សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2023/02/14 06:34:32 am        217
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ ក្នុងការជំរុញទំនាក់ទំនងលើគ្រប់វិស័យ ពិសេសលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកទាំងអស់ កាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀត ពិសេសការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧ និងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវនិងឡាវ-កម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឡាវ

2023/02/13 10:49:15 pm        469
ភ្នំពេញ ÷ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី គ្រាដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសឡាវ។នៅក្នុងសន្និសីទសារព័ត៌មានសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយយើងផ្តល់ការយកចិត្តទុកដាក់ សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។ សម្តេចបានមានប្រសាសន៍ទៀតថា យើងបានយល់ស្របជាមួយគ្នា ទាក់ទងនឹងការតភ្ជាប់រវាងខេត្តចំប៉ាសាក់ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើជាមួយខេត្តរតនគីរី ដែលជានេះជាការផ្តល់នូវអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ យើងក៏បានពិភាក្សាគ្នា ទាក់ទិននឹងការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជាប្រទេសដទៃទៀតផងដែរ។សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា ការពិភាក្សារបស់យើង ក៏គ្រប់ដណ្តប់ទៅលើបញ្ហាវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសហ្លួងព្រះបាទ ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរបង្វែរគោលដៅពីកម្ពុជាមកឡាវ និងពីឡាវមកកម្ពុជាផងដែរ។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជានឹងប្រគល់អ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជា ទៅឱ្យប្រទេសទាំងពីរនេះវិញ នៅមុនបុណ្យចូលឆ្នាំថ្មី ខណៈដែលកម្ពុជា ឡាវ និងថៃ មានមហាសង្គ្រាន្តក្នុងពេលតែមួយរួមគ្នា។សម្តេចក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះ ដើម្បីបញ្ជូនអ្នកទោសជនជាតិថៃ និងឡាវ ឱ្យបានត្រឡប់ទៅប្រទេសថៃ និងឡាវវិញ នៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ សម្តេចបានអះអាងថា សម្តេចក៏បានប្រាប់ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងពន្ធនាគារ សហការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះឱ្យបានឆាប់ផងដែរ៕

មន្ត្រី​និយាយថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​រុញច្រាន​ការវាយលុក​របស់​រុស្សី​យ៉ាងខ្លាំង​

2023/02/13 03:03:28 pm        571
​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​បានចាប់ផ្តើម​ការវាយលុក​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា កម្លាំង​របស់​ប្រទេស​លោក​កំពុង​វាយ​រុញច្រាន​យ៉ាង​ខ្លាំង​។ មន្ត្រី​ជាន់ខ្ពស់​ក្រុមប្រឹក្សាសន្តិសុខ និង​ការពារ​ជាតិ​អ៊ុយ​ក្រែ​នលោក Oleksiy Danilov និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការវាយលុក​របស់​រុស្ស៊ី​ដែល​បាន​គ្រោងទុក​កំពុង​ធ្វើ​ឡើងជា​បណ្តើរ​ៗ​។ អ៊ុយ​ក្រែ​ន​កំពុង​ប្រុងប្រៀប​ចំពោះ​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​ ក្នុង​ដំណើរ​រហូត​ដល់​ខួប​ ១​ឆ្នាំ​នៃ​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ​។​ ​កងកម្លាំង​រុស្ស៊ី​កំពុង​បន្ត​រុល​ចូល​ ដើម្បី​ដណ្តើមយក​ទីតាំង​ដ៏​រឹងមាំ​របស់​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Bakhmut ភាគ​ខាងកើត​ទីក្រុង Donetsk​។ ប្រធាន​ក្រុមហ៊ុន​ស៊ីឈ្នួល​យោធា​ឯកជន​រុស្ស៊ី Wagner Group និយាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​អាទិត្យ​ថា កងកម្លាំង​ទាហាន​ស៊ីឈ្នួល​បាន​ដណ្តើម​យក​ទីតាំង​តំបន់​លំនៅឋាន​នៅ​ជាយក្រុង Bakhmut។ ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន​លោក Oleksii Reznikov បាន​សរសេរ​នៅ​លើ​បណ្តាញ ​Twitter ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ដោយ​បាន​ពិភាក្សា​អំពី​ស្ថានភាព​នៅ​សមរភូមិ និង​អាទិភាព​សម្រាប់​សន្និសីទ​នៅ​ពេល​ខាង​មុខ​ នៃ​បណ្តា​ប្រទេស​លោក​ខាង​លិច​ស្តីពី​ជំនួយ​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន​។​ ​ទន្ទឹម​នឹង​នេះ អគ្គ​មេបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន​បាន​សរសេរ​នៅ​លើ​បណ្តាញ Twitter ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយសេនាធិការ​ចម្រុះ​អាមេរិក​ឧ​ត្ត​ម​សេនីយ៍ Mark Milley ថា​ មាន​ស្ថានភាព​តានតឹង​បំផុត​នៅ​ពេល​នេះ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​គ្រប់គ្រង​ទីក្រុង Bakhmut ទោះបី​ជា​មាន​សម្ពាធ​ពី​ស​ត្រូវ​ជាប់​រហូត​ក៏ដោយ ហើយ​គន្លឹះ​ទៅ​រក​ភាព​ជោគជ័យ​នៅ​លើ​សមរភូមិគឺ​ការ​បាញ់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ដែល​តម្រូវ​ឱ្យ​មាន​ចំនួន​សព្វាវុធ បរិក្ខារ និង​គ្រាប់រំសេវ​សម​ស្រប៕អត្ថបទ៖ ប៊ុនថន

មនុស្ស​រាប់ម៉ឺន​នាក់​ទាមទារ​ការការពារ​ប្រព័ន្ធ​សុខភាព​សាធារណៈ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ

2023/02/13 12:08:19 pm        410
​​អេ​ស្ប៉ា​ញ៖ អ្នកគាំទ្រ​សុខភាព​សាធារណៈ​រាប់ម៉ឺន​នាក់​បានចេញ​តវ៉ា​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃអាទិត្យ ជុំវិញ​អ្វីដែល​ពួកគេ​និយាយ​ថា ​ជាការ​បំផ្លាញ​ប្រព័ន្ធ​សុខភាព​សាធារណៈ​ដោយ​រដ្ឋាភិបាល​តំបន់​អភិរក្សនិយម​។ រដ្ឋាភិបាល​ទីក្រុង Madrid គឺជា​គោលដៅ​នៃ​ការរិះគន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​ពិសេស​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត COVID-19 បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២០ ជុំវិញ​កង្វះ​បុគ្គលិក​នៅ​ក្នុង​មន្ទីរពេទ្យ និង​មណ្ឌល​ថែទាំ​សុខភាព​បឋម​។ ក្រុម​អ្នក​តវ៉ា​និយាយ​ថា រដ្ឋាភិបាល​កំពុង​រុះរើ​សេវា​សុខភាព​សាធារណៈ និង​គាំទ្រ​ដល់​អ្នក​ផ្តល់​សេវា​សុខភាព​ឯកជន​។ លោកស្រី Lilian Ramis អាយុ ៦១​ឆ្នាំ​ជា​ឆ្មប​នៅ​មណ្ឌល​សុខភាព​ក្នុង​ទីក្រុង Madrid និយាយ​ថា ពួកគេ​បាន​កាត់​ប្រាក់​ឈ្នួល​របស់​យើង​ ជំនួស​ឱ្យ​ការ​តម្លើង​ប្រាក់​ឈ្នួល​។ យើង​បាន​ជំនះ​រាល់​ការងារ ហើយ​ពុំមាន​ការគាំទ្រ​ណាមួយ​ឡើយ​។ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប្រចាំ​តំបន់បាន​ដាក់​ចំនួន​ អ្នក​ដែល​ដើរចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​កណ្តាល​ទីក្រុង Madrid មាន​ចំនួន ២៥០,០០០​នាក់ ខណៈ​អ្នករៀបចំ​បានកំណត់​ថា​មាន​ចំនួន​ជិត ១​លាន​នាក់​។ ប្រមុខ​រដ្ឋាភិបាល​ទីក្រុង Madrid លោកស្រី Isabel Diaz Ayuso បាន​ច្រានចោល​ការចោទ​ប្រកាន់​ថា រដ្ឋបាល​របស់​លោក​ស្រី​កំពុង​រុះរើ​សេវា​សុខភាព​សាធារណៈ​ ដើម្បី​គាំទ្រ​វិស័យ​ឯកជន​។ លោកស្រី​បាន​សរសេរ​លើ​បណ្តាញ Twitters ថា យើង​ទាំងអស់គ្នា​ជឿជាក់​លើ​សុខភាព​សាធារណៈ​។ បុគ្គលិក​សុខាភិបាល​រាប់​ពាន់​នាក់​ក៏បាន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ Santiago de Compostela ភាគ​ពាយ័ព្យ​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​រក្សា​ប្រព័ន្ធ​សុខភាព​សាធារណៈ៕អត្ថបទ៖ ប៊ុនថន

ការជួយ​សង្គ្រោះបាន​បន្ត​ដល់​ថ្ងៃទី​៧ ក្រោយ​រញ្ជួយ​ដី​នៅ​ទួរគី ​និង​ស៊ី​រី​ ខណៈ​អ្នកស្លាប់​ឡើងដល់​ជាង ៣​ម៉ឺន​នាក់

2023/02/13 11:31:50 am        168
​ទួរគី៖ នៅ​ថ្ងៃ​ចន្ទ​នេះ​គឺជា​ពេលវេលា​គ្រប់​មួយ​សប្ដាហ៍ នៃ​​ហេតុការណ៍​រញ្ជួយ​ដី​ដ៏​មហន្តរាយ​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី ខណៈ​ក្រុម​អ្នក​សង្គ្រោះ​នៅតែ​បន្ត​ដោយ​គ្មាន​ឈប់សម្រាក​ ដើម្បី​ស្វែងរក​ជនរងគ្រោះ​កប់​ក្រោម​កម្ទេច​ថ្ម​អគារ​បាក់​រលំ​។ ​វីដេអូ​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃអាទិត្យ​ ទី​១២​កុម្ភៈ ដោយ​ក្រសួងការពារជាតិ​ទួរគីបានបង្ហាញ​ពី​ក្រុម​អ្នក​សង្គ្រោះ​ពី​ខេត្ត Hatay កំពុង​លើក​បុរស​ម្នាក់​ចេញពី​កម្ទេច​ថ្មដា​ក់លើ​ប្រង់​ការ​។ រូបភាព​ពីលើ​អាកាស​បង្ហាញថា នៅក្នុង​ខេត្តកា​រ៉ា​ម៉ាន់​ម៉ា​រ៉ា​ស់ (Kahramanmaras) ​ជិត​ចំណុចកណ្ដាល​នៃ​ការរញ្ជួយ កងទ័ព​ផ្នែក​គ្រឿងចក្រកំពុង​ជីក​កកាយ​កម្ទេច​ថ្ម។ ​ការរញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ និង​រលក​រញ្ជួយ​ដី​ធំ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ​ទី​៦​ ខែកុម្ភៈ​សប្ដាហ៍​មុនបាន​ធ្វើ​ឲ្យ​ទីក្រុង​ជាច្រើន នៅក្នុង​ប្រទេស​ទួរគី និង​ស៊ី​រីដួលរលំ​បាក់​រាប​ដល់​ដី ​សម្លាប់​មនុស្ស​ជាង ៣៣.០០០​នាក់នៅក្នុង​ប្រទេស​ទាំង​២ ​នេះ​។ ការរញ្ជួយ​ដីនេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់ ​បាត់បង់​ផ្ទះសម្បែងនៅក្នុង​ខេត្ត​ចំនួន​១០ ​ទូទាំង​ភាគ​អាគ្នេយ៍ប្រទេស​ទួរគី ដោយ​បង្ខំ​ឲ្យ​មនុស្ស​ជាច្រើន​ស្នាក់​នៅក្នុង​ជំរំ​តង់​កៅស៊ូ និង​រថយន្ត​ ក្នុងពេល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត និងសិក្ខាកាមយោធា /នគរបាល​ ចំនួន៨៦រូប នៅឡាវ

2023/02/13 11:00:03 am        236
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពេលទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សំណេះសំណាល និងសួរសុខទុក្ខ ជាមួយនិស្សិត និងសិក្ខាកាមយោធា /នគរបាល ចំនួន៨៦រូប ដែលកំពុងសិក្សា និងហ្វឹកហាត់នៅប្រទេសឡាវ។គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៣-១៤ ខែកុម្ភៈ។លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យក្មួយ ចៅៗនិស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ បានជួបដើម្បីបានសុំការណែនាំពីសម្តេចលើការសិក្សានៅប្រទេសឡាវ។ លោកជំទាវឯកអគ្គរាជទូតមានប្រសាសន៍ថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវ ជួបការលំបាកលើអត្រាការប្រាក់ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះ ដែលមានលំបាកក្នុងការប្តូរប្រាក់។ លោកជំទាវបន្តថា និស្សិតដែលកំពុងសិក្សានៅប្រទេសឡាវរួមមាន សិក្សាលើឯកទេសស្ថាបត្យកម្មសំណង់ស៊ីវិល វិទ្យាសាស្រ្តកុំព្យូទ័រ បរិស្ថាន ទេសចរណ៍ តុបតែងខាងក្នុង អក្សរសាស្រ្ត អង់គ្លេស និងសេដ្ឋកិច្ច។លោកជំទាវបន្តថា ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំ មាននិស្សិត សិក្សាលើវិស័យការពារជាតិ និងនគរបាលជាតិផងដែរ។សម្តេចតេជោបានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិកំពុងសិក្សានៅក្នុងប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគត់មុតបំផុត ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិជាទីស្រឡាញ់របស់យើង ឲ្យអស់ពីសមត្ថភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំធ្វើនូវអំពើល្អ ត្រូវមានទំនាក់ទំនងល្អជាមួយសាស្រ្តចារ្យ និស្សិតនិងនិស្សិត ពិសេសត្រូវធ្វើនូវអំពើល្អជាមួយនិងប្រជាជនឡាវ ចូលរួមការងារសង្គម និងចេះជួយយកអាសាគ្នា ពោលគឺពេលដែលយើងរស់នៅជាមួយគ្នាឲ្យគេស្រឡាញ់ ពេលយើងចាកចេញពីគ្នាឲ្យគេនឹករលឹក។សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវចេះតាមដានពីសភាពការណ៍វិវត្តន៍របស់ពិភពលោក និងសភាពការណ៍ក្នុងប្រទេស ពិសេសត្រូវតាមដាននិងស្តាប់ពីអ្វីដែលរីកចំរើនពិតប្រាកដ កុំជឿតាមការបោកបញ្ឆោតពីជនអគិតមួយចំនួន ដែលបំភ្លៃការពិតពីការដឹកនាំ និងការរីកចំរើនរបស់ ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់និស្សិតទាំងអស់ ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវផងដែរ។សម្តេចតេជោបានស្នើឲ្យមានការយោគយល់ចំពោះការលំបាករបស់និស្សិត លើអត្រាប្តូរប្រាក់ក្នុងប្រទេសឡាវ ដោយសាតែការជួបនិងវិបត្តិកូវីដ១៩។ សម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសឡាវ ។សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសឡាវនៅពេលនេះ សម្តេចនិងពិភាក្សាគ្នាមួយនិងភាគីឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់មានសន្ទុះខ្លាំងឡើងថែមទៀត ហើយនឹងមានការចុះហត្ថលេខាលើការបោះបង្គោលព្រំដែនកម្ពុជា ឡាវ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍លើកឡើង ពីការជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវ លើការជំរុញការហោះហើរ ទេសចរណ៍ និងថាមពលអគ្គិសនី៕

ចិន​ត្រៀម​បាញ់​ទម្លាក់​វត្ថុ​ទាំងឡាយ​ដែល​បាន​ហោះ​ជិត​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ខ្លួន​

2023/02/13 10:59:15 am        250
​ចិន៖ សារព័ត៌មាន​ចិន The Paper បាន​រាយការណ៍​ថា ប្រទេស​ចិន​កំពុង​ត្រៀម​បាញ់​ទម្លាក់​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ ដែល​ហោះហើរ​នៅ​លើ​ដែនទឹក​ជិត​ទីក្រុង​កំពង់ផែ​ឈី​ង​តាវ (Qingdao) ដែល​ជា​ទីតាំង​ដ៏​សំខាន់​សម្រាប់​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។ ​សារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា បុគ្គលិក​ម្នាក់​នៅ​អង្គភាព​អាជ្ញាធរ​អភិវឌ្ឍន៍​កង​ម៉ា​រី​ន​នៃ​ស្រុក​ជី​ម៉ូ​ របស់​ទីក្រុង​កំពង់ផែ​ឈី​ង​តាវ​បាន​និយាយថា ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ត្រៀម​បាញ់​ទម្លាក់​វត្ថុ​មួយ។ ​បុគ្គលិក​រូបនេះ​ពុំបាន​ផ្ដល់ព័ត៌មាន​ថា ​តើ​វត្ថុ​នោះ​គឺជា​អ្វី​នោះទេ​។ មូលដ្ឋាន​កងទ័ពជើងទឹក​ជាំ​ង​ជ័​ង (Jianggezhuang) ស្ថិតនៅ​ចម្ងាយ ​១៥​ម៉ា​យល៍​ភាគ​ខាងកើត​ទីក្រុង​ឈី​ង​តាវ ផ្ទុក​ទាំង​នាវាមុជទឹក​វាយ​ប្រហារ​នុយក្លេអ៊ែរ ទាំង​មី​ស៊ី​ល​បាលី​ស្ទីក និង​នាវា​ផ្ទុក​យន្តហោះ​ដំបូងបង្អស់​របស់​ប្រទេស​នេះ​គឺ​លី​អៅ​នី​ង (Liaoning)។ មូលដ្ឋាន​នេះ​គឺជា​ទីបញ្ជាការ​នៃ​កង​នាវា​ចរ​សមុទ្រ​ខាងជើង​របស់​ប្រទេស​ចិន​។​ ​សហរដ្ឋអាមេរិក និង​កាណាដា​បាន​បាញ់​ទម្លាក់​វត្ថុ​ចំនួន​៣ ដែល​កំពុង​ហោះហើរ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​រួម​ទាំង​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​និយាយ​ថា ត្រូវ​បាន​បញ្ជូន​ដោយ​ចេតនា​ដោយ​ប្រទេស​ចិន​សម្រាប់​ឈ្លប​យក​ការណ៍។ ទីក្រុង​ប៉េកាំង​បាន​លើក​ឡើង​ថា បា​ឡុង​ដែល​អាមេរិក​បាញ់​ទម្លាក់​នោះ​គឺជា​ឧបករណ៍​តាមដាន​សីតុណ្ហភាព​ គ្មាន​ការ​ប៉ះពាល់​ដែល​រសាត់​តាម​កម្លាំង​ខ្យល់​ប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

យោធា​បាន​បាញ់​ទម្លាក់​វត្ថុ​ដែល​កំពុង​ហោះ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​មួយទៀត​លើ​បឹង ​Lake Huron នៅ​អាមេរិក​

2023/02/13 10:18:56 am        532
​អាមេរិក៖ មន្ត្រី​សហរដ្ឋអាមេរិក ​៣​រូប​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ABC News ថា វត្ថ​ដែល​កំពុង​ហោះ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​មួយ​ផ្សេងទៀត ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​រសៀល​ថ្ងៃអាទិត្យ​នៅ​លើ​បឹង Lake Huron ក្នុង​រដ្ឋ Michigan សហរដ្ឋអាមេរិក ដែល​ក្លាយ​ជា​ឧបទ្ទវហេតុ​ចុងក្រោយ​បំផុត​នៃ​ការ​បាញ់​ទម្លាក់​វត្ថុ​បែបនេះ​។ ​យោង​តាម​ប្រភព​ពី​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​ទាំងនោះ វត្ថុ​មួយ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​យន្តហោះ​យោធា​អាមេរិក។ មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយថា​ លោក​ប្រធានាធិបតី Joe Biden បាន​ណែនាំ​ថា វត្ថុ​នោះ​ត្រូវ​បាញ់​ដោយមាន​ការប្រុងប្រយ័ត្ន និង​តាម​ការណែនាំ​របស់​មេដឹកនាំ​យោធា​។​ ​មន្ត្រី​ដដែល​បាន​និយាយ​ថា វត្ថុ​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​នេះត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ប្រព័ន្ធ​រ៉ា​ដាលើ​រដ្ឋ Montana កាលពី​ថ្ងៃ​សៅរ៍ និង​ត្រូវ​បាន​ឃើញ​ជាថ្មី​លើ​រ៉ា​ដា​នៅ​លើ​រដ្ឋ Wisconsin និង Michigan កាលពី​ថ្ងៃអាទិត្យ​។ ​មន្ត្រី​ខាងលើ​និយាយ​ថា វត្ថុ​នោះ​មាន​រាង​អដ្ឋ​កោណ​ ឬ​​ ៨​ជ្រុង​ដែល​ហោះហើរ​គ្មាន​មនុស្ស​បើកបរ បាន​ធ្វើ​ដំណើរ​កម្ពស់​ប្រហែល ២០.០០០​ហ្វី​ត។ ​ពុំ​មាន​ការ​បញ្ជាក់​ពី​សមត្ថភាព​ឈ្លប​យកការណ៍​ទេ ប៉ុន្តែ​រដ្ឋ​បាន​នេះ​ក៏​ពុំបាន​ច្រានចោល​ដែរ។ យន្តហោះ​ចម្បាំង F-22 របស់​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ ​ដែល​បាន​ហោះ​នៅ​លើ​ប្រទេស​កាណា​ដាកាល​ពី​ថ្ងៃ​សៅរ៍​ ទី​១១​ កុម្ភៈ ជា​ការ​បាញ់​ទម្លាក់​លើក​ទី​២ ក្នុង​ពេល​ជាច្រើន​ថ្ងៃ​មកនេះ ខណៈ​ប្រទេស​នៅ​អាមេរិក​ខាងជើង​មួយ​នេះទំនងជា​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ក្រោយ​ការ​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិនដែល​នាំ​ឲ្យ​ពិភពលោក​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2023/02/13 07:42:12 am        457
ភ្នំពេញ៖តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៣-១៤ ខែ កុម្ភៈ ឆ្នាំ២០២៣។អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម លោកជំទាវ ជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយ ចំនួន។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប សម្ដែងការគួរសមដោយឡែកពីគ្នា ជាមួយ ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕

BREAKING News!! សម្ដេចតេជោ បញ្ជាឲ្យក្រសួងព័ត៌មានលុបចោល​អាជ្ញាប័ណ្ណ​វិទ្យុវីអូឌី (VOD) ចាប់ពី​ពេលនេះ​តទៅ

2023/02/12 07:24:37 pm        686
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​សម្រេច​បញ្ជា​ឱ្យ​ក្រសួងព័ត៌មាន​លុបចោល​អាជ្ញាបណ្ណ​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចាប់ពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ និង​ត្រូវ​បញ្ចប់​ការ​ផ្សាយ​នៅ​ត្រឹមម៉ោង ១០ និង០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត បន្ទាប់វិទ្យុនេះ​មិន​ព្រម​សូមទោសសម្តេច និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឱ្យពាក្យសុំទោសបានដែរឬទេ? សម្ដេចបញ្ជាក់ថាសម្រាប់សម្ដេច មិនអាច​ទទួល​​យក​បានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនា​ទម្លាក់​កំហុស​ឱ្យ​មន្ត្រី​រាជ​រដ្ឋាភិបាល​មែន​ទេ? សម្ដេចបន្ថែមថា សម្ដេចទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាព​ប្តឹង​ទៅ​តុលាការ​លើក​រណីនេះ។សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចបានកាន់តំណែងក្នុងរដ្ឋរយៈពេលជាង ៤៤ ឆ្នាំ ហើយក្នុង​នោះ​តំណែង​នាយករដ្ឋមន្ត្រីរយៈពេលជាង ៤៤ ឆ្នាំ។ សម្ដេចពិតជាយល់​ដឹង​ល្មម​គ្រប់គ្រាន់​នូវ​ពាក្យ​ពេច​ន៍ដែល​ត្រូវ​បាន​ប្រើ​រាប់​ទាំង​ពាក្យ​សំដី​វាគ្មិន​មួយ​ចំនួន​ដែល​ចូល​មក​សម្ភាស​ក្នុង​រឿង​ផ្លូវ​ច្បាប់​ទាក់ទងដល់ ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូ ន​ដែលកូននោះគឺ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។សម្ដេចតេជោបានចោទសួរថា តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?សម្ដេច​តេជោបានបញ្ជាក់ថា «ដើម្បីកុំឲ្យវែង​ឆ្ងាយ​សម្ដេច​សម្រេច​មិន​ទទួល​យក​ការ​សំដែង​ការ​សោក​ស្តាយ និងសូមការអធ្យាស្រ័យជំនួសឱ្យការសុំទោសរបស់អស់លោក (វិទ្យុ វីអូឌី) ដែល​ជា​សេចក្តី​ថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ»។សម្ដេចបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន សម្ដេច​សម្រេច​បញ្ចប់​រឿង នេះដោយឱ្យក្រសួងព័ត៌មានលុបចោល អាជ្ញាប័ណ្ណវិទ្យុ វីអូឌី ចាប់ពីពេលនេះតទៅ និងត្រូវ​បញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ និង០០នាទី ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាកំហិត។សម្ដេចបានបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះឱ្យបានគង់វង្ស។សម្ដេចបាន​បញ្ជាក់ថា ការបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែសម្ដេចមិនប៉ះពាល់ ទ្រព្យសម្បត្តិរបស់វិទ្យុនេះទេ។សម្ដេចតេជោ បានប្រាប់ទៅមិត្តភក្តិបរទេសដែលផ្តល់ថវិកាឱ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង និងណែនាំដល់​បុគ្គលិក​ដែល​ធ្វើកា​រ​នៅ​វិទ្យុ​នេះស្វែ​ងរ​ក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត​៕ អត្ថបទ៖ វ៉ន ដារ៉ា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល វាយប្រហារអ្វីដែលខ្លួននិយាយថាជាមូលដ្ឋានក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់
06/29/2026 04:06 PM
សហភាពអឺរ៉ុបកំពុងពិភាក្សាអំពីប្រាក់កម្ចីថ្មីចំនួន ៣០-៤៥ ពាន់លានអឺរ៉ូបដល់អ៊ុយក្រែន បន្ទាប់ពីឆ្នាំ ២០២៧
06/29/2026 04:06 PM
កងទ័ពអ៊ីស្រាអែលវាយប្រហារមជ្ឈមណ្ឌលបញ្ជាការហេសបូឡាចំនួនបី ដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់
06/29/2026 04:06 PM
ប៉ូឡូញ៖ ការចរចាលើមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចូលដល់ «ដំណាក់កាលបន្ទាប់»
06/29/2026 04:06 PM
កូរ៉េខាងត្បូងសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ក្រោយ​បង្ហាញព័ត៌មានយឺត អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
06/29/2026 04:06 PM
ភាគហ៊ុនប្រែប្រួល​ ​ ហើយ​ប្រេងឡើងថ្លៃ ខណៈអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារថ្មី
06/29/2026 04:06 PM
ក្រសួងបរិស្ថាន៖រលកកំដៅនៅអឺរ៉ុប គឺជាការព្រមាននៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ
06/29/2026 04:06 PM
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន៖ការវាយប្រហាររបស់ប៉ាគីស្ថាន បានសម្លាប់ជនស៊ីវិល ៣៦នាក់ និងរបួស ១៦៣ នាក់
06/29/2026 04:06 PM
ប្រធានាធិបតីបេឡារុស លោក Lukashenko ជួបពិភាក្សា​ជាមួយមេដឹកនាំ​ចិន ​លោក Xi នៅក្រុងប៉េកាំង
06/29/2026 04:06 PM
ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន
06/29/2026 04:06 PM