សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

អ្នកសារព័ត៌មានជាង ៤ពាន់នាក់ ត្រៀមចូលរួមក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន សម្រាប់ឆ្នាំនេះ

2023/01/03 09:33:39 am        452
ភ្នំពេញ៖ ជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ​ លើកទី៥ ឆ្នាំ២០២៣នេះ មានអ្នកសារព័ត៌មានប្រមាណជាង ៤ ពាន់នាក់។ នេះ​បើ​តាម​ឯកឧត្ដម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​។លោកបានឱ្យដឹងថា ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចូលរួម​ប្រមាណជាង ៤ពាន់នាក់នេះ បានបង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ ទំនង​រវាង អ្នកសារព័ត៌មាន និងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី។នៅក្នុ​ង​ឱកាសកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹងអ្នកសារព័ត៌មាន លើកទី៥ នៅឆ្នាំ២០២៣ បន្ទាប់​ពី​អាក់ខាន​អស់​រយៈពេល ២ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមាន​ប្រសាសន៍​កាល​ពី​កិច្ចប្រជុំ​មួយ​ដើម្បី​ត្រៀមរៀប​ចំ​ជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ ថា គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការ​លើក​កម្ពស់​វិស័យ​ព័ត៌មាន​ឱ្យ​កាន់​តែ​រីក​ចម្រើន​ តាម​រយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាន និងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី-ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬ​ពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និង​ជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។ឯកឧត្ដម ផុស សុវណ្ណ បានឱ្យដឹងថា ពិធីជួប​ជុំ​រវាង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រទេស​កាន់តែច្រើន​ទៀត​ដាក់​ការ​រឹតត្បិត​លើ​អ្នកដំណើរ​ចេញពី​ចិន ខណៈ​ករណី​ឆ្លង​វីរុស​ COVID-19 កើនឡើង​

2023/01/02 03:07:45 pm        493
ចិន៖ ​មាន​ប្រទេស ​និង​ដែនដី​កាន់​តែ​ច្រើន​បាន​អនុវត្តន៍​ការ​រឹតត្បិត​លើ​អ្នកដំណើរ​ចេញពី​ប្រទេស​ចិន ស្រប​ពេល​ករណី​​ឆ្លង​វីរុស COVID-19 កើន​ឡើង ខណៈ​ប្រទេស​អូស្ត្រាលី និង​កាណាដា​កំពុង​តម្រូវ​ឲ្យ​មាន​លទ្ធផល​តេស្ត​អវិជ្ជ​មាន​វីរុស​នេះ សម្រាប់​គ្រប់​អ្នកដំណើរ​ទាំងអស់​ចេញពី​ចិនដីគោក ទីក្រុង​ហុងកុង និង​ម៉ា​កាវ​។ ​ការ​រឹតត្បិត​ចុងក្រោយ​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ ខណៈ​មន្ទីរពេទ្យ​នានា​ផ្ទុក​អ្នកជំងឺ​លើស​ចំណុះ​ និង​មាន​ពិធី​បុណ្យ​សព​នៅ​តាម​ផ្ទះ​ជាច្រើន​ទូទាំង​ប្រទេស​ចិន។ ​ក្នុង​រយៈកាល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង អ៊ីតាលី អេ​ស្ប៉ា​ញ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​កោះ​តៃវ៉ាន់​ក៏បាន​ដាក់​ការ​រឹតត្បិត​ ដោយ​តម្រូវ​ឲ្យ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​លើ​អ្នកដំណើរ​មកដល់​ ចេញពី​ប្រទេស​ចិន​ផង​ដែរ។ ប្រទេស​ម៉ាឡេស៊ី​និយាយ​ថា ខ្លួន​នឹង​ស្កែ​ន​គ្រប់​អ្នកដំណើរ​ទាំងអស់ រួម​ទាំង​មកពី​ប្រទេស​ចិន ចំណែក​ហ្វីលីពីន​វិញ​បាន​និយាយ​ថា ​ខ្លួន​នឹង​រឹតត្បិត​ការ​ត្រួត​ពិនិត្យ​លើ​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ទាំងអស់ លើ​អ្នកដំណើរ​មកដល់​ពី​ប្រទេស​ចិន​។ ​​ក្រុម​អ្នក​ជំនាញ​សុខភាព​សកល​និយាយ​ថា ​វីរុស​ដែល​មកពី​ជំងឺ ​COVID-19 ​ទំនងជា​កំពុង​ឆ្លង​ដល់​មនុស្ស​រាប់​លាន​នាក់​ក្នុង​មួយថ្ងៃ បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បោះ​បង់​ចោល​គោលនយោបាយ​គ្មាន​វីរុស ​COVID-19 ឬ zero-COVID” នៃ​វិធានការ​បិទ​ខ្ទប់​ដ៏​តឹងរ៉ឹង និង​ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​មុន​។ គណៈកម្មការ​សុខភាព​ជាតិក៏បាន​បញ្ឈប់​ការ​ចេញ​ផ្សាយ​ទិន្នន័យ​ប្រចាំថ្ងៃ​នៃ​ករណី​ឆ្លង ​និង​ស្លាប់​ផង​ដែរ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បន្ត​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​ថ្មី ខណៈ​លោក Zelenskyy ជូនពរ​ឆ្នាំ​ថ្មី​ឲ្យ​ទាំងអស់គ្នា​ទទួលបាន​ជ័យជំនះ​

2023/01/02 02:39:43 pm        412
​អ៊ុយក្រែន៖ យោធា​រុស្ស៊ី​បាន​បន្ត​វាយប្រហារ​លើ​ទីក្រុង​នានា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ ដែល​ឆ្នាំ​ថ្មី​ឈានចូល​មកដល់​។ យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយថា ខ្លួន​បាន​ស្ទាក់​ចាប់​យាន​ដ្រូ​ន​ផលិត​ដោយ​ប្រទេស​អ៊ីរ៉ង់​ចំនួន ៤៥​គ្រឿង​ដែល​រុស្ស៊ី​បាន​បញ្ជូន​មក​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ និង​ព្រឹក​ថ្ងៃអាទិត្យ​។ អភិបាលក្រុង Kyiv និយាយ​ថា ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្ស៊ី​បាន​កំណត់​គោលដៅ​ទៅលើ​ទីតាំង​ថាម​ពល និង​បាន​បំផ្លាញ​អគារ​ហេដ្ឋារចនាសម្ព័ន្ធ​។ អនុប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Kyrylo Tymoshenko បាន​និយាយ​នៅក្នុង​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ការ​បាញ់​ផ្លោង​របស់​រុស្សី​នៅ​ទីក្រុង Kherson ភាគ​ខាងត្បូង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ២០​នាក់​ផ្សេងទៀត​រង​របួស រួម​ទាំង​អ្នកសារព័ត៌មាន​ជប៉ុន​ម្នាក់ និង​បាន​បំផ្លាញ​មន្ទីរពេទ្យ​កុមារ​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​អ៊ុយ​ក្រែ​ន លោកស្រី Bridget Brink បាន​បង្ហោះ​សារ​លើ​បណ្តាញ ​Twitter ថា រុស្ស៊ី​បាន​វាយប្រហារ​យ៉ាង​ឃោរឃៅ និង​កំសាក​មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ដើមឆ្នាំ​ថ្មី​នេះ​។ លោកស្រី​និយាយថា អាមេរិក​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ថា អ៊ុយ​ក្រែ​ន​នឹងមាន​ជ័យជំនះ​នៅ​ឆ្នាំ​២០២៣​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការវាយប្រហារ​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​របស់ខ្លួន ​បាន​ផ្តោត​លើ​ទីតាំង​ផលិត​យាន​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​។ ក្រសួង​បាន​អះអាងថា រុស្ស៊ី​អាច​ទប់​ទល់នឹង​ការវាយប្រហារ​ភេរវកម្ម​របស់​ក្រុង​គី​វ​មកលើ​រុស្ស៊ី​នាពេល​អនាគត​។ ជាមួយគ្នានេះប្រធានាធិបតី​លោក Volodymyr Zelenskyy បាន​និយាយ​ថា បំណងប្រាថ្នា​តែមួយគត់​របស់លោក​ ស​ម្រា​ប់​ប្រជាជន​អ៊ុយ​ក្រែ​ន​ទាំងអស់​សម្រាប់​ឆ្នាំ២០២៣ គឺ​ជ័យជំនះ ហើយ​បាន​សម្រេចចិត្ត​បន្តដំណើរ​ទៅមុខទៀត ខណៈ​ប្រទេស​នេះ​ព្យាយាម​ដើម្បី​ជ័យជំនះ​។ លោកនិយាយថា យើង​ត្រៀមខ្លួន​រួចជាស្រេច​ប្រយុទ្ធ​ដើម្បី​សេរីភាព​។ ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានចាប់ផ្តើម​ការ​លុកលុយ​របស់លោកមកលើអ៊ុយ​ក្រែ​នកាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ដោយ​ចាត់ទុកថា​ជា «​ប្រតិបត្តិការ​សឹក​ពិសេស​» ហើយ​លោក​បាន​ប្រើ​សុន្ទរកថា​ឆ្នាំ​ថ្មី​ផ្ទាល់ខ្លួន​ ដើម្បី​ប្រមូលផ្តុំ​ប្រជាជន​រុស្ស៊ី​ឲ្យ​គាំទ្រ​ទាហាន​ដែល​កំពុង​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ ប៊ុនថន

​មនុស្ស​ ១៤​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ប្រដាប់អាវុធ​នៅ​ពន្ធនាគារ​ទីក្រុង Juarez ព្រំដែន​ម៉ិ​ក​ស៊ិ​ក​

2023/01/02 12:45:22 pm        270
​ម៉ិកស៊ិក៖ អាជ្ញាធរ​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា យ៉ាងហោចណាស់​មនុស្ស ១៤នាក់​បាន​ស្លាប់នៅក្នុង​ការវាយប្រហារ​ប្រដាប់អាវុធ​នៅ​ពន្ធនាគារ​មួយកន្លែង​ក្នុង​ទីក្រុង Juarez ព្រំដែន​ភាគ​ខាងជើង​។ រដ្ឋអាជ្ញា រដ្ឋ​Chihuahua បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ក្នុងចំណោម​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នៅក្នុង​ពន្ធនាគារ មាន​បុគ្គលិក​សន្តិសុខ ១០នាក់ និង​អ្នកទោស ៤នាក់ ខណៈ ១៣នាក់​ផ្សេងទៀត​បាន​រងរបួស ហើយ​យ៉ាងហោចណាស់​អ្នកទោស ២៤នាក់​បាន​រត់គេចខ្លួន​។ ​វា​នៅ​ពុំទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅឡើយ​ទេ​ថា នរណា​ជា​អ្នក​ចាប់ផ្តើម​ការវាយប្រហារ​។ សាច់ញាតិ​របស់​អ្នកទោស​ម្នាក់ និយាយថា អ្នក​វាយប្រហារ​ទាំងអស់​មាន​អាវុធ​ល្អ​ជាង​នគរបាល​។​ ​រដ្ឋអាជ្ញា​និយាយថា ការស៊ើបអង្កេត​បឋម​បាន​រកឃើញថា​ អ្នក​វាយប្រហារ​បាន​ចូលមក​ដល់​ម៉ោង​ប្រហែល​ ៧​ព្រឹកម៉ោង​ក្នុង​តំបន់​ ​នៅ​ពន្ធនាគារ​ដោយ​រថពាសដែក​ហើយ​បាន​បាញ់ប្រហារ​។ ប៉ុន្មាន​នាទី​មុនអាជ្ញាធរ​បាន​រាយការណ៍​ពី​ការវាយប្រហារ​នៅក្បែរនោះ​ មកលើ​នគរបាល​ទីក្រុង ហើយ​ក្រោយ​ការដេញ​តាមបុរស ៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ និង​រឹបអូស​បាន​រថយន្ត​មួយគ្រឿង​។ នៅ​តំបន់​មួយទៀត​នៃ​ទីក្រុង អ្នកបើកបរ​ពីរ​នាក់បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់ ជា​អ្វីដែល​អាជ្ញាធរ​ចាត់ទុកថា​ជាការ​បំពាន​ប្រដាប់អាវុធ​។ រដ្ឋអាជ្ញា​ពុំបាន​បញ្ជាក់ថា ​តើ​ឧប្បត្តិហេតុ​ទាំង៣ ​នេះ​មានការ​ជាប់ទាក់ទង​គ្នា ​ឬ​យ៉ាងណា​នោះទេ​។​ ​កាលពី​ខែសីហា ទាហាន​ម៉ិ​ក​ស៊ិ​ក​រាប់រយ​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីក្រុង Juarez បន្ទាប់ពី​ការប្រឈមមុខ​ដាក់គ្នា​នៅ​ពន្ធនាគារ ​រវាង​សមាជិក​ក្រុម​ជួញដូរ​ជា​គូប្រជែង​ពីរ​ក្រុម​បាន​បង្កឱ្យមាន​កុបកម្ម និង​ការបាញ់ប្រហារ​បណ្តាល​ឲ្យ​មនុស្ស ១១នាក់​ស្លាប់ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល៕អត្ថបទ៖ ប៊ុនថន

ការ​សោយ​ទិវង្គត​អតីត​សម្តេច​ប៉ាប Benedict គ្របដណ្តប់​លើ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅ​បុរី​វ៉ា​ទី​កង់

2023/01/02 12:17:31 pm        278
​អ៊ីតាលី៖ សម្តេច​ប៉ាប Francis បាន​ប្រារព្ធ​ទិវា​សន្តិភាព​ពិភពលោក​ តាម​ប្រពៃណី​របស់​ព្រះវិហារ​រ៉ូ​ម៉ាំង​កាតូលិក​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ការចាប់ផ្តើម​នៃ​ឆ្នាំ​ថ្មី​នៅ​បុរី​វ៉ា​ទី​កង់​ត្រូវបាន​គ្របដណ្ដប់​ ដោយ​ការ​សោយ​ទិវង្គត​របស់​សម្តេច​ប៉ាប​កាន់តំណែង​មុន​ព្រះអង្គ​គឺ​សម្តេច​ប៉ាប Benedict ទី​១៦​។ ​សម្តេច​ប៉ាប Francis បាន​យាង​ជា​អធិបតី​ក្នុង​ពិធី​ដ៏​ធំ​មួយ​នៅ​ព្រះវិហារ St. Peter's Basilica ខណៈ​ព្រះ​សព​របស់​សម្តេច​ប៉ាប ​Benedict ដែល​បាន​សោយ​ទិវង្គត​​កាលពី​ថ្ងៃ​សៅ​ក្នុង​ព្រះ​ជន្មាយុ ៩៥ ត្រូវបាន​រៀបចំឡើងរ​យៈ​ពេល ​៣​ថ្ងៃ​សម្រាប់​ការ​ឲ្យ​ចូល​គោរព​នៅ​ព្រះវិហារ​តែមួយ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ចន្ទ​នេះ​។ ​សម្តេច​ប៉ាប Francis បាន​អំពាវនាវ​ឱ្យ​មាន​សន្តិភាព ដោយ​សំដៅ​ទៅលើ​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម រួម​ទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​រុស្ស៊ី​បាន​បន្ត​ការវាយប្រហារ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​ចិន​ជំរុញឱ្យមាន​សាមគ្គីភាព​ក្នុងដំណាក់កាល​ថ្មី​នៃ​ការឆ្លើយតប​វីរុស COVID-19

2023/01/02 11:51:28 am        331
​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​អំពាវនាវ​ឱ្យមាន​ការរួបរួម ខណៈ​ប្រទេស​នេះ​ឈាន​ចូល​ដំណាក់កាល​ថ្មី​នៃ​ការឆ្លើយតប​នឹង​វីរុស​ឆ្លង ​Covid-19​។ លោក Xi បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ឆ្នាំ​ថ្មី​របស់​លោក​តាម​ទូរទស្សន៍​រដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ផ្សេងទៀត​ ដែល​លោក​បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​វិធានការ​ប្រឆាំង​វីរុស ​របស់​រដ្ឋាភិបាល​លោក​។ ​​វីរុស ​Covid-19 បាន​រាលដាល​យ៉ាងខ្លាំង​នៅ​ទូទាំងប្រទេស​ចិន ចាប់តាំងពី​គោលនយោបាយ​តឹងរ៉ឹង​ត្រូវបាន​បន្ធូរបន្ថយ​កាលពី​ខែ​មុន​។ អ្នកជំនាញ​ព្រមាន​ថា ករណី​ឆ្លង​កំពុង​កើនឡើង​នៅក្នុង​ទីក្រុង​សៀង​ហៃ, ខេត្ត​ Hubei និង​កន្លែង​ផ្សេងទៀត​ទូទាំងប្រទេស​។ លោក Xi និយាយថា ពេលនេះ​យើង​បាន​ឈានចូល​ដំណាក់កាល​ថ្មី​នៃ​ការឆ្លើយតប​ទៅ​នឹង​វីរុស ​COVID-19 ដែល​បញ្ហា​ប្រឈម​ដ៏​លំបាក​នៅតែមាន​។ ​មនុស្ស​គ្រប់គ្នា​កំពុង​បន្ត​ដោយ​ភាពរឹងមាំ​ដ៏​អស្ចារ្យ ហើយ​ក្តីសង្ឃឹម​នឹង​មាននៅ​ចំពោះមុខ​យើង​។ យើង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ហើយ​សាមគ្គីភាព​មានន័យថា​ជា​ជ័យជម្នះ​។ ​លោក Xi បាន​និយាយ​សំដៅ​ទៅលើ​កោះ​តៃវ៉ាន់ ដោយ​លោក​បានបង្ហាញ​ពី​បំណងប្រាថ្នា​យ៉ាងខ្លាំង​ ដើម្បី​សម្រេចបាន​នូវ​អ្វីដែល​លោក​ហៅថា​ ការបង្រួបបង្រួម​កោះ​តៃវ៉ាន់​។ លោក​និយាយថា ប្រជាជន​នៅ​សងខាង​នៃ​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​គឺជា​សមាជិក​នៃ​គ្រួសារ​តែមួយ​។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ជនរួមជាតិ​របស់​យើង​នៅ​សងខាង​នៃ​ច្រក​សមុទ្រ​នឹងធ្វើ​ការរួម​គ្នា​ដោយ​ការឯកភាព ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ភាពរុងរឿង​យូរអង្វែង​របស់​ប្រជា​ជាតិចិន៕អត្ថបទ៖ ប៊ុនថន

ក្រសួង៖ ទេសចរជាតិ-អន្តរជាតិជាង ២លាននាក់ បានដើរលេងកម្សាន្តឆ្លងឆ្នាំសកល២ ថ្ងៃនេះ

2023/01/02 11:35:12 am        366
ភ្នំពេញ៖ ថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកលរយៈពេល ២ ថ្ងៃ នៅទូទាំងប្រទេស ភ្ញៀវទេសចរសរុបប្រមាណ ២.០២២.៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២.០០៦.១១៧ នាក់ និងភ្ញៀវបរទេស ១៦.៨០៣ នាក់ បានចេញដើរលេងកម្សាន្តតាមខេត្ត និងតំបន់រម្មណីយដ្ឋាននានា។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនាថ្ងៃទី២ ខែមករានេះ។ យោងតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន ដែលទេសចរនិយមទៅលេងកម្សាន្ដនោះរួមមាន៖ រាជធានីភ្នំពេញ ៤៥៥.៨៣២ នាក់ ខេត្តព្រះសីហនុ ៣៣៨.៥៥២នាក់ ខេត្តសៀមរាប ៣៣៧.៧៦៩ នាក់ ខេត្តកំពត ៣៣០.៦៥៩នាក់ ខេត្តបាត់ដំបង ១៥៨.១១០នាក់ ខេត្តកែប ៨៨.៣៥៦នាក់ ខេត្តត្បូងឃ្មុំ ៨៤.៦៨៣នាក់ និងខេត្តកំពង់ចាម ៧៦.៩០១នាក់។បើតាមក្រសួងទេសចរណ៍ តួលេខខាងលើមានការកើនឡើង ៧៦,៦៥% បើធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង ៤៥ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមរតកតេជោជាដើម។ក្រសួងបញ្ជាក់ថា គោលដៅទេសចរណ៍នានាទូទាំងប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕(ដោយ៖ វ៉ន ដារ៉ា)

ប្រមុខ​សម្ព័ន្ធ​ណា​តូ​ព្រមាន​លោកខាងលិច​ត្រូវតែ​ត្រៀម​ផ្ដល់​ការគាំទ្រ​រយៈពេល​វែង​ដល់​អ៊ុយ​ក្រែ​ន​

2023/01/02 11:07:20 am        373
​ណាតូ៖ អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ​បាន​និយាយ​ថា ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ត្រូវតែ​ត្រៀម​ផ្ដល់​ការគាំទ្រ​រយៈពេល​វែង​ដល់​អ៊ុយ​ក្រែ​ន ខណៈ​រុស្ស៊ី​ពុំបាន​បង្ហាញ​សញ្ញា​នៃ​ការ​ធូរស្រាល​។ ​លោក Jens Stoltenberg បាន​ប្រាប់​ទូរទស្សន៍ BBC ថា ការ​គាំទ្រ​ខាង​យោធា​នឹង​ធានា​ពី​ការរស់រាន​របស់​អ៊ុយ​ក្រែ​ន ជា​ប្រទេស​មាន​អធិបតេយ្យភាព និង​បង្ខំ​រុស្ស៊ី​ឲ្យ​អង្គុយ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​។ ​មេដឹកនាំ​រុស្ស៊ី​បាន​ចោទ​លោក​ខាង​លិច​ពី​បទ​ប្រើប្រាស់​អ៊ុយ​ក្រែ​ន ​ដើម្បី​បំផ្លាញ​ប្រទេស​របស់​លោក​។ ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​របស់​រុស្ស៊ី​បាន​វាយប្រហារ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​។ ​លោក Stoltenberg បាន​ប្រាប់​កម្មវិធី One programme របស់​វិទ្យុ Radio 4's World ថា កម្មវិធី​កេណ្ឌ​​កម្លាំង​យោធា​ដោយ​ផ្នែក​របស់​រុស្ស៊ី ដែល​បាន​បញ្ជា​កាលពី​ខែ​កញ្ញា​បង្ហាញ​ថា ​ទីក្រុង Moscow ពុំ​មាន​បំណង​បញ្ចប់​សង្គ្រាម​បច្ចុប្បន្ន​នេះ​ទេ។ លោ​កថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយបក​ជាច្រើន​ខែ ប៉ុន្តែ​យើង​ក៏បាន​ដឹង​ដែរ​ថា​ រុស្ស៊ី​បាន​កេណ្ឌ​កម្លាំង​យ៉ាង​ច្រើន​បន្ថែម​ទៀត ភាគច្រើន​នៃ​ពួកគេ​កំពុង​ហ្វឹក​ហាត់​នៅ​ពេល​នេះ​។ ​ប្រមុខ​អង្គការ​នេះ​បន្ថែម​ថា គ្រប់​សុចនាករណ៍​ទាំងអស់​បង្ហាញ​ថា ពួកគេ​ត្រូវ​បាន​ត្រៀម​បន្ត​សង្គ្រាម​នេះ ហើយក៏​ព្យាយាម​បើក​ការ​វាយ​លុក​ថ្មី​ផង​ដែរ​៕ អត្ថបទ៖ សុខមាន

ឯកឧត្ដម ស៊ុន ចាន់ថុល ស្នើដល់ក្រុមហ៊ុនទទួលគម្រោងសាងសង់សម្ពោធស្ពាន ឆ្លងទន្លេមេគង្គ និងផ្លូវត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព

2023/01/02 10:50:33 am        351
ក្រចេះ៖ រដ្ឋមន្រ្ដីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីសម្ពោធស្ពានឆ្លងទន្លេមេគង្គ និងផ្លូវក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយស្នើដល់ក្រុមហ៊ុនទទួលគម្រោងសាងសង់ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព និងស្នើសុំប្រជាពលរដ្ឋមានផ្ទះជិតគម្រោងមេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ដើម្បីជំរុញការសាងសង់ដំណើការដោយរលូន អាចបញ្ចប់តាមការគ្រោងទុក។ឯកឧត្ដមបានថ្លែងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះមានប្រវែង ១៧៦១ ម៉ែត្រ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ។គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ដោយប្រើរយៈពេលសាងសង់ចំនួន ៤២ ខែ និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១១៤ លានដុល្លារអាមេរិក ដែលជាឥណទានពីរដ្ឋាភិបាលចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ឯកឧត្ដមបញ្ជាក់ថា៖«ខ្ញុំបាទក៏សូមផ្ដាំផ្ញើដល់ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសូមអនុវត្តការងារឱ្យបានត្រឹមត្រូវ និងសម្រេចជោគជ័យប្រកបសោយគុណភាព និងប្រសិទ្ធភាព និងស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងនៅជិតការដ្ឋានសាងសង់ ឬទទួលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍនេះ សូមមេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ដើម្បីជំរុញការសាង់សង់ឱ្យដំណើការបានរលូន និងបញ្ចប់តាមផែនការគ្រោងទុក»។បើតាមឯកឧត្ដមរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល គម្រោងសាងសង់ស្ពាន និងផ្លូវនាឱកាសនេះ គឺជាគម្រោងយុទ្ធសាស្រ្ដមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្ដីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរដ្ឋនៅត្រយខាងកើត និងពលរដ្ឋរស់នៅត្រយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយ៉ាល់នៅភាគឦសានមកកាន់ទីប្រជុំជន។គម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០ តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំបង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗផងដែរ។ ឯកឧត្ដមបានថ្លែងថា ស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ អនុតំបន់មេគង្គឡានឆាង ពិសេសចូលរួមលើកកម្ពស់ការអភិវឌ្ឍផែនការមេតំបន់ត្រីកោណផងដែរ CLV។ ឯកឧត្ដមបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ ស្ពាន និងផ្លូវតភ្ជាប់នេះ និងជំរុញឱ្យមានសន្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧហ្សាហកម្ម និងទេសចរណ៍នៅតាមបណ្ដាខេត្ត ដែលស្ថិតនៅភូមិភាគឦសាន រួមទាំងតំបន់ត្រីកោណអភិវឌ្ឍផងដែរស្របតាមគោលនយោបាយ និងផែនការមេរបស់រាជរដ្ឋាភិបាល៕

ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រមាន​ថា​ សេដ្ឋកិច្ច​សកល​ប្រឈម​ការលំបាក​កាន់តែខ្លាំង​ក្នុង​ឆ្នាំ​២០២៣

2023/01/02 10:34:18 am        473
​ពិភពលោក៖ ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា IMF បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ភាគច្រើន​ឆ្នាំ២០២៣ នឹង​ជា​ក្លាយ​ជា​ឆ្នាំ​ដ៏​លំបាក ខណៈ​ដែល​ក្បាល​ម៉ាស៊ីន​សំខាន់​នៃ​កំណើន​ពិភពលោក ដូចជា​សហរដ្ឋអាមេរិក អឺរ៉ុប និង​ចិន​សុទ្ធតែ​ជួបប្រទះ​សកម្ម​ភាព​ចុះ​ខ្សោយ​។ ​លោកស្រី Kristalina Georgieva ប្រធាន​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិបាន​និយាយ​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន Face the Nation របស់​ទូរទស្សន៍ CBS កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា ឆ្នាំ​ថ្មី​នេះ​នឹង​ជួប​ការ​លំបាក​ជាង​ឆ្នាំមុន​ដែល​យើង​បាន​ហែល​ឆ្លង​។ ​លោកស្រី​បាន​និយាយ​ថា ដើមចម​ដែល​លោកស្រី​លើក​ឡើង​បែបនេះ ព្រោះ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ធំ​ៗ​ទាំង​៣ គឺ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ចិន​សុទ្ធតែ​កំពុង​ធ្លាក់​ចុះ​ក្នុង​ពេល​ដំណាលគ្នា​។​ ​កាលពី​ខែ​តុលា ឆ្នាំ​២០២២ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​កាត់បន្ថយ​ទស្សនវិស័យ​របស់​ខ្លួន ​សម្រាប់​កំណើន​សេដ្ឋកិច្ច​សកល​នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​បន្ត​ធ្លាក់​ចុះ​ដោយ​សារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​សម្ពាធ​អតិផរណា និង​អត្រា​ការ​ប្រាក់​ខ្ពស់​កំណត់​ដោយ​ធនាគារ​កណ្ដាល​នានា ដូចជា​ធនាគារ​កណ្ដាល​អាមេរិកមានបំណង​ធ្វើ​ឲ្យ​សម្ពាធ​តម្លៃ​ទំនិញ​ធ្លាក់​ចុះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM