយសារ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់កម្ពុជា ៕ 

ក្រុមហ៊ុនអូស្រ្តាលី ចង់វិនិយោគលើការកែច្នៃដំណាំស្ពៅនៅកម្ពុជា

2024/03/04 01:34:53 pm        324
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ ក្រុមហ៊ុន ដែលផ្ដោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ ជាងនេះទៅទៀត លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។ លោកប្រធានក្រុមហ៊ុន បន្ថែមទៀតថា ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងបានបញ្ជាក់ផងដែរថា ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ គឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចធិបតី ក៏បានបញ្ចាក់ផងដែរថារាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប​ និងថ្មីដេីម្បីផលិតថាមពលអគ្គិសនី​ គឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត។ រាជរដ្ឋាភិបាលក៏បានសម្រេចបញ្ឈប់ការផ្តល់ការអនុញ្ញាតឱ្យបង្កេីតនូវរោងចក្រដំណើរការដោយថាមពលធ្យូងថ្មថ្មីបន្ថែបទៀត​ ផងដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា។ បន្ថែមពីនេះ ឆ្លេីយតបទៅនឹងបំណង​វិនិយោគរបស់ក្រុមហ៊ុន​ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ៕

ថ្ងៃនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្តជួបក្រុមអ្នកជំនួញជាបន្តបន្ទាប់នៅប្រទេសអូស្រ្ដាលី

2024/03/04 11:44:39 am        94
នៅក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែល​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រា្តលី សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃនេះបា​ន​បន្ត​ជួប​ក្រុម​អ្នក​ជំនួញ​អូស្រ្ដាលីជា​បន្តបន្ទាប់ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Peter Fox ប្រធាន​ប្រតិបត្តិ ក្រុមហ៊ុន Linfox ។ ក្រុមហ៊ុន Linfox ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ ដែល​មាន​បទ​ពិសោធន៍ ក្នុងវិស័យដឹកជញ្ជូនរយៈពេលប្រមាណ ៦ ទសវត្សរ៍មកហើយ។ ក្រុមហ៊ុននេះ គឺ​ជា​ក្រុមហ៊ុនឈានមុខផ្នែកឡូជីស្ទីកនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និងមាន​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចំនួន១២ ជាមួយនឹង បុគ្គលិកច្រើនជាង ២៤០០០នាក់ នៅអូស្ត្រាលី នូវ៉ែលសេឡង់ និង​អាស៊ី​អាគ្នេយ៍​។បន្ទាប់មកសម្ដេចធិបតី បានជួបជាមួយ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការ​កាត់​បន្ថយ​ការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បី​ផ្តល់​នូវ​ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការ​បង្កើត​ថាមពល​ស្អាត​។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្តជួបជាមួយ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ខណៈក្រុមហ៊ុន SunRice Group ជាក្រុម​ហ៊ុន​ឈាន​មុខ​ក្នុង​ការ​នាំ​ចេញ​អាហារ​របស់​ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និង​មជ្ឈិម​បូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនក៏មានប្រតិបត្តិការ និង​ទីផ្សារ​ជុំវិញ​ពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ ប្រទេសផងដែរ។ SunRice Group មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។សម្ដេចធិបតីក៏បានជួបជាមួយ លោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ផងដែរ។ ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន Fresh Start Australia ដោយក្រុមហ៊ុន Aegros ធ្វើអាជីវកម្ម​ក្នុង​វិស័យ​សុខាភិបាល ដែលផ្ដោតលើការផលិតឱសថប្លាស្មា ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។ ចំណែក​ក្រុម​ហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុភារកម្ម ហើយ​ក្រុម​ហ៊ុន​បាន​ផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក។សូម​ជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្រ្តីអូស្រ្តាលី សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃ​ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤-៦ ខែមីនា​នេះ​នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេសអូស្រា្តលី។ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី បានទទួល​ជួប​ជាមួយ​ក្រុម​អ្នក​ជំនួញ វិនិយោគិនអូស្រ្ដាលីជាបន្តបន្ទាប់ ដើម្បីទាក់​ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា។ ក្នុងឱកាសនេះសម្ដេចធិបតីក៏មានជំនួបទ្វេភាគីជាមួយ សមភាគីអាស៊ាន​មួយ​ចំនួន​ទៀត​ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីផងដែរ៕

សម្តេចធិបតី៖ ការដែលកម្ពុជាបង្កើនការអភិវឌ្ឍដឹកជញ្ជូនតាមផ្លូវទឹក គឺដើម្បីប្រកួតប្រជែង​ជាមួយប្រទេសក្នុងតំបន់

2024/03/04 11:08:48 am        367
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្រ្តាលី និង​នូវែល​ហ្សេឡង់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ នៅទីក្រុងម៉ែលប៊ន ប្រទេស​អូស្រ្តាលី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បាន​បញ្ជាក់​បន្ថែម​អំពី​ការ​អភិវឌ្ឍ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ដោយសម្តេចអះអាងថា​ការ​អភិវឌ្ឍ​នូវ​កំពង់ផែនេះ​គឺ​ដើម្បី​ប្រកួត​ប្រជែង​ការ​ដឹកជញ្ជូន​ជាមួយប្រទេសក្នុងតំបន់ ខណៈបច្ចុប្បន្នកប៉ាល់ដឹកទំនិញ អន្តរជាតិ​គេទៅ​ហួ​ស​មក​ហួស​ដោយសារតែកំពង់ផែកម្ពុជាយើងមានជម្រៅរាក់។សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «កាលពីខែ១២​ឆ្នាំ​២០២៣​កន្ល​ង​ទៅ​ខ្ញុំ​បាន​បុក​គ្រឹះ​ដើម្បី​ជំរុ​ញការធ្វើកំពង់ផែខេត្តព្រះសីហនុរបស់យើងឥឡូវផែរបស់យើងវានៅទួចពេក អញ្ចឹង​ហើយ​ក​ប៉ាល់ ដែលចូលមកយើងហ្នឹងត្រូវស្តារទំនិញនៅខាងក្រៅ ចូលបានតែជាង១០ភាគរយ ហើយ​អាជាង៨០ភាគ រយត្រូវយកកប៉ាល់ទៅសាង ដូច្នេះហើយវាថ្លៃ តែពេល​ណា​ថ្លៃ​គេ​មិន​សូវ​ចូល​យើង​គេ​ទៅចូលនៅសិង្ហបូរី ចូលទៅថៃជាដើម។ អញ្ចឹងហើយយើងត្រូវបុកធ្វើវា អញ្ចឹងបន្ទាប់​ពី​ធ្វើហើយ​ដំណាក់កាលទី១នេះកប៉ាល់ ជាង៨០ភាគរយនៃទំនិញវាអាចចូលបាន ហើយ​បន្ទាប់​ពី​ដំណាក់​កាល​ទី៣ កប៉ាល់​មួយរយភាគរយវានឹង ចូលបាននៅកន្លែងយើង ដូច្នេះហើយយើង​លែង​មាន​បញ្ហា​បន្ត​ទៅទៀតហើយ អញ្ចឹងកន្លែងយើងគឺជា កន្លែងប្រកួតប្រជែងទៅខាងមុខ ដោយ​ការ​ដឹក​ជញ្ជូន​កាន់តែថោក កាន់តែប្រកួតប្រជែង សេដ្ឋកិច្ចកំពង់ផែ យើងកាន់តែរីកចម្រើន»។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានប្រកាសផងដែរថា នៅថ្ងៃទី ៦ ខែ៦ខាងមុខនេះសម្តេចនឹងអញ្ជើងញទៅសម្ពោធកំពង់ផែទឹកជ្រៅនៅខេត្តកំពត ហើយ​រាជរដ្ឋាភិបាល​ក៏​កំពុងពិនិត្យមើលនៅកំពង់ផែទឹកសាបផងដែរ ដោយក្នុងនោះ​គម្រោង​ដែល​ធំ​ជាង​គេ​ដែល​រាជរដ្ឋាភិបាលកំពុង ព្យាយាមធ្វើការដឹកជញ្ជូនពីទឹកសាបទៅទឹកប្រៃ ដោយមាន​ការ​ជីកព្រែក​មួយ​ដែលហៅថា«ព្រែកជីកហ្វូណនតេជោ» ដោយធ្វើការតពីសមុទ្រនៅខេត្តកំពត ភ្ជាប់​នឹង​ទន្លេបាសាក់​។សម្តេចបានបញ្ជាក់បន្ថែមថា ក្រោយគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ»រួចហើយនោះ ការដឹក ជញ្ជូន​របស់ប្រជាពលរដ្ឋខ្មែរតាមកប៉ាលនឹងកាន់តែងាយស្រួល ហើយមានតម្លៃថោក និង​ពិសេស​ទៅ​ទៀត​ នោះប្រជាពលរដ្ឋ​ដែល​រស់នៅតាម​មាត់​ទឹក​នៅ​ពេល​ក្រោយ​នឹង​ក្លាយ​ទៅ​ជាតំប​ន់​ឧស្សាហកម្ម​ច្រើន ហើយ ប្រជាជននឹងមានការងារធ្វើច្រើន ចំណូលចូលកាន់តែច្រើនផងដែរ។ នេះហើយជាដង្ហើមសេដ្ឋកិច្ចដ៏ធំ របស់កម្ពុជាក្រោយធ្វើការដឹកជញ្ជូនផ្លូវទឹកនេះរួចជាស្ថាពរនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃ​សាធារណរដ្ឋមីយ៉ាន់ម៉ា

2024/03/04 10:30:46 am        279
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម ច សូ មីន (Kyaw Soe Min) ឯក​អគ្គរដ្ឋ​ទូត​តែង​តាំង​ថ្មី នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមាន​ព្រឹទ្ធសភា​។ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និង​ក្នុង​នាម​សម្តេច​ផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម ច សូ មីន ដែលត្រូវបានឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាព នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេច​ប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ដ៏​ល្អរវាងប្រទេសទាំងពីរ។ កម្ពុជា-មីយ៉ាន់ម៉ា មានប្រវត្តិ​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​យូរលង់មកហើយ ប្រទេស និងប្រជាជន​ទាំងពីរ​គោរព​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ​ដូចគ្នា​។សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋមីយ៉ាន់ម៉ា ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជន​ទាំង​ពីរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃ​កម្ពុជា ត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បី​លើក​កម្ពស់​ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមក​នូវ​ផល​ប្រយោជន៍​ដ៏​ធំធេង​ទៅ​វិញ​ទៅ​មក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ក្នុងឱកាសនោះ ឯកឧត្ដម ច សូ មីន បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានជំនឿជឿជាក់ថា តាម​រយៈ​បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម​នឹង​ខិតខំ​រួម​ចំណែក​ពង្រឹង​ពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត៕

៦ខែបន្ទាប់ពីធ្វើជានាយករដ្ឋមន្រ្តី សម្តេច ទាក់ម៉ូយបានគម្រោងវិនិយោគ១៧២ ហើយទុនវិនិយោគជិត ៤ពាន់លានដុល្លារ

2024/03/04 10:07:44 am        406
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា ក្នុង​រយៈពេល ៦ខែ​បន្ទាប់​ពីកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានដើរទាក់ម៉ូយទាំងក្នុង និង​ក្រៅ​ប្រទេសបា​ន​ចំនួន ១៧២​គម្រោង ហើយទុនវិនិយោគសរុបជិតបួនពាន់លានដុល្លារអាមេរិក។ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែល ហ្សេឡង់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ចាប់ខែថ្ងៃទី២២ ខែ៨ ឆ្នាំ២០២៣ រហូតដល់ ខែ​មករា ឆ្នាំ២០២៤នេះ សម្តេចបានដើរទាក់ម៉ូយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ហើយ​ពេល​ដែល​គម្រោងខាងលើនេះត្រូវ បញ្ចប់នឹង​បង្កើត​ការងារ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជាង ១៩​ម៉ឺនកន្លែងផងដែរ។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា«ក្នុងរយៈពេលកន្លងមកនេះក្រុមហ៊ុនខ្លះ ដែល​កំពុងផលិតក្នុងប្រទេសស្រាប់(ប្រទេសកម្ពុជា) គេទុកចិត្តនូវស្ថេរភាពរហូតដល់ពង្រីកទុន ដោយខ្លះ ពង្រីកពីរទៅបីរយលានដុល្លារអាមេរិក ខ្លះទៀតពង្រីកប្រាំទៅប្រាំមួយរយលានដុល្លារ ដាក់​ពង្រីក​ទុនថែម ទៀតនៅក្នុងស្រុក ហើយបើគេមិនទុកចិត្តគេមិនពង្រីកនោះទេ... ហើយ​កាល​ណា​ពង្រីក​ទុន​ហើយគឺនឹង ពង្រីកការងារ បង្កើតចំណូលជូនប្រជាពលរដ្ឋ។ នេះគឺជានិរន្តរ​ភាព​ក្នុង​រយៈពេល​ប្រាំ​មួយខែមកនេះ»។នៅក្នុងចំពោះមុខបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរនៅអូស្រ្តាលី និងនូវែលហ្សេឡង់នោះដែរ សម្តេច​ធិបតី ក៏បានលើកឡើងផងដែរថា នៅថ្ងៃនេះឬថ្ងៃស្អែក សម្តេចក៏នឹង​មាន​ពិភាក្សា​ការងារ​ជាមួយ​ វិស័យឯកជននៅប្រទេសអូស្រ្តាលីបន្ថែមទៀតផងដែរ ដើម្បីទាក់ម៉ូយបន្ថែមទៀត ដោយ​តាម​គម្រោង សម្តេចនាយករដ្ឋមន្រ្តីនឹងជួបវិស័យឯកជនតាមរយៈវេទិកាធុរកិច្ចអូស្រ្តាលី-កម្ពុជា ដោយ​ទាំង​ក្រុមហ៊ុនខ្មែរ និងអូស្រ្តាលីប្រហែលជាងពីររយក្រុមហ៊ុន។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបចំពោះការរិះគន់ និងការលើក ឡើង​របស់បុគ្គលមួយចំនួនដែលតែងតែនិយាយថារាជរដ្ឋាភិបាលកម្ពុជា ដើរទាក់ទាញ​តែពួ​ក​អ្នក​វិនិយោគ​ចិន​នោះ គឺមិនមែនជាការពិតនោះទេ ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីអះអាងថា សម្តេច​ដើរ​ទាក់ម៉ូយគ្រប់ទីកន្លែងទាំងអស់ដោយមិនគិតថាប្រទេសណានោះឡើយ គឺ​សម្តេច​ធិបតី​ស្វាគមន៍​ជានិច្ចឲ្យតែទៅធ្វើការវិនិយោគនៅកម្ពុជា និងបានផលជូនដល់ប្រជាពលរដ្ឋកម្ពុជា៕ អត្ថបទ៖ បាន ចក់

ក្រុមហ៊ុនមួយរបស់អូស្រ្តាលីមានបំណងស្វែងរកការវិនិយោគនៅកម្ពុជាលើការគ្រប់គ្រងថាមពលអគ្គិសនី

2024/03/02 03:44:13 pm        435
ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy បានបង្ហាញបំណងរបស់ខ្លួនក្នុងការស្វែងរកឱកាសស្វែងការវិនិ យោគនៅកម្ពុជាលើការគ្រប់គ្រងថាមពលអគ្គិសនី ខណៈបច្ចុប្បន្នក្រុមហ៊ុនរបស់លោកក៏បានកំពុងដំ ណើរការជាមួយប្រទេសមួយចំនួនផងដែរនៅក្នុងតំបន់អាស៊ាន។នៅក្នុងកិច្ចជំនួបនោះលោក Mario Vecchio បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ហើយកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម ខណៈ នៅក្នុងប្រទេស អូស្ត្រាលី  ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម។ លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ក្រុមហ៊ុនរបស់លោកបានអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប់ការប្រើប្រាស់ថាមពលអគ្គីសនីប្រកបដោយប្រសិទ្ធភាព គុណភាពនិងសន្សំសំចៃខ្ពស់ហើយលោកមានបំណងវិនិយោគនៅកម្ពុជា ដោយសន្យានឹងនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនី។ថ្លែងនៅក្នុងកិច្ជជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន FreshStart Energy ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចធិបតីបានគូសបញ្ជាក់ថា គោលបំណងរបស់កម្ពុជា គឺមិនត្រឹមតែពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាមួយប្រទេសអូស្ត្រាលីប៉ុណ្ណោះទេ ថែមទាំងមានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិង ឯកជននៃប្រទេសទាំងពីរ(កម្ពុជា-អូស្រ្តាលី)ផងដែរ។ ចំពោះវិស័យថាមពលវិញ សម្ដេចធិបតីបានប្រាប់ដល់លោកនាយកប្រតិបត្តិក្រុមហ៊ុនថា បណ្ដាប្រទេសជាច្រើនទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកបានយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មវិស័យថាមពល ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យថាមពលនេះដែរ។ បន្ថែមពីនេះទៀត សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងរ៉ែ និងថាមពលដើម្បីស្ថាប័នទាំងពីរអាចជួយសម្របសម្រួល និងគាំទ្រដល់ការរៀបចំនូវគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ៕ អត្ថបទ ៖ បាន ចក់​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាដាក់ឱ្យអនុវត្តផ្លូវការកម្មវិធីហិរញ្ញប្បទានអាកាសធាតុ ដើម្បីរួមចំណែកដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ
06/18/2026 02:06 PM
អាជ្ញាធរខេត្តរតនគិរី បានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី
06/18/2026 02:06 PM
សំណុំរឿងរំដោះអ្នកទោសនៅខេត្តស្វាយរៀង៖ ផ្តន្ទាទោសមនុស្សចំនួន ៨នាក់ ពី ១៨ខែ រហូតដល់ ១៤ឆ្នាំ
06/18/2026 01:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩
06/18/2026 01:06 PM
ក្រុមអ្នកAOTចុះសង្កេតការណ៍ផ្ទាល់នៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ទីតាំងរងការវាយប្រហារ និងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/18/2026 01:06 PM
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើលីបង់នៅតែបន្តទោះមានកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ក៏ដោយ
06/18/2026 01:06 PM
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មវស្សា ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា
06/18/2026 12:06 PM
Real Madrid ប្រកាសពីការផ្ទេរផ្លូវការ Bernardo Silva ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ
06/18/2026 12:06 PM
កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅជប៉ុន
06/18/2026 12:06 PM
ប្រទេសចិនសន្យាចាត់វិធានការឆ្លើយតប ក្រោយកោះតៃវ៉ាន់បើកដំណើរការគេហទំព័រស៊ើបការណ៍សម្ងាត់
06/18/2026 12:06 PM