ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

សន្តិសុខ និង សង្គម

លោក Netanyahu៖ កិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មី មិនច្បាស់ថាអាចនឹងលេចចេញជារូបរាងទេ

2024/02/26 10:54:13 am        131
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ (២៥ កុម្ភៈ) បាននិយាយថាលោកមិនទាន់ច្បាស់នៅឡើយទេថាតើកិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មី អាចនឹងលេចចេញជារូបរាងពីកិច្ចពិភាក្សាដែលកំពុងបន្ត ឬយ៉ាងណា ដោយបដិសេធមិនពិភាក្សាពីចំណុចជាក់លាក់ ប៉ុន្តែបាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស ចាំបាច់ត្រូវ «ផ្ដល់លក្ខខណ្ឌក្នុងស្ថានភាពសមហេតុផល»។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS ថា លោកនឹងជួបក្រុមមន្រ្តីរបស់ខ្លួនដើម្បីពិនិត្យមើលផែនការយោធាចំនួនពីរដែលរួមបញ្ចូលការជម្លៀសជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា និងប្រតិបត្តិការដើម្បីបំផ្លាញកងវរសេនាតូចក្រុមហាម៉ាសដែលនៅសេសសល់។លោកបានបន្ថែមថា «ប្រសិនបើយើងមានកិច្ចព្រមព្រៀងថ្មី ផែនការយោធានេះនឹងមានការពន្យារពេលបន្តិច ប៉ុន្តែវានឹងកើតឡើង។ ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេ យើងនឹងចាប់ផ្ដើមផែនការយោធានេះ»។ការចរចាកិច្ចព្រមព្រៀងចំណាប់ថ្នូរជាច្រើនសប្តាហ៍មិនទទួលបានលទ្ធផលជោគជ័យទេ ដោយអ៊ីស្រាអែលបានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស សម្រាប់ការបញ្ឈប់សង្គ្រាម និងការដកខ្លួនរបស់អ៊ីស្រាអែលចេញពីហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដោយនិយាយថាការទាមទារនោះជារឿងហួសហេតុ៕

អាមេរិក និងអង់គ្លេស បើកការវាយប្រហារលើកទី៤ ដាក់គោលដៅលើក្រុមហ៊ូទី នៅយេម៉ែន

2024/02/26 09:27:18 am        201
យោងតាមមន្ត្រីអាមេរិក២រូប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារលើគោលដៅនានារបស់ក្រុមចលនាហ៊ូទី នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដែលក្លាយជាការវាយប្រហារដោយក្រុមចម្រុះអន្តជាតិលើកទី៤ លើក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់។ យោងតាមសេចក្ដីថ្លែងការណ៍មួយពីក្រុមប្រទេសចម្រុះ ការវាយប្រហារបានចំលើគោលដៅ១៨កន្លែងទូទាំងទីតាំងចំនួន៨ រួមទាំងឃ្លាំងស្តុកអាវុធក្រោមដី ឃ្លាំងស្តុកមីស៊ីល ប្រព័ន្ធវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រព័ន្ធការពារដែនអាកាស រ៉ាដា និងឧទ្ធម្ភាចក្រមួយគ្រឿង។ ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ ថា យន្តហោះចម្បាំង Royal Air Force Typhoon ៤គ្រឿង ត្រូវបានជួយគាំទ្រដោយរថក្រោះ Voyager២គ្រឿង បានចូលរួមក្នុងការវាយប្រហាររបស់ក្រុមចម្រុះទាំងនេះ។ ការវាយប្រហារជុំចុងក្រោយនេះបានកើតមានឡើង បន្ទាប់ពីមន្ទីរបញ្ចកោនបានទទួលស្គាល់ថា ថ្មីៗនេះ ក្រុមហ៊ូទីបានវាយប្រហារលើនាវាពាណិជ្ជកម្មក្នុងសមុទ្រក្រហមនិងឈូងសមុទ្រអាដែន(Gulf of Aden) ដែលជាផ្លូវទឹកដ៏សំខាន់បំផុតរបស់ពិភពលោក។ គួររម្លឹកថា ក្រុមចលានាហ៊ូទីក្នុងប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេគឺជាការបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីនដែលកំពុងរងការទម្លាក់គ្រាប់បែក និងប្រតិបត្តិការថ្មើរជើងពីកងទ័ពអ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស៕

កសិករប្រទេសប៉ូឡូញដែលកំពុងតវ៉ា បានបិទផ្លូវហាយវ៉េ ទៅកាន់ប្រទេសអាល្លឺម៉ង់

2024/02/26 09:23:59 am        102
កសិករប្រទេសប៉ូឡូញ បានដាក់បន្ថែមត្រាក់ទ័ររបស់ពួកគេចូលទៅកាន់កន្លែងតវ៉ានៅសហភាពអឺរ៉ុបដែលកំពុងកើនឡើង កាលពីថ្ងៃអាទិត្យ ដោយបិទច្រកឆ្លងកាត់ដ៏សំខាន់មួយកន្លែងចូលទៅក្នុងប្រទេសអាល្លឺម៉ង់។ ត្រាក់ទ័រប្រមាណ ១០០គ្រឿង បានតម្រៀបជួរនៅខាងផ្នែកប្រទេសប៉ូឡូញ ដោយបានបិទព្រំដែន និងបង្ខំឱ្យការធ្វើចរាចរណ៍ទៅកាន់ព្រំដែនប្រទេសអាល្លឺម៉ង់ ត្រូវឆ្លងកាត់ទីក្រុងព្រំដែន ស្លូបៃស៍(Slubice) និងស្ពានទៅកាន់ទីក្រុង ហ្វ្រេងហ្វឺត អូឌឺ(Frankfurt Oder) ។ការតវ៉ា ដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃអាទិត្យ បានធ្វើឲ្យមានការធ្វើចរាចរណ៍ច្រើននៅលើផ្លូវផ្សេងៗទៀត។ កសិករនៅទូទាំងទ្វីបអឺរ៉ុប បាននឹងកំពុងបង្កើនការតវ៉ានៅឆ្នាំនេះ រួមទាំងនៅប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ដោយត្អូញត្អែរពីតម្លៃធ្លាក់ចុះទាប និងការចំណាយខ្ពស់ ការនាំចូលក្នុងតម្លៃថោក និងឧបសគ្គពីគំនិតផ្តួចផ្តើមបម្រែបម្រួលអាកាសធាតុនៃកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប។កសិករនៅអឺរ៉ុបកណ្តាល បានខឹងសម្បារចំពោះអ្វីដែលពួកគេហៅថាជាការប្រកួតប្រជែងអយុត្តិធម៌ពីបរទេស ជាពិសេសប្រទេសអ៊ុយក្រែន បន្ទាប់ពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០២២ ក្នុងការលើកលែងពន្ធការនាំចូលអាហាររបស់ប្រទេសអ៊ុយក្រែន។ កសិករ បាននិយាយថា ទីផ្សារកំពុងប្រឈមមុខទៅនឹងការខូចទ្រង់ទ្រាយ និងតម្លៃទាប ដែលមកពីចំនួនលើសក្នុងពេលមានការនាំចូលមានតម្លៃថោក។ ពួកគេក៏មិនសប្បាយចិត្តចំពោះការរៀបចំឯកសារដែលកាន់តែច្រើនឡើង។កសិករប្រទេសប៉ូឡូញ បាននិយាយថាការតវ៉ារបស់ពួកគេទំនងជានឹងបញ្ចប់នៅថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈនេះ ប៉ុន្តែបាននិយាយថា ដរាបណាអ្វីៗនៅតែមិនផ្លាស់ប្តូរ នោះការតវ៉ានឹងបន្តទៀត។

អ៊ុយក្រែន ៖ការដឹកជញ្ជូនអាវុធរបស់លោកខាងលិចចំនួន៥០%ពុំបានមកដល់ទាន់ពេលវេលាទេ

2024/02/26 08:45:18 am        160
រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យទី២៥ខែកុម្ភៈថា ការដឹកជញ្ជូនអាវុធពីសំណាក់លោកខាងលិចចំនួន៥០% ពុំបានមកដល់ទាន់ពេលវេលាទេ ។ ថ្លែងនៅសន្និសីទដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងទីក្រុងគីវ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រ៉ូស្តឹម អ៊ូម៉េរ៉ូវ (Rustem Umerov) បាននិយាយថា ដោយសារតែស្ថានភាពតែងតែយ៉ាប់យ៉ឺននៅពេលនេះ ការប្ដេជ្ញាពុំបានដើរទន្ទឹមនឹងការដឹកជញ្ជូនអាវុធនោះទេ ។ការប្ដេជ្ញាផ្ដល់អាវុធចំនួន៥០%មិនត្រូវបានផ្ដល់មកឲ្យអ៊ុយក្រែនទាន់ពេលវេលានោះទេ។ លោកបានបន្ថែមថា ដូច្នេះមានន័យថាមិនមានសមាមាត្រនៃសង្រ្គាមទេ យើងងាកទៅមើលសត្រូវវិញ សេដ្ឋកិច្ចរបស់ពួកគេជិត២សែនកោដិ។ពួកគេបានប្រើប្រាស់កញ្ចប់ថវិកាផ្លូវការ និងក្រៅផ្លូវការចំនួន១៥%សម្រាប់សង្គ្រាម ដែលស្មើជាង១៥០ពាន់លាន ។ដូចនេះ បើការដឹកជញ្ជូនអាវុធមកឲ្យអ៊ុយក្រែនមិនទាន់ពេល យើងនឹងបាត់បង់ជីវិតមនុស្ស ហើយយើងក៏នឹងបាត់បង់ទឹកដីផងដែរ។ខណៈជម្លោះបានឈានចូលដល់ឆ្នាំទី៣ យោធាអ៊ុយក្រែន កំពុងព្យាយាមទប់ទល់ការវាយសន្ធាប់របស់កងកម្លាំងរុស្ស៊ី នៅតាមសមរភូមិមុខដ៏តឹងតែង។ យោធានៅក្នុងភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែនកំពុងអស់អាវុធ និងកម្លាំងទ័ព ហើយប្រទេសរុស្ស៊ី បានដណ្ដើមទីក្រុងដ៏សំខាន់មួយ លើកដំបូងកាលពីថ្មីៗនេះ ក្នុងការវាយប្រយុទ្ធគ្នាជិត១ឆ្នាំចុងក្រោយនេះ។អ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ មានរយៈពេល១០ឆ្នាំជាមួយបណ្ដាសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីការពារខ្លួនទល់នឹងការវាយប្រហារពីរុស្ស៊ី ។កិច្ចព្រមព្រៀងសន្តិសុខនេះ បានសន្យាបន្តផ្គត់ផ្គង់ជំនួយយោធា និងសន្តិសុខ ដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋានឧស្សាហកម្មការពារជាតិអ៊ុយក្រែន ការបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន ការចែករំលែកព័ត៌មានចារកម្ម និងកិច្ចសហប្រតិបត្តិការសម្រាប់ការពារការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា៕

លោកស្រី Yulia Navalnaya ទាមទារឲ្យអាជ្ញាធរប្រគល់សពស្វាមី និងហៅជំនឿរបស់លោក Putin ថា «ក្លែងក្លាយ»

2024/02/24 05:16:44 pm        471
អ្នកស្រី Yulia Navalnaya ដែលជាភរិយាមេម៉ាយរបស់អតីតមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានទាមទារឲ្យអាជ្ញាធររុស្ស៊ីប្រគល់សពស្វាមីរបស់លោកស្រី ដើម្បីយកទៅបញ្ចុះ ហើយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ជា «បុគ្គលគ្មានមេត្តា» ដោយសារ «ធ្វើអំពើទារុណ» លើសពរបស់លោក Navalny។នៅក្នុងវីដេអូរយៈពេល ៦នាទីដែលត្រូវបានបង្ហោះនៅលើឆានែល YouTube លោកស្រី Navalnaya បានចោទប្រកាន់លោក Putin ថា បានខាំងទុកសពស្វាមីរបស់លោកជា «ចំណាប់ខ្មាំង» ហើយបានចោទសួរអំពីជំនឿក្នុងគ្រិស្តសាសនារបស់លោក Putin ម្ដងហើយម្ដងទៀត។ម្តាយរបស់សពលោក Navalny លោកស្រី Lyudmila កាលពីថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) បាននិយាយថា អ្នកស៊ើបអង្កេតរុស្ស៊ី បានបដិសេធមិនឲ្យយកសពកូនរបស់គាត់ពីកន្លែងតម្កល់សព នៅទីក្រុងដាច់ស្រយាល Salekhard នៃតំបន់អាក់ទិកនោះទេ លុះត្រាតែលោកស្រីយល់ព្រមបញ្ចុះសព ដោយគ្មានពិធីបុណ្យសពជាសាធារណៈ។នៅក្នុងវីដេអូនោះ លោកស្រី Yulia Navalnaya ដែលពេញដោយអារម្មណ៍រំជួលចិត្ត បានអះអាងថា លោក Putin ជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ចំពោះកន្លែងលាក់សពរបស់លោក Navalny ហើយថា លោកកំពុង «ធ្វើទារុណកម្ម» លើលោក Navalny ពេលស្លាប់ ដូចពេលលោកនៅមានជីវិត។លោកស្រី Navalnaya ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បាននិយាយថា៖ «យើងបានដឹងរួចហើយថា ជំនឿរបស់លោក Putin គឺក្លែងក្លាយ។ ប៉ុន្តែឥឡូវនេះ យើងឃើញកាន់តែច្បាស់ជាងពេលមុន។ គ្មានអ្នកកាន់សាសនាគ្រិស្តពិតប្រាកដណាម្នាក់ អាចធ្វើអ្វីដែលលោក Putin កំពុងធ្វើជាមួយនឹងសពរបស់លោក Alexei បានយ៉ាងដូច្នេះទេ»៕

ការបំផ្ទុះគ្រាប់បែកនៅមហាវិទ្យាល័យក្នុងរដ្ឋ Manipur របស់ឥណ្ឌា សម្លាប់មនុស្សម្នាក់

2024/02/24 04:03:33 pm        584
មន្ត្រីសន្តិសុខបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងការហេតុការណ៍បំផ្ទុះគ្រាប់បែក នៅមហាវិទ្យាល័យមួយ ក្នុងរដ្ឋធានី Imphal នៃរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា កាលពីយប់ថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ)។ក្រុមមន្ត្រីបានប្រាប់បន្ថែមថា នៅមិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវ ចំពោះការបំផ្ទុះ ដោយឧបករណ៍បំផ្ទុះកែច្នៃ (IED) នេះទេ។មន្ត្រីមួយរូប បានប្រាប់ថា៖ «ឧបករណ៍ IED បានផ្ទុះនៅក្នុងបរិវេណនៃមហាវិទ្យាល័យ (បរិវេណមហាវិទ្យាល័យ DM) នៅក្នុងទីក្រុង។ មនុស្សម្នាក់បានស្លាប់ ហើយម្នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ»។គួរបញ្ជាក់ដែរថា រដ្ឋ Manipur បានកើតមាននូវការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ មក រវាងសមាជិកភាគច្រើននៃសហគមន៍ Meitei និងជនជាតិភាគតិច Kuki ពាក់ព័ន្ធការបែងចែកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតា ដែលត្រូវបានផ្តល់ដល់ក្រុមកុលសម្ព័ន្ធ។ មនុស្សជិត ២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះនេះ។ការផ្ទុះគ្រាប់បែក កាលពីថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) បានកើតឡើងនៅក្នុងការិយាល័យរបស់ All Manipur Students' Union ដែលជាអង្គការនិស្សិតមានទីតាំងនៅខាងក្នុងបរិវេណសាកលវិទ្យាល័យ DM នៅតំបន់ Imphal West៕

អាជ្ញាធរអូស្ត្រាលី ជំរុញឲ្យមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីចំហេះព្រៃដែលមិនអាចគ្រប់គ្រងបាន

2024/02/24 03:54:47 pm        505
ចំហេះព្រៃនៅក្នុងរដ្ឋ Victoria របស់អូស្ត្រាលី បានរាលដាលយ៉ាងឆាប់រហ័ស នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) ដោយបានបង្ខំឲ្យអាជ្ញាធរចេញការជូនដំណឹងអំពីការជម្លៀសថ្មី ក្នុងកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត សម្រាប់អ្នកស្រុករាប់រយនាក់ នៅភាគខាងលិចរបស់រដ្ឋនេះ។ការព្រមានជាបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីមានការបន្ថយកម្រិត នៅថ្ងៃសៅរ៍នេះ សម្រាប់ចំហេះព្រៃមួយផ្សេងទៀត ដែលបានកើតមានឡើងកាលពីដើមសប្តាហ៍នេះ ដោយការឆាបឆេះនេះបានសម្លាប់សត្វពាហនៈ បំផ្លាញទ្រព្យសម្បត្តិ និងបង្ខំឲ្យមនុស្សជាង ២.០០០នាក់ចាកចេញពីទីប្រជុំជនភាគខាងលិច ហើយឆ្ពោះទៅកាន់ទីក្រុង Ballarat ចម្ងាយ ៩៥គីឡូម៉ែត្រ នៅភាគខាងលិចនៃរដ្ឋធានី Melbourne។អណ្ដាតភ្លើងថ្មីនេះកំពុងគំរាមកំហែងដល់ទីប្រជុំជនជនបទ Amphitheatre ដែលមានប្រជាជនចំនួន ២២៣នាក់។ អង្គភាពគ្រប់គ្រាអាសន្នរបស់រដ្ឋ Victoria (Vic Emergency) បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា «ការចាកចេញភ្លាមៗ គឺជាជម្រើសដ៏មានសុវត្ថិភាពបំផុត មុនពេលស្ថានភាពប្រែក្លាយទៅជាគ្រោះថ្នាក់ខ្លាំងឡើង» ដោយបន្ថែមថា ចំហេះមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ។សារព័ត៌មាន Australian Broadcasting Corp បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ផ្ទះចំនួន ៣ខ្នង និងអគារតូចៗជាច្រើនខ្នង ត្រូវបានបំផ្លិចបំផ្លាញក្នុងសប្តាហ៍នេះ នៅក្នុងការសង្គ្រោះបន្ទាន់ពីចំហេះព្រៃ នៅរដ្ឋ Victoria ។ អ្នកពន្លត់អគ្គិភ័យប្រហែល ១.០០០នាក់ដែលមានការគាំទ្រពីយន្តហោះជាង ៥០គ្រឿង បានប្រយុទ្ធនឹងអគ្គិភ័យ ចាប់តាំងពីអណ្ដាតភ្លើងបានចាប់ផ្តើមឆាបឆេះឡើង៕

អាមេរិកព្រមានពីមហន្តរាយបរិស្ថាន ដោយសារនាវាដឹកទំនិញដែលរងការវាយប្រហារពីក្រុមឧទ្ទាមហ៊ួទី

2024/02/24 03:49:53 pm        529
នាវាដឹកទំនិញ ១គ្រឿងដែលត្រូវបានបោះបង់ចោល នៅឈូងសមុទ្រ Aden បន្ទាប់ពីរងការវាយប្រហារពីពួកឧទ្ទាមរបស់ប្រទេសយេម៉ែន កំពុងជា្របទឹក ហើយធ្វើឲ្យមានប្រេងអណ្ដែតត្រៀបត្រា ជាគ្រោះមហន្តរាយបរិស្ថាន ដែលបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) បាននិយាយថា អាចមានសភាពកាន់តែអាក្រក់ទៅៗ។នាវា Rubymar ជានាវាដឹកទំនិញដែលមានទង់ជាតិរបស់ប្រទេសបេលី ចុះបញ្ជីដោយអង់គ្លេស និងលីបង់ដែលដឹកជីឥន្ធនៈ ត្រូវរងការខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) ដោយការវាយប្រហារនោះត្រូវអះអាងថា ជាស្នាដៃរបស់ខ្លួនពីសំណាក់ក្រុមឧទ្ទាមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់។ក្រុមប្រតិបត្តិកររបស់នាវា គឺក្រុមហ៊ុន Blue Fleet Group បាននិយាយថា ក្រុមនាវិកត្រូវបានជម្លៀសទៅកាន់ប្រទេសជីប៊ូទី បន្ទាប់ពីមីស៊ីលមួយគ្រាប់បានវាយប្រហារផ្នែកម្ខាងរបស់នាវា ដែលនាំឲ្យមានទឹកជ្រាបចូលក្នុងបន្ទប់ម៉ាស៊ីន ហើយផ្នែកខាងក្រោយចាប់លិចបន្តិចម្ដងៗ។មីស៊ីលគ្រាប់ទី២ បានវាយប្រហារត្រូវដំបូលនាវា ដោយមិនបានបង្កឲ្យមានការខូចខាតធំដុំនោះទេ។ នេះបើតាមលោក Roy Khoury នាយកប្រតិបត្តិក្រុមហ៊ុន Blue Fleet បានប្រាប់សារព័ត៌មាន AFP។ CENTCOM បានឲ្យដឹងថា នាវានេះត្រូវបានបោះយុថ្កា ប៉ុន្តែបានជា្របទឹកយឺតៗ ហើយបានធ្វើឲ្យមានប្រេងអណ្ដែតត្រៀបត្រា ២៩គីឡូម៉ែត្រ៕

អ៊ុយក្រែនបន្តប្រយុទ្ធការពារ ខណៈសង្រ្គាមរុស្ស៊ី ឈានចូលដល់ឆ្នាំទី៣

2024/02/24 03:43:42 pm        229
ប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានប្រារព្ធខួប ២ឆ្នាំ ចាប់តាំងមានពីការលុកលុយពីសំណាក់រុស្ស៊ី ដោយប្រទេសនេះកំពុងប្រឈមជាមួយឆ្នាំថ្មីនៃសង្រ្គាមដែលត្រូវបានធ្វើចុះខ្សោយដោយសារការខ្វះខាតជំនួយរបស់លោកខាងលិច ខណៈដែលរុស្ស៊ីកំពុងមានសន្ទុះដោយសារការទទួលបានជ័យជម្នះថ្មីៗ។នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសពី «ប្រតិបត្តិការយោធាពិសេស» នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មជ្ឈដ្ឋានជាច្រើនរំពឹងថា ទីក្រុងមូស្គូនឹងជោគជ័យក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តែផ្ទុយទៅវិញអ៊ុយក្រែនបានប្រយុទ្ធការពារ និងវាយតបតយ៉ាងរឹងមាំ រហូតធ្វើឲ្យទាហានរុស្ស៊ីដកថយយ៉ាងអាម៉ាស់។ប៉ុន្តែអ៊ុយក្រែនបានជួបនឹងឧបសគ្គ ដោយបរាជ័យ សម្រាប់ការវាយបករបស់ខ្លួន នៅឆ្នាំ២០២៣។ ហើយកងទ័ពរុស្ស៊ីបានកសាងនូវជំហរកងកម្លាំងដ៏រឹងមាំ ដោយសារការបង្កើនផលិតកម្មយោធា ខណៈដែលកងទ័ពអ៊ុយក្រែនកំពុងខ្វះកម្លាំងមនុស្ស និងកាន់តែអស់ទៅៗនូវគ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាសដែលផ្គត់ផ្គង់ដោយលោកខាងលិច។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ) បាននិយាយថា ការសម្រេចជុំវិញការផ្គត់ផ្គង់អាវុធ ត្រូវតែជា «អាទិភាពចម្បង»។ខួបសង្គ្រាម នាថ្ងៃសៅរ៍នេះ នឹងឃើញដំណើរទស្សនកិច្ចរបស់បណ្ដាមេដឹកនាំលោកខាងលិច ដោយក្នុងនោះរួមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ផងដែរ តែទិដ្ឋភាពជារួម នៅតែអាប់អួដដែលសម្រាប់ទីក្រុងគីវ ដោយសារតែសភាអាមេរិកបានរារាំងកញ្ចប់ជំនួយដ៏សំខាន់ចំនួន ៦០ពាន់លានដុល្លារ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវជាថ្មីឲ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋព្រមបើកផ្លូវដល់ការផ្តល់មូលនិធិបន្ថែម ដោយព្រមានថា «ប្រវត្តិសាស្រ្តកំពុងរង់ចាំនៅខាងមុខ» ហើយ «ការខាកខានមិនបានគាំទ្រដល់អ៊ុយក្រែន ក្នុងគ្រាដ៏សំខាន់នេះ នឹងត្រូវបានគេចងចាំជារៀងរហូត»៕

កសិករឆាបឆួលដោយកំហឹង ត្រៀមប្រឈមមុខជាមួយលោក Macron នៅពិព័រណ៍កសិកម្មក្រុងប៉ារីស

2024/02/24 12:59:56 pm        251
កសិករបានរៀបចំតវ៉ា នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ទៅកាន់ពិព័រណ៍កសិកម្ម នៅទីក្រុងប៉ារីស ក្នុងពេលដែលមានអារម្មណ៍ឆាបឆួលដោយកំហឹង ដោយសារការចំណាយ ការិយាធិបតេយ្យហួសហេតុ និងបទប្បញ្ញត្តិបៃតង។ត្រាក់ទ័ររាប់សិបគ្រឿងបានបើកចូលក្នុងរដ្ឋធានីបារាំង កាលពីរសៀលថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) អមដោយការចុចស៊ីផ្លេលាន់កងរំពងពេញផ្លូវ។ ក្នុងចំណោមនោះ ត្រាក់ទ័រ ១គ្រឿង បានព្យួរបដាដែលសរសេរថា «លោក Macron! អ្នកកំពុងសាបគ្រាប់ពូជព្យុះភ្លៀង ដូច្នេះ ប្រយ័ត្នទទួលបានផលពីអ្វីដែលអ្នកបានធ្វើ»។គួរបញ្ជាក់ថា កសិករបានធ្វើការតវ៉ានៅទូទាំងទ្វីបអឺរ៉ុប ដោយអំពាវនាវឲ្យមានប្រាក់ចំណូលប្រសើរជាងមុន និងការិយាធិបតេយ្យតិចតួច និងត្អូញត្អែរពីការប្រកួតប្រជែងមិនយុត្តិធម៌ពីទំនិញតម្លៃថោករបស់អ៊ុយក្រែន។ សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ បានលើកលែងពន្ធលើការនាំចូលអាហាររបស់អ៊ុយក្រែន ដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសនេះ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី។លោក Jean Lefevre ជាសមាជិករបស់ FNSEA ដែលជាសហជីពកសិកម្មដ៏ធំបំផុតរបស់ប្រទេសបារាំងបានប្រាប់សារព័ត៌មាន Reuters ថា៖ «កសិករមួយចំនួននឹងព្យាយាមរារាំងលោកប្រធានាធិបតី (លោក Macron) មិនឲ្យចូលទៅក្នុងពិព័រណ៍ពាណិជ្ជកម្ម។ ហើយប្រសិនបើរូបលោកចូលទៅ ពួកគេនឹងរំខានការដើរមើលរបស់លោក នៅទីនោះ»។លោក Macron បានលុបចោលការជជែកដេញដោលដែលលោកចង់រៀបចំនៅក្នុងពិព័រណ៍កសិកម្ម នៅថ្ងៃសៅរ៍នេះ ជាមួយកសិករ អ្នកកែច្នៃម្ហូបអាហារ និងអ្នកលក់រាយ បន្ទាប់ពីសហជីពកសិករបាននិយាយថាពួកគេនឹងមិនទៅចូលរួមនោះទេ ដោយនេះគឺសញ្ញាមួយផ្សេងទៀត ដែលបង្ហាញថា តើទំនាក់ទំនងដ៏តានតឹង រវាងកសិករ និងរដ្ឋាភិបាល នៅតែមានដដែលកម្រិតណា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតកម្ពុជា៖ អាស៊ានបានបង្ហាញពីសមត្ថភាពសម្របខ្លួន និងឆ្ពោះទៅមុខកាន់តែរឹងមាំដោយដកស្រង់បទពិសោធពីបញ្ហាប្រឈមដែលបានកើតឡើងកន្លងទៅ
05/07/2026 02:05 PM
អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុលផ្លូវលេខ១៤២ ក្នុងស្រុកភ្នំស្រួច ក្រោយ​រងការ​ខូចខាត​ដោយទឹកជំនន់
05/07/2026 02:05 PM
ប្រមុខការទូតកម្ពុជា បន្តចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីពិភាក្សាលើយុទ្ធសាស្ត្រនានាឆ្លើយតបទៅនឹងបរិបទពិភពលោក
05/07/2026 02:05 PM
ក្រសួងអភិវឌ្ឍន៍ជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធ ជួយសម្រួលជីវភាពពលរដ្ឋ​នៅគម្រោងដី​សម្បទាន​សង្គមកិច្ច​ក្នុងភូមិសាស្ត្រាស្រុកចន្ទ្រា ខេត្តស្វាយរៀង
05/07/2026 02:05 PM
មូលនិធិគន្ធបុប្ផាកម្ពុជាប្រគល់ថវិកាជាង ៤លាន ៥សែនដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យបុប្ផា
05/07/2026 02:05 PM
រុស្ស៊ីអំពាវនាវឲ្យរដ្ឋបរទេសជម្លៀសអ្នកការទូតរបស់ពួកគេចេញពីអ៊ុយក្រែន មុនពេលទីក្រុងមូស្គូប្រារព្ធទិវាជ័យជម្នះ
05/07/2026 02:05 PM
ឥណ្ឌាប្តេជ្ញាកម្ទេចបណ្តាញគាំទ្រភេរវកម្ម រយៈពេលមួយឆ្នាំបន្ទាប់ពីមានជម្លោះជាមួយប៉ាគីស្ថាន
05/07/2026 02:05 PM
រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
05/07/2026 02:05 PM
អង្គការMSF៖ អ៊ីស្រាអែលបានបង្កើត«វិបត្តិកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ» នៅតំបន់ហ្កាហ្សា
05/07/2026 02:05 PM
ស្ថានទូតអ៊ីរ៉ង់បដិសេធថា កងកម្លាំងប្រដាប់អាវុធមិនបានវាយប្រហារនាវាកូរ៉េខាងត្បូង នៅច្រកសមុទ្រហ័រមូសទេ
05/07/2026 02:05 PM