ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

សហរដ្ឋអាមេរិក កំពុងព្យាយាមរារាំងផលចំណេញថ្មីរបស់ប្រទេសរុស្ស៊ីក្នុងនីហ្សេដែលរងការវាយប្រហារ ដោយរដ្ឋប្រហារ

2023/08/09 01:38:34 pm        441
អាមេរិក៖ សហរដ្ឋអាមេរិក កំពុងស្វែងរកការរារាំងប្រទេសរុស្សីពីការទទួលជ័យជម្នះថ្មីដ៏សំខាន់ជាមួយនីហ្សេដែលរងការវាយប្រហារដោយរដ្ឋប្រហារ ដោយបង្កជាបញ្ហា ទោះបីជាមានការខកចិត្តដំបូងថា ទំនាក់ទំនងយោធាដែលមានរយៈពេលយូរ នឹងរក្សាប្រទេសនេះ នៅក្នុងគន្លងឥទ្ធិពលរបស់លោកខាងលិចក៏ដោយ។ប្រទេសនីហ្សេ បានក្លាយជាចំណុចដ៏សំខាន់នៃប្រតិបត្តិការប្រឆាំងពួកសកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិក និងបារាំង នៅតំបន់សាហែល (Sahel)ជាពិសេស ចាប់តាំងពីការកាន់កាប់ដោយយោធារបស់ប្រទេសជិតខាង គឺម៉ាលី ដែលបានបង្ហាញឱកាសនេះដល់កងកម្លាំងលោកខាងលិច និងស្វាគមន៍កងកម្លាំងទាហានស៊ីឈ្នួល Wagner ដ៏គ្មានមេត្តារបស់រុស្ស៊ី។លោក ស្រី វីកធឺរៀ នូលែនដ៍ (Victoria Nuland)  ដែលជា អនុរដ្ឋមន្ត្រីការបរទេស្តីទីក្នុងដំណើរទស្សនកិច្ចដោយមិនប្រកាសមួយទៅកាន់ទីក្រុងនីញ៉ាម៉េ (Niamey ) កាលពីថ្ងៃចន្ទ បានទទួលស្គាល់វឌ្ឍនភាពតិចតួចលើការប្រឆាំងរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា ប៉ុន្តែបាននិយាយថា ក្រុមមេដឹកនាំយោធា យល់ច្បាស់ពីហានិភ័យចំពោះអធិបតេយ្យភាពរបស់ពួកគេ នៅពេលដែល Wagner ត្រូវបានអញ្ជើញឲ្យចូលមកប្រទេសនេះ។លោកស្រី បាននិយាយថា គូសន្ទនាសំខាន់របស់លោកស្រី ដែលជានាយសេនាធិការយោធាដែលទើបតែងតាំងថ្មី គឺ លោកឧត្តមសេនីយ៍ត្រី មូសា សាឡៅ បាមូ (Moussa Salaou Barmou) បានធ្វើការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក ហើយថា លោកស្រី បានពិភាក្សាលម្អិតអំពីទិដ្ឋ ភាពនៃកិច្ចសហប្រតិបត្តិការរបស់យើង ដែលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតជាប្រវត្តិសាស្ត្រ៕

ក្រុមអ្នកស៊ើបអង្កេត៖ យោធារបស់មីយ៉ាន់ម៉ា កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាន់តែឃោរឃៅឡើងៗ

2023/08/09 01:35:41 pm        263
UN៖ ក្រុមអ្នកស៊ើបអង្កេតដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ (UN) បានឲ្យដឹង កាលពីថ្ងៃអង្គារ (ទី៨ ខែសីហា) ថា យោធា និងកងជីវពលដែលមានសម្ព័ន្ធភាពជាមួយគ្នារបស់សហភាពមីយ៉ាន់ម៉ា កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាន់តែញឹកញាប់ និងកាន់តែឥតអៀនខ្មាស់ ក្នុងនោះរួមទាំងការទម្លាក់គ្រាប់បែកសំដៅលើជនស៊ីវិលផងដែរ។យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា ឬ IIMM បាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងដ៏គួរឲ្យជឿជាក់ ក្នុងរយៈពេល ១២ខែ ដែលបញ្ចប់ក្នុងខែមិថុនា ដែលបង្ហាញថា កងទ័ព និងកងជីវពល បានកំណត់គោលដៅវាយប្រហារដោយគ្រាប់បែកលើជនស៊ីវិលដោយមិនរើសមុខ និងមិនកំណត់ចំនួននោះឡើយ ដោយសម្លាប់មនុស្សដែលត្រូវបានចាប់ឃុំខ្លួនយ៉ាងរង្គាល អំឡុងប្រតិបត្តិការ និងការដុតផ្ទះសម្បែងជនស៊ីវិលទ្រង់ទ្រាយធំ។ ក្រុមដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០១៨ ដើម្បីតាមដានការរំលោភច្បាប់អន្តរជាតិ ក្នុងសហភាពមីយ៉ាន់ម៉ា បានប្រាប់ថា ខ្លួនកំពុងប្រមូលភ័ស្តុតាងដែលអាចប្រើប្រាស់បាន ក្នុងការកាត់ទោសអ្នក ដែលត្រូវទទួលខុសត្រូវ នាពេលអនាគត។សូមបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីពួកយោធា បានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំស៊ីវិល លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយការទម្លាក់អំណាចនោះ បានបង្កឲ្យមានការតវ៉ាអហិង្សាដ៏ធំកើតឡើង ដែលជាបន្តបន្ទាប់ត្រូវបានបង្ក្រាបយ៉ាងខ្លាំងក្លា។កាលពីខែមេសា ពួកយោធាបានទម្លាក់គ្រាប់បែកមួយគ្រាប់ ដែលក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ជាអាវុធ «បំផ្ទុះពពក» ដែលគេស្គាល់ថា ជាអាវុធជាតិផ្ទុះក្នុងការវាយប្រហារលើភូមិ Pazigyi ក្នុងតំបន់ Sagaing( សាហ្កាំង) ដែលបានសម្លាប់មនុស្សជាង ១៦០នាក់ ក្នុងនោះមានរួមទាំងកុមារជាច្រើននាក់ផងដែរ។IIMM បានលើកឡើងនៅក្នុងរបាយការណ៍មួយថា យោធាគួរតែដឹង ឬពិតជាដឹងថា ជនស៊ីវិលមួយចំនួនធំមានវត្តមាននៅទីនោះ ក្នុងពេលធ្វើការវាយប្រហារមួយចំនួន ហើយជាមួយគ្នានេះ បាននិយាយថា ខ្លួនកំពុងបន្តស៊ើបអង្កេតយ៉ាងសកម្មពាក់ព័ន្ធនឹងអំពើហិង្សា ដែលរួមទាំងឧក្រិដ្ឋកម្មផ្លូវភេទ និងយេនឌ័រ ដែលប្រព្រឹត្តដោយយោធាប្រឆាំងនឹងជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា ក្នុងឆ្នាំ២០១៧។តែយ៉ាងណាក្ដី រដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់ ដែលថា កងកម្លាំងសន្តិសុខ បានប្រព្រឹត្តការអំពើរំលោភ និងការសម្លាប់រង្គាល និងបានដុតផ្ទះសម្បែងរាប់ពាន់ខ្នង នៅក្នុងយុទ្ធនាការនេះ។ ចំណែកឯរដ្ឋាភិបាលអាមេរិកបានចាត់ទុកទង្វើរបស់យោធាមីយ៉ាន់ម៉ាថា ជាអំពើប្រល័យពូជសាសន៍៕

អ្នកភូមិនៅប្រទេសឥណ្ឌូនេស៊ី ជីកដៃទន្លេដែលបានរីងទឹកដោយសារគ្រោះរាំងស្ងួត ដើម្បី បានទឹកប្រើប្រាស់

2023/08/09 01:32:52 pm        255
ឥណ្ឌូនេស៊ី៖ ភូមិ Karanganyar របស់ប្រទេសឥណ្ឌូនេស៊ី មិនមានភ្លៀងធ្លាក់រយៈពេល៤ខែហើយ ដោយសារតែគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត អ៊ែលនីញ៉ូ នៅប្រទេសនេះ ដូច្នេះប្រជាជនក្នុងភូមិនេះ បាននាំគ្នាជីកដៃទន្លេ ដែលបានរីងទឹកអស់ដោយសារគ្រោះរាំងស្ងួតដើម្បីទទួលបានទឹកប្រើប្រាស់។ក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោង ទឹកដែលមានជាត់ប្រៃ និងភក់ នឹងហូរបំពេញរន្ធដែលទើបនឹងជីកនោះ។ បន្ទាប់មកអ្នកភូមិ Karanganyar ជាច្រើននាក់ ក្នុងខេត្តភាគកណ្ដាលនៃកោះជ្វា នេះ នាំគ្នាយកទឹកទៅផ្ទះដើម្បីផឹក លាងសម្អាត និងស្រោចស្រពដំណាំ។ អ្នកភូមិនេះបានចាប់ផ្ដើមជីកដៃទន្លេតាំងពីខែមិថុនា មកម្ល៉េះ នៅពេលដែលទឹកក្នុងអណ្តូងរបស់ពួកគេរីងអស់។កសិករម្នាក់ក្នុងភូមិនោះឈ្មោះ Sunardi បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា «គ្រោះរាំងស្ងួតនៅភូមិនេះមានចាប់តាំងពីខែមេសាមក ហើយរហូតមកដល់ពេលនេះមិនមានភ្លៀងធ្លាក់ទេ អណ្ដូងនៅតំបន់នេះរីងអស់ហើយ ដូច្នេះអ្នកស្រុកអាចទទួលបានតែទឹកពីដៃទន្លេប៉ុណ្ណោះ»។ទីភ្នាក់ងារអាកាសធាតុឥណ្ឌូណេស៊ី (BMKG) បាននិយាយថា បាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ ដែលនាំមកនូវអាកាសធាតុក្តៅ និងស្ងួតរយៈពេលយូរ កំពុងជះឥទ្ធិពលជាងពីរភាគបីនៃប្រទេសដ៏ធំនេះ រួមទាំងប្រជុំកោះជ្វាទាំងអស់ តំបន់ភាគខាងជើងនៃតំបន់កាលីម៉ាន់តាន់ និងតំបន់ផ្សេងៗទៀត លើកលែងតែតំបន់ឆ្នេរនៃសមុទ្រ ស៊ូម៉ាត្រា ប៉ុណ្ណោះ៕

ចំនួនអ្នកស្លាប់កើនឡើងដល់៦នាក់ បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុតវាយប្រហារប្រទេសស្លូវេនី

2023/08/09 01:30:28 pm        268
ស្លូវេនី៖ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់នៅក្នុងប្រទេសស្លូវេនី ដែលបច្ចុប្បន្នកំពុងវាយប្រហារដោយទឹកជំនន់ដ៏អាក្រក់បំផុតក្នុងកំណត់ត្រា ដោយបានបំផ្លាញផ្ទះសម្បែង និងភូមិជាច្រើនត្រូវបានកកស្ទះដោយកម្ទេចកំទី ខណៈដែលប្រតិបត្តិការបោសសម្អាតបានបន្តកាលពីថ្ងៃចន្ទ (៧ សីហា)។ភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល និងភាគខាងជើងប្រទេសស្លូវេនី បាននាំឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយចាប់តាំងពីពេលនោះមកបានជន់លិចផ្នែកជាច្រើននៃតំបន់ ដោយកាត់ផ្តាច់ផ្លូវទៅកាន់ភូមិ និងរំខានដល់ចរាចរណ៍ទៀតផង។នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob បានពណ៌នាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលប្រទេសដែលមានប្រជាជន២លាននាក់នេះកំពុងជួបប្រទះថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យកាលពីបីទសវត្សរ៍មុនមក។ប្រទេសស្លូវេនី ដែលជាសមាជិកសហភាពអឺរ៉ុប បានសុំជំនួយពីប្លុក២៧ប្រទេសនេះ ហើយបានស្នើសុំគ្រឿងចក្រធុនធ្ងន់ ដូចជាអេស្កាវ៉ាទ័រ និងគ្រឿងម៉ាស៊ីនជាដើម ក្នុងការស្ដារតំបន់ដែលរងគ្រោះដោយទឹកជំនន់។ ប្រទេសនេះក៏បានស្នើសុំឧទ្ធម្ភាគចក្រ កងកម្លាំង និងបំណែកស្ពានដែលបានសាងសង់រួចពីអង្គការណាតូផងដែរ៕

រលកកម្ដៅប៉ះពាល់ដល់កម្មករអ៊ីតាលីយ៉ាងខ្លាំង ខណៈសហជីពអំពាវនាវឲ្យមានវិធានការរឹងមាំជាងមុនដើម្បីទប់ទល់នឹងវិបត្តិនេះ

2023/08/09 01:26:13 pm        138
អ៊ីតាលី៖ កម្ដៅដ៏ខ្លាំងនៅរដូវក្តៅនេះ ត្រូវបានចាត់ទុកជាមូលហេតុមួយផ្នែកសម្រាប់ការស្លាប់របស់មនុស្សជាច្រើន នៅកន្លែងធ្វើការនៅទូទាំងប្រទេសអ៊ីតាលី រួមទាំងការដ្ឋានសំណង់ ហាងនំប៉័ង និងផ្សារទំនើបផងដែរ។ កាលពីខែមុន បុរសវ័យ ៤៤ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីដួលពេលកំពុងគូរគំនូរតាមផ្លូវក្នុងតំបន់ឡូឌី ជាទីប្រជុំជនជិតទីក្រុងមីឡាន។ក្រុមកម្មករអាចទទួលរងនូវជំងឺសុរិយរោគ បាត់បង់ជាតិទឹកយ៉ាងគ្រោះថ្នាក់ ឬកម្ដៅអាចធ្វើអោយស្ថានភាពដែលមានស្រាប់ ដូចជាជំងឺបេះដូង កាន់តែធ្ងន់ធ្ងរផងដែរ។ បន្ទាប់ពីរលកកម្ដៅដ៏ខ្លាំងនៅអឺរ៉ុបនៅរដូវក្តៅនេះ សហជីពបាននឹងកំពុងអំពាវនាវឱ្យមានច្បាប់ថ្មីដើម្បីការពារមនុស្សដែលធ្វើការនៅខាងក្រៅ រួមទាំងកម្មករសំណង់ និងកម្មករកសិកម្មផងដែរ។នៅក្នុងប្រទេសអ៊ីតាលី រដ្ឋាភិបាលបានប្រតិបត្តិការយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងរលកកម្ដៅដ៏ក្ដៅបំផុតរបស់ខែកក្កដា។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni បានណែនាំវិធានការបន្ទាន់ថ្មី រួមទាំងការបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនសំណង់ និងកសិកម្ម។ដោយសាររដូវក្តៅនៅក្នុងប្រទេសអ៊ីតាលី និងជុំវិញពិភពលោកនៅតែបន្តក្តៅខ្លាំង ផលប៉ះពាល់លើកម្មករជាទូទៅត្រូវបានកំណត់ថាកាន់តែអាក្រក់ទៅៗ។ អង្គការសហប្រជាជាតិនិយាយថាភាពតានតឹងនឹងកម្ដៅនឹងកាត់បន្ថយម៉ោងធ្វើការសរុបជាងពីរភាគរយនៅទូទាំងពិភពលោកក្នុងឆ្នាំ២០៣០៕

ជប៉ុនប្រារព្ធខួបលើកទី ៧៨នៃការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki

2023/08/09 01:23:22 pm        105
ជប៉ុន៖  នៅថ្ងៃពុធនេះ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី ៧៨នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុង Nagasaki ក្នុងនោះលោកនាយករដ្ឋមន្រ្តី Fumio Kishidaបានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមតាម Video Conference ។  លោក Kishidaនិយាយថា ក្នុងនាមជាប្រទេសតែមួយគត់នៅលើពិភពលោកដែលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកបរមាណូនៅក្នុងសង្រ្គាម ពួកយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីធ្វើឲ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ហើយនិងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្មានអាវុធនុយក្លេអ៊ែរទាំង ៣ ។ នេះគឺជាបេសកកម្មប្រទេសរបស់ពួកយើង ហើយវានឹងមិនផ្លាស់ប្តូរនោះទេ ។  ក្នុងឆ្នំានេះដែរ ពិធីរំឭកខួបត្រូវបានប្តូរទីតាំងឲ្យប្រារព្ធនៅក្នុងអគារ មិនមែននៅឧទ្យានសន្តិភាព Nagasaki នោះទេ ដោយសារក្តីកង្វល់ពីព្យុះទីហ្វុង Khanun ស្របពេលដែលវាបោកបក់ឆ្លងកាត់តំបន់ឆ្នេរភាគខាងលិចប្រទេសជប៉ុន ។  គួររំឭកថា ការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki បានកើតមានរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-29 ឬ Enola Gay បានទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោកលើទីក្រុង Hiroshima កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ អំឡុងសង្រ្គាមលោកលើកទី ២ ។   កាទម្លាក់គ្រាប់បែកទាំង ២លើកនេះ បានសម្លាប់មនុស្សជាង ២១៥.០០០នាក់ ក្នុងនោះមនុស្សរាប់ពាន់នាក់បន្ថែមទៀតបានស្លាប់តាមក្រោយដោយសាររបួស និងជំងឺពាក់ព័ន្ធនឹងសារធាតុវិទ្យុសកម្ម ។   រយៈពេល ៦ថ្ងៃក្រោយមក នៅថ្ងៃទី ១៥ ខែសីហា ជប៉ុន បានសុំចុះចាញ់ ដើម្បីបញ្ចប់ការឈ្លានពានយោធារបស់ខ្លួនដែលនាំឲ្យកើតមានសង្រ្គាមលោកលើកទី ២ ៕

រង្វាន់ធំរបស់ឆ្នោតផ្សងសំណាងសហរដ្ឋអាមេរិក Mega Millions កើនឡើងទឹកប្រាក់ដល់ ១,៥៨ពាន់លានដុល្លារ

2023/08/09 01:20:10 pm        117
អាមេរិក៖  រង្វាន់ធំរបស់ឆ្នោតផ្សងសំណាងសហរដ្ឋអាមេរិក Mega Millionsបានកើនឡើងទឹកប្រាក់រហូតដល់ ១,៥៨ពាន់លានដុល្លារនៅថ្ងៃអង្គារ ក្រោយគ្មាននរណាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋអាមេរិករាប់លាននាក់ ដែលលេងឆ្នោតចម្រុះរដ្ឋមួយនេះ កាន់សំបុត្រឈ្នះ អំឡុងពេលចាប់លេខកាលពីថ្ងៃសុក្រសប្តាហ៍មុន ។  យោងតាមវែបសាយរបស់ឆ្នោតផ្សងសំណាង Mega Millionsបានឲ្យដឹងថា បើសិនជាសំបុត្រសំណាងត្រូវបានរកឃើញអំឡុងពេលចាប់លេខនៅថ្ងៃអង្គារនេះ(ត្រូវនឹងថ្ងៃពុធនៅកម្ពុជា) អ្នកឈ្នះអាចជ្រើសរើសរវាងការទទួលបានប្រាក់ ១,៥៨ពាន់លានដុល្លារ អំឡុងការទូទាត់ប្រចាំឆ្នាំចំនួន ២៩លើក ឬសាច់ប្រាក់សុទ្ធសរុប ៧៥២,២លានដុល្លារ ។  លេខសំណាងនៅការចាប់ឆ្នោតនៅថ្ងៃអង្គារនេះ គឺ ៣២, ១៩, ១៣, ៣៣, ២០ និងលេខបាល់ ១៤របស់ឆ្នោតផ្សងសំណាង Mega Millions ។  ការចាប់ឆ្នោតផ្សងសំណាង Mega Millionsត្រូវបានធ្វើឡើងនៅវេលាម៉ោង ១១យប់ រៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ (ត្រូវនឹងព្រឹកថ្ងៃពុធ និងថ្ងៃសៅរ៍នៅកម្ពុជា) ។  សូមបញ្ជាក់ថា រង្វាន់ធំចុងក្រោយគេរបស់ឆ្នោតផ្សងសំណាង Mega Millions ត្រូវបានឈ្នះដោយអ្នកលេងម្នាក់នៅទីក្រុងញូវយ៉ក កាលពីខែមេសា ដែលមានទំហំទឹកប្រាក់ ២០លានដុល្លារ ៕

មន្ទីរបច្ចកោណមានជំនឿចិត្តលើការចែករំលែកចារកម្មជាមួយជប៉ុន បើទោះជាមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន

2023/08/09 01:17:00 pm        114
ចិន៖ កាលពីថ្ងៃអង្គារម្សិលមិញ មន្ទីរបច្ចកោណ និយាយថា ពួកគេមានជំនឿចិត្តចំពោះការចែករំលែកព័ត៌មានចារកម្មជាមួយជប៉ុន បើទោះបីជាសេចក្តីរាយការណ៍របស់សារព័ត៌មានសហរដ្ឋអាមរិក និយាយថា ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោធាចិន ចូលដល់បណ្តាញការពារជាតិដ៏រសើបបំផុតរបស់ជប៉ុនក៏ដោយ ។  កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កាសែត Washington Postបានលើកឡើងពីសម្តីក្រុមមន្រ្តីបច្ចុប្បន្ន និងអតីតរបស់សហរដ្ឋអាមេរិក និងជប៉ុន ដែលបាននិយាយថា ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោធាចិន បានចូលដល់បណ្តាញការពារជាតិសម្ងាត់របស់ជប៉ុនកាលពីឆ្នាំ ២០២០ ដោយពួកគេទទួលបានព័ត៌មានពីសមត្ថភាពយោធាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ ផែនការ និងការវាយតម្លៃចំណុចខ្វះខាត ។  អ្នកស្រី Sabrina Singhគឺជាអ្នកនាំពាក្យមន្ទីរបច្ចកោណ បដិសេធន៍ពុំផ្តល់សេចក្តីអធិប្បាយចំពោះសេចក្តីរាយការណ៍របស់កាសែត Washington Post ដោយអ្នកស្រីគ្រាន់តែនិយាយថា អ្នកស្រីចង់ឲ្យទីក្រងតូក្យូជាអ្នកនិយាយពីចារកម្មរបស់ពួកគេ និងសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេ ។  អ្នកស្រី Singh និយាយថា អ្វីដែលខ្ញុំត្រូវនិយាយម្តងទៀត ខ្ញុំនឹងឲ្យជប៉ុននិយាយពីសមត្ថភាពចារកម្មខ្លួនឯងរបស់ពួកគេ ហើយនិងសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ។ អ្វីដែលខ្ញុំអាចនិយាយបាន គឺតាមទស្សនៈក្រសួងការពារជាតិអាមេរិក ពួកយើងនៅតែមានជំនឿចិត្តលើទំនាក់ទំនងរបស់ពួកយើងជាមួយជប៉ុន ៕

ទឹកទន្លេនេប៉ាល់ ឡើងប្រៀបច្រាំងបណ្តាលឲ្យមានទឹកជំនន់ ស្របពេលដែលប្រទេសមួយនេះ រងឥទ្ធិពលខ្យល់មូសុង

2023/08/09 01:13:32 pm        149
នេប៉ាល់៖  ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ ប្រទេសនេប៉ាល់ កំពុងជួបការលំបាកខ្លាំងដោយសារតែទឹកជំនន់ ក្រោយទឹកទន្លេឡើងប្រៀបច្រាំង ដោយសារភ្លៀងមូសុងវស្សាវាយប្រហារប្រទេសមួយនេះ ។  ទឹកទន្លេ Bagmatiស្ថិតតាមជ្រលងភ្នំកដ្ឋម៉ាន់ឌូ បានហូរប្រៀបច្រាំង ហើយនិងជន់លិចតំបន់ជុំវិញនោះ ជាកន្លែងដែលមានមនុស្សប្រហែល ៤លាននាក់រស់នៅ ។  ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ បានព្យាយាមបាចទឹកចេញពីផ្ទះរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរ បានស្នើសុំឲ្យអ្នកស្រុកនៅជិតទន្លេភាគខាងកើត Sindhuliជម្លៀសចេញ ពេលដែលកម្រិតទឹកហក់ឡើងខ្ពស់ ។  លោក Ambar Goleគឺជាអ្នកដឹកបន្លែលក់ក្នុងផ្សារមួយរូប និយាយថា ផ្សារលក់បន្លែ បានរងការជន់លិចទាំងស្រុង ។ ពួកយើងសង្រ្គោះបានរថយន្តមួយគ្រឿងនៅទីនេះពីការជន់លិច ប៉ុន្តែរថយន្ត ៣ ឬ ៤គ្រឿង បានរងការខូចខាត ។ សូមបញ្ជាក់ថា ភ្លៀងមូសុងវស្សាដែលបោកបក់លើប្រទេសនៅតំបន់ភ្នំហិម៉ាឡៃនេះ ចាប់ពីខែមិថុនា ដល់ខែកញ្ញា បានសម្លាប់មនុស្ស ៣៨នាក់ មកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣នេះ ៕

មនុស្ស៣៣នាក់ស្លាប់ ដោយទឹកជំនន់នៅទីក្រុងប៉េកាំង និងមនុស្ស១៨នាក់នៅបាត់ខ្លួន

2023/08/09 12:51:04 pm        261
ចិន៖ ការរាយការណ៍ប្រចាំថ្ងៃរបស់ទីក្រុងប៉េកាំងបានឲ្យដឹងថា មានអ្នកស្លាប់ចំនួន៣៣នាក់ដោយសារតែទឹកជំនន់ដ៏ខ្លាំងនៅក្នុងទីក្រុងប៉េកាំង និង១៨នាក់នៅបាត់ខ្លួន។ សារព័ត៌មានរាយការណ៍ថា ទឹកជំនន់កើតមានឡើងបន្ទាប់ពីព្យុះទីហ្វុង Doksuri ដែលបានវាយប្រហារមកលើមនុស្ស១.២៩លាននាក់ បណ្តាលឲ្យបាក់រលំផ្ទះ៥៩.០០០ខ្នង និងខូចខាតធ្ងន់ធ្ងរដល់ផ្ទះចំនួន១៤៧.០០០ខ្នង។ ទឹកជំនន់ បានបំផ្លាញ កសិដ្ឋាននិងទីក្រុងនានា នៅខេត្ត Hebei ភាគខាងជើង និងតំបន់នៅជុំវិញនោះនិងបានបានឃើញមនុស្សជាង១.៥លាននាក់ត្រូវបានជម្លៀសខ្លួន។ទឹកភ្លៀងធ្លាក់លើសពីកំណត់ត្រា បានមកដល់កាលពីចុងខែកក្កដា ខណៈសំណល់នៃព្យុះ Doksuri បានបក់មកលើដីគោក ដែលបានវាយប្រហារលើប្រទេសចិនភាំគខាងជើង។ ភ្លៀងធ្លាក់កាលពីសប្តាហ៍មុន បានកើនលើសពីកំណត់ត្រាច្រើន នៅក្នុងទីក្រុងប៉េកាំង និងប្រទេសចិនភាគខាងជើង ដោយអាងទន្លេ Haihe ដ៏ធំល្វឹងល្វើយ បានរងការជនលិចខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៦៣មក។ អ្នកជំនាញឧតុនិយម បាននិយាយថា ផលប៉ះពាល់នៃព្យុះទីហ្វុងនានា គឺកម្រកើតមាននៅភាគឦសានប្រទេសចិន ដោយព្យុះទីហ្វុងភាគច្រើនបក់ឆ្ពោះទៅទិសខាងលិច ឬភាគពាយព្យ បន្ទាប់ពីធ្វើឲ្យមានបំណាក់ដី។គណៈរដ្ឋមន្ត្រីចិន បាននិយាយថា អាជ្ញាធរ នឹងពន្លឿនការស្តារឡើងវិញអគ្គិសនី និងទំនាក់ទំនងទូរគមនាគមន៍ ដែលត្រូវបានបំផ្លាញដោយទឹកជំនន់។ផ្នែកដ៏ទៃទៀតរបស់ប្រទេសចិន កំពុងតស៊ូក្នុងភាពរាំងស្ងួត ដែលកំពុងដាក់សម្ពាធបន្ថែមទៀតលើការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាជន១,៤ពាន់លាននាក់របស់ប្រទេសនេះដែលកំពុងប្រឹងប្រែងរួចទៅហើយជាមួយការបង្អាក់ក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្ក្រាប Online Scams នៅខណ្ឌដង្កោ ឃាត់ជនបរទេស ៨នាក់
07/06/2026 01:07 PM
លោក Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកហ្គាណា ក្រោយធ្លាក់ចេញពី World Cup
07/06/2026 01:07 PM
ទូតជប៉ុន សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងលើវិស័យបរិស្ថាន​កម្ពុជា​ធ្វើឱ្យប្រទេសក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ពលរដ្ឋ
07/06/2026 01:07 PM
ក្រសួងបរិស្ថាន រកឃើញវត្តមានភេទសត្វព្រៃកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១៤ប្រភេទ នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី
07/06/2026 12:07 PM
ប៉ាគីស្ថាន ទំនងជានឹងធ្វើជាម្ចាស់ផ្ទះជុំបន្ទាប់នៃកិច្ចពិភាក្សាបច្ចេកទេសរវាងអាមេរិក និងអ៊ីរ៉ង់
07/06/2026 12:07 PM
កម្ពុជា បន្តប្រាប់អង្គទូត និងអង្គការអន្តរជាតិអំពីទង្វើរំលោភបទឈប់បាញ់ និងបន្តធ្វើសកម្មភាពខុសច្បាប់របស់ថៃ
07/06/2026 12:07 PM
ប្រទេសអូស្ត្រាលី និងហ្វីជី ចុះហត្ថលេខាបង្កើតសម្ព័ន្ធភាពការពារជាតិថ្មី
07/06/2026 11:07 AM
បេសកជនអ៊ីរ៉ង់ប្រចាំប្រទេសចិន សន្យាប្រព្រឹត្តយ៉ាងពិសេសចំពោះប្រទេសជាមិត្តនៅច្រកសមុទ្រ Hormuz
07/06/2026 11:07 AM
ក្រុមឧទ្ទាមហ៊ូទី សម្លាប់កងទ័ពរដ្ឋាភិបាលយេម៉ែន១៦នាក់ក្នុងការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមបំផុត
07/06/2026 11:07 AM
ភ្លៀងមូសុង បានផ្តួលរលំដើមឈើ និងជន់លិចទីក្រុងជាច្រើននៅក្នុងប្រទេសឥណ្ឌា
07/06/2026 11:07 AM