TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា
TOP STORY|សម្ដេចធិបតី៖«ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំង​ដ៏រឹង​មាំ​នៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជាតិ​យើង​កំពុ​ង​ជួប​ប្រទះនឹ​ងកា​រលំ​បាក​ដោយ​សារ​ការ​ឈ្លាន​ពាន​ពីប្រទេសជិតខាង»

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី ៖ អ្នកនយោបាយកុំយករឿងនយោបាយទៅភ្ជាប់រឿងបច្ចេកទេសតែត្រូវធ្វើគិតពីផលប្រយោជន៍ជាតិ

2024/11/21 05:26:50 pm        120
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ទៅកាន់អ្នកនយោបាយមួយចំនួនកុំយករឿងនយោបាយទៅភ្ជាប់ជាមួយរឿងបច្ចេកទេស ប៉ុន្ដែត្រូវធ្វើនយោបាយដោយគិតគូទៅលើផលប្រយោជន៍ជាតិជាធំ កុំយករឿងព្រំដែនទៅធ្វើល្បែងនយោបាយរបស់ខ្លួន។​សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជក់បែបនេះ ក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣-ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ សម្ដេចធិបតី មានប្រសាសន៍ថា ក្រុមអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច តែងតែភ្ជាប់រឿងសេដ្ឋកិច្ច និងរឿងបច្ចេកទេសទៅក្នុងរឿងនយោបាយរបស់ពួកគេ។ សម្ដេចធិបតី បញ្ជាក់ថា ដូចជាករណីរឿងក្រុមនយោបាយជ្រុលនិយម បានចោទមកសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ថាក់ស៊ីន ថាផ្សំគំនិតគ្នាដើម្បីបានផលប្រយោជន៍រវាងគ្រួសារ ប៉ុន្ដែតាមពិតគឺគ្មានកិច្ចការងារនេះទេ រឹតតែគ្មានការចរចាគ្នាណាមួយធ្វើឱ្យបាត់សិទ្ធិដល់ការចរចាគ្នាលើកិច្ចការងារព្រំដែនដែរ។ ប៉ុន្ដែក្រុមអ្នកនយោបាយជ្រុលនិយម ពួកគេតែងតែទាញរឿងសេដ្ឋកិច្ច និងរឿងបច្ចេកទេសករណីបូរណភាពទឹកដី អធិបតេយ្យភាពនេះ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។ បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន ព្រំដែនកម្ពុជាដែលបានវាស់វែងត្រួសៗដោយប្រើបច្ចេកវិទ្យាទំនើប គឺមានទំហំ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ មិនមែន ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនោះទេ។ តួលេខវាស់វែងត្រួសៗដោយប្រើបច្ចេកវិទ្យាថ្មីនេះ កើនជាង ៣០០ គីឡូម៉ែត្រការ៉េ ដោយនៅមិនទាន់រាប់បញ្ចូលដែនដីកោះនៅឡើយនោះទេ។ សម្ដេចធិបតីក៏បានមានប្រសាសន៍ឱ្យបុគ្គលខ្លះដែលបានសាក់ទឹកដីកម្ពុជាមានទំហំត្រឹម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ទៅលុបសាក់ចេញ នៅក្រោយកម្ពុជាចរចាបញ្ហាព្រំដែនចប់សព្វគ្រប់ ដែលមានទំហំកើនលើសតួលេខ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េទៅទៀត៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​ក្នុងពិធីបើក​អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ​ទូទាំ​ង​ប្រទេស លើកទី៣២ ឆ្នាំ២០២៤

2024/11/21 10:05:19 am        232
នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកអនុសំវច្ឆ​រ​មហា​សន្និបាត​មន្ត្រី​សង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ។ ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ និងអំណរគុណដល់ព្រះ សង្ឃ​ទំាងពីរ​គណៈ​ដែលបានយាង និងនិមន្តចូលរួមក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃ​ទូទាំងប្រទេស​លើកទី៣២ ឆ្នាំ២០២៤ ដើម្បីរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមនានានៅក្នុងសង្គម។ -សម្ដេចតេជោ ហ៊ុន សែន៖ ការ​ប្រតិបត្តិសាសនា​នៅ​ក្នុង​សង្គមជាតិ​នីមួយៗ​តែងតែ​មាន​ជាប់​ទាក់​ទង​​​ទៅ​នឹង​ប្រពៃណី​ទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះ ដែលជាអត្តសញ្ញាណ នៃ​គុណ​តម្លៃរួ​ម នៃ​ជីវិតរបស់មនុស្ស​នៅក្នុងសង្គមនីមួយៗ ​សកម្មភាព​មនុស្ស​មាន​ភាព​ទៀង​ត្រង់​នឹង​មាន​លក្ខណៈ​ប្រហាក់ប្រហែលអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ -សម្តេចតេជោ ហ៊ុន សែន សម្តែងមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលពោរពេញដោយសុខដុមរមនីយកម្មជាតិសាសន៍ និងសាសនា ខណៈបច្ចុប្បន្នកម្ពុជាមានអ្នកកាន់សាសនាផ្សេងៗច្រើន ប៉ុន្តែមិនមានការរើសអើងគ្នា និងបែកបាក់សាមគ្គីភាពគ្នានោះឡើយ។ -សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសុខចិត្តលះបង់សេដ្ឋកិច្ចក្នុងសង្គម មិនសុខចិត្ត​ឲ្យកម្ពុជា​មានការបែកបាក់សាមគ្គី និងសង្គ្រាម​ដោយសារ​តែ​ការញុះញង់​ពី​ក្រុមពួក​អគតិ​មួយក្តាប់​តូច​នោះ​ឡើយ​។ ត្រង់ន័យនេះត្រូវបានសម្តេចបានបញ្ជាក់ថា កម្ពុជាសម្រេចដកខ្លួន​ចេញ​ពី​កិច្ចសហប្រតិបត្តិការ​CLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ។ -សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែ​មានជនអគតិមួយក្តាប់តូច(ក្រុមក្បត់ជាតិបីជំនាន់)កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។ -សម្ដេចតេជោ ហ៊ុន សែន៖ កត្តា២យ៉ាងធំៗ​ដែលធ្វើឲ្យប្រទេសជាតិ​មានការរីកចម្រើន​គឺការឯកភាពផ្ទៃក្នុង និងសន្តិភាពជាមួយប្រទេសជិតខាង -សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហា កោះគុត​តាម​ការ​ញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ -សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ​ទុកលទ្ធភាព​ឲ្យរដ្ឋាភិបាល​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​រឿងកោះគុត ហើយសង្ឃឹមថា​ខាងអ្នកជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ត្រូវ​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។ - សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងដែល កំពុង​រត់ចោល​ស្រុក និងបងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ថា «ដំបៅមិនឈឺកុំយកឈឺរុក»​ ខណៈបញ្ហា​កោះគុត​ ​រាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងរកដំណោះស្រាយគ្នាដោយសន្តិភាពវិធី -សម្ដេចតេជោ ហ៊ុន សែន៖ ការបោះបង្គោលព្រំដែនជាមួយនឹងឡាវបានចំនួន ៨៦ភាគរយ ជាមួយ​វៀតណាមបានចំនួន ៨៤ ភាគរយ និងបានបោះបង្គោលព្រំដែនតូចៗបន្ថែមទៀត ដើម្បី​ឱ្យពលរដ្ឋដែលទៅកម្សាន្តនៅតាមព្រំដែន ងាយឃើញ ងាយយល់។ -សម្ដេចតេជោ ហ៊ុន សែន៖ ក្រុមជ្រុលនិយមនៅកម្ពុជា​ជាក្រុមជ្រុល​និយម​មិន​ធម្មតា​ដែល​ទាមទារ​ឲ្យធ្វើ​​ច្បាប់ ដើម្បីដាក់ទោស និងការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា -សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិន​ត្រូវ​ចល័ត​កម្លាំង​ទៅ​តំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចតេជោ​បញ្ជាក់បន្ថែមថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ។ -សម្ដេចតេជោ ហ៊ុន សែន ស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យ​កែតម្រូវ​ឡើងវិញ​លើ​ការ​រៀបចំ​មន្ត្រី​សង្ឃគង់​ឱ្យបានត្រឹមត្រូវទៅតាមឋានន្តរសក្ដិ និងតួនាទីដឹកនាំរបស់មន្ត្រីសង្ឃ នៅក្នុងពិធី​ផ្លូវការនានា។ -សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឱ្យពិនិត្យពិចារណាលើការរៀបចំចេតិយ ដោយ​រកដី​នៅ​កន្លែង​ណាមួ​យ​ដើម្បីរៀបចំជាកន្លែងទុកឱ្យប្រជាពលរដ្ឋសាងសង់ធ្វើចេតិយ ដើម្បី​បញ្ជៀស​កំណើន​ធ្វើ​ចេតិយនៅក្នុងវត្ត។ -សម្ដេចតេជោ បានស្នើដល់​ក្រសួងធម្មការ​សាសនា​គួរបណ្ដុះបណ្ដាល​អាចារ្យ​ដើម្បី​ស្នងអាចារ្យ​ដោយ​សព្វថ្ងៃនេះ​មាន​វិបត្តិ​ខ្វះ​អាចារ្យ។ ជាពិសេស​តាមទីវត្តអា​រាម​នីមួយៗ​អាច​ទទួល​ការ​បណ្ដុះ​បណ្ដាល​អាចារ្យ​ស្នងបាន៕ 

ប្រធានសមាគមជប៉ុន-កម្ពុជា​ជម្រាបសម្ដេចតេជោថា បន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្ម អភិវឌ្ឍធនធានមនុស្ស និងធុរកិច្ចនៅកម្ពុជា

2024/11/20 04:59:47 pm        131
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅដល់ ឯកឧត្តមតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជាក្នុងពេលនេះ។ សម្តេចតេជោ បានរំលឹកអំពីជំនួបរវាងសម្តេច និងឯកឧត្តមប្រធានសមាគម និងគណៈប្រតិភូវិនិយោគ កាលពីខែមករា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូកន្លងមក ហើយឱកាសនេះនឹងជាជំនួបសាជាថ្មីទៀត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសមាគមវិនិយោគិនជប៉ុន និងកម្ពុជា។សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ហ្វូមីអាគី កម្ពុជាដែលក្រោយពីការចាកចេញពីតំណែងអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាឯកឧត្តមប្រធាន បានខិតខំយ៉ាងខ្លាំងដើម្បីជំរុញទំនាក់ទំនងជប៉ុន និងកម្ពុជាតាមរយៈការបង្កើតជាសមាគមជប៉ុន-កម្ពុជានេះឡើង និងការខិតខំទាក់ទាញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា។  នាឱកាសជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ និងពេលវេលាដ៏មានតម្លៃ ទទួលជួបឯកឧត្តម និងគណៈប្រតិភូវិនិយោគិនជប៉ុនក្នុងពេលនេះ។ ឯកឧត្តមបានបន្តថា ជំនួបសាជាថ្មីនេះ គឺដើម្បីរាយការណ៍ជូនសម្តេចអំពីវឌ្ឍនភាពការងារនៃសមាគមនាពេលកន្លងមក ដែលបានចូលរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា និងអំពីការបើកការិយាល័យរបស់សមាគមនៅកម្ពុជា កាលពីខែសីហាឆ្នាំ២០២៤ ដែលអាចឱ្យទាំងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា ចុះឈ្មោះចូលជាសមាជិករបស់សមាគម និងធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសទាំងពីរ ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ឯកឧត្តម ក៏បានជម្រាបជូនសម្តេចតេជោផងដែរពីកិច្ចសហប្រតិបត្តិការរបស់សមាគមជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បានចំនួន៣ដែលរួមមាន សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងថែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ឯកឧត្តម ក៏បានបញ្ជាក់ផងដែរពីដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ គឺមានក្រុមហ៊ុនជប៉ុនចំនួន២៦ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនចំនួន១៧ជាក្រុមហ៊ុនថ្មីមិនដែលមកកម្ពុជាសោះ ហើយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ នៅវិស័យវារីវប្បកម្ម... ។ល។ ឯកឧត្តម បានបញ្ជាក់ថា កន្លងមកសមាគម ជប៉ុន-កម្ពុជា បានខិតខំផ្សព្វផ្សាយតាមគ្រប់រូបភាព តាមទូរទស្សន៍ជប៉ុនអំពីសក្ដានុពលរបស់កម្ពុជា នៅក្នុងប្រទេសជប៉ុនដើម្បីទាក់ទាញវិនិយោគជប៉ុនបន្ថែមទៀត ពិសេសក្រុមហ៊ុនប្រភេទសហគ្រាសធុនតូចនិងមធ្យម ឱ្យមកធ្វើការវិនិយោគថែមទៀតនៅកម្ពុជា ។ឯកឧត្តម ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការពង្រឹងនិងពង្រីកទំនាក់ទំនងអាជីវកម្ម និងធុរកិច្ចជាមួយវិស័យឯកជនកម្ពុជាផងដែរ ។លោក កាតុ អគ្គលេខាធិការនៃសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្តេចតេជោផងដែរថា សហគ្រាសធុនតូច និងមធ្យម (SME) របស់ជប៉ុន ដែលសមាគមបាននាំមកកម្ពុជានាពេលនេះ គឺមានជំនាញក្នុងការកែច្នៃវត្ថុធាតុដើមនានាដែលសំបូរបែបនៅកម្ពុជា ដើម្បីផលិតជាទំនិញដ៏មានតម្លៃសម្រាប់ទីផ្សារកម្ពុជា តំបន់និងពិភពលោក។ក្នុងចំណោមជំនាញទាំងនោះ មានជំនាញខាងការកែច្នៃប្រើប្រាស់សូត្រពណ៌មាសរបស់កម្ពុជា តាមបច្ចេកវិទ្យាថ្មីរបស់ជប៉ុន មកធ្វើជាផលិតផលថែរក្សាសម្ផស្សដ៏មានប្រសិទ្ធភាព ការកែច្នៃសំបកគ្រាប់ស្វាយចន្ទីឱ្យទៅជាចំណីសត្វគោ, ការចិញ្ចឹមត្រី ទីឡាព្យាដែលមានផលប្រយោជន៍សម្រាប់ការនាំចេញ ហើយស្រកាត្រីទីឡាប់ព្យា អាចផលិតទៅជាផលិតផលរក្សាសម្រស់ ខណៈឆ្អឹងត្រីទីឡាប់ព្យាអាចកែច្នៃទៅជាចំណីសត្វ។ ទន្ទឹមនេះដែរក៏មានក្រុមហ៊ុនដែលមានជំនាញ កែច្នៃផ្លែខ្នុរ ពោលគឺក្តិបខ្នុរ និងសម្បកខ្នុរ ដែលកសិករកម្ពុជាតែងតែបេះចោលដើម្បីទុកឱ្យខ្នុរធំៗមានទំហំធំល្អ មកធ្វើជាម្ហូបក្នុងអាហារដ្ឋាន និងធ្វើជាចំណីសត្វផងដែរ។លោក កាតុ អគ្គលេខាធិការសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្តេចតេជោផងដែរថា ទិសដៅខាងមុខរបស់សមាគមជប៉ុន-កម្ពុជា នឹងមានការវិនិយោគលើ ការបណ្តុះបណ្តាលជំនាញផ្នែកថែទាំយានយន្ត, បច្ចេកវិទ្យាព័ត៌មាន, ការប្រឹក្សាយោបល់ (Counselling) ជាដើម។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីគោលបំណងនាំយកក្រុមហ៊ុនជប៉ុន ដែលមានជំនាញថែទាំមនុស្សចាស់ ផ្នែកសាងសង់និងរចនា និងក្រុមហ៊ុនបណ្តុះបណ្តាលការដាំស្មៅដើម្បីបម្រើទីលានវាយកូនហ្គោល ក៏ដូចជាតារាងបាល់ទាត់ មកកម្ពុជាបន្ថែមទៀត ដោយក្រុមហ៊ុនមើលឃើញថានៅកម្ពុជា ខ្វះធនធានក្នុងវិស័យនេះ ហើយដែលជប៉ុន និងកម្ពុជាអាចធ្វើការផ្លាស់ប្ដូរជាមួយគ្នាក្នុងវិស័យនេះផងដែរ។លោកអគ្គលេខាធិការសមាគម បានអះអាងបន្ថែមថា សមាគម និងវិនិយោគិនបានប្ដេជ្ញាចិត្តរួមគ្នាចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅ ដើម្បីឱ្យកម្ពុជាក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនិងខិតខំបន្ថែមទៀតដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដទៃទៀតឱ្យចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ។ក្រៅពីក្រុមហ៊ុន ដែលលោកអគ្គលេខាធិការនៃសមាគមជប៉ុន-កម្ពុជា បានរៀបរាប់ នៅមានក្រុមហ៊ុនមួយចំនួនទៀតដែលបានវិនិយោគនៅកម្ពុជារួចហើយ មានដូចជាក្រុមវិនិយោគលើឥណទានកាបោន, ក្រុមហ៊ុនចិញ្ចឹមត្រីយកសាច់, ភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ, និងក្រុមហ៊ុនកែច្នៃផលិតផលចំណីអាហារកំប៉ុងជាដើម ដែលកំពុងដំណើរការបានយ៉ាងរលូន និងកំពុងរៀបចំពង្រីកផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដែលជាទិសដៅគឺនឹងនាំផលិតផល ដែលផលិតនៅកម្ពុជាទៅលក់នៅលើទីផ្សារជប៉ុន អឺរ៉ុប ស្វីស និងទីផ្សារពិភពលោក។ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជាដែលដឹកនាំដោយឯកឧត្តម តាកាហាស៊ី ដែលបានប្រឹងប្រែងក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ហើយវិស័យឯកជនរបស់ជប៉ុនបានរួមចំណែកយ៉ាងច្រើននៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ។ សម្តេចតេជោ បានស្វាគមន៍ដោយសេចក្តីរីករាយ ចំពោះការសម្រេចចិត្តបើកការិយាល័យនៅកម្ពុជា និងការបើកឱ្យមានការចុះឈ្មោះជាសមាជិកថែមទៀត។ សម្តេចតេជោ បានបន្តថា ការងារនេះ នឹងជួយពង្រឹងទំនាក់ទំនងរបស់សមាគម ដោយការផ្សារភ្ជាប់ក្រុមហ៊ុនជប៉ុន និងកម្ពុជា។ សម្តេចសង្ឃឹមថា ឯកឧត្តមប្រធានសមាគម នឹងបន្តការងារនេះ ហើយវិនិយោគិនទាំងខ្មែរ និងជប៉ុនប្រាកដជាស្វះស្វែងរកគ្នាតាមរយៈសមាគមជប៉ុន-កម្ពុជានេះ។សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក កាតុអគ្គលេខាធិការសមាគម ដែលខិតខំជំរុញក្រុមហ៊ុនតូច មធ្យម មកវិនិយោគនៅកម្ពុជា ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងលើកកម្ពស់វិស័យសហគ្រាសធន់តូចនិងមធ្យមនៅកម្ពុជា ក្នុងការបង្កើតឱ្យទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ។សម្តេចតេជោ បានបញ្ជាក់ថាអ្វីដែលវិនិយោគិនជប៉ុន ចង់វិនិយោគនៅកម្ពុជា ក្នុងពេលនេះ គឺជាពេលវេលាដ៏សមស្របសម្រាប់កម្ពុជា ហើយវត្ថុធាតុដើមដែលភាគីជប៉ុនត្រូវការក៏មាននៅកម្ពុជាផងដែរ។ ប្រទេសកម្ពុជា មានវត្ថុធាតុដើមដ៏ល្អ ប៉ុន្តែបើមានបច្ចេកវិទ្យាជប៉ុនកែឆ្នៃ ឱ្យទៅជាផលិតផលប្រកបដោយជំនឿទុកចិត្តនោះ វានឹងបន្ថែមតម្លៃទៅលើផលិតផលនោះ និងជំនឿទុកចិត្តថែមទៀត។សម្តេចតេជោ បានសម្ដែងការចាប់អារម្មណ៍លើការកែច្នៃគ្រាប់ស្វាយចន្ទីដោយសម្តេច បានរំលឹកថាកាលពីពេលសម្តេចធ្វើជានាយករដ្ឋមន្រ្តី សម្តេចបានប្រកាសថា “កម្ពុជានឹងក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី”។ នាពេលបច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលដាំស្វាយចន្ទីច្រើនជាងគេ និងមានទិន្នផលកើនឡើងជារៀងរាល់ឆ្នាំ។ គិតត្រឹម ១០ខែដំបូងក្នុងឆ្នាំនេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម ប្រហែល ៨០ ម៉ឺនតោន។ ហេតុដូច្នេះ ប្រសិនបើជប៉ុន អាចទាញយកក្រុមហ៊ុន ទាំងនោះមកកែច្នៃគ្រាប់ស្វាយចន្ទី ទៅជាផលិតផលផ្សេងៗ ដែលជាតម្រូវការបន្ថែមនោះប្រទេសកម្ពុជា ពិតជាមានភ័ព្វសំណាងណាស់។សម្តេចតេជោ បានបញ្ជាក់ទៅវិនិយោគិនជប៉ុនថា ផលិតផលរួមរវាងកម្ពុជា និង ជប៉ុន ប្រាកដជានឹងត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ សម្ដេចតេជោ ក៏បានចាប់អារម្មណ៍ផងដែរទៅលើការកែច្នៃក្ដឹបខ្នុរ និងសំបកខ្នុរ ហើយបើអាចកែច្នៃតាមការរៀបរាប់របស់ក្រុមហ៊ុននោះប្រជាពលរដ្ឋកម្ពុជា និងអាចបង្កើនការដាំដុះដំណាំនេះថែមទៀត ។ កត្តានេះ មិនត្រឹមតែជួយដល់សេដ្ឋកិច្ច និងជីវភាពរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបំពេញដល់គម្របព្រៃឈើរបស់កម្ពុជា ដែលធ្វើឱ្យការវិនិយោគលើ ឥណទានកាបោន នឹងទទួលផលចំនេញកាន់តែច្រើន។ សម្តេចតេជោ បញ្ជាក់ផងដែរថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសកម្ពុជាបៃតង ដែលឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។សម្តេចតេជោ បានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ក្រុមហ៊ុនជប៉ុន ដែលបានដើរស្របជាមួយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន៥ សែននាក់ ហើយក្រុមហ៊ុនជប៉ុន អាចចូលរួម បណ្តុះបណ្តាលយុវជន ទាំងនោះ។ ទាក់ទងនឹងការបណ្តុះបណ្តាលជំនាញថែទាំងមនុស្សចាស់ សម្ដេចតេជោ បានគូសបញ្ជាក់ថា នៅពេល យុវជនទទួលបានការបណ្តុះបណ្តាលរួច ភាគីជប៉ុនគួរបញ្ជូនពួកគេទៅធ្វើការនៅប្រទេសជប៉ុន ដែលមានតម្រូវការអ្នកថែទាំមនុស្សចាស់ច្រើនហើយដែលអាចជួយផ្ដល់នូវការងារដល់ប្រជាជនកម្ពុជាផងដែរ។ទាក់ទងនឹងការបណ្ដុះបណ្ដាលផ្សេងទៀតដូចជា ការថែទាំស្មៅទីលានវាយកូនហ្គោល និងតារាងបាល់ទាត់ គឺអាចជាការប្រសើរផងដែរ ដោយសារអ្នកទេសចរណ៍ក៏ដូចជាប្រជាជនកម្ពុជាសព្វថ្ងៃ មានចំណូលចិត្តក្នុងការលេងវាយកូនហ្គោលកាន់តែច្រើនឡើង ដោយសារ ជំនាញថែទាំស្មៅនៅកម្ពុជានៅមានការខ្វះខាតនៅឡើយ។ ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ដោយមើលឃើញថាមានវិនិយោគិនថ្មីៗដែលទើបមកកម្ពុជាជាលើកទី១ សម្ដេចបានជម្រាបជូនពីការប្រែប្រួលខាងនយោបាយនៅកម្ពុជា ដែលឆ្លងកាត់ការលំបាកទម្រាំទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃ ដោយសម្ដេចបញ្ជាក់ថា សម្ដេចបានកាន់កាប់ការងារជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ហើយបើសរុបមុខតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងជានាយករដ្ឋមន្ត្រីផង មានប្រហែល៤៥ឆ្នាំ។ ជិតកន្លះសតវត្សទៅហើយ ដោយសម្ដេចបានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសដែលហែកហួរដោយសង្គ្រាម មកកាន់សុខសន្តិភាព តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ហើយមានកងកម្លាំងប្រដាប់អាវុធតែមួយ មិនមានការបែងចែកទឹកដី ដែលជាឱកាសល្អសម្រាប់ការអភិវឌ្ឍ ក៏ដូចជាវិនិយោគិនទុនអាចមកធ្វើការវិនិយោគនៅកម្ពុជាផងដែរ។សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ឆ្លងតាមការផ្លាស់ប្ដូរ បើទោះជាសម្ដេចនៅមានសុខភាពល្អអាចកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀតក្ដី តែសម្ដេចបានសុខចិត្តលះបង់អំណាច ដើម្បីប្ដូរយកមកវិញនៅសុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាការអភិវឌ្ឍប្រទេសបន្តទៀត ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ជានាយករដ្ឋមន្ត្រី ដែលបានកាន់អំណាចជាងមួយឆ្នាំកន្លងមកនេះ គឺបានដើរក្នុងល្បឿនលឿនជាងរដ្ឋាភិបាលអាណត្តិមុន ដែលសម្បូរទៅដោយមនុស្សមានវ័យចំណាស់ ។សម្តេចតេជោ បានបន្តថា ប្រទេសជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយឥតចំណងធំបំផុតដល់កម្ពុជា ប៉ុន្តែវិនិយោគិនជប៉ុនមិនទាន់ច្រើននៅឡើយទេ មកបណ្តាក់ទុននៅកម្ពុជា។ ទើបតែ ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលមានក្រុមហ៊ុនវិនិយោគជប៉ុន មកវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា ដែលធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បានកើនឡើង។ ក្នុងនាមជាប្រទេសភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលសម្ដេចបានបង្កើតឡើងជាមួយថ្នាក់ដឹកនាំជប៉ុនកន្លងមក ហើយបន្តដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសយើងទាំងពីរ កម្ពុជា និងជប៉ុន ត្រូវតែបន្តពង្រឹងទំនាក់ទំនងទាំងនយោបាយ និងជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះឱ្យកាន់តែច្រើនថែមទៀត។ ជាចុងក្រោយ សម្តេចតេជោ បានថ្លែងអំណរគុណសាជាថ្មីដល់ឯកឧត្តម តាកាហាស៊ី ប្រធានសមាគមជប៉ុន-កម្ពុជា និងលោកអគ្គលេខាធិការ ដែលបានខិតខំធ្វើការបានយ៉ាងល្អ និងសូមជូនពរដល់លោកទាំងពីរ និងគណៈប្រតិភូវិនិយោគិនជប៉ុនទាំងអស់ទទួលបានជោគជ័យត្រចះត្រចង់ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងសូមទទួលបានសុខសុវត្ថិភាពពេលត្រឡប់ទៅប្រទេសជប៉ុនវិញ ។

ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគ​នៅក្នុងប្រទេសកម្ពុជា

2024/11/20 12:18:31 pm        137
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។នៅក្នុងឱកាសនៅជំនួប ឯកឧត្ដមនាយកប្រតិបត្តិក្រុមហ៊ុន DP World បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។ ដោយប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុន DP World មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន៖ វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ដែលគាំទ្រការវិនិយោគ និងបានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ផងដែរ។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណា ក្នុងការវិនិយោគលើវិស័យឡូជីស្ទីក ក៏ដូចជាការអភិវឌ្ឍសួនឧស្សាហកម្ម ដែលជាវិស័យសក្តានុពល និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

សម្ដេចធិបតី៖ ការកែសម្រួលសមាសភាពរដ្ឋមន្រ្ដីក្រសួងការបរទេស គឺពិតជានឹងបង្កើន​សមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស

2024/11/20 12:13:30 pm        159
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជម្រាប​ទៅ​កាន់​កិច្ច​ប្រជុំ​ពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា ការកែសម្រួល និង​តែង​តាំង​បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនេះ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធ​ភាព​របស់​រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស និងពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលា​នុវត្តភាព សម្រាប់លើកកម្ពស់ផលប្រយោជន៍ជាត។ ក្នុងឱកាសចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បី​បោះឆ្នោត​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​លើ​ការ​កែស​ម្រួលស​មាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋ​មន្រ្ដី បានថ្លែងទៅកាន់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភាថា ក្នុងរយៈពេលជាង ១ ឆ្នាំ​កន្លង​មក​នេះ ជាមួយនឹ​ង​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ប្ដូរ​ផ្ដាច់​មិ​ន​រា​ថយ​ទោះ​បី​នៅ​ក្នុង​ដំណាក់​កាល​ដែល​សភាពការណ៍​សាកលមានការវិវត្តប្រកបដោយភាពស្មុគស្មាញ ពោពេញដោយ​ភាព​មិន​ប្រាក​ដ​ប្រជា និងពិបាកស្មាន ក៏រាជរដ្ឋាភិបាលនៅតែបានចាប់ផ្ដើម និងកំពុងបន្ត​ធ្វើ​ដំណើ​រ​យ៉ាង​ស្វាហាប់​នៅ​លើ​កន្លងវិជ្ជមាន​ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជា​ច្រើន​ជា​បន្ត​បន្ទាប់​ជូន​ប្រជាជាតិ​កម្ពុជា ពិសេសគឺការរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងការ​ពង្រឹង​សណ្ដាប់​ធ្នាប់​សង្គម​។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ នៅក្នុង​ការ​បង្កើន​ និងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធ​ភាព​នៃ​យន្តការ​ដឹកនាំ​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ជាពិសេសនៅក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិស័យ​ពាណិជ្ជ​កម្ម ដោយផ្ដោត​ជា​សំខាន់​នូវ​ការ​ជំរុញ​អនុវត្ត​គោល​នយោបាយ​ការ​បរទេស​ប្រកប​ដោយ​ភាព​បត់​បែន និងយូរអង្វែង ឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារ​ផល​ប្រយោជន៍​ស្នូល​របស់កម្ពុជា, ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី, ការការពារ​សិន្ដិភាព និងស្ថិរភាពសង្គម, ការការពារយុត្តិធម៌ និងកិត្យនុភាពកម្ពុជា, ការបន្តយកចិត្តទុកដាក់ ក្នុង​ការ​ថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិ​ការ​គ្រប់​វិស័យ ដែលផ្ដល់ផ​ល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជា​មួយ​បណ្ដា​ប្រទេស​ជាដៃ​គូ​សំខាន់​ៗ​ទាំង​ក្នុង​តំបន់ និងក្រៅតំបន់នៅលើឆាកអន្តរជាតិ ព្រមទាំង​ការ​បន្ត​ចូល​រួម​ឱ្យកាន់​តែ​សកម្ម​នៅ​ក្នុង​បុព្វហេតុ​សន្ដិភាព ស្ថិរភាព និងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើពិភពលោក។ ឈរ​លើ​មូលដ្ឋាននេះ សម្ដេចធិបតី បានជម្រាបទៅកាន់អង្គរដ្ឋសភាថា យោងតា​ម​តម្រូ​វ​ការ​ចាំបា​ច់​ក្នុង​ការជំរុញការ​អនុវត្តឱ្យសម្រេច​បាន​ឱ្យកាន់តែប្រ​សើរថែម​ទៀត​នូវ​ប្រសិទ្ធ​ភាព​ការងារ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនាមជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច​បាន​ស្នើដល់អង្គរដ្ឋសភា ពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួល និងការ​តែង​តាំងបំពេញបន្ថែមសមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។ ក្នុង​នោះ​បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់ ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋ​មន្រ្ដី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា ជាឧ​ប​នាយក​រ​ដ្ឋមន្រ្ដី។ សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា៖«ជាមួយនឹងបទពិសោធន៍របស់ឯកឧត្តម ប្រាក់ សុខុន នៅ​ក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្តម សុខ ចិន្តា​សោភា នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកែសម្រួល និងតែងតាំង​បំពេញ​បន្ថែម​សមាស​ភាព​រាជរដ្ឋាភិបាលដូចបានស្នើសុំនេះ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាព​របស់​រាជ​រដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស និងពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​លើឆាក​អន្តរជាតិ​ប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព សម្រាប់​លើកកម្ពស់ផលប្រយោជន៍ជាតិ»។ក្រោយ​កិច្ចប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុង ឱ្យឯកឧត្តម ប្រាក់ សុខុន កាន់​តំណែង​ជា រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានផ្ញើសារអបអរសាទរដល់ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ​នៅ​ក្នុង​សមាស​ភាព​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភានេះផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋសភា សម្រេចអនុម័តកែសម្រួលបទប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់​លុបចោល​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)

2024/11/20 10:24:10 am        205
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តកែសម្រួលចំណងជើង និង​បទប្បញ្ញត្តិ​លើ​សេចក្តី​ព្រាង​ច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំ​ប​ន់​ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​អញ្ជើញដឹកនាំសម័យប្រជុំពេញអង្គលើរបៀបវរៈចំនួន៤។ ក្នុងចំណោមរបៀបវារៈទាំង៤ មាន​របៀប​វារៈមួយ គឺស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត​លុប​ចោល​កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-​វៀតណាម (CLV-DTA)។ ក្នុងសម័យប្រជុំដែលមានការចូលរួមពីសមាជិក-សមាជិកាចូលរួមសរុប១១២រូប បានបោះ​ឆ្នោត​អនុម័ត​គាំទ្រ​ទាំង​ស្រុងលើការស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិសេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម។ ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។សូមជម្រាបថា ការសម្រេចបញ្ចប់ការចូលរួមក្នុងកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល​ពាណិជ្ជ​កម្ម​តំបន់​ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ថ្នាក់​ដឹក​នាំកំពូលៗមួយចំនួនទៀត ក្នុងបំណង​ដើម្បី​ដោះ​ស្រាយ​កង្វល់​របស់​ប្រជាជន​លើ​បញ្ហា​ទឹក​ដី ​និងភាពចាំបាច់ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យពួក​គេ​មាន​លទ្ធភាព​ប្រើ​ប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ឯកឧត្ដម​ ប្រាក់ ​សុខុន ដែលត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្តជារដ្ឋមន្ត្រីក្រសួងការបរទេស

2024/11/20 09:57:49 am        193
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រ​កម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បី​រៀបចំបោះ​ឆ្នោត​ផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងរបៀបវារ:សំខាន់ៗមួយចំនួនទៀត។សម័យប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧នាព្រឹកនេះ រៀបចំឡើងក្រោមអធិបតីភាព​សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនូវអបអរសាទរ​ដល់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ​សុខុន ដែល​ត្រូវ​បានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងការបរទេស ​និងកិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ។សូមជម្រាបថា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ តាមរបៀបវារៈចំនួន​ ៤៖១) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០២ រូប ។២) ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។៣) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ។

BREAKING NEWS! រដ្ឋសភាបោះឆ្នោតអនុម័តឱ្យឯកឧត្តម ប្រាក់ សុខុន ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស

2024/11/20 08:44:58 am        326
ភ្នំពេញ៖ នៅថ្ងៃនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យ ឯកឧត្តម ប្រាក់ សុខុន ធ្វើជាជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គលើរបៀបវារៈចំនួន៤។ ក្នុងចំណោមរបៀបវារៈទាំង៤ មានរបៀបវារៈមួយ គឺសំណើកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដោយស្នើផ្លាស់ប្តូរ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និងសហប្រតិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ជំនួស ឯកឧត្តម សុខ ចិន្តាសោភា។ ក្នុងសម័យប្រជុំដែលមានការចូលរួមពីសមាជិក-សមាជិកាចូលរួមសរុប១១២រូប បានសម្រេចបោះឆ្នោតដោយសំឡេង១១២/១១២សំឡេងគាំទ្រឱ្យ ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ។ ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ សូមជម្រាបថា មុនពេលរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តម ប្រាក់ សុខុន មកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងកាបរទេសវិញ ឯកឧត្តម បានចូលកាន់តំណែងជាអនុប្រធានទី១ ព្រឹទ្ធសភា បានរយៈពេលជាង៧ខែ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ ចាប់ពីឆ្នាំ២០១៦ រហូតដល់ដំណាច់ឆ្នាំ២០២៣ ដោយបន្សល់ទុកនូវស្នាដៃ និងផ្លែផ្កាជាច្រើនក្នុងវិស័យការទូតទាំងក្នុងតំបន់ និងអន្តរជាតិ។

IFC ប្តេជ្ញាចិត្តចូលរួមចំណែកក្នុងនាមជាដៃគូដ៏ល្អ ក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា

2024/11/19 05:45:23 pm        126
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ថូហ្វីកា ហ៊ុក តំណា ងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភារាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនដល់លោកជំទាវ ថូហ្វីកា ហ៊ុក ដែលត្រូវបានជ្រើសរើសជាតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំ កម្ពុជា។ សម្តេចតេជោ បានរំលឹកបន្ថែមថា តំណាង IFC ចាស់មុនផុតអាណត្តិ ក៏បានមកជម្រាបលាសម្តេច ទោះបីជាសម្តេចមិនស្ថិតក្នុងតំណែងជានាយករដ្ឋមន្រ្តី ហើយការអញ្ជើញមកដល់នូវតំណាងថ្មីក្នុងពេលវេលាដ៏លឿននេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាង IFC ជាមួយកម្ពុជា។ សម្តេច មានជំនឿថា វត្តមានរបស់លោកជំទាវ នឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាង IFC និងកម្ពុជា ក៏ដូចជាចូលរួមកាន់តែខ្លាំងក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ នាឱកាសជំនួបនេះ លោកជំទាវ ថូហ្វីកា ហ៊ុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហើយចាត់ទុកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដល់លោកជំទាវ ដែលសម្ដេចបានអនុញ្ញាតឱ្យលោកជំទាវនិង សហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកជំទាវបានចាត់ទុកថា សម្តេចតេជោ ជា អតីតនាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេ និងមានតួនាទីដ៏ធំធេងនៅក្នុងតំបន់ និងជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្ត៍ឈ្មោះល្បីក្នុងប្រវត្តិសាស្រ្ត។លោកជំទាវ បានបន្តទៀតថា លោកជំទាវបានចាប់ផ្តើមតួនាទីថ្មីនេះ ទើបតែបានរយៈពេលជាង២ខែ និងកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាស្វែងយល់ពីប្រទេសកម្ពុជា ដោយលោកជំទាវ ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គទេសាភិបាលធនាគារជាតិ និងស្ថាប័នរដ្ឋាភិបាលមួយចំនួនទៀត ដើម្បីយល់កាន់តែច្បាស់ពីដំណើរការប្រព្រឹត្តទៅនៃសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកជំទាវ បានជម្រាបសម្តេចតេជោ ថាកន្លងមកលោកជំទាវ ធ្លាប់ធ្វើការនៅប្រទេសសិង្ហបុរី ដែលជាផ្នែកមួយរបស់ធនាគារពិភពលោកផងដែរ ដោយលោកជំទាវ ធ្វើការជាមួយផ្នែកឯកជន និងផ្នែករដ្ឋផងដែរ ដែលភាគច្រើនគឺពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ លោកជំទាវ មករស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាពេលនេះ គឺជាបទពិសោធន៍ថ្មីរបស់លោកជំទាវ។ លោកជំទាវ បានបញ្ជាក់ថា សាជីកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានវត្តមាននៅកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំមកហើយ ក្នុងនោះត្រឹមតែ១ ទសវត្សរ៍ចុងក្រោយនេះ IFC បានបោះទុនវិនិយោគនៅកម្ពុជា ដែលគិតជាទឹកប្រាក់សរុបចំនួន ១,៥ ពាន់លានដុល្លារអាមេរិក។ លោកជំទាវ បានបន្តទៀតថា IFC មានការប្តេជ្ញាចិត្តចូលរួមចំណែកក្នុងនាមជាដៃគូដ៏ល្អមួយ នៅក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។ លោកជំទាវ មានប្រសាសន៍បន្តថា ក្នុងអាណត្តិរបស់លោកជំទាវIFC នឹងធ្វើយ៉ាងណាឱ្យដំណើរការគម្រោងរបស់វិស័យឯកជន និងវិស័យសាធារណៈ អនុវត្តបានជោគជ័យ និងចូលរួមជំរុញគោលដៅរបស់កម្ពុជា ប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាការពិត។ លោកជំទាវសន្យាថានឹងធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងផ្នែកពាក់ព័ន្ធដទៃទៀត គាំទ្រការអភិវឌ្ឍ មនុស្សការអភិវឌ្ឍជំនាញបង្កើនផលិតភាពភាពប្រកួតប្រជែងឱ្យមានការរីកចម្រើនដូចមុនវិបត្តិកូវីដ១៩ និងបន្តប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកាត់ដេរ ជាមួយធនាគារជាតិនៃកម្ពុជា ជាមួយវិស័យកសិកម្ម កម្មន្តសាល និងវិស័យផ្សេងៗជាច្រើនទៀត។លោកជំទាវ បានបង្ហាញនូវសេចក្តីរីករាយ និងមោទនភាព ដែលប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលជំនាន់មុនៗ បានលះបង់ ពុះពារគ្រប់ឧបសគ្គនៃការបែកបាក់ និងសោកនាដកម្មដោយសារសង្រ្គាមរ៉ាំរ៉ៃ ដើម្បីប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍដូចបច្ចុប្បន្ន និងមានអនាគតដែលភ្លឺស្វាង។ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់លោកជំទាវ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ សម្ដេចបានមានប្រសាសន៍ទៀតថា សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានវត្តមាននៅប្រទេសកម្ពុជាតាំងពី សម្ដេចដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណក្នុងរាជរដ្ឋាភិបាលនីតិកាលទី២ បន្តមកដល់យុទ្ធសាស្ត្រចតុកោណ និងរហូតមកដល់យុទ្ធសាស្ត្របញ្ចកោណនៅពេលបច្ចុប្បន្ននេះ។សម្តេចតេជោ បានបន្តទៀតថា ការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ និងបច្ចុប្បន្នឈានមកដល់យុទ្ធសាស្រ្តបញ្ញកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលជំនាន់ថ្មី គឺដើម្បីធានាថាប្រទេសកម្ពុជា នឹងចាកចេញពីប្រទេសអភិឌ្ឍតិចតួចក្នុងឆ្នាំ២០២៩ រួចនឹងឈានទៅសម្រេចបានប្រទេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០និងក្លាយជាប្រទេសចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ សម្តេចតេជោ បានសង្កត់ធ្ងន់កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យម (middle-income trap) ដូចបណ្តាប្រទេសមួយចំនួន។ ដូច្នេះហើយ រយៈពេលពីឆ្នាំ២០៣០ ទៅដល់ ២០៥០ ជារយៈពេលសាកសមមួយ ដែលអាចឱ្យកម្ពុជាចាកចេញពីប្រទេសចំណូលមធ្យមកម្រិតខ្ពស់ទៅជាប្រទេសចំណូលខ្ពស់បាន។ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាមាន សុទិដ្ឋិនិយម និងមានជំនឿជឿជាក់ថាអាចសម្រេចបានចក្ខុវិស័យនេះ អាស្រ័យលើការខិតខំប្រឹងប្រែងជំនះរាល់ឧបសគ្គ ពីព្រោះការលំបាកដែលប្រទេស និងប្រជាជនកម្ពុជា បានធ្លាប់ឆ្លងកាត់មក គឺលំបាកខ្លាំងណាស់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បទពិសោធរបស់សម្តេចផ្ទាល់ក្នុងការដឹកនាំប្រទេស ដោយផ្តោតអាទិភាពលើកត្តាចំនួន ២៖ ទី១ គឺត្រូវតែរក្សាស្ថិរភាពនយោបាយឱ្យបានជាដាច់ខាត ព្រោះថាបើគ្មានសន្តិភាពស្ថិរភាពនយោបាយ កុំនិយាយពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍអ្វីៗទាំងអស់។ កត្តាទី២ គឺត្រូវរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពីព្រោះកត្តាទាំងពីរនេះ មានចំណងទាក់ទងទៅវិញទៅមក និងបំពេញឱ្យគ្នាដែលមិនអាចទាត់ចោលកត្តាណាមួយបានឡើយ។ ប្រទេសដែលមានស្ថិរភាពនយោបាយ ទើបអាចអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប៉ុន្តែបើគ្មានស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនោះទេ សន្តិភាព និងស្ថិរភាពនយោបាយក៏មិននៅបានស្ថិតស្ថិរនោះដែរ។ សម្តេចតេជោ បានជម្រាបលោកជំទាវតំណាង IFC ឱ្យតាមដានមើលការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលអាណត្តិថ្មី ដែលមានភាពជឿនលឿន និងមានល្បឿនជាងអាណត្តិមុនៗ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថាកម្ពុជា មិនមែននៅតែឯងនោះទេ បញ្ហាប្រឈមរបស់ពិភពលោកទាំងរឿងកូវីដ, បញ្ហាសង្រ្គាម គឺសុទ្ធតែជះឥទ្ធិពលមកដល់កម្ពុជា។ សម្តេចតេជោ បានបង្ហាញពីការសោកស្តាយ ដែលសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនក្នុងរង្វង់៧% អស់រយៈពេលជាង ២ទសវត្សរ៍ ត្រូវរងផលប៉ះពាល់ពីបញ្ហាកូវីដ និងបញ្ហាប្រឈមដទៃទៀតរបស់ពិភពលោក។សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ទោះស្ថិតនៅក្នុងសេណារីយោអាក្រក់បំផុតរបស់ពិភពលោកបែបណាក៏ដោយ ប្រទេសកម្ពុជា នឹងមិនខ្វះស្បៀង ឬអង្ករដាច់ខាត ហើយប្រទេសសមាជិកអាស៊ាន ក៏នឹងមិនខ្វះអង្ករឡើយ ព្រោះប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា គឺជាប្រទេសផលិតស្បៀង។ ទោះបីកម្ពុជា មានសន្តិសុខស្បៀង តែខ្វះសន្តិសុខថាមពល ដូច្នេះប្រទេសក្នុងអាស៊ាន ក៏អាចបំពេញបញ្ហាថាមពលនេះដល់កម្ពុជាវិញផងដែរ ដែលចំណុចនេះសម្តេចតេជោ បានលើកយកមកពិភាក្សាជាមួយអគ្គរដ្ឋទូតទីម័រឡេស្តេ។សម្ដេចតេជោបានបង្ហាញនូវមោទនភាព ដែលកន្លងមកនេះកម្ពុជាបានប្រើប្រាស់ថាមពលបៃតងជាង៦០% ដែលអាឈានដល់៧០% នាប៉ុន្មានឆ្នាំខាងមុខ តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលមានដូចជាសូឡាពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម ក្នុងនោះយើងក៏បានប្រើប្រាស់ដីធ្លីឱ្យទៅជាគម្របបៃតង ក្នុងការដាំដំណាំផ្សេងៗដូចជាស្វាយចន្ទី កៅស៊ូ និងដំណាំឧស្សាហកម្មផ្សេងទៀតដែលជួយដល់ការរីកចម្រើននៃគម្របព្រៃឈើផងដែរ។ ក្នុងនោះទំហំពាណិជ្ជកម្មរបស់កម្ពុជាក៏មានការកើនឡើងប្រមាណ២០% ក្នុងរយៈពេលកន្លងមកនេះ ហើយសម្ដេចសង្ឃឹមថាលោកជំទាវ នឹងរួមចំណែកដល់ការអភិវឌ្ឍដល់កម្ពុជា និងជួយជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៩ និងជាប្រទេសប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចតេជោក៏បានមានប្រសាសន៍រំលឹក ពីមូលហេតុដែលសម្ដេចបានលះបង់អំណាចពីនាយករដ្ឋមន្ត្រី នៅពេលដែលសម្ដេចនៅមានការគាំទ្រច្រើន ដែលនេះគឺជាការលះបង់មួយដែលសម្ដេចមិនចង់ឱ្យមានការប្រថុយប្រថានក្នុងវិបត្តិមេដឹកនាំ នៅពេលដែលមានការផ្លាស់ប្ដូរអំណាចនោះទេ គឺដើម្បីរក្សាបាននូវសុខសន្តិភាពយូរអង្វែង។ ជាចុងក្រោយ សម្តេចតេជោ បានជូនពរលោកជំទាវតំណាង IFC ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មការងាររបស់លោកជំទាវនៅប្រទេសកម្ពុជា៕

បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា

2024/11/19 04:25:56 pm        99
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគមក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និង កម្ពុជា។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា សមាគមក៏បានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ ឯកឧត្តមប្រធានសមាគម ក៏បន្ថែមថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាឱកាសនេះ មានក្រុមហ៊ុនជប៉ុន ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា៖ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថាសមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែងតែបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេសការពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតី បានលើកឡើងថា វិស័យឯកជនរបស់ជប៉ុនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ បន្ថែមលើនេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា ការណ៍ដែលសមាគមខិតខំជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ សម្ដេចបវរធិបតី ក៏បានគូសអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ចនិងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់ស្របទៅនឹងតម្រូវការជាក់ស្តែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តពោធិ៍សាត់ ចុះជួបគ្រួសារវីរកងទ័ពជួរមុខ និងពិនិត្យវឌ្ឍនភាព វាយតម្លៃគម្រោងមូលនិធិឃុំ ក្នុងស្រុកក្រគរ
12/16/2025 09:12 PM
ក្តីស្រមៃពឹងផ្អែកស្រូវសាលីរបស់ប្រជាកសិករអ៊ីរ៉ាក់ត្រូវបានបំផ្លាញដោយសារវិបត្តិទឹក
12/16/2025 08:12 PM
ពលរដ្ឋលីបង់ស្វាគមន៍រដូវកាលបុណ្យណូអែលជាមួយក្តីសង្ឃឹមថា ព្រះជាម្ចាស់នឹងជួយទប់ស្កាត់សង្រ្គាម
12/16/2025 08:12 PM
តើយានដ្រូនបានផ្លាស់ប្តូរសង្រ្គាមបែបណាខ្លះនៅក្នុងឆ្នាំ ២០២៥?
12/16/2025 08:12 PM
ផ្សែងអ័ព្ទយ៉ាងក្រាស់នៅប៉ាគីស្ថាន បង្ខំឲ្យបិទផ្លូវហាយវ៉េសំខាន់ៗជាច្រើនខ្សែនៅខេត្ត Punjab
12/16/2025 08:12 PM
ចិនបញ្ជាក់ឡើងវិញពីតម្រូវការឲ្យនាយករដ្ឋមន្រ្តីជប៉ុនកែសម្រួលសេចក្តីអត្ថាធិប្បាយលើបញ្ហាកោះតៃវ៉ាន់
12/16/2025 08:12 PM
ក្រុមហ៊ុនធានារ៉ាប់រង Swiss Re ៖ គ្រោះមហន្តរាយធម្មជាតិធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចសកល ២២០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥
12/16/2025 08:12 PM
មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា នៅខេត្តព្រះសីហនុ
12/16/2025 08:12 PM
រដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
12/16/2025 08:12 PM
សមាជិកកម្លាំងសន្តិសុខ ៣នាក់ នៅអ៊ីរ៉ង់ ត្រូវបានសម្លាប់ អំឡុងការប្រយុទ្ធគ្នា
12/16/2025 08:12 PM