TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

ប្រេសិតពិសេសបារាំងទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ាជម្រាបសម្ដេចតេជោថា បារាំងត្រៀមខ្លួនជានិច្ចផ្តល់ការគាំទ្រដល់អាស៊ាន និងកុងសង់ស៊ីស៥ចំណុច

2024/10/17 05:00:47 pm        91
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christian Lechervy (គ្រីស្សង់ ឡឺសែវី ) ឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តមអគ្គរដ្ឋទូត ដែលបានមកកម្ពុជានៅពេលនេះ។ សម្តេចតេជោ បានស្នើឯកឧត្តមអគ្គរដ្ឋទូតពាំនាំនូវសេចក្តីថ្លែងអំណរគុណរបស់សម្តេច ជូនទៅឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង សម្រាប់ការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរថ្វាយ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទ្រង់យាងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅសាធារណរដ្ឋបារាំងកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានបន្តទៀតថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅឆ្នាំ២០២៦ ដែលនេះជាដំណើរដ៏ល្អមួយ ដែលផ្ទេរពីបារាំងនៅទ្វីបអឺរ៉ុប មកកម្ពុជានៅទ្វីបអាស៊ី។ ឯកឧត្តមអគ្គរដ្ឋទូត បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានផ្តល់កិត្តិយស អនុញ្ញាតឱ្យឯកឧត្តមបានចូលជួបដើម្បីទទួលអនុសាសន៍ការងារល្អៗនាពេលនេះ។ ឯកឧត្តមអគ្គរដ្ឋទូត បានបន្តទៀតថាការទទួលបដិសណ្ឋារកិច្ចថ្វាយ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា គឺជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសបារាំង រីឯភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី គឺជាការបញ្ជាក់ជាថ្មីនូវការចូលរួមដ៏សំខាន់របស់ហ្រ្វង់កូហ្វូនីសម្រាប់វិស័យសេដ្ឋកិច្ច វិបុលភាព សន្តិភាព ពិភពលោក។ ឯកឧត្តមក៏បានអបអរសាទរប្រទេសកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅឆ្នាំ២០២៦ បន្តពីប្រទេសបារាំង ហើយឯកឧត្តមជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំកិច្ចប្រជុំនេះ។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានរំលឹកអំពីជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតី ម៉ាក្រុង កាលពីខែធ្នូឆ្នាំ ២០២២ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលពេលនោះសម្តេចតេជោ គឺជាប្រធានអាស៊ាន។ ឯកឧត្តម បានបន្តថា ឯកឧត្តម ម៉ាក្រុង បានប្រាប់ថា រូបគាត់ និងសម្តេចតេជោ បានពិភាក្សាគ្នាប្រកបដោយកាយវិការស្និទ្ធស្នាល និងត្រង់ទៅត្រង់មកលើបញ្ហាជាច្រើន រួមទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហានយោបាយក្នុងពិភពលោក។ ប្រធានបទមួយ នៅក្នុងចំណោមប្រធានបទដ៏ច្រើននៃកិច្ចពិភាក្សារវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង គឺស្តីពីការស្វែងរកសន្តិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា។ ប្រធានបទនេះ បានជំរុញឯកឧត្តម មកជួបសម្តេច ដើម្បីទទួលយកអនុសាសន៍ពីសម្តេច នាពេលនេះ។ ឯកឧត្តមអគ្គរដ្ឋទូតមានប្រសាសន៍ថា ការរៀបចំឱ្យមានប្រេសិតពិសេសរបស់ប្រទេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា គឺជាការបង្ហាញពីកិច្ចប្រឹងប្រែងរបស់អន្តរជាតិ ជាពិសេសអឺរ៉ុប ក្នុងការជួយស្វែងរកដំណោះស្រាយមួយដ៏ល្អ ដើម្បីសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង។ ដើម្បីសម្រេចគោលបំណងនេះ ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានឱ្យឯកឧត្តមទាក់ទងជាមួយបណ្តាប្រទេសជាមិត្ត និងជាដៃគូរបស់បារាំង ក៏ដូចជាភាគីនានា ដើម្បីស្វែងរកការគាំទ្រដល់ប្រទេសបារាំង ក្នុងការចូលរួមដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កន្លងមក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ បានខិតខំជ្រោមជ្រែង ស្វែងរកដំណោះស្រាយសន្តិភាពទាំងក្នុងអាស៊ាន និងពីប្រទេសមីយ៉ាន់ម៉ាខ្លួនឯង ទាំងក្នុងបញ្ហានយោបាយ និងមនុស្សធម៌ ជាពិសេសគឺនៅក្នុងអាណត្តិដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន។ ឯកឧត្តមអគ្គរដ្ឋទូត បានបញ្ជាក់ថា បារាំងនឹងនៅតែបន្តផ្តល់ការគាំទ្រអាស៊ានទៅលើយន្តការ និងរាល់សកម្មភាពដូចដែលសម្តេចតេជោ បានធ្វើការងារទាំងនេះនៅឆ្នាំ២០២២ គឺការផ្តល់ជំនួយដល់ជនរងគ្រោះ តាមរយៈកាកបាទក្រហមមីយ៉ាន់ម៉ាផ្ទាល់ និងតាមអង្គការសង្គមស៊ីវិលផងដែរ។ យើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដឹកនាំប្រតិបត្តិការនានា ជួយប្រជាជនដែលកំពុងជួបការលំបាកយ៉ាងខ្លាំង។ ប្រជាជន និងប្រទេសមីយ៉ាន់ម៉ា កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ហើយជំនួយនេះធ្វើទៅបានលុះត្រាតែមានដំណោះស្រាយផ្នែកនយោបាយ។ នេះជាសារ ដែលយើងចង់ផ្ញើ ទៅភាគីពាក់ព័ន្ធនៃវិបត្តិនេះ ក៏ប៉ុន្តែវិបត្តិនេះមិនមែនមានតែភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាដូចនៅឆ្នាំ ២០២១នោះទេ ក៏ប៉ុន្តែ ហាក់ដូចជាប្រែទម្រង់ទៅជាវិបត្តិក្នុងតំបន់ និងពិភពលោក។ ប្រទេសបារាំង ត្រៀមខ្លួនជានិច្ចផ្តល់ការគាំទ្រដល់អាស៊ាន ជាពិសេស កុងសង់ស៊ីស ៥ចំណុច។ឯកឧត្តម ក៏បានបង្ហាញពីការចង់ដឹងអំពីទស្សនៈរបស់សម្ដេចតេជោក្នុងឋានៈសម្ដេចជាឥស្សរជនមួយរូបក្នុងតំបន់អាស៊ាន ជុំវិញការរកដំណោះស្រាយមីយ៉ាន់ម៉ា។ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះការទទួលស្គាល់តួនាទីរបស់សម្តេច ក្នុងការចូលរួមដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកន្លងមក។ សម្តេចតេជោ ក៏បានរំលឹកពីអនុស្សាវរីយជួបពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីម៉ាក្រុង ដែលមានទាំងបញ្ហាសភាពការណ៍ នៅមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែននិងបញ្ហាដទៃទៀត។ នៅពេលនោះ ឯកឧត្តម ម៉ាក្រុង បានប្រាប់សម្តេចថា សម្តេចនៅមានកម្លាំង គួរតែបន្តធ្វើជានាយករដ្ឋមន្រ្តី ៣ទៅ៤ ឆ្នាំបន្ថែមទៀត។ សម្ដេចបន្តថា សម្ដេចប្រហែលធ្វើឱ្យឯកឧត្តម Macron ខកចិត្ត ដោយ ពេលនេះសម្តេច ពុំមែនជានាយករដ្ឋមន្រ្តីទៀតឡើយ សម្តេចបានសម្រេចចិត្តលះបង់អំណាច ដើម្បីប្តូរនឹងសន្តិភាពរយៈពេលយូរអង្វែងនៅកម្ពុជា ហើយជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះនៅពេលនេះ រាជរដ្ឋាភិបាលថ្មី បានចេញដំណើរអស់រយៈពេលជាង១ឆ្នាំមកហើយ នឹងកំពុងទទួលបានលទ្ធផលវិជ្ជមាន។សម្តេចតេជោ បានថ្លែងអំណរគុណប្រទេសបារាំង ដែលបានគិតគូរពីតំបន់អាស៊ានរបស់យើង តាមរយៈការរៀបចំប្រេសិតពិសេសទទួលបន្ទុកវិបត្តិនៅមីយ៉ាន់ម៉ានេះ គឺជាការរួមចំណែកដល់សន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង និងក្នុងតំបន់អាស៊ានផងដែរ។ សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអគ្គរដ្ឋទូតថា អាស៊ាន បានធ្វើកិច្ចការច្រើនណាស់ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ហើយជាចម្បងនោះ អាស៊ានត្រូវមានការឯកភាពគ្នា។ សម្តេចតេជោ បានរំលឹកពីកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ី ដែលបានឈានដល់ការអនុម័តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច របស់មេដឹកនាំអាស៊ានលើវិបត្តិមីយ៉ាន់ម៉ា។ សម្តេចតេជោ បានបន្តថា នៅដើមឆ្នាំ២០២២ ក្នុងពេលដែលសម្ដេចធ្វើជាប្រធានអាស៊ានសម្ដេចបានទៅកាន់មីយ៉ាន់ម៉ា តែពេលនោះសម្ដេចបានទទួលការអបអរផង និងរិះគន់ផង។ ទោះជាយ៉ាណាក្តី ទស្សនកិច្ចរបស់សម្តេចទៅប្រទេសមីយ៉ាន់ម៉ា គឺដើម្បីព្យាយាមរកដំណោះស្រាយ និងបើកផ្លូវឱ្យមានការចរចារវាងភាគីជម្លោះពាក់ព័ន្ធ និងឱ្យមានផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលរងគ្រោះ ដែលជាការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច។ ជាប្រធានអាស៊ាន សម្តេចមិនអាចនៅស្ងៀម មិនអើពើនឹងស្ថានភាពដ៏អាក្រក់ក្នុងប្រទេសជាសមាជិកអាស៊ានទេ។ ជាមួយគ្នានេះដែរ សម្តេចតេជោបានចែករំលែកជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Christian Lechervy អំពីយុទ្ធសាស្ត្រ ទស្សនៈ និងបទពិសោធន៍របស់សម្តេច ក្នុងការចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា កាលពីទសវត្សឆ្នាំ១៩៨០ និង១៩៩០។ សម្តេចបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការជួបចរចានិងធ្វើការជាមួយនឹងអ្នកកាន់អំណាចជាក់ស្តែង នៅក្នុងការដោះស្រាយវិបត្តិ និងផ្តល់ជំនួយមនុស្សធម៌។សម្ដេចបន្តថាស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ ដែលគួរតែត្រូវបានគិតគូរឡើងវិញ ចំពោះកញ្ចប់ផែនការថ្មីនៃដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន ដោយមូលហេតុថា កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុចរបស់មេដឹកនាំអាស៊ាននាពេលនេះ ហាក់បីដូចជាហួសសម័យទៅហើយ។ ជាក់ស្តែង ចំណុចមួយនៃចំណុចទាំង៥នោះ លើកឡើងពីការទប់ស្កាត់ហិង្សា ប៉ុន្តែ ពេលនេះ ស្ថានភាពរាលដាលសឹងតែក្លាយទៅជាសង្រ្គាមស៊ីវិលទៅហើយ។សម្តេច បានបន្ថែមថា យើងមានសុទិដ្ឋិនិយម ចំពោះវិធីសាស្រ្តថ្មី ដែលអាចទាញសភាពការណ៍មីយ៉ាន់ម៉ា ឈានទៅរកការចរចាបាន។ សម្តេច បានបញ្ជាក់ថា ដំណោះស្រាយយោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់បាននោះទេ ហើយ ការស្វែងរកសន្តិភាព តាមរយៈការចរចា ទាមទារនូវពេលវេលា។សម្ដេចតេជោបានជម្រាបជូនឯកឧត្តមប្រសិតពិសេសបារាំងថាសម្ដេចធ្លាប់បានជួបជាមួយឯកឧត្តម Min Aung Hlaing កាលពីឆ្នាំ២០២២ ហើយបន្ទាប់មកទៀតក៏បានជួបតាមអនឡាញជាបន្តបន្ទាប់ ហើយថ្មីៗនេះបេសកជនពិសេសរបស់មីយ៉ាន់ម៉ាក៏បានមកជួបសម្ដេចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលមីយ៉ាម៉ាទទួលយកនូវអនុសាសន៍របស់សម្ដេច ក្នុងការបញ្ជូនតំណាងមិនមែននយោបាយទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ។ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការចែករំលែកទស្សនៈ និងបទពិសោធន៍ដ៏អស្ចារ្យរបស់សម្តេចតេជោ ទាំងបទពិសោធន៍ផ្ទាល់ខ្លួននៃដំណើរស្វែងសន្តិភាពឱ្យប្រទេសកម្ពូជា និងការខិតខំចូលរួមស្វែងរកសន្តិភាពឱ្យប្រទេសមីយ៉ាន់ម៉ា យ៉ាងសុទ្ធចិត្តទាំងផ្នែកនយោបាយ និងមនុស្សធម៌។ ឯកឧត្តម នឹងបន្តធ្វើការងារជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ជាពិសេសប្រទេសនិយាយភាសាបារាំងក្នុងការរកដំណោះស្រាយដល់មីយ៉ាន់ម៉ាបន្តទៀតជាទីបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តមអគ្គរដ្ឋទូត និងជាប្រេសិតពិសេសប្រទេសបារាំងទទួលបន្ទុកមីយ៉ាន់ម៉ា ទទួលបានជោគជ័យក្នុងបេសកកម្មដ័៏សំខាន់នេះ៕

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឆ្លៀតពេលដ៏មមាញឹកជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៅសហគមន៍ស្ទឹងមានជ័យ

2024/10/17 02:35:59 pm        147
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ពិសារអាហារសាមគ្គីជាមួយ លោកតា លោក​យាយ ចាស់ជរា កុមារកំព្រា និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និង​អង្គការ​ដើម្បី​ភាពញញឹមនៃកុមារ (PSE) នាព្រឹកថ្ងៃ ព្រហ ទី ១៧ ខែតុលា ឆ្នាំ ២០២៤ នៅសាលា​មត្តេយ្យយ៉ូស ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងពិធីសំណេះ សំណាលនាព្រឹកនេះ មានការចូលរូមពីសំណាក់លោកតា លោកយាយ ដែលរស់នៅក្នុងសហគមន៍ស្ទឹងមានជ័យ រួមទាំងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) សប្រមាណជាង ១០០០ នាក់។ ក្នុងដំណើរចុះសួរសុខទុក្ខដោយឥតព្រៀងទុកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​សំណេះសំណាលជាមួយលោកតាលោកយាយ និងសិស្សានុសិស្សនៃអង្គការទាំង២ ប្រកប​ដោយភាពសប្បាយរីករាយ ព្រមទាំងបាន​សន្យា​ថា​នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ជូន​លោក​តាលោក​យាយ​ទៅកម្សាន្តនៅភ្នំគូលេន ខេត្តសៀមរាប នាខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីចប់​ព្រះរា​ជ​ពិធី​បុណ្យអុំទូក។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោក ស្កុត នីសិន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) និងលោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ នាយិកាគ្រប់គ្រងនៃអង្គការស្នាមញញឹមនៃកុមារ (PSE) ដែលកន្លងមកអង្គការទាំងពីរ បានរួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ចូលរួម​លើក​កម្ពស់​ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ និងជាពិសេសបា​ន​ផ្ដល់​ការ​អប់រំ​ដល់​កូនៗរបស់ពួកគាត់តាំងពីថ្នាក់បឋមសិស្សរហូតដល់ឧត្តមសិក្សា និងអ្នកខ្លះបាន​បន្ត​ទៅ​ក្រោយ​ឧត្តម​សិក្សា ព្រមទាំងមានសមត្ថភាព​ទទួល​បាន​អាហារូបករណ៍​ចេញ​ទៅ​សិក្សា​នៅ​ក្រៅប្រទេសថែ​ម​ទៀតផង។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសផ្ដល់​អាហារូបករណ៍​ដល់​សិស្សា​នុសិស្ស​នៃ​អង្គការទាំងពីរដើម្បីបានសិក្សានៅតាមសាកលវិទ្យាល័យនានានៅក្នុងប្រទេស និង​អាហារូបករណ៍នៅប្រទេសចិនផងដែរ។ ក្នុងឱកាសនេះដែរ លោក ស្កុត នីសុន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) បាន​បង្ហាញ​ចំណាប់​អារម្មណ៍ និងថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបាន និងបន្តជួយឧបត្ថម្ភ​គាំទ្រ​ដល់​បេសក​កម្មរ​បស់​អង្គ​ការ​មនុស្ស​ធម៌​របស់​លោក​អស់​រយៈ​ពេល​ជាង​១០ឆ្នាមកនេះ។ ក្នុងឱកាសនេះ លោក ស្តុត នីសុន ក៏បានធ្វើសេចក្ដី​រាយការណ៍​សំខាន់​ៗ​អំពី​សមិទ្ធផលជាង ២០ ឆ្នាំ របស់អង្គការនៅលើទឹកដីកម្ពុជាក្នុងសហគមន៍ស្ទឹងមានជ័យ ដោយ​បាន​ជួយ​គាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ តាមរយៈការគាំទ្រសហគមន៍ កម្ម​វិធី​ថែទាំសុខភាព និងកម្មវិធីអប់រំ។ ក្នុងនោះមានសិស្សកំពុងសិក្សាមានចំនួនប្រមាណ ១៨០០ នាក់ និង ១៨៥នាក់កំពុងសិក្សានៅសាកលវិទ្យាល័យ ១៤០នាក់ នៅទារកដ្ឋាន និង​មតេយ្យ​សិក្សា។ លោកបានគូសបញ្ជាក់ដែរថា តាមរយៈកម្មវិធីអប់រំនៅទីនេះ គឺបានជួយដ​ល់​សិស្ស​ជាង ៧០% អាចបន្តការសិក្សាពីបឋមរហូតដល់សកលវិទ្យាល័យ។ លោកតា លោកយាយ សិស្សានុសិស្សទាំងអស់ បានបង្ហាញក្ដីរំភើប និងសប្បាយ​រីករា​យ​ឥត​ឧបមា ដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានផ្ដល់​កិត្តិយស​ឆ្លៀត​ពេល​ដ៏​មមាញឹក​ពី​ការ​ងារ​ចុះ​ជួបណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគ្នា ព្រមទាំងបានថ្លែង​អំណរ​គុណ​ដល់​សម្ដេច និងលោកជំទាវ ក៏ដូចជាអង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុ​សិស្សរ​បស់​អង្គការ​ដើម្បី​ភាពញញឹមនៃកុមារ (PSE) ដែលតែងតែជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ និងការសិក្សារបស់ក្មេងៗក្នុងសហគមន៍នេះ។ ក្រោយចប់ពិធីសំណេះសំណាល សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានផ្ដល់អំណោយជូនលោកតា លោកយាយ អង្គការទាំងពីរ និង​សិស្សានុសិស្សមានទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ជាច្រើន​សម្រាប់​បំពេញ​តម្រូវ​ការ​ទទួល​ទាន​ប្រចាំថ្ងៃ៕ អត្ថបទ៖ កញ្ញា ចេន សុភានាថ

ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារកម្ពុជា

2024/10/16 05:02:26 pm        674
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែក​លក់​តំបន់​អាស៊ី-អាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ របស់ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប លោក Julien Nargeot បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍​ចំពោះ​ទីផ្សារ​អាកាសចរណ៍​នៅកម្ពុជា​។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុន​ផ្ដល់​សេវា​ហោះ​ហើរ​ឯក​ជន​ឈាន​មុខ​របស់​អាមេរិក ដោយផ្តោតលើជើងហោះហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរៈជន។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណង​ចូល​រួម​អភិវឌ្ឍ​វិស័យ​អាកាស​ចរណ៍​នៅ​កម្ពុជា ដែលនឹងរួមចំណែកក្នុងការពង្រីកការតភ្ជាប់ និងទេសចរណ៍ជា​មួ​យ​តំប​ន់​និ​ង​ពិភព​លោក។ ជាការឆ្លើយតប សម្ដេចធិបតីបានស្វា​គមន៍​ចំណាប់​អារម្មណ៍​របស់​ក្រុម​ហ៊ុន​ចំពោះ​ទីផ្សារ​នៅ​កម្ពុជា​។ សម្ដេចធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូ​ច​ជា​សន្ទុះ​នៃការ​អភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា ពិតជា​ផ្តល់​ឱកាស និងសក្ដានុពលដល់ក្រុមហ៊ុន ព្រោះទីផ្សារកម្ពុជាត្រូវបានផ្សាភ្ជាប់ជាមួយតំបន់។ បន្ថែម​លើនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និង​ដៃ​គូរ​ពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតអំពីការវិនិយោគនៅកម្ពុជាផងដែរ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង

2024/10/14 08:34:56 pm        135
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” ។  ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតី បានលើកឡើងថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព, ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក, ការចាកចេញពីភាពឯកានយោបាយ និងសេដ្ឋកិច្ច ដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពល ពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ។ ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ កម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ, តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់៤៨ពាន់លានដុល្លា ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក ដែលបានរំលេចក្នុងយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ។ សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បន្តថែរក្សាសមិទ្ធផលវិជ្ជមាននានា និងពង្រីកការធ្វើសមាហរណកម្មទៅក្នុងក្របខណ្ឌ នានា ព្រមទាំបន្តថែរក្សាគោលនយោបាយអព្យាក្រឹត ដែលផ្អែកលើគោលការណ៍ច្បាប់ ហើយកម្ពុជានឹងមិនចូលរួមជាមួយយន្តការណាដែលមានចរិតនយោបាយបង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណាឡើយ ។ ក្នុងឱកាសនោះ សម្តេចបវរធិបតី បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង ។ ទន្ទឹមនេះ គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយនៃអង្គការសហប្រជាជាតិ បានវាយតម្លៃឱ្យកម្ពុជាឆ្លងផុតនូវការត្រួតពិនិត្យ រយៈពេល ៣ ឆ្នាំម្ដងជាលើកទី២ នៃការចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ។ ជាមួយនឹងការឆ្លងផុតដំណាក់កាលពិនិត្យលើកទី ២ នេះ កម្ពុជាត្រូវបាន គណៈកម្មាធិការដដែលរបស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ ។ ពិតណាស់ថា ការចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម, ប្រព្រឹត្តកម្មពិសេស និង ដោយឡែក ដែលមានចែងក្នុងកិច្ចព្រមព្រៀង WTO ក៏ដូចជាផលវិបាកមួយចំនួនទៀត ប៉ុន្តែយើងមិនអាចនៅជាប្រទេសអ្នកក្ររហូត ដើម្បីបានការអនុគ្រោះនោះទេ ។

កម្ពុជា-លុចសំបួ បង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ

2024/10/11 04:01:07 pm        513
នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌ នៃប្រទេសលុចសំបួ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាកិច្ចចាប់ផ្ដើមសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងពីទំនាក់ទំនងការទូតកន្លងមក រវាងកម្ពុជា-លុចសំបួ ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-លុចសំបួ។ ក្នុងន័យនេះ ប្រទេសទាំងពីរ គប្បីបង្កើតយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងកំណត់អំពីវិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចបវរធិបតីអំពីបំណងរបស់លុចសំបួ ក្នុងការជ្រើសរើសប្រទេសមួយចំនួន រួមទាំងកម្ពុជា ជាប្រទេសដៃគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា វិស័យសុខាភិបាល និង វិស័យអប់រំ ជាដើម។ សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យទេសចរណ៍, វិស័យធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យាឌីជីថល និងការបោសសម្អាតមីន៕ 

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលថ្មីសម្រេចបានលទ្ធផលដ៏ល្អជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះ​ទៅមុខដោយភាពជឿជាក់

2024/10/11 03:55:51 pm        694
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ថា បច្ចុប្បន្នរាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុង​បន្តឆ្ពោះទៅមុខដោយភាពជឿជាក់។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធាន​​តំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូល​ជួបសម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ក្នុងឱកាសនោះសម្ដេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួប ឯកឧត្តម កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា ដែលបានធ្លាប់ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ហើយជាមិត្តភ័ក្តិចាស់មួយរូប។ឯកឧត្តម SHINOHARA បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ ហើយបានអបអរសាទរសម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមមានប្រសាសន៍ថា ជំនួបថ្ងៃនេះ គឺជាឱកាសសម្រាប់ឯកឧត្តម ថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងជម្រាបលាទៅកាន់ប្រទេសជប៉ុនវិញ ដោយឯកឧត្តម មានសេចក្តីរីករាយដែលបានបន្តកិច្ចការនៅប្រទេសកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅ កម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។ តាមរយៈវត្តមានរបស់ឯកឧត្តមជាច្រើនឆ្នាំនៅកម្ពុជា ឯកឧត្តមបានមើលឃើញនូវការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់កម្ពុជា ជាបន្តបន្ទាប់។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ ឯកឧត្តម នឹងរីករាយប្រាប់អំពីប្រទេសកម្ពុជា ដល់ប្រជាជនជប៉ុនដែលចាប់អារម្មណ៍ពីកម្ពុជា។ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានឆ្លងកាត់ និងជាសក្ខីភាពនៃដំណាក់កាលជាច្រើនរបស់កម្ពុជា ហើយ ឯកឧត្តម SHINOHARA គឺជាសាក្សីរស់មួយរូបសម្រាប់កម្ពុជា។សម្ដេចតេជោ បានរំលឹកពីស្ថានភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០មក និងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្ន កម្ពុជា បានដើរចម្ងាយឆ្ងាយជាងមុនច្រើន និងមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយភាពក្រីក្រ ការផ្គត់ផ្គង់ទឹកស្អាត ការកើនឡើងនៃការប្រើប្រាស់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផលកសិកម្ម ដូចជា ស្រូវ ស្វាយចន្ទី...។ល។សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តម SHINOHARA ពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាចទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន រយៈពេលយូរអង្វែង។ សម្ដេចតេជោ បន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍ ។សម្តេចតេជោ និង ឯកឧត្តម SHINOHARA ក៏បានពិភាក្សាគ្នាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅប្រទេសជប៉ុន ហើយបានឯកភាពគ្នាអំពីសង្គតិភាពរបស់គោលនយោបាយការបរទេសជប៉ុនចំពោះកម្ពុជា។ ឯកឧត្តម បានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់សម្តេចក្នុងការជំរុញសន្តិភាពនៅក្នុងតំបន់និងជុំវិញពិភពលោក៕ 

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា សម្ដេចធិបតីជំរុញសម្រេចឱ្យបាននូវការបញ្ចប់ការចរចា​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ

2024/10/11 12:08:24 pm        131
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់ ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេច​មហា​បវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញសម្រេចឱ្យ​បាននូវ​ការ​បញ្ចប់​ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ។នៅក្នុង​កិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាព ធន់អាស៊ាន សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ទ្វេដង ដើម្បី​ជំរុញពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ព្រមទាំងលើកកម្ពស់ការធ្វើ សមាហរណកម្ម​សេដ្ឋកិច្ចក្នុងតំបន់។ នៅក្នុងន័យនេះ សម្តេចធិបតី បានជំរុញសម្រេចឱ្យបាននូវការ បញ្ចប់ការចរចាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ។ បន្ថែមពីនេះ សម្តេចធិបតី​ក៏បាន​ជំរុញឱ្យមានការពង្រឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា ដើម្បីផ្តល់វេទិកា​សម្រាប់វិស័យ​ឯកជន​ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្វះស្វែងរកឱកាសអាជីវកម្ម កៀរគរមូលនិធិ និងកសាងបណ្តាញទំនាក់ទំនងនានា។សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់តំបន់ទាំងពីរ ដើម្បីទាញយកសក្តានុពល ដ៏ធំៗ នៃឧស្សាហកម្មនានាដែលកំពុងលេចឡើង ដូចជាវិស័យសេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង ការតភ្ជាប់ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ដែលមានភាពធន់។ សម្តេចធិបតីក៏បានឆ្លៀតឱកាសថ្លែង អំណរគុណដល់កាណាដា ចំពោះការគាំទ្រថវិកាចំនួន ៨,៥ លានដុល្លាកាណាដា ក្នុងរយៈពេល៥ឆ្នាំសម្រាប់វិស័យអាទិភាពនានា ក្រោមក្របខ័ណ្ឌផែនការសកម្មភាពតំបន់របស់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS)៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជំរុញឱ្យឥណ្ឌាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការបំពាក់បំប៉នជំនាញឌីជីថលដល់ប្រជាជនអាស៊ាន

2024/10/11 12:02:47 pm        217
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញឱ្យឥណ្ឌាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបំពាក់បំប៉នជំនាញឌីជីថលដល់ប្រជាជនអាស៊ាន តាមរយៈការប្តូរជំនាញថ្មីៗ និងការបំប៉នជំនាញនានា ដែលមានសារសំខាន់ក្នុងការពង្រឹង សហគ្រាសធុនមីក្រូ តូច និងមធ្យម។ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានចែករំលែកផងដែរថា អាស៊ាន និងឥណ្ឌា គួរបង្កើនកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ លើថាមពលកកើតឡើងវិញ, ថាមពលបៃតង និង ថាមពលបញ្ចេញកាបូនទាប ដោយប្រើប្រាស់ជំនាញបច្ចេកទេស និងបច្ចេកវិទ្យារបស់ឥណ្ឌា។ សម្តេចធិបតី បានលើកឡើងបន្ថែមទៀតថា ដើម្បីជួយផ្តល់ហិរញ្ញវត្ថុដល់ការកាត់បន្ថយកាបូន យើងត្រូវទាញប្រយោជន៍ពីមូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា និងមូលនិធិ បៃតងអាស៊ាន-ឥណ្ឌា។ចំពោះការតភ្ជាប់ក្នុងតំបន់ សម្តេចធិបតី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះការ ដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីញវឌេលី ដែលអាចជួយជំរុញ ទេសចរណ៍ទ្វេភាគី ចំពេលនឹងការកំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា”៕

សម្តេចធិបតីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីធ្វើ​ឱ្យ​សមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត

2024/10/11 11:21:05 am        146
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជា​ធិបតេយ្យ​ប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិ​ត្ត​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​អូស្ត្រាលដើម្បីធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត។សម្តេចធិបតី បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីធ្វើឱ្យ​សមាហរណកម្ម​សេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ហើយនៅក្នុងន័យនេះ កម្ពុជាបាន​ស្វាគមន៍​ការ​ដាក់ឱ្យអនុវត្តនូវឯកសារយុទ្ធសាស្ត្រ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់ អូស្ត្រាលីឆ្ពោះ​ទៅ​ឆ្នាំ២០៤០ (Invested: Australia's Southeast Asia Economic Strategy to 2040) ដើម្បី​ពង្រឹង​ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ដើម្បីចាប់យកអត្ថប្រយោជន៍​ឱ្យ​បាន​ជា​អតិបរមា​ពី​ការ​ដំឡើង​កម្រិត​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA) នាពេល​ថ្មី​ៗ​នេះ អាស៊ាន និងអូស្ត្រាលីត្រូវបង្កើនល្បឿនក្នុងដំណើរការផ្តល់សច្ចាប័ន ដើម្បីធ្វើយ៉ាង​ណា​ធានា​ឱ្យ​ពិធីសារទី២ ស្តីពីវិសោធនកម្មលើ កិច្ចព្រមព្រៀង AANZFTA ចូលជាធរមាន​តាម​ពេល​កំណត់​។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់ពីសារសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្ម​ដែលកំពុងលេចឡើងថ្មីៗ មានជា អាទិ៍ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល របៀបវារៈបៃតង និង​បណ្តាញ​អគ្គិសនី អាស៊ាន ខណៈគូសបញ្ជាក់អំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ ដែល​បានដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ភាពជាដៃគូអាស៊ាន-អូស្ត្រាលី។សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអូស្ត្រាលីជួយផ្តល់ការគាំទ្រដល់សហគ្រាសអាស៊ានតូចៗ ដើម្បីឱ្យ​កាន់តែមានផលិតភាព មានសមត្ថភាពប្រកួតប្រជែង និងមានភាពធន់ រួមទាំង​តាម​រយៈ​ការចាប់យកឧបករណ៍ឌីជីថលនានា និងការទទួលបានថែមទៀតនូវច្រកចូលទីផ្សារ និង​ហិរញ្ញប្បទាន​៕

សម្តេចធិបតីគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េដើរតួនាទីយ៉ាងសំខាន់​ក្នុងការលើកកម្ពស់​នវានុវត្តន៍ឌីជីថល​នៅក្នុងតំបន់ និងធ្វើឱ្យសម្រេចបានកិច្ចព្រមព្រៀង​ក្របខ័ណ្ឌសេដ្ឋកិច្ច​ឌីជីថលអាស៊ាន

2024/10/11 11:11:04 am        116
​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៥ និងរំឭកខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសំ​ខាន់​ក្នុងកា​រ​លើកកម្ពស់នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ រួមមានតាមរយៈការ​គាំទ្រ​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់អំពីការ​អនុម័ត​សេចក្តីថ្លែង​ការណ៍​រួម​ស្តីពី​ការ​បង្កើត​ភាព​ជា​ដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលជាបង្គោល​ចរ​ដ៏សំខាន់​មួយទៀត​ក្នុង​ដំណើររួមគ្នាអស់រយៈពេលជាង៣ទសវត្សរ៍មកនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ចំពោះវិស័យសេដ្ឋកិច្ច សម្តេចធិបតី បានសង្កត់ធ្ងន់ថា ជាលទ្ធផលនៃការ​ប្រើប្រាស់​បាន​ពេញ​លេញ និងប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ និង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) ពាណិជ្ជកម្មរវាងអាស៊ាន និង​សាធារណ​រដ្ឋ​កូរ៉េកាន់តែរីកចម្រើនឡើង។ នៅ ក្នុងន័យនេះ សម្តេចធិបតី បានសង្កត់​ធ្ងន់​ថា​ការ​ដំឡើង​កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងធានាថាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីនេះនឹងនៅតែមានសារ សំខាន់ មានការឆ្លើយតប ទំនើប និងប្រកបដោយ​ចក្ខុ​វិស័យ​វែងឆ្ងាយ។សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើក​កម្ពស់​នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ រួមមានតាមរយៈការគាំទ្រការសម្រេចឲ្យបាននូវកិច្ចព្រម ព្រៀង​ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។ ចំពោះការលើកកម្ពស់ការតភ្ជាប់តំបន់ សម្តេចធិបតីពាក់ព័ន្ធ​នឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្តេចធិបតី បានទន្ទឹងរ​ង់ចាំ​ធ្វើ​ការ​ជាមួ​យ​សាធារណ​រដ្ឋ​កូរ៉េ ដើម្បីធ្វើឱ្យអាជីវកម្មខ្នាតតូចកាន់តែមានភាពធន់ ប្រកបដោយការប្រកួតប្រជែង និង​ផលិតភាពតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូធុរកិច្ចថ្មីអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​នានា​ដែល​គ្របដណ្តប់​លើការ​កសាង​សមត្ថភាពការតភ្ជាប់អាជីវកម្ម និងការផ្ទេរបច្ចេកវិទ្យាទាំងឡាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំងប្រឈមនឹងការទាស់ទែងកញ្ចប់ថវិកា ខណៈសមាជិកសភាប្រឹងប្រែងបញ្ចៀសភាពជាប់គាំង
12/19/2025 05:12 PM
អ៊ីស្រាអែលចោទប្រកាន់ជនជាតិរុស្ស៊ីពីបទចារកម្មឲ្យអ៊ីរ៉ង់
12/19/2025 05:12 PM
បេក្ខជនជាង ២ម៉ឺននាក់ ដាក់ពាក្យប្រឡង ជាសិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល
12/19/2025 05:12 PM
ឯកអគ្គរដ្ឋទូត បញ្ជាក់ មិនមានពលរដ្ឋរុស្ស៊ីបម្រើការ ជាទាហានស៊ីឈ្នួលនៅកម្ពុជា
12/19/2025 05:12 PM
ប្រមុខ SVR ៖ រុស្ស៊ីសង្ឃឹមថា ស៊ែរប៊ីផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ ជាជាងការភូតកុហករបស់លោកខាងលិច
12/19/2025 05:12 PM
ការស្រាវជ្រាវ៖ អ៊ីស្រាអែលវាយប្រហារលីបង់ជាមធ្យមរៀងរាល់ ៤ ម៉ោងម្តង
12/19/2025 05:12 PM
មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួន សម្រាប់ការចោទប្រកាន់ថា បានដុតដំរីព្រៃនៅស្រីលង្កា
12/19/2025 05:12 PM
ស្ត្រីជនជាតិបារាំងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ពីបទសមគំនិតភេរវកម្ម
12/19/2025 05:12 PM
សហគ្រាសក្នុងស្រុកកំពុងមមាញឹក ក្នុងដំណើរការផលិត និងវេចខ្ចប់ផលិតផលរុញចូលទីផ្សារ
12/19/2025 05:12 PM
អាល្លឺម៉ង់នឹងទទួលយកជនជាតិអាហ្វហ្គានីស្ថានជាង ៥០០នាក់ ដោយផ្តល់ទីជម្រកដល់ពួកគេ
12/19/2025 05:12 PM