អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ

សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ ក្រុមហាម៉ាស បានបាត់បង់ស្មារតីប្រយុទ្ធរបស់ខ្លួន

2024/02/19 10:21:04 am        100
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ ( Yoav Galant) និយាយថា អង្គការជ្រុលនិយមប៉ាឡេស្ទីនhហាម៉ាស នៅតំបនហ្កាហ្សា បានបាត់បង់ស្មារតីប្រយុទ្ធរបស់ខ្លួន បន្ទាប់ពីសង្គ្រាមរយៈពេលជាង៤ខែ។លោក ហ្គាឡែនធ៍ បានប្រាប់មេបញ្ជាការកងទ័ពកាលពីថ្ងៃអាទិត្យថា៖«អ្នកប្រយុទ្ធពីររយនាក់ បានចុះចាញ់ [នៅក្នុងទីក្រុងខាន់ យូនីស (Khan Younis)] នៅក្នុងមន្ទីរពេទ្យ ណាសឺ(Nasser) និងរាប់សិបនាក់ទៀតនៅក្នុងមន្ទីរពេទ្យអាម៉ាល( Amal)។ នេះបង្ហាញថា ពួកគេ [ក្រុមហាម៉ាស] បានបាត់បង់ស្មារតីប្រយុទ្ធរបស់ពួកគេ។ព័ត៌មានមិនអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យដំបូងឡើយ។រដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បាននិយាយថា ថ្នាក់ដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ក្រោមការដឹកនាំរបស់លោកយ៉េយ៉ា អាល់ស៊ីនវ៉ា (Yehya al-Sinwar) ដែលលាក់ខ្លួនពីកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានបាត់បង់ទំនាក់ទំនងជាមួយពិភពខាងក្រៅ។លោក ហ្គាឡែនធ៍ បាននិយាយថា៖«សាខាហាម៉ាសនៅហ្កាហ្សា មិនបានឆ្លើយតបទេ» ។«គ្មានអ្នកណានិយាយអំពីអ្វីដែលបានកើតជាក់ស្តែងនោះទេ»។ ឥឡូវនេះ ក្រុមហាម៉ាសទើបតែបានរៀបចំកងកម្លាំងប្រដាប់អាវុធនៅកណ្តាលតំបន់ហ្សាស្ទ្រីប និងនៅទី ក្រុងរ៉ាហ្វា ដែលជាទីក្រុងព្រំដែនភាគខាងត្បូងជាមួយអេហ្ស៊ីប។ លោក បាននិយាយថា ប្រសិនបើកងទ័ពសម្រេចចិត្តធ្វើសកម្មភាពនៅទីនោះ «នឹងគ្មាននរណាជួយពួកគេទេ គឺគ្មានជនជាតិអ៊ីរ៉ង់ និងគ្មានការគាំទ្រពីអន្តរជាតិទេ»។

អ៊ុយក្រែន ចោទរុស្ស៊ី ថាបានប្រហារជីវិតឈ្លើយសឹកមានរបួសនៅក្រុង Avdiivka និងភូមិ Vesele

2024/02/19 10:16:06 am        147
អាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាពួកគេបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាមានការបាញ់ប្រហារដោយកងកម្លាំងរុស្ស៊ី លើទាហានអ៊ុយក្រែនគ្មានអាវុធ និងមានរបួសចំនួនប្រាំមួយនាក់នៅក្នុងទីក្រុង អាវឌីអ៊ីវកា (Avdiivka) និងពីរនាក់ទៀតនៅឯភូមិមួយក្នុងតំបន់តែមួយ បន្ទាប់ពីប្រទេសរុស្ស៊ី បានអះអាងការគ្រប់គ្រងទាំងស្រុងនៃទីក្រុងនេះ។ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ ដូណិតស្ក៍ (Donetsk) បាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់ខ្លួនថា «ការស៊ើបអង្កេតលើការបាញ់ប្រហារឈ្លើយសឹកសង្គ្រាមអ៊ុយក្រែនដែលគ្មានអាវុធនៅក្រុង អាវឌីអ៊ីវកា និងភូមិ វេសេឡេ (Vesele) ត្រូវបានចាប់ផ្តើម»។ រដ្ឋអាជ្ញាបានយោងទៅលើព័ត៌មានអំពី «ការប្រហារជីវិតឈ្លើយសឹកប្រាំមួយនាក់» នៅទីតាំងមួយនៅក្រុង អាវឌីអ៊ីវកា ដោយបន្ថែមថាពួកគេ «បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងរង់ចាំការជម្លៀស» មុនពេលត្រូវសម្លាប់ ហើយទាហានពីរនាក់ទៀតនៅឯភូមិ វេសេឡេ ក៏ត្រូវបានសម្លាប់ផងដែរ។ទូរទស្សន៍រដ្ឋអ៊ុយក្រែន ស៊ូសស្ពីលណេ (Suspilne) បានដកស្រង់សម្តីអ្នកនាំពាក្យយោធាអ៊ុយក្រែន លោក ឌីមីត្រូ លីខូវី (Dmytro Lykhoviy) ថា «នៅតែមិនមានលទ្ធភាពដើម្បីបញ្ជាក់ ឬបដិសេធ» ការសម្លាប់នៅក្រុង អាវឌីអ៊ីវកា បានទេ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។ ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលរុស្ស៊ី បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមបែបនេះ៕

កសិករប្រទេសឥណ្ឌា ផ្អាកការដង្ហែក្បួនតវ៉ាទៅកាន់ទីក្រុងដេលី ខណៈការចរចារបស់រដ្ឋាភិបាល បន្ត

2024/02/19 10:12:39 am        94
កសិករនៅក្នុងប្រទេសឥណ្ឌា បានបន្តផ្អាកការហែក្បួនតវ៉ាឆ្ពោះទៅកាន់ទីក្រុងដេលី នៅថ្ងៃចន្ទនេះ បន្ទាប់ពីការចរចាជុំទីបួនជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាល។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពីយូស ហ្គោយ៉ាល់(Piyush Goyal) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អាជុន មុនដា(Arjun Munda) ស្ថិតក្នុងចំណោមមន្ត្រីរដ្ឋាភិបាល បានមកចូលរួមក្នុងកិច្ចពិភាក្សានេះ ដែលសំណើទាក់ទងនឹងតម្លៃគាំទ្រអប្បបរមា (MSP) សម្រាប់ការធ្វើពិពិធកម្មផលដំណាំ ត្រូវបានបង្ហាញ។សំណើនេះ សន្យាតម្លៃអប្បបរមាដែលត្រូវបានធានាដល់កសិករសម្រាប់ការដាំដុះដំណាំពោត ដែលនឹងត្រូវផ្តល់ឱ្យដោយសហករណ៍រដ្ឋាភិបាល។ កសិករ បាននិយាយថា ពួកគេនឹងពិចារណាលើសំណើជាមួយក្រុមអ្នកជំនាញ ហើយការផ្អាកហែក្បួនតវ៉ារបស់ពួកគេនឹងរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ។កសិកររាប់ពាន់នាក់ បានចាប់ផ្ដើមដង្ហែក្បួនតវ៉ា ដែលគេហៅថា«តោះយើងទៅកាន់ទីក្រុងដេលី» កាលពីដើមសប្តាហ៍កន្លងទៅនេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់កសិផលរបស់ពួកគេ ប៉ុន្តែពួកគេត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខក្នុងចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រ ពីរដ្ឋធានី ដែលបានបង្កឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមកសិករ។កសិករ នៅតែបោះជំរំនៅតាមព្រំដែនរវាងរដ្ឋ ពុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) ចាប់តាំងពីថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈ។ កម្លាំងសន្តិសុខ បានប្រើប្រាស់រនាំងថ្ម និងដែក ដើម្បីបញ្ឈប់ក្រុមអ្នកតវ៉ាមិនឲ្យធ្វើដំណើរឆ្ពោះទៅមុខ។

អ៊ីស្រាអែល កំណត់កាលបរិច្ឆេទខែមីនា សម្រាប់ការវាយលុក ក្នុងទីក្រុង រ៉ាហ្វា តំបន់ហ្កាហ្សា

2024/02/19 10:04:00 am        103
សមាជិកខុទ្ទកាល័យសង្រ្គាមអ៊ីស្រាអែលលោកបេននីហ្កានស៍(Benny Gantz)បានព្រមានថា បើ ក្រុមហាម៉ាស មិនដោះលែងចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា នៅត្រឹមថ្ងៃទី ១០ ខែមីនា ទេនោះ ការវាយលុកនឹងត្រូវចាប់ផ្តើមនៅទីក្រុងរ៉ាហ្វា(Rafah)។ នេះជាលើកទីមួយ ដែលអ៊ីស្រាអែលបាននិយាយបែបនេះ នៅពេលកងទ័ពរបស់ខ្លួនអាចចូលទៅក្នុងទីក្រុងភាគខាងត្បូងមួយនេះរបស់តំបន់ហ្កាហ្សា ដែលមានមនុស្សដ៏ច្រើនលើសលប់កំពុងសរស់នៅ។ ការប្រឆាំងជាសកលកំពុងកើនឡើងចំពោះការវាយប្រហារបែបនេះនៅទីក្រុងរ៉ាហ្វា ជាទីដែលប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងជ្រកកោន។ ថ្មីៗនេះ ទីភ្នាក់ងារសុខភាពសាធារណៈរបស់អង្គការសហប្រជាជាតិបាននិយាយថា មន្ទីរពេទ្យដ៏សំខាន់មួយនៅហ្កាហ្សាបានឈប់ដំណើរការបន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែល។អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមិនត្រូវបានអនុញ្ញាតឱ្យចូលមន្ទីរពេទ្យ ណាស័រ (Nasser) នៅទីក្រុងខាន់យូនីស (Khan Yunis) ភាគខាងជើងក្រុង រ៉ាហ្វា ដើម្បីវាយតម្លៃស្ថានភាពនោះទេ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចូលទៅក្នុងអគារនោះកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ចារកម្មបង្ហាញថា ចំណាប់ខ្មាំងត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស នៅទីនោះ។ថ្លែងកាលពីថ្ងៃអាទិត្យ លោក Gantz អតីតរដ្ឋមន្ត្រីការពារជាតិ បាននិយាយថា ពិភពលោកត្រូវតែដឹង ហើយមេដឹកនាំក្រុមហាម៉ាស ត្រូវតែដឹង ប្រសិនបើដល់ថ្ងៃពិធីបុណ្យរ៉ាម៉ាដាន់៩Ramadan)ហើយក្រុមចំណាប់ខ្មាំងរបស់យើងនៅតែមិនទាន់មកដល់ផ្ទះទៀត នោះការប្រយុទ្ធនឹងបន្តនៅគ្រប់ទីកន្លែង រួមទាំងនៅតំបន់រ៉ាហ្វាផងដែរ។លោក Gantz បានបន្ថែមថា អ៊ីស្រាអែលនឹងធ្វើសកម្មភាពក្នុងដោយមានការសម្របសម្រួលដល់ការជម្លៀសជនស៊ីវិល ក្នុងការសន្ទនាជាមួយដៃគូអាមេរិក និងអេហ្ស៊ីបរបស់យើង ដើម្បីកាត់បន្ថយការស្លាប់ចំនួនជនស៊ីវិល៕

ប្រជាជនម៉ិកស៊ិកប្រហែល ៧០ ម៉ឺននាក់ ចេញតវ៉ាការពារលទ្ធិប្រជាធិបតេយ្យ មុនការបោះឆ្នោត

2024/02/19 09:57:34 am        108
ហ្វូងមនុស្សយ៉ាងច្រើនកុះករ បានចេញតវ៉ាពាសពេញទីលានចតុរង្គនៃទីក្រុង ម៉ិកស៊ិកូ ស៊ីធី កាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ដើម្បីការពារលិទ្ធិប្រជាធិបតេយ្យ និងគាំទ្រដល់អាជ្ញាធរបោះឆ្នោតរបស់ប្រទេស ដោយចោទប្រកាន់ប្រធានាធិបតីម៉ិកស៊ិក លោក អានដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) ពីការព្យាយាមធ្វើឱ្យស្ថាប័នមួយនេះចុះខ្សោយមុនការបោះឆ្នោតប្រធានាធិបតីក្នុងខែមិថុនា។នៅប៉ុន្មានឆ្នាំថ្មីៗនេះ ការតវ៉ាជាច្រើន ដែលមួយក្នុងចំណោមនោះធ្វើឡើងដើម្បី «ការពារ» វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) កើតឡើងបន្ទាប់ពីលោក ឡូប៉េស អូប្រាដ័រ បានបញ្ជូនសេចក្ដីស្នើច្បាប់ដ៏ធំនៃកំណែទម្រង់រដ្ឋធម្មនុញ្ញទៅសភា ដែលនឹងរួមបញ្ចូលការកែប្រែប្រព័ន្ធស្ថាប័នជាតិរៀបចំការបោះឆ្នោត INE ។អ្នករៀបចំការតវ៉ាបាននិយាយថា មនុស្ស ៧០០.០០០ នាក់បានចូលរួមក្នុងការប្រមូលផ្ដុំនេះ ដែលបានក្លាយជាការតវ៉ាដ៏ធំបំផុតមួយប្រឆាំងនឹងលោកប្រធានាធិបតី ឡូប៉េស អូប្រាដ័រ នៅពេលដែលរដ្ឋបាលរបស់លោកជិតត្រូវបញ្ចប់។ រដ្ឋាភិបាលទីក្រុង ម៉ិកស៊ិកូស៊ីធី ដែលត្រូវបានគ្រប់គ្រងដោយគណបក្ស ម៉ូរ៉េណា (MORENA) របស់លោក ឡូប៉េស អូប្រាដ័រ បាននិយាយថា មានមនុស្សត្រឹមតែ ៩០.០០០ នាក់ប៉ុណ្ណោះបានចូលរួម៕

មនុស្សជាង៥០នាក់បានស្លាប់ក្នុងការវាយឆ្មក់មួយនៅក្នុងតំបន់ខ្ពង់រាប ប្រទេស ប៉ាពួ ញូវហ្គីណេ

2024/02/19 09:53:08 am        99
មនុស្សយ៉ាងហោចណាស់ ៥៣ នាក់បានស្លាប់នៅក្នុងការវាយឆ្មក់នៅតំបន់ខ្ពង់រាបដាច់ស្រយាលរបស់ប្រទេស ប៉ាពួ ញូវហ្គីណេ (Papua New Guinea)។អ្នកនាំពាក្យនគរបាលជាតិបានប្រាប់សារព័ត៌មាន BBC ថាជនរងគ្រោះត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលជម្លោះកុលសម្ព័ន្ធនៅក្នុងខេត្ត អ៊ីហ្កា(Enga) កាលពីចុងសប្តាហ៍នេះ។ក្រុមអាជ្ញាធរ បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ហើយនិយាយថាពួកគេរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើង។តំបន់ខ្ពង់រាបនេះ បានតស៊ូទប់ទល់អំពើហិង្សាជាយូរមកហើយ ប៉ុន្តែការសម្លាប់ទាំងនេះត្រូវបានគេជឿថាសោកនាដកម្មដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ កងកម្លាំងនគរបាលបានចាប់ផ្តើមប្រមូលសាកសពនៅកន្លែងកើតហេតុក្នុងទីក្រុង វ៉ាបាក (Wabag) ដែលមានចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី ព័រម៉ូរ៉េសប៊ី(Port Moresby)។យោងទៅតាមសាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC) លោកចច កាកាស ស្នងការនគរបាលរងស្ដីទីប្រទេសប៉ាពួញូវហ្គីណេ បាននិយាយថា នេះជាការសម្លាប់រង្គាលដ៏ធំបំផុតដែលលោកបានឃើញនៅ ខេត្តអ៊ីនហ្កា (Enga) ប្រហែលជានៅតំបន់ខ្ពង់រាបទាំងអស់ផងដែរ។ ការកើនឡើងនៃអំពើហិង្សាកុលសម្ព័ន្ធ ដែលជារឿយៗ កើតឡើងលើការចែកដីធ្លី និងទ្រព្យសម្បត្តិ បាននាំឱ្យមានការបិទខ្ទប់រយៈពេល៣ខែ នៅក្នុងខេត្ត អ៊ីនហ្កា កាលពីខែកក្កដាឆ្នាំមុន ក្នុងអំឡុងពេលនគរបាលបានដាក់បម្រាមគោចរ និងការរឹតបន្តឹងការធ្វើដំណើរ។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការហូរចូលនៃអាវុធខុសច្បាប់បានធ្វើឱ្យមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង និងជំរុញឱ្យមានអំពើហិង្សាផ្ទុះឡើងជាប្រចាំ។ រដ្ឋាភិបាលកាលពីខែមុនបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នបន្ទាប់ពីកុបកម្មនិងការលួចប្លន់ដ៏ធំ បានបណ្តាលឲ្យមនុស្ស ១៥ នាក់ស្លាប់៕

អ៊ីស្រាអែល ប្រឆាំងការទទួលស្គាល់ «ជាឯកតោភាគី» លើរដ្ឋប៉ាឡេស្ទីន

2024/02/19 09:47:46 am        88
អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) បានប្រកាសជាផ្លូវការនូវការប្រឆាំងរបស់ខ្លួនចំពោះអ្វីដែលខ្លួនហៅថា «ការទទួលស្គាល់ជាឯកតោភាគី» នៃរដ្ឋប៉ាឡេស្ទីន ហើយបាននិយាយថា កិច្ចព្រមព្រៀងណាមួយត្រូវតែឈានដល់តាមរយៈការចរចាដោយផ្ទាល់។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននាំយក «សេចក្តីសម្រេចនៃសេចក្តីប្រកាស» នោះទៅបោះឆ្នោតនៅក្នុងគណៈរដ្ឋមន្ត្រី ដែលបានអនុម័តជាឯកច្ឆ័ន្ទលើវិធានការនេះ។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំប្រចាំសប្តាហ៍ថា វិធានការនេះកើតឡើងបន្ទាប់ពី «ការពិភាក្សានាពេលថ្មីៗនេះនៅក្នុងសហគមន៍អន្តរជាតិអំពីការប៉ុនប៉ងដាក់ជាឯកតោភាគីឲ្យអ៊ីស្រាអែល ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន»។សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់តាំងពីការវាយលុករបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា តាមរយៈសហគមន៍អ៊ីស្រាអែល គឺជាជម្លោះចុងក្រោយបំផុតរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានបន្តអស់រយៈពេលប្រាំពីរទសវត្សរ៍ និងបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន។កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ រដ្ឋប៉ាឡេស្ទីននៅតំបន់វេសបែង (West Bank) និងតំបន់ហ្កាហ្សា រួមជាមួយអ៊ីស្រាអែល ត្រូវបានជាប់គាំងចាប់តាំងពីឆ្នាំ២០១៤ មក៕

អ្នកនាំពាក្យ៖ មិនមានករណីឆក់ទ្រព្យសម្បត្ដិ​ពីជន​បរទេសណាម្នាក់ នៅផ្លូវព្រះស៊ីសុវត្ថិនោះទេ

2024/02/17 01:31:17 pm        241
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បញ្ជាក់​ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ មិនមានអំពើចោរកម្ម ឬករណី​ឆក់​ទ្រព្យ​សម្បត្តិ​ពី​ជន​បរទេស​ណាម្នា​ក់នោះឡើយ នៅលើផ្លូវព្រះស៊ីសុវត្ថិ ។ការបញ្ជាក់របស់អ្នកនាំពាក្យ ថ្លែងឡើងបន្ទាប់ពី ផេកហ្វេសប៊ុក​របស់ស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា បា​ន​បង្ហោះសារឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅកម្ពុជា ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​បញ្ហា​អសន្តិសុខ ពិសេសសកម្មភាពឆក់ទ្រព្យសម្បត្តិ នៅលើផ្លូវព្រះស៊ីសុវត្ថិ ។លោកវរសេនីយ៍ បានបន្តថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មិន​មាន​ករណីឆ​ក់​នៅ​លើ​ផ្លូវ​ព្រះស៊ី​សុវត្ថិ​នោះ​ទេ ហើយសមត្ថកិច្ចមិនបានទទួលព័ត៌មាន ឬពាក្យបណ្តឹងពីជនបរទេស ឬប្រជាពលរដ្ឋ​រុស្ស៉ី​ណា​ម្នាក់ រងគ្រោះដោយសារអំពើចោរកម្ម ផងដែរ គឺមានតែករណីជនជាតិឆែក គាត់​ស្រវឹង​ដេក​លើ​បង់​នៅ​សួន​ច្បារមាត់ទន្លេ ហើយត្រូវជនសង្ស័យយកឡាមកាត់ខ្សៃកាបូប និង​លួច​ទូរស័ព្ទ​ដៃ​។ ប៉ុន្តែករណីនេះ សមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសផងដែរ ហើយ​បច្ចុប្បន្នជនបរទេសរងគ្រោះ ពុំទាន់ទៅទទួលយកសម្ភារៈដែលបានបាត់បង់នូវឡើយទេ។ដើម្បីជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា​ស្នង​ការ​នគរបាល​រាជ​ធានីភ្នំពេញ ក៏បានដឹកនាំកិច្ចប្រជុំអំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ជាមួយការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ផងដែរ ដើម្បី​បន្ត​ពង្រឹង​ការ​ការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបាន១០០ភាគរយ ពិសេស​ការល្បាតពួនស្ទាក់ ដើម្បីត្រៀមចាំបង្ក្រាបនូវរាល់សកម្មភាពបទល្មើសនានា ដែល​អាច​កើត​មាន​ឡើងបានគ្រប់ពេល និងគ្រប់កន្លែង។ឯកឧត្តមស្នងការ បានបញ្ជាក់ថា ក្នុងករណីជនបរទេសណាម្នាក់រងគ្រោះក្នុងអំពើចោរកម្មផ្សេងៗ សូមទំនាក់ទំនងមកសមត្ថកិច្ច ដើម្បីដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចនឹងស្រាវជ្រាវ​បង្ក្រាប​លើ​ករណី​នោះឱ្យទាន់បានទាន់ពេលវេលាផងដែរ ៕ លីហេង

តំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើសចំពោះបុរសដែលប្រឌិតរឿងផាកពិន័យបទល្មើសចរាចរណ៍ និងក្លែងឈ្មោះ ម៉ូលីកា

2024/02/16 07:05:05 pm        500
ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ិត មឃៈ បានបញ្ជាក់នៅព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះឱ្យដឹងថា សំណុំរឿងជនប្រឌិតរឿង ម៉ូលីកា ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅបើកការស៊ើបសួរ ។ ជនត្រូវចោទរូបនេះមានឈ្មោះ យឹម សុផាន់ណា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ តាមមាត្រា៣១១ , មាត្រា៣១២ , មាត្រា៦២៦ និង មាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ ។ សូមបញ្ជាក់ថា ជនត្រូវចោទ ត្រូវបាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនពាក់ព័ន្ធការចូលរួមក្នុងការនិពន្ធរឿងប្រឌិត និងដើរតួជាតួអង្គស្រី ក្នុងរឿងក្លែងបន្លំជាអ្នកលេងបណ្តាញសង្គមឈ្មោះ ម៉ូលីកា សរសេរ និងបង្ហោះធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាល ដែលឈរជើងប្រចាំការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅស្តុបក្តាន់២។ ករណីនេះដែរ លោក សំ វិច្ឆិកា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា នៅមានជនពាក់ព័ន្ធដទៃផ្សេងទៀត ដែលកំពុងរត់គេចខ្លួន ខណៈដែលសមត្ថកិច្ចក៏កំពុងបន្តការស្រាវជ្រាវក្នុងការតាមចាប់ខ្លួនផងដែរ ។ រឿងរ៉ាវនេះ មុនពេលដែលសមត្ថកិច្ចរកការពិតឃើញ គឺបានផ្ទុះការរិះគន់យ៉ាងខ្លាំងខ្លា ពីសំណាក់មហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបែកធ្លាយព័ត៌មានទារប្រាក់ក្នុងពេលអនុវត្តច្បាប់ និងសារឆាតឆ្លើយឆ្លងផ្តោះផ្តោះស្នេហា ពីសំណាក់នគរបាលចរាចរណ៍ នៅស្តុបក្តាន់២ ជាមួយគណនីក្លែងក្លាយ ដោយភ្ជាប់រូបនារីរូបស្រស់ម្នាក់ និងប្រើឈ្មោះ ម៉ូលីកា ខាងលើ ៕ ដោយ ៖ លីហេង

អ៊ីស្រាអែល ស្នើឱ្យតុលាការពិភពលោក បដិសេធសំណើវិធានការបន្ទាន់ ជុំវិញការវាយលុកក្រុងរ៉ាហ្វា

2024/02/16 02:09:56 pm        256
អ៊ីស្រាអែល បានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ច្រានចោលសំណើរបស់អាហ្រ្វិកខាងត្បូង ក្នុងការចេញវិធានការបន្ទាន់បន្ថែម ដោយសារតែផែនការរបស់អ៊ីស្រាអែល ក្នុងការពង្រីកការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា ចូលទៅក្នុងទីក្រុងរ៉ាហ្វា (Rafah)។នៅក្នុងឯកសារ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយតុលាការយុត្តិធម៌ ICJ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក អ៊ីស្រាអែលបានលើកឡើងថាវិធានការគ្រាអាសន្ន ដែលបានចេញកាលពីបីសប្តាហ៍មុន គ្របដណ្តប់ «ស្ថានភាពនៃអរិភាពនៅក្នុងតំបន់ហ្កាហ្សា ទាំងមូលរួចទៅហើយ» ហើយតុលាការគួរតែបដិសេធសំណើរបស់អាហ្វ្រិកខាងត្បូង។កាលពីដើមសប្តាហ៍នេះ អាហ្រ្វិកខាងត្បូងបានស្នើឱ្យតុលាការចេញវិធានការបន្ទាន់បន្ថែមទៀតដើម្បីការពារសិទ្ធិរបស់ជនជាតិប៉ាឡេស្ទីន នៅក្រុងរ៉ាហ្វា។ តុលាការយុត្តិធម៌ ICJ កាលពីខែមុនបានបញ្ជាឱ្យអ៊ីស្រាអែល ចាត់វិធានការទាំងអស់នៅក្នុងអំណាចរបស់ខ្លួនដើម្បីការពារកងទ័ពរបស់ខ្លួនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្នុងបណ្ដឹងដែលនាំមកដោយអាហ្វ្រិកខាងត្បូង។គេមិនច្បាស់ទេថានៅពេលណាដែលចៅក្រម នឹងសម្រេចលើសំណើចុងក្រោយរបស់អាហ្វ្រិកខាងត្បូង ឬថាតើពួកគេនឹងកោះហៅសវនាការបន្ថែមដើម្បីពិចារណាការស្នើសុំនោះ ឬយ៉ាងណា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន អំពាវនាវឱ្យការពារ និងលុបបំបាត់រាល់ឧបសគ្គរារាំងដល់ការអភិវឌ្ឍន៍ស្ត្រី
03/08/2026 12:03 PM
វិស័យឯកជនរំពឹងថា ឆ្នាំ២០២៦នឹងក្លាយជាឆ្នាំ​នៃការស្តារ​ទំនុក​ចិត្ត​ឡើង​វិញ​ សម្រាប់​វិស័យ​លំនៅ​ឋាន​នៅ​កម្ពុជា
03/08/2026 11:03 AM
មនុស្សយ៉ាងហោច ២៣នាក់ស្លាប់ ក្នុងទឹកជំនន់នៅទីក្រុង Nairobi ប្រទេសកេនយ៉ា
03/08/2026 11:03 AM
រដ្ឋមន្រ្តីការងារ ចាត់ទុកស្ត្រីជាឆ្អឹងខ្នងក្នុងការរួមចំណែកការអភិវឌ្ឍប្រទេសជាតិ ជាពិសេស​ស្ត្រីគ្រួសារ​វីរកងកម្លាំងប្រដាប់អាវុធ
03/08/2026 11:03 AM
ព្យុះកួចសម្លាប់មនុស្ស ៨នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស នៅរដ្ឋ Michigan សហរដ្ឋអាមេរិក
03/08/2026 11:03 AM
ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅ​សាលា​បឋ​មសិក្សាត្រពាំងផ្តៀក
03/08/2026 11:03 AM
ស្នងការរាជធានី៖ តម្លៃរបស់នារីមិនមែន​ត្រូវ​បាន​ផ្តល់សម្រាប់តែថ្ងៃ៨មីនានោះទេ គឺ​មាន​គ្រប់​ពេល
03/08/2026 11:03 AM
លីបង់និយាយថា មនុស្សយ៉ាងហោច ១៦នាក់ស្លាប់ ក្នុងការវាយប្រហារអ៊ីស្រាអែលលើទីក្រុងភាគខាងកើត Nabi Chit
03/08/2026 11:03 AM
ប្រេសិត UNប្រចាំអ៊ីរ៉ង់និយាយថា ជនស៊ីវិលអ៊ីរ៉ង់ ១.៣៣២នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាម
03/08/2026 11:03 AM
អ៊ីរ៉ង់សុំអភ័យទោសរដ្ឋក្នុងតំបន់ឈូងសមុទ្រ ប៉ុន្តែសង្រ្គាមនៅតែបន្តនៅទូទាំងតំបន់
03/08/2026 11:03 AM