អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង

សន្តិសុខ និង សង្គម

ស៊ូដង់រកមធ្យោបាយដោះស្រាយជម្លោះឥតស្រាកស្រាន ខណៈបុណ្យរ៉ាម៉ាដាន ចាប់ផ្ដើម

2024/03/11 02:23:11 pm        199
ការប្រយុទ្ធគ្នាខ្លាំង បានបន្តរវាងភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ ទោះបីជាមានការអនុម័តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានក្នុងប្រទេសដែលញាំញីដោយជម្លោះក៏ដោយ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនៅក្នុងប្រទេសស៊ូដង់ ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដាន។ ទាំងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅស៊ូដង់ បានស្វាគមន៍ចំពោះសេចក្តីសម្រេចនេះ។ ទោះយ៉ាងណា ភាគីទាំងសងខាងបាន បញ្ជាក់ពីលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់បទឈប់បាញ់។ កងកម្លាំងប្រដាប់អាវុធស៊ូដង់ ទាមទារឱ្យកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បំពេញសេចក្តីប្រកាសទីក្រុង Jeddah ដែលត្រូវបានព្រមព្រៀងគ្នាកាលពីពេលមុន រវាងភាគីជម្លោះទាំងពីរ ឲ្យដកថយចេញពីទីក្រុង និងតំបន់ទាំងអស់ ដែលពួកគេបានចូលគ្រប់គ្រងតាំងពីខែឧសភា ឆ្នាំ ២០២៣ ហើយប្រគល់មកវិញសម្បត្តិសាធារណៈ និងឯកជនទាំងអស់ដែលពួកគេបានរឹបអូសយក។ ជាការឆ្លើយតបកងកម្លាំងគាំទ្ររហ័ស(RSF) បានអំពាវនាវឱ្យមានការសន្ទនាដើម្បីបង្កើតយន្តការត្រួតពិនិត្យសម្រាប់ការអនុវត្តន៍សេចក្តីសម្រេច។ ការប្រយុទ្ធគ្នាបានបន្តនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ។ ក្នុងពេលមានការប្រយុទ្ធគ្នានៅតែបន្ត នៅក្នុងតំបន់ផ្សេងៗរបស់ប្រទេស ប្រទេសស៊ូដង់បច្ចុប្បន្នប្រឈមមុខនឹងវិបត្តិជនភៀសខ្លួននៅខាងក្នុងប្រទេសដ៏ច្រើនបំផុតរបស់ពិភពលោក ដោយមានមនុស្សចំនួន ៦,៣ លាននាក់កំពុងស្វែងរកទីសុវត្ថិភាពនៅក្នុងប្រទេស ចាប់តាំងពីការចាប់ផ្តើមជម្លោះ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជន១,៧លាននាក់ផ្សេងទៀត បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។

ឃាត់ខ្លួនចិនតៃវ៉ាន់ម្នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដកហូតសារធាតុញៀន ៣៥ដុំ

2024/03/11 01:24:54 pm        436
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា មន្ត្រីគយ និងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយ​នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលអន្តោប្រវេសន៍ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ និងដកហូតម្សៅសង្ស័យ​ជាសារធាតុញៀន ចំនួន៣៥ដុំ ខណៈដែលជនសង្ស័យត្រៀមឡើង​យន្តហោះ ចេញពីរាជធានីភ្នំពេញ។នគរបាលអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃការិយាល័យ​ត្រួតពិនិត្យគយអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យ​ការអមសាលា​ដំបូងរាជធានីភ្នំពេញ នាយកដ្ឋានច្រកទ្វារទី១ ​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ​មន្ត្រីគយ និងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ និង​នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការនៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យលើអ្នកដំណើរម្នាក់​ ឈ្មោះ HUANG TENG YAO ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិ​ចិនតៃវ៉ាន់​ ធ្វើដំណើរតាមជើងយន្តហោះ ភ្នំពេញ-ហូជីមីញ រួចបន្តដំណើរពី ហូជីមីញ-តូក្យូ ។ ករណីនេះ មន្ត្រីគយ និងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអញ្ជើញ​សមត្ថកិច្ចចម្រុះចូលរួម ​ដើម្បីត្រួតពិនិត្យជាក់ស្តែង និងបានផ្អាកដំណើរជនសង្ស័យ​ដើម្បីបន្ត​កសាង​កំណត់ហេតុបន្តនីតិវិធីច្បាប់។ក្រោយការត្រួតពិនិត្យជាក់ស្តែងលើដងខ្លួនរបស់ជនសង្ស័យរូបនេះ​ឃើញមានម្សៅក្រាមពណ៌ ស ច្រកក្នុងថង់រុំបង់ពណ៌ ស ដែលសង្ស័យជាសារធាតុញៀនចំនួន ​៣៥ដុំ និងបានធ្វើតេស្តម្សៅ​ក្រាមពណ៌ស ដោយប្រើម៉ាស៊ីនស្កែន TruNarc ជា​លទ្ធផលមានតម្រុយ​ជា​សារធាតុញៀន​ប្រភេទមេតំហ្វេតាមីន (METHAMPHETAMINE) ​ដែលស្ថិតនៅក្នុងតារាង II នៃច្បាប់ស្តីពីការត្រួត​ពិនិត្យគ្រឿងញៀន។បច្ចុប្បន្នជនជាតិចិនតៃវ៉ាន់ឈ្មោះ HUANG TENG YAO ត្រូវបានសមត្ថកិច្ចកម្ពុជាសម្រេចឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ក្រុមហាម៉ាស បន្ទោសអ៊ីស្រាអែល លើការជាប់គាំងនៃកិច្ចចរចាបទឈប់បាញ់ តែនៅតែទុកឱកាសចរចា

2024/03/11 12:43:16 pm        205
ប្រធានក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយ៉េ (Ismail Haniyeh) បានស្តីបន្ទោសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១០ មីនា) ចំពោះភាពជាប់គាំងនៃកិច្ចចរចាបទឈប់បាញ់ និងការច្រានចោលការទាមទាររបស់ក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាមនៅលើតំបន់ហ្កាហ្សា ប៉ុន្តែបាននិយាយថាក្រុមនេះនៅតែស្វែងរកដំណោះស្រាយចរចា។លោក ហានីយ៉េ បាននិយាយថា អ៊ីស្រាអែលមិនទាន់បានផ្តល់ការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការវាយលុកយោធា និងដកកងកម្លាំងរបស់ខ្លួន ហើយអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបទេ។ ក្រុមហាម៉ាស បានប្តេជ្ញាចិត្តការពារប្រជាជនរបស់ខ្លួន ហើយទន្ទឹមនឹងនោះក៏ស្វែងរកដំណោះស្រាយដោយការចរចាផងដែរ។ក្រុមហាម៉ាស បានបង្កាត់ភ្លើងសង្គ្រាមដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ខ្លួនមនុស្ស ២៥៣ នាក់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយលុកជើងគោក និងការទម្លាក់គ្រាប់បែកពីលើអាកាសទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលមានប្រជាជនរស់នៅច្រើនកុះករ ដោយគិតត្រឹមថ្ងៃអាទិត្យ (១០ មីនា) បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣១.០៤៥ នាក់ និងបង្ករបួស ៧២.៦៥៤ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕

គ្រឿងផ្គត់ផ្គង់ត្រូវបានទម្លាក់តាមយន្តហោះនៅហ្កាហ្សា ដែលផ្តល់ជំនួយមានកំណត់ដល់ប្រជាជន

2024/03/11 12:22:03 pm        232
យោងតាមប្រជាជនតំបន់ហ្កាហ្សា ដែលបានភៀសខ្លួនចេញ បាននិយាយថា ការទម្លាក់ជំនួយតាមយន្តហោះ នូវគ្រឿងផ្គត់ផ្គង់ទ្រទ្រង់ជីវិត ចូលទៅក្នុងតំបន់ហ្កាហ្សា ដោយបណ្តារដ្ឋអារ៉ាប់ បានធ្វើឡើងតិចតួចប៉ុណ្ណោះ ដើម្បីជួយក្នុងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងតំបន់ដែលត្រូវបានហ៊ុមព័ទ្ធមួយនេះ ដោយសារការចំណាយខ្ពស់ ភាពច្បាស់លាស់មានកម្រិតទាប និងការគ្រប់គ្រងតំបន់មិនបានល្អ។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន China Media Group (CMG) បានឲ្យដឹងថា ប្រជាជនដែលស្រេកឃ្លាន គ្មានជម្រើសអ្វីក្រៅពីប្រញ៉ាយគ្នាសម្រាប់ការផ្គត់ផ្គង់ដែលត្រូវបានពង្រាយ និងមានកំណត់ ហើយពួកគេជាច្រើននាក់ បានដួលសន្លប់ដោយសារតែអស់កម្លាំង។ ប្រជាជន លោក Mahmoud Al បាននិយាយថា យើងបានទៅរង្វង់មូល Nabulsi ដើម្បីទទួលបានម្សៅខ្លះ ប៉ុន្តែយើងមិនបានទទួលវានោះទេ។ ដូច្នេះយើងមកទីនេះដើម្បីទទួលបានការផ្គត់ផ្គង់តាមការទម្លាក់ជំនួយតាមយន្តហោះ។ លោកបានមកទីនេះមួយសប្តាហ៍មកហើយ ប៉ុន្តែទទួលបានតែជំនួយបីកំប៉ុងប៉ុណ្ណោះ។ កន្លែងនេះនៅដាច់ឆ្ងាយពីពិភពខាងក្រៅ និងមានការដឹកជញ្ជូនមិនបានល្អ។ ការផ្គត់ផ្គង់ភាគច្រើន បានធ្លាក់ចូលទៅក្នុងសមុទ្រ។ យើងមិនទទួលបានអ្វីទាំងអស់ ហើយយើងចង់បានមធ្យោបាយផ្តល់ជំនួយប្រសើរជាងការ ទម្លាក់ជំនួយតាមយន្តហោះ។កាលពីចុងខែកុម្ភៈ លោក រ៉ាម៉េស រ៉ាចាសស៊ីងហាម(Ramesh Rajasingham) ប្រធាន និងជាអ្នកតំណាងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានព្រមានថា យ៉ាងហោចណាស់មនុស្ស ៥៧៦.០០០នាក់ មួយភាគបួននៃប្រជាជនជាង ២ លាននាក់នៅតំបន់ហ្កាហ្សា អាចនឹងធ្លាក់ចូលក្នុងគ្រោះទុរ្ភិក្ស។

ជប៉ុន ប្រារព្ធខួប១៣ឆ្នាំចាប់តាំងពីរញ្ជួយដី រលកយក្សស៊ូណាមិ និងឧបទ្ទវហេតុនុយក្លេអ៊ែរ ឆ្នាំ ២០១១

2024/03/11 12:18:19 pm        197
ប្រជាជននៅទូទាំងប្រទេសជប៉ុន កំពុងរំលឹកដល់អ្នកបាត់បង់ជីវិត ក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។ នៅថ្ងៃច័ន្ទនេះ គឺជាខួប ១៣ឆ្នាំ នៃការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្នុងប្រទេសជប៉ុន។ ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងបង្កឲ្យមានឧបទ្ទវហេតុនុយក្លេអ៊ែរដ៏ធំ ដែលនៅតែពុំទាន់ត្រូវបានដោះស្រាយនៅឡើយ។ ការរញ្ជួយដីកម្រិត ៩,0 រិចទ័រ បានវាយប្រហារនៅម៉ោង ២:៤៦នាទីរសៀលម៉ោងក្នុងស្រុក នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ នៅឆ្នេរសមុទ្រនៃតំបន់ភាគឦសានទីក្រុង Tohoku ដែលវាបានកើតមានរលកយក្សស៊ូណាមិ កម្ពស់ជាង ១០ ម៉ែត្រ ដោយបានបំផ្លិចបំផ្លាញឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន។អាជ្ញាធរបាននិយាយថា មនុស្សជាង ២២.០០០នាក់បានបាត់ខ្លួន ឬស្លាប់ ដោយសារគ្រោះមហន្តរាយនេះ។ ការបំផ្លិចបំផ្លាញ បានបង្ខំឲ្យមនុស្សរាប់សែននាក់ទៀត ចាកចេញពីលំនៅឋានរបស់ពួកគេ ដែលរហូតមកដល់ពេលនេះ មនុស្សជាង ២៩.០០០ នាក់នៅតែពុំអាចវិលត្រឡប់មកវិញបាន។ រលកយក្សស៊ូណាមិ ក៏បានបោកបក់ចូលទៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគុស្ស៊ីម៉ា ដាយអ៊ីឈី (Fukushima Daiichi)។កាលពីឆ្នាំមុន ប្រតិបត្តិកររោងចក្រ គឺក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ឬ TEPCO បានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្ម និងពង្រាវរួច ចេញពីរោងចក្រទៅក្នុងសមុទ្រ។ ទឹកត្រូវបានពង្រាវដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីទីចូម(tritium) ដល់ប្រហែលមួយភាគប្រាំពីរនៃកម្រិតណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់ទឹកទទួលទាន។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានរកឃើញការបញ្ចេញទឹកនេះថា ស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។

ឯកអគ្គរដ្ឋទូតចិន៖ អ្នកនិពន្ធអូស្ត្រាលីដែលត្រូវកាត់ទោសស្លាប់នៅចិន ប្រហែលជាមិនត្រូវប្រហារជីវិតឡើយ

2024/03/11 12:14:45 pm        201
ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃចន្ទ (១១ មីនា) នេះថាការកាត់ទោសប្រហារជីវិតដែលត្រូវបានព្យួរ កាលពីខែមុនដល់អ្នកនិពន្ធជនជាតិអូស្ត្រាលី ដែលកំពុងជាប់ពន្ធនាគារលោក យ៉ាង ហេងជុន (Yang Hengjun) ប្រហែលជាមិនត្រូវបានអនុវត្តទេ ប្រសិនបើអតីតអ្នកសរសេរប្លុកគាំទ្រលទ្ធិប្រជាធិបតេយ្យរូបនេះមិនប្រព្រឹត្តបទឧក្រិដ្ឋអ្វីទៀត។លោកឯកអគ្គរដ្ឋទូត សាវ ឈាន (Xiao Qian) បាននិយាយនៅឯកិច្ចប្រជុំកំពូលធុរកិច្ចត្រួតពិនិត្យហិរញ្ញវត្ថុអូស្ត្រាលី នៅថ្ងៃចន្ទនេះថា ការព្យួរទោសពីតុលាការក្រុងប៉េកាំង លើបទចោទប្រកាន់ចារកម្ម មិនតម្រូវឱ្យមានការប្រហារជីវិតភ្លាមៗចំពោះលោក យ៉ាង នោះទេ។ ប្រសិនបើលោក យ៉ាង គោរពតាមលក្ខខណ្ឌនៃការជាប់ពន្ធនាគាររបស់ខ្លួនហើយមិនប្រព្រឹត្តបទឧក្រិដ្ឋអ្វីទៀតនោះ «តាមទ្រឹស្តីគឺមានឱកាសដែលលោកនឹងមិនត្រូវបានប្រហារជីវិត»។ការអត្ថាធិប្បាយរបស់លោក សាវ គឺជាលើកដំបូងដែលមន្ត្រីចិនបានបញ្ជាក់ថា លោក យ៉ាង អាចនឹងមិនត្រូវបានគេប្រហារជីវិត។ អ្នកសរសេរប្លុកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជាអ្នកសរសេរប្រលោមលោកចារកម្ម លោក យ៉ាង ហេងជុន គឺជាពលរដ្ឋអូស្ត្រាលីកើតក្នុងប្រទេសចិន ដែលធ្វើការនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មុនពេលត្រូវចាប់ខ្លួននៅអាកាសយានដ្ឋានក្វាងចូវ ក្នុងឆ្នាំ ២០១៩។តុលាការក្រុងប៉េកាំង កាលពីខែមុនបានព្យួរទោសប្រហារជីវិតរបស់លោក លើបទចោទប្រកាន់ចារកម្មដែលធ្វើឱ្យក្រុមគ្រួសារ និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃុំខ្លួនរយៈពេលប្រាំឆ្នាំនៅទីក្រុងប៉េកាំង និងបីឆ្នាំបន្ទាប់ពីការកាត់ក្តីបិទទ្វាររបស់លោក៕

មនុស្សរាប់ពាន់នាក់ចេញធ្វើបាតុកម្មក្នុងទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់ពលរដ្ឋប៉ាឡេស្ទីន នៅហ្កាហ្សា

2024/03/11 12:11:34 pm        215
មនុស្សរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ដោយមានកាន់ទង់ជាតិប៉ាឡេស្ទីន។ បាតុកម្មនេះ ត្រូវបានរៀបចំឡើងដោយគណបក្ស ចាម៉ាអាត អ៊ី អ៊ីស្លាមមី(Jamaat-e-Islami) របស់ប្រទេសប៉ាគីស្ថាន ក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្នុងពេលចាប់ផ្តើមខែតមអាហារដ៏ពិសិដ្ឋនៃខែបុណ្យរ៉ាម៉ាដាន។សង្រ្គាមបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សា ដែលពេលនេះឈានចូលដល់ខែទី៦ បានចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមអ្នកប្រយុទ្ធហាម៉ាស បានវាយលុកចូលទឹកដីរបស់ប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាងមួយរយនាក់។យុទ្ធនាការឥតឈប់ឈររបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាសបានបង្កឱ្យមានការព្រមានកើនឡើងនៅទូទាំងពិភពលោក ខណៈមានហានិភ័យនៃគ្រោះទុរ្ភិក្ស ដែលបានគំរាមកំហែងបន្ថែមលើចំនួនអ្នកស្លាប់ដែលបានកើនឡើងដល់ ៣១.០០០នាក់ រួចទៅហើយ។លោក ស៊ីរ៉ាច អ៊ុល ហាក (Siraj ul Haq) ប្រធានគណបក្ស ចាម៉ាអាត អ៊ី អ៊ីស្លាមមី(Jamaat-e-Islami) (JI) បាននិយាយទៅកាន់ហ្វូងមនុស្សថា យើងចង់ទៅជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីន។ យើងចង់ទៅទីនោះ។ យើងចង់ផ្តល់ជីវិតរបស់យើងសម្រាប់ពួកគេ។ លោកបានគម្រាមហែក្បួនបាតុកម្មទៅកាន់ស្ថានទូតអាមេរិក ក្នុងទីក្រុង Islamabad ជាមួយនឹងមនុស្សរាប់លាននាក់ មកពីទូទាំងប្រទេសប៉ាគីស្ថាន នៅថ្ងៃសុក្រចុងក្រោយនៃបុណ្យរ៉ាម៉ាដាន ប្រសិនបើគ្មានបទឈប់បាញ់នោះទេ។

ក្រុមភេរវករ អាល់កៃដា នៅប្រទេសយេម៉ែន ប្រកាសពីការស្លាប់មេដឹកនាំរបស់ខ្លួន

2024/03/11 12:00:20 pm        356
ក្រុមស៊ើបការណ៍ចារកម្មសម្ងាត់ SITE បានរាយការណ៍កាលពីថ្ងៃអាទិត្យ (១០ មីនា) ថាសាខារបស់ក្រុមភេរវកេ អាល់កៃដា (Al-Qaeda) នៅក្នុងប្រទេសយេម៉ែន បានប្រកាសពីការស្លាប់របស់មេដឹកនាំរបស់ខ្លួនឈ្មោះ ខាលីដ បាថាហ្វី (Khalid Batarfi) និងបានតែងតាំងអ្នកស្នងតំណែងបន្ទាប់។ សេវាត្រួតពិនិត្យចារកម្មនេះបាននិយាយថាសាកសពរបស់លោក បាថាហ្វី ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលចេញផ្សាយដោយក្រុម អាល់កៃដា នៅឧបទ្វីបអារ៉ាប់ នៅក្នុងសម្លៀកបំពាក់បញ្ចុះសព និងរុំដោយទង់ជាតិដែលមានឈ្មោះក្រុមជីហាដ។មិនមានព័ត៌មានលម្អិតភ្លាមៗអំពីពេលវេលា ឬមូលហេតុនៃការស្លាប់របស់លោក បាថាហ្វី ដែលត្រូវបានគេជឿថាមានវ័យ ៤០ ឆ្នាំរូបនេះទេ។ ទីភ្នាក់ងារ SITE បាននិយាយថាក្រុមនេះបានតែងតាំងជាប្រធានថ្មីរបស់ខ្លួនឈ្មោះថា សាអាដ ប៊ីន អាតេហ្វ អាល់អាវឡាឃី (Saad bin Atef al-Awlaki) ដែលបានបង្ហាញខ្លួនចុងក្រោយនៅក្នុងវីដេអូមួយចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយជំរុញឱ្យកុលសម្ព័ន្ធស៊ុននីចូលរួមជាមួយបណ្ដាញ អាកាប (AQAP) របស់ក្រុម អាល់កៃដា នៅឧបទ្វីបអារ៉ាប់។បណ្ដាញ អាកាប បានប្រកាសនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ថាលោក បាថាហ្វី ត្រូវបានតែងតាំងជាមេដឹកនាំរបស់ខ្លួន បន្ទាប់ពីមរណភាពរបស់អ្នកកាន់តំណែងមុននោះគឺលោក កាសស៊ីម អាល់រីមី (Qassim al-Rimi) នៅក្នុងការវាយប្រហារដោយយានដ្រូនមួយដែលប្រហែលជាធ្វើឡើងដោយអាមេរិក ឬយេម៉ែន។ សហរដ្ឋអាមេរិក បានចាត់ទុកសាខារបស់ក្រុមអាល់កៃដា នៅយេម៉ែន ជាក្រុមដ៏គ្រោះថ្នាក់បំផុតនៃបណ្តាញក្រុមជីហាតពិភពលោក ហើយក្រសួងការបរទេសបានចាត់តាំងលោក បាថាហ្វី ក្នុងឆ្នាំ២០១៨ ថាជា «ភេរវករសកល»៕

យោធាអាមេរិក បញ្ជូនយន្តហោះដឹកបុគ្គលិកស្ថានទូតពីប្រទេសហៃទី និងពង្រឹងសន្តិសុខ

2024/03/11 11:54:07 am        391
យោធាអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (១០ មីនា) ថាខ្លួនបានធ្វើប្រតិបត្តិការមួយនៅក្នុងប្រទេសហៃទី ដើម្បីបញ្ជូនបុគ្គលិកស្ថានទូតដែលមិនសំខាន់ចេញពីប្រទេស ហើយបានបន្ថែមកងកម្លាំងសហរដ្ឋអាមេរិក ដើម្បីពង្រឹងសន្តិសុខស្ថានទូត ខណៈដែលប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះកំពុងស្ថិតក្នុងភាពអាសន្ន។ប្រតិបត្តិការនេះគឺជាសញ្ញាចុងក្រោយបង្អស់នៃបញ្ហារបស់ប្រទេសហៃទី ខណៈដែលអំពើហឹង្សារបស់ក្រុមជនអន្ធពាលគំរាមកំហែងដល់ការទម្លាក់រដ្ឋាភិបាល និងបាននាំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ជាមួយគ្នានេះ គណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងប្រទេសហៃទី បានបិទការិយាល័យរបស់ខ្លួនជាបណ្តោះអាសន្ន និងកាត់បន្ថយវត្តមានរបស់ខ្លួននៅក្នុងប្រទេសនេះមកត្រឹមកម្រិតអប្បបរមា នេះបើយោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយលើកឡើងពីកង្វល់សុវត្ថិភាព។ប្រទេសហៃទី បានធ្លាក់ចូលទៅក្នុងភាពអាសន្នកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងក្រុមជនអន្ធពាល ដែលព្រមានពីសង្គ្រាមស៊ីវិល ខណៈលោកនាយករដ្ឋមន្ត្រី អារៀល ហិនរី (Ariel Henry) ស្ថិតនៅក្នុងទីក្រុងណៃរ៉ូប៊ី ដើម្បីស្វែងរកកិច្ចព្រមព្រៀងសម្រាប់បេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានពន្យារពេលជាយូរមកហើយ៕

នគរបាលអ៊ីស្រាអែល ប្រើកាណុងបាញ់ទឹក ដើម្បីបំបែកបាតុករប្រឆាំងលោកណេតាន់យ៉ាហ៊ូ

2024/03/11 11:51:17 am        317
នគរបាលអ៊ីស្រាអែល បានប្រើកាណុងបាញ់ទឹក និងបានចាប់ខ្លួនមនុស្ស ១៩នាក់ ដើម្បីបំបែកការតវ៉ាទាមទារឲ្យលោកបេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចុះចេញពីតំណែង។ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ បានដើរតាមដងផ្លូវកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលចលនាតវ៉ាប្រឆាំងលោកណេតាន់យ៉ាហ៊ូ ដែលបានថយចុះ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទទួលបានចាប់អារម្មណ៍ឡើងវិញ។ប្រជាជនប្រមាណ ១០.០០០នាក់ បានចេញមកតវ៉ា នៅទីក្រុងតែលអាវីវ(Tel Aviv)។ នគរបាល បានឆ្លើយតបដោយកាណុងបាញ់ទឹក ហើយនគរបាល បានប្រមូលបាតុករ និងចាប់ខ្លួនមនុស្ស ១៦នាក់ដោយការប៉ះទង្គិចគ្នាក្លាយជាហិង្សា នៅក្នុងទីក្រុងនេះ។នៅក្នុងទីក្រុង Caesarea មានចម្ងាយប្រហែល ៣០ម៉ាយភាគខាងជើងនៃទីក្រុងតែលអាវីវ ប្រហែល មនុស្សប្រហែល ១.000នាក់ បានប្រមូលផ្តុំគ្នានៅភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រី។ បាតុករម្នាក់នៅទីនោះ ត្រូវបានចាប់ខ្លួន នៅពេលយប់។គេមិនដឹងថា ការចាប់ខ្លួនមនុស្សពីរនាក់ទៀត ត្រូវបានគេធ្វើឡើង នៅទីណានោះទេ។បាតុកររាប់សែននាក់ បានចេញមកតាមដងផ្លូវកាលពីឆ្នាំមុន បន្ទាប់ពីលោកណេតាន់យ៉ាហ៊ូ បានបង្ហាញផែនការធ្វើកំណែទម្រង់តុលាការកំពូលរបស់អ៊ីស្រាអែល ជាវិធានការមយយដែលមនុស្សជាច្រើនភ័យខ្លាច នឹងដកប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាព ដែលអាចរក្សាអំណាចរបស់នាយករដ្ឋមន្ត្រីរូបនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM