ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

អ៊ុយក្រែន ដកថយពីភូមិចំនួនបីនៅភាគខាងកើត ខណៈទន្ទឹងរងចាំការដឹកជញ្ជូនសព្វាវុធពីអាមេរិក

2024/04/29 05:04:52 pm        166
ប្រមុខមេបញ្ជាការទ័ពរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាកងទ័ពរបស់ទីក្រុងគីវ បានដកថយត្រឡប់ទៅទីតាំងថ្មីនៅភាគខាងលិចពីភូមិចំនួនបីដែលនៅសមរភូមិមុខភាគខាងកើត ដែលរុស្ស៊ីបានប្រមូលផ្តុំកងកម្លាំងសំខាន់ៗនៅក្នុងទីតាំងជាច្រើន។សេចក្តីថ្លែងការណ៍របស់វរសេនីយ៍ឯក អូលេកសានដឺ ស៊ីស្គី (Oleksandr Syrskyi) បានឆ្លុះបញ្ចាំងពីជំហរកាន់តែយ៉ាប់យ៉ឺនរបស់អ៊ុយក្រែន នៅភាគខាងកើត ខណៈដែលទីក្រុងគីវ សង្ឃឹមថាអាចមានស្ថេរភាព នៅពេលដែលខ្លួនទន្ទឹងរងចាំការចែកចាយសព្វាវុធរបស់សហរដ្ឋអាមេរិក ក្រោមកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តក្នុងសប្តាហ៍នេះ។លោក ស៊ីស្គី បានសរសេរនៅលើកម្មវិធីផ្ញើសារតេលេក្រាមដោយពណ៌នាអំពីតំបន់ «មានស្ថានភាពពិបាកបំផុត» នៅភាគខាងលិចនៃភូមិ ម៉ារីយីនកា (Maryinka) ដែលកាន់កាប់ និងភូមិពីរទៀតនៅភាគពាយព្យនៃទីក្រុង អាវឌីអ៊ីវកា (Avdiivka) ដែលដណ្ដើមបានដោយកងកម្លាំងរុស្ស៊ី កាលពីខែកុម្ភៈ ថា «ស្ថានភាពនៅជួរមុខកាន់តែអាក្រក់ទៅៗ» និងបង្ខំឱ្យកងកម្លាំងអ៊ុយក្រែន ត្រូវដកថយ។កងទ័ពរបស់ទីក្រុងមូស្គូ បានវាយរុលទៅមុខបន្តិចម្តងៗ ចាប់តាំងពីដណ្តើមបានភូមិរបស់ក្រុង អាវឌីអ៊ីវកា ស្របពេលកង្វះខាតគ្រាប់កាំភ្លើងធំ និងកម្លាំងមនុស្សរបស់អ៊ុយក្រែន។ផែនទីសមរភូមិតាមអ៊ិនធើណិត ដែលផលិតដោយក្រុមអ្នកវិភាគស៊ើបការណ៍សម្ងាត់នៃប្រភពបើកចំហ បានបង្ហាញថារុស្ស៊ី បានរុលទៅមុខជាង ១៥ គីឡូម៉ែត្រ ក្នុងទិសដៅនៃភូមិ អូឆេរ៉េទីនេ (Ocheretyne) ចាប់តាំងពីការដណ្ដើមបានក្រុង អាវឌីអ៊ីវកា មក៕

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហ្វា

2024/04/29 04:29:34 pm        141
ក្រុមគ្រូពេទ្យ បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះចំនួនបី ខ្នង នៅក្នុងទីក្រុងរ៉ាហ្វានៃតំបន់ហ្កាហ្សាភាគខាងត្បូង បានសម្លាប់មនុស្ស ១៣នាក់ និងជាច្រើននាក់ទៀត រងរបួស។ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បានដាក់ចំនួនអ្នកស្លាប់ចំនួន ១៥នាក់។មន្ត្រីសុខាភិបាល បានអះអាងថា នៅទីក្រុងហ្កាហ្សា ភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប យន្តហោះអ៊ីស្រាអែល បានវាយប្រហារលើផ្ទះពីរខ្នង បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ការវាយប្រហារលើទីក្រុងរ៉ាហ្វា ជាទីដែលមនុស្សជាងមួយលាននាក់ កំពុងជ្រកកោនពីការវាយប្រហារ ជាច្រើនខែរបស់អ៊ីស្រាអែល បានកើតឡើងប៉ុន្មានម៉ោងមុនពេលប្រទេសអេហ្ស៊ីប ត្រូវបានគេរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំក្រុមឥស្លាមហាម៉ាស ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល។សង្គ្រាមនេះ ត្រូវបានបង្កឡើងដោយការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាសលើប្រទេសអ៊ីស្រា អែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៥៣ នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។

អ៊ីស្រាអែល នឹងបង្កើនចំនួនជំនួយមនុស្សធម៌ដែលចូលទៅក្នុងតំបន់ហ្កាហ្សា

2024/04/29 04:15:21 pm        102
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាបរិមាណជំនួយមនុស្សធម៌កាន់តែច្រើន នឹងចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នឹងត្រូវកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយលើកឡើងពីច្រករបៀងថ្មីដែលប្រើប្រាស់កំពង់ផែសមុទ្រអ៊ីស្រាអែល និងច្រកព្រំដែនដែលដឹកជំនួយចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ។បន្ទាប់ពីបិទការចូលទៅកាន់តំបន់ហ្កាហ្សា ក្រោយការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃចាប់ផ្តើមសង្រ្គាមទី០៧ ខែតុលា អ៊ីស្រាអែលបានអនុញ្ញាតឱ្យមានក្បួនរថយន្តជំនួយ ស្របពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីជំរុញបរិមាណផ្គត់ផ្គង់ផ្គត់ផ្គង់ដល់ប្រជាជន ២,៣ លាននាក់របស់ហ្កាហ្សា។វិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងបានជំរុញឱ្យមានការអំពាវនាវពីដៃគូលោកខាងលិច និងអារ៉ាប់របស់អ៊ីស្រាអែល ឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីជួយសម្រួលដល់ការចូលនៃជំនួយទៅកាន់តំបន់ហ៊ុមព័ទ្ធ ជាទីដែលអ្នករស់នៅភាគច្រើនគ្មានផ្ទះសម្បែង ពោរពេញដោយភាពអត់ឃ្លាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានបំផ្លិចបំផ្លាញ រួមទាំងជំងឺរីករាលដាល។សហរដ្ឋអាមេរិកបាននិយាយកាលពីដើមខែនេះថា ខ្លួនបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់អ៊ីស្រាអែល ក្នុងការអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ប៉ុន្តែភាពជោគជ័យនឹងត្រូវបានវាស់វែងជាលទ្ធផលក្នុងការកែលម្អស្ថានភាពជាក់ស្ដែង៕

មន្ត្រីក្រុមហាម៉ាស៖ ពុំមានកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលទេ បើសង្រ្គាមហ្កាហ្សា នៅតែបន្ត

2024/04/29 04:08:47 pm        100
មន្ត្រីម្នាក់នៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ឬហៅថាក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាចលនានេះនឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីស្រាអែល ដែលមិនរាប់បញ្ចូលការបញ្ឈប់អរិភាពនៅតំបន់ហ្កាហ្សាស្ទ្រីបនោះទេ។លោក សាមី អប៊ូ ហ៊្សូរី (Sami Abu Zuhri) មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានបន្ថែមថា ការឆ្លើយតបរបស់អ៊ីស្រាអែល ដែលបានផ្ដល់ឱ្យក្រុមតាមរយៈអ្នកសម្របសម្រួល កំពុងស្ថិតនៅក្រោមការសិក្សា ហើយថាគេមិនទាន់អាចធ្វើការសម្រេចចិត្តទាក់ទងនឹងសំណើនោះនៅឡើយទេ។ប្រភពពីក្រុមហាម៉ាស បានឱ្យដឹងថា គណៈប្រតិភូក្រុមហាម៉ាស គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងគែរនៅថ្ងៃចន្ទ (២៩ មេសា) នេះដើម្បីផ្តល់ការឆ្លើយតបរបស់ខ្លួនទាក់ទងនឹងបទឈប់បាញ់នៅហ្កាហ្សា និងដើម្បីចរចាកិច្ចព្រមព្រៀងចំណាប់ថ្នូរនៃការដោះដូរអ្នកទោសជាមួយអ៊ីស្រាអែល។កាលពីព្រឹកថ្ងៃអាទិត្យ ដូចដែលបានរាយការណ៍ដោយវិទ្យុរដ្ឋអ៊ីស្រាអែល មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានពណ៌នាស្ថានការណ៍បច្ចុប្បន្នថាជា «ពេលវេលាសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មីជាមួយក្រុមហាម៉ាស» ហើយពួកគេកំពុងរង់ចាំការឆ្លើយតបរបស់ក្រុមនេះ។ប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក កំពុងស្វះស្វែងរកកិច្ចព្រមព្រៀងមួយសម្រាប់ការផ្លាស់ប្តូរអ្នកទោស និងបទឈប់បាញ់លើកទីពីររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីកិច្ចព្រមព្រៀងទីមួយដែលបានបញ្ចប់កាលពីខែធ្នូឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់សម្រេចបានអ្វីធំដុំឡើយ៕

មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មក្នុងទីក្រុង Madrid ជំរុញនាយករដ្ឋមន្ត្រី Sanchez កុំឱ្យលាលែងពីតំណែង

2024/04/29 03:59:15 pm        104
អ្នកគាំទ្រគណបក្សសង្គមនិយមរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ កាលពីថ្ងៃអាទិត្យ ដោយជំរុញឱ្យនាយករដ្ឋមន្ត្រី លោក ប៉េដ្រូ សានឆេស(Pedro Sanchez) បន្តតំណែង បន្ទាប់ពីលោកបានធ្វើឱ្យប្រទេសនេះភ្ញាក់ផ្អើលក្នុងសប្តាហ៍មុននេះ ដោយនិយាយថាលោកអាចលាចេញពីតំណែងជានាយករដ្ឋមន្ត្រី។លោក Sanchez បាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា លោកនឹងដកខ្លួនរយៈពេលពីរបីថ្ងៃ ដើម្បីសម្រេចចិត្តថាតើលោកចង់បន្តការដឹកនាំរដ្ឋាភិបាលឬយ៉ាងណា បន្ទាប់ពីតុលាការបានចាប់ផ្តើមការស៊ើបអង្កេតអំពើពុករលួយអាជីវកម្មលើការរកស៊ីឯកជនរបស់ភរិយាលោក។ លោកនិយាយថា នេះជាផ្នែកមួយនៃយុទ្ធនាការបង្កាច់បង្ខូចលោក និងក្រុមគ្រួសាររបស់លោក ដោយអ្នកប្រឆាំងផ្នែកនយោបាយ។ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅមុខសភាប្រទេសអេស្ប៉ាញ អំពាវនាវឲ្យនាយករដ្ឋមន្ត្រី លោក Sanchez នៅបន្តតំណែង ដោយមនុស្សជាច្រើនគ្រវីទង់ជាតិ និងស្រែកពាក្យថា «លោក Pedro កុំលែងពីតំណែង» ។លោក Sanchez បានបដិសេធការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងភរិយារបស់លោក គឺលោកស្រី បេហ្គោណា ហ្គូម៉េស(Begona Gomez) និងបាននិយាយថា លោកនឹងប្រកាសការសម្រេចចិត្តអំពីអនាគតរបស់លោកនៅថ្ងៃចន្ទនេះ។

សាលារៀនត្រូវបានបិទទ្វារ និងចេញការព្រមាន ខណៈរលកកម្ដៅកំពុងហក់ឡើងខ្លាំងនៅតំបន់អាស៊ី

2024/04/29 03:38:03 pm        212
អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានកំពុងជួបប្រទះការហក់ឡើងខ្ពស់នៃរលកកម្ដៅខ្លាំងបន្ថែមទៀតកាលពីថ្ងៃអាទិត្យ ថ្ងៃទី ២៨ ខែមេសា ស្របពេលក្រុមអាជ្ញាធរនៅទូទាំងតំបន់បានចេញការព្រមានផ្នែកសុខភាព ហើយអ្នកស្រុកបាននាំគ្នាទៅកាន់សួនច្បារ និងផ្សារទំនើបម៉ាស៊ីនត្រជាក់នានាដើម្បីគេចចេញពីអាកាសធាតុក្ដៅ ។ រលកនៃអាកាសធាតុក្តៅខ្លាំង បានគ្របដណ្ដប់តំបន់នេះកាលពីសប្តាហ៍មុន ដែលគេបានមើលឃើញសីតុណ្ហភាពហក់ឡើងដល់៤៥ អង្សាសេ និងបង្ខំឱ្យសាលារៀនរាប់ពាន់កន្លែងក្នុងតំបន់បិទទ្វារ និងណែនាំឱ្យសិស្សស្នាក់នៅក្នុងផ្ទះ។ប្រទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃអាទិត្យពីការផ្អាកការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់នៅសាលារដ្ឋទាំងអស់ រយៈពេលពីរថ្ងៃ បន្ទាប់ពីថ្ងៃក្ដៅបំផុតដែលបានបំបែកកំណត់ត្រានៅក្នុងរដ្ឋធានីម៉ានីល។នៅក្នុងប្រទេសថៃ ដែលមានមនុស្សយ៉ាងហោចណាស់៣០នាក់បានស្លាប់ ដោយសារអាកាសធាតុក្ដៅខ្លាំងពេក ឬហៅថាជំងឺសុរិយរោគ រហូតមកដល់ពេលនេះ ក្រសួងឧតុនិយមបានព្រមានពីស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីសីតុណ្ហភាពក្នុងខេត្តភាគខាងជើងមួយបានកើនឡើងលើសពី ៤៤,១ អង្សាសេកាលពីថ្ងៃសៅរ៍។ ហើយនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌា និងបង់ក្លាដែស ក្រុមអ្នកព្យាករណ៍បានព្រមានថា សីតុណ្ហភាពអាចកើនឡើងលើសពី ៤០អង្សារសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈប្រជាពលរដ្ឋកំពុងស៊ូទ្រាំនឹងកម្ដៅក្តៅខ្លាំង និងសំណើមក្ដៅដែលធ្វើឲ្យមនុស្សពិបាកដកដង្ហើម។ ប្រជាពលរដ្ឋម្នាក់នៅទីក្រុង យ៉ាងហ្គូន (Yangon) របស់សហភាពមីយ៉ាន់ម៉ា បាននិយាយថា រូបគេមិនហ៊ានចេញក្រៅទេនៅពេលថ្ងៃ ព្រោះបារម្ភថានឹងមានជំងឺសុរិយរោគ។ ក្រសួងអាកាសធាតុរបស់ប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ថាស្ថានភាពរលកកម្ដៅធ្ងន់ធ្ងរនឹងបន្តរហូតដល់រយៈពេលជាច្រើនថ្ងៃទៀត នៅក្នុងរដ្ឋមួយចំនួនទន្ទឹមនឹងសីតុណ្ហភាពកើនឡើងដល់ ៤៤អង្សាសេ នៅក្នុងទីតាំងមួយចំនួន។សីតុណ្ហភាពពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ហើយទីភ្នាក់ងារអាកាសធាតុ របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា តំបន់អាស៊ីកំពុងឡើងកម្ដៅក្នុងល្បឿនយ៉ាងលឿនបំផុត៕

ការតវ៉ាគាំទ្រប៉ាឡេស្ទីននៅតែបន្តនៅ តាមបរិវេណសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក

2024/04/29 02:58:53 pm        245
ការតវ៉ាបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន នៅតាមសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិកបានបង្ហាញថាពុំមានភាពធូរស្រាលឡើយកាលពីថ្ងៃអាទិត្យ ខណៈសកម្មភាពតវ៉ា បានរីករាលដាលចេញពីតំបន់ឆ្នេរសមុទ្រមួយ ទៅឆ្នេរសមុទ្រមួយ កាលពីចុងសប្តាហ៍នេះ ហើយការបង្រ្កាប និងការចាប់ខ្លួនពីសំណាក់កងកម្លាំងនគរបាល បានបន្តឈានចូលដល់សប្តាហ៍មួយទៀត ស្របពេលក្រុមនិស្សិតបានប្តេជ្ញាថានឹងបន្តស្នាក់នៅក្នុងជំរំតង់រហូតដល់ការទាមទាររបស់ពួកគេបានសម្រេច។ ការទាមទាររបស់និស្សិត ចាប់ពីបទឈប់បាញ់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស ការអំពាវនាវឱ្យសាកលវិទ្យាល័យនានាបញ្ឈប់ការវិនិយោគនៅក្នុងសហគ្រាសរបស់អ៊ីស្រាអែលដែលពាក់ព័ន្ធនឹងយោធារបស់ប្រទេសនេះ រហូតដល់ការបញ្ចប់ជំនួយយោធាអាមេរិកសម្រាប់អ៊ីស្រាអែល។ការតវ៉ាទាំងនេះ បង្កឱ្យមានការចាប់ខ្លួនមនុស្សជាង១០០នាក់ នៅក្នុងបរិវេណសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) កាលពីជាងមួយសប្តាហ៍មុន។ អ្នកនាំពាក្យសាកលវិទ្យាល័យមួយរូប បានប្រាប់សារព័ត៌មានReuters ថា បរិវេណសាកលវិទ្យាល័យកូឡុំប៊ី មានសភាពស្ងប់ស្ងាត់កាលពីថ្ងៃអាទិត្យ២៨ មេសា ហើយពុំមានរបាយការណ៍ស្ដីពីការចាប់ខ្លួនដោយសារការរំខាននៅពេលយប់ជ្រៅនោះទេ។ ប៉ុន្តែការបង្ក្រាប បានបន្តនៅក្នុងបរិវេណសាកលវិទ្យាល័យមួយចំនួន កាលពីចុងសប្ដាហ៍នេះ រួមទាំងការបិទសាកលវិទ្យាល័យ Southern California (USC) និងមានការដាក់ពង្រាយកម្លាំងយ៉ាងច្រើន។ មនុស្សជាង ២០០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងផ្ទុះការតវ៉ានៅតាមសាកលវិទ្យាល័យមួយចំនួនរួមទាំង៨០នាក់ផ្សេងទៀត កាលពីល្ងាចថ្ងៃសៅរ៍នៅឯសាកលវិទ្យាល័យ Washington ក្នុងទីក្រុងសេន ល្វីស (St Louis)។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅសាកលវិទ្យាល័យ Washington មានបេក្ខជនប្រធានាធិបតីឆ្នាំ២០២៤នេះ មកពីគណបក្ស Green Party លោក Jill Stein។ ការតវ៉ានានាទាំងនោះ បានរាលដាលចូលទៅដល់ចក្រភពអង់គ្លេស និងបារាំងទៀតផង ដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន និងទាមទារឱ្យមានចំណាត់ការបញ្ឈប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា៕

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនមនុស្ស៦នាក់ និងវត្ថុតាងគ្រឿងញៀនជិត ២០០គីឡូក្រាម

2024/04/29 01:56:20 am        490
ភ្នំពេញ៖ សមត្ថកិច្ចជំនាញមន្ទីរ​ប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបក្រុមជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​យ៉ាង​សកម្ម ០៦នាក់ រឹបអូសវត្ថុតាងគ្រឿងញៀនជិត ២០០គីឡូក្រាម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​ជាច្រើនទៀតផង ។នគរបាលជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ឲ្យឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក វរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការ​ជាមួយ​កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ជាង ៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុក​ដោយ​ខុស​ច្បាប់នូវសារធាតុញៀន នៅ ៥ ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ ។ទីតាំងទី១-នៅចំណុចទល់មុខស្ថានីយ៍ទឹកស្អាត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ តាំង​ទី២-ក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វារ ទីតាំង​ទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌ​ជ្រោយ​ចង្វារទីតាំងទី៤-​ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ទីតាំងទី៥-ផ្ទះលេខ៣២អ៉ី (16E) ផ្លូវជាតិលេខ៦អា ក្រុម១០ ភូមិក្រោលគោ សង្កាត់-ខណ្ឌ​ឬស្សីកែវ ។ជនសង្ស័យទាំង ០៦នាក់ ១-ឈ្មោះ លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១ ជា​មេ​ខ្លោង ហើយមានដីកាចាប់បង្គាប់ឲ្យចាប់ខ្លួនផងដែរ ។ ២-ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ កើត​ឆ្នាំ ១៩៦៤ ។៣-ឈ្មោះ លី មីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១ ។៤-ឈ្មោះ ប៊ុន ម៉ាលីស ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៧៤ ។៥-ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ២០០០ ។៦-ឈ្មោះ កេះ ស្រីពេញ ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៩៩ ។ វត្ថុតាង ដកហូតគ្រឿងញៀន មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨គីឡូក្រាម និង២៤ក្រាម , កេតាមីន (Ketamine) ទម្ងន់ ២២គីឡូក្រាម និង៦៨៤ក្រាម៣-ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧គីឡូក្រាម និង៤៣៤ក្រាម ។ សរុបគ្រឿងញៀនទម្ងន់ ១៨៨គីឡូក្រាម ១៤២ក្រាម ព្រមទាំងចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យ​ជា​ផល​កើត​ចេញ​ពី​បទ​ល្មើសគ្រឿ​ងញៀន រួមមាន សាច់ប្រាក់ជាង ៣០ម៉ឺនដុល្លារអាមេរិកអចលនទ្រព្យ ​រថយន្ត គណនីធនាគារ ប្រមាណតម្លៃ រាប់លាន ដុល្លារអាមេរិក។ចំពោះ​ជនសង្ស័យ និងវត្ថុតាងចាប់យកកំពុងត្រូវបានជំនាញជំនាញមន្ទីរប្រឆាំងគ្រឿងញៀន កសាង​សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ តារាវុទ្ធី

យប់ថ្ងៃទី២៧មេសា សមត្ថកិច្ចពិនិត្យឃើញយានយន្តបើកបរល្មើសជាតិស្រវឹង ៨០គ្រឿង

2024/04/28 04:52:09 pm        346
កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តការយកចិត្តទុកដាក់ ក្នុង​ការ​ដាក់​គោល​ដៅតាមដងផ្លូវនានា ដើម្បីអនុវត្តច្បាប់រឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួត​ពិនិត្យ​ជាតិ​អាល់កុល នាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ជាក់ស្តែងត្រឹមតែមួយយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នគរបាលបានឃាត់យានយន្តល្មើស ចំនួន ៨៥គ្រឿង( រថយន្ត ៤៩ គ្រឿង, ម៉ូតូ ៣៦ គ្រឿង ) ។ ចំពោះ​យានយន្តជាតិស្រវឹងមាន៨០គ្រឿង និង០៥គ្រឿតទៀត គឺមិនពាក់មួកសុវត្ថិភាព។ ក្នុង​ចំណោម​យាន​យន្ត​ទាំង ៨០គ្រឿង មាន៣២គ្រឿង ដែលបើក​បរ​មាន​កម្រិត​ជាតិ​ស្រវឹង​ចាប់​ពី​០.២៥ - ០.៣៩ mg/Lឡើង ដោយមានអ្នកបើកបរម៉ូតូចំនួន០៩នាក់ និង​អ្នក​បើកបរ​រថយន្ត​២៣​នាក់​ ។ ដោយឡែកចំពោះអ្នកបើកបរក្នុងកម្រិតជាតិស្រវឹងចាប់ពី ០.៤០ mg/L ឡើង មានចំនួន៤៨នាក់ ដោយអ្នកបើកបរម៉ូតូមាន ២២នាក់ និងអ្នកបើកបររថយន្តមាន២៦នាក់ ៕ លីហេង

ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា

2024/04/27 11:37:56 pm        445
ប្រជាជនជប៉ុន ជាច្រើនកាលពីថ្ងៃសុក្រ (២៦ មេសា) បានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងការជួបជុំមួយក្នុងទីក្រុងតូក្យូ ដើម្បីថ្កោលទោសការបង្ហូរសំណល់ទឹកដែលបំពុលដោយនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ។ស្របពេលជុំទីប្រាំនៃការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ដែលបានខូចខាតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា ហើយនឹងបន្តរហូតដល់ថ្ងៃទី០៧ ខែឧសភា ប្រជាជនជប៉ុន បាននាំគ្នាចេញតវ៉ាតាមដងផ្លូវម្តងទៀតដោយកាន់ផ្ទាំងបដាប្រឆាំងនឹងការបង្ហូរទឹកនេះ។ក្រុមអ្នកតវ៉ាបាននិយាយថា ប្រតិបត្តិកររោងចក្រគឺក្រុមហ៊ុនអគ្គិសនីតូក្យូ (TEPCO) បានបរាជ័យក្នុងការដោះស្រាយវិបត្តិនេះឱ្យបានត្រឹមត្រូវ។ អ្នកស្រុកនៅខេត្ត ហ៊្វូគូស៊ីម៉ា ដែលត្រូវបានផ្លាស់ទីលំនៅដោយសារគ្រោះថ្នាក់នុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដ៏មហន្តរាយក៏បានចូលរួមក្នុងការតវ៉ានេះផងដែរ។ពួកគេបានសម្តែងការព្រួយបារម្ភលើការដោះស្រាយរបស់ប្រតិបត្តិករ TEPCO ចំពោះផលវិបាកនៃឧបទ្ទវហេតុនុយក្លេអ៊ែរ ប្រតិបត្តិករ រួមទាំងដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់នុយក្លេអ៊ែរ និងការកសាងរោងចក្រនុយក្លេអ៊ែរនោះឡើងវិញ។នៅខែសីហា ឆ្នាំ២០២៣ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញសំណល់ទឹកនុយក្លេអ៊ែរពីរោងចក្រ ហ៊្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទោះបីជាមានការជំទាស់ម្តងហើយម្តងទៀតពីរដ្ឋាភិបាល និងសហគមន៍ ក្រុមបរិស្ថាន អង្គការមិនមែនរដ្ឋាភិបាល និងចលនាប្រឆាំងនុយក្លេអ៊ែរនៅក្នុងប្រទេសជប៉ុន និងតំបន់ប៉ាស៊ីហ្វិកក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM