សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

2023/12/11 08:25:55 am        267
តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម វៀតណាម នៅថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣។អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា៖សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំ ទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលនេះ បានបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាង កម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ។សម្តេចធិបតីនឹងដឹកនាំប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលធ្វើមាតុភូមិនិវត្តវិញនៅប្រមាណម៉ោង៧យប់ថ្ងៃទី១២ធ្នូស្អែកនេះ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន អញ្ជើញបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា

2023/12/09 10:35:26 am        146
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បាន អញ្ជើញជាអធិបតីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលសន្និបាតនេះ មានរយៈពេល២ ថ្ងៃ គឺថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ២០២៣៕

គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ

2023/12/09 10:30:20 am        167
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៩ធ្នូនេះ គណបក្សប្រជាជនកម្ពុជា បានបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរយៈពេល២ថ្ងៃក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សនិងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាដែលមានសមាសភាពចូលរួមសរុប ៣.៦០០រូប ។មហាសន្និបាតដែលប្រារព្ធនៅវិមាន ៧មករា រាជធានីភ្នំពេញ សម្ដេចពញាចក្រី ហេង សំរិន បានអញ្ជើញថ្លែងបើកមហាសន្និបាត ដោយគូសបញ្ជាក់ថា៖ ការប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនាពេលនេះ នៅក្នុងដំណាក់កាលដ៏ពិសេសដែលរដ្ឋសភា នីតិកាលទី៧ ទើបបានបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឥស្សរជនបន្តវេនវ័យក្មេង បន្ទាប់ពីគណបក្ស បានគិតគូរត្រៀមទុកជាមុនជាយូរមកហើយ។ ការត្រៀមលក្ខណៈសម្រាប់ការបន្តវេន គឺជារឿងចាំបាច់ ហើយពេលវេលាដែលត្រូវប្តូរជំនួសគ្នា ក៏ត្រូវបានពិនិត្យពិច័យយ៉ាងល្អិតល្អន់ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍបន្តទៀត។សម្ដេចបន្តថា ការវិវត្តនៃសភាពការណ៍កម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣% បានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុត ព្រោះអង្គទាំងបីនេះ គឺជាប្រធានបទគោលចម្បងដែលយើងបានធ្វើការឃោសនានៅពេលបោះឆ្នោត។ ដូច្នេះ គឺពិតជាផ្ដើមពីលទ្ធផលនៃការបោះឆ្នោតនេះហើយ ដែលអនុញ្ញាតឱ្យគណបក្ស កំណត់ពេលវេលាជាក់លាក់ សម្រាប់ការបន្តវេនរបស់ជំនាន់ថ្មី គឺត្រូវចាប់ផ្តើមពីដើមនីតិកាលទី៧ នៃរដ្ឋសភានេះតែម្តង ។សម្ដេចចក្រី បានបន្ថែមថា៖បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧បានចាប់បដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ខែហើយ ហើយពិតណាស់ថា ក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។ ទន្ទឹមនេះ អ្វីដែលបានចេញដំណើរភ្លាមដែរនោះ គឺកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ សង្គម សេដ្ឋកិច្ច ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គមមាសដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាការសន្និដ្ឋាន ការចេញដំណើររបស់ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្តនិងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិយើង។សម្ដេចបានបន្តថា ក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គមហាសន្និបាកទាំងមូលសូមសម្តែងនូវគារវភក្តី និងកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះអង្គ ប្រទេសកម្ពុជាមានសេចក្តីសុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរ។ យើងទាំងអស់គ្នា សូម បួងសួងថ្វាយព្រះពរព្រះអង្គទាំងទ្វេរ មានព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះរាជទីឃាយុយឺនយូរ ដើម្បី គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរតរៀងទៅ។អង្គមហាសន្និបាតសូមកោតសរសើរ និងគោរពដឹងគុណមិនអាចបំភ្លេចបានចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដែល បានលះបង់និងជួយបង្កលក្ខណៈគ្រប់យ៉ាងឱ្យអ្នកជំនាន់ក្រោយបានបន្តវេនដោយរលូន តាមរដ្ឋធម្មនុញ្ញ និងតាមនីតិវិធីច្បាប់។ អង្គមហាសន្និបាតក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងអស់នៅគ្រប់ទិសទី ដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាពចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល ហើយសង្ឃឹមថា ការជួយនេះនឹងមានជាបន្តទៀត ដើម្បី ផលប្រយោជន៍ប្រទេសជាតិយើង ។ជាមួយនេះ អង្គមហាសន្និបាកក៏មិនភ្លេចថ្លែងនូវអំណរសរសើរដ៏ខ្ពង់ខ្ពស់បំផុតចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារចុះជួយមូលដ្ឋានគ្រប់លំដាប់ អង្គការមហាជន មន្ត្រី និង សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចរាល់ភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូន។ លើសពីនេះ ក៏សូមថ្លែងអំណរគុណដ៏ស្មោះអស់ពីចិត្តផងដែរចំពោះមិត្តភក្តិបរទេសជិកឆ្ងាយ ដៃគូអភិវឌ្ឍ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានរួម ចំណែកយ៉ាងធំធេងដល់បុព្វហេតុជាតិ និងប្រជាជនកម្ពុជា ៕ ដោយ ៖ មុត សុទ្ធ

សម្ដេចធិបតី៖ អង្គរជាព្រលឹងជាសម្បត្តិបេតិកភណ្ឌ និងវប្បធម៌របស់មនុស្សជាតិតែមួយគត់​នៅលើផែនដី

2023/12/08 01:59:52 pm        195
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែល​មាន​តែមួយ​គត់​នៅ​លើ​ផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរ រីឯប្រជាជនជាអាយុជីវិតជាតិ ដែល​រាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និងការពារ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​មក​រស់​នៅ​ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទើ្បងថា កន្លងមក មាន​សំណួរ «រវាងប្រាសាទអង្គរ និងប្រជាជន ដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ, តើ​រាជ​រាដ្ឋាភិបាល​ជ្រើស​រើសយកមួយណា?» ជាចម្លើយ, រាជរដ្ឋាភិបាលពុំចាំបាច់​ត្រូវធ្វើការ​ជ្រើសរើស​យក​មួយ​ណានោះ​ទេ គឺយកទាំងពីរ ព្រោះថា៖ អង្គរជាព្រលឹង, ជាសម្បត្តិបេតិកភណ្ឌជាតិ និងជា​វប្បធម៌​របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យ​វប្បធម៌​អរិយធម៌​ដ៏រុងរឿង​នៃ​ប្រជាជាតិ​ខ្មែរយើង។ ចំពោះប្រជាជន គឺជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាល​មាន​កាតព្វ​កិច្ច​បម្រើ និង ការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប, គ្រប់ក្រុមគ្រួសារ, គ្រប់​និន្នា​ការនយោបាយ, និងជំនឿសាសនា ដោយមិនរើសអើងពណ៌សម្បុរ ។ បើមិនមានប្រជាជន គឺ​មិន​មានប្រជាជាតិដ៏ឧត្តុង្គឧត្តមភរបស់យើងនោះទេ ។សូមបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ១៩៩១ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បាន​ស្នើ​ដល់សហគមន៍អន្តរជាតិឱ្យជួយស្តារ និងអភិរក្សតំបន់អង្គរ ។ ឆ្លើយតប​នឹង​សេចក្តី​អំពាវ​នាវ​របស់​សម្តេចព្រះបរមរតនកោដ្ឋ, អង្គការយូណេស្កូ​បាន​បញ្ជូន​ក្រុម​ការងារ​ជំនាញ​ជា​បន្ត​បន្ទាប់​មក​កម្ពុជា ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតជាក់ស្តែងរបស់អង្គរ និងបាន​សម្រេច​​ដាក់​បញ្ចូល​អង្គរ​ទៅ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​១៩៩២ ។ បន្ទាប់មក, យន្តការ ICC-Angkor ត្រូវបានបង្កើតឡើង ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សហការ​យ៉ាងស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួន ក្នុងការរៀបចំ​អនុវត្ត​គម្រោង​ជួសជុល​ប្រាសាទ​មួយ​ចំនួនជាបន្ទាន់ និងជាបន្តបន្ទាប់ ដើម្បីធ្វើការអភិរក្ស និងរក្សានិរន្តភាពនៃប្រាសាទ ឱ្យ​នៅ​ឈរត្រដែតបង្ហាញនូវភាពអស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គណៈកម្មាធិការ​អាយ​ស៊ីស៊ីអង្គរ (ICC-Angkor), រមណីយដ្ឋានអង្គរត្រូវ​បាន​ស្រោច​ស្រង់​ឱ្យ​រួច​ផុត​ពី​ស្ថានភាពគ្រោះថ្នាក់ និងត្រូវបានដកចេញ​ពី​បញ្ជីបេតិកភណ្ឌ​ពិភព​លោក​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ខែកក្កដាឆ្នាំ២០០៤, ហើយបន្ទាប់មក ឧទ្យានអង្គរត្រូវ​បាន​ចារឹក​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក មកដល់ពេលនេះ ៕

តំបន់​អភិវឌ្ឍន៍រុនតាឯក ផ្តល់ការរស់នៅសមរម្យដល់បងប្អូន ពូមីង តាយាយ

2023/12/08 01:49:50 pm        716
សៀមរាប៖ វឌ្ឍនភាព នៃការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធ និងសំណង់ចាំបាច់នានា នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក បាននិងកំពុងដំណើរការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមកដល់​ពេល​នេះ​បាន​សម្រេច​តាម​ផែនការ១០០% លើការងារអាទិភាពមួយចំនួនដូចជា៖ ការ​តភ្ជាប់​បំពង់​មេ​បញ្ជូន​ទឹកស្អាត ការតភ្ជាប់បណ្តាញមេផ្គត់ផ្គង់អគ្គិសនី ការស្ថាបនាផ្លូវក្រួសក្រហម ការ​កសាង​សាលា​រៀន​ពីបឋមដល់វិទ្យាល័យ ការសាងសង់មណ្ឌលសុខភាព ដែលមានអគារជំងឺទូទៅ អគារ​សម្ភព និងអគារស្នាក់នៅគ្រូពេទ្យ ព្រមទាំងការដំឡើងបង្គោលអង់តែនទូរស័ព្ទផងដែរ។ជាមួយគ្នានេះ បាននិងកំពុងបន្តអនុវត្តតាមផែនការ នូវការងារចម្បងៗមួយចំនួនទៀត ជា​អាទិ៍​សាង​សង់​ផ្លូវបេតុងលើផ្លូវក្រួសក្រហមសម្រេចបាន ៧៤, ៣៦% ការសាងសង់ផ្សារ ៨ខ្នង លើ​ផ្ទៃដី ៤,២៤ហិកតា សម្រេចបាន ៨០% ការកសាងវត្តរុនតាឯក លើផ្ទៃដី ៣ហិកតា សម្រេចបាន ៩៥% រួមមាន ព្រះវិហារ, ឧបដ្ឋានសាលា និងកុដិ ការសាងសង់មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី លើ​ផ្ទៃដី៤,៣៨ហ.ត សម្រេចបាន ៨៥% ការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋ ចំនួន ៤ ៤៤២ គ្រួសារស្នើ ៧៥, ៧៣% ។ សមិទ្ធផលទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលអាណត្តិមុន និង​ត្រូវ​បានពូនជ្រុំបន្តទៀតដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដ៏ ឈ្លាសវៃ ប្រកប​ដោយ​ចក្ខុ​វិស័យ​វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែលនឹងធ្វើឱ្យតំបន់អភិវឌ្ឍន៍ថ្មីនេះ ក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រ និង ជាមរតក​ដ៏​ថ្លៃថ្លា ហើយនឹងក្លាយជាបុរីជនបទគំរូ ដែលប្រជាពលរដ្ឋ​អាច​ទទួល​បាន​សិទ្ធិ​លើ​កម្ម​សិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើន ជាងមុន និងជីវភាពរស់នៅល្អប្រសើរជាងមុន៕

អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

2023/12/07 02:50:22 pm        75
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។​ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម។  ឯកឧត្តមក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែល ឯកឧត្តម ក៏បានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថានៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលតែងបានគាំទ្រដល់តួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងរយៈកាលកន្លងមក ព្រមទាំងបានលើកឡើងអំពីគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអភិវឌ្ឍប្រទេស បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញ ចាប់តាំងពីចុងឆ្នាំ១៩៩៨ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕ ដោយ ៖ ដារា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំដំបូងជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

2023/12/06 11:30:33 am        250
ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន ២៩ ក្នុងនោះមាន​ទាំងគណបក្សប្រជាជន​កម្ពុជា​ផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូ​គណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២ នាក់។គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ មានដូចជា៖ គណបក្ស ប្រជាជនកម្ពុជា, គណបក្ស ខ្មែររួបរួមជាតិ, គណបក្ស ពន្លឺថ្មី, គណបក្ស សញ្ញាតិកម្ពុជា, គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្ស នគរប្រជាធិបតេយ្យ, គណបក្ស រស្មីខេមរា, គណបក្ស ខ្មែរសាធរណរដ្ឋ, គណបក្ស ហ៊ុនស៊ិនប៉ិច, គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្ស យុវជនកម្ពុជា, គណបក្ស ធម្មាធិបតេយ្យ, គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា, គណបក្ស ខ្មែរតែមួយ, គណបក្ស កម្លាំប្រជាធិបតេយ្យ រួមនឹងគណបក្សនយោបាយចំនួន ១៤ គណបក្សទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កិច្ចប្រជុំជា​លើក​ដំបូង​រវាង​សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថ្ងៃនេះ មានការ​ថ្លែង​សុន្ទរកថាបើករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយលើកឡើង​នូវ​ចក្ខុវិស័​យ​នៃកា​ររួ​ម​ចំណែក​របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលជាយន្តការពហុគំនិតក្រៅរដ្ឋសភា ក្នុង​ការលើកស្ទួយប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងឱកាសនោះ ក៏បាន​បើក​ឱ្យ​មាន​ការ​ថ្លែង​មតិ​របស់​ប្រធានប្រតិភូគណបក្សនីមួយៗ ដែលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់​យោបល់ ហើយបន្ទាប់មក នឹងមានពិធីពិសាភោជនាអាហារសាមគ្គីរវាងសម្ដេចធិបតី និង​បណ្ដា​ប្រតិភូ​ទាំង​អស់ផងដែរ។សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ សមាសភាព​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្ដល់យោបល់ សម្រាប់អាណត្តិថ្មីនេះមានចំនួន ១៤៥ រូបមកពី​គណបក្ស​នយោបាយ​ចំនួន ២៩ ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជាផ្លូវការ ដោយក្នុង​នោះ​ប្រធាន​ប្រតិភូ​នៃ​គណបក្សនីមួយៗមានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈប្រតិភូ អមចំនួន៤រូបទៀត មាន​ឋានៈ​ពី​អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រី៕អត្ថបទ៖វ៉ន ដារ៉ា/

ត្រឹមខែវិច្ឆិកាឆ្នាំនេះ រដ្ឋចំណាយថវិកាជាង ១២០០លានដុល្លារ ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះពីកូវីដ-១៩

2023/12/05 01:35:29 pm        273
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា គិត​មក​ដល់​ខែ​វិច្ឆិកា​ឆ្នាំ២០២៣នេះ រាជរដ្ឋភិបាល បានចំណាយថវិកាជាង ១២០០ លានដុល្លារអាមេរិក ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាប់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង​អំឡុង​ពេល​ប្រយុទ្ធជាមួយនឹងកូវីដ-១៩ ដើម្បីជួយរក្សានូវលំនឹងជីវភាពគ្រួសារក្រីក្រ និង​ងាយ​រង​គ្រោះ​សម្រាប់គ្រានោះ។សម្តេចធិបតីនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​បែប​នេះក្នុ​ង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣នេះនៅសណ្ឋាគារ សុខាភ្នំពេញ។ សម្ដេចធិបតីមានប្រសាសន៍ថា ក្នុង​បរិការណ៍​ដែល​រាជ​រដ្ឋាភិបាល​នឹង​បញ្ចប់​ការ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជា​ជំហាន​ៗ ចាប់ពីខែមករា ឆ្នាំ២០២៤ និងផ្អែកតាមឧត្តមានុវត្តជាអន្តរជាតិ ការបន្ត​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្រីក្រ និងជនងាយរងគ្រោះទាំងនេះ នៅតែមានភាពចាំបាច់។ សូមជម្រាបថា រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសលើការធ្វើស្ថាប័នូបនីយកម្ម កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សមាហរណ និងស្វ័យប្រវត្តិកម្ម ដើម្បី​បង្កើន​សមត្ថភាព ប្រព័ន្ធគាំពារសង្គម ក្នុងការឆ្លើយតបនឹងវិបត្តិឬគ្រោះអាសន្ននានា តាមរយៈ​ការ​រៀបចំ​ដាក់​ចេញ​ឯក​សារសំខាន់ៗ បន្ថែមទៀត ដូចជាគោលការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌកម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​គោលការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌ​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ ត្រូវបានរៀបចំឡើងសម្រាប់ អនុវត្តកម្មវិធីជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ដែល​ជា​បណ្ដុំ​នៃក​ម្មវិធីជាតិជំនួយសង្គម (កម្មវិធីដែលមានស្រាប់ និងកម្មវិធីដែល​នឹង​ត្រូវ​បង្កើត​ថ្មី​មួយ​ចំនួ​ន) ដែលមានលក្ខណៈសមាហរណ និងអនុវត្តក្នុងទម្រង់រួមមួយក្រោមប្រតិបត្តិករទោល ពោល​គឺ​មូលនិធិជាតិជំនួយសង្គម និងមានការចូលរួមគាំទ្រអនុវត្តពីក្រសួង-ស្ថាប័នពាក់ព័ន្ធ៕  អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤

2023/12/05 12:40:11 pm        238
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធី​ជាតិ​ជំនួយ​សង្គម​នឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន ៤ ក្នុង​នោះ​ក៏បាន ឧបត្ថម្ភសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរ​ដល់​សមាជិក​គ្រួសារ​ដែល​រស់នៅជាមួយមេរោគ និងជំងឺអេដស៍ផងដែរ។បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ជាផ្លូវការគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និ​ង​គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននៅព្រឹកថ្ងៃទី៥ ខែ​ធ្នូនេះ បានឱ្យដឹងថា កញ្ចប់គ្រួសារដែលត្រូវអនុវត្តន៍នោះលើគ្រួសារគោលដៅចំនួន ៤ រួមមាន ឧបត្ថម្ភ​សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ អាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ កម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ជន​មាន​ពិការភាព។ ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ សម្តេចធិបតី បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជា​ផែន​ទី​បង្ហាញ​ផ្លូវ​ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីជាតិ​ជំនួ​យ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ នេះ ក៏ជាទម្រសម្រាប់ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះផងដែរ ខណៈ​ក​ម្មវិធីជំនួយសង្គមថ្មីនេះនឹងដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ ២០២៤ ខាងមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ បានដាក់ឱ្យអនុវត្តរួចរាល់ក្នុងថ្ងៃនេះ

2023/12/05 11:44:57 am        206
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ អញ្ជើញ​​ប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធី​ជាតិ​ជំនួយ​សង្គម ជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង ៦ ដែល​រាជរដ្ឋាភិបាល អាណត្តិទី៧ នៃ​រដ្ឋសភា​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​នៅ​មុន​បំណាច់​ឆ្នាំ​២០២៣​នេះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំ ស្តីពី​ក្រប​ខណ្ឌ​កម្ម​វិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​គោល​ការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយ​តបនឹងគ្រោះអាសន្ននាថ្ងៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្មវិធី​គោល​នយោបាយ​អាទិភាព​នេះ​ជា​គោល​នយោបាយ​ចុង​ក្រោយ​ក្នុង​ចំណោម​កម្ម​វិធី​គោល​នយោបាយ​អាទិភាពទាំង ៦ ដែលរាជរដ្ឋភិបាលអាណត្តិទី៧ បានដាក់ចេញ និងប្ដេជ្ញា​ចិត្ត​ប្រកាស​ដាក់​ឱ្យ​អនុវត្តឱ្យបានមុនបំណច់ឆ្នាំនេះ។សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន ៦ ដើម្បី​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​បញ្ហា​ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។កម្មវិធី​គោលនយោបាយអាទិភាពចំនួន ៦ រួមមាន៖ ទី១ ការពង្រីក​សេវា​ថែទាំ​សុខ​ភាព​ឆ្ពោះ​ទៅ​រក​ការ​គ្របដណ្តប់សុខភាពជាសកល។ ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូន​ដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ ទី៣ ការ​ធ្វើ​ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរង​គ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រា​មាន​គ្រោះ​អាសន្ន​។ ទី៤ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ​មាន​លទ្ធភាព​ចូល​រួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារ​សង្គម​ផ្លូវ​ការ។ ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅ​លើក​ស្ទួយ​ផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦ ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំង​ប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។កម្មវិធី​នយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្ម​វិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់​ឱ្យ​អនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំណែកកម្មវិធីទី៣ ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ថ្ងៃ​នេះ​៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM