សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ព័ត៌មានសំខាន់ៗ

គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩

2026/05/23 11:41:15 am        89
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ពិភាក្សានិងអនុម័ត​ កាលពីថ្ងៃសុក្រទី ២២ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ មានវិសាលភាពគ្របដណ្តប់ទៅលើវឌ្ឍនភាពជារួមនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រសួង និងស្ថាប័ន ពន្លឿនការអនុវត្តវិធានការ និងដោះស្រាយបញ្ហាដែលនៅសេសសល់។របាយការណ៍បានកត់សម្គាល់ថា បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ថា មានភាពអំណោយផល និងកាន់តែល្អប្រសើរឡើង ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងចំណាត់ការ​ដោយ​បុរេសកម្ម និងស្មារតីទទួលខុសត្រូវរបស់ក្រសួង និងស្ថាប័នចំណុះរាជរដ្ឋាភិបាល។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០ គម្រោង (កើនឡើងប្រមាណ៥២% ដោយបំបែកកំណត់ត្រាឆ្នាំ២០២៤ ដែលមានត្រឹម​៤១៤គម្រោង) និងមានទុនសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក(កើនឡើងប្រមាណ៤៤% ធៀបនឹងឆ្នាំ២០២៤) និងគ្រោងបង្កើតការងារប្រមាណ ៤៤ម៉ឺនកន្លែង។តួលេខនេះ គឺជាសូចនាករបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់អំណោយផ្ទះថ្មី ១០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តពោធិ៍សាត់

2026/05/21 06:06:45 pm        131
ផ្ទះថ្មីចំនួន ១០០ខ្នង អំណោយដ៏ថ្លៃថ្លា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានទីតាំងស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីប្រគល់ផ្ទះថ្មីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦។អំណោយផ្ទះថ្មីដែលជាជម្រកដ៏កក់ក្ដៅនេះ គឺជាការផ្ដល់ជូនប្រកបដោយគតិបណ្ឌិតគិតគូរយ៉ាងខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ។ នេះជាលើកទី២ហើយ ដែលសម្ដេចបានផ្ដល់អំណោយផ្ទះជូនបងប្អូនចំនួន ១០០ខ្នង ខណៈកាលពីបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងដំបូង សម្ដេចបានកសាងផ្ទះជូនអតីតយុទ្ធជន ចំនួន ៦២៨ ខ្នងផ្ទះ ដែលបច្ចុប្បន្ន បានអភិវឌ្ឍន៍ក្លាយជាភូមិដ្ឋានដ៏សុខុដុមសម្រាប់អតីតយុទ្ធជន និងគ្រួសារ រស់នៅក្នុងគ្រាចូលនិវត្ត។ ក្រោយការប្រគល់ផ្ទះថ្មីបន្ថែមនេះ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នឹងក្លាយទៅជាឃុំនាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកមិញនេះ។ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍បន្ថែមថា គិតត្រឹមពេលនេះភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង អតីតយុទ្ធជន និងនិវត្តជន មករស់នៅមានចំនួន៩២០ គ្រួសារហើយ ចំពោះមុខនេះក៏មានជនក្រីក្រ ដែលគាត់ពុំមានទីពឹងក៏យើងអាចយកមករស់នៅតំបន់នេះផងដែរ អីចឹងកន្លែងនេះយើងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសតម្រូវការសម្រាប់ជីវភាពរស់នៅ។ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាថ្នាក់ដឹកនាំថ្នាក់ជាតិ ខេត្ត និងគ្រប់ស្ថាប័ន រួមគ្នាធ្វើម៉េចប្រែក្លាយទីនេះឱ្យទៅជាភូមិ-ឃុំគំរូ នាពេលអនាគត។ ឯកឧត្តមបន្តថា៖ «ក្នុងពេលបច្ចុប្បន្នយើងនៅជាភូមិ តែដោយឥឡូវយើងឡើងដល់ជាង ៩០០គ្រួសារ អីចឹងទៅមុខទៀតយើងនឹងថែមជនភៀសសឹក ហើយនឹងមាននិវត្តជន ឬក៏អតីតយុទ្ធជនឱ្យពួកគាត់មករស់នៅទីនេះបន្ថែមទៀត ថ្ងៃក្រោយយើងនឹងបង្កើតទៅជាឃុំ ហើយថ្នាក់ដឹកនាំទាំងអស់នឹងរួមគ្នាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅទីនោះអាចរស់បានមានជីវភាពកាន់តែប្រសើរ និងប្រកបដោយចិរភាព» ៕

សម្ដេចតេជោ ហ៊ុន សែន៖ទឹកដីកម្ពុជាមិនមែនជារបស់​បក្ស ឬក្រុមណាមួយឡើយ ប៉ុន្ដែជារបស់យើងទាំងអស់គ្នា

2026/05/20 05:12:38 pm        150
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលមានការចូលរួមពីគណបក្សនយោបាយសរុបទាំង២៩គណបក្ស នៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព មានប្រសាសន៍បញ្ជាក់ទៅកាន់គណបក្សនយោបាយសម្ព័ន្ធភាពថា ទឹកដីរបស់កម្ពុជានេះ មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ សម្ដេចតេជោសង្កត់ធ្ងន់ថា មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព គឺជាការអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្សដែលតែងតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិបត្តិការសម្ព័ន្ធភាព ក្រៅពីនេះនៅមានក្រុមការងារសម្របសម្រួលគឺប្រជុំរៀងរាល់បីខែម្តង។ ឯកឧត្តមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនានានៅកម្ពុជា ហើយការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយត្រូវការកម្លាំងមួយដើម្បីការពាររដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។គណបក្សសម្ព័ន្ធភាពបានធ្វើកិច្ចការងារជាច្រើនក្នុងគោលដៅ និងអនុវត្តទៅតាមកិច្ចព្រមព្រៀងទាំង៨ចំណុចដែលបានសម្រេចរួមគ្នានាពេលកន្លងទៅ។ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោបានមានប្រសាសន៍អំពីស្ថានភាពនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសម្ដេចបានកោតសរសើរចំពោះគណបក្សសម្ព័ន្ធភាពទាំង២៩ ដែលបានរួមគ្នាធ្វើនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងអំឡុងពេលដែលថៃឈ្លានពាន។ សម្ដេចក៏បានសរសើរចំពោះការរួបរួមសាមគ្គីគ្នានេះ និងការចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ក្នុងការថ្កោលទោសប្រទេសឈ្លានពានកម្ពុជា និងសកម្មភាពមួយចំនួនទៀតដែលបណ្ដាគណបក្សនយោបាយក្នុងសម្ព័ន្ធភាពបានធ្វើកិច្ចការងារជួយដល់ជនភៀសសឹក ដូចជាការចែកនូវអំណោយ,សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់ទាហានរបស់យើង ដែលនេះជាការបង្ហាញនូវកាយវិការនៃទឹកចិត្តក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ដូចខ្លឹមសារមានចែងនៅក្នុងចំណុចទី៣ ដែលគណបក្សទាំងអស់ត្រូវការពារនូវអធិបតេយ្យភាពបូរណភាពទឹកដីរបស់ជាតិ។សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទឹកដីរបស់កម្ពុជានេះ មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ សម្ដេចតេជោសង្កត់ធ្ងន់ថា មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង។ នៅក្នុងកិច្ចប្រជុំនេះ គណបក្សសម្ព័ន្ធភាព បានបង្ហាញនូវការគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងជាមួយថៃ ដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិទាំងឡាយដែលគណបក្សសម្ព័ន្ធភាពតែងតែគាំទ្រ និងចូលរួមជាមួយនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោក៏បានសង្កត់ធ្ងន់ទៅលើផ្ទៃក្នុងនៃសម្ព័ន្ធភាពដើម្បីរក្សានូវសម្ព័ន្ធភាពនៃគណបក្សទាំង ២៩នេះឱ្យនៅឋិតថេរ និងរឹងមាំ។ ទាក់ទងទៅនឹងការបង្កើតគណបក្សថ្មី សម្ដេចតេជោបានមានប្រសាសន៍ថា គណបក្សថ្មីទាំងឡាយណាដែលបំបែកចេញអំពីគណបក្សសម្ព័ន្ធភាពនេះ មិនគាំទ្រឱ្យចូលជាមួយគណបក្សសម្ព័ន្ធនោះទេ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព

2026/05/20 09:44:57 am        355
ភ្នំពេញ៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ភាព បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​​​គណបក្ស​​នយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន ៧មករា។ កិច្ចប្រជុំនេះ រៀបចំឡើង​ដើម្បី​ផ្លាស់ប្តូ​រ​យោបល់គ្នា​​រវាង​មេដឹ​កនាំ​គណបក្សនយោបាយទាំង ២៩គណបក្ស ដែលនៅក្នុងសម្ព័ន្ធភាព។កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព គឺ​អនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្ស ដែល​តែង​​តែ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំម្ត​ង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិ​បត្តិការ​សម្ព័ន្ធភាព​។ ក្រៅពីនេះនៅមានក្រុមការងារសមម្របសម្រួល គឺប្រជុំបីខែម្តង។សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយ​បណ្ដាគណបក្សនយោបាយនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ​ធ្លាប់បានគូសបញ្ជាក់ថា សម្ព័ន្ធភាពរវាងបក្សនយោបាយ គឺមា​នគោ​ល​ដៅ​យូរ​អង្វែង ​សម្រាប់ប្រទេសកម្ពុជា។ ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែ​រក្សា​សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ហើយត្រូវការកម្លាំងមួយដើម្បីការពារដ្ឋធម្មនុញ្ញ របប​រាជា​និយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។សូមបញ្ជាក់ផងដែរថា ក្នុងពេលចុះហត្ថលេខាចងសម្ព័ន្ធភាពនោះ គណបក្ស​នយោបាយ​ក្នុង​សម្ព័ន្ធ​ភាព​ព្រមព្រៀងកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពរវាងគ្នាចំនួន ៨ចំណុច៖១៖ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់ គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។២៖ ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌ សង្គមពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។៣៖ ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ។៤៖ រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក កម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយ ពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។៥៖ សហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ។៦៖ គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាព និងកិច្ច សហប្រតិបត្តិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំង គ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណា ដែល ប្រឆាំងចំពោះដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន ។៧៖ កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារន កិច្ចព្រមព្រៀងនេះ ។ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី។៨៖ បើកទូលាយសម្រាប់គណបក្សនយោបាយ ស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូល រួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយ​នៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។គួរបញ្ជាក់ដែរថា គណបក្សនយោបាយទាំង២៩ ដែលបានចូលរួមកិច្ចប្រជុំនោះរួមមាន៖គណបក្សប្រជាជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរក្រោក,គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សយុវជនកម្ពុជា ,គណបក្សធម្មាធិបតេយ្យ , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ ,គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា ,គណបក្សមហានគរ និងគណបក្សសន្តិភាពជាតិ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពប្រជានេសាទ ក្នុងហេតុការណ៍លិចទូកនៅសមុទ្រខេត្តកែប

2026/05/19 04:43:41 pm        123
(កែប)៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា រួមជាមួយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង និងយុវជនកាកបាទក្រហមកម្ពុជា នាំយកថវិកាចំនួន ១៥លានរៀល និគ្រឿងឧបភោគបរិភោគ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពប្រជានេសាទចំនួន៣នាក់ ជាម្តាយ និងកូនប្រុស២នាក់ ដែលបានបាត់បង់អាយុជីវិតក្នុងហេតុការណ៍លិចទូកស្មាច់មួយគ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ហេតុការណ៍លិចទទូកស្មាច់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១២:៥០នាទីរសៀល ខណៈទូកស្មាច់មួយគ្រឿង បានចេញទៅរាវងាវ នៅមុខឃ្លងព្រែកសរសៀរ ក៏ជួបជាមួយខ្យល់ខ្លាំងបង្កជាទឹករលកធំៗ ធ្វើឱ្យលិចទូកតែម្តង។ ក្នុងព្រឹត្តិការណ៍លិចទូកនោះមានមនុស្សចំនួន៤នាក់ រួមមាន ឈ្មោះ រស់ សាម ភេទប្រុស អាយុ៤០ឆ្នាំ ជាឪពុក បានរស់រានមានជីវិត ខណៈភរិយាឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់បង់ជីវិតក្រោយកើតហេតុ។ ជនរងគ្រោះទាំងអស់រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ អាណិតស្រណោះជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ចំពោះការ បាត់បង់ប្រពន្ធ និងកូនៗជាទីស្រឡាញ់ ប្រកបដោយកតញ្ញូតាធម៌ និងបានប្រកាន់ខ្ជាប់នូវគុណធម៌ ចរិយាធម៌ល្អ ចំពោះក្រុមគ្រួសារ ខិតខំប្រកបមុខរបរដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ទន្ទឹមនោះ សម្តេចក៏បានគិតគូរដល់ជីវភាពរស់នៅបន្តរបស់គ្រួសារជនរងគ្រោះ ដោយបានណែនាំដល់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យនិងសាងសង់លំនៅដ្ឋានសមរម្យមួយសម្រាប់ប្តីនិងកូនស្រីរបស់ជនរងគ្រោះផង។ ជាមួយគ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងរដូវវស្សានេះ។ ក្នុងវេលាដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពជនរងគ្រោះទាំង៣នាក់ ម្តាយ និងកូន ខាងលើ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ

2026/05/16 08:05:24 am        172
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធ ផលរបស់នគរបាលជាតិគ្រប់រូប ដែលបានខិតខំបំពេញបេសកកម្មជាតិមាតុភូមិនាពេលកន្លងមក ហើយ គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះ គឺបានចូលរួមការពារបូរណភាពទឹកដីដែលរងនូវការឈ្លានពាន របស់ថៃកាលពីកន្លងទៅ។ តាមរយៈសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍លើកទី ៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងរយៈពេលកន្លងមកនេះ កងកម្លាំងនគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ សម្រេចបានស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបានបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលតស៊ូលើសមរភូមិសន្តិសុខជាតិ និងបានរួមដំណើរជាមួយគ្នាដោយភក្តីភាពនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនដូច បច្ចុប្បន្ន តាមរយៈការបង្កើតបាននូវបរិយកាសសង្គមដែលមានសុវត្ថិភាព ភាពកក់ក្តៅ និងជំនឿចិត្ត។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា«គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺការបំ ពេញបេសកកម្មការពារបូរភាពទឹកដី ដែលទទួលរងនូវការឈ្លានពានទាំងកំរោលដោយភាគីថៃផង និងកិច្ច ខិតខំប្រឹងប្រែងពង្រឹងស្ថានការណ៍សន្តិសុខលើផ្ទៃប្រទេសផង ដើម្បីធានាប្រក្រតីភាពនៃកិច្ចដំណើរការ ស្ថាប័នជាតិ និងសកម្មភាពជីវភាពសង្គម ដោយគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ចវប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្ស បេសកកម្ម របស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិជាប្រវត្តិសាស្រ្ត ដែលបានរៀបចំ ឡើងនៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង ដែលបានលើកស្ទួយកិត្តិ យស និងកិត្យានុភាពជាតិឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ។ តាមរយៈសារលិខិតខាងលើនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចងទាំងនេះ ព្រមទាំងសូមថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិគ្រប់រូបបន្តកិច្ចខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ យកចិត្តទុកដាក់លើកកម្ពស់ សមត្ថភាពជំនាញ បច្ចេកទេស និងពង្រឹងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមគឺ ការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសត្រូវធ្វើការអភិវឌ្ឍខ្លួនឲ្យ ស័ក្តសមជាគ្រឹះ ជាគំរូ និងជាសសរស្តម្ភសម្រាប់ប្រទេសជាតិជាបន្តទៀត៕អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង

2026/05/16 07:17:55 am        218
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ៦ មករា សមិទ្ធផលនានានៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តព្រៃវែង សរុបចំនួន១៣១១នាក់ ។ ខេត្តព្រៃវែង មានចំនួន១៣ក្រុងស្រុក(១ក្រុង) ,១១៦ឃុំសង្កាត់(៤សង្កាត់) និង១១៦៨ភូមិ ។ចំនួនប្រជាជនសរុបនៅទូទាំងខេត្ត មាន១ ៣០៧ ៦៦៥ នាក់ (ស្រី ៦៧១ ៥១៤នាក់) និងមានចំនួនគ្រួសារ ៣១២ ៧៩៤ គ្រួសារ។ខេត្តមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០៣ គឺច្រកទ្វារអន្តរជាតិកោះរកា, ម៉ឺនជ័យ និងបន្ទាយចក្រី ច្រកទ្វារទ្វេភាគីចំនួន០១ គឺច្រកទ្វារកោះសំពៅ និងច្រកទ្វារតំបន់ព្រំដែនចំនួន ០២ គឺច្រកទ្វារស្វាយអាង៉ោង និងពាមមន្ទារ។ ខេត្តមានបន្ទាត់ព្រំដែនសរុប ៨៤,២០គីឡូម៉ែត្រ ក្នុងនោះបន្ទាត់ព្រំដែនជាមួយនឹងខេត្តដុងថាប់ មានខ្សែ បន្ទាត់ព្រំដែនប្រវែង ៥០,៧៨គីឡូម៉ែត្រ និងបន្ទាត់ព្រំដែនជាមួយនឹងខេត្តតៃនិញ មានខ្សែបន្ទាត់ព្រំដែន ប្រវែង ៣៣,៤២គីឡូម៉ែត្រ។ក្នុងខេត្តព្រៃវែងពលរដ្ឋប្រកបមុខរបរ៖ អ្នកមានមុខរបរចំបងផ្នែកកសិកម្ម ៥៨,៤០% អ្នកមានមុខរបរចំបងផ្នែកសិប្បកម្ម ០,១០% អ្នកមានមុខរបរចំបងផ្នែកសេវាកម្ម ៤១,៥០%។ ចំណែកចំនួណ មន្ត្រីរាជការសរុប ១២ ៤៩៥នាក់ ក្នុងនោះ ៖មន្ត្រីរាជការស៊ីវិល ២ ៥២៤នាក់ គ្រូបង្រៀនក្របខណ្ឌ៧ ០៧៩នាក់ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ១ ២៩៥នាក់ មន្ត្រីសុខាភិបាលក្របខណ្ឌ ១ ៥៤២នាក់ មន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ៥៥នាក់។ មុនឆ្នាំ២០១៧ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ២៥១ខ្នង ស្មើ ១ ២៦៩បន្ទប់។ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អគារចំនួន ៥១ខ្នង ស្មើនឹង ៧៣១បន្ទប់ និងនៅឆ្នាំ២០២៥ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ អគារសាលប្រជុំខ្នាតអន្តរជាតិ ឈ្មោះ សាលពហុបំណងតេជោសែន ចំណុះ ៣០០០នាក់ និងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដល់សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្តល់អគារសិក្សា ចំនួនមួយខ្នងបីជាន់ មាន៣០បន្ទប់ នៅវិទ្យាល័យហ៊ុនសែនពោធិ៍រៀង ស្រុកពោធិ៍រៀង។ខេត្តព្រៃវែង មានសហគ្រាស សិប្បកម្ម គ្រឹះស្ថាន ចំនួន២១០កន្លែង មានកម្មករសរុប ៨ ៥១៩នាក់ ស្រី ៤ ៧៦៧នាក់ ក្នុងនោះវិស័យកាត់ដេរ មានចំនួន ១៣សហគ្រាស កម្មករនិយោជិត ៣ ៥២៨នាក់ (ស្រី ៣ ០២៤នាក់) និងរោងចក្រ សហគ្រាស ក្រៅពីវិស័យកាត់ដេរ មានចំនួន ១៩៧ រោងចក្រ សហគ្រាស, កម្មករ និយោជិតសរុប ៤ ៩៩១នាក់ (ស្រី ១ ៧៣៤នាក់)។ទាក់ទងនឹងអគារ៦ មករា និងសមិទ្ធផលនានា របស់គណបក្សប្រជាជនខេត្តព្រៃវែងដែលសម្ពោធនៅថ្ងៃនេះ ដោយស្ថិតក្នុងស្ថានភាពនៃការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាតម្រូវការនានារបស់គណបក្សខេត្តនៅឆ្នាំ២០២៤ គណបក្សខេត្តបានធ្វើការជួសជុល និងសាងសង់ជាថ្មីឡើងវិញ នូវអគារសាលប្រជុំចាស់ឲ្យប្រែក្លាយជាអគារថ្មីមានលក្ខណៈទំនើប និងបំពេញបានគ្រប់តម្រូវការការងារ របស់គណបក្សខេត្ត ដែលរួមមានកន្លែងប្រជុំធំអាចផ្ទុកសមាសភាពចូលរួមបានចំនួន១.២៣២នាក់ និងមាន សាលប្រជុំតូច កន្លែងទទួលភ្ញៀវជាតិ អន្តរជាតិ កន្លែងបំពេញការងាររបស់ថ្នាក់ដឹកនាំ ដែលអគារទាំងមូលមាន ទទឹង ៧៤ម៉ែត្រ បណ្តោយប្រវែង ៩៩ម៉ែត្រ។ក្រៅពីការជួសជុលរាល់សមិទ្ធផលនានាដែលមានពីមុនកន្លងមក និងការសាងសង់អគារសាលប្រជុំថ្មីនេះ ក៏មានបំពាក់ឧបករណ៍នានាសម្រាប់ការបណ្តុះបណ្តាលភាសាបរទេស វិទ្យាសាស្ត្រកុំព្យូទ័រ ព័ត៌មានវិទ្យា ដល់មន្ត្រីរាជការ សមាជិកគណបក្ស ប្រជាពលរដ្ឋ អាជីវករ យុវជន សិស្សានុសិស្សដែលមានបំណងចង់សិក្សា ក៍ដូចជាការរៀបចំជាថ្មីឡើងវិញ ទីធ្លាក្នុងបរិវេណគណៈកម្មាធិការ គណបក្សខេត្ត ឲ្យកាន់តែមានភាពទូលាយ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់បម្រើឲ្យការប្រើប្រាស់ មានផ្លូវ បេតុងនិងអ៊ុតកៅស៊ូជាថ្មីឡើងវិញ ការរៀបចំរបងនិងក្លោងទ្វារជាថ្មី ចំណតយានយន្ត ដែលទាំងអស់នេះនឹងបម្រើដល់ក្នុងពេលយុទ្ធនាការ និងការប្រារព្ធនូវរាល់ព្រឹត្តិការណ៍ធំៗនានារបស់គណបក្សទៀតផង។ នេះបើយោងតាមរបាយការណ៍របស់របាយការណ៍របស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង៕

កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

2026/05/13 05:21:11 pm        139
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, លោកស្រី Walker បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក៏មានការវិវឌ្ឍប្រកបដោយភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះរួមមាន មានការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ, ការរៀបចំអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងការកើនឡើងនៃចំនួនគណៈប្រតិភូរដ្ឋាភិបាលនិងសភាសហរដ្ឋអាម៉េរិក មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសគណៈប្រតិភូនៃក្រសួងការពារជាតិ និងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅកម្ពុជា។ លោកស្រីបានបន្ថែមថា កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពី ពន្ធបដិការ សំដៅពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ។ ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរលោកស្រីភារធារីស្តីទី ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ នៅកម្ពុជា និងថ្លែងអំណរគុណលោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរ៉េក កាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ជាពិសេសក្នុងដំណាក់កាលដ៏លំបាករបស់កម្ពុជា។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានថ្លែងអំណរគុណឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ, សេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។សម្ដេចធិបតី និងលោកស្រី Walker ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សំដៅទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យកាន់តែកើនឡើង។ លោកស្រីបានបន្តថា វិនិយោគិនសហរដ្ឋអាម៉េរិក មានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា។ សម្ដេចធិបតីបានជម្រាបជូនថា កម្ពុជាបាននិងកំពុងបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើតបរិយាកាសវិនិយោគអំណោយផល និងទាក់ទាញ សំដៅពង្រឹងភាពធន់ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា៕

សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»

2026/05/12 05:19:10 pm        120
ក្នុងបទអន្តរាគមន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចបានមានប្រសានស៍បញ្ជាក់ថា ក្នុងរបទដែលសណ្ដាប់ធ្នាប់ពិភពលោក និងការគោរពច្បាប់ អន្តរជាតិមានការធ្លាក់ចុះ ក្នុងនាមជាប្រទេសតូចដូចកម្ពុជា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាឱ្យមកជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ពិភពលោកបច្ចុប្បន្ន បានឈានទៅដល់របត់ថ្មី ដែលកំពុងស្វែងរកសណ្ដាប់ធ្នាប់ថ្មី ដោយសារតែកំណើននៃទំនាស់ព្រំដែន ទំនាស់ពាណិជ្ជកម្ម និងការប្រកួតប្រជែងយកឈ្នះលើសេដ្ឋកិច្ច ព្រមទាំងការប្រឡងប្រណាំងផ្នែកបច្ចេកវិទ្យាកាន់តែស្រួចស្រាល់ ដែលជាសម្ពាធ និងជាការប្រឈម ព្រមទាំងជាវិញ្ញាសារ និងជាឱកាសផង។ កម្ពុជាមិនខុសពីបណ្ដាប្រទេសនៅលើសកលលោក ត្រូវតែពង្រឹងសមត្ថភាពដើម្បីអាចប្រែក្លាយបញ្ហាទាំងនេះឱ្យទៅជាឱកាស ជាពិសេសការរក្សាសន្ដិភាព ការការពារអធិបតេយ្យបូរណភាពទឹកដី និងមាតុភូមិជាទីស្រឡាញ់របស់យើង នៅក្នុងដំណើរការឆ្លងកាត់របត់ថ្មី និងសណ្ដាប់ធ្នាប់ថ្មីនេះប្រកបដោយភាពធន់ និងជោគជ័យ។ សម្ដេចធិបតី មានប្រសាសន៍ថា៖«សន្ដិភាពយើងមិនអាចសុំអង្វរពីគេទេ បទពិសោធន៍ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះបានប្រាប់ហើយៗក៏គ្មានអ្នកណាអាចជួយយើងទាំងស្រុងបានគ្រប់ពេលបាននោះទេ ក្រៅពីយើងរឹងមាំខ្លួនឯង នេះគឺជាអ្វីដែលកម្ពុជាត្រូវធ្វើ»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក៏ជាផ្នែកមួយសំខាន់ ខណៈសម័យនេះមានប្រទេសជាច្រើនបានប្រើពាក្យ និងទ្រឹស្ដីថា «សន្ដិភាពដោយកម្លាំង» នេះគឺជារបត់ថ្មីដែលកម្ពុជា ទោះបីយើងស្រឡាញ់ ឬមិនស្រឡាញ់ តែយើងត្រូវទទួលស្គាល់ ព្រោះវាជាការពិត ហើយយើងត្រូវតែរឹងមាំខ្លួនឯង។សម្ដេចធិបតី បញ្ជាក់ជាថ្មីថា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។ បរិការណ៍នេះហើយដែលជំរុញដល់រដ្ឋាភិបាលត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធាមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាឧបករណ៍គតិយុត្តគ្រប់គ្រាន់ ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្រ្ដការពារជាតិប្រកបដោយសមត្ថភាពជំនាញខ្ពស់ និងប្រកបដោយប្រសិទ្ធភាពសម្រាប់បច្ចុប្បន្ន និងអនាគត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានពន្យល់ថា ច្បាប់កាតព្វកិច្ចយោធានេះ មិនត្រឹមតែជាឧបករណ៍ ចាំបាច់ក្នុងការកសាង កម្លាំងទ័ពសម្រាប់ការពារជាតិ និងមាតុភូមិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកម្លាំងពលរដ្ឋប្រកបដោយវិន័យ សមត្ថភាព ឆន្ទៈបម្រើសង្គមជាតិ ដែលជាប្រភពនៃកម្លាំងត្រៀមបម្រុង និងជាធនធានដ៏រាំងមាំមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។ សម្ដេចធិបតីលើកឡើងទៀតថា ស្ថិតនៅក្នុងគោលដៅនេះទើបរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើទំនើបកម្ម និងកំណែទម្រង់វិស័យយោធារបស់កម្ពុជា ដោយផ្ដោតជាសំខាន់លើការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មការងារហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈគ្រឿងបំពាក់។ បន្ថែមលើនោះ ការពង្រឹងអភិបាលកិច្ចកងទ័ពគឺជាគន្លឹះដ៏សំខាន់មួយក្នុងការធានាប្រសិទ្ធភាពការពារជាតិរបស់កងទ័ពនាពេលបច្ចុប្បន្ន និងទៅអនាគត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅក្នុងឆ្នាំ២០២៦នេះ គឺពិតជាចាំបាច់មិនអាចខ្វះបាន ក្នុងការរួមចំណែកធានាការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងការឯកភាពជាតិរបស់កម្ពុជាទាំងមូល ព្រោះវានឹងមិនត្រឹមតែជាការរួមចំណែកក្នុងការពង្រឹង និងបង្កើនសមត្ថភាពការពារសន្ដិភាព ការពារអធិបតេយ្យភាពបូរណភាពទឹកដី និងមាតុភូមិប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក្របកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងសុឆន្ទៈបម្រើជាតិ មាតុភូមិដែលជាមូលធនដ៏ពិសិដ្ឋសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។បើតាមសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ស្ថិតនៅក្នុងកាលៈទេសៈដែលការគោរពច្បាប់អន្តរជាតិកាន់តែថយចុះ បានធ្វើឱ្យប្រទេសតូចដូចកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ កាន់តែត្រូវបង្កើនសមត្ថភាព និងភាពធន់របស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើសន្ដិភាព សុវត្ថិភាព អព្យាក្រឹតភាព និងបូរណភាពទឹកដី ជាក់ស្ដែងការគំរាមកំហែងមកលើអធិបតេយ្យភាពកម្ពុជានាពេលនេះ គឺជាឧទាហរណ៍មួយស្រាប់សម្រាប់យើងក្នុងការពង្រឹងខ្លួនឯង។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មយោធាបានជោគជ័យ គឺអាស្រ័យលើកម្លាំងកងទ័ពកម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាសមស្រប និងទាន់សម័យ ដែលមានន័យថា យើងចាំបាច់ត្រូវបង្កើនកម្លាំងទ័ពវ័យក្មេង ដែលមានថាមពល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលអាចជាធនធានសម្រាប់យោធិនអាជីពផង និងសម្រាប់បម្រើដល់វិស័យស៊ីវិលផងតាមរយៈយន្តការច្បាប់កាតព្វកិច្ចយោធាថ្មីនេះ៕

សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

2026/05/12 05:09:29 pm        200
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនៅឆ្នាំ២០២៦នេះ ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់របស់កម្ពុជាដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា។ តាមរយៈបទអន្តរាគមន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី បានថ្លែងថា ស្ថិតនៅក្នុងបរិការណ៍ដែលស្ថានភាពនៅតាមតំបន់ និងពិភពលោក កាន់តែមានភាពតានតឹង ស្មុគស្មាញ និងប្រកបដោយភាពមិនប្រាកដប្រជា និងដោយសារការកើតឡើងនូវទំនាស់ព្រំដែន ទំនាស់ពាណិជ្ជកម្ម ជាមួយនឹងការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាកាន់តែស្រួចស្រាល់ ដើម្បីយកឈ្នះគ្នាទៅវិញទៅមករហូតស្ទើតែលែងគោរពកិច្ចព្រមព្រៀង គួបផ្សំនឹងការធ្លាក់ចុះនៃពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ប្រទេសជាច្រើនបានកំពុងត្រឡប់មកអនុវត្តគោលនយោបាយគាំពារនិយម និងប្រកាន់យកជំហរអាត្មានិយម។ នៅក្នុងបរិបទនេះ កម្ពុជាពិតជាមានសេចក្ដីត្រូវការចាំបាច់ និងបន្ទាន់ជាងពេលណាទាំងអស់ ក្នុងការពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីការពារឱ្យបាននូវសន្ដិភាព អធិបតេយ្យជាតិ និងផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដើម្បីកសាងប្រទេសមួយឱ្យរីកចម្រើនរឹងមាំ ពលរដ្ឋម្នាក់ៗត្រូវតែខិតខំកសាងខ្លួនឱ្យក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់ជាតិ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន សិក្សាឈ្វេងយល់អំពី បទពិសោធន៍អន្តរជាតិក្នុងការកសាងកម្លាំងទ័ព ដើម្បីរក្សាសន្ដិភាព ការពារអធិបតេយ្យជាតិ និងផលប្រយោជន៍សង្គមជាតិតាមគំរូមួយចំនួន ក្នុងនោះមាន៖ ទីមួយគឺប្រព័ន្ធពលរដ្ឋម្នាក់ ជាយោធាម្នាក់ ដែលអនុវត្តនៅប្រទេសស្វីស និងអ៊ីស្រាអ៊ែល, តាមរយៈការបណ្ដុះបណ្ដាលជាប្រចាំទោះជាមិនពេញម៉ោង ប៉ុន្ដែបានរក្សាតុល្យភាពល្អរវាងជីវិតស៊ីវិល និងសន្ដិសុខជាតិ រក្សាអព្យាក្រឹត ប៉ុន្ដែត្រៀមខ្លួនជានិច្ចក្នុងបុព្វហេតុបម្រើជាតិ និងបណ្ដុះស្មារតីឱ្យប្រជាជនមានអារម្មស្រឡាញ់ និងទទួលខុសត្រូវ រួមចំពោះជាតិ។ គំរូទីពីរ គឺជាប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការ ដែលអនុវត្តនៅតាមប្រទេសមួយចំនួនដូចជាសិង្ហបុរី និងហ្វាងឡង់ តាមរយៈការកំណត់កាតព្វកិច្ចបម្រើជាតិ ចំពោះបុរស និងដោយស្ម័គចិត្តចំពោះស្រ្ដី ដោយលើការបណ្ដុះបណ្ដាលខ្លាំង និងត្រៀមកម្លាំងបម្រុង និងរក្សាកងយោធា ពេញម៉ោងតូចល្មម ប៉ុន្ដែអាចប្រមូលកម្លាំងបានលឿនក្នុងករណីមានតម្រូវការចាំបាច់ និងគំរូទីបី គឺជាប្រព័ន្ធស្ម័គ្រចិត្តដែលអនុវត្តនៅសហរដ្ឋអាមេរិកតាមរយៈការផ្ដោតលើការកសាងកម្លាំងយោធា ដែលមានជំនាញខ្ពស់, ការវិនិយោគលើបច្ចេកវិទ្យា និងបច្ចេកទេសជំនាញខ្ពស់ និងការបង្កើតឧស្សាហកម្មយោធាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតីបានបញ្ជាក់ថា សម្រាប់កម្ពុជាដែលជាប្រទេសតូច និងធនធាននូវមានកម្រិត ប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការជាក់ស្ដែង វាជាជម្រើសដែលសមស្របក្នុងការពង្រឹង និងបង្កើនកងទ័ពពេញម៉ោង ឬយើងហៅថាទ័ពអាជីព និងបង្កើតកងទ័ពបម្រុងផងដើម្បីធានាដល់រដ្ឋាភិបាលអាចប្រមូលផ្ដុំកម្លាំងកងទ័ពបានលឿន គ្រប់គ្រាន់សម្រាប់បម្រើសេចក្ដីត្រូវការចាំបាច់ និងបន្ទាន់ នេះផ្អែកទៅលើបទពិសោធជាក់ស្ដែងដែលយើងប្រឈមនៅពេលថ្មីៗនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា៖«អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់ដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM