អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ

សន្តិសុខ និង សង្គម

ការនាំចូលអាវុធរបស់វៀតណាម ធ្លាក់ចុះដល់កម្រិតមួយ ទោះបីជាមានភាពតានតឹងក្នុងតំបន់ក៏ដោយ

2024/03/14 12:56:26 pm        111
ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានបង្ហាញថា ការនាំចូលអាវុធរបស់វៀតណាមកាលពីឆ្នាំមុន បានធ្លាក់ចុះដល់កម្រិតមួយ ខណៈដែលខ្លួនបានធ្វើការដើម្បីពង្រីកការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ខណៈពេលដែលអ្នកជំនាញ បានព្រមានថា ប្រទេសនេះ អាចងាយរងគ្រោះក្នុងអំឡុងពេលជម្លោះក្នុងតំបន់។ទោះបីជាមានការប៉ាន់ប្រមាណថវិកាជាងមួយពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការនាំចូលអាវុធកាលពីឆ្នាំមុនក៏ដោយ ប្រទេសវៀតណាម មិនបានបញ្ជាទិញធំៗថ្មីទេ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយក្រុមការពារជាតិនៃវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិStockholm(SIPRI)។ទិន្នន័យនោះ បង្ហាញថា ការផ្តល់ឲ្យដ៏សំខាន់ គឺនាវាចម្បាំងធុនតូច ដែលត្រូវបានផ្តល់ជំនួយដោយប្រទេសឥណ្ឌា ហើយការនាំចូលអាវុធក្នុងឆ្នាំ២០២៣របស់វៀតណាម មានបរិមាណទាបបំផុត ចាប់តាំងពីឆ្នាំ ២០០៧- ឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19។ក្រុមអ្នកជំនាញផ្នែកការពារជាតិ បាននិយាយថា ចំពេលមានភាពតានតឹង កើនឡើងរវាងចិន និងកោះតៃវ៉ាន់ និងការប៉ះទង្គិចជាញឹកញាប់នៅសមុទ្រចិនខាងត្បូងរវាងនាវាចិន និងនាវាមកពីមហាអំណាច ក្នុងតំបន់ផ្សេងទៀត វៀតណាមដែលគ្រប់គ្រងដោយកុម្មុយនីស្ត ខ្វះសព្វាវុធទំនើបគ្រប់គ្រាន់ ដើម្បីការពារខ្លួនក្នុងជម្លោះទ្រង់ទ្រាយធំ។លោក Carl Thayer អ្នកជំនាញជាន់ខ្ពស់ផ្នែកសន្តិសុខវៀតណាមនៅបណ្ឌិតសភាកងកម្លាំងការពារអូស្ត្រាលីនៅទីក្រុងកង់បេរ៉ា បានបញ្ជាក់ថា៖«ភាពខុសគ្នានៃអំណាចយោធាធម្មតា នឹងធ្វើឲ្យឥទ្ធិពលរបស់ ប្រទេសចិនកើនឡើង ប្រសិនបើវៀតណាម នៅបន្តធ្វើសកម្មភាពតាមទម្លាប់»។រដ្ឋាភិបាលវៀតណាម បានបដិសេធមិនធ្វើអត្ថាធិប្បាយលើមូលហេតុនៃការធ្លាក់ចុះជាក់ស្តែងនោះទេ។ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ បាននិយាយកាលពីខែមករាថា ប្រទេសនេះ បានឈានដល់កិច្ចព្រមព្រៀងជាច្រើន នៅឯពិព័រណ៍យោធាក្នុងខែធ្នូ ឆ្នាំ ២០២២ ប៉ុន្តែក្រសួងការពារជាតិ មិនបានបញ្ជាក់លម្អិតនោះទេ។

អ៊ីស្រាអែល និយាយថា ខ្លួនកំពុងព្យាយាមឲ្យមានការដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា

2024/03/14 12:52:51 pm        61
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងព្យាយាមឲ្យមានការដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈសម្ពាធអន្តជាតិកាន់តែធ្ងរឲ្យដោះស្រាយវិបត្តិមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីមួយនេះ។លោកឧត្ដមនាវី ដានីញែល ហាការី (Daniel Hagari) បាននិយាយថា អ៊ីស្រាអែលនឹងសម្របសម្រួលក្បួនរថយន្តដឹកជំនួយបន្ថែមទៀត បន្ទាប់ពីផ្លូវដីថ្មីមួយបានបើកដើម្បីដឹកជញ្ជួនជំនួយស្បៀងអាហារចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង។អង្គការសហប្រជាជាតិបានព្រមានថា តំបន់ហ្កាហ្សា ដែលកំពុងរងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមជាមួយក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ កំពុងធ្លាក់ចូលក្នុងហានីភ័យគ្រោះទុរ្ភក្ស។ ចំណែកទីក្រុងព្រុចសែល វិញ បាននិយាយថា ភាពអត់ឃ្លានកំពុងត្រូវគេប្រើប្រាស់ជាអាវុធសង្រ្គាមនៅក្នុងដែនដីមួយនេះ។ ប្រធានគោលនយោបាយសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា កាលពីដំបូងឡើយ ផ្លូវដីនានា ត្រូវបានបិទមិនឲ្យមានការដឹកជញ្ជូនជំនួយចូល។ អង្គការសហប្រជាជាតិបាននិយាយថា ការប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់បែកនៅតែបន្ត ព្រមទាំងការបិទព្រំដែន និង អសុវត្ថិភាព បានបង្កការលំបាកដល់ប្រតិបត្តិការដឹកជំនួយ។ កាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែលលោក Hagari លើកឡើងថា នឹងផ្លូវមួយចំនួនទៀតអាចនឹងបើក យើងកំពុងជួយសម្របសម្រួលតំបន់នេះ ជាមួយនឹងជំនួយមនុស្សធម៌។ អ្នកនាំពាក្យរូបនេះបានប្រកាសកាលពីថ្មីៗនេះថា រថយន្តដឹកជំនួយចំនួន៦គ្រឿង បានចូលតាមច្រកទី៩៦ ក្នុងរបងព្រំដែនតំបន់ហ្កាហ្សា ជិតតំបន់គីបបាស បេអ៊ីរី (Kibbutz Be'eri) ក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ៕

អ្នកតវ៉ារាប់រយនាក់បានបិទអាកាសយានដ្ឋាន San Francisco នៅអាមេរិក ទាមទារឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍នៅហ្កាហ្សា

2024/03/14 12:48:40 pm        50
អ្នកតវ៉ាប្រឆាំងសង្រ្គាមរាប់រយនាក់ ដែលកំពុងទាមទារឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍មួយក្នុងតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបញ្ចប់ការផ្ដល់ជំនួយផ្នែកយោធារបស់អាមេរិកសម្រាប់អ៊ីស្រាអែល បានបិទច្រកអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិ San Francisco កាលពីថ្ងៃពុធទី១៣មីនា។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីក្រុមអ្នកតវ៉ាកាន់បដា អមដោយសារដូចជា ត្រូវមានបទប់បាញ់អចិន្ត្រៃយ៍ឥឡូវនេះ បញ្ឈប់ពិភពលោកសម្រាប់ហ្កាហ្សា បញ្ចប់ការផ្ដល់អាវុធឲ្យអ៊ីស្រាអែល។ សារព័ត៌មាន ABC News បានដាក់ចំនួនអ្នកតវ៉ាប្រមាណជាង៣០០នាក់។ ក្រុមមន្ត្រីអាកាសយានដ្ឋាន បាននិយាយថា ច្រកអន្តរជាតិនេះ នៅតែបើក ប៉ុន្តែក្រុមអ្នកដំណើរបានប្ដូរផ្លូវផ្សេង។ ក្រុមសកម្មជនបានបិទផ្លូវនៅខាងក្រៅអាកាសយានដ្ឋានដែរ។ ក្រុមអ្នកដំណើរដែលគ្រោងទៅកាន់ច្រកនោះ ត្រូវបានគេប្រាប់ឲ្យចុះនៅមជ្ឈមណ្ឌលជួលរថយន្ត និងជិះរថភ្លើងលើផ្លូវអាកាសដើម្បីទៅកាន់ច្រកនោះ។ គេពុំបានដឹងទេថាតើមានការពន្យាពេលជើងហោះហើរឬអត់។ ការតវ៉ាទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានកើតឡើង នៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងនៅជិតអាកាសយានដ្ឋាន និងស្ពាននានាក្នុងទីក្រុង New York និងទីក្រុង Los Angeles នៅខាងក្រៅសេតវិមាន និងបានហែក្បួននានានៅក្នុងទីក្រុង Washingtonទៀតផង៕

នគរបាលប្រទេសប៉េរូ ចាប់ខ្លួនមនុស្ស១៨នាក់ ក្នុងការបង្ក្រាបការជួញដូរអាវុធ

2024/03/14 12:43:29 pm        62
នគរបាលប្រទេសប៉េរូ រាប់រយនាក់បានឆ្មក់ចូលទីតាំងរាប់សិបកន្លែងនៅទូទាំងប្រទេស កាលពីថ្ងៃពុធ ទី១៣ ខែមីនា ដោយចាប់ខ្លួនមនុស្ស ១៨ នាក់ ជាផ្នែកមួយនៃការស៊ើបអង្កេតលើការជួញដូរអាវុធខុសច្បាប់ និងការជាប់ពាក់ព័ន្ធក្នុងការសម្លាប់បេក្ខជនប្រធានាធិបតីប្រទេសអេក្វាឌ័រ កាលពីឆ្នាំមុន។លោក ចច ឆាវ៉េស (Jorge Chavez) ប្រធានការិយាល័យរដ្ឋអាជ្ញាប្រទេសប៉េរូ ប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក បាននិយាយថា នៅក្នុងប្រតិបត្តិការធំ មន្ត្រីប្រហែល ៧០០នាក់ បានវាយឆ្មក់ចូលលំនៅឋាន និងការិយាល័យច្រើនកន្លែង ក្នុងសង្កាត់ចំនួន ៤ ក្នុងរដ្ឋធានី Lima និងក្នុងតំបន់ ទូមបេស(Tumbes) តំបន់ កាចាម៉ាកា(Cajamarca)និងតំបន់ព្យួរ៉ា(Piura)ជាប់ព្រំដែនប្រទេសប៉េរូ ជាមួយប្រទេសអេក្វាឌ័រ។ អាជ្ញាធរបាននិយាយថា ប្រតិបត្តិការនេះ បានកំណត់គោលដៅលើក្រុមហ៊ុនជាច្រើន ដែលតាមការចោទប្រកាន់ថាបាននាំចូលអាវុធ ភាគច្រើនមកពីសហរដ្ឋអាមេរិក និងប្រទេសទួរគី ហើយក្រោយមកបានបង់ប្រាក់ឱ្យបុគ្គលដែលមានប្រាក់ចំណូលទាបដើម្បីទទួលបានអាជ្ញាប័ណ្ណ និងទិញកាំភ្លើង។ លោក Chavez និយាយថា អាវុធ នៅទីបំផុតបានធ្លាក់ទៅក្នុងដៃក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម រួមទាំងអ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់បេក្ខជនប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក ហ្វឺណង់ដូ វីឡាវីសេនស៊ីញ៉ូ(Fernando Villavicencio)។លោក វីឡាវីសេនស៊ីញ៉ូ (Villavicencio) ជាអ្នករិះគន់ឥតសំចៃអំពី អំពើពុករលួយ និងឧក្រិដ្ឋកម្មរៀបចំទុក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែសីហា បន្ទាប់ពីការប្រមូលផ្តុំយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Quito ត្រឹមតែ១១ថ្ងៃ មុនការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។

បាក់ផ្ទាំងថ្ម នៅអណ្តូងរ៉ែមាសប្រទេសអូស្ត្រាលី បណ្តាលឲ្យកម្មករម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

2024/03/14 12:39:54 pm        61
អាជ្ញាធរ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៤ ខែមីនា នេះថា បុរសអាយុ ៣៧ឆ្នាំម្នាក់ បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងរ បន្ទាប់ពីផ្ទាំងថ្មបានបាក់នៅខាងក្នុងអណ្តូងរ៉ែមាសក្រោមដីក្នុងរដ្ឋ វីកតូរីយ៉ា(Victoria) ប្រទេសអូស្ត្រាលី ខណៈកម្មករ២៨នាក់ ផ្សេងទៀតនៅកន្លែងធ្វើការនោះ ត្រូវបានជួយសង្គ្រោះ។ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់ ត្រូវបានគេទូរស័ព្ទហៅទៅកាន់អណ្តូងរ៉ែមាស Ballarat នៅតំបន់ Mount Clear មានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុងមែលប៊ន កាលពីថ្ងៃពុធ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាក់ផ្ទាំងថ្ម។នគរបាលរដ្ឋ Victoria បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងចម្ងាយប្រហែល ៣ គីឡូម៉ែត្រ ពីច្រកចូលអណ្តូងរ៉ែក្រោមដី ហើយកម្មករអណ្តូងរ៉ែ ដែលបានស្វែងរកទីជ្រកកោននៅក្នុងទីសុវត្ថិភាព ត្រូវបាន ជួយលើក ឲ្យរួចផុតពីគ្រោះថ្នាក់។មន្ត្រីសហជីពកម្មកររដ្ឋ Victoria ប្រទេសអូស្ត្រាលី លោក រ៉ុននី ហាយដេន(Ronnie Hayden) បានប្រាប់អ្នកសារព័ត៌មានថា សមាជិកសហជីពនៅអណ្តូងរ៉ែ បានបង្កើនការព្រួយបារម្ភ អំពីបែបផែននៃការរុករករ៉ែ ហើយហាក់ដូចជា វាមិនត្រូវបានគេអើពើ។យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី បានឲ្យដឹងថា កាលពីក្នុងឆ្នាំ ២០០៧ កម្មករអណ្តូងរ៉ែ ២៧ នាក់ បានជាប់នៅក្រោមដីនៅអណ្តូងរ៉ែដដែលនេះ រយៈពេលជាច្រើនម៉ោង មុនពេលត្រូវបានជួយសង្គ្រោះ។

អ៊ីស្រាអែល៖ ការវាយប្រហារតាមអាកាសលើមជ្ឈមណ្ឌលស្បៀងអាហាររបស់UN តំបន់ហ្កាហ្សា បានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស

2024/03/14 12:29:47 pm        66
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារតាមអាកាសរបស់ខ្លួនលើមជ្ឈមណ្ឌលចែកចាយស្បៀងអាហាររបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សាភាគខាងត្បូង បានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ ដែលត្រូវបានគេកំណត់គោលដៅ ហើយមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារនេះ ក៏បានសម្លាប់មនុស្សបួននាក់ផ្សេងទៀត រួមទាំងបុគ្គលិកអង្គការសហប្រជាជាតិផងដែរ។ យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះបានសម្លាប់លោក ម៉ូហាម៉ាដ អាប៊ូ ហាស្នា (Mohammad Abu Hasna) ដែលខ្លួនបានចាត់ទុកថាជាសកម្មប្រយុទ្ធហាម៉ាស ជាអ្នកផ្តល់ការស៊ើបការណ៍សម្ងាត់ដល់ក្រុម សម្រាប់ទីតាំងកងទ័ពរបស់អ៊ីស្រាអែល ហើយបានចូលរួមផងដែរក្នុងការគ្រប់គ្រងជំនួយមនុស្សធម៌ និងចែកចាយជំនួយដល់ភេរវករក្រុមហាម៉ាស។ នៅពុំទាន់មានការបញ្ជាក់ភ្លាមៗនៅឡើយទេ ពីក្រុមហាម៉ាស ថាលោកគឺជាសមាជិករបស់ក្រុម ដែលបច្ចុប្បន្នកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ទីភ្នាក់ងារធំរបស់អង្គការសហប្រជាជាតិសម្រាប់ពលរដ្ឋប៉ាឡេស្ទីន (UNRWA) បាននិយាយថា យ៉ាងហោចណាស់បុគ្គលិកទីភ្នាក់ងារ UNRWA ម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ៥ នាក់ និង២២ នាក់ផ្សេងទៀតបានរងរបួស។ ប្រធានទីភ្នាក់ងារ UNRWA លោក ហ្វីលីព ឡាហ្សារីនី (Philippe Lazzarini) បាននិយាយថា ការវាយប្រហារទៅលើមជ្ឈមណ្ឌលចែកចាយជំនួយរបស់ទីភ្នាក់ងារ UNRWA នៅក្នុងតំបន់ហ្កាហ្សា កើតឡើងនៅពេលដែលការផ្គត់ផ្គង់ស្បៀងអាហារបានអស់ ភាពអត់ឃ្លានកំពុងរាលដាល ហើយនៅតំបន់មួយចំនួនកើតមានគ្រោះទុរ្ភិក្ស។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា លោកបានប្តេជ្ញាចិត្តឱ្យ ទីភ្នាក់ងារ UNRWA ត្រូវបានជំនួសដោយទីភ្នាក់ងារផ្សេងទៀត ដោយមិនបង្កផលប៉ះពាល់ដល់ការចែកចាយជំនួយ ដោយលើកឡើងពីទំនាក់ទំនងរវាងទីភ្នាក់ងារ និងក្រុមសកម្មប្រយុទ្ធហាម៉ាស។

ក្រុមជនអន្ធពលដ៏ក្លាហានរបស់ប្រទេសហៃទី អាចបំផ្លាញដំណោះស្រាយនយោបាយ

2024/03/14 12:22:06 pm        47
បន្ទាប់ពីភាពចលាចលជាច្រើនឆ្នាំ នៅក្នុងប្រទេសហៃទី ក្រុមជនអន្ធពាលជ្រុលនិយម បានប្រែក្លាយទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំអំណាចរបស់ពួកគេ ដោយបង្កជាបញ្ហាប្រឈមដ៏ធំ ខណៈដែលសហគមន៍អន្តរជាតិ ជំរុញឲ្យមានដំណោះស្រាយនយោបាយសម្រាប់វិបត្តិរបស់ប្រទេសនេះ។ក្រុមមេដឹកនាំតំបន់ការ៉ាអ៊ីប និងមហាអំណាចខាងក្រៅសំខាន់ៗ បានព្រមព្រៀងគ្នាក្នុងកិច្ចចរចាបន្ទាន់ក្នុងប្រទេសហ្សាម៉ាអ៊ីកកាលពីថ្ងៃចន្ទចំពោះផែនការដែលរួមមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Ariel Henry ហើយខាងសន្តិសុខ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បានផ្តល់មូលនិធិថ្មីសំខាន់ៗរបស់សហរដ្ឋអាមេរិកសម្រាប់ការអន្តរាគមន៍អន្តរជាតិ។លោក Henry នឹងត្រូវបានជំនួសដោយក្រុមប្រឹក្សាអន្តរកាលថ្មីមានសមាជិកបោះឆ្នោតចំនួន៧រូប ដែលមានបំណងរៀបចំដំណាក់កាលសម្រាប់ការបោះឆ្នោត ដែលជាលើកទី១ ចាប់តាំងពីឆ្នាំ ២០១៦ នៅក្នុងប្រទេសក្រីក្របំផុតនៅអឌ្ឍគោលខាងលិច និងការមកដល់នៃកម្លាំងដឹកនាំដោយប្រទេសកេនយ៉ា។ក្រុមប្រឹក្សា នឹងផ្តល់កន្លែងទំនេរដល់តំណាងគណបក្សនយោបាយធំៗ សង្គមស៊ីវិល និងព្រះវិហារ ប៉ុន្តែបានរឹតបន្តឹងទៅលើនរណាម្នាក់ ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឬត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសពីបទឧក្រិដ្ឋ។ការហាមឃាត់នេះ នឹងច្រានចោលតួនាទីសម្រាប់មេដឹកនាំក្រុមជនអន្ធពាលពីរនាក់ដែលគួរឲ្យខ្លាចបំផុត គឺលោក Jimmy Cherizier អតីតមន្ត្រីនគរបាលមានឈ្មោះហៅក្រៅថា«Barbecue» ដែលការបិទស្ថានីយប្រេងឥន្ធនៈរបស់ប្រទេសហៃទីឆ្នាំ ២០២២ បានធ្វើឲ្យប្រទេសជាតិដួលរលំកាន់តែជ្រៅ និង លោក Guy Philippe ដែលបានសារភាពកំហុសនៅតុលាការទីក្រុងម៉ៃអាមី ( Miami) នៅឆ្នាំ ២០១៧ថាបាន ទទួលយកសំណូករហូតដល់ ៣,៥លានដុល្លារពីអ្នកជួញដូរគ្រឿងញៀន នៅពេលដែលខ្លួនកាន់តំណែងជានគរបាលជាន់ខ្ពស់។

កោះតៃវ៉ាន់ និងចិន បញ្ជូនក្រុមទៅចូលរួមបេសកកម្មជួយសង្គ្រោះទូក នៅជិតកោះ Kinmen

2024/03/14 12:14:32 pm        56
យោងតាមសារព័ត៌មាន UDN និងមន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ បាននិយាយថា អាជ្ញាធរកោះតៃវ៉ាន់ និងចិនបានបញ្ជូនក្រុមទៅចូលរួមបេសកកម្មជួយសង្គ្រោះទូកដែលបានលិច នៅជិតកោះ ឃីនមិន (Kinmen) ដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ (១៤ មីនា) នេះ។អាជ្ញាធរនៃភាគីទាំងសងខាងបានបញ្ជូនទូកជួយសង្គ្រោះទៅកាន់តំបន់នោះ បន្ទាប់ពីទូកនេសាទចិនមួយគ្រឿងបានលិច ហើយមនុស្សម្នាក់ត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរចិន ខណៈមនុស្សបួននាក់ទៀតនៅតែត្រូវការជំនួយ។ឧបទ្ទវហេតុនេះបានកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅជិតកោះ ឃីនមិន ជួរមុខរបស់កោះតៃវ៉ាន់។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន កាលពីខែមុនបានចាប់ផ្តើមល្បាតជាប្រចាំនៅជុំវិញកោះ ឃីនមិន ដែលនៅជិតឆ្នេរសមុទ្ររបស់ប្រទេសចិន បន្ទាប់ពីជនជាតិចិនពីរនាក់បានស្លាប់ ខណៈព្យាយាមរត់គេចពីឆ្មាំល្បាតឆ្នេរតៃវ៉ាន់ ដោយសារទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់។ស្ថាប័នបង្កើតគោលនយោបាយចិន របស់កោះតៃវ៉ាន់ បានជំរុញប្រទេសចិន កាលពីសប្តាហ៍មុនកុំឱ្យផ្លាស់ប្តូរ «ស្ថានភាព» នៅជុំវិញដែនទឹកនៅទីនោះ ដោយការបញ្ជូនទូកឆ្មាំល្បាតឆ្នេរចូលទៅក្នុងតំបន់ហាមឃាត់ដោយនិយាយថាភាពតានតឹងគួរតែត្រូវបានគ្រប់គ្រង៕

ការផ្អាកបណ្ដោះអាសន្ននៃការផ្តល់មូលនិធិរបស់អាមេរិក ដល់ទីភ្នាក់ងារ UNRWA អាចនឹងក្លាយជាអចិន្ត្រៃយ៍

2024/03/14 12:08:01 pm        53
ក្រុមមន្ត្រីអាមេរិក កំពុងរៀបចំឱ្យការផ្អាកបណ្ដោះអាសន្នក្នុងការផ្តល់មូលនិធិដល់ទីភ្នាក់ងារសំខាន់របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) ក្លាយជាការផ្អាកជាអចិន្ត្រៃយ៍ដោយសារតែការប្រឆាំងនៅក្នុងសភា ទោះបីជារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ទទូចថាការងារមនុស្សធម៌របស់ក្រុមជំនួយនេះគឺមិនអាចខ្វះបានក៏ដោយ។សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ UNRWA ដែលផ្តល់ប្រាក់ពី ៣០០ លានដុល្លារទៅ ៤០០ លានដុល្លារជារៀងរាល់ឆ្នាំ រួមជាមួយនឹងប្រទេសជាច្រើនទៀត បានផ្អាកការផ្តល់មូលនិធិរបស់ខ្លួនដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) កាលពីខែមករា បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិកចំនួន ១២ នាក់ក្នុងចំណោមបុគ្គលិក ១៣.០០០ នាក់នៅហ្កាហ្សា ថាបានចូលរួមក្នុងការសម្លាប់មនុស្សថ្ងៃទី០៧ ខែតុលា ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។អង្គការសហប្រជាជាតិបានចាប់ផ្តើមការស៊ើបអង្កេតលើការចោទប្រកាន់នេះ ហើយទីភ្នាក់ងារ UNRWA បានបណ្តេញបុគ្គលិកមួយចំនួន បន្ទាប់ពីអ៊ីស្រាអែលបានផ្តល់ព័ត៌មានអំពីការចោទប្រកាន់នេះ។ការប្រឆាំងទ្វេបក្សនៅសភាក្នុងការផ្តល់មូលនិធិដល់ UNRWA ឡើងវិញ បង្ហាញថាសហរដ្ឋអាមេរិក ទំនងជាមិនបន្តការបរិច្ចាកទៀងទាត់គ្រប់ពេលវេលានោះទេ ទោះបីជាបណ្ដាប្រទេស ដូចជាស៊ុយអែត និងកាណាដា បាននិយាយថាពួកគេនឹងចាប់ផ្តើមការបរិច្ចាគរបស់ពួកគេឡើងវិញក៏ដោយ៕

ក្នុងរយៈពេល៥នាទី អ្វីៗគ្រប់យ៉ាងបានបាក់រលំ ប្រទេសអាហ្សង់ទីនរកមធ្យោបាយដោះស្រាយការបំផ្លាញដោយភ្លៀងធ្លាក់ខ្លាំង

2024/03/14 10:09:53 am        97
ប្រទេសអាហ្សង់ទីន បានរកមធ្យោបាយដោះស្រាយមហន្តរាយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ ដោយការងារសាងសង់ឡើងវិញ នៅកន្លែងដែលមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យបាក់ដំបូលលំនៅឋាន និងបានជំរុញឲ្យអាជ្ញាធរប្រកាសការព្រមានពណ៌លឿងទុំ និងលុបចោលជើងហោះហើរជាច្រើនជើង កាលពីថ្ងៃអង្គារ។ក្នុងក្រុង Campana ជាក្រុងក្នុងខេត្ត Buenos Aires អ្នកជិតខាងបានមកប្រមូលផ្តុំគ្នាដើម្បីរុះរើចេញកម្ទេចកម្ទី ដែលបានបន្សល់ទុកពីដំបូលលំនៅឋានចំនួន២កន្លែង ដែលបានបាក់រលំដោយសារព្រិល និងភ្លៀងធ្លាក់ខ្លាំង។ នៅក្នុងតំបន់ទីក្រុង បានបន្ទាបកម្រិតការព្រមានមកពណ៌លឿង ជាការព្រមាននៃការបំផ្លាញនិងការរំខានខ្លាំងដល់សកម្មភាពជីវិតរស់នៅប្រចាំថ្ងៃ ខណៈភ្លៀងនៅបន្តធ្លាក់ បន្តែបានចុះខ្សោយ កាលពីថ្ងៃពុធ។ ក្នុងអំឡុងសប្តាហ៍នៃខែមីនានេះ មានភ្លៀងធ្លាក់ជាញឹកញាប់នៅទូទាំងតំបន់ឆ្នេរ រីអូ ដេឡា ផ្លាតា (Rio de la Plata) ហើយនៅក្នុងសប្តាហ៍នេះ នៅភាគឦសាននៃខេត្ត Buenos Aires និងតំបន់ទីក្រុងBuenos Aires មានភ្លៀងធ្លាក់ក្នុងកម្រិតចន្លោះពី ១០០ ទៅ ២៥០ មីលីម៉ែត្រ ដែលជាធម្មតាមានភ្លៀងធ្លាក់ក្នុងកម្រិត ១២០ មីលីម៉ែត្រ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យ តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ
03/05/2026 09:03 PM
ពលរដ្ឋអ៊ីរ៉ង់រៀបរាប់ពីជីវិតក្រោមការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលថា រាល់ថ្ងៃមានអារម្មណ៍ដូច ១ខែ
03/05/2026 08:03 PM
ប្រភព៖ ទូកផ្ទុកគ្រឿងផ្ទុះរបស់អ៊ីរ៉ង់ ត្រូវបានប្រើកំណត់គោលដៅលើនាវាដឹកប្រេង ក្នុងដែនទឹកអ៊ីរ៉ាក់
03/05/2026 08:03 PM
IRGC បញ្ជាក់ថា បានកំណត់គោលដៅអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ដោយមីស៊ីល
03/05/2026 08:03 PM
យានដ្រូនវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ ខណៈអ៊ីរ៉ង់វាយប្រហារទ្រព្យសកម្មទីក្រុងវ៉ាស៊ីនតោននៅអារ៉ាប់
03/05/2026 08:03 PM
អាស៊ែបៃហ្សង់ ប្ដេជ្ញាឆ្លើយតប ក្រោយមនុស្ស ៤នាក់រងរបួស ដោយសារយានដ្រូនរបស់អ៊ីរ៉ង់
03/05/2026 08:03 PM
ប្រធានក្រុមហេសបូឡា៖ ពួកយើងមិនចុះចាញ់ជាដាច់ខាត មិនសំខាន់ថាត្រូវពលីជីវិតបែបណានោះទេ
03/05/2026 08:03 PM
EU ព្រមានថា ឧបករណ៍ប្រឆាំងយានដ្រូនមានកម្រិត ខណៈរដ្ឋឈូងសមុទ្រតទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់
03/05/2026 08:03 PM
អេស្ប៉ាញនឹងបញ្ជូននាវាចម្បាំងទៅស៊ីប បន្ទាប់ពីមានការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់
03/05/2026 07:03 PM
ប្រធានគោលនយោបាយការបរទេស EU៖ បណ្តាប្រទេសឈូងសមុទ្រព្រួយបារម្ភពីហានិភ័យនៃសង្រ្គាមស៊ីវិលអ៊ីរ៉ង់
03/05/2026 07:03 PM