ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

ការតវ៉ាទ្រង់ទ្រាយធំ បានកើតឡើងប្រឆាំងនឹងការព្រួតវាយដំលើស្ត្រី នៅក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌា

2023/07/23 10:58:14 am        362
មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាស្ត្រី កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) បាននាំគ្នាអង្គុយតវ៉ាក្នុងទ្រង់ទ្រាយធំ នៅភាគឦសានរដ្ឋ Manipur របស់ប្រទេសឥណ្ឌា ដែលទទួលរងនូវអំពើហិង្សា ដោយទាមទារឲ្យចាប់ខ្លួនជាបន្ទាន់នូវអ្នកដែលពាក់ព័ន្ធនឹងការព្រួតគ្នាវាយដំយ៉ាងឃោឃៅលើស្ត្រី ២នាក់ ដែលត្រូវបានបង្ខំឲ្យដើរដង្ហែតាមដងផ្លូវទាំងអាក្រាតកាយ។បណ្ដាមេដឹកនាំខាងសាសនា និងអង្គការស្ត្រី បាននិយាយប្រាស្រ័យទៅកាន់អ្នកចូលរួមបាតុកម្មជិត ១៥.០០០នាក់ ដែលបានអំពាវនាវឲ្យបណ្តេញលោក Biren Singh ដែលជាមន្ត្រីជាប់ឆ្នោត​លំដាប់ខ្ពស់​នៅក្នុងរដ្ឋ ដែលមានមនុស្សជាង ១៣០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីអំពើហិង្សា រវាងក្រុមជនជាតិភាគតិច២ បានផ្ទុះឡើង កាលពីដើមខែឧសភា។ ការតវ៉ានេះត្រូវបានធ្វើឡើងនៅសង្កាត់ Churachandpur ជាទីប្រជុំជនមានចម្ងាយ ៦៥គីឡូម៉ែត្រភាគខាងត្បូងក្រុង Imphal ដែលនេះជារដ្ឋធានីរបស់រដ្ឋ Manipur។សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃពុធ (ទី១៩ ខែកក្កដា) វីដេអូដែលបង្ហាញពីការវាយដំលើនារីភេទ បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង និងត្រូវបានចូលរួមចែករំលែកយ៉ាងសុសសាយ នៅលើបណ្ដាញសង្គម បើទោះបីជាប្រព័ន្ធអ៊ិនធឺណិត ត្រូវបានបិទដោយភាគច្រើន ហើយអ្នក​សារព័ត៌មានត្រូវបានរារាំងមិនឲ្យចូលទៅរដ្ឋដាច់ស្រយាលមួយនេះក៏ដោយ។ ខ្សែវីដេអូនោះបង្ហាញពីស្ត្រីអាក្រាតកាយ ២នាក់ ដែលត្រូវបានឡោមព័ទ្ធដោយយុវជនជាច្រើននាក់ ដែលនាំគ្នាលូកស្ទាបលើកេរ្តិ៍ខ្មាសរបស់នារីទាំង ២នាក់នោះ មុននឹងទាញអូសជនរងគ្រោះ​ទៅកាន់​ទីវាល ដើម្បីរំលោភ។នគរបាលបាននិយាយថា ការបំពារបំពាននេះបានកើតឡើង នៅថ្ងៃទី៤ ខែឧសភា ពោលគឺ ១ថ្ងៃបន្ទាប់ពីមានអំពើហិង្សាផ្ទុះឡើង។ ការតវ៉ានេះស្រែកចោទប្រកាន់ពីការរំលោភសេពសន្ថវៈ និងការសម្លាប់ដោយ «ពួកទមិឡមិនស្គាល់មុខ»។ រដ្ឋាភិបាលប្រចាំរដ្ឋ កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) បានប្រកាសពីការចាប់បានជនសង្ស័យទី៥ ហើយអគ្គស្នងការនគរបាល់របស់រដ្ឋ លោក Rajiv Singh បាននិយាយថា នគរបាលកំពុងឆ្មក់ចូលចាប់ខ្លួនជនសង្ស័យផ្សេងទៀត៕

មនុស្ស ១១នាក់បានស្លាប់ សង្ស័យថា ជាការវាយប្រហារដោយដុតភ្លើង នៅបារភាគខាងជើងប្រទេសម៉ិកស៊ិក

2023/07/23 10:48:36 am        284
អាជ្ញាធរក្នុងរដ្ឋ Sonora បាននិយាយកាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) ថា មនុស្ស ១១នាក់ បានសម្លាប់នៅក្នុងការវាយប្រហារដោយការដុតបារមួយកន្លែង ក្នុងទីក្រុង San Luis Rio Colorado នៅព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិក ដោយហរតុការណ៍នោះ កើតឡើង បន្ទាប់ពីភ្ញៀវមួយរូប ដែលត្រូវបានបណ្តេញចេញ បានដុតបារនោះដោយគ្រាប់បែកភ្លើង ។រដ្ឋអាជ្ញារបស់រដ្ឋ Sonora បានប្រាប់ថា ការរកឃើញបឋមបង្ហាញថា ជនសង្ស័យមានវ័យក្មេង ភេទប្រុស និងស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង អំឡុងបង្កបញ្ហារករឿងអ្នកដទៃ នាព្រឹកថ្ងៃសៅរ៍នោះ ហើយត្រូវបានគេបណ្តេញចេញពីរបារ ដោយសារការមិនគោរពចំពោះនារីៗ នៅទីនោះ។យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញានៅក្នុងរដ្ឋដែលមានព្រំដែនយ៉ាងវែងជាមួយរដ្ឋ Arizona បានឲ្យដឹងថា បន្ទាប់មក ជននោះបានត្រឡប់មកវិញ ហើយបានគប់គ្រាប់បែកភ្លើង នៅមាត់ទ្វារចូល ដែលបង្កជាអគ្គិភ័យឆាបឆេះឡើង។ អាជ្ញាធរបានបន្ថែមថា ជនរងគ្រោះ ៤នាក់ ក្នុងចំណោមអ្នកស្លាប់ ១១នាក់ ជាស្ត្រី ហើយមនុស្ស ៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសរបស់ពួកគេ។អភិបាលក្រុងលោក Santos Gonzalez បាននិយាយថា ជនសង្ស័យជាបុរសនោះ ត្រូវបាននគរបាលចាប់ខ្លួនហើយ៕

វិមានក្រឹមឡាំង៖ អ៊ុយក្រែនបង្កគ្រោះថ្នាក់ដល់ការដឹកជញ្ជូនផ្នែកស៊ីវិលនៅសមុទ្រខ្មៅ

2023/07/22 01:13:39 pm        423
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសុក្រថា អ្វីដែលខ្លួនហៅថាជាសកម្មភាពមិនអាចស្មានទុក​ជាមុនបានរបស់អ៊ុយក្រែនបានបង្កគ្រោះថ្នាក់ដល់ការដឹកជញ្ជូនផ្នែកស៊ីវិលនៅសមុទ្រខ្មៅ ហើយបានចោទប្រកាន់ទីក្រុង Kyiv ថាបានធ្វើការវាយប្រហារភេរវកម្មនៅក្នុងតំបន់។រុស្ស៊ីបាននិយាយនៅសប្តាហ៍នេះថា នាវាទាំងអស់ដែលធ្វើដំណើរទៅកាន់កំពង់ផែ​សមុទ្រខ្មៅ​របស់អ៊ុយក្រែន ​អាចចាត់ទុកថា ជាគោលដៅយោធា ហើយប្រទេសដែលមានទង់ជាតិរបស់​ពួកគេជាភាគី​នៃជម្លោះនៅខាងអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានដកការធានាសន្តិសុខរបស់ខ្លួនដោយ​ការបោះបង់​ចោល​កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ចាប់តាំងពីពេលនោះមក កងទ័ពជើងទឹករបស់ខ្លួនបានអនុវត្តការបាញ់គ្រាប់រ៉ុក្កែតលើ​គោលដៅ​លើទឹក ​និងរឹបអូសនាវា ទោះបីជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូប្រចាំ​នៅទីក្រុងវ៉ាស៊ីនតោន​កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធផែនការណាមួយក្នុងការវាយប្រហារលើនាវាស៊ីវិលក៏ដោយ។ នៅពេលសួរថាតើនាវាដឹកប្រេងរុស្ស៊ី និងទំនិញផ្សេងទៀតពីកំពង់ផែសមុទ្រខ្មៅរបស់រុស្ស៊ី​មាន​ហានិភ័យដែរឬទេ ​ហើយថា​តើរុស្ស៊ីនឹងផ្លាស់ប្តូរផ្លូវនាវារបស់ខ្លួននៅសមុទ្រខ្មៅដែរឬទេ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា ក្រសួងរដ្ឋាភិបាលនឹងធ្វើការសម្រេចចិត្តពីស្ថានភាព​កំពុង​ត្រូវបានវិភាគ ហើយភ្នាក់ងារទទួលខុសត្រូវរបស់យើងនឹងបង្កើត​អនុសាសន៍​សមស្រប​ដើម្បីកាត់បន្ថយគ្រោះថ្នាក់។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក៖ ក្រុមហ៊ុន Wagner មិនកំពុងប្រយុទ្ធនៅអ៊ុយក្រែនទេនៅពេលនេះ

2023/07/22 12:55:28 pm        416
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយទៅកាន់វេទិកាសន្តិសុខ Aspen កាលពីថ្ងៃសុក្រទី២១ ខែកក្កដាថា ក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner មិនកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែននោះទេ នៅពេលនេះ។មេបញ្ជាការក្រុមនេះ លោក Yevgeny Prigozhin ត្រូវបានបង្ហាញនៅក្នុងវីដេអូមួយកាលពីថ្ងៃពុធ ទី ១៩ ខែកក្កដា ដោយនិយាយថាក្រុមអ្នកប្រយុទ្ធរបស់លោកនឹងមិនចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនទៀតនោះទេសម្រាប់ពេលនេះ ប៉ុន្តែបានបញ្ជាឱ្យពួកគេប្រមូលកម្លាំងរបស់ពួកគេសម្រាប់ទ្វីបអាហ្វ្រិក។នៅក្នុងការអត្ថាធិប្បាយរបស់លោកនៅក្នុងវេទិកាសន្តិសុខ លោក Sullivan បាននិយាយថា ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden មិនទាន់បានធ្វើការសម្រេចចិត្តលើការ​ផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACM ដល់អ៊ុយក្រែននៅឡើយទេ។ទោះជាយ៉ាងណា លោកបាននិយាយថា លោក Biden និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានសន្ទនាគ្នា ហើយនឹងបន្តពិភាក្សាអំពីរឿងនេះ។ នៅចុងក្រោយ លោក Sullivan បានឆ្លើយសំណួរអំពីកាលបរិច្ឆេទនៃការបណ្តុះបណ្តាលអ្នកបើក​យន្តហោះអ៊ុយក្រែន លើការប្រើប្រាស់យន្តហោះចម្បាំង F16 ។ លោកនិយាយទៅកាន់វេទិកាថាលោករំពឹងថា ការបណ្តុះបណ្តាលនឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ទៀតនេះ។

សារអេឡិចត្រូនិករបស់មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកគោលនយោបាយចិន ត្រូវបានគេលួចយក

2023/07/22 12:20:22 pm        397
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកនិយាយថា គណនីសារអេឡិចត្រូនិករបស់មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកគោលនយោបាយប្រទេសចិនរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានចូលលួចដោយចោរព័ត័មានបច្ចេកវិទ្យា។ សារព័ត៌មាននានារាយការណ៍ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិនលោក Nicholas Burns និងលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសប្រចាំតំបន់អាស៊ីបូព៌ា ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត។ដោយលើកឡើងពីអ្នកដែលដឹងពីបញ្ហានេះ សារព័ត៌មាន Wall Street Journal បាននិយាយថា ការវាយប្រហារនេះ ត្រូវបានគេជឿថាបានសម្របសម្រួលយ៉ាងហោចណាស់រាប់ម៉ឺនសារអេឡិចត្រូនិកនៃបុគ្គល រដ្ឋាភិបាលសហរដ្ឋអាមេរិក។ កាលពីដើមខែនេះ ក្រុមហ៊ុន Microsoft បានប្រកាសពីការបំពាននេះ ហើយសន្មត់ថាវាជាក្រុមចូលលួចប្រើប្រាស់មានមូលដ្ឋាននៅប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានខ្នាតយក្ស(IT) បាននិយាយថា ក្រុមចោរលួចទិន្នន័យឬ Hacker ប្រហែលជាបានទាញយកភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធដំណើរការ cloud របស់ខ្លួន។កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីវាយតម្លៃផលប៉ះពាល់។ លោកនិយាយថា លោកជឿថាពុំមានការបែកធ្លាយព័ត៌មានសម្ងាត់នោះទេ។ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ចំពោះប្រទេសចិនថា ខ្លួននឹងឆ្លើយតបចំពោះសកម្មភាពណាមួយដែលដាក់គោលដៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រុមហ៊ុនអាមេរិក ឬពលរដ្ឋអាមេរិក ប្រសិនបើមើលឃើញថាចាំបាច់។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា លោក Blinken បានលើកឡើងពីឧបទ្ទហេតុនៃការលួចចូលប្រើប្រាស់នៅពេលលោកបានជួបជាមួយអ្នកការទូតជាន់ខ្ពស់របស់ចិនលោក Wang Yi កាលពីសប្តាហ៍មុន។

លោក Zelenskiy៖ យើងកំពុងរង់ចាំសព្វាវុធរយៈចម្ងាយឆ្ងាយ

2023/07/22 10:56:41 am        400
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រ ក្នុងវេទិកាសន្តិសុខ Aspen ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងរង់ចាំអាវុធរយៈចម្ងាយឆ្ងាយ ដើម្បីបន្តការវាយបកទៅលើរុស្ស៊ី។លោក Zelenskiy បាននិយាយថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយដោះស្រាយបញ្ហានេះ ក្នុងតួនាទីឈានមុខគេនៅក្នុងប្រទេសដែលផ្តល់ជំនួយផ្នែកការពារជាតិដល់ប្រទេសអ៊ុយក្រែន។ចាប់តាំងពីខែមុនមក កងកម្លាំងអ៊ុយក្រែនបានរុលចូលទៅកាន់ភាគខាងកើត និងភាគខាងត្បូង ដោយដណ្តើមបានមកវិញទឹកដីមួយចំនួនតូចនៅក្នុងការវាយបកទ្រង់ទ្រាយធំលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំមុន។ ប៉ុន្តែការរុលទៅមុខមានភាពយឺតយ៉ាវ ហើយពួកគេនៅមិនទាន់ចូលទៅដល់ខ្សែការពារសំខាន់របស់រុស្ស៊ីនៅឡើយ។លោក Zelenskiy បាននិយាយថា កំពង់ផែ Odesa ជាទីតាំងគ្រាប់ធញ្ញជាតិរបស់ខ្លួន និងតំបន់ជុំវិញ បានប្រែក្លាយម្តងទៀតជាគោលដៅវាយប្រហាររបស់រុស្ស៊ីដោយមានមនុស្សជាង២០បានរងរបួសក្នុងរយៈពេលតែ១សប្តាហ៍នេះ។ លោកបាននិយាយក្នុងសុន្ទរកថា តាមវីដេអូថា នឹងមានការឆ្លើយតបចំពោះការវាយប្រហារនេះ។រុស្ស៊ីបានបាញ់ផ្លោងនៅទីតាំងនាំចេញស្បៀងអាហាររបស់អ៊ុយក្រែន រយៈពេលបួនថ្ងៃជាប់គ្នា កាលពីថ្ងៃសុក្រ ហើយបានអនុវត្តការរឹបអូសនាវានៅសមុទ្រខ្មៅក្នុងការ​បង្កើននូវអ្វីដែលមេដឹកនាំ​ប្រទេសលោកខាងលិចនិយាយថា ជាការប៉ុនប៉ងដើម្បីគេចចេញពីទណ្ឌកម្មដោយការ​គំរាមកំហែង​ដល់វិបត្តិស្បៀងអាហារពិភពលោក។

សីតុណ្ហភាពនៅទីក្រុង Athens ឈានដល់ចំណុចក្រហមក្នុងរលកកម្ដៅលើកទីពីរ បន្ទាប់ពីអគ្គិភ័យដ៏មហន្តរាយ

2023/07/22 10:44:16 am        200
ទីក្រុង Athens បានឡើងកម្តៅខ្លាំងកាលពីថ្ងៃសុក្រ បន្ទាប់ពីរលកកម្ដៅលើកទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានវាយបក់មកលើប្រទេសនេះ ដោយនាំឲ្យសីតុណ្ហភាពកើនឡើងលើសពី៤០អង្សារសេ។ ទីតាំងបុរាណស្ថាននានា រួមទាំងទីតាំងល្បីល្បាញបំផុត Acropolis ត្រូវបិទអំឡុងម៉ោង១២ថ្ងៃត្រង់និងម៉ោង៥:៣០នាទីល្ងាច ម៉ោងក្នុងតំបន់ ដែលមានកម្តៅខ្លាំងបំផុត រហូតដល់ថ្ងៃទី២៣ ខែកក្កដា ដើម្បីបញ្ជៀស កម្តៅព្រះអាទិត្យដែលកំពុងក្តៅខ្លាំង។អាជ្ញាធរសុខាភិបាល បានបញ្ជូនការព្រមានជាច្រើនដល់សាធារណជនឱ្យស្នាក់នៅក្នុងលំនៅឋាន និងមានជាតិទឹក ខណៈការធ្វើការងារពីចម្ងាយត្រូវបានណែនាំ ជាពិសេសសម្រាប់ក្រុម​ដែល​ងាយរងគ្រោះ។ អាជ្ញាធររដ្ឋាភិបាល បានណែនាំឲ្យបុគ្គលិកឈប់សម្រាក បញញជៀសការហាត់ប្រាណ និង​ហាលកម្តៅថ្ងៃ។ សីតុណ្ហភាពក្តៅខ្លាំងបានហក់ឡើងវិញបន្ទាប់ ពីចំហេះព្រៃរយៈពេលមួយសប្តាហ៍​ដែលបានវាយបក់ដោយខ្យល់បក់ខ្លាំង បានបំផ្លាញលំនៅឋាននិងព្រៃឈើ។ ក្រុមមន្ត្រីឧតុនិយម បាននិយាយថា សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើង​ដល់កម្រិតខ្ពស់ខ្លាំងនៅចុងសប្តាហ៍នេះ ដោយឈានដល់ ៤៥ អង្សាសេ ។

ចំនួនអ្នកស្លាប់កើនឡើងដល់២២នាក់ ដោយបំណាក់ដី នៅប្រទេសឥណ្ឌា

2023/07/22 10:36:57 am        136
មន្ត្រីសង្គ្រោះគ្រោះមហន្តរាយ បាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារបំណាក់ដីនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌាបានកើនឡើងដល់២២នាក់ កាលពីថ្ងៃសុក្រ ដោយសាកសពចំនួន៦នាក់ទៀត ត្រូវបានទាញយកចេញពីក្រោមស្រទាប់ដីល្បាប់ មុនពេលប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាក។ បំណាក់ដី បានកើតឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងភូមិ Irshalwadi តំបន់ភ្នំដាច់ស្រយាលមួយមាន ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុង Mumbai ដោយបានធ្វើឱ្យលំនៅឋានជាច្រើនខ្នងបាក់រលំ។ភូមិតូចមួយនេះ ត្រូវបានប៉ាន់ប្រមាណថា ជាលំនៅឋានរបស់មនុស្សយ៉ាងហោចណាស់ ២២៥ នាក់ ដែលជាង៨០នាក់ បានរត់ភៀសខ្លួន ហើយមនុស្សជាង១០០ នាក់ទៀតត្រូវបានគេសង្ស័យថា នៅតែជាប់នៅក្រោមគំនរបាក់បែក។

UN ព្រមានបន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅថា មនុស្សច្រើននាក់អាចស្លាប់

2023/07/22 10:05:17 am        103
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រថា ការកើនឡើងតម្លៃគ្រាប់ធញ្ញជាតិចាប់តាំងពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នៅសមុទ្រខ្មៅដោយសុវត្ថិភាព អាចគំរាមកំហែងដល់ភាពអត់ឃ្លាន និងកាន់តែធ្ងន់ធ្ងរសម្រាប់មនុស្សរាប់លាននាក់។លោក Martin Griffiths បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបថា មនុស្សមួយចំនួននឹងស្រេកឃ្លាន អ្នកខ្លះទៀតអត់អាហារ ដែលមនុស្សជាច្រើននាក់អាចស្លាប់​ដោយ​សារតែការសម្រេចចិត្តនេះ។ លោកនិយាយថា ប្រជាជនប្រហែល ៣៦២ លាននាក់នៅក្នុង ៦៩ ប្រទេសកំពុងត្រូវការជំនួយមនុស្សធម៌។រុស្ស៊ី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ កាលពីថ្ងៃចន្ទដោយនិយាយថា​ការទាមទារដើម្បីធ្វើឲ្យប្រសើរការនាំចេញស្បៀងអាហារនិងជីរបស់ខ្លួនមិនត្រូវបានបំពេញ ហើយគ្រាប់ធញ្ញជាតិអ៊ុយក្រែន មិនគ្រប់គ្រាន់នោះដែលបានទៅដល់ប្រទេសក្រីក្របំផុត។ អនាគតស្រូវសាលីរបស់សហរដ្ឋអាមេរិកនៅទីក្រុងឈីកាហ្គោ បានកើនឡើងជាង ៦% ក្នុង​សប្តាហ៍នេះ ហើយកាលពីថ្ងៃពុធមានការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំង​ពីរុស្ស៊ីបាន​វាយលុក​លើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានសម្របសម្រួលកាលពីមួយឆ្នាំមុនដោយអង្គការ​សហប្រជាជាតិ និងប្រទេសទួរគី ដើម្បីប្រយុទ្ធប្រឆាំងវិបត្តិស្បៀងអាហារពិភពលោកដែលកាន់តែ​យ៉ាប់យ៉ឺន​ដោយការវាយលុករបស់រុស្ស៊ី។

អ្នកជំនាញរបស់UN ថ្កោលទោសការឃុំខ្លួនកុមារដោយបំពាននៅស៊ីរី

2023/07/22 10:00:47 am        110
អ្នកជំនាញរបស់អង្គការសហប្រជាជាតិម្នាក់បានបង្ហាញការព្រួយបារម្ភកាលពីថ្ងៃសុក្រថា កុមាររាប់ម៉ឺននាក់កំពុងត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅភាគឦសានប្រទេសស៊ីរី ដោយផ្អែកលើទំនាក់ទំនង ជាមួយក្រុមរដ្ឋអ៊ីស្លាមនិងបំពានច្បាប់អន្តរជាតិ តាមដែលបានចោទប្រកាន់ ។លោកស្រី Fionnuala Ni Aolain អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាននិយាយមួយថ្ងៃបន្ទាប់ពីត្រលប់មកពីតំបន់នោះថា លោកស្រីមានការព្រួយបារម្ភអំពីការចាប់ក្មេងប្រុសរាប់រយនាក់ពីជំរុំនានា។ជនភៀសខ្លួននៅក្នុងប្រទេសរាប់ពាន់នាក់ និងគ្រួសារនៃក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមដែលសង្ស័យ រួមមានជនជាតិស៊ីរី អ៊ីរ៉ាក់ និងជនជាតិដ៏ទៃទៀត ត្រូវបានដាក់ឲ្យស្នាក់នៅក្នុងជំរំឃុំឃាំងនៅទូទាំងតំបន់ បន្ទាប់ពីភៀសខ្លួនចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុមជីហាដក្នុងអំឡុងពេលជម្លោះនៅស៊ីរី។ លោកស្រីនិយាយថា អ្វីដែលខ្ញុំនឹងនិយាយថា ធ្វើឱ្យខ្ញុំនិងក្រុមរបស់ខ្ញូំព្រួយបារម្ភបំផុត ខណៈយើងបានទៅពិនិត្យមើលនៅភាគឦសានប្រទេសស៊ីរី គឺជាការឃុំឃាំងកុមារជាច្រើនដោយច្បាស់លាស់ និងតាមអំពើចិត្ត ជាពិសេសក្មេងប្រុសនៅក្នុងទីតាំងផ្សេងៗគ្នា។ ការឃុំខ្លួនពួកគេនៅក្នុងជំរំ ពន្ធនាគារ និងមជ្ឈមណ្ឌល គឺ ផ្អែកលើការគំរាមកំហែងដែលចោទប្រកាន់ថាពួកគេបង្ករចំពោះបញ្ហាសន្តិសុខ ដោយផ្អែកលើការជាប់ពាក់ព័ន្ធពីមុនតាមដែលចោទប្រកាន់របស់ពួកគេ ឬឪពុកម្តាយរបស់ពួកគេជាមួយក្រុម Daesh ដែលលោកស្រីនិយាយបន្ថែមដោយប្រើពាក្យមានន័យដូចសម្រាប់ក្រុមរដ្ឋអ៊ីស្លាម។ ក្នុងចំណោមកន្លែងដែលលោកស្រីបានទៅពិនិត្យមើល គឺជំរំ al-Hol ដែលដំណើរការដោយជនជាតិឃឺដ មានផ្ទុកមនុស្សប្រមាណ ៥៥.០០០ នាក់ ក្នុងនោះមានកុមារ ៣១.០០០ នាក់។ ជំរំនេះក៏មានជនជាតិភាគីទីបីមកពីបណ្តាប្រទេសលោកខាងលិច ទោះបីជាមានសម្ពាធរបស់អង្គការសហប្រជាជាតិឲ្យយកពួកគេត្រលប់ទៅវិញក៏ដោយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ រិះគន់ការរំលោភលើ MoU របស់អាមេរិក ខណៈការផ្ទុះបានធ្វើឱ្យរញ្ជួយដល់ទីក្រុងជាច្រើន
07/08/2026 10:07 AM
មេដឹកនាំអ៊ុយក្រែន៖ ណាតូ គួរតែអនុញ្ញាតឱ្យទីក្រុងគីវ ចូលរួមដើម្បីធ្វើឱ្យក្រុមប្រទេសទាំងអស់កាន់តែរឹងមាំ
07/08/2026 09:07 AM
ស្វ៊ីស ឈ្នះកូឡុំប៊ីដោយបាល់ ១១ម៉ែត្រកាត់សេចក្តីឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup លើកដំបូងក្នុងរយៈពេល ៧២ ឆ្នាំ
07/08/2026 09:07 AM
លោកTrump៖ អាមេរិកនឹងដកទណ្ឌកម្មលើប្រទេសទួរគី ហើយអាចលក់យន្តហោះចម្បាំង F-35
07/08/2026 09:07 AM
អាហ្សង់ទីន វាយបកយកឈ្នះអេហ្ស៊ីបមិនគួរឱ្យជឿឡើងវគ្គ៨ ក្រុមចុងក្រោយ World Cup 2026
07/08/2026 09:07 AM
វិមានក្រឹមឡាំងនិយាយថា រុស្ស៊ីកំពុងតាមដានកិច្ចប្រជុំកំពូលណាតូយ៉ាងដិតដល់
07/08/2026 09:07 AM
តម្លៃប្រេងរបស់សហរដ្ឋអាមេរិក បានកើនឡើងបន្ទាប់ពីយោធាប្រទេសនេះបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់
07/08/2026 09:07 AM
ណាតូ បង្ហាញកិច្ចព្រមព្រៀងអាវុធតម្លៃរាប់សិបពាន់លានដុល្លារ ខណៈលោក Trump មានអារម្មណ៍ខកចិត្ត
07/08/2026 09:07 AM
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី
07/08/2026 08:07 AM
អាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីនាវាដឹកប្រេងត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
07/08/2026 07:07 AM