សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ
ទស្សនកិច្ចសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅជប៉ុនទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច
សម្តេចធិបតី៖ ទីតាំងដែលទាហានថៃលួចបាញ់ទាហានខ្មែរស្លាប់ត្រូវគ្រប់គ្រងបានវិញ ខណៈ​ស្ថានការណ៍​ក៏​វិលត្រឡប់ដូចដើមវិញ
កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី៖ កម្ពុជាពេញចិត្តចំពោះការសម្រេចបានការចរចាដំឡើងកម្រិត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០

2024/10/11 10:39:37 am        157
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ នៅទីក្រុងវៀងចន្ទន៍ សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​​​ប្រជាមានិតឡាវ កាលពីទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា​ពេញ​ចិត្តចំ​ពោះ​ការ​សម្រេច​បាននូវការបញ្ចប់ជាដុំកំភួន នៃការចរចា​ដំឡើង​កម្រិត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន (ACFTA) ៣.០។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវ​ដំឡើង​កម្រិត​នឹង​រួម​ចំណែក​បន្ថែម​ទៀតដល់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ សម្តេច​ធិបតី​ក៏​បាន​លើក​ឡើង​ផងដែរពីក្តីសង្ឃឹមថា អាស៊ានអាចទទួលផលប្រយោជន៍​ពី​ការចូល​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​របស់​ចិន​កាន់​តែ​ល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិច​ត្រូនិក​ដែលកាន់តែមានលក្ខណៈប្រសើរជាងមុន។ ក្នុងន័យនេះ​សម្តេចធិបតី បានចែករំលែកថា កម្ពុជាកំពុងធ្វើការដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម។ ដូច្នេះ​កម្ពុជាគាំទ្រការអភិវឌ្ឍកសិកម្មឆ្លាតវៃ និងភូមិឌីជីថល ដូចដែលបាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​អាស៊ាន-ចិនស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការកសិកម្ម កាលពីឆ្នាំមុន និងបា​ន​ស្វាគមន៍​ការ​អនុម័តសេចក្តីថ្លែងការណ៍រួម អាស៊ាន-ចិន ស្តីពី​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​កសិកម្ម​ឆ្លាត​វៃ​នៅ​ឆ្នាំនេះ។សម្តេចធិបតី ក៏បានលើកឡើងនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញ​របៀប​វារៈ​បៃតង​។ ក្នុងន័យនេះកម្ពុជាស្វាគមន៍សំណើបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន-ចិន និង​បាន​ស្នើចិនឱ្យចូលរួមចំណែកក្នុងការបង្កើតបណ្តាញអគ្គិសនីអាស៊ាន។ សម្តេចធិបតី បានអះអាងជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរួមអាស៊ាន និង​ចិន ដើម្បីពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជន ហើយបាន​ស្វាគមន៍​ការ​អនុម័ត​សេចក្តី​ថ្លែង​ការណ៍​រួម​អាស៊ាន-ចិនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្លាស់ប្តូរប្រជាជន និងប្រជាជន និង​ការ​បង្កើតកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ចិន៕ឌឌ

ចិនសម្រេចផ្ដល់ជំនួយឥតសំណង៣០០លានយ័នបន្ថែមទៀតដល់កម្ពុជា ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ

2024/10/10 11:16:31 pm        142
ភ្នំពេញ ÷ នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅឯនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន៣០០លានយ័នបន្ថែម ទៀតដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយជាមួយគ្នានោះ ចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀតផងដែរ។នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម លី ឈាង បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចបវរធិបតី ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០ លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន»។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។នៅក្នុងកិច្ចជំនួបទ្វេភាគីនោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម លី ឈាង ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន៕អត្ថបទ បាន ចក់

សម្ដេចធិបតីបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលអាស៊ានថា «អាស៊ានគួរតែរក្សាការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព»

2024/10/10 12:43:23 pm        140
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា អាស៊ានគួរតែរក្សាការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ទន្ទឹមនឹងនោះសម្ដេចក៏បានអំពាវនាវឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូអាស៊ាន។ សម្ដេចធីបតី នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀង ចន្ទន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ក្នុងកិច្ចប្រជុំពេញអង្គ ប្រមុខដឹកនាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជំរុញវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈស្តីពីទិសដៅអនាគត នៃទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន។ ប្រមុខដឹកនាំបានថ្លែងកោតសរសើរចំពោះការងាររបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងភាគីពាក់ព័ន្ធនានា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងទន្ទឹងរង់ចាំការអនុម័តឯកសារសំខាន់ៗទាំងនេះ នៅពេលដែលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៥។ ក្នុងន័យនេះ ប្រមុខដឹកនាំបានអនុម័តសេចក្តីប្រកាសរបស់ប្រមុខដឹកនាំអាស៊ាន ស្តីពី ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ពាក់ព័ន្ធទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន ប្រមុខដឹកនាំបានអះអាងសាជាថ្មីអំពីសារសំខាន់នៃការលើកកម្ពស់ និងពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងបរិបទនិម្មាបនកម្ម តំបន់ដែលកំពុងតែវិវត្ត និងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលមិនច្បាស់លាស់។ ប្រមុខដឹកនាំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន និងដៃគូខាងក្រៅផ្សេងទៀតលើបញ្ហាដែលជាផលប្រយោជន៍ និងកង្វល់រួម កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះអាទិភាពរបស់ឡាវដែលជាប្រធានអាស៊ាន ជាពិសេសការពង្រឹងការតភ្ជាប់ និងភាពធន់ដែល ឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅជាមួយនឹងសេចក្តីប្រាថ្នា និងចក្ខុវិស័យរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរឹងមាំ ប្រកបដោយវិបុលភាព និងមានភាពសមាហរណកម្ម។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ចំពោះការប្រឈមមុខនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ ដែលកាន់តែខ្លាំងឡើងដោយ បញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ការឆ្លើយតបរួមរបស់អាស៊ាន ត្រូវតែមានភាពបុរេសកម្ម ការប្រមើលមើលគិតទុកជាមុន និងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនប្រកបដោយភាពធន់ទៅនឹងអនាគត។សម្តេចធិបតី បានសង្កត់ធ្ងន់ថា អាស៊ានគួរតែរក្សាការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ទន្ទឹមនឹងនោះសម្ដេចក៏បានអំពាវនាវឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូអាស៊ាន។ ដើម្បីរក្សាអាស៊ានជាកម្លាំងចលករសម្រាប់វិបុលភាពពិភពលោកសម្តេចធិបតី បានគូសបញ្ជាក់ថា អាស៊ានគួរតែប្រើប្រាស់សក្តានុពលដ៏ធំនៃវិស័យដែលកំពុងរីកចម្រើន ដូចជា សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព។ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់ជាថ្មីថាអំពីការគាំទ្ររបស់កម្ពុជាឱ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះ វិធីសាស្ត្រជាក់ស្តែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយសម្រេចបាននូវគោលដៅនេះ។ សម្តេចធិបតីបានស្វាគមន៍ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីប្រទេសក្រៅតំបន់ ចំពោះការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងបានរំលឹកសាជាថ្មីអំពីសារសំខាន់នៃការស្វាគមន៍ដៃគូទាំងឡាយណាដែលចង់បង្កើតទំនាក់ទំនងជាមួយអាស៊ាន ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការទុកចិត្តគ្នា និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។នៅក្នុងសម័យប្រជុំចង្អៀត ប្រមុខដឹកនាំបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផល ប្រយោជន៍ និងកង្វល់រួម៕ 

ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាមបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

2024/10/09 05:18:46 pm        47
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដល់ សម្តេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំពិសារអាហារពេលព្រឹកការងារនាពេលនេះ។ ការណ៍នេះបានឆ្លុះបញ្ចាំងអំពីការបន្តថែរក្សាមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានអបអរសាទរប្រទេសកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី រយៈពេលជាង១ឆ្នាំកន្លងមកនេះ និងអបអរសាទរកម្ពុជាដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ខាងមុខនេះ។ប្រមុខរដ្ឋាភិបាលទាំងបីបានចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្ដិសុខ ព្រមទាំងការអប់រំនិងបណ្ដុះបណ្ដាល ជាដើម។ នាយករដ្ឋមន្ត្រីទាំងបីក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់មួយចំនួន រួមទាំងដំណើរការកសាងសហគមន៍អាស៊ាន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៤៤ នៅទីក្រុងវៀងចន្ទន៍

2024/10/09 10:41:42 am        131
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៤៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ដោយពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

2024/10/08 08:32:57 pm        65
ភ្នំពេញ ÷ នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី​នាយករដ្ឋមន្ត្រី​ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកតី៤៤​ និង​​ ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី​៩​​ ដល់ថ្ងៃទី​ ១១​​ ខែតុលា​ ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍​។​ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ​ ក៏បានកោតសរសេីរ​ និង​វាយតម្លៃ​ខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​ ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា​​ នៅលើឆាកតំបន់ និងអន្តរជាតិ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបាន​សម្ដែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់ឯកឧត្តមនាយករដ្ឋមន្ត្រីចំពោះសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវ​ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។សម្ដេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស​​​ បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាផងដែរ​ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ​ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ​​ និង​​សន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ​ និង​ ការកសាងហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូជាន់​ខ្ពស់ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឡាវ

2024/10/08 03:28:59 pm        616
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹក​នាំ​គណៈ​ប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំ​កំពូល​ពាក់​ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤នេះ។យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្ដេចមហាបវរធិបតី និង​លោកជំទាវបណ្ឌិត រួមមានលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាង​វិស័យ​ឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងផងដែរថា កិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើង​ក្រោម​មូល​បទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅ​លើ​ការ​ជំរុញ​បន្ថែម​ទៀត​នូវ​វឌ្ឍនភាព​នៃ​ការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេច​បាន​ចក្ខុ​វិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈ​យន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាព​ធន់​នៅ​ក្នុង​តំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត​មាន​ប្រកប​ដោយ​ប្រសិទ្ធភាព។បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេច​មហា​បវរធិបតី នឹងអញ្ជើញចូលរួម​ក្នុង​ជំនួប​ថ្នាក់​ដឹក​នាំ​អាស៊ាន​ជាមួយ​តំណាង​នៃ​មហា​សន្និបាត​អន្តរ​សភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំ​កម្រិត​ថ្នាក់​ដឹកនាំ​ប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្រោងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕

ព្រះមហាក្សត្រ យាងនិវត្តពីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅសាធារណរដ្ឋបារាំង

2024/10/07 11:37:58 am        181
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តពី​ចូលរួមកិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី លើកទី១៩ នៅសាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។តបតាមការសូមយាងរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃ​សាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិត​លើ​ត្បូង​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា​ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែល​បាន​ប្រព្រឹត្ត​ទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុង​ប៉ារីស​។កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩នេះធ្វើឡើងក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និង​សហគ្រិន​ភាពជាភាសាបារាំង»។ កិច្ចប្រជុំកំពូលនេះជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខ​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​ពី​ដំណោះ​ស្រាយ​នៃ​បញ្ហា​ប្រឈម​នានា​ដូច​ជា​ការ​បង្កើត​ការងារ​សម្រាប់​យុវជន​ក្នុង​តំបន់ប្រើប្រាស់ភាសាបារាំង។ តាមរយៈកិច្ចប្រជុំនេះក៏បានបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព​ព្រម​ទាំង​ធ្វើ​ឱ្យ​ពហុភាគីនិ​យម​មាន​ភាព​រស់​រវើកឡើងវិញដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។ក្នុងឱកាស​ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ជាលទ្ធផលដ៏លើស​លប់​ប្រទេ​សក​ម្ពុ​ជា​នឹង​​ធ្វើ​ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខណៈដែល​ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានប្រកាស​ជា​ផ្លូវ​ការ​បែប​នេះ​នៅ​វិមាន Grand Palais ទីក្រុងប៉ារីស ដោយមានការទះ​ដៃអបអរសាទរ​យ៉ាង​កងរំពង​ពីបណ្តាប្រមុខរដ្ឋ និងរដ្ឋាភិបាល។បន្ទាប់ពី​ការប្រកាសពីឯកមានការចាក់បញ្ចាំងវីដេអូស្តីពីប្រទេសកម្ពុជា ដែលបង្ហាញ​ថា​កម្ពុជា​ជា​ប្រទេស ដែលមានវប្បធម៌ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និង​អនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។ ក្នុងឱកាសកិច្ចប្រជុំនេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយា​ង​ថ្លែង​សុន្ទ​រកថាបិទ កិច្ចប្រជុំ ដែលព្រះអង្គ មានព្រះរាជ​កិត្តិយស​ទទួល​ឱ្យប្រ​ទេសក​ម្ពុ​ជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ា​ងជ្រាលជ្រៅចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្រ​បេក្ខភាព​របស់​កម្ពុជា​។ ព្រះអង្គក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា​ក្នុងនាមជាប្រទេសម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជា​ឱកាស​ដ៏ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ។សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលព្រះអង្គស្ដេចគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​ក៏​បាន​ព្រះរាជ​ទាន​ព្រះរា​ជស​វនាការ​ទ្វេភាគីជាមួយនឹង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃ​សាធារណរ​ដ្ឋ​បារាំង​ដោយ​បាន​ពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងបារាំងផងដែរ៕

សម្ដេចតេជោ៖ ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយទើបអង្គកឋិនទានដង្ហែ ទៅវត្តខ្មែរក្រោមដាក់ឈ្មោះថា «មហាសាមគ្គីគ្រួសារខ្មែរ»

2024/10/07 09:50:27 am        209
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤នេះ បានបង្ហោះសរតាមបណ្ដាញសង្គមហ្វេសប៊ុក បញ្ជាក់​បន្ថែម​ពាក់​ព័ន្ធ​នឹង​ការ​ដង្ហែ​កឋិនទានទៅវត្តខ្មែរក្រោមដោយដាក់ឈ្មោះថា «មហាសាមគ្គីគ្រួសារខ្មែរ»។ សម្ដេចតេជោមានប្រសាសន៍ថា ភរិយារបស់សម្ដេចបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គ​កឋិន​ទាន​ទៅ​វត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ ប៉ុន្ដែជាអកុសល​ឪពុក​របស់​សម្ដេច​បាន​ទទួលម​រណភាពនៅឆ្នាំ២០១៣ ដែលគ្រួសារសម្ដេចសម្រេចផ្អាក ការធ្វើបុណ្យ​កឋិន​រយៈ​ពេល​៥​ឆ្នាំ។ សម្ដេចតេជោបានបញ្ជាក់ថា រឿងថ្មីបានកើតឡើងគឺម្តាយក្មេកសម្ដេចមានជំងឺ និង​បាន​ទទួលមរណភាពនៅឆ្នាំ២០២០ ដូច្នេះសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។សម្ដេច​តេជោបានបញ្ជាក់ថា៖«ឆ្នាំនេះភរិយាខ្ញុំបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើង​បាន​ឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយ​ការ​ខិត​ខំរ​បស់ សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែ​អង្គ​កឋិន​មហា​សាមគ្គីគ្រួសារខ្មែរមួយទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២៤ ខាង​មុខដោយមានភរិយាខ្ញុំរួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ផ្សេ​ង​ទៀត​ដង្ហែ​ទៅ​ដោយផ្ទាល់»។សូមបញ្ជាក់ថា អង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ បើតា​មប្រសាសន៍​សម្ដេចតេជោ ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការ​គណប​ក្ស​ប្រជាជន​កម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ចកា ឆ្នាំ២០២៤ ដែលមានសម្ដេចតេជោ និងសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ចូល​រួម​ដោយផ្ទាល់។សម្ដេចតេជោបញ្ជាក់បន្ថែមថា៖«ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់​ឈ្មោះ​អង្គ​កឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូន​ខ្មែរ​នៅ​គ្រប់​ទី​កន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។ បង​ប្អូន​ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញ​ទៅ​លេង​បុណ្យ​កឋិន​ទាន​នេះ​បាន​ដោយ​បំពេញ​បែប​បទ​ឆ្លង​ប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។ ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេច​ឆ្នាំ​២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ»៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ

2024/10/05 08:40:48 am        514
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទី​ក្រុង​វៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចនេះគឺបាន ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នា​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការអញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋ​មន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រម​ទាំង​តំណាងវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។តាមក្រសួង​ការបរទេស បានឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅ លើការជំរុញ​បន្ថែម​ទៀត​នូវ​វឌ្ឍនភាព នៃ​ការ​កសាង​សហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការ​សម្រេច​បាន​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈ​យន្តការ​នានា​ដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និង​ក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត មានប្រកប​ដោយ​ប្រសិទ្ធភាព។សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេច​មហា​បវរធិបតី នឹងអញ្ជើញ​ចូលរួម​ក្នុង​ជំនួប​ថ្នាក់​ដឹកនាំ​អាស៊ានជាមួយតំណាងនៃមហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំ​កម្រិត​ថ្នាក់​ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។ ក្រៅពីកិច្ច​ជំនួបខាងលើនេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្រោងមានជំនួប​ទ្វេភាគី​ជា​មួយ​ថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនទៀត ដើម្បីពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​បន្ថែម​ទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធិននារីនៃកងពលតូចដឹកជញ្ជូនលេខ៩៩ យកម្ហូបអាហារ និងភេសជ្ជៈចែកជូនដល់ដល់កងទ័ពជួរមុខការពារព្រំដែន
06/03/2025 12:06 PM
បន្ទុះភ្នំភ្លើង Etna ដ៏ធំរបស់អ៊ីតាលី បង្ខំឱ្យអ្នកទេសចររត់គេចពីគ្រោះថ្នាក់យ៉ាងស្លន់ស្លោ
06/03/2025 12:06 PM
ប្រជាជនបូលីវី តវ៉ារដ្ឋាភិបាលរបស់លោក Arce ដែលបានអូសបន្លាយពេលកង្វះប្រេងឥន្ធនៈ
06/03/2025 12:06 PM
អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងការបោះឆ្នោតដ៏កម្រ
06/03/2025 12:06 PM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង និងបំណាក់ដីនៅភាគឦសានប្រទេសឥណ្ឌាឡើងដល់៤០នាក់
06/03/2025 11:06 AM
អង់គ្លេស បង្ហាញពីការកែប្រែប្រព័ន្ធការពារជាតិ ដើម្បីទប់ទល់ការគំរាមកំហែង
06/03/2025 11:06 AM
ម៉ាសេដូនីខាងជើង បើកការហ្វឹកហាត់ឆ្លើយតបបន្ទាន់របស់ណាតូជាមួយកងទ័ពអាមេរិក
06/03/2025 11:06 AM
ប្រធានាធិបតីថ្មីរបស់ប៉ូឡូញ បង្កបញ្ហាប្រឈមចំពោះទំនាក់ទំនងសហភាពអឺរ៉ុប និងអ៊ុយក្រែន
06/03/2025 11:06 AM
នាវាចម្បាំងអាមេរិក បានប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ប្រជែងនឹងការអះអាងសិទ្ធិរបស់ចិន
06/03/2025 11:06 AM
ទាហានអ៊ុយក្រែនល្បាតជើងមេឃទីក្រុង Kharkiv ប្រឆាំងយានដ្រូនរុស្ស៊ី ខណៈភាគីទាំងពីរកំពុងបង្កើនសង្រ្គាម
06/03/2025 11:06 AM