ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

UN ព្រមានថា ស្ថានភាពនៅស៊ូដង់ឈានដល់ចំណុចមិនអាចគ្រប់គ្រងបាន ខណៈវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងររយៈពេល៤ខែ ក្រោយផ្ទុះជម្លោះ

2023/08/16 10:54:08 am        99
 ស៊ូដង់៖ អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារទី១៥សីហាថា មនុស្សរាប់លាននាក់ជិតអស់ស្បៀងអាហារនៅក្នុងប្រទេសស៊ូដង់ ។ មនុស្សជាង៤លាននាក់ ត្រូវបានភៀសខ្លួនក្នុងប្រទេស រួមទាំងជាង១លាននាក់ ដែលបានត្រូវបានប៉ាន់ប្រមាណថាបានរត់គេចចូលទៅកាន់បណ្ដាប្រទេសជិតខាង។ ជម្លោះដែលបានអូសបន្លាយរយៈពេល៤ខែមកនេះ ចាប់តាំងពីផ្ទុះឡើងកាលពីថ្ងៃទី១៥ មេសា នៅក្នុងប្រទេសស៊ូដង់ បានបង្កឲ្យមានកង្វះខាតយ៉ាងខ្លាំងនៃសម្ភារៈប្រើប្រាស់ជាមូលដ្ឋានប្រចាំថ្ងៃដូចជាអាហារ និងថ្នាំពេទ្យ ដែលជំរុញឲ្យមានវិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរថែមទៀត នៅក្នុងប្រទេសនេះ ខណៈដែលពុំមានសញ្ញានៃការធូស្រាលនៅឡើយ។ យោងតាមទីតាំងជម្លោះប្រដាប់អាវុធ និងផែនការទិន្នន័យព្រឹត្តិការណ៍ បាននិយាយថា គិតត្រឹមថ្ងៃទី៤ខែសីហា ឧបទ្ទវហេតុហិង្សាជាង១.៣០០នាក់ត្រូវបានកត់ត្រា នៅប្រទេសស៊ូដង់ដែលបណ្ដាលឲ្យមនុស្សជាង៥.០០០នាក់ស្លាប់ ចាប់តាំងពីជម្លោះរវាងក្រុមគូប្រជែងយោធាចំនួន២ បានផ្ទុះឡើង ។   មនុស្សមួយចំនួន កំពុងស្លាប់ជាបន្តបន្ទាប់ដោយសារកង្វះការថែទាំសុខភាព បន្ទាប់ពីសង្គ្រាមរយៈពេល៤ខែ ដែលបានបំផ្លិចបំផ្លាញរដ្ឋធានីខាទុំ (Khartoum) និងបានបង្កើនការវាយប្រហារដាក់គោលដៅលើក្រុមជនជាតិភាគតិច នៅក្នុងតំបន់ដាហ្វួរ (Darfur) ។  ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍រួមថា ពេលវេលាជិតអស់ហើយសម្រាប់កសិករដាំដុះដំណាំ ដើម្បីផ្គត់ផ្គង់ក្នុងប្រទេសពួកគេ និងប្រទេសជិតខាង និងការកង្វះខាតការផ្គង់ផ្គង់ឱសថ។ អង្គការសហប្រជាជាតិ និយាយថា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់ឈានដល់ចំណុចមិនអាចគ្រប់គ្រងបាន។  អ្នកនាំពាក្យការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ លោក ជែនស៍ ឡាអេគី ( Jens Laerke) បាននិយាយថា ក្រុមមេដឹកនាំអង្គការមនុស្សធម៌សកលទាំងនេះ ព្រមានថា សង្រ្គាមនេះកំពុងបំផ្លិចបំផ្លាញជីវិតមនុស្ស និងប្រទេសកំណើតរបស់ពួកគេ ព្រមទាំងបំពាសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ៕

របបសឹក៖ នីហ្សេបើកចំហក្នុងការចរចា ខណៈលោកពូទីន និងអាមេរិក សង្កត់ធ្ងន់លើសន្តិភាព

2023/08/16 10:31:13 am        134
នីហ្សេ៖ កាលពីថ្ងៃអង្គារ របបសឹកនីហ្សេ បាននិយាយថា ខ្លួនបើកចំហសម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយវិបត្តិក្នុងតំបន់ ដែលបណ្តាលមកពីរដ្ឋប្រហារយោធាកាលពីខែមុន ខណៈដែលរុស្ស៊ី និងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី។មហាអំណាចលោកខាងលិច និងរដ្ឋាភិបាលអាហ្រ្វិកប្រជាធិបតេយ្យ បានអំពាវនាវឱ្យក្រុមមេដឹកនាំរដ្ឋប្រហារ ប្រគល់អំណាចឲ្យលោកប្រធានាធិបតីនីហ្សេ Mohamed Bazoum ដែលពួកគេបានឃុំខ្លួនតាំងពីថ្ងៃទី២៦ ខែកក្កដា ឡើងវិញ ប៉ុន្តែក្រុមមេដឹកនាំយោធាបានបដិសេធ និងច្រានចោលការប៉ុនប៉ងចរចា។បណ្ដាប្រមុខអាហ្រ្វិកខាងលិច នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ខាងមុខនេះ នៅប្រទេសហ្គាណា ដើម្បីរៀបចំសម្រាប់លទ្ធភាពណាមួយនៃការធ្វើអន្តរាគមន៍យោធា ដែលប្លុកតំបន់សំខាន់ និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានគំរាមថានឹងធ្វើឡើង ប្រសិនបើការដោះស្រាយការទូតបរាជ័យ។អន្តរាគមន៍យោធាណាមួយដែលអាចកើតឡើង នឹងធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតដល់ប្រទេសក្នុងតំបន់អាហ្វ្រិក Sahel ដ៏ក្រីក្រមួយនេះ ជាទីដែលការបះបោរដោយក្រុមមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម បានជម្លៀសមនុស្សរាប់លាននាក់ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ ព្រមទាំងបង្កឱ្យមានវិបត្តិអត់ឃ្លានផងដែរ៕

កូរ៉េខាងជើង និយាយថា Travis King ចង់គេចចេញពីការរើសអើង និង ការធ្វើបាបនៅក្នុងសហរដ្ឋអាមេរិក

2023/08/16 10:26:39 am        181
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃពុធទី១៦សីហា នេះថា ពលទោ Travis King បានសារភាពពីមូលហេតុរត់ឆ្លងព្រំដែនចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដោយសារតែការធ្វើបាបដ៏អមនុស្សធម៌ និងការរើសអើងពូជសាសន៍នៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ដែលជាការទទួលស្គាល់ជាសាធារណៈលើកដំបូងនៃឧបទ្ទវហេតុនេះដោយទីក្រុងព្យុងយ៉ាង(Pyongyang)។កូនទាហានជាពលទោ ឈ្មោះ Travis T King បានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង ខណៈមានដំណើរកម្សាន្តរបស់ជនស៊ីវិលនៅតាមតំបន់សន្តិសុខរួម (JSA) នៅតាមព្រំដែនដែលមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុត រវាងប្រទេសកូរ៉េទាំង២ ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ពួកគេជឿថា ពលទោ King មានបំណងរត់ឆ្លងព្រំដែន ។  ទីភ្នាក់សារព័ត៌មានរដ្ឋ KCNA បាននិយាយថា ពេលនេះក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងជើង ក៏បានសន្មតិហើយដែរថា ទាហានស្បែកខ្មៅ រូបនេះ បានឆ្លងព្រំដែនដោយចេតនា និងខុសច្បាប់ ។  អំឡុងការស៊ើបអង្កេត លោក Travis King បានសារភាពថា លោក បានសម្រេចចិត្តឆ្លងចូលប្រទេសកូរ៉េខាងជើង ខណៈលោកមានអារម្មណ៍ឈឺចាប់ខឹងនឹងការធ្វើបាបដ៏អមនុស្សធម៌ និងការរើសអើងពូជសាសស៍។ លោកក៏បានបង្ហាញឆន្ទៈរបស់លោកក្នុងការស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកូរ៉េខាងជើងឬ ប្រទេសទី៣ ដោយនិយាយថាលោកមិនសប្បាយចិត្តចំពោះសង្គមវិសមភាពរបស់សហរដ្ឋងាមេរិកទេ ។ បន្ទាប់ពីការវាយតប់គ្នានៅពេលស្រវឹងនៅហាងស្រា ក្នុងឧបទ្ទវហេតុជាមួយនគរបាលនិង ជាប់ពន្ធនាគារកូរ៉េខាងត្បូង ពលទោឋានៈទី២ King ត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានកាលពីឆ្នាំមុន ដើម្បីវិលត្រឡប់ទៅកាន់រដ្ឋ Texasវិញ ៕

ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ ចេញលិខិតថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា

2023/08/15 03:18:13 pm        246
ភ្នំពេញៈ ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលកន្លងមក សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដូចជាៈ បង្ក្រាបតាមច្រកប្រៃសណីយ៍, អាកាសយានដ្ឋានអន្តរជាតិ និងថ្មីៗនេះបង្ក្រាបក្រុមឧក្រិដ្ឋជន មេក្លោងមានអង្គការចាត់តាំង ដែលរៀបចំការដឹកជញ្ជូនគ្រឿងញៀនប្រភេទកេតាមីន ឆ្លងដែនតាមលំហរសមុទ្រទៅប្រទេសទី៣ សរុបគ្រឿងញៀនបង្ក្រាបបានប្រមាណ៨០០គីឡូក្រាម គិតជាទឹកប្រាក់ប្រមាណជាង៥០លានដុល្លារអាមេរិក ។គួរបញ្ជាក់ថា ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណចំនួន ០៣លើករួចមកហើយ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរ(DEA) និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលបង្ហាញពីស្នាដៃប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនដ៏ធំធេង និងស្តែងចេញនូវឆន្ទៈ មោះមុតរបស់មន្ត្រីអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ក្នុងការទប់ស្កាត់ការចរាចរគ្រឿងញៀនក្នុងពិភពលោក។ ទន្ទឹមនឹងនេះដែរ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណដល់៖ • ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ក៏ដូចជាស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិដ៏ទៃទៀត ដែលបានរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន សំដៅរក្សាសុខមាលភាព និងសន្តិសុខដល់សង្គមជាតិទាំងមូល។• សាធារណៈជនដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀន ដែលនេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»៕ ដោយ ៖ ដារ៉ា

នាវាជាច្រើនបានមកប្រមូលផ្តុំនៅច្រកសមុទ្រខ្មៅ ខណៈការបាញ់ព្រមានរុស្ស៊ី រុញឲ្យមានភាពតានតឹង

2023/08/15 02:17:19 pm        247
នាវាពាណិជ្ជកម្ម នៅតែប្រមូលផ្តុំគ្នានៅច្រកនាវាចរណ៍ ជុំវិញសមុទ្រខ្មៅ កាលពីថ្ងៃចន្ទ ខណៈកំពង់ផែជាច្រើនព្យាយាមបញ្ចប់ការងារនៅសេសសល់ជាច្រើន ក្នុងពេលមានការព្រួយបារម្ភកើនឡើង ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនដឹកជញ្ជូន មួយថ្ងៃបន្ទាប់ពីនាវាចម្បាំងរុស្ស៊ី បាញ់ព្រមាននាវាដឹកទំនិញមួយគ្រឿង។ រុស្ស៊ី និយាយថា នាវាល្បាត Vasily Bykov របស់ខ្លួនកាលពីថ្ងៃអាទិត្យ បានបាញ់នាវា Sukru Okan ដោតទង់ជាតិប្រទេសប៉ាឡាវ (Palau) បន្ទាប់ពីកាពីទែននាវានោះ មិនបានឆ្លើយតបទៅនឹងសំណើរសុំឲ្យឈប់ដើម្បីត្រួតពិនិត្យ។ បន្ទាប់ពិការត្រួតពិនិត្យ នាវានោះ បានបន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់កំពង់ផែ Izmail ប្រទេសអ៊ុយក្រែនតាមដងទន្លេ Danube ។ កាលពីថ្ងៃចន្ទ ទីក្រុងគីវ បានថ្កោលទោសនូវអ្វីដែលខ្លួនបានចាត់ទុកសកម្មភាពរបស់រុស្ស៊ីថា ជាការបង្ករឿង និងបានអំពាវនាវឲ្យមានវិធានការប្រឆាំងដោយមិនស្ទាក់ស្ទើរ ធ្វើឡើងដោយសហគមន៍អន្តរជាតិ។ប្រភពពីឧស្សាហកម្មធានារ៉ាប់រងបាននិយាយថា អត្រាសម្រាប់ការបង់ប្រាក់ធានាហានីភ័យសង្គ្រាមបន្ថែមទៀត នៅតែមានស្ថិរភាពទោះបីជាមានលទ្ធភាពនៃការកើនឡើងប្រសិននាវាមួយគ្រឿងត្រូវបានធ្វើឲ្យខូចខាត ឬលិច។ ការចំណាយលើការបង់ប្រាក់ធានាពីហានីភ័យសង្គ្រាមនៅសមុទ្រខ្មៅ ដែលជាធម្មតាបន្តថ្មីរៀងរាល់៧ថ្ងៃ ហើយកំពុងបន្ថែមទៅលើការចំណាយធានារ៉ាប់រងប្រចាំឆ្នាំ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនរាប់ម៉ឺនដុល្លារសម្រាប់នាវាមួយគ្រឿងក្នុងផ្លូវធ្វើដំណើរ។ យ៉ាងហោចណាស់ នាវា ៣០គ្រឿង កំពុងទម្លាក់យុទ្ធការនៅជុំវិញជ្រោយ Musura នៅសមុទ្រខ្មៅ ដែលឆ្ពោះទៅកាន់ព្រែកជីកមួយ ដែលភ្ជាប់ជាមួយកំពង់ផែ Izmail នៅតាមបណ្តោយផ្លូវទឹក ។

តំបន់ភាគខាងលិចរបស់ប្រទេសអ៊ុយក្រែន ត្រូវរងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី

2023/08/15 02:08:17 pm        323
ក្រុមមន្ត្រី បាននិយាយថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើតំបន់ល្វីវ (Lviv) ភាគខាងលិចរបស់ប្រទេសអ៊ុយក្រែន និងតំបន់វ៉ូលីន ( Volyn)ភាគពាយ័ព្យ ដោយត្រូវចំអគារជាច្រើន បណ្តាលឲ្យជនស៊ីវិលរងរបួស និងបង្ខំឲ្យមានការជម្លៀសមនុស្សចេញ។អភិបាលក្រុង លោក អានឌ្រីយ សាដូវយី ( Andriy Sadovyi) បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram នៅព្រឹកថ្ងៃអង្គារនេះថា៖«មីស៊ីលជាច្រើនគ្រាប់ ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែក៏មានការវាយប្រហារនៅក្នុងទីក្រុងល្វីវផងដែរ ដោយបន្ថែមថា បទបញ្ជាជាច្រើនត្រូវបានចេញឲ្យជម្លៀសចេញពីយ៉ាងហោចណាស់អគារផ្ទះល្វែងមួយដែលកំពុងឆេះ។លោកអភិបាលក្រុងនេះ បាននិយាយនៅលើ Telegram ថា មនុស្ស ៤នាក់ ត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ដ ហើយអគារលំនៅឋានជាង ១០០ខ្នង ត្រូវខូចខាតក្នុងការវាយប្រហារ រួមទាំងសាលាមត្តេយ្យមួយកន្លែង ដែលត្រូវបានបំផ្លាញដោយសារការធ្លាក់កម្ទេចកម្ទីពីមីស៊ីលរុស្ស៊ីដែលត្រូវបានបំផ្លាញ។មុននេះ អភិបាលតំបន់ល្វីវ លោក ម៉ាស៊ីម កូហ្ស៊ីតស្គី (Maxim Kozitsky) បាននិយាយថា៖«ក្រុមមី ស៊ីលរុស្ស៊ីជាច្រើនក្រុម ត្រូវបានតម្រង់ឆ្ពោះទៅកាន់តំបន់នេះ។

ទាហាននីហ្សេរីយ៉ា២៦នាក់ត្រូវបានសម្លាប់ នៅក្នុងការពួនស្ទាក់វាយប្រហារ ខណៈឧទ្ធម្ភាគចក្រជួយសង្គ្រោះបានធ្លាក់

2023/08/15 02:01:58 pm        203
ប្រភពយោធាពីរបានប្រាប់សារព័ត៌មាន AFP ថា យ៉ាងហោចណាស់សមាជិក២៦នាក់ នៃកងកម្លាំងសន្តិសុខនីហ្សេរីយ៉ា បានសម្លាប់ និងមនុស្ស៨នាក់ទៀត បានរងរបួសនៅក្នុងការពួកស្ទាក់វាយដោយខ្មាន់កាំភ្លើងនៅកណ្តាលប្រទេសនីហ្សេរីយ៉ា កាលពីល្ងាចថ្ងៃអាទិត្យ។បន្ថែមពីលើនេះទៀត អ្នកនាំពាក្យកងទ័ពអាកាសបាននិយាយថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះអ្នករបួសបានធ្លាក់កាលពីព្រឹកថ្ងៃច័ន្ទ នៅតំបន់នោះ ជាទីដែលកងទ័ពកំពុងប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជន ដោយមិនបានបញ្ជាក់ពីថា តើយានិក និងអ្នកដំណើរបានរួចជីវិត ឬយ៉ាងណានោះទេ។ប្រភពនោះបាននិយាយថា "យើងបានបាត់បង់ទាហានចំនួន២៦នាក់ រួមទាំងមន្រ្តី៣នាក់ និងជនស៊ីវិល ៣នាក់ នៅក្នុងការប្រយុទ្ធនោះ ខណៈដែលទាហាន៨នាក់បានរងរបួស បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ នៅតាមបណ្តោយផ្លូវហាយវេ Zungeru-Tegina។អ្នកនាំពាក្យកងទ័ពអាកាសនីហ្សេរីយ៉ា បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-171 របស់ខ្លួន ខណៈពេលកំពុងបំពេញបេសកកម្មជម្លៀសជនរងគ្រោះ បានធ្លាក់កាលពីថ្ងៃចន្ទ បន្ទាប់ពីហោះចេញពីទីក្រុងZungeru។ លោកបាននិយាយថា ការខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីជួយសង្គ្រោះអ្នកដែលជិះលើយន្តហោះនោះ ហើយការស៊ើបអង្កេតបឋមត្រូវបានបើក ដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះនេះផងដែរ៕

មនុស្សជាច្រើននៅចក្រភពអង់គ្លេស ជួបផលលំបាកក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ខណៈអតិផរណាឡើងខ្ពស់

2023/08/15 01:57:38 pm        196
ការប៉ុនប៉ងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការគ្រប់គ្រងអតិផរណាដោយដំឡើងអត្រាការប្រាក់ បានបង្កើនបន្ទុកក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាជន ដោយជំរុញឱ្យមានកូដកម្មដ៏ធំនៅគ្រប់វិស័យ ដែលបណ្តាលឱ្យចំនួនអ្នកគ្មានផ្ទះសម្បែង និងអត្រាឧក្រិដ្ឋកម្មកើនឡើង ដោយនាំទៅដល់ការបិទអាជីវកម្មតាមបែបប្រពៃណីជាច្រើនផងដែរ។យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃទី២៥ ខែកក្កដា ចំនួនគ្រួសារដែលរស់នៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់ថ្មីចំនួន១០៥.០០០គ្រួសារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើងចំនួន១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៩៨មក។អតិផរណារបស់ចក្រភពអង់គ្លេស បានកើនឡើងដល់កម្រិត៩,៤ភាគរយនៅក្នុងខែឧសភាឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានសន្យាថានឹងកាត់បន្ថយអតិផរណាចំនួនពាក់កណ្តាលនៅចុងឆ្នាំនេះ ដែលហាក់ដូចជាការប៉ុនប៉ងចុងក្រោយ ដើម្បីពន្យារការគ្រប់គ្រងរបស់គណបក្សអភិរក្ស។ការស្ទង់មតិចុងក្រោយបានបង្ហាញថា អត្រាគាំទ្ររបស់គណបក្សកាន់អំណាចកំពុងធ្លាក់ចុះ ហើយបក្សនេះអាចនឹងស្ថិតក្នុងស្ថានភាពមិនអំណោយផលនៅក្នុងការបោះឆ្នោតសកលនៅឆ្នាំក្រោយ៕

ការវាយប្រហារតាមអាកាសបានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់ នៅប្រទេសអេត្យូពី

2023/08/15 01:52:15 pm        143
មន្ត្រីមន្ទីរពេទ្យមួយបាននិយាយថា ការវាយប្រហារតាមអាកាសនៅក្នុងតំបន់ Amharaនៃប្រទេសអេត្យូពី បានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់ និងមនុស្ស៥៥នាក់បានរងរបួស។ ការវាយប្រហារនៅទីក្រុង Finote Selam កាលពីថ្ងៃអាទិត្យ គឺជាការវាយប្រហារមួយ ក្នុងចំណោមការវាយប្រហារមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងតំបន់ ជាទីដែលកងទ័ពបាននិងកំពុងប្រយុទ្ធជាមួយក្រុម ហ្វាណូ ដែលជាកងកម្លាំងប្រដាប់អាវុធយោធាប៉ារ៉ា។គណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសអេត្យូពី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអរិភាពដ៏មហន្តរាយនៅប្រទេសអេត្យូពីនេះ។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល៦ខែនៅទូទាំងតំបន់ Amhara កាលពីថ្ងៃទី៤ ខែសីហា។ ការប្រយុទ្ធគ្នានោះត្រូវបានបញ្ឆេះដោយការចោទប្រកាន់របស់ក្រុមប្រដាប់អាវុធ ហ្វាណូ ដែលថារដ្ឋាភិបាលសហព័ន្ធកំពុងព្យាយាមធ្វើឱ្យកម្លាំងកាការពាររបស់តំបន់ Amharaនេះ ចុះខ្សោយ។នេះជាវិបត្តិដ៏អាក្រក់បំផុតរបស់ប្រទេសអេត្យូពី ចាប់តាំងពីសង្គ្រាមស៊ីវិលនៅក្នុងតំបន់ Tigray ភាគខាងជើងបានបញ្ចប់ក្នុងខែវិច្ឆិកាមក។ ក្រុមហ្វាណូ បានគាំទ្រកងកម្លាំងសហព័ន្ធអំឡុងសង្គ្រាមតំបន់ Tigray ហើយពួកគេ បានបដិសេធមិនព្រមរំសាយអាវុធ ដោយជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធដាក់ពង្រាយកងទ័ពទូទាំងតំបន់។អំពើហឹង្សានេះ បាននាំឱ្យមានចំណាត់ការជាក់ស្តែង ដូចជារដ្ឋាភិបាលអ៊ីស្រាអែលបានជម្លៀសពលរដ្ឋ និងប្រជាជនជ្វីហ្វចេញពីតំបន់នេះ កាលពីសប្តាហ៍មុន ព្រោះតំបន់ Amhara នេះគឺជាជម្រករបស់សមាជិករាប់ពាន់នាក់នៃសហគមន៍ជ្វីហ្វ៕

មនុស្សយ៉ាងហោចណាស់១០នាក់ ស្លាប់ បន្ទាប់ពីមានការផ្ទុះនៅជិតរដ្ឋធានីរបស់សាធារណរដ្ឋដូមីនីក

2023/08/15 01:45:43 pm        190
សារព័ត៌មានជាភាសាអេស្ប៉ាញ Hoy កាលពីថ្ងៃចន្ទ (ទី១៤ ខែកក្កដា) បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់ បន្ទាប់ពីមានការផ្ទុះនៅជិតរដ្ឋធានីនៃសាធារណរដ្ឋដូមីនីក។សារព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ក្រៅពីអ្នកស្លាប់នោះ ក៏មានអ្នករងរបួសយ៉ាងតិចណាស់ ២៨នាក់ផ្សេងទៀតដែរ ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រប្លាស្ទិកមួយ នៅខេត្ត San Cristobal ភាគខាងត្បូងនៃសាធារណរដ្ឋដូមីនីក។ជាមួយគ្នានេះ សេវាសុខភាពជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះទាំងនោះ ក៏រួមមានទារកអាយុ ៤ខែម្នាក់ និងមនុស្សពេញវ័យ ២នាក់ ដែលពួកគេ សុទ្ធតែរងការរលាក ៩០ភាគរយ នៅលើដងខ្លួនដូចគ្នា។រដ្ឋមន្ត្រីនៃការិយាល័យប្រធានាធិបតី លោក Joel Santos បានទៅកន្លែងកើតមហន្តរាយនេះ ជាទីដែលលោក បាននិយាយថា ធនធានរបស់រដ្ឋាភិបាល នឹងត្រូវបានប្រើប្រាស់ជួយសង្គ្រោះជនរងគ្រោះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM
លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM
KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព
07/05/2026 01:07 PM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
07/05/2026 01:07 PM
លោក Putin និង លោក Zelenskyy មានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោក Trump
07/05/2026 12:07 PM
កម្ពុជានឹងប្រជុំពិនិត្យលើបេក្ខជនចំនួន ៣រូបដើម្បីជ្រើសរើសយកមួយរូបធ្វើជាប្រធានក្រុមអ្នកផ្សះផ្សា
07/05/2026 11:07 AM