ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោណែនាំឱ្យមាតាបិតាអាណាព្យាបាលសិស្សកុំវាយតម្លៃកូនខ្លួនឯងប្រៀបធៀបជាមួយកូនអ្នកដទៃ

2022/05/03 05:09:51 am        2538
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានចែករំលែក​បទពិសោធន៍​ក្នុងការអប់រំកូនដល់មាតា បិតា អាណាព្យាបាលសិស្ស​សូមកុំវាយតម្លៃ​បង្អាប់​កូន​ដោយប្រៀបធៀប​ជាមួយកូនអ្នកដទៃឱ្យសោះ ព្រោះវាបានវ៉ៃប្រហារ​ដល់ទឹកចិត្ត​កូនរបស់​ខ្លួន​ឯង​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយទៅវិញត្រូវអប់រំដោយទឹកចិត្តល្អៗ។សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានលើកយកបទពិសោធន៍លើការអប់រំកូនចែករំលែកជូន មាតា បិតា អាណាព្យាបាលសិស្សានុសិស្ស បែបនេះ ត្រូវបាន​ធ្វើ​ឡើង​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​ជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសA​ក្នុងឆ្នាំ​សិក្សា២០២០-២០២១ ជិត២ពាន់នាក់ក្នុងក្របខណ្ឌទូទាំងប្រទេស នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី៣ ខែឧសភានេះ។សម្តេចបានផ្តាំផ្ញើថា ការបង្អាប់ស្តីបន្ទោសកូនដោយយកការប្រៀបធៀប​ជាមួយកូនអ្នកដទៃជា​ជម្រើសមិនល្អ​ទេក្នុងការអប់រំកូនបែបនេះ ព្រោះវាជាការវាយប្រហារ​ដល់ទឹកចិត្តកូន​ខ្លួនឯងយ៉ាង​ធ្ងន់ធ្ងរដែល​ធ្វើ​ឱ្យគេបាក់ទឹកចិត្តទៅវិញទេ។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ចែករំលែកបន្តថា ទាក់ទងនឹង​ការអប់រំ​កូននេះ សូម្បីតែនៅក្នុងគ្រួសារតែមួយក៏មិនត្រូវប្រៀបធៀបដែរ នេះជាតំណម​មួយក្នុង​ចំណោម​តំណម នៃការដោះស្រាយ​បញ្ហា​អារម្មណ៍​របស់កូន។ បើដឹងថា កូនរបស់យើងរៀន​ខ្សោយ​យើង​ត្រូវរកវិ​ធី​ដើម្បីឲ្យកូនយើងរៀន គឺកុំយក​កូនអ្នកដទៃ​មកប្រៀបធៀប​ជាមួយ​កូន​របស់យើង ដោយលើកកូនអ្នកដទៃ ហើយបន្តុះបង្អាប់កូនខ្លួនឯង៕

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកនេះ

2022/05/03 10:32:53 am        473
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៦ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ដោយមានរបៀបវារៈចំនួនពីរគឺ ការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងការពិភាក្សាអនុម័តសេចក្តីសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ។សេចក្តីព្រាងច្បាប់ទំាងពីរខាងលើ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សាចប់សព្វគ្រប់ តាមនីតិវិធីបន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តឲ្យពិនិត្យសិក្សាកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ៕

អ៊ីស្រាអែល​ផ្ទុះ​កំហឹង​ទៅ​នឹង​ការ​អះ​អាង​របស់​លោក Sergei Lavrov ដែល​ថា អ៊ី​ត្លែ​គឺជា​ចំណែក​របស់​ជនជាតិ​ជ្វី​ស​

2022/05/03 10:21:58 am        2024
​​អ៊ីស្រាអែល៖ ប្រទេស​អ៊ីស្រាអែល​បាន​ផ្ទុះ​កំហឹង​ខ្លាំង​ បន្ទាប់ពី​ប្រមុខ​ការទូត​រុស្ស៊ី​បាន​អះ​អាង​ថា មេដឹកនាំ​ណា​ស៊ី អា​ដូ​ល​ហ្វ អ៊ី​ត្លែ (Adolf Hitler) មាន​ឈាមជ័រ​ជនជាតិ​ជ្វី​ស​។ លោក Sergei Lavrov បាន​ធ្វើ​អត្ថាធិប្បាយ​នានា ​ព្យាយាម​ការពារ​សកម្មភាព​របស់​រុស្ស៊ី​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ថា​ ជា​របប​ណា​ស៊ី ទោះបីជា​ការពិត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ខ្លួនឯង​គឺជា​ជនជាតិ​ជ្វី​ស​ក៏ដោយ​។ ​ក្រសួង​ការបរទេស​អ៊ីស្រាអែល​បាន​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ សម្រាប់​ការ​ស្រាយ​បំភ្លឺ និង​ទាម​ទារ​ឲ្យ​មានការ​សូម​អភ័យទោស​។ ពួក​ណា​ស៊ី​អាល្លឺម៉ង់​បាន​សម្លាប់​ជនជាតិ​ជ្វី​ស ​៦​លាន​នាក់​នៅ​ក្នុង​ការ​កាប់​សម្លាប់​ដ៏​រង្គាល​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​។ លោក Lavrov បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​បទសម្ភាសន៍​កម្មវិធី​ទូរទស្សន៍ Zona Bianca របស់​អ៊ីតាលី​កាលពី​ថ្ងៃអាទិត្យ ប៉ុន្មាន​ថ្ងៃ​ក្រោយ​អ៊ីស្រាអែល​ប្រារព្ធ​ទិវា​ចងចាំ​អំពើ​ប្រល័យពូជសាសន៍ ឬ​ហៅថា ហូ​ឡូកូ​ស ក្នុង​ពិធី​ដ៏​អធិក​អធម​បំផុត​ក្នុង​ប្រតិទិន​អ៊ីស្រាអែល​។ ​នៅ​ពេល​សួរ​ថា ​តើ​ប្រទេស​រុស្ស៊ី​ហ៊ាន​អះអាង​យ៉ាងណា​ដែល​ថា​ ខ្លួន​កំពុង​ប្រយុទ្ធ​ដើម្បី​លុបបំបាត់​របប​ណា​ស៊ី​និយម​នៅ​អ៊ុយ​ក្រែ​ន ទាំង​ដែល​លោក​ប្រធានាធិបតី Volodymyr Zelensky ខ្លួនឯង​ជា​ជន​ជាតិ​ជ្វី​ស លោក​ Lavrov បាន​និយាយ​ថា លោក​អាច​គិត​ខុស ប៉ុន្តែ​អ៊ី​ត្លែ​ក៏​មាន​ឈាមជ័រ​ជា​ជនជាតិ​ជ្វី​ស​ដែរ​។ លោក Zelensky ជា​ជនជាតិ​ជ្វី​ស​នោះ​មានន័យថា ពិតជា​គ្មាន​អ្វី​ចម្លែក​ទេ​។ ពលរដ្ឋ​ជ្វី​ស​ដ៏​ឈ្លាសវៃ​និយាយ​ថា ពួក​មានគំនិត​ប្រឆាំង​ជនជាតិ​ជ្វី​ស​ដ៏​ជ្រាលជ្រៅ​ជាទូទៅ​គឺ​ពួក​ជ្វី​ស​នឹង​ឯង​៕​អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡង​ជាប់និទ្ទេសA

2022/05/03 09:58:17 am        885
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ព្រមទាំង​ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលត្រូវ​ធ្វើឡើង​នៅសាលសន្និសីទ និងពិព័រណ៍​ជ្រោយចង្វារ ។ដើម្បីទទួលបានព័ត៌មានរហ័ស ថ្មីៗ សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងជួបសិស្សនិទ្ទេសA នេះ គ្រោងធ្វើតាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្លេះ តែដោយសារស្ថានភាពពេលនោះ មិនអំណោយផល នៃការឆ្លងរាតត្បាតខ្លាំង ជំងឺកូវីដ-១៩ទើបយើងបានលើកជាបន្តបន្ទាប់មកទល់នឹងពេលនេះ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងជួបជាមួយសិស្សនិទ្ទេសAជារៀងរាល់ឆ្នាំ បើគ្មានការរំខានពីស្ថានភាព ដែលយើងមិនអាចគ្រប់គ្រងបានទេនោះ ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរជាមួយសិស្សប្រឡងជាប់បាក់ឌុប មិនសំដៅតែនិទ្ទេសAនោះទេ និងសម្តែងការសោកស្តាយជាមួយសិស្ស​ដែលមិនបាន​ប្រឡងជាប់ឌុប ជាពេលវេលាមួយ ដែលយើងអាចប្រឹងប្រែងរៀនសូត្រឡើងវិញ និងការបើកផ្លូវរបស់រដ្ឋ ដើម្បីសិក្សាសាលាបច្ចេកទេស ឬបរិញ្ញាបត្ររងជាដើម។-សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្ងប់ស្ងែងចំពោះសិស្សដែលបានប្រឡងជាប់និទ្ទេសA ដែលមានចំនួនយ៉ាងច្រើន ខណៈសាលារៀនបានបិទនូវទូទាំងប្រទេស​ដោយសារ​បញ្ហាមេរោគ​កូវីដ១៩នោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសសោកស្តាយចំពោះពេលវេលាកន្លងមក ដែលរដ្ឋបានបិទ​សាលា​មួយរយៈពេល ដែលជាពេលវេលាដ៏អាក្រក់បំផុត ហើយរដ្ឋត្រូវតែដាក់​ចេញវិធាន​ការបិទ​សាលា​ដើម្បីកាត់ផ្តាច់ការឆ្លងកូវីដ-១៩ សង្គ្រោះជីវិតសិស្ស។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលៈទេសៈ នៃការបិទសាលាពេលនោះ គឺសិស្សានុសិស្ស​មិនទាន់បានទទួលវ៉ាក់សាំងមួយដំណក់ណាឡើយ ហើយសម្តេចក៏បានប្រកាស​នៅពេលនេះដាក់សិស្សានុសិស្សទាំងអស់ចូលទៅក្នុងដំណើរការអាទិភាព«នៃការទទួលបានវ៉ាក់សាំងកូវីដ-១៩»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងការកោតសរសើរចំពោះមាតាបិតា និងអាណាព្យាបាលសិស្ស ដែលបានគ្រប់គ្រងកូនបានយ៉ាងល្អ ក្នុងដំណាក់កាល នៃការរៀនសូត្រក្នុងស្ថានភាពកូវីដ-១៩ រហូតដល់កូនៗទាំងនោះ ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ នៃការប្រឡងបាក់ឌុប។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរ និងកោតសរសើរដល់អាជ្ញាធរខេត្តនីមួយៗ ដែលបានជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់​សិស្សនិទ្ទេសA​នៅមូលដ្ឋានរបស់ខ្លួន ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដ៏ល្អ និងជួយជំរុញដល់​វិស័យអប់រំ​សិក្សាធិការរបស់ជាតិ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបន្តមានការជ្រើសរើសគ្រូបង្រៀន និងគ្រូពេទ្យ ដើម្បីបំពេញតម្រូវការរបស់សង្គមមិនអាចខ្វះបាន ខណៈដែលវិស័យផ្សេងៗ​ទៀតបាន​ផ្អាកក្នុង​ការជ្រើសរើសបុគ្គលិក-មន្ត្រីមួយរយៈពេល។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរ និងមានមោទនភាព ដល់ទីវត្តអារាម ដែលតែងផ្តល់ការស្នាក់ដល់សិស្ស-និស្សិត មកបន្តការសិក្សានៅរាជធានីភ្នំពេញ និងតាមគ្រឹះស្ថាន​ឧត្តមសិក្សាផ្សេងៗ​ទៀតទូទាំងប្រទេស ខណៈដែលសម្តេច និងឪពុករបស់សម្តេច ក៏ជាអ្នកស្នាក់នៅទីវត្តអារាមដើម្បីបន្តការសិក្សា និងបួសរៀនផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយស្រក់ទឹកភ្នែកក្នុងពេល​សម្តេច​ទស្សនកិច្ច​នៅ​ប្រទេសជប៉ុន ខណៈដែលមានអ្នកចម្រៀងជប៉ុនម្នាក់បានច្រៀងបទចម្រៀង អមដោយ​រូបភាពកម្ពុជាពីអតីតកាល ដែលធ្វើឱ្យសម្តេចនឹកស្រណោះយ៉ាងខ្លាំង ហើយបទចម្រៀងនោះ នឹងមានការសម្របសម្រួលផ្តល់ជូនកម្ពុជាតាមរយៈផ្លូវទូត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រេកអរ និងមានមោទកភាពយ៉ាងខ្លាំង ចំពោះ​ការ​សប្បាយ​រីករាយរបស់ប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលបានកន្លងផុតទៅថ្មីៗនេះ ដែលជាពេលវេលាយើងត្រូវចងចាំ និងជាអ្វីដែល​រដ្ឋបានផ្តល់​ជូន​ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នូវសុខសុវត្ថិភាពពីកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីសារៈសំខាន់ និងផលប្រយោជន៍ ដែលបានមកពី​កត្តា​សុខសន្តិភាព ដែលជាកត្តាចម្រងមិនអាចកាត់ថ្លែបាន និងជាការចាប់ផ្តើមនូវរាល់អ្វីៗទាំងអស់។ «បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ សូម្បីតែអាយុជីវិត»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្តែងមោទនភាព​យ៉ាងខ្លាំងចំពោះ​ដំណើរការ​ចាក់​វ៉ាកសាំងកូវីដ-១៩នៅកម្ពុជា ដែលជាដំណើរចាក់ដោយជោគជ័យបំផុត ហើយវ៉ាក់សាំងនេះ​ចាក់ដោយគ្មានរើសអើងពូជសាសន៍ ពណ៌សំបុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការការជួយអន្តរគមន៍ឱ្យក្មេងស្រីម្នាក់(កញ្ញា មាន ពេជ្ររីតា-ជានិស្សិត) ដែលមានជម្លោះស្នេហាជាមួយឧកញ៉ាម្នាក់(ឧកញ៉ា ហេង សៀ )​កាលពីកន្លងទៅ បាននៅក្រៅឃុំ ដែលជាកិច្ចខំប្រឹងប្រែង ដើម្បីជួយពលរដ្ឋពីរឿង​អយុត្តិធម៌​បំផុត។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅអ្នករិះគន់សម្តេចថា «បើអ្នកជាតិរច្ឆាន កុំយក​ខ្ញុំឱ្យទៅតិរច្ឆានជាមួយ ការជួយពលរដ្ឋមិនមែនជារឿងតូចតាចទេ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើឧកញ៉ានោះ(ឧកញ៉ា ហេង សៀ) មិនព្រម​បោះបង់​គំនិតព្យាបាទ និងជួលមនុស្សឱ្យធ្វើសកម្មភាពនិយាយតិរច្ឆានចំពោះរឿងនោះទេ សម្តេចនឹងយកសារសំឡេង និងឃ្លីបវីដេអូឆ្លើយឆ្លង និងអ្នកពាក់ព័ន្ធ​(ឧកញ៉ា៥នាក់ទៀត​ពាក់ព័ន្ធ) ទៅផ្សព្វផ្សាយជាសាធារណៈតាមកញ្ចក់ទូរទស្សន៍តែម្តង។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយឆ្នាំ១៩៩៨ កម្ពុជាបានទទួលពន្លឺ នៃសុខសន្តិភាព ដែលជាចំណុចនៃ វឌ្ឍនភាពកម្ពុជាមកទល់ពេលបច្ចុប្បន្ននេះ។ -សម្តេចបញ្ជាក់ថា សុខសន្តិភាព និងការបញ្ចប់ កម្ពុជាមួយមានតំបន់ត្រួតត្រាច្រើន គឺជាឱកាស នៃដំណើរការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការកើតឡើងនៃអគារសាលារៀន ដែលមិនត្រឹមតែ​បម្រើ​ឱ្យវិស័យអប់រំមួយមុខនោះទេ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានចំណាយថវិកាប្រមាណ​៤០០លាន​ដុល្លារអាមេរិក ដើម្បីពង្រាយសាលារៀនគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស រាប់ទាំងតំបន់​អតីត​សមរភូមិប្រយុទ្ធផងដែរ ដោយសម្តេចបញ្ជាក់ថា ពីមុនមនុស្សរត់សាលារៀន ដោយសារ​យើងមាន​សាលារៀនតិច តែពេលនេះសាលារត់រកមនុស្សទៅវិញ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកទឹកចិត្តឱ្យមានការធ្វើកំណែទម្រង់ និងទំនើបកម្ម​វិស័យអប់រំ សិក្សាធិការ ជាបន្តបន្ទាប់ ដោយគ្មានឈប់ឈរ ដើម្បីដើរឱ្យទាន់​សាកលភាវូបនីកម្ម​វិស័យអប់រំទូទាំងពិភពលោក ដោយសម្តេចចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាព សម្រាប់​បង្កើត​ធនធានមនុស្សរបស់ជាតិ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសទៅដល់អ្នកមិនយល់ទាំងឡាយ ដែលបានរិះគន់សម្តេច​ចំពោះ​​ការ​លើក​ឡើង​របស់សម្តេចពាក់ព័ន្ធនឹងពាក្យសំណាញ់មេឃកម្ពុជា។ សម្តេចបញ្ជាក់ថា «គ្មាននរណាម្នាក់ ទៅធ្វើដំណាញ់ដាក់មេឃដូចសំណាញ់ចាប់ត្រីនោះទេ ។ សំណាញ់មេឃ ដែលសម្តេចចង់សំដៅនោះ គឺជាប្រព័ន្ធការពារដែនអាកាសដ៏មុតមាំរបស់កម្ពុជា»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់វិស័យអប់រំ ឱ្យបន្តប្រុងប្រយ័ត្ន និងមានវិធានការ​ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទោះករណីឆ្លងមានមានការធ្លាក់ក៏ពិតមែន។ សម្តេចបញ្ជាក់ថា «យើងទើបតែឈ្នះសមរភូមិខ្លះនៃកូវីដ-១៩ប៉ុណ្ណោះ តែយើងមិនទាន់​ឈ្នះ​សង្គ្រាម​ប្រឆាំងកូវីដ-១៩ទាំងស្រុងនៅឡើយទេ»។-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះបងប្អូនខ្មែរ ដែលកំពុងរស់នៅអាមេរិក ដែលបានចេញវិដេអូស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចទៅកាន់សហរដ្ឋអាមេរិក នាពេលខាងមុខនេះ ហើយក្នុងអំឡុងពេលសម្តេចបំពេញទស្សនកិច្ចនូវអាមេរិកនេះ សម្តេចក៏នឹងចូលជួបសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុ​ង​រស់នៅទីនោះផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មានសិស្សនិទ្ទេស A ចំនួន២នាក់ បានរកឃើញ​ដោយការធ្វើតេស្តរហ័ស មានវិជ្ជមានកូវីដ-១៩ នៅព្រឹកនេះពេលដែលពួកគេមកជួបសម្តេច តែលទ្ធផលទាំងនោះ នឹងត្រូវបញ្ជាក់បន្ថែមដោយPCRនៅរសៀលនេះ ហើយសម្តេចក៏បានផ្តាំផ្ញើ​សួរសុខទុក្ខ និងជូនពរដល់ពួកគេឱ្យឆាប់ជាសះស្បើយ ដើម្បីបានបន្តការសិក្សា​ជំនាញ​តាមចំណង់​ចំណូលចិត្តរបស់ខ្លួន។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អ្នកគាំទ្រសម្តេចនៅសហរដ្ឋអាមេរិក សូមមានការអត់ធ្មត់ កុំធ្វើបាតុកម្មតទល់នឹងបំណងធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចរបស់ជនមួយក្តាប់តូចនៅអាមេរិក។ សម្តេចបានផ្តាំផ្ញើដល់ជនមួយក្តាប់តូចនោះថា «បើចង់ធ្វើបាតុកម្មប្រឆាំងវត្ត​មានសម្តេច​លើទឹកដីអាមេរិក សូមធ្វើបាតុកម្មប្រឆាំង លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកផង ព្រោះ​សម្តេច​ជាភ្ញៀវគាត់»។- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមកុំ​វាយតម្លៃ បន្តុះបង្អាប់ និងប្រៀបប្រដូចកូនយើងជាមួយកូនអ្នកដទៃ ដែលជាការ​វាយបំបាក់​ទឹកចិត្តខ្លាំងណាស់ចំពោះកូន។ ប្រសាសន៍សំណេះសំណាលរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ចប់នៅម៉ោង ៩និង៥៧នាទី

សម្តេចតេជោហ៊ុន សែន ៖ ក្រោមពន្លឺសន្តិភាពបានធ្វើឲ្យវិស័យអប់រំមាន​ការរីកចំរើន​យ៉ាងឆាប់រហ័ស

2022/05/03 09:49:41 am        505
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើក​ទឹកចិត្តដល់​សិស្សប្រឡងជាប់និទ្ទេសA ក្នុងឆ្នាំសិក្សា២០២០-២០២១ ចំនួន១,៧៥៣នាក់ នាថ្ងៃទី៣​ខែឧសភា ឆ្នាំ២០២២នេះ នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមពន្លឺសុខសន្តិភាព បានធ្វើឲ្យវិស័យអប់រំ​នៅកម្ពុជា​មានការរីកចំរើន​យ៉ាងឆាប់រហ័ស ខណៈក្រោយ​ពី​ឆ្នាំ១៩៩៨​មក​សម្តេច​បាន​ចំណាយ​ថវិកា​រហូតដល់​ ៤០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​ធ្វើសាលារៀនគ្រប់ទីកន្លែងនូវទូទាំងប្រទេស។សម្តេចតេជោ នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា ក្មេងៗនាពេលបច្ចុប្បន្ននេះ​មានសំណាង​ច្រើនណាស់​ដែលមានសាលារៀនល្អៗ និងស្រួលក្នុងការធ្វើដំណើរ ដោយភាពងាយស្រួល​នេះ​គឺមិនមែន កើតឡើងដោយចៃដននោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានចំណាយថវិការាប់រយលានដុល្លារអាមេរិក ដើម្បីសាងសង់នូវសាលារៀនស្ទើគ្រប់ទីកន្លែងទាំងអស់រួមទាំងតំបន់អតីត សមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក ក៏មានសាលារៀន មន្ទីរពេទ្យ និងផ្លូវធ្វើដំណើរយ៉ាងស្រួលផងដែរ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានប្រកាសផងដែរថា ចាប់ពីពេលនេះទៅសម្តេចនឹងកំណត់ឲ្យឃុំនីមួយៗមានអនុវិទ្យាល័យមួយយ៉ាងតិច ខណៈឃុំខ្លះតួចឲ្យមានមួយ និងឃុំខ្លះធំនឹងតម្រូវឲ្យមានចំនួនពីរ ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការរៀនសូត្រ និងមិនចាំបាច់ចំណាយពេលវេលាយូរដើម្បីទៅសាលាបន្តទៀតនោះ៕អត្ថបទ៖ បាន ចក់

ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង​រង​ការ​ហ៊ុមព័ទ្ធ​ Mariupol របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ពន្យារពេល​

2022/05/03 09:30:22 am        1155
​អ៊ុយក្រែន៖ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជម្លៀស​ជន​ស៊ីវិល​បន្ថែម​ទៀត​ ចេញពី​ទីក្រុង​កំពង់ផែ​រង​ការ​បំផ្លិចបំផ្លាញ Mariupol ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ពន្យារពេល​កាលពី​ថ្ងៃ​ចន្ទ ហើយ​មនុស្ស​រាប់​រយ​នាក់​នៅតែ​ជាប់​ក្នុង​រោងចក្រ​ដែកថែប Azovstal ជា​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ ​ប្រឆាំង​នឹង​ការ​ហ៊ុមព័ទ្ធ​របស់​ទាហាន​រុស្ស៊ី​។ ​ពុំ​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ភ្លាមៗ​ទេ​ថា ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​មានការ​ផ្អាក​ការ​ជម្លៀស​នេះ។ មន្ត្រី​ក្រុង​មួយ​រូប​បាន​និយាយ​ថា ​កងកម្លាំង​រុស្ស៊ី​បាន​បន្ត​ការ​បាញ់​ផ្លោង​កាលពី​ថ្ងៃអាទិត្យ​លើ​រោងចក្រ​នេះ បន្ទាប់ពី​ក្បួន​រថយន្តក្រុង​បាន​ចាកចេញ​។ ស្ថានភាព​ដ៏​លំបាក​យ៉ាប់យ៉ឺន​របស់​ក្រុម​ជន​ស៊ីវិល ដែល​បាន​ជាប់​ក្នុង​ទីក្រុង Mariupol ដែល​បាន​រង​ការ​បាញ់​ផ្លោង​ជាច្រើន​សប្ដាហ៍ មុន​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង បាន​ផ្ដោត​លើ​ក្ដី​បារម្ភ​មនុស្សធម៌ ខណៈ​សង្គ្រាម​បាន​បន្ត​ដល់​ខែ​ទី​៣​។​​ទីក្រុង​ដែល​ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​ឡោមព័ទ្ធ​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះឡើង​បាន​ប៉ុន្មាន​ថ្ងៃ បាន​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ជាប់​ខ្លួន​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច ខ្វះ​អាហារ ទឹក ថ្នាំពេទ្យ និង​អគ្គិសនី​។ ​សារ​ព័ត៌មាន BBC បាន​និយាយ​ថា កុមារ​តូច​នៅ​ក្នុង​ទីក្រុង Mariupol បាន​ផឹកទឹក​ភ្លៀង​ដក់​តាម​ក្រឡុក​នានា​។ ​កងទ័ព​រុស្ស៊ី​និយាយ​ថា ​មនុស្ស​ចំនួន ១២៦​នាក់​បាន​ចាក​ចេញពី​ទីក្រុង Mariupol តាម​ក្បួន​រថយន្ត​សុវត្ថិភាព​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ពី​រោងចក្រ​ដែកថែប និង​ស្រុក​ផ្សេងទៀត​ទៅកាន់​តំបន់ Donetsk គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ប្រកាសឲ្យសិស្សានុសិស្ស​ទាំងអស់​ទទួល​វ៉ាក់សំាងកូវីដ១៩ ជាអាទិភាព​ដូច​មន្រ្តីជូរមុខដែរ

2022/05/03 09:03:46 am        1144
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស​អនុញ្ញាតឲ្យ​សិស្សានុសិស្ស​​ទាំងអស់នូវទូទាំងប្រទេស ជាមនុស្សអាទិភាពទទួលនូវវ៉ាក់សាំងបង្ការកូវីដ១៩ ដូចមន្រ្តីរាជកា និងកងកម្លាំងជូរមុខដែរ ខណៈពេល​ដែល​បិទ​សាលា​នា​ពេល​កន្លង​ទៅ​និស្សានុសិស្សខ្លះ ពុំទាន់បានទទួលនូវវ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ នៅឡើយ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់​សិស្សប្រឡង​បាក់ឌុប​ជាប់និទ្ទេសA ក្នុងឆ្នាំសិក្សា២០២០-២០២១ ចំនួន១,៧៥៣នាក់ នាថ្ងៃទី៣ ខែឧសភា  ឆ្នាំ២០២២នេះ នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុងពេលដែលប្រទេសមានការបិទសាលានោះ គឺសិស្សានុសិស្ស​មិនទាន់​បានទទួល​វ៉ាក់សាំង​មួយ​ដំណក់ណាឡើយ ដូច្នេះចាប់ពីពេលនេះទៅ នឹងដាក់​សិស្សានុសិស្ស​ទាំងអស់​ចូល​ទៅ​ក្នុង​ដំណើរការអាទិភាព នៃការទទួលបានវ៉ាក់សាំងកូវីដ-១៩ ដើម្បីធ្វើ​យ៉ាងណាឲ្យ​មានការ​ស៊ាំ​ទៅនឹង​សហគមន៍បន្ថែមទៀត។ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានសម្តែងការ​ស្ងប់ស្ងែង​ចំពោះ​សិស្ស​ដែល​បានប្រឡងជាប់និទ្ទេសA ដែលមានចំនួនយ៉ាងច្រើនក្នុងឆ្នាំសិស្សាឆ្នាំ២០២០-២០២១ ខណៈដែលប្រទេស និងសាលារៀន​បាន​បិទ​នូវទូទាំង​ប្រទេស​ដោយសារ​បញ្ហា​មេរោគ​កូវីដ១៩។សម្តេចតេជោ បានបញ្ជាក់ថា ការប្រឡងជាប់នូវនិទ្ទេស A យ៉ាងច្រើន​ដោយ​មិនធ្លាប់​មាន​ពី​មុនម​ក​នេះ​គឺ​កើតចេញពីការខិតខំរបស់ក្មួយៗ និងចៅៗ ក្រោមដំបូន្មានដ៏ល្អរបស់ឱពុកម្តាយ អាណាព្យាបាល​ស្របពេលដែលរាជរដ្ឋាភិបាលបានយកវិស័យអប់រំនេះ ជាគោលដៅ​អាទិភាព​នៃ​យុទ្ធសាស្រ្ត​ចតុកោណរបស់ប្រទេស។សូមបញ្ជាក់ថា ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)។ដោយឡែកសម្រាប់សិស្សដែលទទួលបាននិទ្ទេសAក្នុងរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕ អត្ថបទ៖ បាន ចក់

វ៉ាក់សាំងបង្ការកូវីដ១៩ ប្រភេទ Pfizer ចំនួន២លានដូសជាជំនួយរបស់អាមេរិក តាមរយៈយន្តការCOVAX បានដឹកមកដល់កម្ពុជាហើយ​

2022/05/03 03:40:00 am        574
ភ្នំពេញ៖ កម្ពុជាទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទPfizer ចំនួន០២លានដូស ជាជំនួយលើកទី២ របស់សហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដែលជំនួយលើកទី១ គឺប្រភេទJohnson&Johnson ចំនួន០១លានដូសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ពិធីប្រគល់-ទទួលខាងលើនេះធ្វើឡើង នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ ឋិតក្រោម វត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមាន ការអញ្ជើញចូលរួមរបស់លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ ឯកឧត្តម W.Patrick Murphy សូមអបអរសាទរការមកដល់នូវវ៉ាក់សាំងប្រភេទPfizer ចំនួន០២លានដូស ដែលជាការចូលរួមចំណែករបស់សហរដ្ឋអាមេរិក នៅក្នុងការប្តេជ្ញាចិត្តរយៈពេល វែងចំពោះវិស័យសុខាភិបាល និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ សហរដ្ឋអាមេរិក បានចូលរួម ចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានប្រសិទ្ធភាព និងសុវតិ្ថភាពជាង៥០០លានដូសរួចមកហើយ ដល់ប្រទេសចំនួនជាង១១០ប្រទេស ដោយមិនមានគិតប្រាក់អ្វីទាំងអស់ ហើយជាការចូលរួមចំណែកដល់សេដ្ឋកិច្ចនៅជុំវិញពិភពលោកផងដែរ រួមទាំងវ៉ាក់សាំងចំនួន០៣លានដូសជូនព្រះរាជាណាចក្រកម្ពុជា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់។ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានវ៉ាក់សាំងចំនួន២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល៧លានដូស) ប្រភេទPfizer ជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ ហើយនឹងត្រូវដឹកមកជាបន្តបន្ទាប់។ មជ្ឈមណ្ឌល កូវ៉ាក់ ដែលជា យន្តការសកល ដឹកនាំដោយអង្គការ Gavi Cepi និងអង្គការសុខភាពពិភពលោក សហការជាមួយ យូនីសេហ្វ បានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីដំបូង ក្នុងការជំរុញឲ្យកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលបានវ៉ាក់សាំងកូវីដ-១៩។ រហូតមកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណជាង៧៣លានដូស ដោយរួមទាំងជំនួយទ្វេភាគី ជំនួយតាមមជ្ឈមណ្ឌលកូវ៉ាក់ និងការបញ្ជាទិញដោយផ្ទាល់ ដែលបានទទួលជាង៥៣លានដូស ហើយជាង២០លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់។ គិតត្រឹមចុងខែមេសា ឆ្នាំ២០២២នេះ កម្ពុជា នៅសល់វ៉ាក់សាំងក្នុងឃ្លាំងប្រមាណជាង៨លានដូស សម្រាប់បន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ឆ្លៀតក្នុងឱកាសនោះលោកស្រី វេជ្ជបណ្ឌិត លី អៃឡែន បានសង្កត់ធ្ងន់ថា ក្នុងនាមជាដៃគូរ គន្លឹះក្នុងយន្តការកូវ៉ាក់ អង្គការWHO មានសេចកី្តរីករាយយ៉ាងខ្លាំង ដែលបានឃើញការមកដល់បន្ថែម ថ្មីទៀត នូវវ៉ាក់សាំងកូវីដ-១៩ ចំនួនពីរលានដូស ដែលផ្តល់ដោយសហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ថ្ងៃនេះ។ WHO សូមទទួលស្គាល់ដៃគូ COVAX របស់យើងទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការចូលរួមគាំទ្ររួមគ្នា ជាពិសេសសហរដ្ឋអាមេរិក និងអង្គការយូនីសេហ្វ ដែលមានវត្តមានក្នុងថ្ងៃនេះ។ ជំងឺរាតត្បាតជាសាកលកូវីដ១៩ គឺជាការដាស់តឿនដល់យើងទាំងអស់គ្នា អំពីទំនាក់ទំនងទៅវិញទៅមក ហើយថាជំងឺផ្ទុះរាតត្បាតជាសាកលនេះ នឹងមិនបាត់បង់ទៅណាទេ រហូតទាល់តែវារលត់បាត់អស់ពីគ្រប់ទីកន្លែង៕ អត្ថបទ រដ្ឋា 

គណៈប្រតិភូមីយ៉ាន់ម៉ា នឹងអញ្ជើញមកកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា

2022/05/02 12:57:05 pm        464
ភ្នំពេញ៖ ប្រធានសម្របសម្រួលជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីបញ្ហាជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា។ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីបញ្ហាជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា ជាមួយប្រធានសម្របសម្រួលជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ា តំណាងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង។ ការបញ្ជាក់ជុំវិញការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់របស់គណៈប្រតិភូមីយ៉ាន់ម៉ាមកកាន់កម្ពុជា តាមរយៈប្រសាសន៍របស់នាយសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ឯករាជ្យភាពរបស់ប្រទេស គឺត្រូវពឹងផ្អែកលើសមត្ថភាពរបស់ប្រជាពលរដ្ឋជាចាំបាច់

2022/05/02 07:07:14 pm        402
កំពង់ចាម ៖ ឯករាជ្យភាពរបស់ប្រទេសជាតិមួយ គឺត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់។ នេះ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគាររដ្ឋបាល និងពិធីប្រគេន-ប្រគល់សញ្ញាបត្របរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ឯកឧត្ដមបន្តថា ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង ៤០ ឆ្នាំមកនេះ បានសម្រេចនូវស្នាដៃ និងសមិទ្ធផលយ៉ាងធំធេងនៅក្នុងការបណ្តុះបណ្តាលកសាងធនធានមនុស្សបម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ពិតណាស់ គឺមានកត្តា ២ យ៉ាងសំខាន់ៗ ដែលនាំឱ្យសម្រេចបាននូវជោគជ័យនេះ ហើយតទៅអ នាគតទៀតកត្តាទាំង០២នេះ ក៏នឹងបន្តឋិតនៅដោយឥតប្រួលប្រែ៖ ទី១.រាជរដ្ឋាភិបាលមានគោលន យោបាយច្បាស់លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យអប់រំជាវិស័យអាទិភាពខ្ពស់ជាងគេ ហើយបានចាត់តាំងអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព និងទី២.ការគាំទ្រជឿជាក់ និងការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងវិស័យឯកជន និងសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដែលបានរួបរួមគ្នាសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងស មិទ្ធផលនានា ដែលបម្រើឱ្យសេចក្តីត្រូវការក្នុងកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស។ក្នុងពិធីនោះដែរ ឯកឧត្ដមក៏បានបង្ហាញនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ពុទ្ធិកសាក លវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចាប់ផ្តើមបើកដំណើរការនៅក្នុងឆ្នាំ២០០៨ ដើម្បីបណ្តុះបណ្តាលធនធានសមណនិស្សិត និងនិស្សិត ទាំងកម្រិតឧត្តមសិក្សា និងក្រោ យឧត្តមសិក្សា ដោយមកទល់ពេលនេះ មានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាជាបន្តបន្ទាប់ ដើ ម្បីបំពេញតម្រូវការក្នុងការបណ្តុះបណ្តាលសមណនិស្សិត និងនិសិ្សត ដែលបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីស្ថិតក្នុងបរិការណ៍នៃបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដោយ។ឯកឧត្ដមបន្ថែមថា ការបំពេញឱ្យគ្នាទៅវិញទៅមករវាងខាងអាណាចក្រ និងខាងពុទ្ធចក្រ គឺជាកត្តាមិនអាចខ្វះបាន ដោយប្រៀបបានទៅនឹងមនុស្សដែលមានតែជីវិត និងកាយសម្បទា គឺមិនទាន់គ្រប់គ្រាន់ពេញលក្ខណៈនៅឡើយទេ ហើយជាការចាំបាច់ណាស់ដែលត្រូវបំពេញដោយចំណេះវិជ្ជា និងកត្តាគុ ណធម៌ សីលធម៌បន្ថែមទៀត។ ក្នុងន័យនេះ សាសនាក៏បានចូលរួមចំណែកយ៉ាងសកម្មផុសផុលនៅក្នុងការអប់រំបណ្តុះគំនិត និងការសាបព្រោះចំណេះដឹង ព្រមទាំងការអប់រំកាយ វាចា ចិត្ត ដើម្បីលើកកម្ពស់គុណធម៌ និងសីលធម៌សង្គម ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ភាពសុខដុមរមនារបស់សង្គមជាតិកម្ពុជា។ឯកឧត្ដមបញ្ជាក់បន្ថែមថា សច្ចភាពប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយឆ្នាំ១៩៧៩ ដែលបង្ហាញចេញតាមរយៈការរស់រានឡើងវិញលើគ្រប់វិស័យ ដោយជាក់ស្តែង គឺនៅក្នុងវិស័យពុទ្ធិកសិក្សានេះផ្ទាល់ ដែលត្រូវបានធ្លាក់ចុះដល់ចំណុចសូន្យ ហើយរហូតមកទល់ពេលនេះ មានសាលាពុទ្ធិកសិក្សាសរុបនៅទូទាំ ងប្រទេសប្រមាណជិត ១៥០០ សាលា គឺពិតជាបានផ្តល់នូវយុត្តិធម៌សម្រាប់គណបក្សប្រជាជនកម្ពុជានៅក្នុងគ្រប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដោយគណបក្សប្រជាជនតែងបានទទួលនូវជ័យជ ម្នះដោយមានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើនបំផុត ដែលនៅតែស្រឡាញ់ ជឿជាក់ និងផ្តល់ទំនុកចិ ត្តលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយទស្សនវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។ឯកឧត្ដមក៏បានចូលរួមសាទរចំពោះសមនិស្សិត និងនិស្សិតជយលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងរៀនសូត្រ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ និងដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ព្រមជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំថា ជយលាភីទាំងអស់នឹងប្រើប្រាស់ចំ ណេះដឹង និងចំណេះធ្វើដែលទទួលបានពីការសិក្សាសម្រាប់ចូលរួមកសាង និងអភិវឌ្ឍប្រទេសយើងឱ្យបានកាន់តែរីកចម្រើនរុងរឿងទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ស័ក្តិសមជាសាវ័កល្អរបស់ព្រះពុទ្ធ និងជាពលរដ្ឋល្អរបស់សង្គមជាតិ៕ ដោយ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើកកម្ពស់ សហគ្រាសក្នុងស្រុក
06/29/2026 09:06 PM
រលករញ្ជួយកម្រិត ៤,៦រ៉ិចទ័រ បានអង្រួនទីក្រុង Caracas ខណៈប្រតិបត្តិការរុករកបន្តសម្រាប់អ្នករស់រាន
06/29/2026 08:06 PM
ប៉ូឡូញបញ្ជាទិញនាវាមុជទឹក ៣គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ក្នុងតម្លៃជាង ៤,៨ពាន់លានដុល្លារ
06/29/2026 08:06 PM
ទីក្រុងគីវរបស់អ៊ុយក្រែនមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ ខណៈរលកកម្តៅវាយប្រហារអឺរ៉ុប
06/29/2026 08:06 PM
កង្វះខាតប្រេងជំរុញឲ្យពលរដ្ឋរស់នៅទីក្រុង Rostov របស់រុស្ស៊ី ដើរទៅធ្វើការ ឬឈប់ធ្វើការ
06/29/2026 08:06 PM
ពលរដ្ឋហ្កាហ្សារៀបចំពិធីបុណ្យសពសម្រាប់ជនប៉ាឡេស្ទីនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជន
06/29/2026 08:06 PM
មនុស្ស ៣ស្លាប់ ក្រោយជញ្ជាំងស្ថិតក្រោមការសាងសង់បាក់រលំនៅភាគពាយ័ព្យប្រទេសឥណ្ឌា
06/29/2026 08:06 PM
លោក Macronជួបស្តេចស៊ូតង់អូម៉ង់ នៅទីក្រុងប៉ារីសជាទីដែលរដ្ឋាភិបាលទាំង ២ចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ
06/29/2026 08:06 PM
វិមានក្រឹមឡាំង៖ គោលជំហររបស់រុស្ស៊ីចំពោះលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនមិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤
06/29/2026 08:06 PM
តំបន់ភាគអាគ្នេយ៍អឺរ៉ុបមានអារម្មណ៍ថា រងឥទ្ធិពលពីរលកកម្តៅ ខណៈភ្លើងឆេះព្រៃឆាបឆេះឡើង
06/29/2026 08:06 PM