ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់

សន្តិសុខ និង សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសជិត២ម៉ឺននាក់ នៅខណ្ឌមានជ័យ និងខណ្ឌដង្កោ

2023/10/03 07:37:15 am        265
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។រោងចក្រ សហគ្រាសទាំង២២នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២រោងចក្រដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆត្រចំនួន១។នេះ គឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

វិបត្តិនៅម៉ាលី៖ ការប្រយុទ្ធគ្នាខ្លាំងផ្ទុះឡើង បន្ទាប់ពីក្រុមឧទ្ទាម Tuareg សម្លាប់ទាហានជាង៨០នាក់

2023/10/02 12:40:38 pm        97
ការប្រយុទ្ធគ្នាខ្លាំង បានផ្ទុះឡើងនៅប្រទេសម៉ាលី ភាគខាងជើងដោយក្រុមឧទ្ទាម Tuareg និយាយថា ពួកគេ បានចូលគ្រប់គ្រងទីក្រុង Bamba ពីក្រុមទាហាន។ ការចូលគ្រប់គ្រប់ទីក្រុង បានកើតឡើងបន្ទាប់ពីក្រុមអ្នកប្រយុទ្ធផ្តាច់ខ្លួន បាននិយាយថា ពួកគេបានសម្លាប់ទាហានជាង៨០នាក់នៅភាគកណ្តាលប្រទេស។ រដ្ឋាភិបាល បានបញ្ចាក់ថា មូលដ្ឋានកងទ័ពមួយកន្លែង ក្នុងតំបន់ Mopti ត្រូវបានដាក់គោលដៅកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ការកើនឡើងអំពើហិង្សា បានកើតឡើងខណៈកងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលត្រូវបានដាក់ពង្រាយ ទៅកាន់ប្រទេសម៉ាលី ក្នុងឆ្នាំ២០១៣ បានដកមកវិញតាមបទបញ្ជារបស់កងទ័ព។ការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍លើទីក្រុង Dioura នៅចុងភាគខាងត្បូង គឺជាការវាយឆ្មក់មួយ ចាប់តាំងពីក្រុមឧទ្ទាម Tuareg បន្តការប្រយុទ្ធក្នុងខែសីហា បន្ទាប់ពីការដួលរលំកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥។រឿងនេះ បានកើតឡើងស្របគ្នាជាមួយការកើនឡើងអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម ទោះបីជាមានការដាក់ពង្រាយទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner របស់រុស្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២១ក៏ដោយ។

ការប៉ះទង្គិចគ្នានៅទីក្រុងបាដាដ ខណៈក្រុមអ្នកតវ៉ាប្រារព្ធខួបលើកទី៤ នៃការប្រមូលផ្តុំទ្រង់ទ្រាយធំ

2023/10/02 12:33:57 pm        114
កាលពីថ្ងៃអាទិត្យ កងកម្លាំងអ៊ីរ៉ាក់ បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាចេញដើរតាមដងផ្លូវដើម្បីប្រារព្ធខួបលើកទី៤ នៃការតវ៉ាកាលពីខែតុលា ដែលបានផ្ទុះឡើងលើកដំបូងក្នុងឆ្នាំ២០១៩។ ក្រុមអ្នកតវ៉ា បានកាន់ទង់ជាតិអ៊ីរ៉ាក់ និងដុតសំរាមនៅលើដងផ្លូវ ខណៈអំពាវនាវការបះបោរឲ្យបន្តរហូតដល់តម្រូវការរបស់ពួកគេត្រូវបានបំពេញ។កវីអ៊ីរ៉ាក់ម្នាក់ លោក Mouayad al-Khalidi បាននិយាយថា ដើម្បីប្រារព្ធខួបលើកទី៤ នៃការតវ៉ា និងការចាប់ផ្តើមការតវ៉ាលើកដំបូង ក្នុងឆ្នាំ២០១៩ ទី១ ត្រូវប្រារព្ធខួបនេះ និងមានមោទនភាព ព្រមទាំងចលនាដ៏ភ្លឺស្វាងនៅក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ាក់។ ទី២ យើងនឹងរក្សាដើម្បីទទួលបានការទាមទារបស់យើងសម្រាប់ការផ្លាស់ប្តូរ ដែលយើងប៉ងប្រាថ្នា និងបណ្តេញចេញក្រុមពុករលួយនេះនៅក្នុងអំណាច ដែលបានធ្វើឲ្យប្រទេសអ៊ីរ៉ាក់ជួបការលំបាកចាប់តាំងពីឆ្នាំ២០០៣មក។នៅក្នុងឆ្នាំ២០១៩ ការតវ៉ាជាច្រើន បានផ្ទុះឡើងប្រឆាំងរដ្ឋាភិបាលរបស់លោក Adel Abdul Mahdi ដែលក្រុមបាតុករបានទាមទារការផ្លាស់ប្តូរប្រព័ន្ធនយោបាយ ខណៈពួកគេមើលឃើញថាជាអំពើពុករលួយចាក់ឬសជ្រៅ និងធ្វើឲ្យប្រជាជនអ៊ីរ៉ាក់ភាគច្រើនស្ថិតភាពភាពក្រីក្រ។ មនុស្សជាង៥៦០នាក់ ភាគច្រើនជាបាតុករគ្មានអាវុធ ប៉ុន្តែក៏មានសមាជិកកងកម្លាំងសន្តិសុខផងដែរ បានស្លាប់ក្នុងពេលកងកម្លាំងសន្តិសុខ និងខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបង្ក្រាប។

ប្រធានកិច្ចការបរទេសEU៖ ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន មិនអាស្រ័យលើការវិវឌ្ឍនៅខ្សែត្រៀមជួរមុខទេ

2023/10/02 12:31:00 pm        91
លោក ចូសិប បូរ៉ែល ( Josep Borrell) អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានថ្លែងថា ការគាំទ្ររបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន គឺថេរ និងមានរចនាសម្ព័ន្ធត្រឹមត្រូវ ហើយមិនអាស្រ័យលើដំណើរការវិវឌ្ឍនៃសង្រ្គាមនោះទេ។លោកបូរ៉ែល បាននិយាយថា៖«ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន មិនអាស្រ័យលើរបៀបដែលសង្រ្គាមនឹងកើតឡើង នៅថ្ងៃបន្ទាប់ ឬសប្តាហ៍បន្ទាប់នោះទេ។ ទាហានអ៊ុយក្រែន កំពុងប្រយុទ្ធដោយភាពក្លាហានបំផុត នៅមុខបន្ទាយការពារដ៏រឹងមាំរបស់រុស្ស៊ី។ រូបភាពផ្កាយរណបបង្ហាញថា ក្នុងករណីខ្លះ បន្ទាយទាំងនេះមានជម្រៅដល់ទៅ ២៥គីឡូម៉ែត្រ»។អ្នកការទូតអ៊ឺរ៉ុបរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការវាយលុក ត្រូវបានរារាំងដោយគ្រាប់មីនដ៏ក្រាស់។លោកបានសង្កត់ធ្ងន់ថា EUប្រឈមមុខនឹងការគំរាមកំហែងរួចស្រេចទៅហើយ ដូច្នេះការគាំទ្រសម្រាប់អ៊ុយក្រែន«មិនអាស្រ័យលើការរុលទៅមុខក្នុងរយៈពេលមួយថ្ងៃនោះទេ»។អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបនេះ បានសន្និដ្ឋានថា៖«ប្រជាជនអ៊ុយក្រែន កំពុងប្រយុទ្ធដោយភាពអង់អាចនិងសមត្ថភាពរបស់ពួកគេ ហើយប្រសិនបើយើងចង់ឲ្យពួកគេទទួលបានជោគជ័យបន្ថែមទៀត យើងត្រូវផ្តល់ឲ្យពួកគេនូវអាវុធកាន់តែល្អនិងលឿនជាងមុន»។

បេសកកម្ម UN មកដល់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ ខណៈការភៀសខ្លួនរបស់ជនជាតិភាគតិចអាមេនីជិតបញ្ចប់

2023/10/02 12:24:05 pm        83
ប្រព័ន្ធផ្សព្វផ្សាយប្រទេសអាស៊ែរបៃហ្សង់ បានរាយការណ៍ថា បេសកកម្មអង្គការសហប្រជាជាតិ បានមកដល់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ កាលពីថ្ងៃអាទិត្យ ខណៈការភៀសខ្លួនចេញទ្រង់ទ្រាយធំរបស់ជនជាតិភាគតិចអាមេនីពីតំបន់នឹងជិតដល់ទីបញ្ចប់នៃការភៀសខ្លួន បន្ទាប់ពីការវាយលុករបស់យោធាអាស៊ែរបៃហ្សង់ កាលពីខែមុន។ បេសកកម្មនេះត្រូវបានដឹកនាំដោយមន្ត្រីផ្តល់ជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ជាដំណើរការចូលលើកដំបូងរបស់ស្ថាប័នពិភពលោកទៅក្នុងតំបន់មួយនេះក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកហើយ។ប្រទេសអាមេនី បានស្នើសុំតុលាការពិភពលោក ដើម្បីបង្គាប់ឲ្យអាស៊ែរបៃហ្សង់ ដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីទីតាំងជនស៊ីវិលក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ និងផ្តល់ដំណើរការចូលរបស់អង្គការសហប្រជាជាតិ។ តុលាការពិភពលោក ត្រូវបានគេស្គាល់ជាផ្លូវការថាជា តុលាការយុត្តិធម៌អន្តរជាតិ កាលពីខែកុម្ភះ បានបង្គាប់ឲ្យប្រទេសអាស៊ែរបៃហ្សង់ ធានាពីការធ្វើដំណើរដោយសេរី ឆ្លងកាត់តំបន់មួយដែលគេស្គាល់ថាច្រករបៀង Lachin ទៅនិងមកពីតំបន់នោះ។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានដកស្រង់សម្តីរដ្ឋាភិបាលអាមេនី ដែលបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ដំណើរការនៃការធ្វើដំណើរសម្រាប់អ្នកដែលមានបំណងភៀសខ្លួនពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ប្រទេសអាមេនី ដែលនៅជិតខាង ជិតដល់ទីបញ្ចប់ហើយ។ កាលពីព្រឹកថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក បាននិយាយថា ជនជាតិភាគតិចអាមេនីជាង១សែននាក់មកពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានធ្វើដំណើរមកដល់ មិនដល់មួយសប្តាហ៍ផង និងបាននិយាយថាអ្នកជំនាញជាបន្តបន្ទាប់ នឹងត្រូវបានបញ្ជូនទៅទីនោះ។ ការធ្វើដំណើររបស់ក្រុមគ្រួសារជនជាតិអាមេនី បានអស់កម្លាំងនិងស្រេកឃ្លាននៅសប្តាហ៍នេះ ដែលទទួលរងការបំផ្លាញដោយការផ្ទុះនៅឃ្លាំងប្រេងឥន្ធនៈ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧០នាក់ស្លាប់។

ឆេះក្លឹបកម្សាន្តនៅទីក្រុង Murcia ប្រទេសអេស្ប៉ាញ អ្នកស្លាប់ឡើងដល់យ៉ាងហោចណាស់១៣នាក់

2023/10/02 12:20:41 pm        88
អភិបាលក្រុង លោក Joes Ballesta បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា អ្នកស្លាប់ដោយសារអគ្គិភ័យឆេះនៅក្លឹបកម្សាន្តក្នុងទីក្រុង Murcia ប្រទេសអេស្ប៉ាញភាគអាគ្នេយ៍ កើនឡើងដល់យ៉ាងហោចណាស់១៣នាក់។យោងតាមអង្គភាពសង្គ្រោះបន្ទាន់ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅតែស្វែងរកអ្នកបាត់ខ្លួនបន្ទាប់ពីការឆាបឆេះ។នៅពេលដំបូងលោក Diego Seral នគរបាលជាតិរបស់ប្រទេសអេស្ប៉ាញ បានប្រាប់អ្នករាយការណ៍ព័ត៌មានថា អ្នកស្លាប់ត្រូវបានរកឃើញនៅក្នុងក្លឹបកម្សាន្ត Fonda Milagros ជាក្លឹបកម្សាន្តមួយក្នុងចំណោមក្លឹបចំនួន៣នៅជាប់ៗគ្នា ដែលទទួលរងការបំផ្លាញភាគច្រើនដោយអគ្គិភ័យ រួមទាំងការបាក់រលំដំបូល។ អ្នកស៊ើបអង្កេតរបស់នគរបាល ពុំអាចចូលទៅដល់ទីតាំងនោះបានទេ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង និងគ្រោះថ្នាក់នៃការបាក់រលំអគារ។ អភិបាលក្រុងលោក Ballesta បានប្រកាសការកាន់ទុក្ខរយៈពេល៣ថ្ងៃសម្រាប់អ្នកដែលបានស្លាប់ ហើយ ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង នៅខាងក្រៅសាលាក្រុង Murcia។

មនុស្ស៩នាក់ស្លាប់ និង៣០នាក់ជាប់ក្រោមគំនរបាក់បែក បន្ទាប់ពីហេតុការណ៍បាក់ដំបូលវិហារនៅប្រទេសម៉ិកស៊ិក

2023/10/02 12:17:13 pm        96
មនុស្សយ៉ាងហោចណាស់៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងមនុស្សជាង៣០នាក់ផ្សេងទៀត បានជាប់ខ្លួននៅក្នុងគំនរបាក់បែក ព្រមទាំងមនុស្សជាង៤០នាក់រងរបួស បន្ទាប់ពីដំបូលព្រះវិហារមួយកន្លែង បានដួលរលំនៅក្នុងប្រទេសម៉ិកស៊ិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មនុស្សចំនួន៤៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីដំបូលព្រះវិហារ សាន់តា គ្រូស (Santa Cruz) ក្នុងទីក្រុង ស៊ីវដាដ ម៉ាដេរ៉ូ (Ciudad Madero) បានដួលរលំ។នគរបាលនៅក្នុងរដ្ឋឆ្នេរសមុទ្រ តាម៉ាអ៊ូលីប៉ាស (Tamaulipas) បាននិយាយថា មនុស្សប្រហែល១០០នាក់ បានស្ថិតនៅក្នុងការធ្វើពិធីដ៏ធំមួយនៅពេលមានការដួលរលំនោះ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ពិធីនោះគឺជាពិធីបុណ្យជ្រមុជទឹក។ កុមារមួយចំនួនត្រូវបានគេជឿថា ស្ថិតក្នុងចំណោមអ្នកដែលជាប់គាំងទាំងនោះ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត។ការអំពាវនាវរកជំនួយ ត្រូវបានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់សម្ភារៈវេជ្ជសាស្រ្ត និងសង្គ្រោះ ដើម្បីជួយអ្នកដែលស្វែងរកអ្នកនៅរស់រានមានជីវិត។ ក្រុមអាជ្ញាធរបានស្នើសុំរក្សាភាពស្ងៀមស្ងាត់ពីហ្វូងមនុស្ស ដែលបានប្រមូលផ្តុំនៅកន្លែងកើតហេតុ ដើម្បីឱ្យក្រុមសង្រ្គោះអាចដឹងថា តើអ្នកដែលកំពុងជាប់នៅខាងក្នុង កំពុងស្រែករកជំនួយ ឬយ៉ាងណា៕

ការស៊ើបអង្កេត៖ អគ្គិភ័យរោងការនៅអ៊ីរ៉ាក់ បង្កឡើងដោយការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ

2023/10/02 12:09:52 pm        96
លទ្ធផលនៃការស៊ើបអង្កេតរបស់រដ្ឋាភិបាល លើគ្រោះមហន្តរាយអគ្គិភ័យរោងការបាននិយាយថា អគ្គិភ័យដែលបានឆាបឆេះសាលមង្គលការមានមនុស្សយ៉ាងច្រើនកកកុញ នៅក្នុងទីក្រុងភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់មនុស្សជាង១០០នាក់នោះ ត្រូវបានស្តីបន្ទោសលើ «ការធ្វេសប្រហែសទាំងស្រុង» និងកង្វះវិធានការសុវត្ថិភាព។លទ្ធផលស៊ើបអង្កេត ដែលត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ (១ តុលា) ដោយរដ្ឋមន្ត្រីមហាផ្ទៃ លោក Abdul Amir al-Shammari បាននិយាយថា ម្ចាស់សាល និងបុគ្គលិកបីនាក់ផ្សេងទៀត បានអនុញ្ញាតឱ្យមនុស្ស៩០០នាក់ចូលក្នុងកន្លែងប្រារព្ធពិធី នៅពេលដែលទីតាំងនោះត្រូវបានរចនាឡើងសម្រាប់ដាក់មនុស្សអតិបរមាចំនួន៤០០នាក់ប៉ុណ្ណោះ។លោគ Shammari បានបន្ថែមថា អគ្គិភ័យបានឆាបឆេះមនុស្សនៅខាងក្នុងសាលអាពាហ៍ពិពាហ៍នោះ ហើយក្រុមជួយសង្គ្រោះបានមានការពិបាកក្នុងការចូលទៅសង្រ្គោះពួកគេ ដោយសារតែទ្វារសម្រាប់ចេញមានតិច និងមានទំហំតូចផងនោះ។ រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ បានកត់ត្រាអ្នកស្លាប់ចំនួន១០៧នាក់ ហើយបាននិយាយថា ក្រុមស៊ើបអង្កេតបានស្នើឱ្យរដ្ឋាភិបាលគួរតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារអ្នកស្លាប់និងរបួសទាំងនោះ ហើយការស៊ើបអង្កេតក៏បានផ្តល់អនុសាសន៍ថា គួរតែចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមមន្ត្រីមូលដ្ឋានមួយចំនួនផងដែរ៕

ភ្លៀងមូសុងនៅឥណ្ឌា ធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ឆ្នាំដោយសារបញ្ហាអាកាសធាតុ

2023/10/02 11:09:17 am        82
នាយកដ្ឋានអាកាសធាតុររដ្ឋរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃសៅរ៍ (៣០ កញ្ញា) ថា កមិ្រតទឹកភ្លៀងមូសុងរបស់ប្រទេសឥណ្ឌាក្នុងឆ្នាំនេះ គឺទាបបំផុតក្នុងរយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨មក ដោយសារគំរូអាកាសធាតុ អ៊ែល នីញ៉ូ បានធ្វើឱ្យខែសីហា ជាខែស្ងួតបំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍។ ខ្យល់មូសុងដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចចំនួន៣សែនកោដិ៍ដុល្លាររបស់ឥណ្ឌា នាំមកជិត៧០ភាគរយនៃទឹកភ្លៀង ដែលប្រទេសនេះត្រូវការ សម្រាប់ដំណាំ ព្រមទាំងបំពេញអាងស្តុកទឹក និងអាងចិញ្ចឹមត្រីផងដែរ។ស្ទើរតែពាក់កណ្តាលនៃដីស្រែក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនេះ បានខ្វះខាតប្រព័ន្ធធារាសាស្រ្ត ធ្វើឱ្យភ្លៀងមូសុងកាន់តែមានសារៈសំខាន់សម្រាប់ផលិតកម្មកសិកម្ម។ ឱនភាពទឹកភ្លៀងនៅរដូវក្ដៅ អាចធ្វើឱ្យអាហារសំខាន់ៗដូចជា ស្ករ គ្រាប់ធញ្ញជាតិ អង្ករ និងបន្លែ ឡើងថ្លៃកាន់តែខ្លាំង ព្រមទាំងធ្វើឱ្យអតិផរណាអាហារទាំងមូលកើនឡើងយ៉ាងគំហុកផងដែរ។ផលិតកម្មទាបក៏អាចជំរុញឱ្យប្រទេសឥណ្ឌា ដែលជាប្រទេសផលិតអង្ករ ស្រូវសាលី និងស្ករធំជាងគេទីពីររបស់ពិភពលោក ដាក់ការទប់ស្កាត់បន្ថែមទៀតលើការនាំចេញទំនិញទាំងនេះ។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់ទូទាំងប្រទេស ក្នុងអំឡុងខែមិថុនា ដល់ខែកញ្ញា គឺមានកម្រិត៩៤ភាគរយ នៃរយៈពេលមធ្យមដ៏វែងរបស់វា ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៨មក៕

សន្តិសុខសុវត្ថិភាពនៅតាមទីវត្តអារាម ត្រូវបានយកចិត្តទុកដាក់ការពារពីកងកម្លាំងសមត្ថកិច្ច

2023/10/02 11:00:34 am        166
ភ្នំពេញ៖ នៅតាមទីវត្តអារាមនានាទាំងអស់ មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនានានោះទេ គឺត្រូវបានយកចិត្តទុកដាក់ ពីការការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋជាពុទ្ធបរិស័ទ ដែលបានអញ្ជើញទៅកាន់បិណ្ឌដាក់បាត ដើម្បីឧទ្ទិសកុសលផលបុណ្យជូន​ញាតិការ​ ដែលបានចែកកាយរំលាយឋានទៅជាតិខាងមុខ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ ដែលត្រូវជាថ្ងៃបិណ្ឌទី០៣ នៃពិធីបុណ្យកាន់បិណ្ឌ វត្តនិរោធរង្ស៊ី ដែលជាវត្តមួយក្នុងចំណោមវត្តអារាមជាច្រើន​ នៅក្នុងខណ្ឌច្បារអំពៅ នៃរាជធានី​ភ្នំពេញ ត្រូវបានការពារសន្តិសុខសុវត្ថិភាព ​ពីកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និង​កម្លាំងប្រជាការពារផងដែរ ។ លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ ​បានប្រាប់ BTV ឱ្យដឹងថា ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាព ​និងរក្សាបានរបៀបរៀបរយជូនពលរដ្ឋ ​នៅតាមទីតាំងវត្តអារាម វាជា​កាតព្វកិច្ចចាំបាច់ ដែលកងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នា ​យកចិត្តទុកដាក់ក្នុងការការពារ និងជាការបង្ការទប់ស្កាត់នូវរាល់សកម្មភាពអសន្តិសុខទាំងឡាយ ​ដែលអាចកើតមានឡើងបាន ។ ពលរដ្ឋ ជាពុទ្ធបរិស័ទ ដែលបានទៅធ្វើបុណ្យនៅវត្តនិរោធរង្ស៊ី ​ក៏បានសម្តែងនូវភាពកក់ក្តៅ ដោយ​មិនមានការព្រួយបារម្ភនោះឡើយ ​ពីបញ្ហាអសន្តិសុខ ​ព្រោះពួកគាត់ទាំងអស់គ្នា ក៏បាន​សង្កេត​ឃើញ ពីការការពារបានយ៉ាងល្អ ​និងយកចិត្តទុកដាក់ពី​កង​កម្លាំង​សមត្ថកិច្ច​ទាំង​អស់ផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM