ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ក្រុមស្ត្រីនិងគ្រូបង្រៀននៅប្រទេសឥណ្ឌា ធ្វើការតវ៉ាជុំវិញការសម្លាប់និស្សិតនៅក្នុងរដ្ឋម៉ានីពួរ

2023/10/02 03:59:50 pm        127
ឥណ្ឌា៖ ក្រុមស្ត្រី និងគ្រូបង្រៀននៅក្នុងរដ្ឋម៉ានីពួរ ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ (១ តុលា) បានរៀបចំការតវ៉ាដោយសាមគ្គីភាព ជុំវិញករណីនិស្សិតពីរនាក់ដែលត្រូវបានសម្លាប់។ អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋភាគឦសានជាប់ព្រំដែនមីយ៉ាន់ម៉ាមួយនេះ បន្ទាប់ពីរូបភាពនៃសាកសពនិស្សិតជនជាតិភាគតិច ម៉ីតី ពីរនាក់ ដែលបានបាត់ខ្លួនតាំងពីខែកក្កដា បានលេចចេញនៅលើអ៊ីនធឺណិត។ក្រុមស្ត្រីជាច្រើននាក់ បានរៀបចំការតវ៉ាទ្រង់ទ្រាយធំ ដើម្បីទាមទារយុត្តិធម៌ដល់ជនរងគ្រោះ និងចាត់វិធានការតឹងរ៉ឹងលើជនជាប់ចោទ។ ទន្ទឹមនឹងនោះ លោកគ្រូអ្នកគ្រូនៅរដ្ឋធានីនៃរដ្ឋម៉ានីពួរនេះ បានអុជទៀនដើម្បីចូលរួមរំលែកទុក្ខដល់សិស្សដែលបានស្លាប់។ ចាប់តាំងពីអំពើហឹង្សាបានផ្ទុះឡើងជាលើកដំបូងនៅថ្ងៃទី៣ ខែឧសភា មក មនុស្សជាង១៨០នាក់ត្រូវបានសម្លាប់ និងមនុស្សជាង៥ម៉ឺននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋម៉ានីពួរ របស់ប្រទេសឥណ្ឌាមួយនេះ៕

ក្រុមហ៊ុនអាកាសចរណ៍យ៉េម៉ែនផ្អាកជើងហោះហើរអន្តរជាតិពីទីក្រុងសាណាដែលគ្រប់គ្រងដោយក្រុមឧទ្ទាម

2023/10/02 03:57:25 pm        147
យ៉េម៉ែន៖ ក្រុមមន្ត្រី បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសយ៉េម៉ែន បានផ្អាកជើងហោះហើរអន្តរជាតិពីរដ្ឋធានីរបស់ប្រទេសនេះ ដោយលើកឡើងពីជម្លោះជាមួយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់លើការទទួលបានមូលនិធិ។ប្រទេសយ៉េម៉ែនដំណើរការជើងហោះហើរពាណិជ្ជកម្មស្ទើរតែរៀងរាល់ថ្ងៃទៅកាន់រដ្ឋធានីអាំម៉ានរបស់ប្រទេសហ្ស៊កដានី ដែលជាគោលដៅអន្តរជាតិផ្ទាល់តែមួយគត់របស់ខ្លួនពីអាកាសយានដ្ឋានដែលគ្រប់គ្រងដោយហ៊ូធីនៅទីក្រុងសាណា ដែលបានបើកដំណើរការឡើងវិញកាលពីឆ្នាំមុន បន្ទាប់ពីការផ្អាករយៈពេល៦ឆ្នាំ។កាលពីថ្ងៃសៅរ៍ មន្ត្រីម្នាក់មកពីក្រសួងដឹកជញ្ជូនរបស់ក្រុមហ៊ូធី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Saba របស់ពួកឧទ្ទាមនេះថា៖«ជើងហោះហើររបស់ប្រទេសយ៉េម៉ែន ត្រូវបានផ្អាកពីព្រលានយន្តហោះទីក្រុងសាណា»។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនអាកាសចរណ៍ បានស្តីបន្ទោសក្រុមឧទ្ទាមចំពោះទង្វើនេះ ដោយចោទប្រកាន់ពួកគេពីការរឹតបន្តឹងការចូលទៅកាន់គណនីរបស់ក្រុមហ៊ុននៅក្នុងធនាគារ Sanaa ចាប់តាំងពីខែមីនា ជាការចោទប្រកាន់មួយដែលក្រុមហ៊ូធី បានបដិសេធ៕

កូរ៉េខាងជើង រិះគន់ទីភ្នាក់ងារនុយក្លេអ៊ែរអង្គការសហប្រជាជាតិថាជាអ្នកបម្រើផលប្រយោជន៍ឲ្យសហរដ្ឋអាមេរិក

2023/10/02 03:54:41 pm        144
កូរ៉េខាងជើង៖ នៅថ្ងៃចន្ទនេះ កូរ៉េខាងជើងបានរិះគន់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិថា កំពុងរួមដៃជាមួយយុទ្ធនាការដាក់សម្ពាធដឹកនាំដោយសហរដ្ឋអាមេរិក និងកំពុងបង្កើតសេចក្ដីសម្រេចមួយជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយហៅទីភ្នាក់ងារនេះថាជា អ្នកបម្រើផលប្រយោជន៍ឲ្យទីក្រុងវ៉ាស៊ីនតោន។អ្នកនាំពាក្យមិនបញ្ចេញឈ្មោះមួយរូបរបស់ក្រសួងឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ា បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយរិះគន់សេចក្ដីសម្រេចដាក់ចេញកាលពីថ្ងៃសុក្រនៅ កិច្ចប្រជុំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែល អំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ អ្នកនាំពាក្យរូបនេះ បានហៅសេចក្ដីសម្រេចនេះថាជាលទ្ធផលនៃការសមគំនិតគ្នា ដោយសហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថាឋានៈកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ គឺមិនអាចបកក្រោយវិញបានឡើយ។អ្នកនាំពាក្យដដែលនេះ ក៏បានចោទប្រកាន់ប្រធានទីភ្នាក់ងារនេះ លោក Rafael Grossi ផងដែរ ពីបទដឹកនាំការបង្កើតបរិយាកាសនៃការដាក់សម្ពាធលើកូរ៉េខាងជើង ដោយផ្សព្វផ្សាយរឿងខុសអំពីលទ្ធភាពនៃការសាកល្បងអាវុធនុយក្លេអ៊ែរ។  ទីភ្នាក់ងារ IAEA ពុំមានមធ្យោបាយចូលទៅក្នុងប្រទេសកូរ៉េខាងជើងទេ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបណ្ដេញក្រុមអធិការកិច្ចរបស់ខ្លួនកាលពីឆ្នាំ២០0៩ ហើយក្រោយមកបានចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរឡើងវិញ៕

UNHCR៖ ជនភៀសខ្លួនជាង១០ម៉ឺននាក់ ធ្វើដំណើរចូលក្នុងប្រទេសអាមេនី ក្នុងរយៈពេលតិចជាងមួយសប្តាហ៍

2023/10/02 03:50:45 pm        137
អាមេនី៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយកាលពីថ្ងៃអាទិត្យ (១ តុលា) ថា ជនភៀសខ្លួនជាង១០០.០០០នាក់ បានទៅដល់ប្រទេសអាមេនី ចាប់តាំងពីមានប្រតិបត្តិការយោធារបស់អាស៊ែបៃហ្សង់ ដើម្បីដណ្តើមកាន់កាប់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ មកវិញ។បន្ទាប់ពីការវាយលុករបស់អាស៊ែបៃហ្សង់ ក្នុងការដណ្ដើមតំបន់បំបែក ណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ការគ្រប់គ្រងរបស់ខ្លួនវិញ ជនជាតិអាមេនីចំនួន១២ម៉ឺននាក់ របស់ទីក្រុងការ៉ាបាក់នេះ បានចាប់ផ្តើមនូវអ្វីដែលក្លាយជាការភៀសខ្លួនដ៏ធំបំផុតទៅកាន់ប្រទេសអាមេនី ដោយមនុស្សជាច្រើននិយាយថា ពួកគេភ័យខ្លាចការធ្វើទុក្ខបុកម្នេញ និងការបោសសម្អាតជនជាតិភាគតិច បើទោះបីជាមានការសន្យារបស់អាស៊ែបៃហ្សង់ អំពីសុវត្ថិភាពរបស់ប្រជាជនទាំងនោះក៏ដោយ។តំបន់ណាហ្គ័រណូ-ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាផ្នែកមួយនៃអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនភាគច្រើនជាពួកគ្រិស្តសាសនិកអាមេនី ដែលបានបង្កើតសាធារណរដ្ឋស្វ័យប្រកាស អាតសាក់ (Artsakh) កាលពីរយៈពេលបីទសវត្សរ៍មុន បន្ទាប់ពីជម្លោះក្រុមជនជាតិភាគតិចដ៏បង្ហូរឈាម នៅពេលដែលសហភាពសូវៀតដួលរលំមក៕

ភ្លើងឆេះក្លឹបរាត្រី ក្នុងក្រុង Murcia របស់អេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ៧នាក់

2023/10/02 12:57:32 am        253
មនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់ក្នុងអគ្គិភ័យនៅក្លឹបរាត្រីមួយ ក្នុងទីក្រុង Murcia ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ។ នេះបើតាមការប្រាប់ឲ្យដឹងពីសំណាក់អភិបាលក្រុង ដែលបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សដែលមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីមានហេតុការណ៍ឆេះនេះ។សេវាសង្គ្រោះបន្ទាន់បានប្រាប់ឲ្យដឹងនៅលើវេទិកាបណ្ដាញសង្គម X ថា អគ្គិភ័យបានឆាបឆេះឡើងនៅព្រឹកថ្ងៃអាទិត្យ ក្នុងក្លឹបរាត្រី Teatre នៅតំបន់ជាយក្រុង Atalayas។ វីដេអូដែលបានចេញផ្សាយនៅលើគណនី X របស់សេវាកម្មពន្លត់អគ្គិភ័យប្រចាំទីក្រុង Murcia បានបង្ហាញថា អ្នកពន្លត់អគ្គិភ័យ កំពុងប្រឹងប្រែងគ្រប់គ្រងអណ្តាតភ្លើង នៅខាងក្នុងក្លឹបនោះ។ អភិបាលក្រុង Murcia លោក Jose Ballesta បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ចំនួនអ្នកស្លាប់នៅក្នុងក្លឹបរាត្រី នៅតំបន់ Atalayas បានកើនឡើងដល់ ៧នាក់ហើយ»។លោកអភិបាលក្រុង បានបន្ថែមថា សេវាសង្គ្រោះបន្ទាន់កំពុងធ្វើកិច្ចការរបស់ខ្លួន ដើម្បីស្វែងរកមូលហេតុនៃការឆាបឆេះនេះ។ ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍ថា មនុស្ស ៤នាក់ ត្រូវទទួលការព្យាបាល នៅមន្ទីរពេទ្យ ដោយសារស្រូបផ្សែងចូលខ្លួនច្រើនពេក៕

យ៉ាងហោចណាស់៩នាក់បានស្លាប់ ដោយសាររថយន្តក្រុងធ្លាក់ចូលជ្រលងភ្នំ នៅភាគខាងត្បូងឥណ្ឌា

2023/10/01 11:56:28 pm        275
រថយន្តក្រុងទេសចរណ៍មួយគ្រឿងដឹកអ្នកដំណើរ ៦០នាក់ បានបាត់បង់លំនឹងនៅត្រង់ផ្លូវបត់ ហើយបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំ ដោយបានសម្លាប់អ្នកដំណើរយ៉ាងហោចណាស់ ៩នាក់ និងជាច្រើននាក់ទៀតរងរបួស នៅទីក្រុង Nilgiris ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ (ទី៣០ ខែកញ្ញា) ។មន្ត្រីប្រចាំតំបន់បាននិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរពីទីក្រុង Coonoor ទៅកាន់តំបន់ Tenkasi ក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដែលបានធ្វើបច្ចុប្បន្នភាពឡើងដល់ ៩នាក់ហើយ។នាយករដ្ឋមន្រ្តី លោក Narendra Modi បានសម្តែងការសោកសៅរបស់លោកនៅលើបណ្ដាញសង្គម និងបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២.៤០៨ដុល្លារដល់ក្រុមគ្រួសារនៃសព។ មេដឹកនាំប្រចាំរដ្ឋ លោក M.K. Stalin ក៏បានប្រកាសផ្តល់សំណងដល់អ្នកទេសចរ ដែលស្លាប់ និងរបួស ក្នុងឧបទ្ទវហេតុនេះដែរ។ប្រទេសឥណ្ឌាមានគ្រោះថ្នាក់នៅលើដងផ្លូវច្រើនជាងគេបំផុតក្នុងពិភពលោក ដោយសារតែមានអ្នកបើកបរជាច្រើនមិនទទួលបានការបណ្តុះបណ្តាល កង្វះការអនុវត្តច្បាប់ ការថែទាំផ្លូវហាយវេមិនបានគ្រប់គ្រាន់ និងរថយន្តមិនទទួលបានការត្រួតពិនិត្យតាមប្រព័ន្ធឧបករណ៍ទំនើប៕

ទួរគីនិយាយថា ភេរវករបានបំផ្ទុះគ្រាប់បែក នៅអគាររដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ា

2023/10/01 10:54:58 pm        225
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី បានឲ្យដឹង នៅថ្ងៃអាទិត្យ (ទី១ ខែតុលា) នេះ ថា ភេរវករ ២នាក់ បានធ្វើការវាយប្រហារដោយគ្រាប់បែក នៅមុខអគារក្រសួង ក្នុងទីក្រុងអង់ការ៉ា ដោយបន្ថែមថា ម្នាក់ក្នុងចំណោមពួកគេនោះ បានស្លាប់នៅក្នុងការបំផ្ទុះនោះ និងម្នាក់ទៀតត្រូវបាន «ទប់ស្កាត់» ដោយអាជ្ញាធរ នៅទីនោះ។ប្រព័ន្ធផ្សព្វផ្សាយទួរគីមុននេះ បានរាយការណ៍ថា ការផ្ទុះមួយត្រូវបានឮ នៅក្បែររដ្ឋសភា និងអគារក្រសួង ហើយប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញនូវរូបភាពវីដេអូនៃកម្ទេចកម្ទី ដែលរាយប៉ាយ នៅតាមដងផ្លូវក្បែរក្រសួងមហាផ្ទៃ។ រូបភាពរបស់សារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញទាហាន រថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ និងរថពាសដែក បានប្រមូលផ្តុំគ្នានៅជិតចំណុចកណ្តាលរដ្ឋធានីរបស់ទួរគី ជាកន្លែងដែលនគរបាល បានបិទផ្លូវជាច្រើននៅក្បែរនោះ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បានប្រាប់ឲ្យដឹងតាមរយៈប្រព័ន្ធបណ្ដាញសង្គម X ថា មន្ត្រីនគរបាល ២នាក់ បានរងរបួសបន្តិចបន្តួច ក្នុងហេតុការណ៍នេះ ដែលកើតឡើងនៅវេលាម៉ោង ៩:៣០ ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦:៣០ ម៉ោងសកល) ។ លោកបាននិយាយថា៖ «ភេរវករ ២នាក់ បានទៅដល់ទីនោះដោយរថយន្តពាណិជ្ជកម្មធុនស្រាល នៅមុខច្រកចូលនៃអគ្គនាយកដ្ឋានសន្តិសុខរបស់ក្រសួងកិច្ចការផ្ទៃក្នុងរបស់យើង ហើយបានធ្វើការវាយប្រហារដោយគ្រាប់បែក»។ លោកបានបន្ថែមថា ម្នាក់បានបំផ្ទុះខ្លួនឯង ហើយម្នាក់ទៀត ត្រូវបាន «ទប់ស្កាត់» ដែលជាធម្មតាមានន័យថា ត្រូវបានសម្លាប់។ ប្រធានរដ្ឋអាជ្ញារបស់ទីក្រុងអង់ការ៉ា បានបើកការស៊ើបអង្កេតលើអ្វីដែលខ្លួនហៅថា ជាការវាយប្រហារភេរវកម្មនេះ ខណៈដែលអាជ្ញាធរ មិនទាន់បានកំណត់អត្តសញ្ញាណក្រុមសកម្មប្រយុទ្ធជាក់លាក់ណាមួយនៅឡើយទេ៕

ទួរគី៖មន្ត្រីនគរបាល ២នាក់បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះនៅជិតរដ្ឋសភា

2023/10/01 10:18:48 pm        173
រដ្ឋមន្ត្រីមហាផ្ទៃប្រទេសទួរគីបានឲ្យដឹងថា ការផ្ទុះមួយនៅជិតរដ្ឋសភាទួរគី ក្នុងទីក្រុងអង់ការ៉ា គឺជាការវាយប្រហារភេរវកម្ម ដែលបានបណ្តាលឲ្យមន្ត្រីនគរបាល ២នាក់ រងរបួស ។លោក Ali Yerlikaya បានប្រាប់ថា អ្នកវាយប្រហារ ២នាក់ បានធ្វើទៅកន្លែងនោះដោយរថយន្ត​យោធា​ប្រហែលម៉ោង ៩:៣០ ម៉ោងក្នុងស្រុក (ត្រូវនឹង ៦:៣០ ម៉ោងសកល) ហើយបានធ្វើការ​វាយប្រហារតែម្ដង។លោក Yerlikaya បាននិយាយថា អ្នកវាយប្រហារម្នាក់បានបំផ្ទុះខ្លួនឯងនៅមុខអគារក្រសួង ហើយម្នាក់ទៀតត្រូវបាន «ទប់ស្កាត់»។ នៅមុននេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការផ្ទុះមួយត្រូវបានឮនៅក្បែរដ្ឋសភា៕

អូស្ត្រាលីក្ដៅស្ទើរទ្រាំមិនបាន ដោយសារកម្ដៅដ៏ហួតហែង បង្កហានិភ័យខ្ពស់ក្នុងការមានចំហេះព្រៃ

2023/10/01 08:08:03 pm        502
ភាគអាគ្នេយ៍របស់ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យ (ទី១ ខែតុលា) មានសភាពក្តៅខ្លាំង ដោយសាររលកកម្ដៅ ដោយនេះបានបង្កជាហានិភ័យខ្ពស់ ក្នុងការមានចំហេះព្រៃ និងបានជំរុញឲ្យអាជ្ញាធរចេញបម្រាមដល់ការដុតព្រៃក្នុងតំបន់ជាច្រើនរបស់រដ្ឋ New South Wales។អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសនេះ បានឲ្យដឹងថា សីតុណ្ហភាពនឹងឡើងដល់ ១២អង្សាសេ​លើសពីសីតុណ្ហភាពមធ្យម នៅតំបន់មួយចំនួន ដោយទីក្រុងស៊ីដនី រដ្ឋធានីនៃរដ្ឋ New South Wales ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់អូស្ត្រាលីនោះ នឹងមានសីតុណ្ហភាពឡើងដល់ ៣៦អង្សាសេ។អូស្ត្រាលីកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃរដូវកាលចំហេះព្រៃ ខណៈដែលប្រទេសនេះជួបប្រទះនឹងបាតុភូតអាកាសធាតុ El Nino ដែលទើបត្រូវបានប្រកាស នាពេលថ្មីៗនេះ ដោយការប្រកាសនោះ ជាញឹកញាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ធ្ងន់ធ្ងរ ដូចជាចំហេះព្រៃ ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួត។រដ្ឋមន្ត្រីសេវាសង្គ្រោះបន្ទាន់ប្រចាំរដ្ឋ លោក Jihad Dib បាននិយាយថា កម្ដៅក្ដៅហែងនេះ បានធ្វើឲ្យមានហានិភ័យកាន់តែខ្ពស់ ក្នុងការមានចំហេះព្រៃ នៅសប្តាហ៍ខាងមុខ។ ហើយអាជ្ញាធរផ្នែកពន្លត់អគ្គិភ័យ នៅថ្ងៃអាទិត្យនេះ បានចេញបម្រាមសរុបចំនួន៩ សម្រាប់ផ្នែកខ្លះនៃរដ្ឋ ក្នុងគោលបំណងកាត់បន្ថយឱកាសនៃការមានចំហេះព្រៃ។យ៉ាងណាក្ដី រដូវកាលចំហេះព្រៃ ២លើកចុងក្រោយរបស់ប្រទេសអូស្ត្រាលី មិនសូវជាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ បើប្រៀបធៀបទៅនឹងគ្រោះមហន្តរាយ ដែលឲ្យឈ្មោះថា «Black Summer» ក្នុងឆ្នាំ២០១៩-២០២០ ពោលគឺជាចំហេះព្រៃ ដែលបានបំផ្លាញតំបន់ទំហំប៉ុនប្រទេសទួរគី និងបានសម្លាប់មនុស្ស ៣៣នាក់៕

កងកម្លាំរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែអះអាងដូចគ្នាពីការវាយប្រហារលើគ្រឿងយុទ្ធោបករណ៍ទៅវិញទៅមក

2023/10/01 07:09:46 pm        505
យោងតាមការផ្តល់ព័ត៌មានសង្ខេបផ្លូវការរវាងប្រទេសទាំងពីរ បានឲ្យដឹងថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួន បានកម្ទេចឃ្លាំងស្ដុកគ្រាប់រំសេវរបស់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែន បានអះអាងថា ខ្លួនបានស្ទាក់ចាប់យានដ្រូនជាច្រើនគ្រឿង។យោងតាមសេចក្ដីរាយការពីសមរភូមិដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពរុស្ស៊ី បានវាយទប់ការវាយលុករបស់អ៊ុយក្រែន នៅគ្រប់មុខព្រួញ និងបានបំផ្លាញរថភ្លើងពិសេសមួយខ្សែដែលកំពុងដឹកគ្រឿងយោទ្ធោករណ៍ និងតំបន់ប្រមូលផ្ដុំនៃកងពលតូចចំនួនពីរ។ក្រសួងការពារជាតិក៏ បាននិយាយផងដែរថា កងទ័ពរបស់ខ្លួនបានកម្ទេចឃ្លាំងស្ដុកគ្រាប់រំសេវចំនួន៣កន្លែង ក្នុងតំបន់ឃើសិន (Kherson) និងតំបន់ដូនេត និងកាំភ្លើងធំពីរគ្រឿងផលិតដោយបស្ចឹមប្រទេស នៅមុខព្រួញហ្សាប៉ូរីហ្សា។ ហើយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក៏បានស្ទាក់ចាប់មីស៊ីល BM-27 បាន៩គ្រាប់និង មីស៊ីលហ៊ីម៉ាស់ (HIMARS) បាន១គ្រាប់និងយានដ្រូន២៥គ្រឿងពីខាងភាគីអ៊ុយក្រែនផងដែរ។នៅថ្ងៃជាមួយគ្នានេះដែរ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែនឬ (AFU) បានអះអាងថា រយៈពេល២៤ម៉ោងកន្លងទៅនេះ ការប្រយុទ្ធជាច្រើន បានចាប់ផ្ដើមនៅតំបន់អាឌីអ៊ីវកា តំបន់ម៉ារីនកា និងហ្សាប៉ូរីហ្សា ដោយបាននិយាយថា កងទ័ពអ៊ុយក្រែន បានធ្វើការវាយប្រហារតាមអាកាសទៅលើចំណុចប្រមូលផ្ដុំដែលមានវត្ដមានបុគ្គលិកយោធារុស្ស៊ី ឧបករណ៍សឹក ហើយនិងប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី។កងទ័ពអ៊ុយក្រែន បាននិយាយថា យានដ្រូនអត្ដឃាតរបស់រុស្ស៊ីចំនួន៤០គ្រឿងបានវាយប្រហារអ៊ុយក្រែន នៅក្នុងតំបន់ភាគខាងត្បូង ហើយកងទ័ពអ៊ុយក្រែន ក៏បានស្ទាក់ចាប់យានដ្រូនបាន៣០គ្រឿងដែរក្នុងចំណោមនោះ៕ អត្ថបទ មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទិន្នន័យរបស់រដ្ឋាភិបាល៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ បានសម្លាប់មនុស្សជាង ៤.០០០នាក់
10/02/2026 06:10 PM
ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
10/02/2026 06:10 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
10/02/2026 06:10 PM
ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
10/02/2026 06:10 PM
ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
10/02/2026 05:10 PM
អតីតមេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai នឹងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នា​សប្តាហ៍ក្រោយ
10/02/2026 05:10 PM
ចិនត្រៀមសម្រាប់តម្រូវការធ្វើដំណើរច្រើនបំផុត អំឡុងពេល​សម្រាកបុណ្យជាតិរយៈពេល ១សប្តាហ៍
10/02/2026 05:10 PM
អនុប្រធានទី១ រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបរទេស បំពេញតួនាទីជា «ទូតមិត្តភាព» និងជាកម្លាំងចលករក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា
10/02/2026 05:10 PM
កម្ពុជា ត្រៀមកងកម្លាំងជិត ២ម៉ឺននាក់​ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10/02/2026 05:10 PM
ព្រះសង្ឃវត្តបទុមវតី ចែកបបរដល់ពលរដ្ឋកំពុងស្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ក្នុងថ្ងៃកាន់បិណ្ឌ៦
10/02/2026 05:10 PM