សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ

សន្តិសុខ និង សង្គម

UN ស្នើឱ្យក្រុមហ៊ូទី ពិចារណាឡើងវិញនូវបញ្ជាបណ្តេញជនជាតិអាមេរិក និងអង់គ្លេសចេញពីយេម៉ែន

2024/01/25 12:55:03 pm        74
អង្គការសហប្រជាជាតិ បានស្នើឱ្យអាជ្ញាធរក្រុមហ៊ូទីរបស់ប្រទេសយេម៉ែន ពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ពួកគេ ក្នុងការបណ្តេញជនជាតិអាមេរិក និងអង់គ្លេស ដែលកំពុងធ្វើការឱ្យស្ថាប័នពិភពលោកមួយនេះ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា អង្គការសហប្រជាជាតិ បានទទួលការទំនាក់ទំនងពីក្រុមហ៊ូទី ដែលបានផ្តល់ឱ្យស្ថាប័នពិភពលោកមួយនេះរយៈពេលមួយខែ សម្រាប់ជនជាតិអាមេរិក និងអង់គ្លេសទាំងអស់ ឱ្យចាកចេញពីតំបន់នានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអាជ្ញាធរនេះ។ លោក Dujarric បាននិយាយថា អ្វីដែលចាំបាច់ត្រូវនិយាយគឺថា សំណើ ឬតម្រូវការណាមួយសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិក្នុងការឲ្យចាកចេញដោយផ្អែកតែលើសញ្ជាតិរបស់បុគ្គលិកនោះ គឺមិនសមស្របទៅនឹងក្របខ័ណ្ឌច្បាប់ដែលអនុវត្តចំពោះអង្គការសហប្រជាជាតិឡើយ។ ពិតណាស់ វាក៏រារាំងសមត្ថភាពរបស់យើងក្នុងការផ្តល់ការតព្វកិច្ចដើម្បីគាំទ្រប្រជាជនទាំងអស់ក្នុងប្រទេសយេម៉ែន។ ហើយយើងសូមអំពាវនាវដល់អាជ្ញាធរទាំងអស់នៅក្នុងប្រទេសយេម៉ែន ធានាថាបុគ្គលិករបស់យើងអាចបន្តបំពេញមុខងាររបស់ពួកគេក្នុងនាមជាអង្គការសហប្រជាជាតិ។ លោកនិយាយថា បុគ្គលិករបស់អង្គការសហប្រជាជាតិបម្រើដោយមិនលម្អៀង និងបម្រើទង់ជាតិរបស់អង្គការសហប្រជាជាតិ និងគ្មានអ្វីផ្សេងទៀតឡើយ។ អ្នកនាំពាក្យរូបនេះ បានបដិសេធមិននិយាយថាតើមានជនជាតិអាមេរិក និងអង់គ្លេសប៉ុន្មាននាក់ ដែលកំពុងធ្វើការឱ្យអង្គការសហប្រជាជាតិនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន។ បទបញ្ជារបស់កងជីវពលហ៊ូទី បានកើតឡើងក្នុងពេលមានភាពតានតឹងកើនឡើង រវាងកងកម្លាំងអាមេរិក និងអង់គ្លេស ដែលបោះទីតាំងឈរជើងនៅសមុទ្រក្រហម ហើយក្រុមហ៊ូទី បាននិងកំពុងវាយប្រហារលើ នាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងតំបន់ ចាប់តាំងពីការចាប់ផ្តើមជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ។

របាយការណ៍៖ ក្រុមហាម៉ាស បើកចំហចំពោះការដោះលែងចំណាប់ថ្នូរ និងការចរចាបទឈប់បាញ់

2024/01/25 12:51:33 pm        78
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយ អង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបង្ហាញខ្លួនឯងបើកចំហក្នុងការពិភាក្សាអំពីការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលមួយចំនួន នៅក្នុងសង្គ្រាមហ្កាហ្សា។សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអេហ្ស៊ីបថា ក្រុមហាម៉ាស បានប្រាប់អ្នកសម្របសម្រួលថា ខ្លួនត្រៀមចរចាអំពីការដោះលែងជនស៊ីវិលស្ត្រី និងកុមារជាថ្នូរនឹងបទឈប់បាញ់ «ដ៏សំខាន់» ។ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរ ១០៥នាក់ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកាឆ្នាំមុន។ ជាថ្នូរនឹងគ្នានោះ អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ២៤០នាក់ ចេញពីពន្ធនាគាររបស់ខ្លួន។ក្រុមហាម៉ាស ធ្លាប់បានភ្ជាប់ការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដើម្បីបញ្ចប់សង្រ្គាម។ យោងតាមប្រភពរដ្ឋាភិបាលអ៊ីស្រាអែល ក្រុមហាម៉ាស នៅតែឃុំខ្លួនមនុស្សប្រហែល ១៣០នាក់ ដែលពួកគេចាប់ពង្រត់ពីអ៊ីស្រាអែល ទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា។ងតាមសារព័ត៌មាន Wall Street Journal អ្នកទាំងនោះរួមមានទាហានស្រីអ៊ីស្រាអែល។ រដ្ឋាភិបាលអ៊ីស្រាអែលសន្មតថា ចំណាប់ ១០៥ នាក់ នៅរស់រានមានជីវិត ហើយពួកគេជាច្រើននាក់ ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស។

ចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានកើនឡើងដល់២៥.៧០០នាក់

2024/01/25 12:48:02 pm        101
ក្រសួងសុខាភិបាលក្នុងតំបន់រងការឡោមព័ទ្ធហ្កាហ្សាបាននិយាយកាលពីថ្ងៃពុធថា ចំនួនពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់នៅតំបន់ហ្កាហ្សា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ខែតុលា មក បានកើនឡើងដល់យ៉ាងហោចណាស់២៥.៧០០នាក់ ។ ក្រសួងនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាមនុស្សចំនួន៦៣.៧៤០នាក់បានរងរបួស។ សេចក្ដីថ្លែងការណ៍នេះបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានប្រព្រឹត្តការសម្លាប់រង្គាល២៤ទីតាំងនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពី ២៤ម៉ោងមុន ដោយបានសម្លាប់មនុស្ស២១០នាក់ និង៣៨៦នាក់រងរបួស ។ មនុស្សជាច្រើននៅតែជាប់ក្រោមគំនរកម្ទេចថ្មនិងនៅតាមផ្លូវនានា ហើយក្រុមអ្នកសង្រ្គោះមិនអាចទៅដល់។ ពលរដ្ឋហ្កាហ្សាប្រហែល៨៥% បានភៀសខ្លួនចេញពីលំនៅឋាន ខណៈពួកគេប្រឈមនឹងកង្វះស្បៀងអាហារ ហើយប្រព័ន្ធសុខភាពកំពុងដួលរលំ ។ មនុស្សរាប់ម៉ឺននាក់គ្មានទីជម្រក និងរថយន្តដឹកជញ្ជួនជំនួយមិនដល់ពាក់កណ្ដាល ផង កំពុងចូលទៅក្នុងតំបន់ហ្កាហ្សា មុនពេលមានសង្គ្រាមចាប់ផ្ដើម ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រជាជនហ្កាហ្សាមិនត្រឹមតែប្រឈមគ្រោះថ្នាក់នៃការកាប់សម្លាប់ ឬ របួសដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈរ ប៉ុណ្ណោះទេ ថែមទាំងជួបប្រទះការកើនឡើងជំងឺឆ្លងទៀតផង ៕

មនុស្ស៣៣នាក់ ត្រូវបានបណ្តេញចេញពីកងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡា សម្រាប់ផែនការប្រឆាំងរដ្ឋាភិបាល

2024/01/25 12:39:19 pm        91
ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃពុធថា ទាហាន និងមន្ត្រីជាន់ខ្ពស់រហូតដល់ ៣៣នាក់ ត្រូវបានបណ្តេញចេញពីកងកម្លាំងប្រដាប់អាវុធជាតិបូលីវ៉ា (FANB) របស់ប្រទេសវេណេស៊ុយអេឡា សម្រាប់ផែនការឃុបឃិតប្រឆាំងរដ្ឋាភិបាល។ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានជាប់ពាក់ព័ន្ធនឹងផែនការឃុបឃិត ដោយរៀបចំផែនការសកម្មភាពឧក្រិដ្ឋកម្ម និងភេរវកម្ម ដើម្បីវាយប្រហារប្រព័ន្ធរដ្ឋាភិបាលស្របច្បាប់។ ការដកពួកគេចេញពីឋានៈយោធាគឺស្របតាម «ស្ថានភាព និងក្រមសីលធម៌ ដែលកំណត់លក្ខណៈ សម្បត្តិ របស់កងកម្លាំងប្រដាប់អាវុធជាតិបូលីវ៉ា ចាប់តាំងពីផែនការដែលបានថ្លែងរួចមក លើភាពមិនសក្តិសមនៅក្នុងជួររដ្ឋាភិបាល។ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា អ្នកទាំងឡាយ ដែលត្រូវបានបណ្ដេញចេញមានជាប់ពាក់ព័ន្ធនឹងផែនការឃុបឃិតមួយដើម្បីនាំឲ្យមាន «ការធ្វើឃាតមេដឹកនាំកំពូលរបស់ប្រទេស»។សេចក្តីថ្លែងការណ៍ ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Vladimir Padrino Lopez បានរាយបញ្ជីបុគ្គលិកយោធាមានឋានៈខ្ពស់បំផុត ដែលត្រូវបានបណ្តេញចេញ ។លោក Padrino Lopez បានប្រកាសពីការបណ្តេញចេញដំបូង មនុស្ស ១៨នាក់ កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាប្រទេសវេណេស៊ុយអេឡា បាននិយាយថា អាជ្ញាធរបានរកឃើញផែនការចំនួន ៥ ដើម្បីបង្កអស្ថិរភាពដល់ប្រទេស រួមទាំងផែនការធ្វើឃាតលោក Maduro ផងដែរ។

ក្រុមអ្នកស្រាវជ្រាវ ដាក់កំហុសលើបម្រែបម្រួលអាកាសធាតុចំពោះគ្រោះរាំងស្ងួតខ្លាំង នៅអាងទន្លេអាម៉ាហ្សូន

2024/01/25 12:36:29 pm        165
ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម និយាយថា បម្រែបម្រួលអាកាសធាតុ គឺជាកត្តាចម្បងនៅពីក្រោយគ្រោះរាំងស្ងួតខុសប្លែកពីធម្មតាកាលពីឆ្នាំមុន នៅអាងទន្លេអាម៉ាហ្សូន។គ្រោះរាំងស្ងួតនេះ ត្រូវបានគេនិយាយថា ធ្ងន់ធ្ងរបំផុតក្នុងកំណត់ត្រាសម្រាប់អាងទន្លេអាម៉ាហ្សូន។ វាបានធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវិតរស់នៅរបស់មនុស្ស ជាពិសេសអ្នកដែលធ្វើការក្នុងឧស្សាហកម្មនេសាទ និងទេសចរណ៍។អង្គការអាកាសធាតុពិភពលោក (World Weather Attribution) កាលពីថ្ងៃពុធ បានចេញផ្សាយការវិភាគរបស់ខ្លួន អំពីទំនាក់ទំនងរវាងគ្រោះរាំងស្ងួត និងបម្រែបម្រួលអាកាសធាតុ។ អ្នកស្រាវជ្រាវ បានសិក្សាពីការថយចុះនៃកម្រិតទឹកភ្លៀងក្នុងតំបន់ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំមុន។ពួកគេបានរកឃើញថា បរិមាណទឹកភ្លៀងដែលបានកាត់បន្ថយដោយបម្រែបម្រួលអាកាសធាតុ និងបាតុភូតអែលនីញ៉ូ( El Nino) គឺប្រហែលដូចគ្នា។ម៉្យាងវិញទៀត ពួកគេបានសន្និដ្ឋានថា សីតុណ្ហភាពពិភពលោកកើនឡើងកាន់តែខ្ពស់ បានបង្កើនការរំហួតដី និងបរិមាណទឹក ដែលបញ្ចេញដោយរុក្ខជាតិ។ ពួកគេនិយាយថា បញ្ហានេះ ធ្វើឲ្យកាន់តែធ្ងន់ធ្ងរដល់ផលប៉ះពាល់នៃគ្រោះរាំងស្ងួត។ ក្រុមអ្នកស្រាវជ្រាវនិយាយថា លុះត្រាតែពិភពលោកបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីល និងការកាប់បំផ្លាញព្រៃឈើជាបន្ទាន់ ដែលព្រឹត្តិការណ៍ទាំងនេះ នឹងកាន់តែក្លាយជារឿងធម្មតាទៅថ្ងៃអនាគត។

មនុស្សយ៉ាងហោចណាស់ ៣៩នាក់ស្លាប់ បន្ទាប់ពីអគ្គីភ័យឆាបឆេះហាង ក្នុងខេត្ត Jiangxi ប្រទេសចិន

2024/01/25 12:24:40 pm        81
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣៩នាក់បានស្លាប់ កាលពីថ្ងៃពុធ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះហាងមួយកន្លែងនៅក្នុងខេត្ត Jiangxi ប្រទេសចិនភាគកណ្តាល។ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅម៉ោង ៣:២៤នាទីរសៀល ថ្ងៃទី ២៤ ខែមករា អគ្គីភ័យបានឆាបឆេះនៅជាន់ខាងក្រោមដីនៅហាងក្នុងនៅទីក្រុង Xinyu ខេត្ត Jiangxi។ រហូតមកដល់ពេលនេះ ឧបទ្ទវហេតុ បានបណ្តាលឲ្យមនុស្សស្លាប់ ៣៩នាក់ របួសមនុស្ស ៩នាក់ និងមនុស្សមួយចំនួនទៀតនៅតែជាប់ខ្លួន។របាយការណ៍ពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃអគ្គិភ័យនេះទេ ឬចំនួនមនុស្សប៉ុន្មាននាក់កំពុងនៅក្នុងគ្រោះថ្នាក់។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមាន ការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ ចំពោះឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងប្រទេសចិន។វីដេអូដែលចេញផ្សាយដោយ CCTV នៅកន្លែងកើតហេតុ បានបង្ហាញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ បានតម្រៀបជួរពេញលើដងផ្លូវអាជីវកម្មជាច្រើន។សេចក្តីថ្លែងការណ៍បាននិយាយថា នាពេលបច្ចុប្បន្ននេះ ការងារស្វែងរុក និងជួយសង្គ្រោះ នៅកន្លែងកើតហេតុនៅបន្ត ហើយមូលហេតុនៃឧបទ្ទវហេតុកំពុងត្រូវបានស៊ើបអង្កេត។ វីដេអូពីកន្លែងកើតហេតុ បានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាល ដែលបង្ហាញពីពពកផ្សែងខ្មួលខ្មាញ់ហុយឡើងលើអាកាស។ អគ្គីភ័យ និងឧបទ្ទវហេតុ បណ្តាលឲ្យមានមនុស្សស្លាប់ផ្សេងទៀត គឺជារឿងធម្មតានៅក្នុងប្រទេសចិន ដោយសារតែស្តង់ដារសុវត្ថិភាពធូររលុង និងការអនុវត្តបទប្បញ្ញត្តិមិនល្អប្រសើរ។

អ៊ីរ៉ាក់ ថ្កោលទោសការវាយប្រហារចុងក្រោយបំផុតរបស់អាមេរិក ថាជាការកើនឡើងនៃជម្លោះ

2024/01/25 10:53:54 am        190
អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ូហាមេដ សៀអាល់ស៊ូដានី (Mohammed Shia al-Sudani) បាននិយាយកាលពីថ្ងៃពុធ (២៤ មករា) ថាការវាយប្រហារពេញមួយយប់របស់សហរដ្ឋអាមេរិក ទៅលើក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃកងកម្លាំងសន្តិសុខផ្លូវការរបស់ប្រទេសនេះ បានបង្ហាញពី «ការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ាក់»។អ្នកនាំពាក្យរូបនោះបាននិយាយនៅក្នុងការរិះគន់ និងថ្កោលទោសដ៏ធ្ងន់ធ្ងរបំផុតរបស់អាមេរិក ដោយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថា «ទង្វើដែលមិនអាចទទួលយកបាននេះធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំ រំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់យ៉ាងព្រៃផ្សៃ និងរួមចំណែកដល់ការកើនឡើងនៃជម្លោះដែលមិនមានភាពទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក»។អ៊ីរ៉ាក់ ដែលជាសម្ព័ន្ធមិត្តដ៏កម្ររបស់ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន និងមានទាហានអាមេរិកចំនួន ២.៥០០នាក់ ហើយមានកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលមានទំនាក់ទំនងជាមួយកងកម្លាំងសន្តិសុខរបស់ខ្លួន បានមើលឃើញការវាយប្រហារកាន់តែខ្លាំងឡើងចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងក្នុងខែតុលា មក។ទាហានអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរីត្រូវបានវាយប្រហារប្រហែល ១៥០ដង ដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហ្កាហ្សា បានចាប់ផ្តើម ដោយបង្កើតសម្ពាធលើលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ឱ្យឆ្លើយតបផ្នែកយោធា ទោះបីជាមានភាពរសើបផ្នែកនយោបាយនៅក្នុងទីក្រុងបាកដាដក៏ដោយ៕

មនុស្សជាង ៧០នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុបាក់រលំអណ្តូងរ៉ែនៅប្រទេសម៉ាលី

2024/01/25 10:42:46 am        120
ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង ៧០នាក់ បានស្លាប់នៅភាគនិរតីប្រទេសម៉ាលី បន្ទាប់ពីអណ្តូងរ៉ែមាសសិប្បករមួយបានដួលរលំកាលពីសប្តាហ៍មុន ដែលជាគ្រោះមហន្តរាយចុងក្រោយបង្អស់នៅក្នុងតំបន់ដែលងាយនឹងមានគ្រោះថ្នាក់ក្នុងការជីកយករ៉ែ។លោក ខារីម បេត (Karim Bethe) មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានភូគព្ភសាស្ត្រ និងរ៉ែជាតិ បានចែករំលែកព័ត៌មានលម្អិតជាមួយសារព័ត៌មាន AP កាលពីថ្ងៃពុធ (២៤ មករា) ដោយហៅហេតុការណ៍នេះថាជាឧបទ្ទវហេតុ។ លោក អូម៉ា ស៊ីឌីប (Oumar Sidibe) មន្ត្រីសម្រាប់កម្មកររ៉ែមាសនៅភាគនិរតីនៃទីក្រុង ខានហ្គាបា (Kangaba) និងជាទីប្រឹក្សាមូលដ្ឋាន បានបញ្ជាក់ពីចំនួនអ្នកស្លាប់នេះទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ។ក្រសួងធនធានរ៉ែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ថាខ្លួនបានប៉ាន់ប្រមាណថាអ្នករុករករ៉ែ «ជាច្រើននាក់» ត្រូវបានសម្លាប់នៅស្រុក ខានហ្គាបា (Kangaba) ក្នុងតំបន់ គួលីកូរូ (Koulikoro) ភាគនិរតី នៃប្រទេស ប៉ុន្តែគេមិនច្បាស់ទេថាមូលហេតុអ្វីដែលបណ្តាលឱ្យមានហេតុការណ៍ដួលរលំអណ្តូងរ៉ែ ដែលបានកើតឡើងកាលពីថ្ងៃសុក្រមួយនេះ៕

មេដឹកនាំកូរ៉េខាងជើង ព្រមានពីការបរាជ័យក្នុងការផ្គត់ផ្គង់ស្បៀងអាហារ ដែលជាបញ្ហានយោបាយដ៏ធ្ងន់ធ្ងរ

2024/01/25 10:31:48 am        80
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានអំពាវនាវរកមធ្យោបាយនានាដើម្បី ពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច បន្ទាប់ពីបាននិយាយថា ការបរាជ័យក្នុងការផ្តល់ឱ្យប្រជាជននូវតម្រូវការចាំបាច់ក្នុងការរស់នៅរួមទាំងអាហារគឺជាបញ្ហានយោបាយធ្ងន់ធ្ងរ។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA លោក Kim បានធ្វើអត្ថាធិប្បាយបែបនេះនេះ ស្របពេលពិភាក្សាអំពីការអភិវឌ្ឍន៍ក្នុងតំបន់នៅក្នុងសុន្ទរកថាមួយនៅឯកិច្ចប្រជុំធំលើកទី១៩ របស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមទី៨ នៃគណបក្សកាន់អំណាចពលករកូរ៉េ ដែលធ្វើឡើងនៅចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ ។ប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះបានជួបប្រទះកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ រួមទាំងគ្រោះទុរ្ភិក្សកាលពីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជារឿយៗ បានទទួករងស្ថានភាពកាន់តែធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ ដែលបំផ្លាញការប្រមូលផល។ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូងទទួលបន្ទុកលើការគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសជិតខាងបាននិយាយកាលពីឆ្នាំមុនថាស្ថានភាពស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើងគឺនៅតែយ៉ាប់យ៉ឺនខ្លាំង ទោះបីជាមានកំណើននៅក្នុងពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ។ មេដឹកនាំកូរ៉េខាងជើងក៏បានជំរុញឱ្យគណបក្សរបស់លោកនាំបង្កើនសកម្មភាពការងារផ្លាស់ប្តូរភ្លាមៗ ផងដែរដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស និងបិទគម្លាតរវាងទីក្រុង និងជនបទ តាមរយៈគោលនយោបាយអភិវឌ្ឍន៍តំបន់ថ្មីរបស់ខ្លួន៕

ក្រុមហ៊ូទី បញ្ជាឱ្យជនជាតិអាមេរិក និងអង់គ្លេស ចាកចេញពីប្រទេសយេម៉ែន

2024/01/25 09:10:15 am        160
ឯកសារ និងមន្ត្រីក្រុមហ៊ូទី បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរក្រុមហ៊ូទីនៅប្រទេសយេម៉ែន បានបញ្ជាឱ្យបុគ្គលិកអាមេរិក និងអង់គ្លេស របស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ដែលមានមូលដ្ឋាននៅទីក្រុងសាណា(Sanaa) ចាកចេញពីប្រទេសនេះក្នុងរយៈពេលមួយខែ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស ដោយមានការគាំទ្រពីប្រទេសផ្សេងៗ ទៀត ធ្វើការវាយលុកគោលដៅយោធារបស់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដែលបាននិងកំពុងបើកការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលត្រូវបានគេនិយាយថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានប្រគល់ទៅឲ្យក្រុមនេះនូវបញ្ជីក្រុមភេរវករ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមទប់ស្កាត់ការវាយប្រហារលើការដឹកជញ្ជូនជាអន្តរជាតិនៅសមុទ្រក្រហម។ ក្រុមឧទ្ទាមហ៊ូទី បាននិយាយថា ការវាយប្រហាររបស់ពួកគេ គឺនៅក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ខណៈអ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា។ លិខិតមួយច្បាប់ដែលបានផ្ញើដោយក្រសួងការបរទេសក្រុមហ៊ូទី ទៅកាន់អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ស្តីទីរបស់អង្គការសហប្រជាជាតិនៅប្រទេសយេម៉ែន បាននិយាយថា ក្រសួងបញ្ជាក់ថា អ្នកត្រូវតែជូនដំណឹងដល់មន្ត្រី និងបុគ្គលិកសញ្ជាតិអាមេរិក និងអង់គ្លេស ដើម្បីត្រៀមខ្លួនចាកចេញពីប្រទេសក្នុងរយៈពេល ៣០ ថ្ងៃ។ លិខិតនេះ បានបញ្ជាឲ្យអង្គការបរទេសកុំជួលពលរដ្ឋអាមេរិក និងអង់គ្លេស សម្រាប់ប្រតិបត្តិការនៅប្រទេសយេម៉ែន។ ស្ថានទូតអាមេរិក និងអង់គ្លេស នៅយេម៉ែន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ចលនាក្រុមហ៊ូទី បានគ្រប់គ្រងភាគច្រើននៅប្រទេសយេម៉ែន បន្ទាប់ពីសង្គ្រាមជិតមួយទសវត្សរ៍ប្រឆាំងក្រុមចម្រុះដែលគាំទ្រដោយសហរដ្ឋអាមេរិក និងដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។ យន្តហោះចម្បាំង នាវា និងនាវាមុជទឹករបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមដែនអាកាសរាប់សិបលើកនៅទូទាំងប្រទេសយេម៉ែន ជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី ខណៈនាវាដឹកទំនិញ ត្រូវបានបង្ខំឱ្យបង្វែរទិសដៅចេញពីសមុទ្រក្រហម ជាផ្លូវដឹកជញ្ជូនលឿនបំផុតពីអាស៊ី ទៅអឺរ៉ុប។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យច្រានចោលការលើកឡើងរបស់រដ្ឋមន្រ្ដីការបរទេសថៃថា សម្ដេចធិបតីបង្ហោះសារតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការចរចារឿងព្រំដែនគោកជាមួយថៃនឹងត្រូវធ្វើនៅក្រោយចូលឆ្នាំថ្មី
03/10/2026 10:03 PM
តម្លៃអាហារហ្កាហ្សាហក់ឡើងខ្ពស់ ខណៈការបិទច្រកព្រំដែនធ្វើឲ្យជួបកង្វះខាតធ្ងន់ធ្ងរ ស្របពេលសង្រ្គាមអ៊ីរ៉ង់
03/10/2026 08:03 PM
របាយការណ៍៖ របងបេតុងមានចំណែកធំក្នុងឧបទ្ទវហេតុយន្តហោះឆ្នាំ២០២៤ នៅកូរ៉េខាងត្បូង សង់ដោយសន្សំប្រាក់
03/10/2026 08:03 PM
កាតាចង់ពង្រឹងភាពជាដៃគូសន្តិសុខជាមួយសហរដ្ឋអាមេរិក ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
03/10/2026 08:03 PM
UN៖ សង្គ្រាមមជ្ឈិមបូព៌ា ធ្វើឲ្យមានអ្នកភៀសខ្លួន ១០០.០០០នាក់ នៅលីបង់ ក្នុងរយៈពេលតែ ១ថ្ងៃ
03/10/2026 08:03 PM
អេហ្ស៊ីបដំឡើងតម្លៃប្រេងក្នុងស្រុកដល់ចំនួន ១៧ភាគរយ ស្របពេលភាពចលាចលថាមពលសកល
03/10/2026 08:03 PM
អាល្លឺម៉ង់ជួយទិញមីស៊ីលការពារដែនអាកាសដែលខ្វះខាត សម្រាប់អ៊ុយក្រែន
03/10/2026 07:03 PM
ជនម្នាក់សង្ស័យជាសមាជិកក្រុមហាម៉ាស ត្រូវបានឃុំខ្លួននៅស៊ីប ជុំវិញករណីទិញអាវុធ
03/10/2026 07:03 PM
អ្នកប្រើប្រាស់អាមេរិកបង្ហាញការខកចិត្តចំពោះការកើនឡើងតម្លៃឧស្ម័ន ក្រោយការវាយប្រហារអ៊ីរ៉ង់
03/10/2026 07:03 PM
ពលរដ្ឋហ្កាហ្សាមានអារម្មណ៍ថាត្រូវបានគេបោះបង់ចោល ពេលផ្អាកផែនការសន្តិភាពរបស់លោក Trump
03/10/2026 07:03 PM