សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា
TOP STORY|សម្ដេចធិបតី៖«ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំង​ដ៏រឹង​មាំ​នៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជាតិ​យើង​កំពុ​ង​ជួប​ប្រទះនឹ​ងកា​រលំ​បាក​ដោយ​សារ​ការ​ឈ្លាន​ពាន​ពីប្រទេសជិតខាង»
TOP STORY | សម្ដេចតេជោជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​មហានុតំបន់មេគង្គ លើកទី៨ នៅប្រទេសចិន នៅរសៀលនេះ

2024/11/05 10:41:42 am        398
នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហានុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» និងកិច្ចប្រជុំជាច្រើនទៀតនៅទីក្រុងគុនមិញប្រទេសចិន ដែលកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៦ដល់៧ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ក្នុងឱកាសដំណើរចូលរួលកិច្ចប្រជុំនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីនឹងចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។អញ្ជើញអមដំណើរ សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះរួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា រួមនឹងរដ្ឋមន្ត្រី, មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមកពីសភាពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជា។កិច្ចប្រជុំកំពូលទាំងនេះ នឹងពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគុនមិញ សម្តេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេសផងដែរ៕

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ អង្គកឋិនមហាសាមគ្គីខ្មែរបង្ហាញពីក្តីនឹករលឹក និងសាមគ្គីភាពរវាងខ្មែរនិងខ្មែរ

2024/11/04 09:22:36 pm        157
ខ្មែរក្រោម៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលដង្ហែទៅកាន់ខ្មែរក្រោម គឺជាអង្គកឋិនទានបានបង្ហាញពីក្តីនឹករលឹក ការស្រឡាញ់រាប់អានគ្នា និងសាមគ្គីភាពរវាងខ្មែរនិងខ្មែរ បើទៅបីរស់នៅទីកន្លែងណាក៏ដោយ ។ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរក្រោម ក្នុងឱកាសដឹកនាំដង្ហែអង្គកឋិនាទានទៅកាន់ខ្មែរក្រោម នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា នាឱកាសការជួបជុំគ្នានេះ គឺជាថ្ងៃប្រកបដោយភាពអធិកអធម ក្រៃលែង ក្នុងព្រះបរមនាម សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះរាជាគណៈ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា សមាគមកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មហាពុទ្ធបរិស័ទខ្មែរ ជិតឆ្ងាយទាំងអស់ ដែលជាម្ចាស់ដើមទាន ប្រធានផ្តើមបុណ្យ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ពីកម្ពុជា គឺពិតជាមានសេចក្តីរំភើប និងសោមនស្ស រីករាយក្រែលែង ដោយបានចូលរួមក្នុងពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នេះ ដើម្បីនាំយកមកវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តពោធិគិរីវង្សារាម នេះ។  សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា ការគិតគូរពីការដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោមនេះ មិនមែន ទើបតែមានថ្មីៗនេះទេ សម្តេចតេជោ និងសម្ដេចផ្ទសល់បានគិតគូរយូរណាស់មកហើយ ប៉ុន្តែគម្រោងនេះ ត្រូវបានផ្អាកជាច្រើនឆ្នាំដោយសារតែ មានធុរៈគ្រួសារ ក្នុងនោះលោកឱពុកក្មេករបស់សម្ដេច បានទទួលមរណភាពនៅឆ្នាំ២០១៣ និងអ្នកម្តាយបង្កើតសម្ដេច បានទទួលមរណភាព នៅឆ្នាំ២០២០ ជាហេតុធ្វើឱ្យ គម្រោងរៀបចំអង្គកឋិនទាន ដង្ហែមកវត្តខ្មែរក្រោមនេះ ត្រូវបានពន្យារពេល ។ សម្ដេចបានបន្ថែមថា នៅឆ្នាំនេះ ជាពេលវេលាដ៏សមស្រប ដែលសម្ដេចតេជោ​និងសម្តេច និងកូនៗ ចៅៗ បានផ្តួចផ្តើមសាជាថ្មីលើការធ្វើអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោម ហើយក៏បានឯកភាពគ្នា រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះឡើងដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានបន្តទៀតថា អង្គកឋិនទាននេះទទួលបានការជួយជ្រោមជ្រែង គាំទ្រយ៉ាងខ្លាំងពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការដឹកនាំរៀបចំដោយផ្ទាល់របស់ សម្តេច ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នោកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរ គ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា​។ ដោយសារតែមានការជួយសម្របសម្រួលពីរដ្ឋាភិបាលវៀតណាម និងថ្នាក់ដឹកនាំខេត្តត្រាវិញគ្រប់ជាន់ថ្នាក់ផងដែរ ទើបនៅថ្ងៃនេះ យើងទាំងអស់គ្នា អាចដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ មកកាន់វត្តពោធិគិរីវង្សារាម ប្រកបទៅដោយសេចក្តីសប្បាយរីករាយ និងអំណរសាទរយ៉ាងក្រៃលែង។  អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ របស់យើងនេះ ត្រូវបានចូលរួមយ៉ាងទូលំទូលាយពីសំណាក់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ គណៈសង្ឃនាយកទាំងពីរគណៈ គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផ្សេងទៀត ដើម្បីបង្ហាញពីការរួបរួមមហាសាមគ្គីគ្រួសារខ្មែរគ្រប់ទិសទី គឺយើងទាំងអស់គ្នា សុទ្ធសឹង ជាអ្នកគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាដូចគ្នា ។ នេះជាហេតុផល ដែលអង្គកឋិនទាននេះ ត្រូវបានប្រសិទ្ធនាមថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ពោល គឺបងប្អូនខ្មែរ នៅគ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា ។ ជាងនេះទៅទៀត អង្គកឋិនទាននេះ ក៏បានបង្ហាញផងដែរថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរ នៅកម្ពុជា និងបងប្អូនខ្មែរនៅគ្រប់ទិសទី តែងតែនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នា នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះ ជាដើម ។សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ យើងអាចនិយាយបានថា នេះជាអង្គកឋិនទានជាប្រវត្តិសាស្រ្ត ដែលប្រព្រឹត្តទៅ ដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទនិយាយជារួម និងនិយាយដោយឡែក ក្នុងចំណោមបងប្អូនខ្មែរយើង ក្រោមដំបូលនៃសុខសន្តិភាព និងក្រោមម្លប់ព្រះពុទ្ធសាសនា ដ៏ត្រជាត់ត្រជុំ និងថ្កុំថ្កើងរុងរឿង ។  បើយោងតាមទិន្នន័យ បងប្អូនប្រជាពលរដ្ឋខ្មែរក្រោមភាគច្រើនគោរពប្រណិប័តន៍ ព្រះពុទ្ធសាសនានិកាយថេរវាទ ដោយមានវត្តសរុបចំនួន ៤៦១វត្ត ហើយសម្រាប់ខេត្តត្រាវិញនេះ មានវត្តសរុបចំនួន ១៤៣ វត្ត ក្នុងនោះ ក៏មានវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ជាវត្តដ៏ចំណាស់មួយ ដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែចូលមក ។ វត្តនេះមានអាយុកាល ១២០ ឆ្នាំមកហើយ ពោលគឺត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ ១៩០៥ និងស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្ត ជាច្រើនអង្គ និងបានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាបានការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ហើយបងប្អូនខ្មែរក្រោម ក៏បានប្រើប្រាស់ភាសាខ្មែរ និងប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ខ្មែរយើង ក្នុងជីវភាពប្រចាំថ្ងៃផងដែរ​។​សម្ដេចបានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនខ្មែរក្រោម ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត សតិបញ្ញា ថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងបានគង់វង្សល្អ ដោយវត្តអារាម ជាឃ្លាំងថែរក្សាវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ ហើយក៏ជាទីកន្លែងបណ្តុះបណ្តាលចំណេះដឹង ផ្សព្វផ្សាយចេញទៅក្រៅ ដើម្បីពលរដ្ឋគោរពប្រតិបត្តិ ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តទៀថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ កើតចេញពីសទ្ធាជ្រះថ្លារបស់គ្រប់ក្រសួងស្ថាប័ននៅកម្ពុជា ជាមួយគ្នានេះដែរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏បានប្រទានព្រះរាជទ្រព្យ ចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លានដុង និង សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ក៏បានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យ ចូលរួមអង្គកឋិនទាននេះ ចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លានដុងផងដែរ ។ សម្រាប់បច្ច័យរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេច ព្រមទាំងក្រុមគ្រួសារ និងបច្ច័យទទួលបានពីសទ្ធាជ្រះថ្លារបស់មហាពុទ្ធបរិស័ទខ្មែរពីគ្រប់ទិសទី ដែលនឹងនាំមកសង្កត់ត្រៃ នៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នឹងត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា រួមមាន៖ ទី១) ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម ២៣ ប៊ីលាន ៨៤២ លានដុង(ម្ភៃបីប៊ីលាន ប្រាំបីរយសែសិបពីរលានដុង)។ ទី២) បច្ច័យសង្កត់ត្រៃធំ៥០ លានដុង (ហាសិនលានដុង)។ ទី៣) បច្ច័យសង្កត់ត្រៃសូត្រស្តាំ ២៥ លានដុង (ម្ភៃប្រាំលានដុង)។ ទី៤) បច្ច័យសង្កត់ត្រៃសូត្រឆ្វេង ២៥ លានដុង (ម្ភៃប្រាំលាន ដុង)។ ទី៥) ប្រគេនបច្ច័យព្រះសង្ឃចំនួន ៥៧ អង្គ គង់នៅ វត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គបច្ច័យចំនួន ១២ លាន ៥ សែនដុង (ដប់ពីរលានប្រាំសែនដុង)។ ទី៦) ជូនគណៈកម្មការ អាចារ្យ យាយជីតាជីចំនួន ១០៤ នាក់ក្នុងម្នាក់ៗ ២លាន៥ សែនដុង (ពីរលានប្រាំសែនដុង)។ ទី៧) ប្រគេនបច្ច័យដល់វត្តចំនួន ១៤២ វត្តក្នុងខេត្តត្រាវិញ ក្នុង ១ វត្ត បច្ច័យចំនួន២៥១ លានដុង (ពីររយហាសិបមួយលានដុង)។ សរុប ថវិកា ដែលត្រូវចំណាយ ក្នុងអង្គកឋិនទាំងមូលចំនួន ៦០ ប៊ីលាន ៥៥៦លាន ៥សែនដុង (ហុកសិបប៊ីលាន ប្រាំរយហាសិបប្រាំមួយលាន ប្រាំសែនដុង) ៕អត្ថបទ បាន សុខរិទ្ធិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

2024/11/04 05:38:14 pm        219
នៅរសៀលថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ។ ក្នុងទីអារាមវត្តពោធិគិរីវង្សារាម គឺមានបងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករមករង់ចាំទទួលស្វាគមន៍ការអញ្ជើញមកដល់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជា «អង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ» ព្រោះជាអង្គកឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង​អាណា​ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាល។តាមកម្មវិធីបុណ្យ នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដង្ហែអង្គកឋិនទានឆ្ពោះ​ទៅ​ដល់កាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម ហើយនឹងប្រារព្ធនៅពិធីសាសនាតាមប្រពៃណីខ្មែរនៅវត្តនោះ។ លុះព្រឹកថ្ងៃ​ទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់​មក​ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន​ទី​អា​រាម​​រហូត​ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំដង្ហែ​អង្គកឋិនទាន​ទៅកាន់​វត្តពោធិគិរីវង្សារាម

2024/11/04 10:17:54 am        332
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ដឹក​នាំ​ដង្ហែ​អង្គកឋិនទាន​មហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ នៃ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម។ត្រឹមព្រឹកនេះអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា បានដង្ហែ​ដល់​ខេត្តត្រាវិញ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ហើយ ដើម្បីឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ដោយ​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិជ្រៃធំ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។ ពិធី​ដង្ហែក្បួនអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរជាលើកដំបូងនេះ កើត​ឡើង​ដោយ​ការ​រួបរួម​ដ៏​អស្ចារ្យ​រវាង​ស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការ​ចូលរួម​ទាំង​ថ្នាក់​ដឹកនាំ-ក្រសួង ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលផងដែរ។នាឱកាស​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំដង្ហែក្បួនអង្គកឋិនទាននេះ ក៏​ឃើញ​មា​​នប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះកររស់នៅតាមកំណាត់ផ្លូវជាតិលេខ១ ក្នុងខេត្តកណ្តាល បាន​នាំ​គ្នា​មក​អបអរសាទរ ដែលបង្ហាញ​ពី​ការ​គាំទ្រ​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនាព្រមទាំងបង្ហាញឱ្យឃើញច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់​ខ្ពស់រ​បស់​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះព្រសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនា​នៅ​ខ្មែរ​ក្រោម​ដែរ​។ បន្ទាប់​ពីការដឹកនាំដង្ហែអង្គកឋិនទានបានទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយ​សៀម​ទៅ​ដល់​នៅ​រសៀលតាមកម្មវិធីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងជួបសំណេះ​សំណាល​ជា​មួយ​​ព្រះសង្ឃ និងពុទ្ធបរិស័ទ។ បន្ទាប់មកមានការសម្តែងសិល្បៈសម័យ និងល្ខោនបាសាក់​ផងដែរ​។លុះដល់​ព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ នាទីព្រឹក សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹងប្រគេនយាគូព្រះសង្ឃ រៀបចំពិធី ដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ប្រទក្សិណ​ជុំវិញ ព្រះវិហារ ៣ ជុំ រួចវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ ក្នុងនោះ បច្ច័យ​បាន​ពី​ពិធី​បុណ្យ​កឋិន​ទាន​មហា​សាមគ្គី​គ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏​នឹង​ប្រគេន​ដល់​វត្ត​១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ផង​ដែរ​៕ ​អត្ថបទ សេក ឧត្តម

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ត្រូវបានដង្ហែទៅកាន់វត្តពោធិគិរីវង្សារាមនៅព្រឹកនេះ

2024/11/04 09:21:07 am        446
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា អញ្ជើញដឹកនាំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរី​វង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម បានមកដល់ព្រំប្រទល់ជ្រៃធំ កម្ពុជា-វៀតណាម​ហើយ​នៅ​វេលា​ម៉ោងជិត ៧ ហើយបានបន្តធ្វើដំណើរទៅកាន់ខេត្តត្រាវិញនៅវេលាម៉ោង ៨ ព្រឹក។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ នាមជា«អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជា​អង្គកឋិន​កើត​ឡើង​ដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយ​អាណាចក្រ​ទៀត​សោត​ គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះមានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយ​ឡែក​នៅ​ខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យ​កឋិន​ទាន​មហា​សាមគ្គីគ្រួ​សារ​ខ្មែរ​នាពេ​លនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេន​ដល់​វ​ត្ត​១៤២​ផ្សេង​ទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

2024/11/03 06:37:41 pm        597
នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមដែលពិធីនេះធ្វើឡើងនៅវិមាន៧ មករា (ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា)។ ពិធីបែបសាសនានៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅវត្តខ្មែរក្រោមនារសៀលថ្ងៃនេះប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋា​ភិ​បាល​ជាច្រើនរូបទៀត។ ពិធីបែបសាសនានៃអង្គកឋិនមហាសាមគ្គីគ្រួសារដង្ហែទៅកាន់ខ្មែរក្រោមនាពេលនេះ បានប្រព្រឹត្ត​ទៅ​តាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែររួមមាន ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម្មវិសេសទេសនាដោយសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជា«អង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង​អាណា​ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាល។ តាមកម្មវិធីបុណ្យបន្ទាប់ពីការរៀបចំពិធីសាសនានារសៀលថ្ងៃនេះរួចរាល់ហើយនោះ នៅវេលាព្រឹក​ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំដង្ហែអង្គកឋិនទានឆ្ពោះ​ទៅ​កាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀម ដែលគ្រោងដល់វត្តនៅពេលរសៀល។ លុះព្រឹកថ្ងៃ​ទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់​មក​ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។ សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន​ទី​អា​រាម​​រហូត​ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

ប្រមុខថ្នាក់ដឹកនាំអញ្ជើញចូលរួមពិធីក្រុងពលី និងសូត្រមន្តអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរទៅកាន់វត្តនៅខ្មែរក្រោម

2024/11/03 05:34:03 pm        601
នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយស​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជា​អធិបតី​ភាពក្នុងពិធី​ក្រុងពាលី និងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅ​កាន់​​វត្តពោធិគិរីវង្សារាម​ ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ ។វត្តមានអញ្ជើញ​ចូលរួមក្នុងកម្មវិធីនេះ រួមមាន សម្តេច​មហារដ្ឋ​សភាធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុន ម៉ាណែត រួម​នឹងឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋាភិបាល និង​ពុទ្ធ​បរិស័ទ​ជា​ច្រើនរូបទៀត។សូមជម្រាបថា អង្គកឋិនទានមហាសាមគ្គី គ្រួសារខ្មែរ ដង្ហែទៅកាន់ វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិ ស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គម និយមវៀតណាម។កម្មវិធីបុណ្យ ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ជួបជុំពុទ្ធបរិស័ទប្រារព្ធពិធី ក្រុងពាលី នមស្ការព្រះរតនត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត ដោយនិមន្តសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ប្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះធម៌ទេសនា នៅវិមាន៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ព្រឹក៖ ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៥:០០ នាទីព្រឹក ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទ នៅវិមាន៧មករា រាជធានីភ្នំពេញ រៀបចំក្បួនដង្ហែ អង្គកឋិនទានមហាសាមគ្គី គ្រួសាខ្មែរ ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយ សៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម (តាមច្រកអន្តរជាតិជ្រៃធំ ខេត្តកណ្តាល) ។រសៀល៖ ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៣:០០នាទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សំណេះសំណាលជាមួយព្រះសង្ឃ និង ពុទ្ធបរិស័ទ។ បន្ទាប់មកមានសម្តែងសិល្បៈសម័យ និងល្ខោនបាសាក់ ។ព្រឹក៖ ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ នាទីព្រឹក ប្រគេនយាគូព្រះសង្ឃ រៀបចំពិធី ដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ប្រទក្សិណជុំវិញ ព្រះវិហារ ៣ ជុំ រួចវេរ ប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ រហូតដល់ពេលរសៀល៖ គណៈប្រតិភូអញ្ជើញមាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជាវិញ៕

ក្រសួងអភិវឌ្ឍន៍ជនបទ ពង្រឹងការងារនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និង ភូមិគំរូ ក្នុងខេត្តកំពង់ស្ពឺ

2024/11/03 10:49:54 am        289
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទឯកឧត្តម ឆាយ ឫទ្ធិសែន បានដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវា​ទ​ចុះ​ពិនិត្យ​ស្ថាន​ភាព​មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងពិនិត្យស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិ​គំរូ ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ និងមន្ត្រី​រាជការ​នៅ​មជ្ឈ​មណ្ឌល​បង្កើន​កិច្ច​ខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាព​​ខ្ពស់ ក្នុងគោលដៅបន្ដនិរន្ដរភាព​ការងារ​តាមរយៈ​ការ​ថែរក្សាសម្ភារបរិក្ខាក្នុងមជ្ឈមណ្ឌល និងសម្អាត​បរិស្ថាន​ឱ្យ​បាន​ល្អកា​រ​រៀប​ចំ​ផែន​ការ​ការងារ និងគម្រោងឱ្យបានច្បាស់លាស់ ជាពិសេសការកែលម្អកម្មវិធីបណ្ដុះ បណ្ដាល​ឱ្យ​បាន​កាន់​តែ​ល្អ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋតាមតម្រូវការស្របតាមការវិវឌ្ឍសេដ្ឋកិច្ច និង​សង្គម។បន្ទាប់មក​ឯកឧត្ដមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានទៅពិនិត្យសមិទ្ធផល និងស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិគំរូ ក្នុងក្រប ខ័ណ្ឌគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី ស្ថិត​នៅ​ក្នុងភូមិសូវង្សលើ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ដោយ​បាន​ជួប​សំណេះ​សំណាល ដោយបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចជូន ចំពោះប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍។ ទន្ទឹមនោះក៍បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដាក់​គ្រឿង​ចក្រ​ឈូស​គៀរ​ដី​ផ្លូវ​ចូល​ភូមិ​ដែល​បានខូចខាតក្នុងរដូវវស្សា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ព្រមទាំង​បាន​ជួយ​កែ​លម្អ​ការិយាល័យគណៈកម្មការអភិវឌ្ឍន៍ភូមិសូវង្សលើ និងបានឧបត្ថម្ភកុំព្យូទ័រយូរដៃ ១គ្រឿង, ម៉ាស៊ីន​ព្រីន ១គ្រឿង និងថវិកាសម្រាប់ទិញគោធ្វើពូជក្នុងសហគមន៍ ចំនួន ២ក្បាលផងដែរ៕ អត្ថបទ៖ ភារម្យ

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោក វណ្ណ ចំរើនដែលបានផ្តាច់ខ្លួន​ចេញពីក្រុម​និយម​ជ្រុលមក​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2024/11/03 09:48:53 am        312
នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសស្វាគមន៍លោក វណ្ណ ចំរើនដែលបានផ្តាច់ខ្លួន​ចេញពីក្រុម​និយម​​ជ្រុលមក​ចូលរួមជីវភាពនយោបាយជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។តាមរយៈបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន បាន​សរសេរ​ថា «ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វណ្ណ ចំរើន ដែលបានផ្តាច់ខ្លួន​ចេញពីក្រុម​និយម​ជ្រុល​មកចូលរួម​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​។ សូម​ជូន​ពរ​លោក​ជួប​តែសេចក្តីសុខសេចក្តីចម្រើន។» សារស្នើសុំរបស់លោក វណ្ណ ចំរើន https://t.me/spmhunsen/83321

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធ​សេវាអប់រំនៃកម្ពុជាមិនដំឡើងថ្លៃរួមទំាងបញ្ចុះតម្លៃ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

2024/11/03 08:54:10 am        266
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថ្លែង​អំណរគុណ​ចំពោះ​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែលបានប្រកាស​សម្រេច​មិន​ដំឡើង​ថ្លៃ​រួម​ទំាង​បញ្ចុះតម្លៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ជូនដល់សិស្ស និស្សិត ខណៈ​ការ​សម្រេច​បែប​នេះគឺបានចូលរួមចំ ណែកយ៉ាងធំធេង​ជួយ​សម្រាល​បន្ទុក​ដល់​ឪពុក​ម្តាយ​អ្នក​អាណា​ព្យាបាល និង​ក្មួយៗសិស្ស-និស្សិតសម្រាប់ការសិក្សានេះ។តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធន​មនុស្ស​ជា​អាទិភាព​ដ៏​សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់​នៅ​ក្នុង​គោល​នយោបាយ​ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញ​នូវ​គោល​នយោបាយ​អនុ​គ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជា​ពិសេស​ដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នក​អាណាព្យាបាល និង ក្មួយៗ សិស្ស-និស្សិត។ ជាក់ស្តែងក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៤កន្លងទៅ សម្តេចបានសម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន០៣ ចំណុច ក្នុង​នោះ​ក៏បា​ន​បន្ត​អនុ​គ្រោះពន្ធមួយចំនួន រួមមាន៖ ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធ​អប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ ចាប់ពី​ឆ្នាំ​២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថាដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អ្នក​អាណា​ព្យាបាល និងក្មួយៗ សិស្ស-និស្សិត ក្នុងការបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា សម្តេច​បានប្រគល់ភារកិច្ចជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រ​សួង​អប់រំ យុវជន និងកីឡា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានសមាជិក១៤១ និង​សហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក ១២០ ដើម្បី​ពិនិត្យ​​លទ្ធ​ភាព​មិន​ដំឡើង​ថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការបញ្ចុះថ្លៃសិក្សាសម្រាប់ក្មួយៗ សិស្ស-និស្សិត។ ជាលទ្ធផល សមាគមគ្រឹះស្ថាន​ឧត្ដម​សិក្សាកម្ពុជា​បានឯកភាព​មិន​ដំឡើង​ថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥នេះ ហើយគ្រឹះស្ថាន​សិក្សា​ទាំង​អស់​នឹង​ពិនិត្យ​លទ្ធភាព​បញ្ចុះ​តម្លៃ​សិក្សា​ជូន​ក្មួយៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ ដោយឡែក​ចំពោះ​សហព័ន្ធ​សេវា​អប់រំ​នៃកម្ពុជា ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ (ដោយសារ​សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ គ្រឹះស្ថានសិក្សា​ជា​ច្រើន​ដែល​ជា​សមាជិក​សហព័ន្ធ​បាន​បើកបវេសនកាលតាំងពីខែកក្កដា ឬសីហា រួចទៅហើយ)។ យ៉ាង​ណា​ក៏ដោយ​ក្នុងនាមរាជរដ្ឋាភិបាលសម្តេចធិបតី បានប្រកាសថ្លែង​អំណរ​គុណ​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏ត្រឹមត្រូវរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែល​បាន​យល់ស្របតាមសំណើរបស់សម្តេចនោះ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា« ក្នុង​នាម​រាជ​រដ្ឋាភិបាល ខ្ញុំសូមកោតសរសើរចំពោះស្មារតីសហការ និងសូមថ្លែងអំណរគុណចំពោះ សមាគម​គ្រឹះ​ស្ថាន​ឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែលបានយល់​ស្រប​តាម​សំណើ​របស់​ខ្ញុំ ដោយមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ក៏ដូចជា​ការ​ពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​សិក្សា​ជូន​ក្មួយ​ៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនរបស់គ្រឹះស្ថានអប់រំនីមួយៗ»។ ជាមួយ​គ្នា​នោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បាន​សង្ឃឹម​ថា​សកម្មភា​ព​ជា​វិជ្ជមាន​របស់បណ្ដាគ្រឹះស្ថានសិក្សាខាងលើនេះ នឹងជួយសម្រាល​បន្ទុក​បាន​មួយ​កម្រិ​ត​សម្រាប់​ឪពុក​ម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតសម្រាប់ការសិក្សានេះ៕ អត្ថបទ៖បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈបាញ់ជនស៊ីវិលកម្ពុជា ស្លាប់ដល់១៥នាក់
12/16/2025 10:12 AM
កូរ៉េខាងត្បូង នឹងចេញសាលក្រម ជុំវិញសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon នៅដើមឆ្នាំក្រោយ
12/16/2025 10:12 AM
ស្ថានទូតចិនប្រចាំអង់គ្លេស ថ្កោលទោសការជ្រៀតជ្រែករបស់អង់គ្លេសលើកិច្ចការផ្ទៃក្នុងចិនពាក់ព័ន្ធលោក Jimmy Lai
12/16/2025 10:12 AM
មន្រ្តីអាមេរិក៖ អ៊ុយក្រែន អាចនឹងទទួលបានការធានាសន្តិសុខដូចអង្គការណាតូ ក្នុងកិច្ចព្រមព្រៀងសន្តិភាព
12/16/2025 10:12 AM
បេឡារុស នឹងស្វាគមន៍មេដឹកនាំវ៉េណេស៊ុយអេឡា លោក Maduro ប្រសិនបើលោកចុះពីតំណែង
12/16/2025 10:12 AM
អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥
12/16/2025 09:12 AM
អ៊ីស្រាអែល ស្តីបន្ទោសរដ្ឋាភិបាលអូស្ត្រាលីចំពោះការវាយប្រហារសម្លាប់មនុស្ស១៥នាក់អំឡុងបុណ្យសាសនា
12/16/2025 09:12 AM
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បន្តទទួលអំណោយពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និង​ជួយដល់ជនភៀសសឹក
12/16/2025 09:12 AM
ថ្ងៃនេះ ទាហានឈ្លានពានថៃបាញ់កំាំភ្លើងធំចេញពីនាវាចម្បាំងខ្លួន ចូលតំបន់អូរភ្លុកដំរី និងបន្តផ្លោងចូលកម្ពុជាជាច្រើនកន្លែងទៀត
12/16/2025 09:12 AM
ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញការប្ដេជ្ញាចិត្តក្នុងការដោះស្រាយសង្រ្គាមកម្ពុជា និងថៃ ខណៈ​បច្ចុប្បន្ន​កំពុងមានមនុស្សស្លាប់ ដែលជារឿងមិនគួរកើតឡើងទេ ហើយលោកបញ្ជាក់ថា​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ
12/16/2025 09:12 AM