សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី ៖«ការអភិវឌ្ឍធនធានមនុស្សចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព»

2023/12/19 01:00:43 pm        484
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក កាត្សឹណារី ម៉ាត្សឹដា (Katsunari Matsuda) នាយក​ក្រុមហ៊ុន Meiji Co., Ltd ចូលជួបស​ម្តែង​ការ​គួរសម​ក្នុង​ឱកាស​នៃ​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅ​ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងឱកាសនៃជំនួបនេះ លោក កាត្សឹណារី ម៉ាត្សឹដា បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ព្រម​ទាំង​បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពី​គម្រោង​នៃ​ការវិនិយោគរបស់ខ្លួនទាំងលើភាពសម្បូរបែបនៃផលិតផល និងទាំង​លើ​បច្ចេក​វិទ្យា​ទំនើប ​នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។ នៅក្នុងជំនួបនេះលោកអគ្គនាយក ក្រុមហ៊ុន Meiji ក៏បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​រាជរ​ដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង​ចំពោះដំ​ណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក កាត្សឹណារី ម៉ាត្សឹដា  និង​សហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងសេចក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន Meiji ដែល​បានបង្ហាញពីចំណាប់អារម្មណ៍ និងគ្រោងវិនិយោគនៅកម្ពុជានាពេលអនាគតខាងមុខ ដោយ សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុង​យក​ចិត្ត​ទុកដាក់​លើការ​អភិវឌ្ឍ​ធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះ​ការ​ផ្គត់ផ្គង់​ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង។ សម្តេច​នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយ​ធ្វើ​ការផលិតផ្ទាល់ ដើម្បីលក់នៅទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើជំនាញកសិកម្ម ដើម្បី​ចូល​រួម​លើក​កម្ពស់​ផលិត​ភាព​ក្នុងវិស័យនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លើសពីនេះ សម្តេចមហាបវរធិបតី ក៏ធ្វើការគូសបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាន និង​កំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង​វិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និង​ក្រប​ខ័ណ្ឌ​គតិ​យុត្តថ្មី​ៗ ​ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និង​ភាព​ទាក់​ទាញ​ដល់​វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ត​តំណាង​សហព័ន្ធ​សេដ្ឋកិច្ច​តំបន់កាន់សៃ​ជួយផ្សព្វផ្សាយ​ពីសក្តានុពល​កម្ពុជាដល់វិនិយោគិនជប៉ុន

2023/12/19 12:55:19 pm        961
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក អូបាយ៉ាស៊ី តាកេអុ (OBAYASHI TAKEO) ប្រធាន​ផ្នែ​កទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI​ CORPORATION ចូលជួបសម្តែងការគួរសម ក្នុងឱកាស​នៃ​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅ​ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងឱកាសនៃជំនួបនេះលោក អូបាយ៉ាស៊ី តាកេអុ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ព្រម​ទាំងបាន​ជម្រាបអំពីសកម្មភាពអាជីវកម្មរបស់សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជាពិសេស​សកម្មភាព​ការងារ​មួយចំនួនដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជា ការជួលជុល​ស្ពាន​មិត្ត​ភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ជាដើម។ ទន្ទឹមនេះលោកប្រធានបានជម្រាបផងដែរ អំពី​បំណង​ពង្រីក​វិនិយោគ​របស់​ខ្លួន​ក៏​ដូច​ជា​ជំរុញ​ទឹក​ចិត្ត​ក្រុម​ហ៊ុន​ជប៉ុន​ដទៃ​ឱ្យ​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។ លោកប្រធានក៏ជម្រាបជូន សម្តេចធិបតី ផងដែរ   អំពីគម្រោង​ពិព័រណ៍​សាកល​នៅ​ក្នុង​សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាឆ្នាំ២០២៤ ខាងមុខនេះ ជាមួយក្តីសង្ឃឹម​ថា​កម្ពុជា​នឹង​ចូល​រួម​ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ជាការឆ្លើយ​តបសម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក អូបាយ៉ាស៊ី តាកេអុ  និង​សហការី ព្រមទាំង​បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​សហព័ន្ធ​សេដ្ឋកិច្ច​តំប​ន់​កាន់សៃ ដែលប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសជាច្រើនក្នុងតំបន់កាន់សៃ មា​ន​បំណង​បោះទុន​វិនិយោគ​នៅ​កម្ពុជា ព្រមជាមួយនេះ សម្តេចបាន​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និង​ឱកាស​ក្នុង​ការ​ពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា។ ក្នុងឱកាសនោះសម្តេចធិបតីបានជ្រាបជូនផងដែរថា ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នឹង​រៀបចំ​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍ពិព័រណ៍សាកលក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃនាពេលខាងមុខនេះ។ លើស​ពី​នេះសម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង​វិនិយោគ​តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រម​ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល ក៏កំពុង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​សួន​ឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែ​ក្លាយ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅ​ជាកំ​ពង់​ផែ​ស្នូល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​។ បរិយាកាស​ទាំង​នេះ​ជាកា​រ​ជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាព​ទាក់​ទាញ​ដល់​វិនិយោគិន​ដែល​មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។សូមបញ្ជាក់ថា សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាស​ខ្នាត​យក្ស​ដែល​មា​នទីតាំងក្នុងតំបន់កាន់សៃ នៅភាគខាងលិចនៃប្រទេសជប៉ុន ក្នុងនោះរួមមានចំនួន ៧ ខេត្ត ដូចជា ខេត្តអូសាកា, ខេត្តក្យូតុ, ខេត្តហ្យូហ្កុ, ខេត្តណារ៉ា, ខេត្តស៊ីហ្កា, ខេត្តមិអិ និង​ខេត្ត​វ៉ាកាយ៉ាម៉ា ដោយក្រុមហ៊ុនយក្សទាំងអស់នោះ សុទ្ធសឹង​មាន​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជួបពិភាក្សាការងារជាមួយម្ចាស់ក្រុមហ៊ុន និងវិនិយោគិនជប៉ុនជាច្រើននាក់ព្រឹកនេះ

2023/12/19 12:31:27 pm        427
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន បាន​អញ្ជើញ​ចូលរួ​មសិក្ខា​សាលា​វិនិយោគ​កម្ពុជា​ឆ្នាំ​២០២៣ ស្តីពីបរិយាកាសវិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា និង​បន្ត​ជួប​ជាមួយ​បណ្ដាម្ចាស់ក្រុមហ៊ុន និងវិនិយោគិនជប៉ុនជាច្រើនរូប ដើម្បីពិភាក្សាការងារ និ​ង​ផ្សព្វ​ផ្សាយ​ពី​សក្តានុពលវិនិយោគនៅកម្ពុជាដល់បណ្តាវិនិយោគិនជប៉ុន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអញ្ជើញ​ចូលរួម​សិក្ខាសាលា​វិនិយោគកម្ពុជាឆ្នាំ ២០២៣ ស្តីពី​បរិយាកាស​វិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា។ សិក្ខាសាលានេះ បានដើរ តួ​សំខាន់​ក្នុង​ការជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការធុរកិច្ច និងនវានុវត្តន៍, ការ​យោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ សិក្ខា​សាលានេះមានវិនិយោគិនចូលរួមសរុបចំនួនប្រមាណជិត ៧០០ នាក់ ក្នុងនេះវិនិយោគិន​ជប៉ុន​ចូល​រួមដោយផ្ទាល់ និងតាមអនទ្បាញមានចំនួនប្រមាណជាង ៦០០ នាក់ និងវិនិយោគិន​កម្ពុជា​ចំនួន​ប្រមាណជាង៨០នាក់។ សិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ មានការ​សហការ​រៀបចំ​ដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅ ប្រទេសជប៉ុន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងធនាគារមិស៊ូហ៊ុ (Mizuho) ដោយមាន ការចូលរួមដោយលោក អ៊ីស៊ីហ្គូរ៉ូ ណូរីហ៊ីគូ (ISHIGURO Norihiko) ប្រធាន និងជានាយកប្រតិបត្តិអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ព្រម​ទាំង​សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករនៃប្រទេសជប៉ុនផងដែរ។ក្នុងឱកាស​នេះ​ដែរ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ដល់វិនិយោគិនជប៉ុនថា កម្ពុជា​មាន​សក្តានុពល​ច្រើន រាជរដ្ឋាភិបាលបានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងបាន​បង្ក​លក្ខណៈងាយ​ស្រួល​សម្រាប់​អ្នក​វិនិយោគ​នៅ​កម្ពុជា​។សម្តេចធិបតី​បានលើកឡើងពីការយកចិត្តទុកដាក់ដល់វិស័យឯកជន ដែលរាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យឯកជនជាដៃគូរជាមួយនឹងរាជរដ្ឋាភិបាល។ សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិ​បាល​ក៏​នឹង​ពង្រឹងកិច្ច សន្ទនាជាមួយវិស័យឯកជនឱ្យកាន់តែខ្លាំងឡើងតាមរយៈការរៀបចំ វេទិកា​រាជ​រដ្ឋាភិបាល និងវិស័យឯកជនឱ្យបានទៀងទាត់ ដោយ​សម្តេច​អញ្ជើញ​ធ្វើ​ជា​អធិបតី​ដោយ​ផ្ទាល់​ផង​ដែរ​។សម្តេចនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជប៉ុនចូលមកសិក្សា និង​វិនិយោគ​នៅ​កម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ការគាំទ្រ និង​កិច្ច​សម្រប​សម្រួល​គ្រប់រូបភាព ដើម្បីឱ្យធុរជន និងអ្នកវិនិយោគបរទេស អាចធ្វើធុរកិច្ច និងវិនិយោគ​នៅ​កម្ពុជា​ប្រកប​ដោយ​ផ្លែផ្កា និងរីកចម្រើន។បន្ទាប់ពីបានចូលរួម​សិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ស្តីពីបរិយាកាសវិនិយោគ និង​សក្តានុពល​នៃការធើ្វធុរកិច្ចនៅកម្ពុជា សម្ដេចធិបតី​នាយករដ្ឋ​មន្ដ្រី​បាន​បន្ត​អនុញ្ញាត​ឲ្យ​បណ្ដា​ម្ចាស់​ក្រុម​ហ៊ុន និងវិនិយោគិនជប៉ុនជាច្រើនរូបចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សូម​ជម្រាបថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនង ការទូត រវាងកម្ពុជា និង​ជប៉ុន​។ ប្រទេស​ទាំងពីរ​បាន​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជាភាព​ជាដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ដែលឆ្លុះបញ្ចាំងពីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និ​ង​ជំនឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មកដែលត្រូវបានកសាង អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ជប៉ុនគឺដៃគូពាណិជ្ជកម្ម និង​វិនិយោគដ៏ធំជាងគេបង្អស់មួយរបស់កម្ពុជាហើយក៏ជាប្រទេសផ្តល់ជំនួយដ៏ធំជាងគេមួយផងដែរ ដែល​បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម កម្ពុជា ចាប់តាំង​ពី​ការ​កសាង​ប្រទេសឡើងវិញដំបូង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន​នៅក្នុងកិច្ចប្រជុំកំពូលរំលឹក​ខួបអនុស្សាវរីយ៍​អាស៊ាន-ជប៉ុន

2023/12/19 09:47:04 am        557
តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ៊្វីមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រី​ជប៉ុន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នៅទីក្រុងតូក្យូ។ប្រមុខរដ្ឋ/រដ្ឋាភិបាលបានពិនិត្យឡើងវិញលើទំនាក់ទំនងអាស៊ាន-ជប៉ុនក្នុងរយៈពេល ៥០ ឆ្នាំ​កន្លង​មក​ជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីប្រកាសចក្ខុវិស័យ និងផែន​ការ​អនុវត្តន៍​នៃទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រដែលបានអនុម័តកាលពីឆ្នាំ២០១៣។កិច្ចប្រជុំ​កំពូលរំលឹកខួបអាស៊ាន-ជប៉ុនបានអនុម័តនូវឯកសារដ៏សំខាន់ចំនួន ២ ដែលជាឯកសារ​គោល​តម្រង់​ទិសនៃការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយ​បន្ថែម​ទៀត​ក្នុង​ការ​បើកទំព័រថ្មីនៃទំនាក់ទំនងអាស៊ាន-ជប៉ុនសម្រាប់ការលើកតម្កើងសន្តិភាព ការរីក​ចម្រើន​រួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់រយៈពេល ១០ ឆ្នាំ ទៅមុខទៀតរួមមាន៖ ១)សេចក្តីប្រកាសចក្ខុវិស័យរួមស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖​ដៃគូដែល​ជឿទុក​ចិត្តគ្នា និង ២) ផែនការ អនុវត្តន៍នៃសេចក្តីប្រកាសចក្ខុវិស័យរួមនេះ។នៅក្នុងកិច្ច​ប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុននេះសម្ដេចធិបតីបានវាយតម្លៃខ្ពស់ ចំពោះដំណើរ​ដ៏​វែង​ឆ្ងាយ​របស់អាស៊ាន និងជប៉ុនដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើ «សាមគ្គីភាព ក្នុង​ភាព​ចម្រុះ និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ «កម្លាំងនៃសន្តិភាព» ដែល​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​រួម​គ្នាធ្វើ​ដើម្បី​ធានា​ថា​តំបន់​នេះ​នឹង​មិន​ក្លាយ​ជា​វេទិកា​ថ្មី​មួយ​ទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។សម្ដេចធិបតីបានកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការ​គាំទ្រ​របស់​ជប៉ុន​ក្នុង​ការ​អនុវត្ត​អាទិភាព​ទាំង​៤ នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមាន​កិច្ច​សហប្រតិបត្តិការ​លម្ហ​សមុទ្រ​ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ច​សហប្រតិបត្តិការ​នៅក្នុងវិស័យ ផ្សេងទៀត និងត្រៀមខ្លួនជាស្រេច​ដើម្បី​ចូល​រួម​ក្នុង​ការ​បង្កើន​សហ​ថាមពល និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) និងចក្ខុវិស័យថ្មីរបស់ជប៉ុនស្តីពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ឆ្លៀត​ក្នុងឱកាសនោះសម្ដេចធិបតីក៏បានសម្តែងនូវកង្វល់ពីការបន្តបាញ់សាកល្បងមីស៊ីល អន្តរទ្វីប​ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ចូលរួមក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយ​សន្តិ​វិធី​ដើម្បី​ជំរុញ​ការរំសាយ​អាវុធ​នុយ​ក្លេអ៊ែរដោយពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់ថយក្រោយសំដៅធានា សន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ សម្តេចធិបតីក៏បានអំពាវនាវឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័សលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន​ដើម្បីពួកគេអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។សម្រាប់​ការ​ជំរុញភាពជាដៃគូចិត្ត និងចិត្តគ្រប់ជំនាន់ សម្តេចធិបតី​បាន​ស្នើ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសតាមរយៈកម្មវិធីអប់រំ និងការ​បង្កើន​នូវ​ការ​យល់​ដឹងទូលំទូលាយរួមទាំងការគាំទ្រដល់វិស័យវប្បធម៌ សិល្បៈ និងកម្មវិធី​ផ្លាស់ប្តូរ​ទំនាក់​ទំនង យុវជនអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាព និងភាពធន់របស់យុវជន។ សម្ដេចធិបតី ក៏បាន​លើក​ទឹក​ចិត្តភាគីជប៉ុនបន្តគាំទ្រគម្រោងបណ្ណសារដ្ឋានបេតិកភណ្ឌវប្បធម៌ឌីជីថលអាស៊ាន និង​ការ​អនុវត្តសេចក្ដីប្រកាសអាស៊ានស្ដីពីសមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ។ចំពោះ​ភាពជាដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ចនិងសង្គមនាពេលអនាគត សម្តេចធិបតី​បាន​សង្កត់​ធ្ងន់​លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានតម្លាភាព សមភាព និង​ផ្អែក​លើវិធានច្បាប់ ព្រមទាំង​បញ្ជាក់​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​ការ​ប្រើប្រាស់​ក្រប​ខ័ណ្ឌ​ពាណិជ្ជកម្ម ពហុភាគី​ដឹក​នាំ​ដោយ​អាស៊ាន​ដែល​មាន​ការ​ចូលរួម​យ៉ាង​សកម្មពី​ដៃគូ​ទាំង​ឡាយ​ឱ្យ​អស់​សក្តានុពល តួយ៉ាងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP)។សម្ដេចធិបតី ក៏បានសម្តែងការគាំទ្រដល់គំនិតផ្តួចផ្តើមសហបង្កើត​ឧស្សាហក​ម្ម​យានយន្ត​ជំនាន់​ថ្មី​អាស៊ាន-ជប៉ុន (ASEAN-Japan Next Generation Automotive Industry Co-Creation Initiative) និងគម្រោងរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ក្នុងការកៀរគរមូលនិធិ ៣៥ ពាន់​លាន​ដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុង​តំបន់​អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជាការតភ្ជាប់ អន្តរកាលបៃតង ការ​ប្រែប្រួល​អាកាស​ធាតុ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមជាដើម។ ការគាំទ្រគំនិត​ផ្តួច​ផ្តើម​ទាំងអស់​នេះ​នឹង​រួម​ចំណែកដល់ការអនុវត្តន៍កម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការនាំមកនូវកាលានុវត្តភាពថ្មីៗ និង​ការ​បង្កើត​ឱកាសការងារ។នៅក្នុងឱកា​ស​នោះនាយករដ្ឋមន្ត្រីជប៉ុនក៏បានប្រកាសផងដែរនូវសកម្មភាពថ្មីក្រោមកម្មវិធី «ភាព​ជា​ដៃ​គូ​ដើម្បីកសាងអនាគត» ដែលមានទឹកប្រាក់ចំនួន ៤០ ពាន់លានយ៉េន ស្នើនឹងប្រមាណ៧ ២៨១,៤៤ លានដុល្លារ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ និងគម្រោង​ដែល​មាន​ទឹក​ប្រាក់​មុន​ចំនួន​ ១៥ ពាន់លានយ៉េន (ប្រមាណ ១០៥,៥៤ លានដុល្លារ) សម្រាប់កិច្ចការស្រាវជ្រាវ អន្តរជាតិ និងការផ្លាស់ប្តូរការបណ្តុះបណ្តាលមូលធនមនុស្ស។ជាការឆ្លើយ​តបសម្តេចធិបតី បានគាំទ្រគំនិតផ្តួចផ្តើមទាំងពីរនេះ និងបានបង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់កម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។សម្រាប់វិស័យថាមពល កម្ពុជាបាន​បញ្ជាក់​ពីជំហរឹងមាំ​ជាមួយ​នឹង​សហគមន៍​បំភាយ​ឧស្ម័ន​សូន្យ​អាស៊ី (Asia Zero Emission Community) ក្នុងការជំរុញអន្តរកាលថាមពលស្អាត និងសមធម៌ ដើម្បី​ឆ្ពោះទៅ​រកសង្គមអព្យាក្រឹតកាបូន និងការបំភាយឧស្ម័នសូន្យនៅអាស៊ី។ មូលដ្ឋានគ្រឹះ​នៃ​អន្តរកាល​ថាមពលរបស់កម្ពុជា គឺស្របគ្នាជា​មួយ​នឹង​សកម្មភាព​រួម​ដែល​ជា​ចក្ខុវិ​ស័យ​នៃ​សហគមន៍​បំភាយឧស្ម័នសូន្យអាស៊ី កម្ពុជាជឿជាក់លើ​កិច្ច​សហការ​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និងយល់ស្របអំពីវិធី​សាស្ត្រ​ដែល​ផ្អែក​ទៅ​តាម​ស្ថានភា​ព​តំបន់​ និង​សង្គម​របស់​ប្រទេស​នីមួយៗ។ក្នុង​នោះយុទ្ធសាស្ត្រ អព្យាក្រឹតកាបូនរបស់កម្ពុជាឈរលើសសរស្ដម្ភចំនួន ៣ រួមមាន៖ ការបង្កើន សមាមាត្រនៃថាមពលកកើតឡើងវិញ ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការ​ពង្រីក​អគ្គិសនី ភាវូបនីយកម្ម។ ស្របពេលកម្ពុជាកំពុងធ្វើការកែលម្អ កម្ពុជាមានការតាំងចិត្តខ្ពស់ មាន​ចក្ខុ​វិស័យ ច្បាស់លាស់ ដើម្បីសម្រេចឱ្យបានអនាគតថាមពលមួយប្រកបដោយចីរភាព វិបុលភាព និង​ស្អាត​​សម្រាប់ប្រទេសជាតិរបស់យើង និងតំបន់៕

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian ប្រទេសចិន

2023/12/19 08:43:40 am        474
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ក​ម្ពុជា​ សព្វព្រះរាជហឫទ័យ ស្តេចយាង​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី១៩ធ្នូ ដើម្បីស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅខេត្ត Fujian នៃ​សាធារណរដ្ឋប្រជាមានិតចិន។អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ ដល់អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ក្រុម​ឧត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី ព្រម​ទាំង​វត្ត​មាន​សម្តេច​ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ព្រះរាជវង្សានុវង្ស និង មន្ត្រីអ្នកមុខ អ្នកការនៃរាជរដ្ឋាភិបាលមួយចំនួនទៀត។យោងតាមព្រះរាជសារដែលឡាយព្រះហត្ថលេខាកាលពីថ្ងៃទី១៨ធ្នូ របស់ព្រះករុណាព្រះ​បាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន​ជន​រួម​ជាតិ មានព្រះរាជខ្លឹមសារថា ព្រះអង្គសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំង​ពីរ​គណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស នៅ​ថ្ងៃ​ទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃ​សាធារណរដ្ឋប្រជាមានិតចិន ។នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយព្រះអង្គក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏ បានថ្វាយ​ព្រះ​ពរ​ចំពោះ​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជន​រួម​ជាតិ​ទាំង​អស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគ្រប់ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាទំនាក់ទំនងជាយុទ្ធសាស្រ្តមួយ ដែលកើតចេញ និង​រីក​ចម្រើនឡើងជាលំដាប់ ដោយកត្តាប្រវត្តិសាស្រ្ត ភូមិសាស្រ្តនយោបាយ និង សេដ្ឋកិច្ច ហើយ​ក៏​ជាកត្តាដែលទាញភ្ជាប់ប្រទេសទាំងពីរឱ្យ​ខិតរកគ្នា​ដែល​ផ្តល់​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ឱ្យ​គ្នា​ទៅ​វិញទៅមក ហើយតាមរយៈព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រ​ខ្មែរ​ទៅ​កាន់​ខេត្ត​Fujian នៃសាធារណរដ្ឋប្រជាមានិតចិននៅពេលនេះនឹងនាំមកនូវផ្លែផ្កាជាវិជ្ជមាន នៃកិច្ចសហប្រតិបត្រិការលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត៕

មនុស្សជាង១០០នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសចិន ភាគពាយ័ព្យ

2023/12/19 07:49:07 am        719
សារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារទី១៩ខែធ្នូនេះថា មនុស្ស១១១នាក់បានស្លាប់ ក្នុងការរញ្ជួយដីពេលយប់នៅខេត្ត កានស៊ូ( Gansu ) ភាគពាយ័ព្យរបស់ប្រទេសចិន ។សារព័ត៌មានរដ្ឋ CCTV បាននិយាយថា យោងតាមទីស្នាក់ការកណ្ដាលសម្រាប់ផ្ដល់ជំនួយគ្រោះរញ្ជួយដីរបស់ខេត្តនេះ មានអ្នករបួសជាច្រើននៅក្នុងខេត្តនេះ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ។  យោងតាមសារព័ត៌មាន CCTV មនុស្ស១១នាក់ ផ្សេងទៀត ក៏បានស្លាប់ផងដែរ និងជាង១០០នាក់រងរបួស នៅក្នុងទីក្រុងហៃទុង (Haidong) នៅក្នុងខេត្តជិតខាង ឈីង ហៃ( Qinghai)។

ក្រុមហ៊ុនមីនេបៀរបស់ជប៉ុននឹងពង្រីកអាជីវកម្មខ្លួនបន្ថែមនៅកម្ពុជាខណៈរាជរដ្ឋាភិបាលប្តេជ្ញាពង្រឹងបរិស្ថានវិនិយោគបន្ថែម

2023/12/18 07:45:26 pm        135
ជប៉ុន ៖ លោកកៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) បានសន្យាពង្រីកអាជីវកម្ម របស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានបង្ករលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនលោកឱ្យដំណើរការដោយរលូនហើយក៏ស្របពេលរាជរដ្ឋាភិបាលបានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឲ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀតនោះ។ក្នុងឱកាសជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនMinebea និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាជាដើម។លោកអគ្គនាយក ក្រុមហ៊ុនក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា «ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្ត ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនថែមទៀតនៅកម្ពុជា»។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល សូមអរគុណចំពោះក្រុមហ៊ុនដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា ដោយសម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក។សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងផងដែរថារាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់។ ហើយលើសពីនេះ «រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត»៕ ដោយ ៖ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គីស៊ីដា ហ្វូមីអូ អញ្ជើញជាអធិបតីភាព​ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៧

2023/12/18 02:00:06 pm        446
នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន ក្នុងពិធីចុះអនុស្សរណៈ នៃ​ការ​យោគយល់គ្នា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន ក្នុងនោះរួមមាន៖១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការ​លើកកម្ពស់​រដ្ឋាភិបាល​អេឡិច​ត្រូនិក២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់​ផលិតផែនទី​នាវាចរណ៍​អេឡិចត្រូនិក៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និង​គមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា៥-អនុស្សរណៈរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code៦-អនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា)៧-អនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស ។

ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត​ពីប្រទេសកម្ពុជា

2023/12/18 12:27:05 pm        368
នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់​ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានអបអរសាទរចំពោះសម្តេចធិបតី ដែល​ត្រូវ​បាន​រដ្ឋសភាបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី និងបានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជាសមាជិកសភា នៃ​​សម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​ជម្រាប​ជូន​អំពី​សកម្មភាព​របស់​សម្ព័ន្ធសភា ដែលកន្លងមកបាន​សហការ​បំពេញ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ស្ថាន​ទូត​កម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឱ្យកាន់​តែ​ស្អិត​រមួត​ថែម​ទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួន រួមមានជាអាទិ៍÷ វិស័យកសិកម្ម, សុខាភិបាល, ថាមពល, ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម ។ ពាក់ព័ន្ធ​នឹង​ផលិត​ផល​កសិកម្ម សម្ព័ន្ធសភា បានគូសបញ្ជាក់ថា ក្រុមហ៊ុន​ជប៉ុន​មាន​បំណង​បង្កើន​ការ​នាំ​ចូល​គ្រាប់​ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា។ជាការ​ឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមន្សរីករាយ ដែលបានជួបឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា សាជាថ្មី បន្ទាប់ពីជំនួបចំនួន ២ លើក​កន្លង​មក នៅពេលដែល សម្តេចធិបតី បំពេញកិច្ចការយុវជន និង​ក្នុង​មុខ​តំណែង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ សម្តេចធិបតី បានលើកឡើងថា ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៧០ នៃចំណង​ការ​ទូត និងជាឆ្នាំដ៏ពិសេសដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានដំឡើងទៅជា “ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាកម្រិតល្អប្រសើរបំផុត នៃទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយក៏បានរំឭកផងដែរអំពីការជួយឧបត្ថម្ភគាំទ្ររបស់ជប៉ុន នៅក្នុងដំណើរការកសាង និង​អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រាប់ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព។ ក្នុង​ន័យនេះ សម្តេចធិបតី ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរឹងមាំ និង​ភាព​រីក​ចម្រើន​នៃ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ទាំងក្នុងផ្នែកស្ថាប័ននីតិប្បញ្ញត្តិ, ស្ថាប័ន​នីតិប្រតិបត្តិ, ធុរកិច្ច និងធុរកិច្ច ក៏ដូចជារវាងប្រជាជន និងប្រជាជន ព្រមទាំង​បាន​គូស​បញ្ជាក់​ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះប្រទេសជប៉ុន ត្រូវ​បាន​រក្សាដូចអាណត្តិមុនៗផងដែរ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់​ទំនង​ដែល​មាន​ស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះ ឱ្យបានកាន់​តែ​រឹងមាំ​បន្ថែម​ទៀត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម នៅទីក្រុងតូក្យូ

2023/12/18 09:32:45 am        684
តូក្យូ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធា​នក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាស​នៃ​ការ​ចូលរួ​ម​កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងឱកាសនៃជំនួបនេះ លោក កូជីម៉ា ម៉ាសាណូប៊ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែង​ការ​គួរ​សម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃការបណ្តុះបណ្តាល និងនាំ​យក​កម្ម​សិក្សា​ការី​ខ្មែរ ទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន ។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏​បាន​បើក​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែង​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការ​ផ្សព្វ​ផ្សាយ​អំ​ពី​ផលិត​ផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និង​ការ​សម្រ​ប​សម្រួល​ធុរកិច្ចពាណិជ្ជកម្ម ជាដើម ។ លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនផងដែរ អំពី​គម្រោង​នៃ​ការពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់​បម្រើដល់ការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បី​បង្កើន​នូវ​ការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅ​លើ​ក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ និងក្តីរីករាយ ចំពោះជំនួបជាមួយ កូជីម៉ា ម៉ាសាណូប៊ូ និងសហការី ព្រមជាមួយនឹងការអរគុណចំពោះក្រុមហ៊ុន ដែល​បាន​បណ្តាក់​ទុន​វិ​និយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនេះ គឺជាការ​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ថ្លែងអំណរ​គុណ​ក្រុម​ហ៊ុន​ផងដែរ ចំពោះការចូលរួមចំណែកនៅក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូន​កម្ម​សិក្សា​ការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ក្រសួង​ពាណិជ្ជ​កម្មកម្ពុជា ដែលនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ចំពោះកម្ពុជា ទាំង​ចំពោះ​មុខ និងរយៈពេលវែង ។ ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែល​ផ្តល់​នូវ​ប្រាក់​ចំណូល​ និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹង​ក្លាយ​ជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់​ប្រទេស​កម្ពុជា​នាពេលអនាគត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM