ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

សន្តិសុខ និង សង្គម

អ្នកជំនាញUNថ្កោលទោសការប្រហារជីវិត និងការរំលោភផ្លូវភេទដោយទាហានអ៊ីស្រាអែល នៅក្នុងរបាយការណ៍គួរឲ្យទុកចិត្តបាន

2024/02/20 10:28:57 am        230
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសយោធាអ៊ីស្រាអែល កាលពីថ្ងៃចន្ទចំពោះការចោទប្រកាន់អំពីការប្រហារជីវិត និងការរំលោភផ្លូវភេទលើជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ ហ្កាហ្សា។អ្នកជំនាញឯករាជ្យដែលមានទំនាក់ទំនងជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការចោទប្រកាន់នេះ គឺជា «ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ» ដោយបន្ថែមការរិះគន់លើកិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ខណៈដែលយោធារបស់ខ្លួន ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំវាយលុកថ្មើរជើងលើទីក្រុងរ៉ាហ្វា(Rafah)។ជាពិសេស ក្រុមអ្នកជំនាញ បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះរបាយការណ៍នៃ «ការកំណត់គោលដៅដោយចេតនា និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ» លើស្ត្រី និងកុមារប៉ាឡេស្ទីន នៅតំបន់ហ្កា ហ្សា ដោយទាហានអ៊ីស្រាអែល រួមទាំងអ្នកដែលកាន់ក្រណាត់ស ឬរត់គេចខ្លួន។ពួកគេ ក៏បានថ្កោលទោស «ការឃុំខ្លួនដោយបំពាន» លើស្ត្រី និងកុមារប៉ាឡេស្ទីនរាប់រយនាក់ជាមួយនឹង «ការធ្វើបាបដ៏អមនុស្សធម៌ និងថោកទាប» រួមទាំងគ្មានការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ។ក្រុមអ្នកជំនាញបានបញ្ជាក់ថា៖«យើងមានការព្រួយចិត្តជាខ្លាំងចំពោះរបាយការណ៍ដែលថាស្ត្រី និងក្មេងស្រីប៉ាឡេស្ទីននៅក្នុងការឃុំឃាំង ក៏ត្រូវបានទទួលរងនូវការរំលោភផ្លូវភេទជាច្រើនទម្រង់ផងដែរ ដូចជាត្រូវបានដោះអាវអាក្រាត និងស្វែងរកដោយមន្ត្រីយោធាអ៊ីស្រាអែលជាបុរស។ «យ៉ាងហោចណាស់អ្នកជាប់ឃុំជនជាតិប៉ាឡេស្ទីនពីរនាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេចាប់រំលោភ ខណៈពេលដែលអ្នកផ្សេងទៀត ត្រូវបានគេរាយការណ៍ថា ត្រូវបានគំរាមកំហែងដោយការចាប់រំលោភ និងអំពើហិង្សាផ្លូវភេទ»។

ទីស្នាក់ការ UNRWA ដែលត្រូវបានបំផ្លាញនៅហ្កាហ្សា ជាការរំលឹកដ៏ឈឺចាប់សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន

2024/02/20 10:09:11 am        154
ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ក្នុងទីក្រុងហ្កាហ្សា ដែលត្រូវបានបោះបង់ចោល និងត្រូវបំផ្លាញ ឈរជាការរំលឹកយ៉ាងច្បាស់អំពីកម្រិតនៃការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅដែលពលរដ្ឋហ្កាហ្សា បានទទួលរងក្នុងអំឡុងពេលការវាយលុករបស់យោធារបស់អ៊ីស្រាអែល លើតំបន់ប្រយុទ្ធមួយនេះ។ថ្វីត្បិតតែបរិវេណនេះមានឋានៈជាអន្តរជាតិ និងតួនាទីជាជម្រកកំឡុងពេលមានជម្លោះក៏ដោយ ទីស្នាក់ការនេះត្រូវបានលុកលុយដោយកងទ័ពអ៊ីស្រាអែល អមដោយរថក្រោះ និងគ្រឿងឈូសឆាយ។ ប្រជាជនប៉ាឡេស្ទីនរាប់សិបម៉ឺននាក់ដែលភៀសខ្លួនចេញពីកន្លែងផ្សេងទៀតនៃតំបន់ហ្កាហ្សា ធ្លាប់បានជ្រកកោននៅក្នុងបរិវេណនោះមុនពេលដែលកងទ័ពអ៊ីស្រាអែល បានចូលកាន់កាប់។ភាគីអ៊ីស្រាអែល បានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA ដោយអះអាងថា បុគ្គលិករបស់ទីភ្នាក់ងារនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកហាម៉ាស លើអ៊ីស្រាអែល ដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន ហើយថាក្រុមហាម៉ាស មានផ្លូវរូងក្រោមដីរត់នៅក្រោមបរិវេណនេះ ហើយបានទទួលការផ្គត់ផ្គង់ថាមពលដែលផ្តល់ពីអគារអង្គការសហប្រជាជាតិនៅខាងលើនោះផងដែរ។ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ីស្រាអែល ប្រទេសលោកខាងលិចមួយចំនួនបានកាត់ផ្តាច់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ UNRWA ដែលរួមចំណែកដល់មហន្តរាយមនុស្សធម៌ ដែលកំពុងកើតមានរួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា៕

កសិករប្រទេសឥណ្ឌា បដិសេធកិច្ចសន្យាតម្លៃគាំទ្រ ដែលផ្តល់ឲ្យដោយរដ្ឋាភិបាល

2024/02/20 09:40:33 am        156
អ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំជាច្រើន បាននិយាយកាលពីថ្ងៃចន្ទថា សហជីពនានារបស់កសិករឥណ្ឌា បានច្រានចោលកិច្ចសន្យារយៈពេលប្រាំឆ្នាំសម្រាប់តម្លៃគាំទ្រអប្បបរមា ដែលបានស្នើឡើងដោយរដ្ឋាភិបាលឥណ្ឌា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពីយូស ហ្គោយ៉ាល(Piyush Goyal) បាននិយាយថា រដ្ឋាភិបាលឥណ្ឌាបានផ្តល់តម្លៃគាំទ្រដែលត្រូវបានធានាសម្រាប់កសិផលពោត និងកប្បាស ក្នុងគោលបំណងទម្លាយភាពជាប់គាំងជាមួយកសិករដែលកំពុងតវ៉ា។ឧស្ម័នបង្ហៀរទឹកភ្នែក និងរនាំងការពារ ត្រូវបានប្រើដើម្បីរារាំងកសិករ ដែលបង្កើតប្លុកបោះឆ្នោតដ៏មានឥទ្ធិពលមួយ នៅប៉ុន្មានខែមុនការបោះឆ្នោតសកលដែលនឹងកំណត់ពេលនៅខែឧសភា ដែលនាយករដ្ឋមន្ត្រី លោក Narendra Modi ស្វែងរកអាណត្តិទីបី។ការអត្ថាធិប្បាយរបស់លោក Goyal ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាមួយសហជីពកសិករ បន្ទាប់ពីក្រុមអ្នកតវ៉ាទាមទារតម្លៃខ្ពស់ជាងនេះ ដែលគាំទ្រដោយច្បាប់សម្រាប់ផលដំណាំជាង២០មុខ ដែលក្រុមកសិករតវ៉ាត្រូវបានអាជ្ញាធរបញ្ឈប់ នៅក្នុងចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីទីក្រុងញូវ ដេលី។កសិកររាប់ពាន់នាក់ បានចាប់ផ្ដើមដង្ហែក្បួនតវ៉ា ដែលគេហៅថា«តោះយើងទៅកាន់ទីក្រុងដេលី» ចាប់តាំងពីដើមសប្តាហ៍មុន ដើម្បីជំរុញឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់កសិផលរបស់ពួកគេ។ កសិករ នៅតែបោះជំរំនៅតាមព្រំដែនរវាងរដ្ឋ ពុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) ចាប់តាំងពីថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈ។

ភរិយាលោក Navalny និយាយថា ខ្លួននឹងបន្តប្រឆាំងលោក ពូទីន និងទាមទារសេរីភាពរុស្ស៊ី

2024/02/20 09:36:36 am        88
លោកស្រី យូលា ណាវ៉ាលណាយ៉ា (Yulia Navalnaya) បាននិយាយកាលពីថ្ងៃចន្ទ (១៩ កុម្ភៈ) ថាលោកស្រីនឹងបន្តការប្រយុទ្ធរបស់ស្វាមីខ្លួនដែលបានស្លាប់គឺអតីតមេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) ដើម្បីទាមទារ «សេរីភាពរុស្ស៊ី» ហើយបានអំពាវនាវឱ្យអ្នកគាំទ្រក្រោកប្រឆាំងនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយកំហឹង។ការអំពាវនាវរបស់លោកស្រី ណាវ៉ាលណាយ៉ា ពីបរទេសសម្រាប់ការតស៊ូនឹងលោក ពូទីន នេះកើតឡើងតិចជាងមួយខែមុនពេលការបោះឆ្នោតប្រធានាធិបតី ដែលស្ទើរតែប្រាកដក្នុងការប្រគល់តំណែងប្រធានវិមានក្រឹមឡាំង ឱ្យលោក ពូទីន រយៈពេលប្រាំមួយឆ្នាំទៀត។ លោកស្រីបានចោទលោក ពូទីន ថាបានសម្លាប់ស្វាមីរបស់ខ្លួន ហើយបានពង្រាត់កូនពីរនាក់ចេញពីឪពុករបស់ពួកគេ។លោកស្រី ណាវ៉ាលណាយ៉ា បានចោទប្រកាន់អាជ្ញាធររុស្ស៊ី ថាបានលាក់សាកសពរបស់លោក ណាវាលនី និងរង់ចាំឱ្យដាននៃភស្តុតាងធ្វើឃាតរលុបបាត់ពីរាងកាយ។ លោកស្រីមិនបានផ្តល់ភស្តុតាងទេ ប៉ុន្តែបាននិយាយថា ក្រុមរបស់ខ្លួននឹងផ្សាយព័ត៌មានលម្អិតអំពីអ្នកដែលសម្លាប់លោក ណាវាលនី៕

ក្រុមអ្នកតវ៉ាក្នុងទីក្រុង ហ្ស៊េរ៉ុយសាឡឹម ប៉ះទង្គិចជាមួយនគរបាល ខណៈអំពាវនាវឲ្យដោះលែងចំណាប់ថ្នូរ

2024/02/20 09:06:36 am        125
ការប៉ះទង្គិចគ្នា បានកើតឡើង នៅក្នុងទីក្រុងហ្ស៊េរ៉ុយសាឡឹម(Jerusalem)កាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល បានដើរក្បួនទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្រោយចាកចេញពីអគាររដ្ឋសភា។មនុស្សរាប់ពាន់នាក់បានចូលរួមការតវ៉ា អំពាវនាវឲ្យរដ្ឋាភិបាលពន្លឿនកិច្ចព្រមព្រៀងដោះលែងដំណាប់ថ្នូរឲ្យវិលត្រឡប់មកផ្ទះវិញ ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សានៅឡើយ។ អ្នកតវ៉ាម្នាក់ឈ្មោះលីរ៉ុន ប្រេតស៍ (Liron Pretz) បាននិយាយថា ពេលនេះ យើងកំពុងឈប់ហើយ យើងកំពុងប្រាប់រដ្ឋាភិបាលរបស់យើងថា សូមបញ្ឈប់ទៅ មានកិច្ចព្រមព្រៀងទៅ គ្មានឱកាសទៀតទេ គ្មាននាទីចុងក្រោយមួយទៀតទេ ហើយក៏គ្មាននាទី ទី២ដែរ។ ក្រុមអ្នកតវ៉ាបានអំពាវនាវឲ្យមានការរៀបចំការបោះឆ្នោតបន្ទាន់នៅក្នុងប្រទេសអ៊ីស្រាអែល និងបាននិយាយថា រដ្ឋាភិបាលគិតតែប្រយោជន៍ខ្លួនឯង។ ក្រុមបាតុការមួយចំនួនបានដុតភ្លើង ខណៈដែលអ្នកផ្សេងទៀត ស្រែកច្រៀងចម្រៀងស្នេហាជាតិ និងលើកបដាប្រឆាំងនឹងលោក Netanyahu។ ប៉ុន្តែលោក Netanyahu បានច្រានចោលការបោះឆ្នោតមុនអាណត្តិ ខណៈក្រុមអ្នកតវ៉ា អំពាវនាវឲ្យលោកលាលែងពីតំណែង។មនុស្សជិត៣ម៉ឺននាក់បានស្លាប់នៅក្នុងការវាយលុកឥតឈប់ឈររបស់អ៊ីស្រាអែលនៅក្នុងតំបន់ ហ្កាហ្សា ក្រោយអ៊ីស្រាអែល វាយសងសឹកលើក្រុមហាម៉ាស ដែលបានបើកការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ខែតុលា សម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រមាណ ១.២០០នាក់ និងចាប់មនុស្សជាង២៥០នាក់ជាចំណាប់ថ្នូរចូលទៅក្នុងតំបន់ហ្កាហ្សា៕

អាជ្ញាធរខណ្ឌទួលគោក ទុកពេល៧ថ្ងៃឱ្យបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវម៉ៅសេងទុង

2024/02/19 03:32:07 pm        255
អាជ្ញាធរខណ្ឌទួលគោក បានដាក់ឱសានវាទ ត្រឹមរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤នេះ រហូតដល់គម្រប់១សប្តាហ៍ ដោយមិនបន្តឱ្យមានការយកចំណី ឬចិញ្ចើមផ្លូវលេខ ២៤៥ ( មហាវិថីម៉ៅសេងទុង ) ធ្វើជាទីតាំងសម្រាប់អាជីវកម្មលក់ដូរបន្តទៀតនោះឡើយ ក្នុង​ករណី​ដែលពលរដ្ឋជាម្ចាស់ទីតាំង មិនមានការចូលរួមនោះ ​អាជ្ញាធរនឹងមានវិធានការរដ្ឋបាល ។ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក ទទួលបន្ទុកកិច្ចការងារសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់ BTV ឱ្យដឹងថា ក្រុមការងារអាជ្ញាធរ បាន​ចុះគូសគំនូស​ដើម្បីជាការកំណត់ចំណាំ​ឱ្យ​ប្រជាពលរដ្ឋលក់ដូរ បានដឹងពីចំណុច​ដែលត្រូវបានហាមឃាត់​មិនឱ្យលក់ដូរ​ហួសចូល​មកចិញ្ចើមផ្លូវ ។ ក្នុងនោះដែរអាជ្ញាធរ បានចុះតាមលំនៅឋានពលរដ្ឋទាំងអស់ នៅប្របសងខាងផ្លូវលេខ២៤៥ ( មហាវិថីម៉ៅសេងទុង ) ដោយបានជូនលិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌជូនពួកគាត់ និង​បាន​ពន្យល់​ណែនាំដោយផ្ទាល់មាត់បន្ថែមផង​ ឱ្យពួកគាត់បានយល់ដឹង នឹង​ចូលរួម​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន មុនពេល​ដែលអាជ្ញាធរឈានដល់វិធានការរដ្ឋបាល ​ដោយប្រើវិធានការក្តៅ នៅពេលឆាប់ៗ​ខាងមុខនេះ ។ ពលរដ្ឋ ដែលមានលំនៅឋាននៅលើដងផ្លូវខាងលើ ​ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ ​និងពេញចិត្ត​ចំពោះការ​ចូលរួមគោរព ​និងសហការជាមួយក្រុមការងារ​អាជ្ញាធរខណ្ឌ ​ដែលបានចុះរៀបចំ​សណ្តាប់ធ្នាប់​ និងរបៀបរៀបរយសាធារណៈ ឱ្យមានភាពល្អប្រសើរឡើងនោះ ។គួរបញ្ជាក់ថា បញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយ នៅលើមហាវិថីម៉ៅសេងទុង ​និងផ្លូវមួយចំនួនទៀត នៅក្បែរ ​និងជុំវិញផ្សារដើមគរ និងផ្សារនាគមាសជាដើម ​តែង​ត្រូវបានក្រុមការងារអាជ្ញាធរខណ្ឌ​មាន​វិធានការចុះរដ្ឋបាលរៀបចំជាបន្តបន្ទាប់មករហូត ​ប៉ុន្តែការរៀបចំកន្លងមក ហាក់នៅមិនទាន់​ទទួល​បាន​ប្រសិទ្ធភាព​ល្អប្រសើរនៅឡើយទេ ​ខណៈការ​លក់​ដូរ​យ៉ាង​អានាធិបតេយ្យ​ពាសពេញ​លើដងផ្លូវ​នៅតែបន្ត​ឧស្សាហ៍​កើតមាន ​ពិសេសនៅ​វេលាយប់ និងវេលាទាបភ្លឺ ៕ អត្ថបទ ៖ លីហេង

អ៊ីស្រាអែល នឹងបើកការវាយលុកក្រុងរ៉ាហ្វា បើចំណាប់ថ្នូរមិនត្រូវបានដោះលែងត្រឹមខែបុណ្យរ៉ាម៉ាដាន

2024/02/19 03:14:17 pm        71
រដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេននី ហ្កាន់ស៍ (Benny Gantz) បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាអ៊ីស្រាអែល នឹងបើកការវាយលុកក្នុងក្រុងរ៉ាហ្វា (Rafah) នៃតំបន់ហ្កាហ្សា បើចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស មិនត្រូវបានដោះលែងមកវិញត្រឹមខែតមអាហារមូស្លីមនៃបុណ្យរ៉ាម៉ាដាន ក្នុងពាក់កណ្ដាលខែមីនា។លោក ហ្កាន់ស៍ សមាជិកនៃគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល បានសន្យាថា យោធានឹងជួយសម្រួលដល់ការជម្លៀសជនស៊ីវិលហ្កហ្សា ក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស។ប្រជាជនប៉ាឡេស្ទីនប្រមាណមួយលាននាក់ ដែលរត់គេចពីការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា បានភៀសខ្លួនទៅក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ជាប់ព្រំដែនប្រទេសអេហ្ស៊ីប។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រតិបត្តិការជើងគោកនៅក្រុងរ៉ាហ្វា គឺចាំបាច់សម្រាប់ការលុបបំបាត់កងវរសេនាតូចដែលនៅសេសសល់របស់ក្រុមហាម៉ាស ហើយថាអ្នកដែលអំពាវនាវអ៊ីស្រាអែល មិនឱ្យប៉ះពាល់តំបន់នោះគឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចាញ់សង្រ្គាម៕

សង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត ២.៩០០០ នាក់

2024/02/19 03:11:09 pm        66
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨.៩៨៥ នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់សារព័ត៌មានស៊ីនហួ ក្រសួងបាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ៦៨.៨៨៣ នាក់បានរងរបួសនៅក្នុងតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រនេះ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ក្រសួងនេះបានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១២៧ នាក់ និងបង្ករបួស ២០៥ នាក់ផ្សេងទៀតក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយ។ ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តគិលានសង្គ្រោះ។បន្ថែមពីលើនេះ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា មន្ទីរពេទ្យ អាល់អាម៉ាល់ (Al-Amal) ក្នុងទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប បានឃើញការវាយប្រហារដោយផ្ទាល់ជាច្រើនពីរថក្រោះអ៊ីស្រាអែល៕

អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីស្លាប់ និងរបួសបុគ្គលិកជិត ៥០.០០០នាក់ នៅក្នុងទីក្រុង Avdiivka

2024/02/19 12:23:30 pm        173
មេបញ្ជាការយោធាអ៊ុយក្រែនម្នាក់បាននិយាយថា កងទ័ពរបស់លោក បានធ្វើឱ្យស្លាប់និងរងរបួសបុគ្គលិកកងកម្លាំងរុស្ស៊ីជិត ៥០.០០០នាក់ មុនពេលដកខ្លួនចេញពីទីក្រុងសំខាន់ជាយុទ្ធសាស្ត្រ Avdiivka។ ប៉ុន្តែសារព័ត៌មានអាមេរិកមួយ បានព្រមានពីបញ្ហាប្រឈមនានាដែលទាហានអ៊ុយក្រែនប្រឈមមុខ ក្នុងពេល ជំនួយយោធាពីសហរដ្ឋអាមេរិកជាប់គាំង។ មេបញ្ជាការអ៊ុយក្រែន លោក អូឡេកសានឌ័រ តាណាវស្គី(Oleksandr Tarnavskiy) បាននិយាយដូច្នេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការដកកងទ័ពចេញពីទីក្រុង Avdiivka នៅតំបន់ភាគខាងកើតតំបន់ Donetsk ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានអះអាងថា បានគ្រប់គ្រងទីក្រុងនេះទាំងស្រុង។លោក Tarnavskiy បាននិយាយថា កងទ័ពរបស់លោក បានធ្វើឱ្យមនុស្សស្លាប់និងរងរបួសនៅខាងភាគីរុស្ស៊ី ក្នុងអំឡុងពេលប្រតិបត្តិការរបស់ពួកគេដើម្បីការពារទីក្រុង Avdiivka ចាប់តាំងពីខែតុលាឆ្នាំមុន។ លោកបាននិយាយថា ទាហានរបស់លោក បានបំផ្លាញរថក្រោះ ៣៦៤ គ្រឿង និងយន្តហោះ ៥ គ្រឿងរបស់កងកម្លាំងរុស្ស៊ីផងដែរ។ ទោះជាយ៉ាងណា អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន The New York Times បាននិយាយថា ការដួលរលំទីក្រុង Avdiivka អនុញ្ញាតឱ្យយោធារុស្ស៊ីចល័តកងទ័ព និងយុទ្ធោបករណ៍កាន់តែមានប្រសិទ្ធភាព នៅពីក្រោយសមរភូមិមុខ ខណៈខ្លួនវាយសម្រុកក្នុងទិសដៅដ៏ទៃទៀត។អត្ថបទសារព័ត៌មាននិយាយថា «នៅទូទាំងសមរភូមិមុខចម្ងាយ ៦០០ ម៉ាយស៍ អ៊ុយក្រែនខ្វះគ្រាប់រំសេវបើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកថ្មីនោះទេ ហើយអ៊ុយក្រែនក៏កំពុង តស៊ូដើម្បីបំពេញបន្ថែមកងកម្លាំងដែលបានបាត់បង់របស់ខ្លួន បន្ទាប់ពីការប្រយុទ្ធគ្នាខ្លាំងអស់រយៈពេលពីរឆ្នាំមកនេះ។ សារព័ត៌មាននេះ បានព្រមានថា កងកម្លាំងជើងគោកអ៊ុយក្រែន ប្រហែលជាស្ថិតក្នុងទីតាំងមានគ្រោះថ្នាក់បំផុតរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមមក។

មនុស្ស ៤នាក់ស្លាប់ រួមទាំងជនសង្ស័យ ក្នុងការបាញ់ប្រហារនៅរដ្ឋ Minnesota សហរដ្ឋអាមេរិក

2024/02/19 11:54:18 am        122
ករណីហិង្សាក្នុងគ្រួសារនៅទីក្រុង ប៊ឺនស៍វីល (Burnsville) រដ្ឋ មីនីសូថា (Minnesota) សហរដ្ឋអាមេរិក បានប្រែក្លាយទៅជាការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដ៏បង្ហូរឈាមកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) នៅពេលដែលបុរសជនសង្ស័យម្នាក់បានបាញ់សម្លាប់មន្ត្រីនគរបាលក្រុង ប៊ឺនស៍វីល ពីរនាក់ និងគ្រូពេទ្យបឋមសង្រ្គោះម្នាក់។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បុរសម្នាក់បានឃុំខ្លួនឯងនៅក្នុងផ្ទះជាមួយសមាជិកគ្រួសារកាលពីព្រឹកថ្ងៃអាទិត្យ។ ការប៉ះទង្គិចគ្នានេះបានកើនឡើងទៅជាការបាញ់ប្រហារគ្នាដោយបានសម្លាប់ក្រុមមន្រ្តីឆ្លើយតបដំបូងចំនួនបីនាក់ និងម្នាក់ទៀតរងរបួស។មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យបានស្លាប់ ប៉ុន្តែមិនបានប្រាប់លម្អិតថាបុរសរូបនោះស្លាប់ដោយរបៀបណាទេ ហើយមិនមានសមាជិកគ្រួសារណាម្នាក់ដែលនៅក្នុងផ្ទះនោះទទួលរងគ្រោះថ្នាក់ទេ។មន្ត្រីនគរបាលរងគ្រោះទាំងនោះរួមមាន លោក ផល អេមស្រ្ទែន (Paul Elmstrand) វ័យ ២៧ ឆ្នាំ និងលោក ម៉ាធូ រ៉ុច (Matthew Ruge) វ័យ ២៧ ឆ្នាំ រួមជាមួយគ្រូពេទ្យបឋមខាងពន្លត់អគ្គិភ័យ ឈ្មោះ អាដាម ហ្វីនសេត (Adam Finseth) វ័យ ៤០ ឆ្នាំត្រូវបានសម្លាប់។ មន្ត្រីពលបាលម្នាក់ទៀតឈ្មោះ អាដាម ម៉េដលីខុត (Adam Medlicott) ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយមិនមានរបួសគំរាមកំហែងដល់អាយុជីវិតទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
05/07/2026 10:05 PM
ការកាត់បន្ថយជំនួយ គ្រោះរាំងស្ងួត និងជម្លោះ ធ្វើឲ្យពលរដ្ឋសូម៉ាលី រងទុក្ខយ៉ាងធ្ងន់ធ្ងរ
05/07/2026 09:05 PM
ឆាដប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ក្រោយការពួនស្ទាក់វាយប្រហារស្លាប់មនុស្សរបស់ក្រុមឧទ្ទាម Boko Haram
05/07/2026 08:05 PM
សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងនាយរដ្ឋមន្រ្តីថៃ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង
05/07/2026 08:05 PM
ចោរសមុទ្រសូម៉ាលី បោះបង់ចោលទូកក្តោងរបស់អារ៉ាប់រួម ក្រោយពួកគេជិតអស់គ្រឿងផ្គត់ផ្គង់
05/07/2026 08:05 PM
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត «ខ្សែបន្ទាត់ព្រំដែន» បង្កើតឡើងដោយការប្រើប្រាស់កម្លាំង
05/07/2026 08:05 PM
ប្រភព៖ អាមេរិក និងអ៊ីរ៉ង់ជិតឆ្ពោះទៅរកកិច្ចព្រមព្រៀងរយៈពេលខ្លី ដើម្បីបញ្ចប់សង្រ្គាម
05/07/2026 08:05 PM
ប្រធានាធិបតីប៉ារ៉ាហ្គាយសរសើរមិត្តភាពជាមួយកោះតៃវ៉ាន់ ខណៈចិនប្រាប់ឲ្យកាត់ផ្តាច់ចំណងទាក់ទង
05/07/2026 08:05 PM
លោក Netanyahu៖ «គ្មានភេរវករណាម្នាក់រួចខ្លួនទេ» ក្រោយអ៊ីស្រាអែលសម្លាប់មេបញ្ជាការក្រុមហេសបូឡា
05/07/2026 07:05 PM
មន្ទីរពេទ្យហូឡង់ ព្យាបាលអ្នកជំងឺសង្ស័យឆ្លងវីរុស Hanta ក្រោយជម្លៀសចេញពីនាវាកម្សាន្ត
05/07/2026 07:05 PM