អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ

សន្តិសុខ និង សង្គម

អត្រាស្លាប់របស់ប្រទេសជប៉ុន បានកើនឡើងនៅឆ្នាំ២០២១ ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ

2023/09/01 02:23:12 pm        205
ជប៉ុន៖ អត្រាស្លាប់របស់ប្រទេសជប៉ុន បានកើនឡើងនៅឆ្នាំ២០២១ ជាលើកដំបូងក្នុងរយៈពេលមួយទស្សវត្សរ៍ ដែលអាចបណ្តាលមកពីការរាតត្បាតនៃមេរោគឆ្លង។ ក្រុមអ្នកស្រាវជ្រាវមួយក្រុម នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវមហារីកប្រទេសជប៉ុន បានសិក្សាការផ្លាស់ប្តូរនៅក្នុងអត្រាមរណៈដោយផ្អែកលើទិន្នន័យប្រជាសាស្រ្ត ដែលចេញផ្សាយដោយរដ្ឋាភិបាលសម្រាប់រយៈពេល២៧ឆ្នាំរហូតដល់ឆ្នាំ២០២១។ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អត្រាមរណៈនៅឆ្នាំ២០២១ គឺមានកម្រិត៩៨៩,៦នាក់ក្នុងមនុស្ស១០០.០០០នាក់។ តួលេខនោះគឺកើនឡើងចំនួន២,២ភាគរយពីចំនួន៩៦៨,៤នាក់កាលពីឆ្នាំមុន។ អត្រាមរណភាពក្នុងចំណោមជនជាតិជប៉ុន បានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កំណើននៃឆ្នាំ២០២១ គឺជាការកើនឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១មក ខណៈអត្រានោះបានកើនឡើងដោយសារតែការរញ្ជួយដីដ៏ខ្លាំងក្លា និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារភាគខាងកើតប្រទេសជប៉ុន។ក្នុងចំណោមមូលហេតុនៃការស្លាប់ ដែលជំរុញឱ្យមានកំណើនអត្រាស្លាប់ក្នុងឆ្នាំ២០២១នោះ គឺបណ្ដាលមកពីជំងឺកូវីដ១៩ ជរាពាធ និងជំងឺបេះដូង។ ក្រុមស្រាវជ្រាវនោះបាននិយាយថា កំណើននេះគឺដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ និងការរឹតបន្តឹងសេវាវេជ្ជសាស្រ្តក្នុងអំឡុងពេលជំងឺរាតត្បាត។អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Tanaka Hirokazu នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវមហារីករបស់ជប៉ុនបាននិយាយថា លទ្ធផលនេះបង្ហាញពីផលប៉ះពាល់នៃជំងឺរាតត្បាតលើអត្រាមរណភាព។ លោកបានបន្ថែមថា ការពន្យារពេលក្នុងការព្យាបាលជំងឺមហារីក និងការផ្អាកការត្រួតពិនិត្យសុខភាព អាចមានឥទ្ធិពលលើអត្រាមរណភាពនៃជំងឺមហារីកនាពេលអនាគតផងដែរ៕

ប្រទេសសិង្ហបុរី កំពុងដំណើរការ ការបោះឆ្នោតប្រធានាធិបតី

2023/09/01 02:19:22 pm        188
សិង្ហបុរី៖ ការបោះឆ្នោតប្រធានាធិបតី កំពុងដំណើរការ ខណៈដែលប្រជាជនសិង្ហបុរីនៅថ្ងៃសុក្រ(ទី១ ខែកញ្ញា) នេះ បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៩របស់ប្រទេសនេះ។បេក្ខជនបីរូបឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៣ ដែលជាការបោះឆ្នោតប្រកួតប្រជែងលើកដំបូង ចាប់តាំងពីឆ្នាំ ២០១១នោះ មានអតីតប្រធានផ្នែកវិនិយោគរបស់ GIC (មូលនិធិទ្រព្យសម្បត្តិរបស់សិង្ហបុរី) លោក Ng Kok Song ( ណឹង កុក សុង) អតីតទេសរដ្ឋមន្ត្រី លោក ថាម៉ាន សានមុហ្គារាត់ណាម (Tharman Shanmugaratnam) និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន NTUC Income លោក Tan Kin Lian។នាយកដ្ឋានរៀបចំការបោះឆ្នោតសិង្ហបុរី (ELD) បាននិយាយនៅថ្ងៃសុក្រនេះថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ប្រជាជនសិង្ហបុរី ១.៤០៦.១៨២នាក់ បានបោះឆ្នោតនៅស្ថានីយបោះឆ្នោតចំនួន ១២៦៤កន្លែងនៅ    ទូទាំងកោះនេះ ក្នុងយៈពេលនៃការបោះឆ្នោត៤ម៉ោងដំបូង។ ចំនួននេះគឺប្រហែល៥២ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ប្រជាជនសិង្ហបុរីជាង២.៧លាននាក់ ត្រូវបានរំពឹងថា នឹងបោះឆ្នោត ហើយស្ថានីយបោះឆ្នោតទាំងអស់ត្រូវបើករហូតដល់ម៉ោង៨យប់ ហើយក្រោយម៉ោងនេះ ការរាប់សន្លឹកឆ្នោត ចាប់ផ្តើម៕

ចិនជំរុញឲ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង

2023/09/01 02:16:26 pm        123
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយប្រកាន់ជំហរលើបញ្ហាអធិបតេយ្យភាពនៃប្រជុំកោះ និងថ្មប៉ប្រះទឹកនៅក្នុងតំបន់នោះ ដោយនិយាយថា អន្តរាគមន៍ពីសហរដ្ឋអាមេរិក កំពុងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានធ្វើអត្ថាធិប្បាយបែបនោះ នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង នៅពេលត្រូវបានសាកសួរអំពីសុន្ទរកថាបង្កហេតុដោយក្រុមមន្ត្រីយោធាជាន់ខ្ពស់អាមេរិកក្នុង ការគាំទ្រហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មេបញ្ជាការកងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា ការប្រើប្រាស់កាណុងបាញ់ទឹកដោយឆ្មាំល្បាតចិន ប្រឆាំងនឹងនាវាហ្វីលីពីន «ត្រូវតែមានការជំទាស់ និងត្រួតពិនិត្យ»។ លោកក៏បានធានាដល់ហ្វីលីពីនថា អាមេរិកគាំទ្រប្រទេសនេះជានិច្ច។លោក Wu បានរំលឹកឡើងវិញថា ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើប្រជុំកោះ Nansha និងដែនទឹកជាប់គ្នា រួមទាំងច្រកសមុទ្រ Ren'ai Jiao ផងដែរ។ លោកបាននិយាយថា ចំណាត់ការរបស់ភាគីហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ចិន និងរំលោភលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ហើយការឆ្លើយតបរបស់ឆ្មាំល្បាតឆ្នេររបស់ចិនគឺត្រឹមត្រូវ ស្របច្បាប់ វិជ្ជាជីវៈ និងត្រូវតាមស្តង់ដារផងដែរ៕

សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី និងប្រទេសចំនួន៥ទៀតធ្វើសមយុទ្ធសង្គ្រាម ខណៈមានការព្រួយបារម្ភពីចិន

2023/09/01 02:14:19 pm        208
អាមេរិក៖ ក្រុមទាហានមកពីសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសចំនួន៥ផ្សេងទៀតដូចជា អូស្ត្រាលី ជប៉ុន សិង្ហបុរី ចក្រភពអង់គ្លេស និងបារាំង បានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហ្វឺនប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) នៅលើកោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី ខណៈដែលការឈ្លានពានរបស់ចិនកំពុងបង្កើនការព្រួយបារម្ភ។ក្រុមទាហានអាមេរិក និងឥណ្ឌូនេស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត Super Garuda Shield តាំងពីឆ្នាំ២០០៩មក ហើយអូស្ត្រាលី ជប៉ុន និងសិង្ហបុរី ក៏បានចូលរួមសមយុទ្ធនោះកាលពីឆ្នាំមុនផងដែរ។ កងកម្លាំងចក្រភពអង់គ្លេស និងបារាំង កំពុងចូលរួមក្នុងសមយុទ្ធនៅឆ្នាំនេះ ដោយមានបុគ្គលិកសរុបប្រមាណ៥.០០០នាក់។ ចិនមើលឃើញសមយុទ្ធដែលបានពង្រីកនេះ ថាជាការគំរាមកំហែង ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានកសាងសម្ព័ន្ធភាពឥណ្ឌូប៉ាស៊ីហ្វិកស្រដៀងនឹងអង្គការណាតូ ដើម្បីដាក់កម្រិតឥទ្ធិពលយោធា និងការទូតដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។ប្រទេសប្រ៊ុយណេ ប្រេស៊ីល កាណាដា អាល្លឺម៉ង់ ឥណ្ឌា ម៉ាឡេស៊ី ហូឡង់ នូវែលហ្សេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន កូរ៉េខាងត្បូង និងទីម័រខាងកើត ក៏បានបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់សមយុទ្ធរយៈពេលពីរសប្តាហ៍នៅតំបន់ Baluran ដែលជាទីក្រុងឆ្នេរសមុទ្រក្នុងខេត្តជ្វា ភាគខាងកើតនេះផងដែរ។លោកឧត្តមសេនីយឯក Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប្រចាំប៉ាស៊ីហ្វិក បាននិយាយថា ប្រទេសចំនួន១៩ដែលចូលរួមក្នុងការហ្វឹកហ្វឺននេះ គឺជាការបង្ហាញដ៏មានឥទ្ធិពលនៃសាមគ្គីភាពពហុភាគី ដើម្បីការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ៕

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា

2023/09/01 02:11:49 pm        163
កូរ៉េខាងត្បូង៖ កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃព្រហស្បតិ៍ (៣១ សីហា) ដែលជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព Ulchi ដែលកំពុងបន្តរបស់ពួកគេ។ កងទ័ពអាកាសបាននិយាយថា យន្តហោះចម្បាំងប្រហែល៦០គ្រឿងរួមទាំងយន្តហោះ F-35A និងយន្តហោះF-15K ក៏ដូចជាយន្តហោះវាយប្រហារ A-10 ត្រូវបានចល័តសម្រាប់សមយុទ្ធ ជាមួយនឹងសេណារីយ៉ូនិមិត្ត ដែលពាក់ព័ន្ធនឹងការជ្រៀតចូលប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ព្រមទាំងកំណត់គោលដៅសត្រូវសំខាន់ៗផងដែរ។ប្រទេសទាំងពីរបានចាប់ផ្តើមសមយុទ្ធខែលការពារសេរីភាព Ulchi នៅថ្ងៃទី២១ ខែសីហា ដែលជាសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ត្រូវបានរចនាឡើងដើម្បីបង្កើនការឆ្លើយតបរបស់ពួកគេចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងតែងតែរិះគន់សមយុទ្ធយោធាប្រចាំឆ្នាំថាជាការហាត់សមសម្រាប់សង្គ្រាម ប៉ុន្តែសម្ព័ន្ធមិត្តទាំងនេះបានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺជាការការពារធម្មតាប៉ុណ្ណោះ៕

មនុស្ស១៦នាក់ បានស្លាប់ក្នុងអគ្គិភ័យរោងចក្រនៅប្រទេសហ្វីលីពីន

2023/09/01 02:08:58 pm        151
ហ្វីលីពីន៖ ក្រុមអាជ្ញាធរអគ្គិភ័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ថា អគ្គិភ័យនៅអាគារមួយដែលប្រើជាលំនៅដ្ឋាន និងឃ្លាំង បានសម្លាប់មនុស្ស១៦នាក់ និងបណ្ដាលឲ្យមនុស្ស៣នាក់របួស នៅក្នុងរដ្ឋធានីហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)។ គេនៅមិនទាន់ពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គិភ័យ ដែលបានចាប់ផ្ដើមទាំងព្រឹកព្រលឹម ហើយបានឆាបឆេះអាគារកំពស់ពីរជាន់ ដែលប្រើជាឃ្លាំង និងផ្ទះកម្មករ សម្រាប់អាជីវកម្មបោះពុម្ពអាវយឺត នេះនោះទេ។អ្នកនាំពាក្យការិយាល័យការពារអគ្គិភ័យ លោក Douglas Guiyab បានប្រាប់ស្ថានីយវិទ្យុ DZRH ថា មនុស្ស៣នាក់បានរួចរស់ជីវិតដោយការលោតពីលើជាន់ទីពីរនៃអាគារនេះ។ ប្រទេសហ្វីលីពីន មានកំណត់ត្រាមិនច្បាស់លាស់ក្នុងការពង្រឹងនិយ័តកម្មសុវត្ថិភាពអគ្គិភ័យនៅក្នុងអគារ លំនៅដ្ឋាន និងការិយាល័យ។ គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៧ អគ្គិភ័យនៅផ្សារទំនើបមួយនៅភាគខាងត្បូងទីក្រុង Davao បានសម្លាប់ភ្នាក់ងារទទួលព័ត៌មានតាមទូរស័ព្ទចំនួន៣៧នាក់ និងមន្រ្តីសន្តិសុខម្នាក់។ កាលពីខែឧសភា អគ្គិភ័យដ៏ធំមួយក៏បានឆាបឆេះអគារប្រវត្តិសាស្ត្រនៃការិយាល័យប្រៃសណីយ៍កណ្តាលរបស់ទីក្រុងម៉ានីល ផងដែរ៕

ប្រទេសចិនប្រឆាំងដាច់ខាតលើការដាក់ពង្រាយយោធារបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក

2023/09/01 02:06:31 pm        77
ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian( អ៊ូ ឈាន) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជំរុញឱ្យប្រទេសនេះធ្វើសកម្មភាពដើម្បីផលប្រយោជន៍នៃសន្តិភាព និងស្ថិរភាពក្នុងតំបន់។ការលើកឡើងរបស់លោក Wu បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកមានគម្រោងបង្កើតទីតាំងការពារដែនអាកាសចំនួន២០ទីតាំងបន្ថែមទៀត ដែលបំពាក់ដោយមីស៊ីលស្ទាក់ចាប់ពីដីទៅលើអាកាស រ៉ាដា និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀតនៅលើកោះ Guam សហរដ្ឋអាមេរិក ហើយសាងសង់វាទៅជា «តំបន់ការពារខ្លាំងបំផុតក្នុងពិភពលោក»។លោកWuបានបន្ថែមថា «ដោយស្ថិតក្រោមលេសនៃការគំរាមកំហែងដោយគ្មានមូលដ្ឋាន សហរដ្ឋអាមេរិកនៅតែបន្តជំរុញការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសផ្សេងៗ និងបង្កើនភាពតានតឹងក្នុងតំបន់ផងដែរ ហើយប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ»៕

យោធាសហរដ្ឋអាមេរិកអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធគ្នានៅស៊ីរីភាគខាងកើត ហើយព្រមានថា វាអាចនាំឲ្យក្រុមISងើបឡើងវិញ

2023/09/01 12:50:19 pm        97
អាមេរិក៖ យោធាសហរដ្ឋអាមេរិក បានអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធជាច្រើនថ្ងៃរវាងក្រុមគូប្រជែងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីភាគខាងកើត កាលពីថ្ងៃព្រហស្បតិ៍ ដោយព្រមានថា វាអាចជួយដល់ការងើបឡើងវិញនៃក្រុមរដ្ឋឥស្លាមIS។ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃចន្ទ ហើយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងខេត្តដេអែលហ្សួ ( Deir el-Zour) ភាគខាងកើតដែលសម្បូរដោយប្រេង គឺជារឿងដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ប្រទេសស៊ីរីខាងកើតគឺជាកន្លែងដែលទាហានអាមេរិករាប់រយនាក់ បានឈរជើង តាំងពីឆ្នាំ ២០១៥ ដើម្បីជួយប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធIS។ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិភាគតិចឃើដប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមប្រឹក្សាយោធាដេអែលហ្សួ (Deir el-Zour) ដែលដឹកនាំដោយអារ៉ាប់និងកុលសម្ព័ន្ធអារ៉ាប់ក្នុងតំបន់មួយចំនួនដែលគាំទ្រពួកគេ៕

អតីតនាយករដ្ឋមន្ត្រីថៃ ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ

2023/09/01 12:21:03 pm        92
ថៃ៖ រដ្ឋមន្ត្រីរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រីដែលជាប់ពន្ធនាគាររបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra ) បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ជាពាក្យចចាមអារ៉ាមនៃកិច្ចព្រមព្រៀសម្ងាត់សម្រាប់ការផ្លាស់ប្តូរការសុំលើកលែងទោស។ មហាសេដ្ឋីដែលមានអាយុ៧៤ឆ្នាំរូបនេះ ជានាយករដ្ឋមន្ត្រីជាប់ឆ្នោត២ដង ហើយត្រូវបាន បណ្តេញចេញក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារកាលពីសប្តាហ៍មុនភ្លាមៗបន្ទាប់ពីការវិលត្រលប់មកកាន់ព្រះរាជាណាចក្រមួយនេះវិញពីការនិរទេសខ្លួនរយៈពេល១៥ឆ្នាំ។ការវិលត្រលប់មកកាន់ប្រទេសវិញស្របពេលជាមួយការវិលត្រឡប់មកវិញរបស់គណបក្សភឿថៃរបស់លោក មកដឹកនាំរដ្ឋាភិបាលក្នុងសម្ព័ន្ធភាពជាមួយគណបក្សនានាគាំទ្រដោយយោធា ដែលបង្កឲ្យមានមន្ទិលសង្ស័យការរាលដាលថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយពេលវេលាជាប់ពន្ធនាគាររបស់លោក។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាំផ្ទះ លោក Wissanu Krea-ngam ( វិសានុ គ្រឿង៉ាម) បាននិយាយថា លោក Thasin បានស្នើសុំការលើកលែងទោសពីការជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទអំពើពុករលួយ និងការបំពានអំណាច។ដោយត្រូវបាសួរថាតើដំណើរការមានរយៈពេលយូរប៉ុណ្ណា លោក Wissanu និយាយថា វាពិតជាអាស្រ័យលើ ការអនុគ្រោះពីព្រះមហាក្សត្រ។ នីតិវិធីពីរដ្ឋាភិបាលមិនយូរនោះទេ ប៉ុន្តែអាស្រ័យរយៈពេលព្រះតម្រិះរបស់ព្រះមហាក្សត្រ។ ស្ថិតនៅក្រោមច្បាប់របស់ប្រទេសថៃ អ្នកជាប់ទោស អាចដាក់ពាក្យស្នើសុំលើកលែងទោស ដែលត្រូវបានអនុម័តពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឆ្លងកាត់នាយករដ្ឋមន្ត្រី ទៅកាន់ឧត្តមក្រុមប្រឹក្សារាជបល្ល័ង្កមុនពេលទៅដល់ព្រះមហាក្សត្រ Maha Vajiralongkorn ៕

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លាលែងពីតំណែង

2023/09/01 12:18:44 pm        80
អង់គ្លេស៖ រដ្ឋមន្ត្រីការពរាជាតិចក្រភពអង់គ្លេស លោក Ben Wallace ( បេន វ៉លលីស) បានប្រកាសថា លោកនឹងលាលែងពីតំណែង ដែលលោកបានដាក់ស្នើការលាលែងរបស់លោកទៅកាន់នាយករដ្ឋមន្ត្រីលោក Rishi Sunak កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា វាដល់ពេលវេលាដើម្បីវិនិយោគនៅក្នុងក្រុមគ្រួសាររបស់លោកនិងខ្លួនលោកផ្ទាល់។ លោក Wallace គឺជាយោធាម្នាក់ ដែលបានឡើងជាមេបញ្ជាការកងទ័ព។ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិរយៈពេល៤ឆ្នាំមកហើយ ដោយអតីតនាយករដ្ឋមន្ត្រីលោក Boris Johnson និងបានគ្រប់គ្រងការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។លោក Wallace បានកាន់តួនាទីដឹកនាំមួយ ក្នុងការគាំទ្រការរៀបចំសម្រាប់ប្រទេសអ៊ុយក្រែន។ លោកគឺជាមនុស្សម្នាក់ដំបូងគេក្នុងចំណោមអ្នកមានឋានៈស្មើលោកក្នុងការការពារការដឹកជញ្ជូនមីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយ និងរថក្រោះ។ លោក Wallace បានសរសេរនៅលើលិខិតលាលែងរបស់លោកថាចក្រភពអង់គ្លេស មិនត្រូវវិលត្រលប់ដូចសព្វថ្ងៃនេះនៅពេលការចំណាយផ្នែកការពារជាតិត្រូវបានចាត់ទុកថាជាការគ្មានព្រំដែនកំណត់។ លោកបាននិយាយថា ពិភពលោកនឹងកាន់តែគ្មានសុវត្ថិភាព និងមានអស្ថិរភាពនៅទសវត្សរ៍បន្ទាប់ទៀត។លោក Wallace ត្រូវបានគេមើលឃើញថាជាបេក្ខជនម្នាក់ក្នុងការដឹកនាំសម្ព័ន្ធយោធាNATO។ ទោះជាយ៉ាងណាអគ្គលេខាធិការលោក Jens Stoltenberg បានព្រមព្រៀងកាលពីខែកក្កដាថានឹងបន្តនៅរយៈពេល១ឆ្នាំទៀត។ ក្រោយមក លោក Wallace បានប្រកាសថា លោកបានត្រៀមជាស្រេចដើម្បីចេញពីសមាជិកសភាក្នុងបំណងបន្តឱកាសថ្មី។លោក Wallace នឹងត្រូវបានដាក់ជំនួសដោយលោក Grant Shapps អតីតរដ្ឋមន្ត្រីថាមពល។ លោក Shapps បានសន្យាដាក់គំនាបនៅពេលខាងមុខក្នុងការប្រយុទ្ធប្រឆាំងចំពោះអ្វីដែលលោកហៅថា ការឈ្លានពានដ៏ឃោឃៅរបស់លោក Putin៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៨០០គ្រួសារ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
07/03/2026 03:07 PM
ទួរគីហៅអ៊ីស្រាអែលថា ជា «បញ្ហាសម្រាប់ពិភពលោកទាំងមូល»
07/03/2026 02:07 PM
រដ្ឋមន្ត្រីការបរទេសស៊ីរីនិយាយថា ស៊ីរីមិនមានបំណងធ្វើអន្តរាគមន៍យោធានៅប្រទេសលីបង់ទេ
07/03/2026 02:07 PM
ជនអន្តោប្រវេសន៍ប្រមាណ ៦០០.០០០នាក់នៅអេស្ប៉ាញ បានដាក់ពាក្យសុំឋានៈស្របច្បាប់
07/03/2026 02:07 PM
កម្ពុជាបញ្ជាក់ប្រាប់ប្រធាន ICRC ចំពោះ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយស​ន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិជាមួយប្រទេសថៃ
07/03/2026 02:07 PM
ក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
07/03/2026 02:07 PM
ក្រសួងការពារជាតិ៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវាយប្រហារគោលដៅយោធាអ៊ុយក្រែនជាង ១៥០កន្លែង
07/03/2026 02:07 PM
UNICEF៖ កុមារលីបង់ប្រហែល ១០ម៉ឺននាក់ ប្រឈមនឹងការខកខានមិនចូលរៀនក្នុងឆ្នាំសិក្សាថ្មី
07/03/2026 02:07 PM
សសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំ​បានត្រឹម​ស្មើគ្នា​ការប្រកួត​ពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
07/03/2026 02:07 PM
អ្នកគាំទ្រអាហ្សង់ទីនប្រារព្ធពិធី «Banderazo» នៅឆ្នេរសមុទ្រ Miami មុនការប្រកួត​ជាមួយ​កាប់វែរ
07/03/2026 02:07 PM