កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រ ជាតិICCOS
បណ្តេញជនជាតិថៃ ១១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត
ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រយៈពេល៣ឆ្នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេស​ខុសច្បាប់ចេញពីកម្ពុជាមានជាង ៧ម៉ឺននាក់

សន្តិសុខ និង សង្គម

ក្រុមបាតុករប៉ះទង្គិចគ្នាជាមួយនគរបាលនៅប្រទេសនេប៉ាល់ ជុំវិញការទាមទារឱ្យមានការរៀបចំរដ្ឋឡើងវិញ

2024/04/07 04:53:30 pm        106
ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី កាតាម៉ាន់ឌូ (Kathmandu) របស់ប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍ ៦ មេសា បន្ទាប់ពីក្រុមបាតុករទាមទារឱ្យមានការរៀបចំរដ្ឋឡើងវិញ បានប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។ អតីតឧបនាយករដ្ឋមន្រ្ដី លោក រ៉ាចេនដ្រា ម៉ាហាតូ (Rajendra Mahato) បានអំពាវនាវឱ្យមានការហែក្បួនគាំទ្រសម្រាប់ការទទួលស្គាល់រដ្ឋ ដែលមានមូលដ្ឋានលើជនជាតិភាគតិច ប៉ុន្តែអ្វីៗបានប្រែក្លាយជាហិង្សា នៅពេលដែលក្រុមបាតុករចូលទៅក្នុងតំបន់ហាមឃាត់ដែលត្រូវបានការពារដោយកងកម្លាំងនគរបាល។ ភ្លាមៗនោះ ក្រុមបាតុករបានទំលាយរនាំង និងគប់ដុំថ្មទៅលើនគរបាល បន្ទាប់មកពួកគេត្រូវបានបំបែកដោយប្រើប្រាស់ដំបងឆក់ ដំបង និងកាណុងបាញ់ទឹក។ តាមសេចក្តីរាយការណ៍ មនុស្ស៦នាក់ រួមទាំងនគរបាល២នាក់ បានរងរបួសក្នុងឧបទ្ទវហេតុនេះ ខណៈមនុស្ស៤នាក់ ត្រូវបានចាប់ខ្លួនពីបទញុះញង់ឲ្យមានអំពើហិង្សានៅក្នុងតំបន់នេះ៕

រុស្ស៊ីជម្លៀសមនុស្សជាង ៤.០០០នាក់ ក្រោយបាក់ទំនប់ទឹក បង្កជាទឹកជំនន់ជិតព្រំដែន កាហ្សាក់ស្ថាន

2024/04/07 04:20:39 pm        149
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានជម្លៀសមនុស្សជាង ៤.០០០នាក់នៅក្នុងតំបន់ អូរ៉េនប៊ើក(Orenburg)ក្បែរព្រំដែនរបស់ប្រទេស កាហ្សាក់ស្ថាន ដោយសារទឹកជំនន់ បន្ទាប់ពីបាក់ទំនប់ទឹក។ការិយាល័យអភិបាលខេត្ត អូរ៉េនប៊ើក បាននិយាយកាលពីចុងសប្ដាហ៍នេះថា មនុស្សចំនួន ៤.២០៨នាក់ រួមទាំងកុមារចំនួន១.០១៩នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ហើយផ្ទះសម្បែងប្រជាពលរដ្ឋ ជាង ២.៥០០ខ្នង ត្រូវបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីបាក់ទំនប់វារីអគ្គិសនី កាលពីថ្ងៃសុក្រ ទី៥មេសា ក្រោយមានភ្លៀងធ្លាក់ខ្លាំង។ អភិបាលក្រុង លោក ដេនីស ផាស្ល័រ (Denis Pasler) បាននិយាយថា ទឹកជំនន់បានឈានដល់ កម្រិតធ្ងន់ធ្ងរបំផុត ដោយបន្ថែមថា ស្ថានភាពពិតជាលំបាក ជាពិសេសនៅក្នុងទីក្រុង អស (Orsk) ជាទីក្រុងជាប់ព្រំដែន ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ២៣០.០០០នាក់ ។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថាមនុស្សប្រហែល ២.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅក្នុងទីក្រុង អស (Orsk)តែមួយគត់ ។ ទីក្រុងនេះ មានទីតាំងនៅតំបន់ អូរ៉េនប៊ើក (Orenburg) នៃភ្នំអ៊ូរ៉ាល់(Ural) ។ប៉ុន្តែក្រុមអាជ្ញាធរបាននិយាយថា ស្ថានភាពលំបាកនៅទូទាំងតំបន់ ហើយបានព្រមានពីកម្រិតទឹកដ៏គ្រោះថ្នាក់នៅលើទន្លេ អ៊ូរ៉ាល់ (Ural) នៅក្នុងទីក្រុងសំខាន់ អូរ៉េនប៊ើក (Orenburg)៕

មនុស្សពីរនាក់ស្លាប់ និងប្រាំពីរនាក់ រងរបួសក្នុងការបាញ់ប្រហារនៅក្លិបកម្សាន្តម៉ាទីនី ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក

2024/04/07 04:17:23 pm        106
នគរបាលបាននិយាយថា មនុស្សពីរនាក់បានស្លាប់ និង៧ នាក់បានរងរបួស រួមទាំងមន្រ្តីនគរបាលម្នាក់ផងដែរ អំឡុងការបាញ់ប្រហារនៅក្លិបកម្សាន្តម៉ាទីនី (martini bar) ក្នុងទីក្រុង Doral រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសៅរ៍ ៦ មេសា។ ការបាញ់ប្រហារនេះ បានកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ហើយបុគ្គលម្នាក់បានដកអាវុធ រួចបាញ់សម្លាប់សន្តិសុខម្នាក់ ដែលបានឃាត់សកម្មភាពរបស់ខ្មាន់កាំភ្លើងរូបនោះ។ នគរបាលបាននិយាយថា មនុស្សប្រាំមួយនាក់ដែលត្រូវបានគេបាញ់នោះ គឺជាអ្នកឈរមើលហេតុការណ៍ ហើយនគរបាលម្នាក់ត្រូវបានបាញ់ចំជើង។ពុំទាន់មានការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនដៃដល់នៅឡើយទេ។យោងតាមវិទ្យាស្ថាន វាស់ស្ទង់និងការវាយតម្លៃសុខភាព នៅសាកលវិទ្យាល័យវេជ្ជសាស្រ្តវ៉ាស៊ីនតោន ( Washington School of Medicine) សហរដ្ឋអាមេរិក មានកម្រិតខ្ពស់បំផុតនៃអំពើហិង្សាដោយអាវុធក្នុងចំណោមប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលមានប្រជាជនលើសពី១០ លាននាក់៕

ពលរដ្ឋអ៊ីស្រាអែល តវ៉ាប្រឆាំងលោក Netanyahu ខណៈសង្រ្គាមហ្កាហ្សា ឈានដល់រយៈពេលកន្លះឆ្នាំ

2024/04/07 04:05:47 pm        165
ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានតវ៉ាប្រឆាំងលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅថ្ងៃចុងសប្ដាហ៍នេះ ស្របពេលសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាឈានដល់រយៈពេលកន្លះឆ្នាំពេញ។ក្រុមអ្នករៀបចំបាននិយាយថា មនុស្សប្រហែល ១០០.០០០នាក់ បានជួបជុំគ្នានៅផ្លូវបំបែកទីក្រុង Tel Aviv ដែលត្រូវបានប្តូរឈ្មោះជា ទីលានប្រជាធិបតេយ្យវិញ ចាប់តាំងពីការតវ៉ាដ៏ធំប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ដោយស្រែកថា រៀបចំការបោះឆ្នោតឥឡូវនេះ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោក Benjamin Netanyahu លាលែងពីតំណែង ខណៈសង្រ្គាមនៅដែនដី ហ្កាហ្សា ឈានចូលដល់ខែទីប្រាំពីរនៅថ្ងៃអាទិត្យទី៧មេសា។ការប្រមូលផ្តុំគ្នាក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងទីក្រុងផ្សេងៗ ដោយមេដឹកនាំប្រឆាំងរបស់អ៊ីស្រាអែលលោក យ៉ែរ ឡាពីដ (Yair Lapid)កំពុងចូលរួមនៅក្នុងទីក្រុង ហ្វា សាបា(Kfar Saba) មុនពេលលោកធ្វើដំណើរទៅចូលរួមកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន។លោកបានថ្លែងនៅក្នុងការជួបជុំនោះថា ពួកគេមិនបានដឹងអ្វីទេ ពួកគេមិនបានផ្លាស់ប្តូរទេ។ដរាបណាយើងមិនអាចនាំចំណាប់ខ្មាំងទាំងនោះត្រឡប់មកផ្ទះវិញ ពួកគេនឹងមិនផ្តល់ឱកាសឱ្យប្រទេសនេះដើរទៅមុខឡើយ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងក្រុមបាតុករ និងកងកម្លាំងនគរបាលនៅឯការប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ហើយនគរបាលបាននិយាយថា អ្នកតវ៉ាម្នាក់ត្រូវបានចាប់ខ្លួន។ក្រោយមក ក្រុមអ្នកតវ៉ានៅទីក្រុង Tel Aviv ត្រូវបានចូលរួមដោយក្រុមគ្រួសារចំណាប់ខ្មាំង ហ្កាហ្សានិងក្រុមអ្នកគាំទ្ររបស់ពួកគេ៕

អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងលួចបើកល្បែង ចាក់ឆ្នោតវៀតណាម ឃាត់ម្ចាស់ទីតាំងម្នាក់

2024/04/07 02:37:37 am        204
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានឆ្មក់ចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមមួយកន្លែងនិងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់និងដករហូតវត្ថុតាងមួយចំនួន។ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅផ្ទលេខ២៤ ផ្លូវលេខ២២៦ កែង ផ្លូវ២២៣ ក្រុមទី៤៨ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។តាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថាក្រោយទទួលបានព័ត៌មាននិងសេចក្ដីរាយការណ៍ អាជ្ញាធរខណ្ឌទួលគោកបានចាត់កម្លាំងចុះស្រាវជ្រាវរួចក៏បានដាក់កម្លាំងចុះឆ្មក់បង្ក្រាបជាក់ស្ដែងតែម្ដង។ ក្នុងប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួន ស្ត្រីម្នាក់ ដែលមើលការខុសត្រូវនៅទីតាំងនេះ និងដកហូតក្រដាសចុងសន្លឹកឆ្នោតវៀតណាម មួយចំនួន។បច្ចុប្បន្នស្ត្រីម្នាក់មើលការខុសត្រូវនៅទីតាំង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆេះក្លឹបកម្សាន្ដ ស៊ីនហាយ ស្ទើរតែទាំងស្រុង

2024/04/07 12:45:01 am        176
ព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះក្លឹបកម្សាន្ដ ស៊ីនហាយ (ខារ៉ាអូខេ សៀងហៃ) ដែលស្ថិត​នៅ​ក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជិតរង្វង់មូលតោពីរ បណ្ដាលឱ្យខូចខាត​សម្ភារៈ​ស្ទើរ​តែ​ទាំង​ស្រុង។ គ្រោះអគ្គិភ័យនេះបានកើតឡើងនារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ កម្លាំងចម្រុះ មាន​ទាំង​រថយន្ត​ពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត អាវុធហត្ថខេត្ត ង៧០ កំពង់ផែស្វ័យត្ន ក្រុមហ៊ុនGTVC និង​រថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះកងកេងផងដែរ បានចូលរួម​គ្នា​ជួយ​អន្ត​រាគមន៍​ពន្លត់​ភ្លើង​នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការពន្លត់កម្លាំងចម្រុះ​បាន​ប្រើប្រាស់​ទឹក​ពន្លត់​អគ្គិភ័យ​ឲ្យ​រលត់​ទៅ​វិញ​ប្រើអ​ស់ពេលប្រមាណ ៣ម៉ោង ប៉ុន្តែពុំទាន់អាចបញ្ជាក់បានពីរបាយការណ៍ជាក់លាក់ថា ទំហំ​នៃការឆាបឆេះនេះអស់ប៉ុន្មាន មានមនុស្សរងគ្រោះឬអត់ និងពុំទាន់អាចបញ្ជាក់ថា ការឆេះ​នេះ​បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងធ្វើការ។គួររំឭកផងដែរថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ទីតាំងខារ៉ាអូខេនេះ (ស៊ិន ហាយ) បាន​បិទ​ទ្វារ​មកទល់បច្ចុប្បន្ន ដោយសារបើកបន្ទប់ KTV ពាក់ព័ន្ធនឹងគ្រឿងញៀនជាដើម ហើយពេ​ល​នោះ​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធថ្នាំញៀន និងវត្ថុតាង​បញ្ជូ​ន​ទៅ​តុលា​ការ​ផង​ដែរ​៕ គង់ ប៊ុនថា

លុយប្រហែល ៣០ លានដុល្លារត្រូវបានចោរលួចពីឃ្លាំងទុកប្រាក់ក្នុងក្រុង Los Angeles របស់អាមេរិក

2024/04/05 08:43:11 pm        157
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថា នគរបាល និងការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស៊ើបអង្កេតការលួចប្រាក់ក្នុងចំនួនរហូតដល់ ៣០ លានដុល្លារអាមេរិក ពីឃ្លាំងទុកប្រាក់ក្នុងទីក្រុង ឡូសអែនជើលេស (Los Angeles) ដែលជាទីក្រុងធំទីពីរនៅក្នុងសហរដ្ឋអាមេរិក។ប្រភពពីសមត្ថកិច្ចបានប្រាប់ស្ថានីយទូរទស្សន៍ KABC ក្នុងស្រុកថា ចោរកម្មនេះបានកើតឡើងនៅឃ្លាំង ហ្កាដាវើល (GardaWorld) ក្នុងតំបន់ ស៊ីលម៉ា (Sylmar) ដែលជាសង្កាត់ជាយក្រុងក្នុងជ្រលងភ្នំ សាន ហ្វើណានដូ (San Fernando) កាលពីថ្ងៃអាទិត្យ អំឡុងពេលបុណ្យអ៊ីស្ទើរ (Easter) ហើយការលួចនេះគឺជាចោរកម្មដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ។របាយការណ៍បាននិយាយថា ចោរបានលួចចូលក្នុងឃ្លាំងនោះដោយមិនត្រូវប្រព័ន្ធសំឡេងរោទិ៍អាសន្នចាប់បាន ដោយឆ្លងកាត់ដំបូលអគារ ហើយចូលទៅកន្លែងស្តុកលុយ។របាយការណ៍បន្ថែមថា ការចូលលួចនេះបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ នៅឯកន្លែងដែលសាច់ប្រាក់ពីអាជីវកម្មទូទាំងតំបន់ត្រូវបានគ្រប់គ្រង និងរក្សាទុក ដោយបន្ថែមថាការទម្លុះចូលនេះមានភាពល្អិតល្អន់ ហើយធ្វើឡើងដោយក្រុមចោរមានបទពិសោធន៍ ដែលដឹងពីមធ្យោបាយដើម្បីលួចចូលដោយសុវត្ថិភាព និងដឹងពីទីតាំងដែលមិនមាននរណាម្នាក់កត់សម្គាល់៕

មនុស្ស ២៨នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចដោយពួកសកម្មប្រយុទ្ធនៅភាគអាគ្នេយ៍អ៊ីរ៉ង់

2024/04/05 08:39:41 pm        181
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមមួយបានផ្ទុះឡើងនៅក្នុងខេត្ត ស៊ីស្ថាន និង បាឡូចឈីស្ថាន (Sistan and Baluchestan) ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃពុធ (០៣ មេសា) ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៨ នាក់បាត់បង់ជីវិត។អំពើហឹង្សាបានផ្ទុះឡើងនៅពេលដែលសមាជិកនៃក្រុមសកម្មប្រយុទ្ធ ចាអ៊ីស អាល់ហ្ស៊ូម (Jaish al-Zulm) បានបើកការវាយប្រហារដោយសម្របសម្រួលលើមូលដ្ឋានយោធា និងនគរបាលនៅទូទាំងតំបន់។ យោងតាមរបាយការណ៍បានឱ្យដឹងថា ការវាយប្រហារនេះបានកំណត់គោលដៅលើប៉ុស្តិ៍យោធាដែលជាកម្មសិទ្ធិរបស់អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក្នុងតំបន់ រ៉ាសក៍ (Rask) រួមជាមួយនឹងទីស្នាក់ការកណ្តាលអង្គភាពឆ្មាំបដិវត្តន៍ IRGC និងប៉ុស្តិ៍នគរបាលឆ្មាំល្បាតឆ្នេរនៅតំបន់ ឆាបាហា (Chabahar)។ការប្រឈមមុខដាក់គ្នានេះបានឆក់យកជីវិតពួកសកម្មប្រយុទ្ធ ១៨ នាក់ និងបុគ្គលិកសន្តិសុខ ១០ នាក់ នេះបើយោងតាម IRNA ដោយបន្ថែមថាការប៉ះទង្គិចគ្នាបានបញ្ចប់ ហើយសណ្តាប់ធ្នាប់ត្រូវបានស្ដារឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ក្រុម ចាអ៊ីស អាល់ហ្ស៊ូម ដែលត្រូវបានចាត់តាំងជាអង្គការភេរវករដោយប្រទេសអ៊ីរ៉ង់ បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារមុនៗជាច្រើន ដែលផ្តោតលើកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងជនស៊ីវិល។ សកម្មភាពរបស់ក្រុមនេះបានជំរុញឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងបានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខរបស់អ៊ីរ៉ង់៕

ប្រជាជនហៃទី ព្យាយាមរត់គេចពីភាពអនាធិបតេយ្យ ខណៈបណ្ដាប្រទេសជិតខាងបង្កើនកម្លាំងយោធា

2024/04/05 08:37:05 pm        111
ដោយមិនទាន់មានសញ្ញានៃក្រុមប្រឹក្សាអន្តរកាល ដែលបានសន្យាបង្កើតជាយូរដើម្បីដឹកនាំនៅក្នុងការដាក់ពង្រាយកងទ័ពអន្តរជាតិ និងការស្តារសណ្តាប់ធ្នាប់ឡើងវិញនោះ ប្រជាជនហៃទី កំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសតាមដែលអាចធ្វើបាន។ ក្រុមជនអន្ធពាលដ៏ហិង្សា បានចូលកាន់កាប់តំបន់ជាច្រើននៃរដ្ឋធានីហៃទី សម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំមនុស្សរាប់លាននាក់ឱ្យស្ថិតក្នុងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការរឹតបន្តឹងសន្តិសុខពីប្រទេសជិតខាង។អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រនៅទីក្រុងព័រអូប្រាំង ត្រូវបានបិទអស់រយៈពេលមួយខែ ដោយសារសកម្មភាពគ្មានសណ្ដាប់ធ្នាប់របស់ក្រុមជនអន្ធពាល ខណៈអាកាសយានដ្ឋាននៅភាគខាងជើងនៃទីក្រុង កេប-ហៃត្យុង (Cap-Haitien) បានចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់ទីក្រុង ម៉ៃអាមី (Miami) សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលជំរុញឱ្យមនុស្សជាច្រើនព្យាយាមចាកចេញ។បណ្ដាប្រទេសជិតខាងបានពង្រឹងវិធានការសន្តិសុខតាមព្រំដែន រួមទាំងសាធារណរដ្ឋដូមីនីក ដែលជាប្រទេសតែមួយគត់មានព្រំដែនគោកជាមួយហៃទី ហើយដែលបានច្រានចោលមិនឱ្យមានជំរំជនភៀសខ្លួននៅលើទឹកដីរបស់ខ្លួន និងបាននិរទេសមនុស្សរាប់ម៉ឺននាក់ចេញពីប្រទេស។នៅក្នុងការលើកឡើងដែលចេញផ្សាយដោយរដ្ឋាភិបាល ដូមីនីក កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសដូមីនីក លោក រ៉ូប៊ឺតតូ អាល់វ៉ារ៉េស (Roberto Alvarez) បានប្រាប់សារព៏ត៌មាន BBC ថា បុគ្គលិកយោធាប្រហែល ១០.០០០ នាក់ត្រូវបានគេដាក់ពង្រាយទៅកាន់ព្រំដែនជិត ៤០០ គីឡូម៉ែត្ររបស់ខ្លួន ដែលជា «បន្ទុកដ៏ធ្ងន់» ដល់ថវិកាជាតិ និងរំខានដល់ពាណិជ្ជកម្មឆ្លងព្រំដែន៕

នាវាចម្បាំងដាណឺម៉ាក បានជួបបញ្ហាដោយសារប្រព័ន្ធសព្វាវុធមួយចំនួនមិនដំណើរការ ក្នុងការប្រយុទ្ធនៅសមុទ្រក្រហម

2024/04/05 08:32:47 pm        173
ប្រធានក្រុម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងដាណឺម៉ាកមួយគ្រឿង ដែលត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រក្រហម ជាផ្នែកមួយនៃប្រតិបត្តិការដែលដឹកនាំដោយសហរដ្ឋអាមេរិក បានជួបបញ្ហាដោយសារប្រព័ន្ធអាវុធរបស់ខ្លួនមិនដំណើរការ នៅពេលដែលត្រូវបានវាយប្រហារដោយដ្រូនប្រតិបត្តិការដោយក្រុមសកម្មប្រយុទ្ធហ៊ួទី កាលពីខែមុន ខណៈដែលនាវានេះ បានទៅដល់ប្រទេសដាណឺម៉ាក។ការបរាជ័យដែលរហូតមកដល់ថ្ងៃព្រហស្បតិ៍ទើបតែ ត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយការពារជាតិក្នុងស្រុក Olfi ដោយដកស្រង់របាយការណ៍សម្ងាត់របស់នាវានេះ បានជំរុញឲ្យរដ្ឋាភិបាលបណ្តេញ មន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួន គឺលោកFlemming Lentfer កាលពីថ្ងៃពុធ។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Troels Lund Poulsen បាននិយាយថា ការបណ្តេញចេញនេះ គឺជាលទ្ធផលនៃការរំលោភលើទំនុកចិត្ត បន្ទាប់ពីលោក Lentfer ខកខានមិនបានជូនដំណឹងដល់ក្រសួងឲ្យបានលម្អិតអំពីឧប្បត្តិហេតុ កាលពីថ្ងៃទី៩ ខែមីនា នៅពេលដែលនាវាចម្បាំង Iver Huitfeldt ត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហ៊ួទី។ប្រធានក្រុមនាវា និងជាមេបញ្ជាការ លោក Sune Lund បានប្រាប់សារព័ត៌មានរ៉យទ័រថា ទោះបីជាមានដំណើរការខុសប្រក្រតីក៏ដោយ ក៏នាវាចម្បាំងនេះ បានបាញ់ទម្លាក់យានដ្រូនចំនួន ៤គ្រឿង។លោក Lund បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា៖«យើងមានប្រព័ន្ធមួយចំនួនមិនដំណើរការ ឬការខូចប្រព័ន្ធ ដែលបានបង្កជាឧបសគ្គតិចតួចដល់ការចូលរួមរបស់យើង»។"ប៉ុន្តែនៅពេលដែលមិនមានការចូលរួមនោះ គឺយើងមិនត្រូវបានគេការពារទេ។ យើងមានតម្រូវការចាំបាច់ ដូច្នេះយើងអាចបន្តប្រយុទ្ធ និងបញ្ឈប់ការគំរាមកំហែងនេះ»។កងកម្លាំងប្រដាប់អាវុធ បានបង្ហោះវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីការបាញទម្លាក់យានដ្រូន ជាលើកដំបូងដែលនាវាចម្បាំងរបស់ដាណឺម៉ាក បានធ្វើការប្រយុទ្ធដោយផ្ទាល់ ចាប់តាំងពីឆ្នាំ ១៩៤៣។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនអន្តោប្រវេសន៍បន្តជាប់ខ្លួនលើដែនដី Ceuta របស់អេស្ប៉ាញ ខណៈប្រតិបត្តិការចាប់ផ្តើម ដើម្បីពង្រីកជម្រកបណ្តោះអាសន្ន
09/20/2026 02:09 PM
យុវជនសុទ្ធតែជាកម្មកររ៉ែ ៣៧នាក់ ដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់យោធានៅនីហ្សេរីយ៉ា
09/20/2026 02:09 PM
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់ ក្នុងរយៈពេល៣ឆ្នាំ
09/20/2026 01:09 PM
ក្រសួងការងារ ជំរុញការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងការប្រកួតប្រជែង និងការងារសមរម្យ
09/20/2026 01:09 PM
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក អញ្ជើញបិទសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្រពាំងពិការ» និងប្រកាសដាក់ឱ្យដំណើរការ «ភូមិមិត្តភាព» តំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍សហគមន៍ព្រៃឈើត្រពាំងពិការ
09/20/2026 12:09 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងបណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជន
09/20/2026 12:09 PM
សម្តេច ម៉ែន សំអន៖ «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និង​ក្លាយ​ជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»
09/20/2026 11:09 AM
គ្រួសារដែលរងគ្រោះដោយការបាក់ស្រុតច្រាំងក្នុងស្រុកស្រីសន្ធរ​ បានទទួលអំណោយពីសម្ដេចធិបតី នាយករដ្ឋមន្រ្ដី
09/20/2026 11:09 AM
រដ្ឋបាលខេត្តត្បូងឃ្មុំបិទផ្សាយទិន្នន័យការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតំបន់វិនិច្ឆ័យ
09/20/2026 11:09 AM
​ អភិបាលខេត្តកំពត៖ ប្រធានមន្ទីរល្អ ត្រូវចេះទាំងការងារដឹកនាំ និងការងារគ្រប់គ្រង
09/20/2026 11:09 AM