សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ៖«របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»!

2026/04/14 04:33:08 pm        463
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២៦​នេះ ​ត្រូវ​នឹងថ្ងៃទីមួយនៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានចេញសារបញ្ជាក់ទៅកាន់ជនរួមជាតិ ក៏​ដូច​ជា​ក្រុម​ប្រឆាំង​ជ្រុលនិយមនៅក្រៅស្រុកមួយចំនួនថា «របួសកូនដៃមួយ​មិន​គួរ​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​ពិការ​ទាំង​មូល​នោះឡើ​យ» ខណៈកន្លងមកនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បាន​ចេញ​មក​វាយ​ប្រហារចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋ ដែល​បាន​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជា​តិ​ទៅវិញ។សម្ដេចតេជោ បានចោទជាសំណួរថា តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាម​ប្រជា​ជន​មិន​ឲ្យ​ចូល​ឆ្នាំ​បាន​ទេ? បើកម្ពុជាពេលនេះមិនមានជំងឺឆ្លងកូវីដ-១៩ ដូចឆ្នាំ២០២០ផងនោះ។សម្ដេច​តេជោបា​នបញ្ជាក់ថា យើងទទួលស្គាល់ថា យើងនៅមានការលំបាកតាមព្រំដែនជាមួយថៃ លើ​ផ្នែក​មួយនៃដែនដី និងពេល​វេលា​ដែល​ជា​ការ​លំបាក​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន ​និងប្រជាជន​ភៀសសឹក​មួយ​ចំនួន​ដែល​យើង​បាន​ជួយ​ឲ្យ​ពួក​គាត់​មាន​ឱកាស​បាន​ចូល​ឆ្នាំ​ផង​ដែរ​។សម្ដេច​បាន​ថ្លែងថា សម្រាប់ប្រជាជនជាង ១៧លាននាក់ផ្សេងទៀត តើទុកឲ្យពួក​គាត់​នាំ​គ្នាស្រែ​ក​យំ​បញ្ឈប់​សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គម ឬយ៉ាងណា? ដូចជាការបិទផ្សារ បិទការលក់ដូរ បិទ​ធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅ​បិទ​មិន​ឲ្យ​ប្រជា​ជន​សប្បាយ​រីក​រាយ​ក្នុងពេលចូលឆ្នាំឬយ៉ាងណា?សម្ដេចតេជោ​បានបញ្ជាក់ថា ពួកជ្រុលនិយមទិតៀនរាជរដ្ឋាភិបាលដែលរៀបចំ នគរសង្រ្កាន ដោយគេ​ចោ​ទ​រាជរដ្ឋាភិបាលថា មិនបានគិតដល់ការលំបាករបស់កងទ័ព និង​ប្រជាជន​ភៀស​សឹក​ដែល​ជា​ចេតនា​ធ្វើ​ឲ្យ​ជាតិ​ទាំង​មូល​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ពិការ​ដែល​គ្មាន​សកម្ម​ភាព​សេដ្ឋ​កិច្ច​សង្គម​ដែល​ ខ្ញុំប្រៀបធៀបថា «របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»។សម្ដេចបានបន្តថា សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះ និង​នៅ​គ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះ វាស្មើនឹង​ការ​ទះ​កំផ្លៀង​ចំពោះ​ពួក​ប្រឆាំង​នឹង​ការ​ចូល​ឆ្នាំ។​សម្ដេចតេជោបានបន្តថា សូមគោរពអញ្ជើញអ្នកប្រឆាំង និងការចូលឆ្នាំ​មក​សប្បាយរីក​រាយ​ក្នុង​ពេល​ចូល​ឆ្នាំទាំងនៅ​ក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុស និង​សកម្ម​ភាព​ខុស​ដែល​នាំ​ដល់​ខ្លួន​ខាត​ប៉ុណ្ណោះ​ព្រោះបើ​ធ្វើប្រ​ឆាំង​ហើយ​ត្រូវ​ប្រឆាំង​គ្រប់​មុខ​ទាំង​អស់​៕

ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើក​ស្ទួយកិត្តិយស​ និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់​តែរីក​ចម្រើន ប្រកបដោយភាពធន់

2026/04/11 03:48:14 pm        170
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បើក​ការដ្ឋានសាងសង់ “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី​​ ២” ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រ ខេត្តកែប) នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តតាកែវថា ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស​ និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់​តែរីក​ចម្រើន ប្រកបដោយភាពធន់។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាន​នូវ​បណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និង​ផ្លូវសមុទ្រ ជាមួយឆន្ទៈ និងមនសិការ "ឧត្តមនិយម"​ ផលប្រយោជន៍ជាតិ និងប្រជាជន។ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នកម្ពុជា បាន និងកំពុង​ស្ថិតក្នុងការលំបាកលើវិញ្ញាសាជាច្រើន ក្នុងនោះរួមមាន៖ ១/ ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ២/ ការដោះស្រាយបញ្ហាទឹកដី, ជីវភាពរស់​នៅ​របស់ជនភៀសសឹក និង៣/ ការរងឥទ្ធិពលវិបត្តិថាមពលសកលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ ទោះបី​វិញ្ញាសា​លំបាកយ៉ាងច្រើនណា ក៏កម្ពុជានៅតែអាចជម្នះ និងដើរទៅមុខបាន គឺអាស្រ័យលើកត្តា​សំខាន់ចំនួន ៣ ដែលកម្ពុជាធ្លាប់ប្រឈម និងបានដោះស្រាយ ជាពិសេស ​ក្នុងកំឡុង​ពេល​នៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ គឺ៖ ១/ គោលដៅរបស់រាជរដ្ឋាភិបាលមានភាពច្បាស់លាស់ គឺមិនដេក​ដួលក្នុង​សភាព​ការណ៍ ដោយខិតខំជម្នះការលំបាក, កសាងពេទ្យ កសាងមណ្ឌលសម្រាកព្យាបាល, ២/ ការខិតខំចូលរួមរបស់មន្ត្រីពាក់ព័ន្ធទាំងអស់, គ្រប់ក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, កងកម្លាំងគ្រប់​ប្រភេទ ពិសេសកងទ័ពអាវស និង ទី៣/ មានការយោគយល់ និងចូលរួមដ៏សកម្មពីប្រជាពលរដ្ឋ។ជាមួយគ្នានេះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃការបង្កើតគម្រោង​ព្រែក​ជីក​ហ្វូណនតេជោ ចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដែលពេល​នេះវឌ្ឍនភាពបានឈានដល់ដំណាក់កាលវិវត្តគួរឱ្យកត់សម្គាល់ ដើម្បីឈានទៅសម្រេចតាម​ផែន​ការ​កំណត់។​ ព្រមជាមួយគ្នានេះ, ក៏សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័នជំនាញ, អាជ្ញាធរខេត្តទាំង ៤ ដែល​ជាប់​ពាក់ព័ន្ធដោយផ្ទាល់ និងព្យាយាមផ្តល់ការសហការយ៉ាងស្អិតរមួតក្នុងការសាងសង់​ និងដោះស្រាយ​ផលប៉ះពាល់ជាអតិបរមាជូនដល់ប្រជាពលរដ្ឋ។ ​ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ផ្តល់នូវការយោគយល់ និងសហការជាមួយក្រុមការងារ ដើម្បី​ពិនិត្យ និងដោះស្រាយផលប៉ះពាល់ឱ្យបានគ្រប់លទ្ធភាព និងធានាដល់ដំណើរការនៃការសាងសង់​ដោយរលូន។សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីយន្ដការក្នុងការដោះស្រាយបញ្ហារបស់ជនភៀសសឹក ដោយទី១ នៅពេលចាប់ផ្ដើមផ្ទុះអាវុធ គឺដំបូងបំផុតត្រូវការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាជម្លៀសពួកគាត់ទៅកាន់ទីមានសុវត្ថិភាព, មានទឹកហូប, មានបាយហូប និងកន្លែងស្នាក់នៅ, ទី២ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាពសុខភាព និង ទី៣ ដំណាក់កាលស្ដារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋបណ្ដើរៗឡើងវិញ។ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនវិញ កម្ពុជា រក្សាជំហរក្នុងការដោះស្រាយបញ្ហាតាមយន្ដការសន្តិវិធី ដែលរួមមាន យន្ដការច្បាប់ និងយន្តការការទូត ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត។ ជាងនេះទៅទៀត, មូលហេតុដែលកម្ពុជា ជ្រើសរើសយកការដោះស្រាយតាមយន្ដការទ្វេភាគី ជាជម្រើសអាទិភាពទី១ ដោយសារទី១ ជាយន្ដការដោះស្រាយដោយការទូត និងច្បាប់ ដើម្បីបញ្ចៀសការប្រើហិង្សាដើម្បីយកទឹកដី, ទី២ វិធានការទ្វេភាគី គឺជាវិធានការលឿនបំផុត ក្នុងការដោះស្រាយបញ្ហា និង ទី៣, កម្ពុជា នៅតែជឿថា យន្ដការទ្វេភាគីនៅតែជម្រើសដែលធ្វើទៅរួច ព្រោះភាគីទាំងពីរនៅតែមានចំណុចរួមគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, រាជរដ្ឋាភិបាលទាំងពីរនៅតែគោរពកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់របស់ភាគីទាំងពីរ ។ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្នកប្រព្រឹត្តខុសច្បាប់បើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ។ បន្ថែមពីនេះ, សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមស្ថានភាពស្រវឹង ត្រូវប្រកាន់គោលការណ៍សុវត្ថិភាពជាចម្បងដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ខ្លួនឯង អ្នករួមដំណើរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់៕ 

សម្ដេចធិបតីបញ្ជាក់អំពីជម្រើសទ្វេភាគីក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ បញ្ចៀស​ការ​បង្ហូរ​ឈាម​បន្តទៀត

2026/04/11 12:30:14 pm        264
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់​អំពី​ជម្រើស​ទ្វេភាគី​ក្នុង​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត ដោយ​បាន​បញ្ជាក់​ថា ​ជម្រើស​ទ្វេភាគី​នេះ គឺវាស្របតាមច្បាប់អន្តរជាតិ។ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ភាព​បើក​ការដ្ឋាន​សាង​សង់​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ហ្វូណន​តេជោ ​កំណាត់ទី២ នៅព្រឹកថ្ងៃទី១១ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ ដោយ​សារ​តែកម្ពុជានៅតែបន្តរក្សាជំហរដដែល ក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយ​ផ្អែក​លើ​សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរ​បាន​ឯកភាព​ចុះ​ហត្ថ​លេខា​ជា​មួយ​គ្នា រួមទាំងយន្តការអន្តរជាតិផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹង​អាច​ដោះ​ស្រាយ​បាន​ឆាប់ចប់ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជា ដោះ​ស្រាយ​តាម​សន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំង ពីរ​បានឯកភាពចុះហត្ថលេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ។ សម្ដេច​បញ្ជាក់​បន្ថែម​ថា ​យន្តការទាំងនេះរដ្ឋាភិបាលថៃ ក៏បាន​លើក​ឡើង​ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​ផង​ដែរ ហើយរដ្ឋាភិបាលថៃ ក៏មិនបាន​ប្រកាស​ទាត់​ចោល​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ជា​មួយ​កម្ពុជា​នៅ​ឡើយ​នោះ​ដែរ​៕ អត្ថបទ៖ វង្ស សុភាព

សម្តេចធិបតី៖ មួយខែរដ្ឋថយចំណូល ៥០លានដុល្លារ ក្នុងការដោះស្រាយវិបត្តិតម្លៃប្រេងឥន្ធនៈ

2026/04/11 12:03:46 pm        325
ក្នុងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធាន​ការ​ជា​បន្ត​បន្ទាប់​ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈ និងអគ្គិសនី ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយ​មក​ដល់​ពេល​នេះ ​ក្នុងមួយខែរដ្ឋត្រូវថយចំណូល៥០លានដុល្លារអាម៉េរិក តាមរយៈការបន្ថយ​អាករ​ពិសេស​លើ​ពន្ធ​។ បន្ថែមលើនេះ EDC ចេញថវិកា៣៥លានដុល្លារ ដើម្បីធានានូវថ្លៃ​អគ្គិសនី​កុំ​ឲ្យ​ឡើង​ថ្លៃ។នៅក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នា​ព្រឹក​ថ្ងៃ​ទី១១ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទាក់ទងដល់​ជីវភាព​រស់​នៅរ​បស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ច ដោយដាក់​ចេញ​នូវ​វិធាន​ការ​តាំង​ពី​ដំបូង​ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានសុំគោលការណ៍​ដើម្បី​ធ្វើ​ឧបត្ថម្ភ​ធន​ដោយ​ស្ងៀមស្ងាត់​ជំហាន​ដំបូង​ បន្ទាប់មកចាប់ផ្តើមចុះអត្រាពន្ធប្រេងនាំចូល អាករពិសេសទៅលើអគ្គិសនី សម្ភារៈអគ្គិសនី គឺ​ពន្ធចុះមកសូន្យនៅក្នុងដំណាក់កាលលំបាកនេះ។ បន្ថែមលើនេះ EDC ដើម្បី​ធានា​ថ្លៃ​អគ្គិសនី​កុំ​ឲ្យឡើ​ង​ ដោយមកដល់ពេលនេះ បានចេញ៣៥លានដុល្លារ ដើម្បីធានាត​ម្លៃ​ប្រេង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកំពុង​តែ​គិត​នៅ​វិធាន​ការ​មួយ​ចំនួ​នដើម្បីជួយបន្ថែមទៀតទៅតាមលទ្ធភាព ទោះបីជារដ្ឋត្រូវ​ថយ​៥០​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ក៏​ដោយ ​ហើយរដ្ឋសុខចិត្តថយពន្ធ តែទុកថវិកាទៅឲ្យប្រជាពលរដ្ឋ។ ហើយនេះ គឺជាការ​យក​ចិត្ត​ទុក​ដាក់​ចក្ខុ​វិស័យក្នុងការដោះស្រាយនៅពេលដែលមិនមានភាពច្បាស់លាស់។ ស្ថានភាព​មិន​ច្បាស់​លាស់​រដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋ មិនមែននៅតែពេលដែលសប្បាយទេ ប៉ុន្តែពេល​លំ​បាក​រដ្ឋាភិបាលនៅជាមួយប្រជាជន និងចាត់វិធានការទៅតាមលទ្ធភាពដែលអាចធ្វើបាន៕ អត្ថបទ៖ វង្ស សុភាព

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២

2026/04/11 11:23:25 am        215
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ(ព្រែកពោធិ៍ ខេត្ត​កណ្តាល​-សមុទ្រខេត្តកែប) នៅខេត្តតាកែវ។ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទិសនិរតី។ ផ្លូវទឹកមួយនេះ នឹងក្លាយជាសរសៃឈាមភ្ជាប់ទិសខាងជើង និងខាងត្បូង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវទឹក (ព្រែកជីកហ្វូណនតេជោ) នឹង​តភ្ជាប់​មិន​ត្រឹម​តែ​ការ​ដឹកជញ្ជូន​ក្នុង​ប្រទេសកម្ពុជាទេ តែគឺនឹងតភ្ជាប់ទៅកាន់តំបន់ និងពិភពលោកផងដែរ។ គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ នឹងលើកកម្ពស់មុខមាត់កិត្តិយសប្រទេសកម្ពុជា និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ គម្រោង​ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផល ដោយ​ផ្ទាល់​ដល់​ខេត្ត​ចំនួន​៤​ក្នុង​នោះមានដូចជា កណ្ដាល, តាកែវ, កំពត និងកែបជាដើម។ ក្រៅពីខេត្ត ដែល​ទទួល​ផល​ដោយ​ផ្ទាល់​នោះ កំពង់ស្ពឺ, កំពង់ឆ្នាំង និងបណ្ដា​ខេត្ត​នៅជាប់បឹងទន្លេសាប និងទន្លេ មេគង្គ​ទាំង​នៅ​ភាគខា​ងជើង រួមទាំងភាគខាងត្បូងក៏នឹងបានទទួលផលដោយប្រយោល ពី​គម្រោង«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ឱ្យដឹងថា អំឡុងពិភាក្សាជាមួយថ្នាក់ដឹកនាំឡាវ សម្ដេច​បាន​លើកឡើង​ពីការតភ្ជាប់ផ្លូវដឹកជញ្ជូនពីកម្ពុជាទៅចិន ដោយឆ្លងកាត់ប្រទេសឡាវ។ សម្ដេច​បញ្ជាក់​បន្ថែមជាមួយថ្នាក់ដឹកនាំឡាវថា នៅក្រោយគម្រោងព្រែកជីកហ្វូណនតេ ជោ​បញ្ចប់​ការ​សាង​សង់ ឡាវក៏អាចភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីសមុទ្រឆ្លងកាត់កម្ពុជាតាម «ព្រែក​ជីក​ហ្វូណន​តេជោ» នេះទៅកាន់ប្រទេសឡាវបានដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា សព្វថ្ងៃនេះ​រដ្ឋ​បាន​ខាត​បង់​ចំនួន​៥០លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារតែការបញ្ចុះពន្ធអាករ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៥ឆ្នាំកន្លងមកនេះ កម្ពុជា​បាន​ទទួល​នូវ​វិញ្ញាសា​ស្មុគ​ស្មាញ និងធំៗច្រើន ដូចជាបញ្ហាកូវីដ-១៩ បញ្ហាសង្គ្រាមអ៊ុយក្រែន ពន្ធបដិការ សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ និងវិបត្តិថាមពល នាពេលបច្ចុប្បន្ន តែទោះវិញ្ញាសាលំបាក មិន​ប្រាកដ​ប្រជា​យ៉ាង​ណា ​តែកម្ពុជា​នៅអាចមានភាពម្ចាស់ការជម្នះឧបសគ្គដើរទៅមុខបានជានិច្ច។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋបានសម្រេចមិនយកពន្ធនាំចូលប្រេង ដើម្បីទប់​កុំ​ឱ្យ​តម្លៃ​ប្រេង​ហក់​​ឡើង​ខ្ពស់ ដែលធ្វើឱ្យរដ្ឋខាតបង់ថវិកាដែលបានមកពីចំណូលពីការបង់ពន្ធលើ ការ​នាំ​ចូល​ប្រេង​ចំនួន​ហាសិបលានដុល្លារក្នុងមួយខែៗ។ ក្រៅពីនេះវិស័យថាមពលក៏បានខាតបង់ជាង សាម​សិប​ប្រាំ​លាន​ដុល្លារ​រួច​មក​ហើយ​ផងដែរ ដោយសារមិនដំឡើងថ្លៃប្រើប្រាស់អគ្គិសនីតាមតម្លៃ ប្រេង​។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោង«ព្រែកជីកហ្វូណនតេជោ» នឹង​បន្ត​ធ្វើ​ជា​និច្ច​មិនជាប់គាំងដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចនោះឡើយ ខណៈ គម្រោង​ជា​​ប្រវត្តិ​សាស្រ្ត​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ សម្រាប់​ប្រជាជន​កម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងធ្វើដំណើរតាមផ្លូវទឹកនៃគម្រោង «ព្រែកជីកហ្វូណនតេជោ​» ​ដែល​កំពុងដំណើរការសាងសង់ដោយមិនឱ្យអាជ្ញាធរតាមបណ្ដាខេត្តនៃផ្លូវទឹករបស់ គម្រោង​ដឹង​នោះ​ឡើយ ​ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋនៅអំឡុងពេលសាងសង់ និង​ក្រោយ​ពេល​សាង​សង់រួច។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកគុណដល់វីរកងទ័ពទាំងអស់ ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ខិតខំជម្នះគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាព បូរណ​ភាព​ទឹក​កម្ពុជា ​ពីការឈ្លានពានរបស់ទាហានសៀម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​សម្រួល​ការ​រស់​នៅ​របស់​ជន​ភៀស​សឹក​ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយការ​ធ្វើ​ផ្ទះ​ស្នាក់​នៅ​សមរម្យ​ជា​បណ្ដោះអា​សន្ន បើទោះផ្ទះថ្មី មិនដូចផ្ទះចាស់ ដែលបាន​កសាង​មក​អស់​២០​-៣០ឆ្នាំ ដោយកម្លាំងញើសឈាមនោះក៏ដោយ។ រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ខិត​ខំ​ដោះ​ស្រាយ​ជា​ជំហានៗ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហាព្រំដែន គឺសម្ដេចជ្រើស យក​យន្ត​ការ​មិន​បង្ហូរ​ឈាម​ ដើម្បីកុំឱ្យមានពលរដ្ឋកម្ពុជា រួមទាំងកងកម្លាំងមិនមានការបាត់បង់ជីវិត។ សម្ដេច​បញ្ជាក់​បន្ថែ​ម​ថា សង្គ្រាមសងទៅសងមក មិនងាយបញ្ចប់នោះទេ ប៉ុន្តែបើដោះស្រាយតាមយន្ត​ការច្បាប់​ យន្ត​ការ​អន្តរជាតិ និងការទូត គឺជាយន្តការដែលអាចបញ្ចប់បញ្ហាព្រំដែនបានយូរអង្វែង និង មិន​មាន​ការ​បាត់​បង់ជីវិត។ ប៉ុន្តែយន្តការនេះត្រូវការ​ពេលបន្តិច​ដែលទាមទារឱ្យយើងត្រូវអត់ធ្មត់ ដើម្បី សម្រេច​ជោគជ័យ។-សម្ដេច ហ៊ុន ម៉ាណែត៖ ការប្រើសង្គ្រាមដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនងាយបញ្ចប់នោះទេ គឺ​មាន​តែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ចប់បាន ជាពិសេសការចរចាទ្វេភាគី ដោយ​ការ​ស្មោះត្រ​ង់ជា​មួយគ្នា។ សម្ដេចបញ្ជាក់បន្ថែមថា ករណីដូចជាសង្គ្រាមនៅអ៊ុយក្រែន និង​នៅ​តំបន់​នានា​ជា​ច្រើន​បានបង្ហាញឱ្យឃើញថា ដើម្បីបញ្ចប់បញ្ហាបាន គឺមានតែការចរចា ដោះ​ស្រាយ​ប៉ុណ្ណោះ​។-សម្ដេចធិបតី ហ៊ុន ម៉ាណែតបង្ហាញក្ដីសង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹង​អាច​ដោះ​ស្រាយ​បាន​ឆាប់​ចប់​ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជា ដោះ​ស្រាយ​តាម​សន្តិវិធី ​ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំង ពីរ​បាន​ឯក​ភាព​ចុះ​ហត្ថ​លេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ។ សម្ដេចបញ្ជាក់បន្ថែមថា យន្តការ​ទាំង​នេះ​រដ្ឋាភិបាលថៃ ក៏បានលើកឡើងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរ ហើយ​រដ្ឋាភិបាលថៃ ក៏មិន​បាន​ប្រកាស​ទាត់​ចោល​កិច្ច​ព្រម​ព្រៀង​ណាមួ​យ​ជាមួយ​កម្ពុជា​នៅ​ឡើយ​នោះដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត​រំពឹងថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC ឱ្យបាន​ត្រឹម​ត្រូវ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះព្រំដែន​ជាមួយប្រទេសកម្ពុជា ស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ដែល​បាន​ធ្វើកន្លងមក។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អំឡុងជួបជាមួយឯកឧត្ដមប្រធានាធិបតីបារាំង សម្ដេច​បាន​ស្នើ​ដល់​ប្រធានា​ធិបតីបារាំងជំរុញទៅថៃ ឱ្យចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយ​ផ្អែក​លើ​យន្ត​ការ​អន្តរជាតិ និងច្បាប់អន្តរជាតិ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា អំឡុងជួបជាមួយ ប្រធានាធិបតី​បារាំង​នោះ សម្ដេចបានជម្រាបជូនប្រធានាធិបតីបារាំង អំពី​ស្ថាន​ភាព​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ពិសេសការចូលកាន់កាប់ និងសាងសង់សំណង់នានារបស់ភាគីថៃ លើដែន​អធិបតេយ្យកម្ពុជា។ សម្ដេចគូសបញ្ជាក់ច្បាស់ៗថា អ្វីដែល​សម្ដេច​ជម្រាប​ជូន​ទៅ​ប្រធានា​ធិបតី​បា​រាំង​ គឺ​ដើម្បីឱ្យបា​រាំងជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយឈរលើភាពយុត្តិធម៌ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ដែលគ្រប់ភាគីទទួលយកបាន​មិនមែនឱ្យបារាំងកាន់ជើងកម្ពុជានោះទេ។ប្រសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចប់នៅម៉ោង ១១និង៣១នាទី

សម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹង​ធ្វើឲ្យចប់ដូចការគ្រោងទុក មិន​បាន​ជាប់​គាំង​ដូច​ការ​លើកឡើងរបស់ជនមួយក្តាប់តូចនោះទេ

2026/04/11 10:54:42 am        239
សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​​អះ​អាង​ថា គម្រោង« ព្រែកជីកហ្វូណនតេជោ» នឹងធ្វើឲ្យចប់ជាស្ថាពរដូចការគ្រោងទុក ដោយ​មិន​មានកា​រ​ជាប់​គាំង​ដូច​ការឃោសនារបស់ជនអគតិមួយក្តាប់តូចនោះឡើយ ខណៈ​រាជ​រដ្ឋាភិបាល​បាន​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ជា​ដំណាក់​កាល​ៗ​ជាមួយ​ផល​ប៉ះ​ពាល់​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នោះ​។​​ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការសាងសង់នូវព្រែកជីកហ្វូណន នឹង​បន្ត​ទៅ​មុខ​ជា​និច្ច​ដោយ​គ្មាន​ការ​រាំង​ស្ទះ​នោះទេ​ ដោយរាជរដ្ឋាភិបាលបានធ្វើការជាប្រចំា ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ត្រូវ​ទាមទារឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋមានការចូលរួម និងយោគយល់ផងដែរ ដើម្បី​ឲ្យ​គម្រោង​នេះ​សម្រេច​បាន​ជោគជ័យ។សូមបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍យ៉ាងសម្បើម ដោយ​ក្នុង​នោះ​នឹង​ពង្រឹង​នូវ​ឯករាជ្យ​ភាព​ខាង​នយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក, លើក​កម្ពស់​ប្រសិទ្ធ​ភាព​ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់តាមរយៈការកាត់បន្ថយថ្លៃដើម ចម្ងាយ និង​ពេល​វេលា​នៃ​ការដឹកជញ្ជូន និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, កាត់​បន្ថយ​ការ​បំភាយឧស្ម័នពុលក្នុងបរិស្ថាន, ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, បង្កើត​ឱ្យ​មានបណ្តាញ និងប្រព័ន្ធផ្លូវទឹកតភ្ជាប់ជាច្រើន ដែលបង្កើត​បានជាជម្រកថ្មីៗ សម្រាប់​ពពួក​វា​រី​សត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ (ពិសេសផ្តល់ទិន្នផលត្រីជាមធ្យមប្រមាណ ១០០០​តោន ក្នុងមួយឆ្នាំ) ដែលផ្តល់លទ្ធ​ភាព​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​អម​សង​ខាង​ព្រែក​អាច​បង្កើត​មុខ​របរថ្មីៗ និងអាស្រ័យផលជាប្រចាំ, ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា, ផ្ដល់​ឱកាស​ការ​ងារ​ដល់​ប្រជា​ពលរដ្ឋប្រមាណ ៧ ៦៨៨នាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និង​អាច​បង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួចជាដើម៕ អត្ថបទ៖ បាន ចក់

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

2026/04/10 05:28:50 pm        128
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុន CCCC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ទាំងក្នុងប្រទេសកម្ពុជា និងលើសកលលោក។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ​ ដែលធ្វើឱ្យគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជាសម្រេចបានជោគជ័យ។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តអនុវត្តគម្រោងនានានៅកម្ពុជាឱ្យសម្រេចបានជោគជ័យតាម​ផែនការដែលបាន​គ្រោងទុក​ ដោយធានាបាននូវគុណភាព ជាមួយនឹងការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ លើសពីនេះ លោកក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីបំណងស្វែងរកឱកាសវិនិយោគលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត រួមមាន៖ ថាមពលស្អាត, ការគ្រប់គ្រង និងកែច្នៃសំណល់ជាថាមពលអគ្គិសនី, ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត, ការកសាងប្រព័ន្ធអេកូស៊ីឌីជីថល (Digital Ecosystem) ជាដេីម។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងការស្វាគមន៍ចំពោះលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្តេចធិបតី​ បាន​វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន​ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជា «ឆ្អឹងខ្នង» នៃកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពខ្ពស់ និងបានដាក់ចេញនូវ គោលនយោបាយអាទិភាពជាច្រើនដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកនូវ​កាលានុវត្តភាពក្នុងការពង្រីកការវិនិយោគថ្មីៗលើវិស័យនានានៅកម្ពុជា។ មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់អនុវត្តគម្រោងដែលកំពុងមានឱ្យសម្រេចបានតាមផែនការគ្រោងទុក ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋតួកគីយ៉េ៖ កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការ

2026/04/10 05:25:27 pm        109
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបជម្រាបលា។ លោកជំទាវបានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានស្វែងយល់ច្រើនអំពី ប្រជាជន វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវបានជម្រាបជូនសម្តេចធិបតី​ អំពីការសម្រេចបាននូវសមិទ្ធផលនានាក្នុងអាណត្តិការទូតរបស់លោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ជាពិសេសលើវិស័យ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ និងវប្បធម៌។ លោកជំទាវក៏បានសង្កត់ធ្ងន់ថា កម្ពុជា និងតួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកជំទាវ Ülkü Kocaefe នៅកម្ពុជា។ សម្ដេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគីយ៉េ ឱ្យមានភាពរឹងមាំ និងទទួលបានផ្លែផ្កាជាវិជ្ជមាន។ ជាមួយគ្នានេះ, សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ អំពីកាលានុវត្តភាព និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលេីវិស័យនានា​ ដែលនឹងចូលរួមចំណែកបន្ថែមទៀតក្នុងការបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ ជាទីបញ្ចប់, សម្ដេចធិបតីបានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចថ្មីៗជាបន្តបន្ទាប់ទៀត៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធាន​​ក្រុមហ៊ុនខ្នាតយក្សមួយ​របស់​ចិន​ក្នុង​វិស័យ​វិស្វកម្ម​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2026/04/10 09:08:22 am        143
នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យលោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ចូលជួប​សម្តែងការគួរសម និង​ពិភាក្សា​ការ​ងារ នៅវិមានសន្តិភាព។ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជាក្រុម​ហ៊ុន​ខ្នាត​យក្ស​របស់​ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុន​នេះ​មាន​ឯក​ទេស​ខ្ពស់​លើ​ការ​សិក្សា ប្លង់រចនា និងការសាងសង់ស្មុគស្មាញ រួមមាន៖ ផ្លូវថ្នល់ ស្ពាន កំពង់ផែទឹកជ្រៅ និង​ផ្លូវ​រថ​ភ្លើងល្បឿនលឿន៕

កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

2026/04/09 04:39:05 pm        150
នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានជួបសម្តេចធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀត ព្រមទាំងបានថ្លែងអំណរគុណសម្ដេចធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល One Health (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីស នាពេលនេះ។ ឯកឧត្តមអេម៉ានុយអែល ម៉ាក្រុង ក៏បានគូសបញ្ជាក់ជាថ្មីនូវមិត្តភាពជាមួយប្រទេសនិងប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី។ ទន្ទឹមនឹងនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ឯកឧត្តមមានសេចក្ដីរីករាយក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦ ខាងមុខ។ជាការឆ្លើយតប, សម្តេចធិបតីបានអបអរសាទរបារាំងចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូល One Health (One Health Summit)។ សម្តេចធិបតីបានសង្កត់ធ្ងន់ពីទំនាក់ទំនងជាយូរលង់រវាងប្រទេសកម្ពុជានិងបារាំង និងថ្លែងអំណរគុណបារាំងដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅកម្ពុជា។ សម្តេចធិបតីក៏បានសម្តែងសេចក្តីរីករាយចំពោះទស្សនកិច្ចផ្លូវរដ្ឋ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ឯកឧត្តមប្រធានាធិបតី នៅកម្ពុជា នាចុងឆ្នាំ២០២៦នេះ។  ក្នុងជំនួបនេះ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីកម្ពុជា-បារាំង ជាពិសេសការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដល់កម្រិត "ភាពជាដៃគូយុទ្ធសាស្ត្រ" (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបានផ្លាស់ប្តូរយោបល់លើគំនិតផ្តួចផ្តើមមួយចំនួនក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងថាមពល ការពារជាតិនិងសន្តិសុខ វប្បធម៌និងបេតិកភណ្ឌ សុខាភិបាល អប់រំ និងទេសចរណ៍។ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេចធិបតីក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែន ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM