អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

សន្តិសុខ និង សង្គម

ទីក្រុងបាកដាដ ថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក លើមូលដ្ឋានយោធារបស់អ៊ីរ៉ាក់

2023/12/27 07:24:25 pm        164
រដ្ឋាភិបាលអ៊ីរ៉ាក់កាលពីថ្ងៃអង្គារបានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសទាំងយប់របស់សហរដ្ឋអាមេរិក លើមូលដ្ឋានយោធារបស់ប្រទេសអ៊ីរ៉ាក់ដែលខ្លួនបាននិយាយថាបានសម្លាប់ទាហានម្នាក់និង ១៨នាក់ផ្សេងទៀតបានរបួស ដោយហៅការវាយប្រហារទាំងនោះថាជា អំពើអរិភាពយ៉ាងច្បាស់។ សហរដ្ឋអាមេរិកបានបើកការវាយប្រហារសងសឹកតាមអាកាស កាលពីថ្ងៃចន្ទនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន កាលពីព្រឹកមិញ នៅថ្ងៃចន្ទដដែលនោះ ពីសំណាក់ក្រុមសកម្មប្រយុទ្ធ គាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបានធ្វើឱ្យសមាជិកកងទ័ពអាមេរិកម្នាក់រងរបួសធ្ងន់ និងពីរនាក់ទៀតរងរបួសស្រាល។ សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយថា រដ្ឋាភិបាលបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក ថាជា ការរំលោភបំពានមិនអាចទទួលយកបាន លើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ ស្របពេល សង្កត់ធ្ងន់ថា ការវាយប្រហារដោយក្រុមប្រដាប់អាវុធដាក់គោលដៅលើមូលដ្ឋានយោធាដែលមានទីប្រឹក្សាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក គឺជាទង្វើអរិភាព និងរំលោភលើអធិបតេយ្យភាពអ៊ីរ៉ាក់។ ប្រភពសន្តិសុខអ៊ីរ៉ាក់ចំនួនពីរបាននិយាយថា ការវាយប្រហារតាមអាកាសទាំងយប់ជ្រៅរបស់សហរដ្ឋអាមេរិក បានដាក់គោលដៅលើទីស្នាក់ការកណ្តាលសម្រាប់ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ កាថេបហេសូឡា(Kataib Hezbollah) ក្នុងទីក្រុង ហ៊ីឡា (Hilla) ភាគខាងត្បូងនៃទីក្រុងបាកដាដ(Baghdad )របស់ប្រទេសអ៊ីរ៉ាក់។ គួរឲ្យដឹងថា សហរដ្ឋអាមេរិក មានកងទ័ពចំនួន៩០០នាក់ នៅក្នុងប្រទេសស៊ីរី និង២.៥០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ សម្រាប់បេសកកម្ម ដែលខ្លួននិយាយថា ក្នុងបំណងផ្ដល់ការប្រឹក្សា និងទប់ទល់កងកម្លាំងក្នុងតំបន់ដែលព្យាយាមទប់ស្កាត់ការងើបឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម ដែលបានដណ្ដើមទឹកដីយ៉ាងច្រើនកាលពីឆ្នាំ២០១៤ នៃប្រទេសទាំង២ មុនពេលក្រុមនោះត្រូវបានបោសសម្អាត៕

ក្រុមហ៊ុន Apple ប្តឹងឧទ្ធរណ៍បន្ទាប់ពីរដ្ឋបាលអាមេរិក អនុញ្ញាតឲ្យមានបម្រាមលើការនាំចូលនាឡិកា

2023/12/27 07:15:15 pm        1643
ក្រុមហ៊ុន អេផល (Apple) កាលពីថ្ងៃអង្គារ (២៦ ធ្នូ) បានប្តឹងឧទ្ធរណ៍លើការសម្រេចហាមឃាត់ការនាំចូលនាឡិកា អេផលវ៉ច (Apple Watches) របស់ខ្លួនដោយផ្អែកលើពាក្យបណ្តឹងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាត្រួតពិនិត្យវេជ្ជសាស្ត្រ ម៉ាស៊ីម៉ូ (Masimo) បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបដិសេធមិនប្រើសិទ្ធិវេតូលើសាលក្រមរបស់រដ្ឋាភិបាល។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះក៏បានដាក់សំណើបន្ទាន់មួយកាលពីថ្ងៃអង្គារ ដល់សាលាឧទ្ធរណ៍របស់សហរដ្ឋអាមេរិក សម្រាប់តុលាការសហព័ន្ធប្រចាំតំបន់ដើម្បីបញ្ឈប់ការហាមឃាត់នេះ។ក្រុមហ៊ុននេះបានស្នើឱ្យតុលាការសហព័ន្ធប្រចាំតំបន់ផ្អាកការហាមប្រាមនេះ យ៉ាងហោចណាស់រហូតដល់ទីភ្នាក់ងារគយ និងការការពារព្រំដែនរបស់សហរដ្ឋអាមេរិក សម្រេចថាតើកំណែដែលបានរចនាឡើងវិញនៃនាឡិការបស់ខ្លួនរំលោភលើប៉ាតង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាត្រួតពិនិត្យវេជ្ជសាស្ត្រ ម៉ាស៊ីម៉ូ ឬយ៉ាងណា និងដើម្បីបញ្ឈប់ការហាមឃាត់នេះ ខណៈពេលដែលតុលាការពិចារណាលើសំណើរបស់ក្រុមហ៊ុនអេផល។បទបញ្ជារបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) រារាំងការនាំចូល និងការលក់នាឡិកា អេផលវ៉ច ដែលប្រើបច្ចេកវិទ្យាអានកម្រិតអុកស៊ីហ្សែនក្នុងឈាម។ ក្រុមហ៊ុន អេផលបានរួមបញ្ចូលមុខងារវាស់កម្រិតអុកស៊ីហ្សែនក្នុងឈាមតាមជីពចរនេះនៅក្នុងនាឡិកាឆ្លាតវៃរបស់ខ្លួន ដែលចាប់ផ្តើមជាមួយនឹងម៉ូដែលស៊េរី៦ ក្នុងឆ្នាំ២០២០។ 

ចំនួនអ្នកស្លាប់កើនដល់ជាង២០.៩០០នាក់ នៅខាងប៉ាឡេស្ទីន ដោយសារសង្រ្គាមកំពុងបន្តនៅតំបន់ហ្កាហ្សា

2023/12/27 07:12:23 pm        132
ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ (២៦ ធ្នូ) ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ២០.៩១៥នាក់ ត្រូវបានសម្លាប់ និងមនុស្សចំនួន ៥៤.៩១៨នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។ អ្នកនាំពាក្យរបស់ក្រសួងលោក អាស្រាហ្វ អាល់កេដ្រា (Ashraf Al-Qedra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនចំនួន ២៤១នាក់ បានស្លាប់ និងមនុស្ស ៣៨២នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងប្រតិបត្តិការផ្លូវអាកាស និងដីចំនួន១៨ដង ដែលបានចាប់ផ្តើមដោយកងកម្លាំងអ៊ីស្រាអែល នៅទូទាំងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាសមួយនេះ។លោក Al-Qedra បានអំពាវនាវដល់អង្គការអន្តរជាតិឱ្យជួយការពារមន្ទីរពេទ្យ និងបុគ្គលិកពេទ្យនៅហ្កាហ្សា ក៏ដូចជាអ្នករបួស អ្នកឈឺ និងអ្នកភៀសខ្លួននៅទីនោះ។ លោកក៏បានជំរុញសហគមន៍អន្តរជាតិឱ្យ «បង្កើនកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីធានាការផ្តល់ថ្នាំ និងប្រេងឥន្ធនៈ ដែលត្រូវការជាបន្ទាន់សម្រាប់អ្នករបួស និងអ្នកជំងឺរាប់ពាន់នាក់នៅហ្កាហ្សា»។ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍សំខាន់របស់ហ្កាហ្សា ឈ្មោះថា ផាលតែល (Paltel) បានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាមានការដាច់បណ្ដាញទាំងស្រុង រួមទាំងសេវាអ៊ីនធឺណិត និងទូរស័ព្ទទាំងអស់ ដោយសារការវាយប្រហារបន្តរបស់អ៊ីស្រាអែល។ ក្រុមហ៊ុននេះបានបន្ថែមថាក្រុមបច្ចេកទេសរបស់ខ្លួនកំពុងធ្វើការដើម្បីស្តារសេវាកម្មឡើងវិញ ទោះបីជាមានស្ថានភាពគ្រោះថ្នាក់ខ្លាំងក៏ដោយ៕

អ៊ីស្រាអែល៖ ការវាយប្រហារលើនាវាគឺជាសកម្មភាពនៃអំពើភេរវកម្មរបស់អ៊ីរ៉ង់ ដែលធ្វើឡើងដោយក្រុមហ៊ូទី

2023/12/27 07:09:37 pm        127
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយកាលពីថ្ងៃអង្គារ (២៦ ធ្នូ) ថា ការវាយប្រហារនៅសមុទ្រលើនាវាដែលមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែល គឺជាអំពើភេរវកម្មរបស់អ៊ីរ៉ង់ ដែលធ្វើឡើងដោយក្រុមឧទ្ទាមហ៊ូទី (Houthi)។ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីប្រកាសពីការស្ទាក់ចាប់គោលដៅដែនអាកាសអរិភាព ដែលត្រូវបានស្ទាក់ចាប់ដោយយន្តហោះចម្បាំងអ៊ីស្រាអែល ពីលើតំបន់សមុទ្រក្រហម ដែលកំពុងតែធ្វើដំណើរទៅកាន់ទឹកដីអ៊ីស្រាអែល។ កងជីវពល ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ របស់ប្រទេសយេម៉ែន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារ (២៦ ធ្នូ) លើនាវាកុងតឺន័រនៅសមុទ្រក្រហម និងសម្រាប់ការប៉ុនប៉ងវាយប្រហារអ៊ីស្រាអែលដោយយានដ្រូន។ចាប់តាំងពីខែមុន ក្រុមហ៊ូទី ដែលគ្រប់គ្រងទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសយេម៉ែន បន្ទាប់ពីសង្រ្គាមជាច្រើនឆ្នាំ បានបាញ់យានដ្រូន និងមីស៊ីលទៅកាន់នាវាអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ក្នុងការវាយប្រហារដែលខ្លួននិយាយថាជាការឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប៕

អ៊ុយក្រែន បំផ្លាញនាវារុស្ស៊ី ក្នុងការវាយប្រហារតាមអាកាស នៅតំបន់គ្រីម៉េ

2023/12/27 07:06:20 pm        150
មេបញ្ជាការទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានអះអាងថា កងទ័ពអាកាសអ៊ុយក្រែន បានបំផ្លាញនាវាដែលអាចចល័តបានទាំងក្នុងទឹក និងលើគោករបស់រុស្ស៊ី នៅក្នុងការវាយឆ្មក់កាលពីព្រឹកថ្ងៃអង្គារ ដែលជាការខាតបង់ដ៏ធំសម្រាប់កងទ័ពជើងទឹករុស្ស៊ី។ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា នាវាNovocherkassk ដែលបានចូលចតនៅទីក្រុង Feodosia នៃតំបន់គ្រីម៉េ ត្រូវរងការខូចខាត ក្នុងការវាយប្រហារមួយ ដោយបន្ថែមថា យន្តហោះចម្បាំងអ៊ុយក្រែនពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ ក្នុងអំឡុងពេលប្រតិបត្តិការ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា មនុស្សម្នាក់ បានស្លាប់ និងពីរនាក់ បានរងរបួស នៅក្នុងការវាយប្រហារនេះ។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានឲ្យដឹងទៀតថា ឃ្លាំងគ្រាប់រំសេវមួយ បានផ្ទុះឡើង ចំពេលមានការវាយប្រហារនោះ។មេទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បាននិយាយនៅលើបណ្តាញសង្គមTelegram ដោយចំអកជនជាតិរុស្ស៊ីថា៖«កងនាវានៅរុស្ស៊ី គឺកាន់តែតូចទៅៗ!»។លោក Oleshchuk បានចែករំលែកវីដេអូមួយដែលហាក់ដូចជាបង្ហាញពីការផ្ទុះដ៏ធំនៅកំពង់ផែ។យោធាអ៊ុយក្រែន បានអះអាងថា នាវា Novocherkassk បានបម្រើការជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារដោយយានដ្រូន នៅសមុទ្រខ្មៅ។ លោក Oleshchuk បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអង្គារ គឺកើតឡើងបន្ទាប់ពីការបំផ្លិចបំផ្លាញនៃនាវាចម្បាំងរុស្ស៊ី Moskva នៅក្នុងខែមេសា ឆ្នាំ ២០២២ មិនយូរប៉ុន្មាន បន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាម។

អ៊ីស្រាអែល ពង្រីកប្រតិបត្តិការយោធា ចូលទៅក្នុងជំរុំជនភៀសខ្លួននានា នៅក្នុងទីក្រុង

2023/12/27 07:01:10 pm        131
ទាហានអ៊ីស្រាអែល បានពង្រីកការវាយលុកថ្នើរជើង ចូលទៅក្នុងជំរំជនភៀសខ្លួន នៅទូទាំងតំបន់ហ្កាហ្សាភាគកណ្តាល ដោយអះអាងថា ការតាំងទីលំនៅ ត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។យោធាអ៊ីស្រាអែល បានចែករំលែកវីដេអូអំពីទាហានចូលក្នុងជំរំ Bureij រួមជាមួយអ្នកដទៃទៀត នៅតំបន់ហ្គាហ្សាភាគកណ្តាល បន្ទាប់ពីបានអះអាងថា ខ្លួនបានរកឃើញភ័ស្តុតាងនៃសកម្មភាពយោធា នៅទីតាំងនោះ។វីដេអូមួយដែលត្រូវបានចែករំលែកដោយយោធា បង្ហាញពីរថក្រោះ និងរថពាសដែក ដែលកំពុងរុលចូលទៅក្នុងជំរុំ នៅតំបន់ហ្កាហ្សាភាគកណ្តាល។មន្ត្រីយោធាអ៊ីស្រាអែល បាននិយាយថា ពួកគេមានទីតាំងនៅផ្លូវរូងក្រោមដី អាវុធ និងមជ្ឈមណ្ឌលហ្វឹកហ្វឺន ក្នុងទីក្រុង Bureij ហើយក៏បានបញ្ចេញនូវអ្វីដែលមើលទៅដូចជាវីដេអូនៃប្រតិបត្តិការហ្វឹកហ្វឺនដែលធ្វើឡើងដោយក្រុមហាម៉ាស គឺក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលអ៊ីស្រាអែលកំពុងប្តេជ្ញាថា នឹងកម្ទេច។ជំរំជនភៀសខ្លួន ជាធម្មតាជាតំបន់ទីក្រុង ដែលត្រូវប្រើផ្តល់ជម្រកដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលរត់គេចពីជម្លោះ។ អ៊ីស្រាអែល ក៏បានវាយប្រហារម្តងហើយម្តងទៀតទៅលើជំរំជនភៀសខ្លួន Jabalia នៅតំបន់ហ្កាហ្សាភាគខាងជើង ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។

មនុស្ស២៤១នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅតំបន់ហ្កាហ្សា

2023/12/27 06:33:57 pm        125
ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់តំបន់ហ្កាហ្សាបាននិយាយថាមនុស្សយ៉ាងហោចណាស់២៤១នាក់ បានស្លាប់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតែបន្តនៅក្នុងដែនដីរងការបំផ្លិចបំផ្លាញមួយនេះ។ ប្រធានអាជ្ញាធរប៉ាឡេស្ទីន ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានហៅសង្រ្គាមថាជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ លើប្រជាជនរបស់លោក។ អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារដាក់គោលដៅលើទីតាំងជាង ១០០កន្លែង កាលពីថ្ងៃអង្គារ ស្របពេលមានរបាយការណ៍ជាច្រើន អំពីប្រតិបត្តិការថ្មើរជើងដែលជិតចូលទៅដល់កណ្តាលតំបន់ហ្កាហ្សា។គេអាចលឺសំឡេងនៃការផ្ទុះខ្លាំងៗជាច្រើន ពីតំបន់ហ្កាហ្សាស្ទ្រីប ឆ្លងកាត់តំបន់ព្រំដែនជាមួយអ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃពុធនេះ។ ក្រសួងសុខាភិបាលរបស់ហ្កាហ្សាបាននិយាយថាមនុស្ស ៣៨២នាក់ក៏បានរងរបួសក្នុងរយៈពេល ២៤ម៉ោងដូចគ្នា នៃការវាយប្រហារពីអ៊ីស្រាអែល។ យោងតាមក្រសួងសុខាភិបាលហ្កាហ្សាជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់មា ២០.៩១៥ នាក់បានស្លាប់ ដែលភាគច្រើនជាកុមារ និងស្ត្រី ក្នុងការប្រយុទ្ធគ្នារយៈពេលជាង ១១ សប្តាហ៍មកនេះ ។ការអះអាងរបស់ភាគីជម្លោះ មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ។ប្រធានអាជ្ញាធរប៉ាឡេស្ទីនខាងលើ បានហៅសង្រ្គាមនៅតំបន់ ហ្កាហ្សាស្ទ្រីប ថា ស្ថានភាពហួសពីមហន្តរាយនិង លើសពីសង្រ្គាមនៃការបំផ្លិចបំផ្លាញទៅទៀត ។មេដឹកនាំប៉ាឡេស្ទីន រូបនេះ បានចោទក្រុងវ៉ាស៊ីនតោន ថាបានអូសបន្លាយសង្រ្គាមដោយវេតូសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឲ្យមានបទឈប់បាញនៅតំបន់ហ្កាហ្សា៕

អ៊ីស្រាអែលនិយាយថា សង្គ្រាមនៅហ្កាហ្សានឹងបន្តច្រើនខែទៀត ខណៈបារម្ភថាជម្លោះនឹងរាលដាល

2023/12/27 03:47:23 pm        148
ប្រមុខយោធាអ៊ីស្រាអែលបាននិយាយថា សង្រ្គាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស នឹងអូសបន្លាយរយៈពេលជាច្រើនខែ ខណៈឧបទ្ទវហេតុជាច្រើននៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីបបានបង្ហាញពីហានិភ័យនៃការរីករាលដាលជម្លោះកាន់តែធំ។ អគ្គសេនាធិការរបស់អ៊ីស្រាអែល លោក ហ៊ើហ្ស៊ី ហាឡេវី(Herzi Halevi)បានប្រាប់អ្នកព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយកាលពីថ្ងៃអង្គារពីព្រំដែនថា សង្រ្គាមនេះនឹងបន្តរយៈពេលជាច្រើនខែទៀត។ លោក ហាឡេវី (Halevi) បាននិយាយថា មិនមានដំណោះស្រាយវេទមន្តទេ មិនមានផ្លូវកាត់ក្នុងការរំលាយអង្គការភេរវករទេ មានតែការប្តេជ្ញាចិត្ត និងតស៊ូប៉ុណ្ណោះ។ យើងនឹងឈានដល់ការដឹកនាំរបស់ក្រុមហាម៉ាស ផងដែរ មិនថា ត្រូវការពេលមួយសប្តាហ៍ ឬត្រូវចំណាយពេលរាប់ខែនោះទេ។ សកម្មភាពរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងនៅអំឡុងថ្ងៃបុណ្យណូអែល ជាពិសេសនៅតំបន់ កណ្តាលមួយ ភាគខាងត្បូងនៃផ្លូវទឹកតាមរដូវកាល ដែលខណ្ឌចែកតំបន់ហ្កាហ្សាស្ទ្រីប។ កងទ័ពអ៊ីស្រាអែលបានប្រាប់ជនស៊ីវិលឱ្យចាកចេញពីតំបន់នេះ បើទោះជាមនុស្សជាច្រើនបាននិយាយថាគ្មានកន្លែងសុវត្ថិភាពត្រូវចាកចេញក៏ដោយ។ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក សេហ្វម៉ា ហ្គានហ្គោ (Seif Magango) បាននិយាយកាលពីថ្ងៃអង្គារថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តទម្លាក់គ្រាប់បែកនៅតំបន់ ហ្កាហ្សា ពីសំណាក់កងកម្លាំងអ៊ីស្រាអែល ដែលបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ១០០ នាក់ ចាប់តាំងពីថ្ងៃបុណ្យណូអែលមក ។ ក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សជិត២១.០០០ នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈមានក្ដីបារម្ភថាមានមនុស្សរាប់ពាន់នាក់ទៀតត្រូវបានកប់នៅក្រោមគំនរកម្ទេចថ្ម។ មនុស្សជិត ២,៣ លាននាក់នៃតំបន់រងការឡោមព័ទ្ធមួយនេះ ត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេជាច្រើនដង ៕

ស្រ្តីជនជាតិសឹង្ហបុរីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើចំណោតថ្មនៃឧទ្យានរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក

2023/12/26 08:14:49 pm        190
ស្ត្រីជនជាតិសឹង្ហបុរី ម្នាក់បានស្លាប់កាលពីថ្ងៃសុក្រ (២២ ធ្នូ) បន្ទាប់ពីនាងបានបាត់បង់ជំហរហើយបានធ្លាក់ពីចំណោតថ្មកម្ពស់ ៣០ម៉ែត្រនៅក្នុងឧទ្យានរដ្ឋ មីនណេវ៉ាស្កា (Minnewaska) ក្នុងរដ្ឋញូវយ៉ក របស់សហរដ្ឋអាមេរិក។ នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែធ្នូ លោក អាបឌុល រ៉ាហ្វម៉ុដសាដ (Abdul Rauf Mohd Said) ដែលជាស្វាមីជនរងគ្រោះបាននិយាយថា បុគ្គលិកពេទ្យបានព្យាយាមជួយសង្គ្រោះភរិយារបស់លោកឈ្មោះ នួរ អៃស្យ៉ា (Nur Aisyah) ដែលត្រូវបានគេស្គាល់ថាឈ្មោះ អៃស៍ សារ៉ាស (Ais Sarah) អស់រយៈពេលជិត ៣ម៉ោង ប៉ុន្តែពួកគេមិនបានជោគជ័យ។លោក អាបឌុល រ៉ាហ្វ បាននិយាយថា៖ «នាងបានធ្លាក់ពីលើចំណោតថ្មកម្ពស់ប្រហែល ១០០ហ្វីតប៉ុណ្ណោះហើយបានបាត់បង់ជីវិត។ លោកបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃច័ន្ទថា ការធ្វើកោសល្យវិច័យត្រូវបានបញ្ចប់ ហើយលោក «សង្ឃឹមយ៉ាងមុតមាំសម្រាប់ការត្រឡប់មកវិញនៃសាកសពភរិយារបស់ខ្លួន»។ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេស (MFA) បានប្រាប់សារព័ត៌មាន CNA កាលពីថ្ងៃច័ន្ទថា ក្រសួងការបរទេសកំពុងផ្តល់ជំនួយផ្នែកកុងស៊ុល តាមរយៈស្ថានកុងស៊ុលសិង្ហបុរី ក្នុងទីក្រុងញូវយ៉ក ដល់គ្រួសាររបស់លោកស្រី អៃស្យ៉ា។ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីមុនបានរាយការណ៍ពីការស្លាប់មនុស្សពីរនាក់ នៅក្នុងឧទ្យានរដ្ឋ មីនណេវ៉ាស្កា នេះបន្ទាប់ពីអ្នកឡើងភ្នំទាំងនេះបានធ្លាក់ពីលើទីខ្ពស់ក្នុងឧប្បត្តិហេតុអំឡុងឆ្នាំ២០២១ និងឆ្នាំ២០២៥៕

អាមេរិក៖ សកម្មភាពនៅម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺតរបស់កូរ៉េខាងជើង បង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង

2023/12/26 08:09:39 pm        147
សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភចំពោះប្រតិបត្តិការរបស់កូរ៉េខាងជើង លើម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺតថ្មីមួយនៅឯបរិវេណនុយក្លេអ៊ែររបស់ប្រទេសនេះ បន្ទាប់ពីទីភ្នាក់ងារសកលលោក ដែលគ្រប់គ្រងការអភិវឌ្ឍន៍នុយក្លេអ៊ែរ បានរាយការណ៍ពីសកម្មភាពកើនឡើងនៅរោងចក្រនេះ។ក្រុមអ្នកជំនាញបានវាយតម្លៃថា ម៉ាស៊ីនរ៉េអាក់ទ័រនេះអាចជួយក្រុងព្យុងយ៉ាង ផលិតសមាសធាតុផ្លូតូនីញ៉ូម កម្រិតអាវុធ ដែលត្រូវបានគេចាត់ទុកថាគួរឱ្យចង់បានសម្រាប់ក្បាលគ្រាប់ធុនតូចនៅក្នុងអាវុធ ដូចជាមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។បេសកកម្មរបស់សហរដ្ឋអាមេរិកនៅអង្គការអន្តរជាតិក្នុងទីក្រុងវីយែន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា ការដាក់ឱ្យដំណើរការរោងចក្ររបស់ទីក្រុងព្យុងយ៉ាងនេះ «ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង រួមទាំងកង្វល់សុវត្ថិភាព» និងបានគាំទ្រដល់ការត្រួតពិនិត្យកាន់តែខ្លាំងឡើងដោយទីភ្នាក់ងារអាតូមិកអន្តរជាតិ (IAEA) ។សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលថាមពលនុយក្លេអ៊ែរ IAEA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ថាខ្លួនបានសង្កេតឃើញសញ្ញានៃសកម្មភាពនៅម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺត យ៉ុងប្យុន (Yongbyon-LWR) ដែលពង្រឹងការសង្កេតជាមុននៃ «លំហូរទឹកខ្លាំង» ពីប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនរ៉េអាក់ទ័រចាប់តាំងពីពាក់កណ្តាលខែតុលាមក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនត្រូវ​ជម្លៀស​ចេញពីលំនៅឋាន នៅជិតមូលដ្ឋានទ័ពអាកាសព្រីតថេន​ ក្រោយ​មាន​ការចាប់ខ្លួនពាក់ព័ន្ធគ្រឿងផ្ទុះ
09/27/2026 04:09 PM
សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី
09/27/2026 04:09 PM
នគរបាលអាហ្វ្រិកខាងត្បូង ស្វែងរកជនសង្ស័យ ក្រោយមាន​អ្នកស្លាប់ជិត​ ៣០​នាក់ ក្នុងហេតុការណ៍បាញ់ប្រហារចំនួន ២
09/27/2026 04:09 PM
ចិនធ្វើសមយុទ្ធជើងទឹក និងអាកាស នៅជុំវិញតំបន់ថ្មប៉ប្រះទឹក​ Scarborough Shoal
09/27/2026 04:09 PM
ក្រុមហាម៉ាស បញ្ជាក់​ថា ខ្លួនបានស្នើធ្វើជាអន្តរ​ការី នៅយេម៉ែន និងកំពុងរង់ចាំការឆ្លើយតបពីភាគីជម្លោះ
09/27/2026 04:09 PM
ក្រុមអ្នកតវ៉ាបោះជំរុំនៅកណ្តាលក្រុងម៉ាឌ្រីដ ក្រោយផ្ទុះ​​ការតវ៉ា ជុំវិញការ​បណ្តេញលោកយាយ​វ័យ ៨៧ឆ្នាំចេញពីផ្ទះ
09/27/2026 04:09 PM
មន្ត្រីការទូតជាន់ខ្ពស់របស់រុស្ស៊ី និងអាល្លឺម៉ង់ ជួបពិភាក្សាគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០២២
09/27/2026 04:09 PM
ប្រមុខរតនាគារអាមេរិកលោក Bessent អះអាងពីជោគជ័យ ក្នុងការធ្វើឱ្យអ៊ីរ៉ង់ឯកោ
09/27/2026 04:09 PM
ទឹកជំនន់នៅទីក្រុងបាងកក បង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវទៅស្នាក់នៅទីជម្រកបណ្តោះអាសន្ន
09/27/2026 03:09 PM
ខ្មាន់កាំភ្លើងវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ ក្រោយបំផ្ទុះគ្រាប់បែកសម្លាប់​មនុស្ស ​ ១២នាក់ នៅប៉ាគីស្ថាន
09/27/2026 03:09 PM