ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

ព្យុះខិតជិតមកដល់បានបិទការិយាល័យនៅអាមេរិក ហើយមនុស្សរាប់លាននាក់តាមដានព្យុះកួច

2023/08/08 12:03:58 pm        251
អាមេរិក៖ នៅក្នុងតំបន់ទីក្រុងវ៉ាស៊ីនតោន ការិយាល័យរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបិទកាលពីព្រឹកថ្ងៃចន្ទ ដោយសារតែព្យុះរន្ទះកំពុងខិតជិតមកដល់ ខណៈពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិក ភាគខាងកើត ត្រូវបានព្រមានពីព្យុះកួចកំណាចដែលអាចកើតមាន ដូចជាខ្យល់បង្កមហន្តរាយ និងដុំព្រិលធំៗនៅមុនពេលបំណាច់ថ្ងៃ។ ការិយាល័យសេវាអាកាសធាតុជាតិ បាននិយាយថា មនុស្សជាង២៩,៥លាននាក់ រស់នៅក្នុងតំបន់មួយចាប់ពីរដ្ឋអាឡាបាម៉ារហូតដល់ រដ្ឋញូវយ៉កភាគខាងលិច ជាកន្លែងដែលមានហានីភ័យព្យុះកួចកំណាចនៅមុនម៉ោង១១យប់ ម៉ោងក្នុងតំបន់។ ការិយាល័យសេវាអាកាសធាតុជាតិ បាននិយាយថា ហានីភ័យធំបំផុតគឺនៅក្នុងតំបន់ភាគកណ្តាលនៃសមុទ្រអាត្លង់ទិក រួមមានទីក្រុងវ៉ាស៊ីនតោនD.C។ កន្លែងមួយចំនួនអាចមើលឃើញខ្យល់មានល្បឿនលើសពី១២១គីឡូម៉ែត្រក្នុងមួយម៉ោង និងមានធ្លាក់ព្រិលធំជាងគ្រាប់កូនហ្គោល។ យោងតាមគេហទំព័រតាមដាន PowerOutage.us. បានឲ្យដឹងថា ពលរដ្ឋជាង៨០០.០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់នៅរដ្ឋភាគកណ្តាលអាត្លង់ទិក និងភាគខាងត្បូង។រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានចេញបញ្ជាដល់ជើងយន្តហោះដែលចេញដំណើរ ចូលចតនៅអាកាសយានដ្ឋានក្នុងទីក្រុងញូវយ៉ក វ៉ាស៊ីនតោន ហ្វីឡាដែលហ្វីយ៉ា អាត្លង់តា និងទីក្រុងបាល់ទីម័រ ដោយសារតែព្យុះភ្លៀង។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធនិយាយថា ខ្លួនកំពុងផ្លាស់ប្តូរផ្លូវយន្តហោះ នៅជុំវិញព្យុះតាមដែលអាចធ្វើទៅបាន។ បណ្ណាល័យ សារមន្ទីរ ឧទ្យានជាតិ អាងហែលទឹក និងសេវាសហព័ន្ធនិងក្រុងដ៏ទៃទៀត នៅក្នុងតំបន់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបិទ។ គេហទំព័រ FlightAware ជាគេហទំព័រតាមដានជើងហោះហើរ បាននិយាយថា ជើងហោះហើរសហរដ្ឋអាមេរិក ជាង២.៣០០ជើង ត្រូវបានលុបចោល រួមទាំង៩៥ជើង នៅអាកាសយានដ្ឋានជាតិ Washington Reagan៕

ក្រុមកាយរិទ្ធិ៍ត្រៀមចាកចេញពីទីតាំងបោះជំរំនៅកូរ៉េខាងត្បូងមុនព្យុះទីហ្វុងមកដល់

2023/08/08 12:01:26 pm        245
កូរ៉េខាងត្បូង៖ ក្រុមកាយរិទ្ធិ៍ ត្រូវបានគេឃើញកំពុងរៀបចំសម្រាប់ការជម្លៀសខ្លួនពីទីតាំងបោះជំរំក្នុងពិធីជួបជុំក្រុមកាយរិទ្ធិ៍ពិភពលោក នៅក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ មុនពេលការខិតចូលជិតមកដល់នៃព្យុះទីហ្វុង។អ្នករៀបចំនិយាយកាលពីថ្ងៃចន្ទថា មនុស្សរាប់ម៉ឺននាក់ នឹងចាកចេញពីទីតាំងបោះជំរំនៅក្នុងតំបន់ដីគោកដែលទទួលបានសិទ្ធក្នុងការរៀបចំ នៅក្នុងខេត្ត Jeolla ភាគនិរតី។ អ្នករៀបចំនិយាយថា អ្នកចូលរួមប្រមាណ៣៦.៦០០នាក់ នឹងឡើងជិះរថយន្តក្រុងនៅថ្ងៃអង្គារនេះទៅកាន់តំបន់នានាចេញឆ្ងាយពីផ្លូវព្យុះទីហ្វុង Khanun ដែលបានបង្កការបំផ្លាញរួចទៅហើយនៅប្រទេសជប៉ុនភាគខាងត្បូង ហើយត្រូវបានគេរំពឹងថានឹងវាយបក់ទៅលើប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា។ក្រុមមន្ត្រីកំពុងស្វែងរកទីកន្លែងដែលអាចផ្លាស់ប្តូរគ្នា និងទីកន្លែងស្នាក់នៅ នៅក្នុងនិងជុំវិញទីក្រុងសេអ៊ូល។ ពិធីជួបជុំក្រុមកាយរិទ្ធិ៍ត្រូវបានកំណត់ពេលដំណើរការរហូតដល់ថ្ងៃទី១២ ខែសីហា ដែលនឹងនៅបន្ត៕

មនុស្សរាប់ពាន់នាក់នៅហៃទី ធ្វើបាតុកម្មទាមទារសុវត្ថិភាពពីក្រុមជនអន្ធពាលហិង្សា

2023/08/08 11:58:38 am        107
ហៃទី៖ មនុស្សរាប់ពាន់នាក់ដោយមានបិទមុខរបស់ពួកគេដើម្បីបិទបាំងអត្តសញ្ញាណ បានដង្ហែរបាតុកម្មឆ្លងកាត់រដ្ឋធានីប្រទេសហៃទីកាលពីថ្ងៃចន្ទ ទាមទារការការពារពីក្រុមជនអន្ធពាលហិង្សាជាអ្នកដែលកំពុងចូលលួចប្លន់នៅទីជិតខាងក្នុងរដ្ឋធានីព័រអូប្រាំង និងលើសពីនេះ។ ជីវិតរស់នៅរាល់ថ្ងៃរបស់ពលរដ្ឋហៃទី ត្រូវបានរំខានដោយអំពើហិង្សាពីជនអន្ធពាលឥតឈប់ឈរ ដែលបានបង្កឲ្យមានភាពក្រីក្រកាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេស ខណៈប្រទេសនេះរង់ចាំការសម្រេចចិត្តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញការដាក់ពង្រាយដ៏មានសក្តានុពលនៃកងកម្លាំងប្រដាប់អាវុធអន្តរជាតិ។ យើងចង់បានសន្តិសុខ ហ្វូងមនុស្សបានស្រែកដូច្នេះខណៈចេញធ្វើបាតុកម្មរយៈពេល២ម៉ោងពីសហគមន៍ Carrefour-Feuilles (កាហ្វួរ ហ្វើយ) ដែលជួបបញ្ហា ទៅកាន់ជំរំ de Mars នៅក្នុងតំបន់ទីប្រជុំជន ហើយបន្ទាប់មកទៅកាន់លំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ជាកន្លែងដែលនគរបាលបានបំបែកបាតុកម្មដោយប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក។នាង Wilene Joseph អាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរតាមដងផ្លូវនិងជាម្តាយមានកូន២នាក់ដែលបានមកចូលរួមធ្វើបាតុកម្មទាមទារការការពារបាននិយាយថា ខ្ញុំពុំអាចធ្វើការងារបាន ខ្ញុំពុំអាចចេញទៅខាងក្រៅ ខ្ញុំដូចជាអ្នកទោសម្នាក់នៅតែក្នុងលំនៅឋាន។ នាង Joseph និយាយអំពីកូនៗរបស់នាង មានអាយុ៥ឆ្នាំ និង៧ឆ្នាំ ថា ខ្ញុំព្រួយបារម្ភអំពីកូនៗរបស់ខ្ញុំព្រោះតែគ្រាប់កាំភ្លើងកំពុងហោះមកពីគ្រប់ទិសដៅគ្រប់ពេលវេលា។ ស្ថានការណ៍បែបនេះពុំអាចទទួលយកបាននោះទេ។ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moïse( ចូវ៉ិនណែល ម៉ូអ៊ីស) ក្នុងឆ្នាំ២០២១ អ្នកជំនាញនិយាយថា ក្រុមជនអន្ធពាល បានដណ្តើមយកការគ្រប់គ្រងរហូតដល់៨០ភាគរយ នៅទីក្រុងព័រអូប្រាំង ដែលមានការសម្លាប់ ការចាប់ជំរិត និងការរាលដាលការភ័យខ្លាចនៅក្នុងសហគមន៍ជាច្រើនដែលកំពុងទទួលរងភាពក្រីក្រតែក្នុងតំបន់រួចទៅហើយ៕

រុស្ស៊ីនឹងបាញ់បង្ហោះយានចុះចត នៅភពព្រះចន្ទលើកដំបូង តាំងពីឆ្នាំ១៩៧៦ ដើម្បីប្រណាំងប្រជែងជាមួយយានអវកាសឥណ្ឌា

2023/08/08 11:56:16 am        92
រុស្ស៊ី៖ ប្រទេសរុស្ស៊ីនឹងបាញ់បង្ហោះយានអវកាសចុះចត នៅភពព្រះចន្ទ ជាលើកដំបូង ក្នុងរយៈពេល ៤៧ឆ្នាំ នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) នេះ ដើម្បីប្រណាំងប្រជែងជាមួយប្រទេសឥណ្ឌា ក្នុងការឆ្ពោះទៅកាន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលជាកន្លែងប្រភពទឹកដ៏មានសក្តានុពល សម្រាប់ទ្រទ្រង់វត្តមានមនុស្ស នាពេលអនាគត នៅទីនោះ។ដោយកំណត់ការចុះចតនៅប៉ូល នាថ្ងៃទី២៣ ខែសីហា ការបាញ់បង្ហោះពីកន្លែងបាញ់បង្ហោះតារាសាស្ត្រ Vostochny ដែលមានទីតាំងចម្ងាយ ៣,៤៥០ម៉ាយល៍ (៥,៥៥០គីឡូម៉ែត្រ) ភាគខាងកើតទីក្រុងម៉ូស្គូ នឹងកើតមានឡើងក្នុងរយៈពេល ៤សប្តាហ៍ បន្ទាប់ពីប្រទេសឥណ្ឌាបានបញ្ជូនយានចន្ត្រាយាន-3 (Chandrayaan-3) ទៅចុះចតនៅភពព្រះចន្ទ។ដោយសារកត្តាភូមិសាស្ត្រ ពោលគឺផ្ទៃដីមានលក្ខណៈរដិបរដុប ធ្វើឲ្យការចុះចតនៅទីនោះ មានការលំបាក ប៉ុន្តែប៉ូលខាងត្បូង គឺជាគោលដៅដ៏មានតម្លៃមួយ ពីព្រោះអ្នកវិទ្យាសាស្ត្រជឿថា ទីនោះអាចផ្ទុកបរិមាណទឹកកកសំខាន់ៗ ដែលអាចប្រើសម្រាប់ការទាញយកឥន្ធនៈ និងអុកស៊ីហ្សែន ក៏ដូចជាទឹកសម្រាប់បរិភោគផងដែរ។ក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានឲ្យដឹងថា យានអវកាស Luna-25 របស់ខ្លួន នឹងចំណាយពេល ៨ថ្ងៃ ដើម្បីហោះហើរទៅកាន់ភពព្រះចន្ទ ហើយបន្ទាប់មកចំណាយពេលពី ៥ ទៅ ៧ថ្ងៃ ក្នុងគន្លងភពព្រះចន្ទ មុនពេលចុះចតនៅលើទីតាំងចុះចតមួយក្នុងចំណោមទីតាំងចុះចតចំនួន៣ ដែលអាចចុះចតនៅកៀកនឹងប៉ូល ដោយតារាងពេលវេលាបញ្ជាក់ថា យាននោះអាចផ្គូផ្គង ឬយកឈ្នះតិចតួចលើគូប្រជែងឥណ្ឌា ក្នុងការចុះចតលើផ្ទៃរបស់ភពព្រះចន្ទនេះ។សូមបញ្ជាក់ថា យានចន្ត្រាយាន-3 (Chandrayaan-3) របស់ឥណ្ឌា គ្រោងនឹងដំណើរការកិច្ចការពិសោធន៍រយៈពេលពីរសប្តាហ៍ ខណៈដែលយាន Luna-25 របស់រុស្ស៊ីនេះ នឹងធ្វើការងាររបស់ខ្លួននៅលើភពព្រះចន្ទរយៈពេលមួយឆ្នាំ៕

មនុស្ស៨នាក់ស្លាប់ក្នុងគ្រោះបំណាក់ដី និងទឹកជំនន់ នៅក្នុងប្រទេសវៀតណាមភាគខាងជើង

2023/08/08 11:53:43 am        144
វៀតណាម៖ យោងតាមគណៈកម្មការជាតិបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសវៀតណាម កាលពីថ្ងៃចន្ទ បំណាក់ដីនិងទឹកជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងអូសបន្លាយជាច្រើនថ្ងៃ បានឆក់យកជីវិតមនុស្សសរុបចំនួន៨នាក់ និង៣នាក់ផ្សេងទៀតរងបរបួស នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២ដល់ទី៦ខែសីហា។ គណៈកម្មការខាងលើនិយាយថា ក្នុងចំណោមជនរងគ្រោះទាំងអស់ ៤នាក់នៅក្នុងខេត្តឡៃឆូ(Lai Chau)២នាក់នៅក្នុងខេត្តយិនបៃ (Yen Bai) ម្នាក់នៅក្នុងខេត្តថៃ ង្វ្រៀន(Thai Nguyen) និងម្នាក់ទៀតនៅក្នុងខេត្តសើនឡា (Son La) ដោយបន្ថែមថា មនុស្ស៣នាក់ត្រូវបានរាយការណ៍ថាបានរងរបួសនៅក្នុងខេត្តឡៃឆូ ។ យោងតាមគណៈកម្មការនេះ គ្រោះមហន្តរាយនេះ បានបំផ្លិចបំផ្លាញលំនៅឋានចំនួន២៤ខ្នង និងផ្ទះសម្បែង១២៨ខ្នងទៀតរងការខូចខាត ព្រមទាំងផ្ទៃដីដំណាំស្រូវ និងដំណាំផ្សេងទៀតចំនួន៣០ហិចតា ក៏ត្រូវបានខូចខាតផងដែរ។កាសែតក្នុងស្រុកវៀតណាម បានរាយការណ៍ថា ចាប់តាំងពីថ្ងៃទី៤ខែសីហាមក តំបន់ភាគខាងជើងនេះ បានកត់ត្រាកម្រិតភ្លៀងធ្លាក់ពី១០០ទី២០០មីលីម៉ែត្រ និងជិត៤០០មីលីម៉ែត្រនៅក្នុងតំបន់មួយចំនួន បណ្ដាលឲ្យមានទឹកជំនន់នៅតាមទន្លេតូចៗ បង្កជាទឹកជំនន់ដ៏គំហុក និងបំណាក់ដីជាដើម ៕

ប្រទេសអ៊ុយក្រែនចាប់ឃុំខ្លួនស្ត្រីម្នាក់ពីបទប៉ុនប៉ងវាយប្រហារលើហ្សេឡិនស្គី

2023/08/08 11:51:07 am        113
អ៊ុយក្រែន៖ សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទ (ទី៨ ខែសីហា) ថា ខ្លួនបានឃុំខ្លួនអ្នកផ្តល់ព័ត៌មានម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានជួយប្រទេសរុស្ស៊ីរៀបចំផែនការវាយប្រហារលើលោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) នៅពេលដែលលោកបានចុះទៅមើលតំបន់ដែលរងគ្រោះដោយទឹកជំនន់។សេវាសន្តិសុខ SBU បានឲ្យដឹងថា ស្ត្រីដែលត្រូវបានឃុំខ្លួនកំពុងប្រមូលផ្តុំការស៊ើបការណ៍ ដើម្បីព្យាយាមស្វែងរកផ្លូវធ្វើដំណើររបស់លោកហ្សេឡិនស្គី មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់មីកូឡេអ៊ីវ (Mykolaiv) ភាគខាងត្បូង។សេវានេះ បានផ្សព្វផ្សាយរូបភាពមិនច្បាស់របស់ស្ត្រី ដែលត្រូវបានឃុំខ្លួនដោយមន្ត្រីពាក់ម៉ាស់ ក្នុងផ្ទះបាយ ព្រមទាំងសារទូរស័ព្ទមួយចំនួន និងកំណត់ហេតុសរសេរដោយដៃអំពីសកម្មភាពយោធា។ប្រទេសអ៊ុយក្រែន តែងតែចោទប្រកាន់អ្នកស្រុកដែលគាំទ្ររុស្ស៊ីពីបទបញ្ជូនព័ត៌មានទៅជួយយោធារបស់ទីក្រុងម៉ូស្គូ៕

រលកកម្ដៅ និងសីតុណ្ហភាពខ្ពស់គំរាមកំហែងដល់អាយុជីវិតកុមារនៅអាស៊ីខាងត្បូង

2023/08/08 11:48:39 am        101
អាស៊ីខាងត្បូង៖ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយកាលពីថ្ងៃចន្ទថា កុមារចំនួនបីភាគបួននៅអាស៊ីខាងត្បូង ត្រូវបានប៉ះពាល់ដោយសារសីតុណ្ហភាពខ្ពស់ បើធៀបនឹងកុមារតែម្នាក់ក្នុងចំណោមបីនាក់នៅទូទាំងពិភពលោក។មូលនិធិអង្គការ UNICEF ប៉ាន់ប្រមាណថា ៧៦ភាគរយនៃកុមារអាយុក្រោម១៨ឆ្នាំនៅក្នុងតំបន់ ដែលស្មើនឹង៤៦០ លាននាក់ ត្រូវបានប៉ះពាល់ដោយសីតុណ្ហភាពខ្ពស់ខ្លាំង ដោយមានរយៈពេល៨៣ថ្ងៃ ឬច្រើនជាងនេះក្នុងមួយឆ្នាំ ដែលមានសីតុណ្ហភាពលើសពី៣៥អង្សាសេ។ខែកក្កដា គឺជាខែមានសីតុណ្ហភាពក្តៅបំផុតមិនធ្លាប់មានដែលបានកត់ត្រាទុកជាសាកល ដោយបង្កើនការព្រួយបារម្ភបន្ថែមទៀតអំពីអនាគត ដែលកុមារ រួមទាំងអ្នកដែលរស់នៅក្នុងអាស៊ីខាងត្បូង ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងរលកកម្ដៅញឹកញាប់ និងធ្ងន់ធ្ងរជាងគេ ដោយភាគច្រើនបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ។លោក Sanjay Wijesekera នាយកប្រចាំតំបន់របស់អង្គការ UNICEF ប្រចាំតំបន់អាស៊ីខាងត្បូងបានមានប្រសាសន៍ថា «ពិភពលោកកំពុងទទួលរងការវាយប្រហារពីរលកកម្ដៅជាសកល ហើយទិន្នន័យបង្ហាញយ៉ាងច្បាស់ថាជីវិត និងសុខុមាលភាពរបស់កុមាររាប់លាននាក់នៅទូទាំងអាស៊ីខាងត្បូង ត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយរលកកម្ដៅ និងសីតុណ្ហភាពដ៏ខ្ពស់នេះ»៕

រដ្ឋប្រហារនីហ្សេ៖ បេសកជនអាមេរិកបានបើកកិច្ចពិភាក្សាដ៏ពិបាកជាមួយរបបសឹក

2023/08/08 11:44:53 am        113
អាមេរិក៖មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានជួបពិភាក្សាទល់មុខគ្នាជាមួយបណ្ដាមេដឹកនាំយោធារបស់នីហ្សេ បន្ទាប់ពីរដ្ឋប្រហារកាលពីខែមុន។ អនុរដ្ឋមន្ត្រីស្តីទី លោកស្រី Victoria Nuland បាននិយាយថា ការសន្ទនានេះគឺមានភាពស្មោះត្រង់បំផុត ហើយក៏ពិបាកណាស់ដែរ។រដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា រដ្ឋប្រហារនៅតែអាចបញ្ចប់ដោយការចរចារការទូត ហើយប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum តម្រូវឲ្យចូលកាន់តំណែងវិញ ប៉ុន្តែបានផ្អាកការទូទាត់ជំនួយជាបណ្ដោះអាសន្ន។ បណ្ដាប្រទេសនៅអាហ្វ្រិកខាងលិច គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិភាក្សាអំពីវិបត្តិនីហ្សេនេះ។ បណ្ដាមេដឹកនាំរដ្ឋប្រហារបានឆ្លើយតបទៅនឹងការគំរាមកំហែងនៃសកម្មភាពយោធាពីប្លុកតំបន់ ដោយបិទដែនអាកាសរបស់នីហ្សេ។ដោយថ្លែងទៅកាន់អ្នកសារព័ត៌មានពីរដ្ឋធានី នីញ៉ាមេ លោកស្រី Nuland បាននិយាយថា នៅក្នុងកិច្ចពិភាក្សាដែលមានរយៈពេលជាងពីរម៉ោង សហរដ្ឋអាមេរិកបានផ្តល់ជំនួយរបស់ខ្លួនទៅនីហ្សេ ប្រសិនបើត្រូវមានមនុស្សទទួលខុសត្រូវចំពោះរឿងនេះ ដើម្បីត្រឡប់ទៅរកបទបញ្ជារដ្ឋធម្មនុញ្ញវិញ។កាលពីថ្ងៃចន្ទ អស្ថិរភាពដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ បានបង្ខំអតីតម្ចាស់អាណានិគមបារាំង ដែលជាមហាអំណាច ព្រមានពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងការធ្វើដំណើរទៅកាន់តំបន់អាហ្វ្រិក Sahel ហើយសម្រាប់អ្នកដែលរស់នៅទីនោះត្រូវមានការប្រុងប្រយ័ត្ន ដោយសារតែប្រជាជនក្នុងតំបន់មានទំនោរប្រឆាំងនឹងបារាំង៕

ប្រធានាធិបតីនីហ្សេរីយ៉ា ប្រឈមមុខនឹងការរិះគន់ ជុំវិញអន្តរាគមន៍យោធានៅនីហ្សេ

2023/08/08 11:41:35 am        98
នីហ្សេរីយ៉ា៖ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសខ្លួន ជុំវិញការគំរាមកំហែងរបស់លោកក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីផ្លាស់ប្តូររដ្ឋប្រហារនៅក្នុងប្រទេសជិតខាង នីហ្សេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មានការប្រឆាំងយ៉ាងខ្លាំងចំពោះអន្តរាគមន៍យោធានៅក្នុងសម័យប្រជុំនៃសភាជាន់ខ្ពស់គឺព្រឹទ្ធសភាកាលពីថ្ងៃសៅរ៍ បើទោះបីជាសភាជាន់ខ្ពស់នោះ ត្រូវបានគ្រប់គ្រងដោយគណបក្សរបស់លោក Tinubu ក៏ដោយ។នេះជាករណីពិសេសក្នុងចំណោមសមាជិកសភាតំណាងឱ្យរដ្ឋនៅតាមបណ្តោយព្រំដែនប្រវែងជាង១.៥០០គីឡូម៉ែត្រ (៩៣០ ម៉ាយល៍) ជាមួយប្រទេសនីហ្សេ ប៉ុន្តែក៏មានការថ្កោលទោសទូទាំងប្រទេសអំពីលទ្ធភាពនៃសង្គ្រាមផងដែរ។ប្លុកតំបន់អាហ្រ្វិកខាងលិច Ecowas បានកំណត់កាលបរិច្ឆេទឳសានវាទនៅថ្ងៃអាទិត្យ សម្រាប់របបសឹកដើម្បីបោះបង់អំណាច បើមិនដូចច្នោះទេពួកគេប្រឈមមុខនឹងសកម្មភាពយោធាដែលអាចកើតមាន។ ការសម្រេចនេះត្រូវបានគេមើលឃើញថា ជាការសម្រេចរបស់លោក Tinubu ខណៈដែលលោកគឺជាប្រធានបច្ចុប្បន្នរបស់ប្លុក Ecowas ហើយប្រទេសនីហ្សេរីយ៉ាគឺជាសមាជិកដ៏មានឥទ្ធិពលបំផុតរបស់ប្លុកនេះផងដែរ។ទោះបីជារបបសឹកបានប្រឆាំងនឹងឱសានវាទក៏ដោយ ក៏ប្លុក Ecowas មិនបានឆ្លើយតបដោយការបញ្ជូនកងទ័ពភ្លាមៗទេ។ នេះជាការធូរស្រាលដល់ជនជាតិនីហ្សេរីយ៉ាជាច្រើន ដែលគាំទ្រដំណោះស្រាយការទូតចំពោះវិបត្តិនេះ៕

មនុស្សជាង ១.០០០ ត្រូវបានជម្លៀសចេញ ខណៈចំហេះព្រៃនៅព័រទុយហ្គាល់រីករាលដាលកាន់តែខ្លាំង

2023/08/08 11:38:37 am        80
ព័រទុយហ្កាល់៖ នៅថ្ងៃអង្គារនេះ ក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់បានព្យាយាមពន្លត់ភ្លើងចំហេះព្រៃដែលកំពុងឆាបឆេះនៅភាគខាងត្បូងប្រទេសព័រទុយហ្កាល់ ដែលបានឆេះរាលដាលលើផ្ទៃដីរាប់ពាន់ហិចតា និងបង្ខំឲ្យមានការជម្លៀសមនុស្សប្រហែល ១.៤០០ នាក់។ ភ្លើងឆេះព្រៃដែលបច្ចុប្បន្នកំពុងត្រូវបានទប់ស្កាត់ដោយក្រុមអ្នកពន្លត់អគ្គិភ័យជាង ៨០០ នាក់បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នៅក្នុងក្រុងអូដេមីរ៉ា(Odemira) ក្នុងតំបន់អាឡិនតេចូ(Alentejo)ប៉ុន្តែចាប់តាំងពីពេលនោះមកបានរាលដាលទៅភាគខាងត្បូងឆ្ពោះទៅតំបន់ អាល់ ហ្គាវ (Algarve) ដែលជាគោលដៅទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ល្បីៗជាច្រើនរបស់ប្រទេសព័រទុយហ្គាល់។ សីតុណ្ហភាពខ្ពស់ និងខ្យល់បក់ខ្លាំងកំពុងបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង ដែលបានបំផ្លាញផ្ទៃដីប្រហែល៦.៧០០ ហិកតា។ មិនយូរប៉ុន្មានមុនពេលថ្ងៃលិចកាលពីថ្ងៃចន្ទ ផ្ទៃមេឃនៅក្រុងអូដេមីរ៉ា បានប្រែជាងងឹត ខណៈពពកផ្សែងដ៏ធំគ្របដណ្ដប់ពាសពេញមេឃ។អភិបាលក្រុង អេដេមីរ៉ា លោក ហេលឌ័រ ហ្គូរ៉េរ៉ូ (Helder Guerreiro) បានហៅស្ថានភាពនេះថា ធ្ងន់ធ្ងរ លំបាក និងស្មុគស្មាញ ស្របពេលមេបញ្ជាការការពារជនស៊ីវិលលកហូសេ រីប៊ើរ៉ូ (Jose Ribeiro) បាននិយាយថា មាន ការងារជាច្រើន នៅខាងមុខដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃនេះ ។  ក្រុមអាជ្ញាធរបាននិយាយថា ភូមិតូចៗសរុបចំនួន ១៩ កន្លែងស្ថិតនៅតំបន់ទេសចរណ៍ចំនួន ៤ និងកន្លែងបោះជំរំមួយ ត្រូវបានជម្លៀសចេញពីការប្រុងប្រយ័ត្ន ហើយផ្លូវជាច្រើនត្រូវបានបិទ។បណ្តាប្រទេសនៅអឺរ៉ុបខាងត្បូង ដូចជាព័រទុយហ្គាល់ បាននឹងកំពុងប្រឈមចំពោះសីតុណ្ហភាពបំបែកកំណត់ត្រា ក្នុងរដូវទេសចរណ៍រដូវក្តៅខ្ពស់បំផុត ដែលជំរុញឲ្យក្រុមអាជ្ញាធរព្រមានពីហានិភ័យសុខភាព។ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា រលកកម្ដៅបានកើតមានឡើងកាន់តែញឹកញាប់ កាន់តែខ្លាំង និងរាលដាលពេញមួយរដូវ ដោយសារការប្រែប្រួលអាកាសធាតុ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM
ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា
07/06/2026 08:07 PM