ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

សន្តិសុខ និង សង្គម

ខេត្ត​បន្ទាយមានជ័យ ​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​១៤១​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ

2021/05/25 08:53:12 am        293
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រកាស​ថា អ្នក​ជំ​ងឺ​កូវីដ-១៩​ចំនួន ១៤១​នាក់​ទៀត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​ហើយ ​បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​របាយការណ៍​ចេញ​នៅ​ថ្ងៃ​នេះ ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ-១៩​​ចំនួន ១៤១​នាក់​ ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​នេះ ​មាន​ជន​ជាតិ​ខ្មែរ​ចំនួន ៧០​នាក់​ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ ជន​ជាតិ​ឥណ្ឌូនេស៊ី ​៤០​នាក់ ជន​ជាតិ​ថៃ ៣០​នាក់ ​និង​ជន​ជាតិ​ម៉ាឡេស៊ី ១​នាក់។បើ​តាម​របាយការណ៍​ដដែល​នេះ អ្នក​ជា​សះ​ស្បើយ​ថ្មី ១៣៥​នាក់ សុទ្ធ​តែ​ជា​អ្នក​ជំងឺ​កូវីដ-១៩ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​នានា​នៅ​ក្រុង​ប៉ោយប៉ែត ​ហើយ​អ្នក​ជា​សះ​ស្បើយ ៦​នាក់​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​សាកលវិទ្យាល័យ​មានជ័យ៕

ខេត្ត​ព្រៃវែង ​រក​ឃើញ​ស្ត្រី​៥​នាក់ និង​បុរស​២​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ​នៅ​តាម​ស្រុក​ចំនួន​៤

2021/05/25 03:07:52 pm        627
ព្រៃវែង ៖ រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​​ប្រកាស​ថា បាន​រក​ឃើញ​មនុស្ស ៧​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង ៧​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​ជា​ស្ត្រី ៥​នាក់ និង​បុរស​ ៣​នាក់ ក្នុង​នោះ​រក​ឃើញ ពលរដ្ឋ ៣​នាក់​​ទៀត​នៅ​ស្រុក​ពារាំង អ្នក​ភូមិ ២​នាក់​ទៀត​​នៅ​ស្រុក​ព្រះស្ដេច ​និងនៅឃើញ​ ១​ករណីៗ​នៅ​​ស្រុក​ពាមជរ និង​ស្រុក​កញ្ជៀច។គិត​ត្រឹមថ្ងៃ​ម្សិ​លមិញ​នេះ ខេត្ត​ព្រៃវែង​ បាន​រក​ឃើញ​មនុស្ស​សរុប ២៨៣​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ-១៩ចំនួន ៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។បើ​តាម​រដ្ឋបាល​ខេត្ត​ព្រៃវែង ​អ្នក​ជំងឺ​កូវីដ-១៩​សរុប ​១៤៣​នាក់ហើយ ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង ១៣៦​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

ខេត្ត​កណ្ដាល​សម្រេច ​អនុញ្ញាត​ឱ្យ​ផ្សារ​ស្អាង​ខាង​ជើង​ បើក​ដំណើរការ​វិញ​ តែ​តម្រូវ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល

2021/05/25 03:02:51 pm        31
កណ្ដាល៖ រដ្ឋបាល​ខេត្ត​កណ្ដាល​ សម្រេច​អនុញ្ញាត​ឱ្យ​ផ្សារ​ស្អាង​ខាង​ជើង ស្ថិត​ក្នុង​ស្រុក​ស្អាង បើក​ដំណើការ​ឡើង​វិញ​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ។ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ អាជីវករ​នៅ​ផ្សារ​ស្អាង​ខាង​ជើង ​ និង​ប្រជា​ពលរដ្ឋ​ ត្រូវ​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល ​ដូចជា ពាក់​ម៉ាស់ ​រក្សា​គម្លាត និង​លាង​ដៃ​សម្លាប់​មេរោគ​ជា​ប្រចាំ។អភិបាល​ខេត្ត​កណ្ដាល​ ក៏​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ស្រុក​ស្អាង ឱ្យ​សម្រប​សម្រួល​ការ​បើក​ដំណើរការ​ផ្សារ​មួយ​នេះ​ឡើង​វិញ​ ជាមួយ​ការ​រៀបចំ​នូវ​វិធានការ​បង្ការ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ៕

ខេត្ត​តាកែវ​ រក​ឃើញ​មនុស្ស​៤៩​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ជា​កម្មការិនី​​រោងចក្រ​សាន់បូរ

2021/05/25 06:28:43 am        449
តាកែវ៖ រដ្ឋបាល​ខេត្ត​តាកែវ បាន​ប្រកាស​ថា មនុស្ស ៤៩​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើន​ជា​កម្មករ​កម្មការិនី ​រោងចក្រ​សាន់បូរ។ក្នុង​សេចក្ដីជូន​ដំណឹង​នៅ​ថ្ងៃ​នេះ​ រដ្ឋបាល​ខេត្ត​តាកែវ បាន​បញ្ជាក់​ថា កម្មការិនី​រោងចក្រ​សាន់បូរ​ចំនួន ៣៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈ​អាជីវករ​ផ្សារ​សំរោង​យ៉ោង​ចំនួន ៧​នាក់​ទៀត ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​នេះ​ផង​ដែរ។ក្រៅ​ពី​នេះ ករណី​ឆ្លង​មេរោគ​កូវីដ-១៩​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​លើ​កុមារ​ម្នាក់​អាយុ ១០​ឆ្នាំ កម្មករ​ក្បឿង ២​នាក់ អ្នក​លក់​បុក​ល្ហុង ២​នាក់ និង​បុរស​ម្នាក់​អាយុ ៥១​ឆ្នាំ​ជា​អ្នក​រត់​តាក់ស៊ី​ភ្នំពេញ-ព្រះសីហនុ។អាជីវករ​ជាច្រើន​នាក់​ នៅ​ផ្សារ​សំរោងយ៉ោង​ ស្ថិត​ក្នុង​ស្រុក​បាទី ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ជា​បន្ត​បន្ទាប់ រហូត​អាជ្ញាធរ​ត្រូវ​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​មួយ​នេះ ហើយ​ប្រមូល​សំណាក​ពី​អាជីវករ​ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ទៅ​ពិនិត្យ​រក​មេរោគ​។ចំណែក​ឯ​រោងចក្រ​សាន់បូរ​វិញ ​ក៏​បាន​រក​ឃើញ​ករណី​ឆ្លង​ក្នុង​ចំណោម​កម្មករ​កម្មការិនី​ជាច្រើន​ផង​ដែរ ដែល​ជំរុញ​ឱ្យ​ផ្អាក​ដំណើរការ​តាម​ផ្នែក​ខ្លះ​នៃ​រោងចក្រ​នេះ​ផង​ដែរ៕

កម្ពុជា​រក​ឃើញ​មនុស្ស ៥៦៨​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៦៦៣​​នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/05/25 12:17:31 pm        282
ភ្នំពេញ៖ ក្រសួង​សុខាភិបាល ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ ៥៦៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ​ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៦៣នាក់​ទៀត ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្រសួង​សុខាភិបាល​ បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៥៤០​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ ២៨​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​​សរុប ២៦ ៣២៩​នាក់​ហើយ ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០២០​ កន្លង​មក។ក្រសួង​សុខាភិបាល​ ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស ៤​នាក់​បន្ថែម​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៨៣​នាក់​ហើយ​គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា ​បាន​ប្រកាស​ពី​ករណី​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ-១៩​ ជាលើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១៩ ០២២​នាក់​ហើយ​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ៦៦៣​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខេត្ត​កំពង់ធំ ​រក​ឃើញ​ពលរដ្ឋ​១៤​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ​ក្នុង​នោះ​ មាន​ពលករ​២​នាក់​វិល​ត្រឡប់​ពី​ប្រទេស​ថៃ

2021/05/25 12:02:50 pm        286
កំពង់ធំ៖ រដ្ឋបាល​ខេត្ត​កំពង់ធំ​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស ១៤​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើន​ពលរដ្ឋ​ទាំង​នោះ បាន​ឆ្លង​មេរោគ​នេះ​ បន្ទាប់​​ពី​បាន​ប៉ះ​ពាល់​ជាមួយ​អ្នក​ជំងឺ​កូវីដ-១៩។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន រដ្ឋបាល​ខេត្ត​កំពង់ធំ​ បាន​បញ្ជាក់​ថា ​ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​តាំងគោក​ចំនួន១២​នាក់ ​ស្រុក​ស្ទោង ១​នាក់ និង​ស្រុក​ប្រាសាទ​សំបូរ ១​នាក់។នៅ​ឯ​ស្រុក​តាំងគោក រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​ឱ្យ​ដឹង​ទៀត​ថា ​ពលរដ្ឋចំនួន ១១​នាក់​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ​បន្ទាប់​ពី​ពួកគេ​បាន​ប៉ះ​ពាល់​នឹង​អ្នក​ជំងឺ​កូវីដ-១៩ ​ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់​ទៀត គឺ​ជា​កម្មការិនី​ម្នាក់​បម្រើ​ការងារ​នៅ​រោងចក្រ​ខាលីនតុន ​ស្ថិត​នៅ​ក្នុង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។ ចំណែក​ឯ​ពលរដ្ឋ ២​នាក់​ទៀត រដ្ឋបាល​ខេត្ត​នេះ ​បញ្ជាក់​ថា​ ជា​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ កាល​ពី​ពេល​ថ្មីៗ​នេះ។គិត​មក​ត្រឹម​ថ្ងៃ​នេះ ខេត្ត​កំពង់ធំ ​រក​ឃើញ​ប្រជា​ពលរដ្ឋ​សរុប ១៨៨​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ខេត្ត ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៨​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ហើយ ក្រោយ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ ចំនួន ១២០​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

នៅ​ខេត្តស្វាយរៀង ​ស្ថានភាព​អ្នកជំងឺ​កូ​វីដ​-១៩​ ចំនួន​ជិត​២០០​នាក់ ​ចុងក្រោយបាន​ធូរស្រាល​ច្រើន

2021/05/25 11:42:49 am        495
ស្វាយរៀង ៖ អ្នកជំងឺ​កូ​វីដ​-១៩ រកឃើញ​ថ្មី​នៅក្នុង​រោងចក្រ​មួយ ក្នុង​ក្រុង​បាវិត ​ជិត​២០០​នាក់ បច្ចុប្បន្ន ​មាន​ភាព​ធូរស្រាល​ជា​បណ្ដើរៗ​ហើយ ​បន្ទាប់ពី​រដ្ឋបាលខេត្ត ​បាន​ដាក់​ឲ្យ​ធ្វើការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ចំនួន​បី​នៅក្នុង​ខេត្តស្វាយរៀង ​ខណៈដែល​អ្នកជំងឺ​កូ​វីដ​-១៩​ ជាង​៣០០​នាក់​ផ្សេងទៀត បានជា​សះស្បើយ​។លោក​វេជ្ជបណ្ឌិត អឹម បុត្រ សមាជិក​ក្រុមការងារ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ ​ថ្នាក់​ខេត្ត និង​ជា​ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័ក​ ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ​ខេត្តស្វាយរៀង ​នៅ​ថ្ងៃទី​២៥ ​ខែឧសភានេះ ​បាន​ប្រាប់ BTV​ថា ​ស្ថានភាព​អ្នកជំងឺ​កូ​វីដ​-១៩​ ដែល​ត្រូវ​បាន​រកឃើញ​ថ្មី ​នៅក្នុង​រោងចក្រ ​(​យូ​លី​មួយ​) ​តំបន់​សាន​តុង​ក្រុង​បាវិត បច្ចុប្បន្ន ​ដែល​កំពុង​សម្រាក​ក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា ​នៅក្នុង​ខេត្ត ​មាន​ភាព​ធូរស្រាល​ជា​បណ្ដើរៗ​ហើយ​ ក្រោម​ការ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​។លោក​ បាន​បញ្ជាក់ថា ទន្ទឹម​នឹង​ការព្យាបាល​អ្នកជំងឺ​កូ​វីដ ​ឱ្យ​ជាសះស្បើយ​ជា​បណ្ដើរៗ​នោះ ក្រុមការងារ​ស្រាវជ្រាវ​ថ្នាក់​ខេត្ត ​បាន​បន្ត​ចុះ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ​និង​ប្រយោល​ជាមួយ​កម្មករ ​នៅតាម​មូលដ្ឋាន និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ ខេត្តស្វាយរៀង នៅក្នុង​ស្ថានភាព​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ ឆ្លង​នៅក្នុង​រោងចក្រ (​យូ​លី​១) តំបន់​សាន​តុង ក្រុង​បាវិត មាន​ចំនួន​ជាង​១០០​ករណី​៕​អត្ថបទ​៖ ភា សារិត 

សង្ស័យ​ពុល​ស្រាស មនុស្ស​៩​នាក់​បាន​ស្លាប់ ​និង​ជាង​៣០​នាក់​ កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ

2021/05/24 04:33:03 pm        771
កំពត ៖ ​មនុស្ស​ប្រុស​ស្រី​៩​នាក់​បាន​ស្លាប់​ ជា​បន្តបន្ទាប់​ ចាប់ពី​ថ្ងៃទី​២១ ​ដល់​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១ និង​៣៣​នាក់​ ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ក្រោយពី​ជនរងគ្រោះ​ទាំងនោះ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​មួយ ​ក្នុងភូមិ​ធ្នង់​ ឃុំ​ឫស្សីស្រុក​ខាងកើត​ ស្រុក​កំពង់ត្រាច ខេត្តកំពត​ សង្ស័យថា​ ជា​ករណី​ពុល​ស្រាស​។​របាយការណ៍​ពី​សាលាស្រុក​កំពង់ត្រាច ​បានឱ្យដឹងថា ក្រោយពី​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ​ពោលគឺ​ចាប់ពី​ថ្ងៃទី​២១ រហូតដល់​ព្រឹក​ថ្ងៃទី​២៤​ ខែឧសភា មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ ​ខណៈពេល​ជនរងគ្រោះ​ទាំងនោះ​ដេក​ឈឺ​នៅផ្ទះ និង​តាម​គ្លីនិក​ផ្សេងៗ​។ ដោយឡែក អ្នក​ទី​៩​បាន​ស្លាប់​ នា​រសៀល​ថ្ងៃទី​២៤​ បន្ទាប់ពី​នាំយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ ដោយសារ​ស្ថានភាព​ជំងឺ​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ខ្លាំង​។មន្ត្រី​នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ បាន​ប្រាប់​ឱ្យដឹងថា​ ដោយ​ទទួល​ព័ត៌មាន​ថា ​អ្នកភូមិ​ជា​ច្រើន​កំពុង​ដេក​ឈឺ​នៅផ្ទះ ​និង​តាម​គ្លីនិក​មួយចំនួន​ ដែល​សង្ស័យ​ពុល​ស្រា ​នា​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា​ មន្ត្រី​សុខាភិបាល​ស្រុក​បាន​តាម​ស្វែងរក រួច​បញ្ជូន​អ្នកជំងឺ​ចំនួន​៣៤​នាក់ ​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។ ជា​អកុសល ​បុរស​វ័យ​ប្រហែល​៤០​ឆ្នាំ​ម្នា​ក់​ បាន​ស្លាប់​ព្រោះតែ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​។លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ​បានបញ្ជាក់​ថា​ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​កិច្ចការ​នេះ​ ដោយ​យក​ស្រាស​ ដែល​សល់​ពី​ពួកគាត់​ពិសា​ទៅ​ធ្វើ​ការពិសោធន៍​។ លទ្ធផល​យ៉ាងណា ​នឹង​ចុះទៅ​ត្រួតពិនិត្យ​តាម​បណ្តា​ហាង​បិត​ស្រាស​ជា​បន្តទៀត​៕អត្ថបទ ៖ សា​រីម 

រក​ឃើញ​មនុស្ស​១១នាក់​​ទៀត ​ករណី​ថ្មី​នៃ​ការ​ឆ្លង​កូ​វីដ-១៩ ​នៅ​ស្រុក​ស្រែអំបិល

2021/05/24 03:14:51 pm        523
កោះកុង ​៖ គិត​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១២ ថ្ងៃទី​២៤​ខែឧសភា​ ២០២១ អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល បាន​រកឃើញ​មនុស្ស​ចំនួន​១១​ផ្សេងទៀត​ មាន​វិជ្ជមាន​កូ​វី​ដ-១៩ ​នឹង​កំពុង​បន្ត​ស្វែង​បន្ថែម​ទៀត​។លោក ទូ សាវុធ អភិបាលរង​ខេត្តកោះកុង​ ទទួលបន្ទុក​កិច្ចការ​ចំពោះ​កិច្ច​លើ​ការងារ​ទប់ស្កាត់​ និង​ដោះស្រាយ​វិបត្តិ​កូ​វីដ​ របស់​ខេត្ត ​បាន​ឱ្យដឹងថា ស្រុកស្រែ​អំបិល កំពុង​ស្ថិតនៅ​ការ​ព្រួយបារម្ភ​ ខណៈ​អត្រា​រក​ឃើញ​វិជ្ជមាន​ថ្មី​ចំពោះ​អ្នក​ពាក់ព័ន្ធ​ កាលពី​ថ្ងៃទី​២២ ឧសភា​មក​។បើតាម​លោក​អភិបាលរង​ខេត្ត ចាប់ពី​ព្រឹក​មកដល់​ម៉ោង​១២​នៅ​ថ្ងៃទី​២៤​ ឧសភា គឺ​អាជ្ញាធរ​មន្ត្រី​សុខាភិបាល​ បាន​រកឃើញ​មនុស្ស​ពាក់ព័ន្ធ​ចំនួន​១១​នាក់​បន្ថែមទៀត​ ដោយ​សរុប​មាន​ទាំងអស់​៣៤​នាក់​ហើយ​ បើ​ធៀប​នឹង​កាលពី​ថ្ងៃទី​២៣ ឧសភា ​រកឃើញ​ត្រឹមតែ​ចំនួន​២៣​នាក់​។ ទាក់ទិន​បញ្ហា​ប្រឈម​នេះដែរ លោក ជា ច័ន្ទ​កញ្ញា អភិបាលស្រុក​ស្រែអំបិល អះអាងថា​ ក្រុមការងារ​រដ្ឋបាល​ស្រុក​ត្រៀម​រួចរាល់​ហើយ​នូវ​អគារ​សម្រាប់​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ថ្មី​ នៅក្នុង​បរិវេណ​វិទ្យាល័យ​ស្រែអំបិល ​ចំនួន​២​អគារ មាន​៨​បន្ទប់​។ ​ប្រសិនបើ​មន្ទីរពេទ្យបង្អែក​ស្រុក ​ខ្វះខាត​ទីកន្លែង​ព្យាបាល​។លោក​អភិបាលស្រុក​ស្រែអំបិល ក៏បាន​សង្កេតឃើញថា ​នៅ​ម៉ោង​នេះ ប្រជាពលរដ្ឋ​សហការ​ជាមួយ​អាជ្ញាធរ​មន្ត្រី​ជំនាញ​ បានល្អ​ប្រសើរ​ពុំ​មាន​ការ​គេចវេះ ​អ្វី​នោះទេ​។​ ទៀតសោត ប្រជាពលរដ្ឋ​ដែល​មាន​ការសង្ស័យ​សុខភាព​ ក៏​ហ៊ាន​រាយការណ៍​ផ្តល់​ព័ត៌មាន​មក​ក្រុម​គ្រូពេទ្យ​ផងដែរ​ដោយ​មិន​លាក់លៀម​ព្រោះតែ​ក្តី​បារម្ភ​។គួរ​កត់​សម្គាល់ថា លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ សម្រេច​បិទ​ធ្វើដំណើរ​ចរាចរណ៍​ចេញចូល​ក្នុង​ឃុំ​ចំនួន​៣​ នៅ​ស្រុក​ស្រែអំបិល​ មិន​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​ដឹក​ជញ្ជូន​ទំនិញ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨​ឡើយ ​ព្រោះ​ការ​ផ្ទុះ​ជំងឺ​កូ​វីដ​ មិន​ស្ថិតនៅ​តំបន់​នេះ ​ពោល​គឺ​បិទ​តែ​ច្រកចេញ​ចេញចូល​ភូមិ​ខ្លង​ ភូមិ​វាល​ជើង ភូមិ​វាល​ត្បូង ភូមិ​ត្រពាំង ​ភូមិ​ត្រៀក ក្នុង​ឃុំ​ស្រែអំបិល​។​ ភូមិ​សា​រ៉ា​យ ឃុំ​ជ្រោយ​ស្វាយ ​និង​ភូមិ​សាលា​ម្ខាង ឃុំ​ប្រឹង​ព្រាវ​។​ប្រភព​ចម្លង​រីក​រាលដាល​​ជំងឺ​កូ​វី​ដ​១៩ ​២​ថ្ងៃ​ចុង​ក្រោយនេះ​ គឺ​បណ្តាល​មកពី​បុរស​ឈ្មោះ ម៉ន សុ​ម៉េង អាយុ​១៩​ឆ្នាំ ​ជា​កម្មករ​រោងចក្រ​ធ្វើ​ចំណី​សត្វ អាយ តាវ ស្ថិតនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​ដែល​ធ្លាប់​ចូលរួម​ពិធី​បុណ្យ​សព​សាច់ញាតិ​នៅក្នុង​ភូមិ​ខ្លុង ​ឃុំ​ស្រែអំបិល រយៈពេល​៣​ថ្ងៃ ​កាលពី​ថ្ងៃទី​១៤​ ដល់​១៦​ ឧសភា កន្លងទៅ​៕អត្ថប​ទ ៖ ឈឹម មករា

កម្មករ​រោងចក្រ​៥​នាក់ ត្រូវ​បាន​ពិន័យ ​ដោយសារ​គេចវេះ​ពី​ការ​យក​សំណាក​

2021/05/24 03:02:34 pm        569
ព្រះសីហនុ ៖ ​កាលពី​ថ្ងៃទី​២៣ ខែឧសភា ម្សិលមិញនេះ ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ បាន​ឃាត់ខ្លួន​កម្មករ​រោងចក្រ​ ៥នាក់ ​បម្រើ​ការងារ​នៅ​រោងចក្រ ហ្សី​ជាង​ហុ​ម​ភ័​ញ ហ្វើ​នី​ឈ័​រ ឯ​.​ក នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុងស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ ​ដែល​មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ​ហើយ​គេចវេះ​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ ដើម្បី​យក​សំណាក​ទៅធ្វើ​វិភាគ​។លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ បានឱ្យដឹងថា ​បន្ទាប់ពី​ធ្វើការ​សាកសួរ អប់រំ​ណែនាំ​ និង​ពិន័យ​អន្តរការណ៍​រួចមក ​កម្លាំង​កងរាជអាវុធហត្ថ បាន​បញ្ជូន​បុគ្គល​ទាំង​០៥​រូបនេះ ​ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​ធ្វើតេស្ត​វិភាគ​រក​មេរោគ​កូ​វីដ​-១៩​។យោងតាម​អនុក្រឹត្យ​លេខ ៣៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ត្រង់​មាត្រា​២១ បាន ចែងថា ​បុគ្គល (​ដែល​មាន​កាតព្វកិច្ច​ត្រូវ​ផ្ដល់​វត្ថុ​សំណាក​) ​ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ​ដើម្បី​យក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩​ ត្រូវ​ផ្ដន្ទាទោស​ជា​ពិន័យ​អន្តរការណ៍ ពី​១​លាន​រៀល ទៅ ៥​លាន​រៀល​។អាជ្ញាធរ បានធ្វើការ​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ​ដើម្បី​ផ្តល់​វត្ថុ​សំណាក​ឲ្យ​ទាន់​ពេលវេលា ដើម្បី​កុំ​ឱ្យ​រង​នូវ​ទោសទណ្ឌ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Hun Sen Cup៖ ស្ទឹងត្រែង យកឈ្នះកំពង់ធំ ៣-០ តែគ្រូបង្វឹកថា ក្រុមទាំងពីរស្ទើរកម្លាំងដូចគ្នា
07/22/2026 11:07 AM
សមាគមសហគ្រិនស្រ្តីកម្ពុជា​បង្កើតជំនួបបណ្តាញធុរកិច្ច ដើម្បីពង្រីកទីផ្សារ និងស្វែងរក​ដៃគូ​សហការ
07/22/2026 11:07 AM
កម្ពុជា​ជំរុញការដាំដុះបន្លែសុវត្ថិភាព ជំរុញដល់​ការសង់ផ្ទះសំណាញ់ កើនដល់ជិត ៦ ០០០ខ្នង
07/22/2026 11:07 AM
សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​កាច់​ដៃ ផ្សព្វផ្សាយទេសចរណ៍
07/22/2026 11:07 AM
ធុរជនកម្ពុជា និងចិន រួមគ្នាធ្វើ «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន» ដោយមានប្រតិភូធុរជន និងវិនិយោគិនប្រមាណ ៦០ក្រុមហ៊ុនមកចូលរួម
07/22/2026 11:07 AM
នៅចុងឆ្នាំ២០២៦នេះ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រានឹងត្រូវភ្ជាប់គ្នាហើយ ខណៈការសាងសង់សម្រេចបាន ៧៩%
07/22/2026 11:07 AM
បាត់ដំបង រកបាន ៣ពិន្ទុ ខណៈភ្នំពេញហ្គាឡាក់ស៊ី ស្មើតាកែវ ក្នុងជំនួបបើឆាកពូលB នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត
07/22/2026 11:07 AM
សិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែងក្នុងខេត្តកណ្តាលត្រូវបានអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុល​បរិស្ថាន
07/22/2026 10:07 AM
សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដី អញ្ញើញជួបពិភាក្សាការងារ​ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន
07/22/2026 10:07 AM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបសម្តែងការគួរសម
07/22/2026 10:07 AM