ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

មន្ទីរពេទ្យមួយចំនួននៅកូរ៉េខាងត្បូងទុកអ្នកជំងឺចោល ខណៈក្រុមវេជ្ជបណ្ឌិតចេញតវ៉ាដោយដើរចេញពីការងារ

2024/02/22 07:19:21 pm        177
មន្ទីរពទ្យមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូង បានទុកអ្នកជំងឺចោល នៅពេលអ្នកជំងឺស្វែងរកការសង្រ្គោះបន្ទាន់កាលពីថ្ងៃពុធ ស្របពេលក្រុមវេជ្ជបណ្ឌិតដើរចេញពីការងារក្នុងការតវ៉ាដ៏ធំសម្បើម។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប្រហែលពាក់កណ្ដាលនៃអ្នកជំងឺដែលគ្រោងវះកាត់នៅមន្ទីរពេទ្យធំៗចំនួន៥ ត្រូវបានលុបចោលហើយនៅពេលនេះ បន្ទប់សង្រ្គោះបន្ទាន់ជាច្រើនផ្ទុកពេញណែនដោយអ្នកជំងឺ ។ លោកនាយករដ្ឋមន្ត្រីហាន ឌុកស៊ូ (Han Duck-soo) បានចុះសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យនគរបាលជាតិ មួយក្នុងទីក្រុងសេអ៊ូល និងបានពិនិត្យលើការឆ្លើយតបផ្នែកវេជ្ជសាស្ត្របន្ទាន់។លោកបានបញ្ជាឲ្យមានវិធានការគ្រាអាសន្នមួយចំនួនដូចជា ការប្រើប្រាស់ការប្រឹក្សាយោបល់ជំងឺពីចម្ងាយ បង្កើនប្រតិបត្តិការឲ្យបានច្រើននៅតាមមន្ទីរពេទ្យរដ្ឋនានា និងបើកឃ្លីនិកយោធាជាដើម។ គួរបញ្ជាក់ថា ការតវ៉ាជាបន្តបន្ទាប់ គឺដោយសារផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតពេទ្យចូលរៀននៅសាលាពេទ្យឲ្យបានកាន់តែច្រើន ឆ្លើយតបទៅកំណើនប្រជាជន និងប៉ះពាល់ប្រយោជន៍របស់គ្រូពេទ្យដែលមានប្រាក់ខែខ្ពស់ៗ។ ក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សាជិត៨ពាន់នាក់ បាននាំគ្នាដើរចេញពីការងារ ចាប់តាំងពីការតវ៉ាបានផ្ទុះឡើងនៅសប្ដាហ៍នេះ ហើយមានការរំពឹងទុកថានឹងមានក្រុមគ្រូពេទ្យជាច្រើនទៀតចូលរួមការតវ៉ានេះ។ រដ្ឋាភិបាល បានថ្កោលទោសការដើរចេញពីការងារនេះ និងគំរាមចាប់ខ្លួនក្រុមមេដឹកនាំបះបោរការតវ៉ានេះ។ក្រុមវេជ្ជបណ្ឌិត បាននិយាយថា រដ្ឋាភិបាល ចាំបាច់ត្រូវដោះស្រាយបញ្ហាប្រាក់ខែ និងលក្ខខណ្ឌការងារជាមុនសិន មុននឹងនឹងជ្រើសរើសនិស្សិតពេទ្យបន្ថែម។ ទោះយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរ និយាយថា ប្រទេសនេះ ចាំបាច់ក្នុងការបង្កើនចំនួនបុគ្គលិកផ្នែកសេវាសុខាភិបាលកាន់តែច្រើននៅតាមតំបន់ដាច់ស្រយាលនានា ក៏ដូចជាការបំពេញតម្រូវការដែលចេះតែកើនឡើងនៃចំនួនប្រជាជនក្នុងប្រទេសនេះ៕

កសិករឥណ្ឌាដែលកំពុងតវ៉ា ប្រើប្រាស់ខ្លែងដើម្បីបញ្ឈប់ការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកពីយានដ្រូន

2024/02/22 06:00:26 pm        164
កសិករដែលកំពុងតវ៉ានៅក្នុងប្រទេសឥណ្ឌា បានប្រើប្រាស់ខ្លែងកាលពីថ្ងៃពុធ ដើម្បីធ្វើឲ្យទាក់ជាប់យានដ្រូនរបស់នគរបាល ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងសន្តិសុខ ដើម្បីបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករ ក្នុងការប៉ុនប៉ងបំបែកក្រុមតវ៉ាពួកគេ។បន្ថែមលើការបង្ហោះខ្លែង កសិករក៏បានបាញ់ចំពាម និងកាំភ្លើងបាញ់បញ្ចេញអណ្តាតភ្លើង ដើម្បីប្រឆាំងយានដ្រូន។ រយៈពេល១សប្តាហ៍កន្លងទៅនេះ កសិកររាប់ពាន់នាក់ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ ចម្ងាយប្រហែល២០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Delhi បន្ទាប់ពីនគរបាល បានបញ្ឈប់ការដង្ហែក្បួនបាតុកម្មរបស់កសិករដែលគេហៅថា«តោះយើងទៅកាន់ទីក្រុងដេលី» ដើម្បីទាមទារតម្លៃខ្ពស់ជាងនេះពីរដ្ឋាភិបាល សម្រាប់កសិផលរបស់ពួកគេ។កាលពីថ្ងៃពុធ កសិករ បានផ្អាកការតវ៉ា បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់សំណើថ្មីដើម្បីបន្តការចរចា ប៉ុន្មានម៉ោងបន្ទាប់ពីនគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងមនុស្សរាប់ពាន់នាក់ ដែលកំពុងដើរតវ៉ាទៅកាន់ទីក្រុងដេលី។ កសិករបាននាំយកត្រាក់ទ័រ និងរថយន្តដឹកទំនិញរបស់ពួកគេមកតវ៉ាជាមួយ ហើយបានប្រើប្រាស់ឧបករណ៍កសិកម្មទាំងនេះ និងឧបករណ៍កសិកម្មផ្សេងទៀត ដើម្បីរារាំងដល់សកម្មភាពរបស់នគរបាល ។

អង់គ្លេស ពិចារណាដាក់កម្រិតលើការនាំចេញអាវុធទៅកាន់អ៊ីស្រាអែល ប្រសិនបើប្រទេសនេះ ឈ្លានពានទីក្រុងរ៉ាហ្វា

2024/02/22 05:43:48 pm        175
ចក្រភពអង់គ្លេស កំពុងវាយតម្លៃថាតើត្រូវដាក់កម្រិតលើការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល ប្រសិនបើទីក្រុងតែលអាវីវ (Tel Aviv) ជំរុញការឈ្លានពានរបស់ខ្លួនលើទីក្រុងរ៉ាហ្វា (Rafah) នេះបើយោងតាមរបាយការណ៍។អ៊ីស្រាអែល អាចបំពានច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ប្រសិនបើលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បើកការវាយលុកនៅក្នុងទីក្រុងហ្កាហ្សា ភាគខាងត្បូងដែលមានប្រជាជនរស់នៅយ៉ាងច្រើនដោយមិនព្យាយាមការពារជនស៊ីវិលនោះ។ប្រភពផ្លូវការ បានប្រាប់សារព័ត៌មាន Bloombergថា ការធ្វើបែបនេះ អាចផ្លាស់ប្តូរដំបូន្មានផ្នែកច្បាប់ ដែលផ្តល់ដល់រដ្ឋមន្ត្រីស្តីពីការផ្តល់អាជ្ញាប័ណ្ណនាំចេញ ដែលអាចប៉ះពាល់ដល់ការលក់អាវុធមួយចំនួនដល់ប្រទេសនេះ។អ៊ីស្រាអែល បានស្ថិតក្រោមសម្ពាធខ្លាំងពីសម្ព័ន្ធមិត្ត ឲ្យលុបចោលប្រតិបត្តិការយោធា ដែលបានគ្រោងធ្វើ នៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃទីក្រុងហ្កាហ្សា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនប្រមាណ ១,៤ លាននាក់ កំពុងជ្រកកោន។លោក បេននី ហ្គាន ( Benny Gantz) សមាជិកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសនេះនឹងបន្តប្រតិបត្តិការនេះ លុះត្រាតែចំណាប់ថ្នូរជាង១០០នាក់ដែលនៅសេសសល់ដោយក្រុមហាម៉ាស មិនត្រូវបានដោះលែងត្រឹមថ្ងៃទី១០ ខែមីនា នៅពេលដែលពិធីបុណ្យរ៉ាម៉ាដាន ចាប់ផ្តើម។

មនុស្ស ១៥ នាក់បានស្លាប់ បន្ទាប់ពីរថយន្តដឹកទំនិញធ្លាក់ចូលក្នុងជ្រោះជ្រៅនៅភាគកណ្តាលហ្វីលីពីន

2024/02/22 05:28:58 pm        190
នគរបាលខេត្តបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) នេះថាមនុស្ស ១៥ នាក់បានស្លាប់ និងមនុស្ស ២ នាក់បានរងរបួស នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងដែលដឹកអ្នកជំនួញបសុសត្វ បានធ្លាក់ចេញពីផ្លូវដោយសារខ្យល់កន្រ្តាក់ខ្លាំង ហើយធ្លាក់ចូលទៅក្នុងជ្រោះជម្រៅ ៤០ ម៉ែត្រទៅ ៥០ ម៉ែត្រ នៅភាគកណ្តាលប្រទេសហ្វីលីពីន។លោក ស្ទេហ្វិន ផូលីណា (Stephen Polinar) អ្នកនាំពាក្យការិយាល័យនគរបាលខេត្ត ណេក្រូស អូរៀនតាល់ (Negros Oriental) បានប្រាប់ស្ថានីយវិទ្យុ DWPM ថា «អ្នកបើកបរមិនអាចជាន់ហ្វ្រាំងរថយន្តជាប់ ហើយបាត់បង់ការគ្រប់គ្រង បន្ទាប់មកបានធ្លាក់ចូលជ្រោះដោយសារផ្លូវរអិលពេក ក្រោយពីភ្លៀងធ្លាក់រយៈពេលពីរថ្ងៃមក»។លោក ផូលីណា បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់ទីតាំងគ្រោះថ្នាក់កាលពីរសៀលថ្ងៃពុធ ហើយអ្នកដំណើរទាំងអស់ត្រូវបានសង្រ្គោះរួចហើយ។ លោកបានបន្ថែមថា អ្នកបើកបរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចប្រឈមនឹងការចោទប្រកាន់ទោស។ប្រទេសហ្វីលីពីន ត្រូវបានគេស្គាល់ដោយសារបទប្បញ្ញត្តិដ៏ធូររលុងរបស់ខ្លួនលើការដឹកជញ្ជូនសាធារណៈ រួមទាំងការផ្ទុកអ្នកដំណើរលើសទម្ងន់ និងផ្លូវថ្នល់ដែលថែទាំមិនបានល្អ ជាហេតុបង្កឱ្យមានគ្រោះថ្នាក់ជាច្រើន៕

ភាពអត់ឃ្លានបានរួមរឹតតំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម ខណៈកិច្ចចរចាបទឈប់បាញ់បន្តនៅទីក្រុងគែរ

2024/02/22 05:26:24 pm        137
ការប្រយុទ្ធគ្នាខ្លាំង បានធ្វើឲ្យរង្គោះរង្គើតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុមព័ទ្ធ កាលពីថ្ងៃពុធ ខណៈទីភ្នាក់ងារផ្តល់ជំនួយជាច្រើន បានព្រមានពីគ្រោះទុរ្ភិក្សខិតចូលជិតមកដល់ និងការចរចាជុំថ្មីត្រូវបានធ្វើឡើងនៅទីក្រុងគែរ ឈានឆ្ពោះទៅរកបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ។ សេតវិមាន បានបញ្ជូនបេសកជនទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក ប្រេត មហ្គូក(Brett McGurk) សម្រាប់ការបន្តកិច្ចចរចាថ្មី ដែលរួមមានទាំងអ្នកសម្របសម្រួល និងក្រុមហាម៉ាស មួយថ្ងៃបន្ទាប់ពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ ត្រូវបានរារាំងដោយសហរដ្ឋអាមេរិក។ ការព្រួយបារម្ភជាសកល បានរីករាលដាលជុំវិញចំនួនអ្នកស្លាប់ជនស៊ីវិលកើនឡើងខ្ពស់ និងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ នៅក្នុងសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល។ ការប្រយុទ្ធ និងភាពចលាចល ម្តងទៀតបានធ្វើឲ្យជាប់គាំងការដឹកជញ្ជូនជំនួយជាបន្តបន្ទាប់ ដើម្បីទៅដល់ជនស៊ីវិលដែលអស់សង្ឃឹមនៅក្នុងតំបន់ហ្កាហ្សា ដែលអង្គការសហប្រជាជាតិ បានព្រមានថា ប្រជាជនចំនួន ២,៤លាននាក់ ស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ហើយអាចប្រឈមមុខនឹងការស្លាប់របស់កុមារ។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយថា ទីភ្នាក់ងារនេះត្រូវបង្ខំចិត្ត បញ្ឈប់ការដឹកជញ្ជូនជំនួយនៅភាគខាងជើងតំបន់ហ្កាហ្សា ដោយសារតែ «ភាពចលាចល និងអំពើហឹង្សា » បន្ទាប់ពីក្បួនរថយន្តដឹកទំនិញ បានពើបប្រទះការបាញ់ប្រហារដោយកាំភ្លើង ហើយត្រូវបានក្រុមចោរដណ្តើមយកទំនិញ។ ការវាយប្រហាររបស់អ៊ីស្រាអែលបន្ថែមទៀត បានបន្តបាញ់ផ្លោងទៅលើតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្ស១១៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាស ដែលធ្វើអោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩.៣១៣នាក់។

ទាហានរុស្ស៊ីប្រមាណ៦០នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាសលើទឹកដីអ៊ុយក្រែនភាគខាងកើត

2024/02/22 05:14:28 pm        332
របាយការណ៍មួយចំនួនបាននិយាយថា ទាហានរុស្ស៊ី យ៉ាងហោចណាស់៦០នាក់ បានស្លាប់បន្ទាប់ពីតំបន់កំពុងហ្វឹកហាត់កងទ័ពមួយ ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើតដែលរុស្ស៊ីកាន់កាប់ រងការវាយប្រហារដោយមីស៊ីលចំនួន២គ្រាប់។ ប្រភពនានាដែលបានដឹងស្ថានភាពនេះ បានប្រាប់សារព័ត៌មាន BBC ថា ទាហានបានប្រមូលផ្ដុំគ្នានៅទីតាំងនោះក្នុងតំបន់ដូណេតស៍(Donetsk)ដើម្បីទទួលដំណើរមកដល់របស់មេបញ្ជាការជាន់ខ្ពស់មួយរូប។ មន្ត្រីរុស្ស៊ីមួយរូបបានបញ្ជាក់ថា មានការវាយប្រហារមួយបានកើតឡើង ប៉ុន្តែបានហៅរបាយការណ៍ទាំងនោះថាជាការបំផ្លើសទាំងស្រុង។ ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថាបានកើតមានឡើងប៉ុន្មានម៉ោង មុនពេលលោកប្រធានាធិបតី Vladimir Putin បានជួបរដ្ឋមន្ត្រីការពារជាតិលោក ហ្សើ ហ្គេ សយគូ (Sergei Shoigu)។ របាយការណ៍នានាបាននិយាយថា សមាជិកកងអាវុធហត្ថកងពលតូចទី៣៦ មានមូលដ្ឋាននៅក្នុងតំបន់ត្រានស្បៃកាល់(Transbaikal) នៃដែនដីស៊ីបេរីរបស់រុស្ស៊ី កំពុងរង់ចាំការមកដល់របស់មេបញ្ជាការកងទ័ពលោកឧត្ដមសេនីយ៍ អេឡេក ម៉យសេយ៉េវ(Oleg Moiseyev) នៅទីតាំងហ្វឹកហឺនមួយជិតភូមិទ្រូដូវស្កេ(Trudovske)។ មានសេចក្ដីរាយការណ៍ថាកងទ័ពទាំងនោះត្រូវបានរងការវាយប្រហារដោយមីស៊ីលចំនួន២គ្រាប់ បាញ់ចេញពីប្រព័ន្ធបាញ់មីស៊ីល ហ៊ីម៉ាស់ (HIMARS)ផលិតដោយសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ ទូរទស្សន៍ BBC កំពុងព្យាយាមផ្ទៀងផ្ទាត់វីដេអូនេះ ដែលបង្ហាញពីសាកសពទាហានដេកស្លាប់រណូករណែលលើវាលស្មៅ៕

បុគ្គលិកសហជីព ចេញធ្វើបាតុកម្ម នៅប្រទេសប៉េរូ ទាមទារប្រាក់ឈ្នួលខ្ពស់ជាងនេះ និងបោះឆ្នោតប្រធានាធិបតីថ្មី

2024/02/22 04:10:17 pm        145
បុគ្គលិកសហជីពរាប់រយនាក់ មកពីសហព័ន្ធបុគ្គលិកទូទៅប្រទេសប៉េរូ បានចេញធ្វើបាតុកម្ម នៅទីក្រុងលីម៉ា កាលពីថ្ងៃពុធ និងបានធ្វើដំណើរទៅកាន់អគារសភា ទាមទារឲ្យដំឡើងប្រាក់ឈ្នួលខ្ពស់ជាងនេះ និងមានការបោះឆ្នោតប្រធានាធិបតីថ្មី។បាតុករម្នាក់ បាននិយាយថា បុគ្គលិកជាច្រើន កំពុងទាមទារការដំឡើងប្រាក់ឈ្នួលអតិបរមា ដែលបច្ចុប្បន្នត្រូវបានកំណត់ត្រឹមតែជិត២៧០ដុល្លារ ដោយសារតែតម្លៃទំនិញហក់ឡើងខ្ពស់ កំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនប៉េរូ។ ដោយមានកាន់ស្លាកសញ្ញា និងទង់ជាតិព៏ណ៌ក្រហម បុគ្គលិកទាំងអស់ បានអំពាវនាវឲ្យមានការបោះឆ្នោតសកល ដោយនិយាយថាប្រធានាធិបតីបច្ចុប្បន្ន លោកស្រី ឌីណា បូលូអាតេ(Dina Boluarte) មិនត្រូវបានទទួលស្គាល់ ជាប្រធានាធិបតីដោយសំឡេងភាគច្រើននោះទេ។កាលពីពេលមុន ក្រុមអ្នកតវ៉ាជាច្រើន បានចេញធ្វើបាតុកម្ម នៅទូទាំងប្រទេសប៉េរូ ដោយទាមទារការលាលែងពីតំណែងរបស់ប្រធាធិបតី លោកស្រី Dina Boluarte ចាប់តាំងពីការចូលកាន់តំណែងរបស់លោកស្រី បន្ទាប់ពីការបណ្តេញចេញ និងឃុំខ្លួន អតីតប្រធានាធិបតី លោក ផេដ្រូ កាស្ទីឡូ(Pedro Castillo) ។

នាយករដ្ឋមន្ត្រីបារាំង លោកហ្កាប្រ៊ីយ៉េល អាតាល់ សន្យាបង្កើតច្បាប់តម្លៃថ្មីដើម្បីបន្សាបកំហឹងកសិករ

2024/02/22 04:06:12 pm        182
លោកនាយករដ្ឋមន្ត្រីបារាំងហ្គាប្រ៊ីយ៉េល អាតាល់(Gabriel Attal)បាននិយាយកាលពីថ្ងៃពុធ២១កុម្ភៈថារដ្ឋាភិបាលបារាំង នឹងត្រូវរៀបចំនៅរដូវក្ដៅនេះ អំពីច្បាប់ថ្មីផ្ដល់ការការពារកាន់តែប្រសើរដល់ប្រាក់ចំណូលនិងការពង្រឹងជំហរបស់ប្រជាកសិករក្នុងការចរចាជាមួយក្រុមអ្នកលក់រាយនិងក្រុមហ៊ុន។លោក អាតល់ បានប្រកាសពីការធ្វើបច្ចុប្បន្នភាពនូវអ្វីដែលហៅថាជាច្បាប់ អ៊ីហ្គាលីម (Egalim)នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោក បំណងបន្ធូរបន្ថយភាពតានតឹងជាមួយប្រជាកសិករដែលពោពេញដោយកំហឹង មុនពេលព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលកសិកម្មប្រចាំឆ្នាំសាឡន ឌឺ អ៊ី អាគ្រីខាល់ឈ័រ( Salon de l'Agriculture )ដែលនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ។ គេក៏បានមើលឃើញផងដែរនូវក្បួនតវ៉ានៅតែបន្តរបស់ប្រជាកសិករនៅក្នុងបណ្ដាប្រទេសផ្សេងៗទៀតក្នុងប្លុកសហភាពអឺរ៉ុប រួមទាំងប្រទេស បែលហ្ស៊ិក ក្រិក និងអាល្លឺម៉ង់ ជាដើម ដែលពួកគេកំពុងផ្ទុះកំហឹងខ្លាំងជុំវិញផលប៉ះពាល់លើផលិតផលកសិកម្ម ព្រោះតែវិធានការរបស់សហភាពអឺរ៉ុប ក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការបើកច្រកឲ្យនាំចូលមានតម្លៃថោកលើទំនិញរបស់ប្រទេសអ៊ុយក្រែន ជាអ្វីដែលប្លុកនេះនិយាយថា ជាការជួយដល់កិច្ចខិតប្រែងក្នុងសង្រ្គាមរបស់ក្រុងគីវ។ នៅក្នុងប្រទេសបារាំង ក្រុមប្រជាកសិករបានផ្អាកការតវ៉ាមួយផ្នែកធំរបស់ខ្លួនក្រោយការធ្វើសកម្មភាពប្រឆាំងជាច្រើនសប្ដាហ៍ រួមទាំងការបិទផ្លូវហាយវ៉េ ផងដែរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី អាតាល់ បានសន្យាចាត់វិធានការថ្មីកាលពីថ្ងៃទី១ ខែកុម្ភៈ។ ប៉ុន្តែក្រុមប្រជាកសិករដែលនិយាយថា ពួកគេនៅតែត្រូវចំណាយខ្ពស់ក្នុងជីវិភាពប្រចាំថ្ងៃ និងការបង់ពន្ធខ្ពស់ ច្បាប់បរិស្ថានបៃតង ការប្រឈមការប្រកួតប្រជែងពុំស្មើភាពពីប្រទេសខាងក្រៅប្លុក បានកំពុងដាក់សម្ពាធលើរដ្ឋាភិបាលឲ្យបង្ហាញលទ្ធផលដំបូងនៃវិធានការគ្រាអាសន្នមុនព្រឹត្តិការណ៍បង្ហាញផលិតផលកសិកម្ម។ លោកប្រធានាធិបតីបារាំង Emmanuel Macron និងរដ្ឋាភិបាលរបស់លោកក៏បានប្រុងប្រយ័ត្នផងដែរចំពោះការគាំទ្រដែលចេះតែកើនឡើងលើក្រុមកសិករពីសំណាក់ក្រុមស្ដាំនិយមជ្រុល មុនការបោះឆ្នោតសភារបស់សហភាពអឺរ៉ុបនៅខែមិថុនាខាងមុខ៕

អ៊ីស្រាអែល បង្កើនការវាយប្រហារលើក្រុងរ៉ាហ្វា ខណៈចំនួនអ្នកស្លាប់ហ្កាហ្សា ឡើងដល់ជាង ២៩.៣០០ នាក់

2024/02/22 03:57:02 pm        240
អ្នកស្រុកបាននិយាយថា អ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើទីក្រុងរ៉ាហ្វា (Rafah) នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ហើយសមាជិកជាង ១០ នាក់ក្នុងមួយគ្រួសារត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយ ខណៈក្រសួងសុខាភិបាលរបស់តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ បានប្រកាសកាលពីថ្ងៃពុធ (២១ កុម្ភៈ) ថាមនុស្ស ២៩.៣១៣ នាក់បានស្លាប់ និងមនុស្ស ៦៩.៣៣៣ នាក់រងរបួសនៅក្នុងសង្គ្រាមរហូតមកទល់ពេលនេះ។អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែល បានវាយរុលនៅភាគខាងលិចពីក្រុងខាន់យ៉ូនីស ចូលទៅក្រុង អាល់ ម៉ាវ៉ាស៊ី (Al-Mawasi) ដែលកាលពីមុនកងទ័ពអ៊ីស្រាអែល បានប្រាប់ឱ្យប្រជាជនប៉ាឡេស្ទីន ទៅជ្រកកោននៅទីនោះព្រោះជាតំបន់សុវត្ថិភាព។កងទ័ពការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានបង្កើនប្រតិបត្តិការនៅក្នុងទីក្រុងខាន់ យូនីស (Khan Younis) ដែលជាទីក្រុងមួយនៅភាគខាងជើងក្រុងរ៉ាហ្វា ប៉ុន្តែមិនបាននិយាយអំពីការវាយប្រហាររបស់ខ្លួនលើក្រុងរ៉ាហ្វា នៅក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃព្រឹត្តិការណ៍នៅក្នុងតំបន់ហ្កាហ្សាទេ។មនុស្សប្រហែល ១,៥ លាននាក់ត្រូវបានគេប៉ាន់ប្រមាណថាប្រមូលផ្តុំគ្នាចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលស្ថិតនៅចុងភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធដែលនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ហើយភាគច្រើននៃអ្នកទាំងនោះ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេពីតំបន់ចុងភាគខាងជើងដើម្បីគេចពីការវាយលុករបស់យោធាអ៊ីស្រាអែល៕

មនុស្សយ៉ាងហោចណាស់២៥នាក់ ស្លាប់ ក្នុងប្រទេសវ៉េណេហ្សុយអេឡា បន្ទាប់ពីអណ្តូងរ៉ែមាសខុសច្បាប់បាក់ស្រុត

2024/02/22 03:52:42 pm        143
អាជ្ញាធរ បាននិយាយកាលពីថ្ងៃពុធថាមនុស្សយ៉ាងហោចណាស់២៥នាក់ បានស្លាប់ និងច្រើននាក់ រងរបួស ដោយសារបំណាក់ដី នៅអណ្តូងរ៉ែមាសខុសច្បាប់បើកចំហដោយខុសច្បាប់ នៅក្នុងប្រទេសវ៉េណេហ្សុយអេឡា ភាគខាងត្បូង។ អភិបាលរដ្ឋ លោក Angel Marcano បានប្រាប់អ្នកសារព័ត៌មានថា បំណាក់ដី បានកើតឡើងកាលពីថ្ងៃអង្គារ នៅតំបន់ជនបទមួយកន្លែងនៃទីក្រុងអង់ហ្គូស្ទូរ៉ា( Angostura) ក្នុងរដ្ឋ Bolivar ។លោកអភិបាលរដ្ឋ បាននិយាយនៅក្នុងទីក្រុង La Paragua ដែលនៅជិតទីតាំងអណ្តូងរ៉ែមាសថា មានបំណាក់ដី វាបានបាក់ស្រុត ហើយរហូតមកដល់ពេលនេះ មនុស្ស២៥នាក់ត្រូវបានបញ្ជាក់ថាស្លាប់។ ការរិយាល័យអភិបាលរដ្ឋ បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន២គ្រឿងទៅកាន់កន្លែងកើតហេតុដើម្បីបន្តការងារជួយសង្គ្រោះ ព្រោះថាប្រជាជនក្នុងតំបន់និយាយថា កម្មករអណ្តូងរ៉ែច្រើននាក់បន្ថែមទៀត បានជាប់នៅក្នុងបំណាក់ដីល្បប់។ កម្មករណ្តូងរ៉ែរាប់ពាន់នាក់កំពុងធ្វើការនៅអណ្តូងរ៉ែនោះ ភាគច្រើនគ្មានឯកសារ ដែលកំពុងរុករករ៉ែនៅទីតាំងអណ្តូងរ៉ែនៅក្នុងតំបន់ដោយគ្មានច្បាប់រដ្ឋ។ កម្មករអណ្តូងរ៉ែ និងក្រុមសិទ្ធមនុស្សនិងបរិស្ថាន បាននិយាយកាលពីពេលមុនថា ឧបទ្ទវហេតុជាច្រើនកើតឡើង ជារឿងធម្មតានៅក្នុងតំបន់រុករករ៉ែខុសច្បាប់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា
11/12/2026 03:11 PM
វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតាំងតែលោក Scott Cooper ជានាយកផ្នែកកីឡា
11/12/2026 03:11 PM
គណៈប្រតិភូមកពីទ្វីបនានាជុំវិញពិភពលោកបន្តមកដល់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
11/12/2026 03:11 PM
ភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ការរៀបចំភូមិហ្រ្វង់កូហ្វូនី និង​សរសើរ​ប្រទេស​កម្ពុជា​ស្រស់​ស្អាត
11/12/2026 02:11 PM
ប្រធានាធិបតីសាធារណរដ្ឋរវ៉ាន់ដា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
11/12/2026 01:11 PM
អាកាសយានដ្ឋានអន្តរជាតិតេជោប្រគល់រង្វាន់លើកទី២ ដល់​អ្នក​ឈ្នះឆ្នោត​ផ្សង​សំណាង​អបអរ​ខួប​ ១ឆ្នាំ
11/12/2026 01:11 PM
ភាសាបារាំង នៅតែពេញនិយមសម្រាប់សិស្ស ជ្រើសរើសសិក្សានៅគ្រឹះស្ថានសាធារណៈ
11/12/2026 01:11 PM
សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន នៅដើមសប្តាហ៍ក្រោយ
11/12/2026 01:11 PM
ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ អ្នកមានឈ្មោះបោះឆ្នោតកើនដល់ជាង១០លាន ៥សែននាក់ ខណៈចុះឈ្មោះថ្មីជាង៤០ម៉ឺននាក់
11/12/2026 12:11 PM
អ្នកនាំពាក្យ៖​ ទោះបទឈប់បាញ់​នៅ​ជា​ធរមាន​តែ​ជនភៀស​សឹក​កម្ពុជា​ជាង​២​ម៉ឺន​នាក់​មិន​ទាន់​អាច​វិល​ទៅ​ផ្ទះវិ​ញបានឡើយ
11/12/2026 12:11 PM