នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់
សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យ Online Scams ក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់

សន្តិសុខ និង សង្គម

អ៊ីស្រាអែល ធ្វើការវាយប្រហារតាមអាកាសនៅលីបង់ បន្ទាប់ពីការវាយប្រហាររបស់ដ៏សាហាវរបស់ក្រុមហេសបូឡា

2024/02/15 07:15:28 pm        171
អ៊ីស្រាអែល កំពុងបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅក្រុមហេសបូឡា ក្នុងប្រទេសលីបង់ កាលពីថ្ងៃពុធ បន្ទាប់ពីអង្គការភេរវកម្មនេះ បានបាញ់រ៉ុក្កែតដែលបានសម្លាប់ស្ត្រីម្នាក់ និង៥នាក់ផ្សេងទៀតរងរបួស នៅអ៊ីស្រាអែល។រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានវាយប្រហារទៅលើសហគមន៍អ៊ីស្រាអែលភាគខាងជើង កាលពីព្រឹកថ្ងៃពុធ។ មន្ត្រីមូលដ្ឋាន បាននិយាយថា ម្នាក់ក្នុងចំណោមអ្នករបួសទាំងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ និង៦នាក់ទៀត រងរបួសស្រាល។គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា បានវាយប្រហារលើសហគមន៍ Kibbutz Manara, Moshav Netu'a ក៏ដូចជាមូលដ្ឋានយោធា ទាំងអស់នៅប្រទេសអ៊ីស្រាអែលភាគខាងជើង។ការបាញ់គ្នានេះ បានកើតឡើង បន្ទាប់ពីអ៊ីស្រាអែល បានព្រមានក្រុមហេសបូឡាម្តងហើយម្តងទៀតថា សង្រ្គាមពេញទំហឹងជាមួយអ៊ីស្រាអែល នៅតែអាចកើតឡើង។

កសិករឥណ្ឌា បិទផ្លូវ និងរថភ្លើងនៅរដ្ឋ Punjab និងជួបពិភាក្សាជាមួយរដ្ឋាភិបាល ខណៈការតវ៉ាកាន់តែខ្លាំង

2024/02/15 07:04:42 pm        190
រដ្ឋាភិបាល និងមេដឹកនាំកសិករកំពុងរៀបចំសម្រាប់ការពិភាក្សាជុំទីបី ស្របពេលមានការហែក្បួនតវ៉ាឈ្មោះថា «នាំគ្នាទៅក្រុងដេលី» (Delhi Chalo) របស់ក្រុមកសិករដែលកំពុងបន្ត ដោយមើលឃើញកសិកររាប់ពាន់នាក់បានប្តេជ្ញាជំរុញការតវ៉ារបស់ពួកគេ ខណៈដែលការប៉ះទង្គិច និងកំហឹងបានបង្កើនការតវ៉ាកាន់តែខ្លាំងក្លាឡើង។ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានកូដកម្មទូទាំងប្រទេសសម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ជាមួយនឹងការតវ៉ាបន្ថែមដែលគ្រោងនឹងបិទផ្លូវ និងរថភ្លើងនៅទូទាំងរដ្ឋ ផុនចាប (Punjab) នៅថ្ងៃទី១៥ ខែកុម្ភៈ នេះចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ២ រសៀល (ម៉ោងក្នុងស្រុក)។ រដ្ឋមន្រ្តីសហជីពបីរូប គឺលោក អាជុន ម៉ុនដា (Arjun Munda) លោក ភីយ៉ុស ហ្កូយ៉ាល់ (Piyush Goyal) និងលោក នីតយ៉ាណាន រ៉ៃ (Nityanand Rai) គ្រោងនឹងជួបជាមួយតំណាងសហជីពកសិករដែលកំពុងតវ៉ាតាមរយៈកិច្ចពិភាក្សាវីដេអូនៅល្ងាចថ្ងៃនេះ។កិច្ចប្រជុំលើកមុនរវាងភាគីទាំងពីរមិនទទួលបានលទ្ធផលនោះទេ ដែលជំរុញឱ្យកសិករចាប់ផ្តើមការដង្ហែក្បួនតវ៉ាកាលពីថ្ងៃអង្គារ (១៣ កុម្ភៈ)។ រដ្ឋមន្ត្រីសហជីពជាន់ខ្ពស់បានធ្វើការពិភាក្សាជុំទីពីររួចមកហើយកាលពីថ្ងៃពុធ ដើម្បីដោះស្រាយការតវ៉ារបស់កសិករដែលកំពុងបន្ត និងបញ្ហាពាក់ព័ន្ធ ប៉ុន្តែព័ត៌មានលម្អិតមិនទាន់ត្រូវបានលាតត្រដាងនៅឡើយ៕

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅប្រទេសហ្វីលីពីន កើនឡើងដល់ ៨៥ នាក់

2024/02/15 07:01:29 pm        134
ចំនួនអ្នកស្លាប់នៅក្នុងបំណាក់ដីដ៏ធំដែលបានកើតឡើងលើភូមិជាច្រើនក្នុងខេត្ត ដាវ៉ាវ ដឺ អូរ៉ូ (Davao de Oro) នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៨៥ នាក់គិតត្រឹមម៉ោង ៧:០០ យប់កាលពីថ្ងៃពុធ (១៤ កុម្ភៈ) ដោយមនុស្ស ៣៨ នាក់នៅតែបាត់ខ្លួន នេះបើយោងតាមរដ្ឋាភិបាលក្នុងតំបន់។បំណាក់ដីនេះបានវាយប្រហារតំបន់រុករករ៉ែនៅទីក្រុងភ្នំ ម៉ាខូ (Maco) ក្នុងខេត្ត ដាវ៉ាវ ដឺ អូរ៉ូ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ដោយបានកប់ផ្ទះសម្បែងរាប់សិបខ្នង រថយន្តជាច្រើនគ្រឿង និងមនុស្សរាប់សិបនាក់។ អាជ្ញាធរមូលដ្ឋានបានបញ្ជាឱ្យមានការជម្លៀសប្រជាជនជាចាំបាច់នៅក្នុងភូមិចំនួនប្រាំនៅក្បែរនោះ ដែលបានប៉ះពាល់ដល់មនុស្សជាង ៥.០០០ នាក់។ដោយស្ថិតនៅតំបន់កងភ្លើងប៉ាស៊ីហ្វិក ប្រទេសប្រជុំកោះនេះត្រូវបានវាយលុកជាញឹកញាប់ដោយព្យុះទីហ្វុងដ៏មានឥទ្ធិពលដែលបង្កឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី ហើយបានរងគ្រោះដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាញឹកញាប់៕

ហ្វីលីពីន បញ្ជូននាវាចម្បាំងទៅដែនទឹកភាគខាងលិច ដើម្បីការពារផលប្រយោជន៍ដែនសមុទ្រចិនខាងត្បូង

2024/02/15 06:58:03 pm        135
មន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់មួយរូបបាននិយាយថា ហ្វីលីពីនបានបញ្ជូននាវាចម្បាំងចេញពីដែនទឹកនៃកោះ ប៉ាឡាវ៉ាន់ (Palawan) ដែលទល់មុខនឹងសមុទ្រចិនខាងត្បូង ដើម្បី «ការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន» ក្នុងជំហានមួយដែលអាចធ្វើអោយចិនខឹងសម្បារ។ស្របពេលមានភាពតានតឹងនៅក្នុងដែនទឹកដែលមានជម្លោះ លោកមេបញ្ជាការ អេដវើត អ៊ីខេ ដឺ សាហ្គន (Edward Ike De Sagon) បាននិយាយថា វត្តមានរបស់នាវានេះនៅកោះ ប៉ាឡាវ៉ាន់ «នឹងបម្រើជាការរំលឹកដល់អស់អ្នកដែលហ៊ានជំទាស់នឹងអធិបតេយ្យភាពរបស់យើង ថាយើងត្រៀមខ្លួនរួចជាស្រេច និងមានការប្រុងប្រយ័ត្នជានិច្ច»។លោក ដឺ សាហ្គន បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយចុះកាលបរិច្ឆេទកាលពីថ្ងៃអង្គារ ប៉ុន្តែបានផ្ញើកាលពីថ្ងៃពុធថា «នេះក៏នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងការពារដែនសមុទ្រ និងផលប្រយោជន៍ដែនទឹកភាគខាងលិចរបស់ប្រទេសផងដែរ»។ការបញ្ជូននាវាល្បាត ប៊ីអាភី អេមមីលីអូ ហាស៊ីនតូ (BRP Emilio Jacinto) ឬហៅថា ភីអេស-៣៥ (PS35) បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានធ្វើការស្តីបន្ទោសគ្នាទៅវិញទៅមកជុំវិញការប៉ះទង្គិចក្នុងដែនទឹកដីនេះ៕

UN បារម្ភថា ការចាត់តាំងជាភេរវកររបស់សហរដ្ឋអាមេរិក លើក្រុមហ៊ូទី អាចប៉ះពាល់ដល់សេដ្ឋកិច្ចយេម៉ែន

2024/02/15 06:53:54 pm        137
អង្គការសហប្រជាជាតិ (UN) បារម្ភថាការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការចាត់តាំងក្រុមឧទ្ទាម ហ៊ូទី (Houthi) របស់យេម៉ែន ទៅក្នុងបញ្ជីក្រុមភេរវករវិញ អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ ជាពិសេសការនាំចូលទំនិញសំខាន់ៗជាលក្ខណៈពាណិជ្ជកម្ម នេះបើតាមមន្ត្រីជំនួយជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១៤ កុម្ភៈ)។ចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីខែមុននេះ ចូលជាធរមាននៅថ្ងៃសុក្រ (១៦ កុម្ភៈ) ស្អែកនេះ ហើយនិងវាយលុកក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មដ៏តឹងរ៉ឹង ដែលមានបំណងកាត់ផ្តាច់មូលនិធិ និងសព្វាវុធដែលពួកហ៊ូទី បានប្រើក្នុងការវាយប្រហារកាន់តែខ្លាំងឡើងរបស់ពួកគេលើនាវានៅក្នុងផ្លូវដឹកជញ្ជូនសមុទ្រក្រហមដ៏សំខាន់។នាយកប្រតិបត្តិការជំនួយរបស់អង្គការសហប្រជាជាតិ លោកស្រី អេឌែម វ៉ូស័រនុ (Edem Wosornu) បាននិយាយថា ខណៈពេលដែលសហគមន៍មនុស្សធម៌មានការព្រួយបារម្ភអំពី «ផលប៉ះពាល់ដែលអាចកើតមាន» ទីក្រុងវ៉ាស៊ីនតោនបានចេញការលើកលែងក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិលនៅក្នុងប្រទេសយេម៉ែន ដែលអង្គការសហប្រជាជាតិនិយាយថាមនុស្សជាង ១៨ លាននាក់ត្រូវការជំនួយ៕

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រួតពិនិត្យការសាកល្បងមីស៊ីលដែលបាញ់ពីដីទៅផ្ទៃទឹក

2024/02/15 06:42:44 pm        112
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានត្រួតពិនិត្យការសាកល្បងមីស៊ីលពីដីទៅផ្ទៃទឹកថ្មីមួយកាលពីថ្ងៃពុធ ហើយបានទៅពិនិត្យរោងចក្រផលិតគ្រាប់រំសេវដ៏ធំមួយ ជាទីដែលលោកបានអំពាវនាវឱ្យជំរុញការផលិតអាវុធ។យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃពុធ ដែលជាការបាញ់បង្ហោះចុងក្រោយបំផុតនៃការធ្វើតេស្តបែបនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មុនពេលការបោះឆ្នោតសកលខែមេសា នៅក្នុងប្រទេសកូរ៉េខាងត្បូង។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា លោក គីម បានផ្តល់បញ្ជាឱ្យពង្រឹងការត្រៀមលក្ខណៈយោធានៅក្នុងដែនទឹកភាគខាងជើងនៃកោះ យ៉ុនព្យុង (Yeonpyeong) និងនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ នៅក្នុងតំបន់នៃខ្សែបន្ទាត់កំណត់ភាគខាងជើង (NLL)។ ប្រព័ន្ធផ្សព្វផ្សាយនេះបានបន្ថែមថា មីស៊ីលថ្មីនេះមានឈ្មោះថា «ផាដាស៊ុរី-៦» (Padasuri-6) ឬ «ឥន្ទ្រីសមុទ្រ-៦» (Sea Eagle-6) បានហោះពីលើសមុទ្រ ហើយបានបាញ់ដល់គោលដៅដែលចង់បាន។ប្រព័ន្ធផ្សព្វផ្សាយនេះបន្តថា លោក គីម ក៏បានត្រួតពិនិត្យរោងចក្រគ្រាប់រំសេវ «ដ៏ធំ» និងបានសិក្សាលម្អិតអំពីទំនើបកម្មនៃការផលិត។ ដំណើរចុះពិនិត្យរបស់លោក គីម ទៅកាន់រោងចក្រផលិតគ្រាប់រំសេវនេះធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានចោទកូរ៉េខាងជើង ថាបានធ្វើពាណិជ្ជកម្មអាវុធជាមួយរុស្ស៊ី៕

អ៊ីរ៉ង់មានលទ្ធភាពវាយប្រហារមូលដ្ឋានអ៊ីស្រាអែល ក្រោយមន្ត្រីនុយក្លេអ៊ែរបង្ហាញ សមត្ថភាពបង្កើតគ្រាប់បែក

2024/02/15 06:33:39 pm        158
អ៊ីរ៉ង់ កំពុងខិតកាន់តែកៀកទៅនឹងលទ្ធភាពជម្លោះ ខណៈដែលខ្លួនបានលើកឡើងពីការវាយប្រហារលើមូលដ្ឋានអ៊ីស្រាអែល និងបង្ហាញថា ខ្លួនអាចបង្កើតអាវុធនុយក្លេអ៊ែរបាន ប្រសិនបើមន្ត្រី បានបញ្ជាឲ្យបង្កើតនោះ។លោក បេណាម បេន តាលីប្លូ (Behnam Ben Taleblu) បុគ្គលិកជាន់ខ្ពស់នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បានប្រាប់សារព័ត៌មាន Fox News Digital ថា៖«ការអួតអាងរបស់អ៊ីរ៉ង់អំពីកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ កំពុងឈានដល់កម្រិតថ្មី និងមិនធ្លាប់មានពីមុនមក»។លោក តាលីប្លូ បានថ្លែងថា៖៖«អតីតប្រធានថាមពលអាតូមិករបស់អ៊ីរ៉ង់ គឺជាការចង្អុលបង្ហាញយ៉ាងច្បាស់ ថា ទីក្រុងតេអេរ៉ង់ មានបំណែកនៃអាវុធនុយក្លេអ៊ែរទាំងអស់ ប៉ុន្តែត្រូវបានបំបែកចេញពីគ្នា»។ «ការអត្ថាធិប្បាយនេះ គួរតែលើកទង់ក្រហមសម្រាប់អ្នកដែលគិតថា ការផ្លាស់ប្តូរវត្ថុធាតុដែលអាចផលិតបរិមាណូ គឺជារឿងតែមួយគត់ ដែលចាំបាច់ត្រូវតែទប់ស្កាត់ និងទទួលខុសត្រូវជាមួយនឹងការត្រួតពិនិត្យអន្តរជាតិ»។លោកបានសង្កត់ធ្ងន់ថា៖«ជាក់ស្តែង គឺថាទីក្រុងតេអេរ៉ង់ មិនខ្លាចការឆ្លើយតបរបស់រដ្ឋ បាលលោកបៃដិនចំពោះការអះអាងទាំងនេះទេ»។ «តាមរយៈការបង្ហាញពីអំពីសមត្ថភាពនុយក្លេអ៊ែរដែលមានការគ្រប់គ្រងយ៉ាងច្បាស់នោះ មន្ត្រីអ៊ីរ៉ង់ប្រហែលជាកំពុងរៀបចំកន្លែងសម្រាប់ការបាញ់នុយក្លេអ៊ែរ ដោយទទួលបានអត្ថប្រយោជន៍ពីអាវុធនុយក្លេអ៊ែរទប់ស្កាត់ការវាយប្រហារផ្សេងៗ ដោយមិនចំណាយលើផ្នែកនយោបាយ និងយោធាទៅលើការផលិតអាវុធទេ។សារព័ត៌មាន Iran International បានរាយការណ៍ថា លោក អាលី អាកបា សាលេហ៊ី (Ali-Akbar Salehi) អតីតប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអ៊ីរ៉ង់ បាននិយាយនៅក្នុងការផ្សាយកាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់ មានអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបង្កើតអាវុធបរមាណូ ដោយនិយាយថា៖«យើងបាន[ឆ្លងកាត់] កម្រិតទាំងអស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ»។

ការតវ៉ារបស់កសិករ នៅប្រទេសឥណ្ឌា បំពានលើកងកម្លាំងសន្តិសុខនៅថ្ងៃទី២

2024/02/15 06:27:42 pm        76
កងកម្លាំងសន្តិសុខប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមកសិករដែលកំពុងតវ៉ា នៅថ្ងៃទីពីរ ដើម្បីបញ្ឈប់មនុស្សរាប់ម៉ឺននាក់ ពីការដើរក្បួនបាតុកម្មទៅកាន់រដ្ឋធានី ញូវ ដេលី ដើម្បីទាមទារតម្លៃកាន់តែខ្ពស់សម្រាប់ផលិតផលកសិកម្មរបស់ពួកគេ។កងកម្លាំងសន្តិសុខ បានបញ្ឈប់កសិករនៅព្រំដែន សាមប៊ូ (Shambhu) បែងចែក រដ្ឋ ពុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) ជារដ្ឋនៅភាគខាងជើង ដែលកសិករភាគច្រើនរស់នៅទីនោះ មានចម្ងាយជិត ២០០គីឡូម៉ែត្រ ពីគោលដៅរបស់ពួកគេ។អគ្គនាយកនគរបាល រដ្ឋ Haryana លោកស្សាទ្រូ កាពួ (Shatrujeet Kapur) បាននិយាយថា ក្រុមបាតុករ បានគប់ដុំថ្ម និងព្យាយាមទម្លាយរបាំងការពារ ហើយកងកម្លាំងសន្តិសុខ ក៏បានប្រើប្រាស់យានដ្រូន ដើម្បីទម្លាក់ធុងឧស្ម័នបង្ហៀរទឹកភ្នែកទៅលើកសិករ ក្នុងការឆ្លើយតប ខណៈកសិករបានបង្ហោះខ្លែងឡើងទៅលើអាកាសក្នុងក្តីសង្ឃឹមថា នឹងធ្វើឲ្យជាប់គាំងម៉ាស៊ីនយានដ្រូន។ដោយធ្វើដំណើរនៅលើរថយន្តដឹកទំនិញ និងរម៉កអូស ដែលផ្ទុកដោយអាហារ សម្ភារៈសម្រាប់ដេក និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត កសិករបានចាប់ផ្តើមដង្ហែក្បួនបាតុកម្ម «តោះយើងទៅទីក្រុងដេលី» បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល ពុំបានផ្តល់ការប្តេជ្ញាចិត្តលើតម្លៃអប្បបរមាសម្រាប់ ផលដំណាំពួកគេជាបន្តបន្ទាប់។សហជីពរបស់កសិករជាច្រើន បាននិយាយថា ពួកគេនឹងតវ៉ាប្រឆាំងសកម្មភាពរបស់នគរបាលដោយការបិទចរាចរណ៍ផ្លូវរថភ្លើងនៅកន្លែងជាច្រើន ក្នុងរដ្ឋ Punjab រយៈពេល ៤ ម៉ោង នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈនេះ។

ការបាញ់ប្រហារនៅទីក្រុងចំនួន២របស់សហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស

2024/02/15 06:13:09 pm        131
មនុស្សម្នាក់បានស្លាប់ និងជាង ២០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីត្រូវបានបាញ់ប្រហារ កាលពីថ្ងៃពុធ អំឡុងពេលព្យុហយាត្រាប្រារព្ធពិធីជ័យជម្នះកីឡា Super Bowl របស់ក្រុម Kansas City Chiefs។ ស្នងការនគរបាលទីក្រុង Kansas លោកស្រី ស្តាសី ហ្គ្រេវ (Stacey Graves) បានប្រាប់អ្នកសារព័ត៌មានថា នគរបាលនៅតែធ្វើការដើម្បីកំណត់ចំនួនជនរងគ្រោះសរុប ប៉ុន្តែ ចំនួនអ្នករបួសដោយគ្រាប់កាំភ្លើង សរុបបានកើនឡើងដល់២២ នាក់។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅខាងក្រៅស្ថានីយ៍សហជីពទីក្រុង Kansas។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធ មន្ត្រីអនុវត្តច្បាប់ បាននិយាយថា មនុស្សបីនាក់ត្រូវបានឃុំខ្លួនសម្រាប់ការស៊ើបអង្កេតដែលជាប់ពាក់ព័ន្ធទៅនឹងការបាញ់ប្រហារនេះ ហើយមូលហេតុនៃការបាញ់ប្រហារនៅមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយ។ ក្រុម Kansas City Chiefs បានទទួលពានរង្វាន់កីឡា Super Bowl កាលពីចុងសប្តាហ៍ ហើយអ្នកគាំទ្រប្រមាណ ១ លាននាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុង Kansas កាលពីថ្ងៃពុធដើម្បីអបអរ។ យោងតាមបណ្ណសារអំពើហឹង្សាដោយអាវុធ បានឲ្យដឹងថា ការបាញ់ប្រហារកាលពីថ្ងៃពុធម្សិលមិញនេះ គឺជាការបាញ់ប្រហារទ្រង់ទ្រាយធំលើកទី ៤៨ នៅសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ ។ ទន្ទឹមនឹងនេះ សាលារៀនសាធារណៈទីក្រុងអាត្លង់តា(Atlanta) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា សិស្សវិទ្យាល័យ Atlanta ចំនួនបួននាក់ ត្រូវបានបាញ់ប្រហារ កាលពីថ្ងៃពុធ នៅពេលដែលខ្មាន់កាំភ្លើងម្នាក់ បានបាញ់រះចេញពីក្នុងរថយន្តមួយគ្រឿង ចូលទៅកន្លែងចំណតរថយន្តនៅវិទ្យាល័យ បេនចាមីន អ៊ូម៉េ (Benjamin E. Mays) ភ្លាមៗបន្ទាប់ពីសាលាអនុញ្ញាតឲ្យសិស្សចេញ។ សេចក្តីថ្លែងការណ៍បាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានរបួសពុំគំរាមកំហែងដល់អាយុជីវិតនោះទេ ហើយក្រោយមកសកម្មភាពទាំងអស់នៅសាលារៀន ត្រូវបានលុបចោល។ នគរបាល និយាយថា ស្ត្រីម្នាក់ ត្រូវបានឃុំខ្លួន ក្នុងការជាប់ពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុនេះ។

ការតវ៉ាអង្គុយបានផ្ទុះឡើងក្នុងទីក្រុងខ្វេតា ប្រទេសប៉ាគីស្ថាន ប្រឆាំងករណីលួចបន្លំសន្លឹកឆ្នោត

2024/02/15 06:03:37 pm        147
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីក្រុង ខ្វេតា (Quetta) ដែលជារដ្ឋធានីរបស់ខេត្តបាលូជីស្ថាន (Balochistan) ដោយអង្គុយកាលពីថ្ងៃពុធ ថ្ងៃទី១៤ ខែកុម្ភៈ ជាការបន្ថែមទៅលើបាតុកម្មនានា នៅសប្តាហ៍នេះ ប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ក្រុមកម្មករ និងអ្នកគាំទ្រគណបក្សនយោបាយផ្សេងៗ បានបិទផ្លូវហាយវ៉េសំខាន់ៗទាំងអស់ដែលតភ្ជាប់ខេត្តបាលូជីស្ថានជាមួយខេត្តផ្សេងទៀត ដើម្បីតវ៉ាជុំវិញអ្វីដែលពួកគេនិយាយថា ជាការលួចបន្លំសន្លឹកឆ្នោត។សមាជិកមួយចំនួននៃគណបក្សជាតិនិយម ដូចជាគណបក្ស បាលូច(Baloch)គណបក្សផាសទុន( Pashtun) និង គណបក្ស ហាហ្សារ៉ា (Hazara)របស់ខេត្តនេះ បានតវ៉ានៅមុខការិយាល័យរៀបចំការបោះឆ្នោតស្រុក។កាលពីថ្ងៃអង្គារទី១៣ កុម្ភៈ ហាងលក់ទំនិញ និងសេវាដឹកជញ្ជូនសាធារណៈនានាក្នុងក្រុងខ្វេតា ត្រូវបានបិទ ខណៈគណបក្សនយោបាយក្នុងស្រុកអំពាវនាវឲ្យបិទទីក្រុង។ប្រទេសប៉ាគីស្ថានបានបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ខេត្តកាលពីថ្ងៃទី ៨ខែកុម្ភៈ ប៉ុន្តែការបោះឆ្នោតត្រូវបានរំខានដោយការចោទប្រកាន់ថាមានករណីលួចបន្លំក្នុងបំណងកម្ចាត់បេក្ខជនឯករាជ្យដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ។រដ្ឋាភិបាលចាំផ្ទះ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់នេះ ហើយបាននិយាយថា ប្រទេសនេះមានច្បាប់ និងប្រព័ន្ធដើម្បីស៊ើបអង្កេតបន្ដឹងជាក់លាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
09/24/2026 06:09 PM
ចារកម្ម​ដាណឺម៉ាក៖ ការឈ្លានពានរបស់រុស្ស៊ីលើសមាជិកណាតូ​ ទំនងមិន​មាន​ តែ​មិនអាចបដិសេធឡើយ
09/24/2026 06:09 PM
អេក្វាឌ័រអំពាវនាវឲ្យ UNចាត់វិធានការលើឧក្រិដ្ឋកម្មអន្តរជាតិ និងចែករំលែកព័ត៌មានចារកម្ម
09/24/2026 06:09 PM
កាសែតលក់ដាច់ជាង​គេ​របស់បារាំង នឹងកាត់បន្ថយការងារ​ជាង ១៥០កន្លែង​
09/24/2026 06:09 PM
អ៊ីរ៉ង់លុបចោលជើងហោះហើរទាំងអស់ទៅកាន់អេមីរ៉ាតអារ៉ាប់រួម
09/24/2026 06:09 PM
មេដឹកនាំដូមីនីកជំរុញ UN ឲ្យបង្កើនការគាំទ្របេសកកម្មនៅប្រទេសហៃទី
09/24/2026 06:09 PM
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
09/24/2026 06:09 PM
អ៊ីរ៉ង់គំរាមពង្រីកសង្គ្រាមទៅដល់​មហាសមុទ្រឥណ្ឌា ប្រសិនបើអាមេរិកវាយប្រហារម្តងទៀត
09/24/2026 06:09 PM
យោធាចិន៖ ជប៉ុនកំពុងព្យាយាមផ្តាច់ខ្លួនចេញពីសណ្តាប់ធ្នាប់ក្រោយសង្គ្រាម
09/24/2026 06:09 PM
កម្ពុជាប្តេជ្ញាចិត្ត​ផ្តល់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​
09/24/2026 05:09 PM