រដ្ឋមន្ត្រីវប្បធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី«អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា»
កម្ពុជា ចិន និងជប៉ុន ពង្រឹងទំនាក់ទំនងអភិវឌ្ឍលើវិស័យភាពយន្ត និងអភិរក្សហ្វីល​ឯកសារ​ភាព​យន្ត​កម្ពុជា
បទពិសោធ និងអនុសាសន៍របស់កម្ពុជាលើកឡើងក្នុងសន្និសីទពិភពលោកលើប្រធានបទ "​បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព ត្រូវបានទទួលការសាទរ និងគាំទ្រយកជាគំរូ
ក្រសួងទេសចរណ៍ គ្រោងបើកដំណើរការ​សាលា​វិជ្ជាជីវៈ​ទេសចរណ៍VST របស់ខ្លួន​នៅ​ចុង​ខែ​មិថុនា​នេះ

វប្បធម៌ និងទេសចរណ៍

ស្ថាប័ន២ រៀបចំការប្រកួតស្នាដៃសិល្បៈ ដើម្បីចូលរួមការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបីទាំង៥

2021/11/27 09:45:39 am        304
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ អង្គការ យូណេស្កូ(UNESCO) បានរៀបចំការប្រកួតប្រជែងស្នាដៃសិល្បៈ ដើម្បីចូលរួមការយល់ដឹងអំពី បេតិកភណ្ឌវប្បធម៌អរូបីទាំង៥ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ឯកឧត្តម បណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាននាព្រឹកនេះថា ការប្រកួតប្រជែងស្នាដៃសិល្បៈ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋកម្ពុជា បង្ហាញទេពកោសល្យ និងការបកស្រាយអំពីបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា ហើយក៏ដើម្បីរំលឹកអំពីអនុស្សាវរីយ៍ឲ្យប្រជាជនទូទៅ បានយល់កាន់តែច្បាស់នូវបេតិកភណ្ឌអរូបីរបស់កម្ពុជា ជាពិសេសចង់ឲ្យមានការចូលរួមបានកាន់តែច្រើនពីការលើកតម្លៃមរតកវប្បធម៌ជាតិទាំងអស់នេះ ជាពិសេសដល់ស្រទាប់យុវជន ដែលជាអ្នកបន្តវេនក្នុងកិច្ចការទាំងអស់នេះ។ ព្រោះថាការការពារ ការថែរក្សាបេតិកភណ្ឌវប្បធម៌ គឺជាតួនាទីរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សា អភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី ឲ្យរស់រានមានជីវិតបន្តទៀត ដើម្បីជាការលើកមុខមាត់របស់ប្រទេសជាតិ ដើម្បីជាការលើកស្ទួយអត្តសញ្ញាណជាតិទំនៀមទម្លាប់ប្រពៃណី ជីវភាពរស់នៅរបស់ប្រជាជន ដូចនេះទើបយើងរៀបចំកម្មវិធីនេះឡើង។ឯកឧត្តម បណ្ឌិត ហេង សុផាឌី បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការប្រកួតស្នាដៃសិល្បៈ ក៏ដើម្បីគៀងគរនិសិ្សតនៅគ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន មានឱកាសបង្ហាញនូវទេពកោសល្យ និងស្នាដៃ ក្នុងការចូលរួមទៅដល់ការលើកស្ទួយសិល្បៈវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលយើងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះជាកិច្ចការដ៏សំខាន់។ជាចុងក្រោយឯកឧត្តម បណ្ឌិត សាកលវិទ្យាធិការ បានបញ្ជាក់ថា ទៅថ្ងៃអនាគត នឹងរៀបចំការប្រកួតប្រជែងស្នាដៃសិល្បៈផ្តោតសំខាន់ទៅលើបេតិភណ្ឌវប្បធម៌រូបី ដែលយើងបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ មានដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក នឹងរៀបចំបន្តទៀត នេះជាការចូលរួមចំណែកមួយរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅលើវិស័យសិល្បៈវប្បធម៌។សូមបញ្ជាក់ផងដែរថា កាលបរិច្ឆេទ ចុះឈ្មោះចូលរួមប្រកួតប្រជែងតាមរយៈGroup Telegram មហាវិទ្យាល័យសិល្បៈសូនរូប ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ តទៅ, ស្នាដៃត្រូវប្រគល់មកមហាវិទ្យាល័យនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ និងប្រកាសជ័យលាភី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕ អត្ថបទ៖ ហួត រដ្ឋា  

បដិមា​ដែល​រង​ការ​ពុក​ផុយ​នៅ​ប្រាសាទអង្គរវត្តត្រូវ​អ្នក​ជំនាញ​រៀបចំ​ជួសជុល​សង្គ្រោះ​ឡើងវិញ​

2021/11/20 10:38:44 am        773
សៀមរាប៖ ព្រះពុទ្ធ​បដិមា ​៣​អង្គ​ទៀតស្ថិតនៅ​រួត​បាកាណ​កំពូល​ប្រាសាទអង្គរវត្ត ដែល​បាន​បែកបាក់​ទម្រង់ដូចជា​ប្រេះស្រាំ និង​ពុក​ផុយ​ដោយសារ​អាកាសធាតុ ត្រូវ​បាន​អ្នក​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​វិស័យ​ឯកជន ចាប់ផ្ដើម​ក្រុង​ពលី​បួងសួង​សុំ​សេចក្ដី​សុខ​ដើម្បី​ជួសជុល​ឡើងវិញ​ហើយកាលពី​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​។​​ឯកឧត្ដម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​មានប្រសាសន៍ថា ព្រះពុទ្ធ​បដិមា​ទាំង ​៣​អង្គ​នោះរួម​មាននៅ​ទិសខាងកើត​១​អង្គ ខាងជើង ១​អង្គ និង​ខាងលិច ១​អង្គ ដែល​រង​ការខូចខាតដោយ​សារ​តែ​អាយុកាល អាកាសធាតុ និង​ទីកន្លែង​ខ្លះ​មាន​ជ្រាប​ទឹកនៅ​លើ​ពិដាន​ទឹក​ហូរ​ច្រោះ ព្រមទាំង​លាមក និង​ទឹកនោម​ប្រចៀវដែល​មាន​ជាតិ​អាស៊ីត​ផង​នោះ ធ្វើ​ឱ្យ​ពុទ្ធ​បដិមា និង​សំណង់​សិល្បៈ​ការ​ផ្សេងៗ​នៅ​រួត​បាកាណ​នេះងាយ​រង​នូវ​ភាព​ពុក​ផុយ​កាន់​តែ​ខ្លាំង ដោយ​កត្តា​ទាំងនេះ​ទើប​អ្នក​ជំនាញ​អភិរក្ស​ចម្លាក់នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកគម្រោង​ស្នើសុំ​ការ​ជួស​ជុល​ពុទ្ធ​បដិមា​ទាំង ​៣​អង្គ​នោះ​ឡើងវិញ ក្រៅ​ពី​នេះ ស៊ុមទ្វារ បង្អួច​មួយ​ចំនួន និង​រនាំង​ការពារ​ក្នុង​បរិវេណនៃ​រួត​បាកាណ​អង្គរវត្ត​នេះ​ក៏​ត្រូវ​ជួសជុល​ផង​ដែរ​។ គម្រោង​នេះមានការ​សហការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម និង​ឧបត្ថម្ភ​ថវិកា​ពី​លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២១​ខាងមុខ ដោយ​ប្រើ​រយ​:​ពេល​ ៥​ខែ និង​ជួសជុល​ដោយ​អ្នក​ជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ពី​ប្រទេស​អ៊ីតាលី​។ឯកឧត្ដម​បន្ដ​ថា ដើម្បី​សង្គ្រោះ​បដិមា​ទាំងនេះ​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ ក្រុម​អ្នក​អភិរក្ស​ត្រូវ​តាមដាន​អង្កេត​មើល​ពី​ស្ថានភាព​ខូចខាត​ជា​ប្រ ចាំ ហើយ​សិក្សា​ស្រាវជ្រាវ​ចងក្រង និង​ជួសជុល​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​បង្ការ​កុំ​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ង​រ​ដល់​បដិមា​ទាំងមូល​។​ ​អ្នកជំនាញ​រូបនេះ​អះ​អា​ថា ដើម្បី​ការពារ​សុវត្ថិភាព និង​រក្សា​ប្រាសាទ​ឱ្យបាន​ឋិត​ស្ថេរ​គង់វង្ស​យូរអង្វែង ដែលជា​ទីសក្ការៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរគោរពបូជា​ផង​នោះ ក្រុមការងារ​បច្ចេកទេស​អំពី​សមត្ថភាព​ផ្ទុកនៃ​រួត​បាកាណរបស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឡើងមក​ទីនេះ​ក្នុង​មួយពេល​ចំនួន ៣០០​នាក់​។ ជាមួយគ្នា​នោះ អាជ្ញាធរ​អប្សរា​បិទ​ការ​ចេញ​ចូល​ទស្សនា​នៅ​ទីនោះ​រៀងរាល់ថ្ងៃ​ឧបោសថសីល ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ថ្វាយបង្គំ​បន់ស្រន់ ឬ​លាបំណន់​ផ្សេងៗ​។ សូម​រម្លឹកថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងមក អ្នក​ជំនាញ​អភិរក្ស​ចម្លាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៍បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ​នូវ​ព្រះពុទ្ធ​បដិមា​ ១​អង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណស្ថិតនៅ​កំពូល​ប្រាសាទអង្គរវត្ត​ផងដែរ​៕​អត្ថបទ​៖ ឈិ​ត សា​វី

ខេត្ត​ព្រះសីហនុ​មាន​ទេសចរ​ទៅ​កម្សាន្ត​កើន​ឡើង​ជាង ១០០​ភាគរយ​

2021/11/20 02:45:06 pm        488
​ព្រះសីហនុ​៖ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា ស្ថានភាព​ភ្ញៀវ​ទេសចរដែល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែនៅ​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ធៀប​នឹង​ឆ្នាំ​២០២០ មាន​ភ្ញៀវ​សរុប​ចំនួន ៤៤.២៤២ កើន​ឡើង​ជាង ១២៤% ក្នុង​នោះ​ភ្ញៀវ​ជាតិ ៤១.៨០៦នាក់កើន​ឡើង ១២៤% និងភ្ញៀវ​បរទេស ២.៤៣៦​នាក់កើន​ឡើង​ជាង ១៣៥% ដោយឡែកភ្ញៀវ​ចូល​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​មានតែ ​០១​ជើងមាន​ចំនួន​ ១៧​នាក់​ជា​ភ្ញៀវ​បរទេស តួលេខ​នេះ​ថយ​ចុះ​ជាង​មុន ៩២%​។​ព្រះសីហនុគឺជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​ច្រើនដូចជា ឆ្នេរសមុទ្រ​ប្រវែង​ជាង ១៧៥​គីឡូម៉ែត្រដ៏​ស្រស់​ស្អាត​ជាងគេ​លើ​ពិភពលោក កោះ​៣២ មាន​ឆ្នេរ​ខ្សាច់​ស្អាត​ល្អ​សក្បុស ទឹកសមុទ្រ​ពណ៌​ខៀវ មាន​ផ្កាថ្ម និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ទៀត​។ នៅ​តាម​បណ្ដា​កោះ ភ្ញៀវ​ទេសចរ​អាច​មុជទឹក​មើល​ផ្កាថ្ម ស្ទូចត្រី ជិះ​ទូក​លម្ហែ​កម្សាន្ត​នៅ​ជុំវិញ​កោះ​ជាដើម​៕​ដោយ​៖ គង់ ប៊ុន​ថា

អំឡុង​អុំទូក​មាន​ទេសចរ​ទៅ​កម្សាន្ត​នៅ​មណ្ឌលគិរី​កើន​ខ្ពស់​ជាង​ឆ្នាំមុន​

2021/11/20 11:37:13 am        513
មណ្ឌលគិរី៖ គិត​រហូតមកដល់​ថ្ងៃទី​២០ វិច្ឆិកាដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខេត្ត​មណ្ឌលគិរី​នៅ​តែ​មាន​អ្នកទេសចរ​ជាតិ​ច្រើន​កុះករ​ កំពុង​ដើរ​កម្សាន្ត​លំហែរ​កាយ​នៅ​តាម​តំបន់​ទេសចរ​នានា ហើយ​កាលពី​ថ្ងៃ​ទី​១៨​ និង​ថ្ងៃ​ទី​១៩ ជា​ថ្ងៃទី​១​ និង​ទី​២​ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​មាន​អ្នកទេសចរ ​១​ម៉ឺន​នាក់​ក្នុង​ ១​ថ្ងៃ​បាន​ដើរលេង​កម្សាន្ត​។​​អ្នកទេសចរ​បាន​មក​លេង​ខេត្ត​មណ្ឌលគិរីក៏បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ ព្រោះតែ​បានឃើញ​ពី​ទិដ្ឋភាព​ព្រៃភ្នំ​ខ្យល់​ឱកាស​ដ៏​ល្អ​បរិសុទ្ធ​របស់​ខេត្ត​មួយ​នេះ ហើយ​ទន្ទឹមនេះដែរ​ពួកគាត់​ក៏​សង្កេតឃើញ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទូទៅ មាន​ភាពល្អប្រសើរ​លើ​វិធាន​ការពារ​ជំងឺ​កូ​វីដ-១៩​។ អ្នកទេសចរ​ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បើក​ដំណើរការ​ប្រទេស​ និង​សេដ្ឋកិច្ច​ឡើងវិញ ដែល​អំណោយផល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ដើរលេង​កម្សាន្ត​សប្បាយ​។​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរីលោក ងិន សុ​វិមាន បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល​ ២​ថ្ងៃ​កន្លងទៅ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក ខេត្តមណ្ឌលគិរីទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ ២​ម៉ឺនពោលគឺ​ក្នុង ​១​ថ្ងៃ ១​ម៉ឺន​នាក់ ដោយនៅ​ថ្ងៃទី​១ ​មាន​កើនឡើង​ប្រហែល​ ៥០% នៅ​ថ្ងៃទី​២ កើនឡើង​ ១១% បើ​ធៀប​នឹង​ពិធី​បុណ្យអុំទូក​ឆ្នាំមុន​។ លោក​បន្តថា នៅ​ថ្ងៃទី​៣​ នេះ​ក៏​សម្គាល់​ឃើញថា មាន​អ្នកទេសចរ​ជាច្រើន​បាន​ដើរលេង​កម្សាន្ត​តាម​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​នានា និង​ពុំមាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​នោះទេ មានន័យថា ​អ្នកទេសចរ​ទាំងអស់​បាន​ដើរលេង​សប្បាយរីករាយ ជាមួយ​សន្តិសុខ​យ៉ាង​ល្អប្រសើរ៕​អត្ថបទ៖ អ៊ិត ភីរុណ

រយៈពេល ២​ថ្ងៃ​មាន​ទេសចរ​ទៅលេង​កម្សាន្ត​នៅ​បាត់ដំបង​ជិត​ ២ម៉ឺន​នាក់​

2021/11/20 11:20:20 am        741
បាត់ដំបង​៖ រយៈពេល ​២​ថ្ងៃ​ក្នុង​ឱកាស​ឈប់សម្រាក​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​ភ្ញៀវ​ទេសចរ​ចំនួន ១៨,១៤៤​នាក់​បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ខេត្ត​បាត់ដំបង​។ ​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​ឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នា​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មាន​សុទ្ធ​សឹង​ជា​ភ្ញៀវ​ជាតិ​សរុប​ចំនួន ៦,៩៧៩​នាក់​។ ចំណែក​ថ្ងៃ​ទី​១៩ វិច្ឆិកា​វិញមាន​ចំនួន​សរុប ១១,១៨៩នាក់ ដោយ​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន​ ២៤​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ១១,១៦៥នាក់​។​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ដែល​ភ្ញៀវ​ពេញ​និយម​ទៅលេង​កម្សាន្ត​រួមមាន​៖ រមណីយដ្ឋានប្រាសាទ​បាណន់, ភ្នំ​សំពៅ​, ​ប្រាសាទឯកភ្នំ​, អាង​កំពីងពួយ​, ចំការ​ស្វាយ​, ស្ទឹង​ថ្មដា​ចំការ​ទុរេ​ន​, ទឹកធ្លាក់ ៥៣ ភ្នំព្រឹក​, នគរជុំ ភ្នំព្រឹក​, ភ្នំ​កំពូល​, ចំការ​ធុ​រេ​ន​អូរ​តង​, វាល​ចម្បាំង ខេ​ម​សាយ​,​ សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​, ​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ទាល់​, ស្ទឹង​ក្រញូង​, ​គោលដៅ​ទេសចរណ៍ស្ទឹង​ថ្វាក​, ចំការ​មៀន​, វត្តភ្នំ​ចំបាំង​, មណ្ឌល​កម្សាន្តសួន​ទឹក​សុភមង្គល​, ​ផ្ទះ​ផ្កា Begonia,​ សួនផ្កាច្បា​រមាត់​ស្ទឹង​,​ សួនផ្កាភ្នំ​សំពៅ​, ​សួនផ្កាឈើទាល និង​ជាពិសេសគឺ​មណ្ឌល​កម្សាន្តឡូរី​ជើងភ្នំ​បាណន់​។​ ​ជា​ការ​កត់សម្គាល់ ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​បាន​ចូលរួម​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដារ​ជា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ដោយ​បាន​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​តម្រូវ​ឱ្យ​បុគ្គលិក​ពាក់​ម៉ាស់ ចាំ​វាស់​កម្តៅ​ភ្ញៀវ បាញ់​អាល់កុល​ជូន​ភ្ញៀវ តម្រូវ​ឱ្យ​ភ្ញៀវ​ស្កេ​ន QR Code មុននឹង​ចូល និង​ការរក្សា​គម្លាត​សង្គម​ជាដើម​។​​ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មានការ​យល់ដឹង​ច្រើន និង​ចូលរួម​អនុវត្តការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ-១៩ និង​មានការ​ចូលរួម​រក្សាសណ្ដាប់ធ្នាប់ សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ពី​សំណាក់​កងកម្លាំង​ទាំង ​៣​ប្រភេទផង​ដែរ​។​ ចំពោះ​បញ្ហា​ប្រឈម​វិញ​មាន​ដូច​ជា ភ្ញៀវ​ទេសចរ​តាម​គោលដៅ​ខ្លះ​មាន​ចំនួន​ច្រើន នាំ​ឱ្យ​ការអនុវត្ត​វិធាន​សុវត្ថិភាព​មិនបាន​គ្រប់​ជ្រុងជ្រោយ និង​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​រមណីយដ្ឋាន​ទេស​ចរណ៍​ និង​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​។ ជាពិសេស​ក្រោយពី​មានការ​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ ប្រជាពលរដ្ឋ​មានការ​ធ្វើដំណើរ​ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ច្រើន​៕​អត្ថបទ​៖ នឿ​ត សុភ័ក្ត្រ

រយៈពេល​ ២​ថ្ងៃ​ពិធី​បុណ្យអុំទូក​មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ជាង ​៤៦​ម៉ឺន​នាក់​

2021/11/20 11:03:56 am        500
ភ្នំពេញ៖ តាម​តួលេខ​ពី​ក្រសួងទេសចរណ៍​បាន​អោយ​ដឹង​ថា ក្នុង​រយៈពេល​ ២​ថ្ងៃ​នៃ​ថ្ងៃ​ឈប់​សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​២០២១​នេះ ទូទាំង​ប្រទេស​មាន​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​បាន​ចេញ​ដើរ​កម្សាន្ត​កើន​ដល់​ជាង ​៤៦​ម៉ឺន​នាក់។​ ​ឯកឧត្ដម ជុក ជំនោរ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​នេះ​ថា នៅ​ថ្ងៃ​ទី​២ នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក​ម្សិលមិញ​នេះ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចេញ​ដើរ​កម្សាន្តបាន​កើន​ឡើង​ ៣៣​ម៉ឺន​នាក់កើន​ឡើង​ជាង ១៥២.១៥% បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ទី​១ ហើយ​តាមរយៈ​តួលេខ​នេះបាន​ធ្វើ​អោយ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ចេញ​ដើរ​កម្សាន្ត​ក្នុង​រយៈពេល​ ២​ថ្ងៃ​បាន​កើន​រហូតដល់​ ៤៦​ម៉ឺន​នាក់​។​​ឯកឧត្ដម ជុក ជំនោរ បញ្ជាក់​ថា គោលដៅ​ទេសចរណ៍​សំខាន់ៗ​តាម​រាជធានី​ខេត្ត ដែល​មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ច្រើន​ជាង​គេ​នៅ​ថ្ងៃ​ទី​២ ​បុណ្យអុំទូក​ម្សិលមិញ​នេះ ទី​១ រាជធានី​ភ្នំពេញ​មាន​ភ្ញៀវ​ទេសចរ​ចេញ​កម្សាន្ត​ចំនួន​ជិត ៦៧០០០​នាក់ ខេត្ត​ទី​២ សៀម​រាម​មាន​ជិត​ ៥​ម៉ឺន​នាក់ ទី​៣ ខេត្ត​ព្រះសីហនុ​មាន​ជាង ៤៤០០០​នាក់ ទី​៤ ខេត្ត​កំពត​មាន​ជាង ​៣៣០០០​នាក់ ទី​៥ ខេត្ត​កែប​មាន​ជិត ​៣០០០០​នាក់ ទី​៦ ខេត្ត​ពោធិ៍សាត់​មាន​ជាង​ ២០០០០​នាក់ ហើយ​ការ​ចេញ​ដើរ​កម្សាន្ត​នេះពុំ​មាន​ភ្ញៀវ​ទេសចរ​ជួប​គ្រោះថ្នាក់​ នៅ​ក្នុង​គោលដៅ​ទេសចរណ៍​នោះ​ទេ​។​ ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា សកម្មភាព​ពេល​រាត្រី​នៅ​តាម​បណ្តា​ទី​រួម​ខេត្ត រាជធានី និង​ទីប្រជុំជន​នានា​មាន​ភាព​អ៊ូអរ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​សកម្មភាព​កម្សាន្ត​ដំណើរការ​ឡើងវិញ បាន​គាំទ្រ​ដល់​ការ​ដើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នៅ​តាម​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា បង្កើន​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ និង​បង្កើន​ចំណូល​របស់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​។​​ឯកឧត្ដម ថោង ខុន បាន​វាយ​តម្លៃ​ថា ការគ្រប់គ្រង​គុណភាព​សេវាកម្ម ផលិតផល​ទេសចរណ៍ បរិស្ថាន អនាម័យគឺ​ពុំ​មាន​បញ្ហា​កត់​សម្គាល់​​ណាមួយ​កើតឡើង​ទេ ស្រប​ពេល​ដែល​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ភាគច្រើន​ បាន​ខិតខំ​ផ្តល់​សេវា​ជូន​ភ្ញៀវ​ទេសចរ​ប្រកប​ដោយ​ស្តង់ដារ ទោះបី​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ នា​ពេល​កន្លងមក​។ ​ដោយ​ឡែ​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​ផ្នែក​សាធារណៈ រដ្ឋបាល​រាជធានី​ខេត្ត មន្ទីរ​ទេសចរណ៍ ផ្នែក​ឯកជន និង​ភ្ញៀវ​ទេសចរបាន​ខិតខំ​ពង្រឹង​ការអនុវត្ត និង​ចូលរួម​អនុវត្ត​រាល់​វិធានការ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល វិធាន​សុវត្ថិភាព​ទេសចរណ៍ SOP ពិសេស​វិធានការ ៣​កុំ និង ៣​ការពារ​៕​​អត្ថបទ៖ ស៊ុម សុខ​ជា

ស្ថានភាពសន្តិសុខទូទៅនៅក្នុងរាជធានីភ្នំពេញ ក្នុងពិធីបុណ្យអុំទូកថ្ងៃទី១ ល្អប្រសើពុំមានបាតុភាពអ្វីកើតឡើង

2021/11/19 03:06:13 am        1720
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក សាន សុខសីហា បានថ្លែងថា ស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទី១ គឺមានស្ថានភាពល្អប្រសើ ដោយពុំមានបាតុភាពអ្វីកើតឡើងនោះឡើយ ខណៈកងកម្លាំង របស់ស្នងការបានត្រៀមគ្រប់ពេលវេលាទាំងអស់ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យប្រពៃណីជាតិមួយនេះ បើទោះបីជាកម្មវិធីមិនបានប្រារព្ធយ៉ាងគគ្រឹកគគ្រេងដូចសព្វមួយដងក៏ដោយនោះ។ថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈTelegram លោក សាន សុខសីហា បានលើកឡើងថា ស្ថានភាពថ្ងៃទី១៨វិច្ឆិក ដែលជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក ពុំមានបញ្ហាអ្វីកើតឡើងនោះទេ ខណៈកងកម្លាំងនៅតែបន្តល្បាត និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ថ្ងៃទី២ និងទី៣ទៀត ដោយយកចិត្តទុកដាក់បំផុត ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ។សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងជាង១៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកំសាន្តនៅតាមទីកន្លែងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ។ ជាមួយនឹងកម្លាំងជាង១៦០០នាក់នេះ មានកម្លាំងចរាចរណ៍ជាច្រើនរយនាក់ក៏បានរៀបចំ សម្រួលចរាចរណ៍ និងសណ្តាប់ធ្ងាប់នៅតាមច្រកចេញចូល នៃរាជធានីភ្នំពេញផងដែរ ខណៈមានបងប្អូនប្រជាពលរដ្ឋខ្លះនៅតាមបណ្តាខេត្តបានមករាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានចេញទៅតាមបណ្តាខេត្តនានាដូចជាទៅស្រុកកំណើត និងរមណីយដ្ឋានផ្សេងៗជាដើម។បើទោះបីជាក្នុងឱកាសបុណ្យអុំទូក នៅឆ្នាំ២០២១នេះ ពុំបានធ្វើការប្រឡងប្រណាំងទូក និងប្រារព្ធពិធីកំសាន្តសប្បាយនានាយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានដើរលេងកំសាន្តនៅក្នុងរាជធានីភ្នំពេញ ជាពិសេសម្តុំមុខព្រះបរមរាជវាំង ដោយមានការប្រុងប្រយ័ត្នជានិច្ចជាមួយនឹងវិធានការរបស់ ក្រសួងសុខភិបាល និងរាជរដ្ឋាភិបាលក្នុងកិច្ចការពារ និងទប់ស្កាត់នូវមេរោគកូវីដ១៩ ដោយពួកគាត់បានធ្វើការពាក់ម៉ាស់ ដៃកាន់អាល់កុលស្ទើគ្រប់ៗគ្នាទាំងអស់៕ អត្ថបទ៖ បាន ចក់

បុរសម្នាក់បំបែកឯតទគ្គកម្មឡើងភ្នំឱរ៉ាល់ជាភ្នំខ្ពស់បំផុតនៅកម្ពុជាចំនួន ៣១០ដង

2021/11/17 03:15:28 pm        1588
ភ្នំឱរ៉ាល់ គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា មានរយៈកម្ពស់រហូតដល់ ១៨១៣ ម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នភ្នំឱរ៉ាល់ បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ និងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលចិត្តការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ឬទេសចរណ៍ចូលព្រៃឡើងភ្នំជាដើម។ មានមនុស្សតិចណាស់ដែលបានឡើងទៅដល់កំពូលភ្នំឱរ៉ាល់នេះ ហើយចំពោះអ្នកចូលចិត្តដំណើរកម្សាន្ត បែបនេះយល់ថា ការឡើងទៅដល់កំពូលភ្នំបានម្ដង អាចចាត់ទុកថាជាជោគជ័យមួយសម្រាប់ពួកគេ ព្រោះជាទីតាំងដែលខ្ពស់ជាងគេបង្អស់នៅក្នុងប្រទេស។ ក្នុងនោះដែលក៏មានបុរសជនជាតិខ្មែរម្នាក់ បានបំបែកកំណត់ត្រា នៃការឡើងភ្នំនៅកម្ពុជា ដោយលោកបានឡើងដល់ភ្នំឱរ៉ាល់រហូតដល់ ៣១០ដង ឯណោះ។ បុរសដែលឡើងភ្នំឱរ៉ាល់បានច្រើនជាងគេនេះ គឺលោក ឈឺន ឈីម។ លោក ឈឺន ឈីម ជាអ្នកនាំ ភ្ញៀវទេសចរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ ហើយបច្ចុប្បន្នលោកបានក្លាយជាប្រធានសហគមន៍ស្រែកិន ដែលជាសហគមន៍នាំភ្ញៀវទៅកាន់កំពូលភ្នំឱរ៉ាល់។ លោក ឈឺន ឈីម បានប្រាប់ថា នៅរយៈពេលចុងក្រោយនេះសន្ទុះនៃអ្នកទេសចរឡើងភ្នំមានចំនួន កាន់តែច្រើនឡើងៗ ដែលនេះជាឱកាសល្អសម្រាប់ពួកគាត់ជាប្រជាសហគមន៍ ព្រោះអាចរកប្រាក់ ចំណូលចិញ្ចឹមជីវភាពបានធូរធាជាងពេលមុនៗ។ កាលពីឆ្នាំ ២០២០ កន្លងទៅ សហគមន៍ស្រែកិន របស់លោកទទួលភ្ញៀវទេសចរបានចំនួនជាង ៥០០០នាក់។ ដោយឡែកសម្រាប់ឆ្នាំ ២០២១នេះវិញ គិតត្រឹមខែតុលា ចំនួនភ្ញៀវទេសចរដែលឡើងភ្នំឱរ៉ាល់មានចំនួន ជិត៤០០០នាក់។ លោកបញ្ជាក់ថា វត្តមានភ្ញៀវទេសចរគឺជាកម្លាំងចិត្តរបស់ប្រជាសហគមន៍ នៅពេលដែលពួកគាត់អាច រកចំណូលបានពីវិស័យទេចរណ៍ សហគមន៍ពួកគាត់ឈប់ចូលព្រៃកាប់ ឈើទៀតហើយ៕ អត្ថបទ៖ ចេន សុជាតាសូមចុច Join Channel Telegram BTV News ដើម្បីទទួលបានព័ត៌មានថ្មី ៗ

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

2021/10/14 11:35:10 am        434
សៀមរាប៖ មន្រ្ដីអាជ្ញាធរជាតិអប្សរាបានអះអាងថា អ្នកជំនាញខ្មែររបស់ស្ថាប័ននេះ បានចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិលឡើងវិញហើយ កាលពីថ្ងៃទី១៣តុលាម្សិលមិញ ដើម្បីអោយប្រសាទដ៏វ័យចំណាស់មួយនេះមានរូបរាងល្អស្អាតដូចដើម ហើយទាក់ទាញទេសចរ។អ្នកជំនាញបានបង្ហាញថា ប្រាសាទនេះ មានមុខងារជាមន្ទីរពេទ្យ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ហើយវាជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត ។លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ដោយពិនិត្យឃើញប្រាសាទព្រហ្មកិល រងការខូចខាតទ្រុឌទ្រោមខ្លាំង ថ្មធ្លាក់រាយប៉ាយ និងតួប៉មកណ្តាល បានបាក់រលួសអស់មួយចំហៀងទៅហើយ ទើបក្រុមការងារធ្វើការជួសជុលបន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិ ICC-Angkor។លោកបន្តថា ក្នុងដំណើរការជួសជុលនឹងគ្រោងប្រើពេល១ឆ្នាំ ដោយបែងចែកការជួសជុលជា៣ដំណាក់កាល រួមមាន៖ ទី១ ការរៀបចំឯកសារ ធ្វើកំណាយសិក្សាពីរចនាសម្ពន្ធរបស់ប្រាសាទ បែងចែកលេខរៀង និងផ្គុំថ្ម ទី២ ចាប់ផ្តើមរៀបផ្គុំថ្មសាកល្បង និងរៀបចំពង្រឹងគ្រឹះ និងទី៣ គឺរៀបចំថ្មទាំងអស់ ដែលបានរកឃើញដាក់ចូលទីតាំងដើមវិញ៕

ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី​

2021/06/03 05:26:37 pm        339
​ភ្នំពេញ៖ ក្រុមការងារ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ និង​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី ស្ថិតនៅ​កណ្ដាល​បារាយណ៍ ​នៃ​ប្រាសាទបេង​មាលា​។ គម្រោង​ជួសជុល​នេះ គឺ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន​។​​ប្រាសាទ​ផ្ទី​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បារាយណ៍​ប្រាសាទបេង​មាលា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​ មាន​លក្ខណៈ​ជា​សំណង់​ថ្មបាយក្រៀម រាង​ការ៉េ ប្រវែង​១៥​ម៉ែត្រ​បួន​ជ្រុង និង​មាន​ជញ្ជាំង​ព័ទ្ធជុំវិញ​កម្ពស់​១​ម៉ែត្រ។ នៅ​ចំ​កណ្តាល គេ​តម្កល់​រូប​ព្រះពុទ្ធ​ប្រក់​នាគ​សរុប​ទាំង​ខឿន​កម្ពស់ ៦,៥​ម៉ែត្រ អំពី​ថ្មភក់ ដែល​ទំនងជា​ត្រូវបាន​សាងសង់ឡើង​រវាង​ពាក់កណ្ដាល​សតវត្ស​ទី​១២ ទៅ​ចុង​សតវត្ស​ទី​១២​។​​ឯកឧត្ដម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា គម្រោង​ជួសជុល​ប្រាសាទ​ផ្ទី​បានសម្រេច​រួចរាល់​ហើយ​នៅ​ចុងខែ ឧសភា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមខែ​មេសា​។ នៅ​ដើមខែ​មីនា ការធ្វើ​កំណាយ​ពិនិត្យ​រចនា​សម្ពន្ធ​ប្រាសាទ​នេះ​បានចាប់ផ្តើម និង​ឈានដល់​ការជួសជុល​លើក​តម្លៃ​ឡើងវិញ ក្រោម​ការចូលរួម​ពី​វិស័យ​ឯកជន គឺ​លោកជំទាវ ហេម ចិ​ត្តា មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ក្នុង​បំណង​ដើម្បី​ចូលរួម​អភិរក្ស​មរតក​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ ​បើ​តាម​ការបញ្ជាក់​ពី​ឯកឧត្តម គឹម សុ​ធិ​ន ថា គម្រោង​ជួសជុល​នេះ​មានការ​លំបាក​បន្ដិច​ដែរ ព្រោះ​ការដ្ឋាន​ស្ថិតនៅ​កណ្ដាល​បារាយណ៍ ក្នុងព្រៃ ហើយ​ផ្លូវ​ធ្វើដំណើរ​មាន​ភាព​តូច​បន្ដិច ដែល​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ថ្ម​តាម​រថយន្ត​ធុន​ធ្ងន់​។ យ៉ាងណា​ក្រុមការងារ បានបង្ហាញ​សុទិដ្ឋិនិយម និង​អារម្មណ៍​រីករាយ​ជាខ្លាំង​ជាមួយ​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​នេះ ពិសេស​ប្រាសាទ​ដែល​បាន​ដួលរលំ​ឃើញតែ​គំនរ​ដុំថ្ម ហើយ​បាន​ខិតខំ​រក​ផ្គុំ​ឱ្យមាន​រូបរាង​ឡើងវិញ​៕ អត្ថបទ៖ រដ្ឋា ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមជម្លៀសពលរដ្ឋចេញពីអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយនិងជំរុញឲ្យបន្ធូរបន្ថយភាពតានតឹង
06/17/2025 07:06 PM
ផ្ទុះរោងចក្រកាំជ្រួច នៅភាគខាងត្បូងចិន បណ្ដាលឲ្យមានអ្នកស្លាប់ ៩នាក់ និងរបួស ២៦នាក់
06/17/2025 07:06 PM
អ៊ីស្រាអែលប្រឈមនឹងអត្ថិភាពផ្ទាល់ខ្លួនជាមួយនឹងសកម្មភាពខ្លួនឯង
06/17/2025 06:06 PM
អង្គការWHO បង្កើនការឆ្លើយតបនឹងជំងឺគ្រុនឈាម នៅភាគខាងត្បូងយេម៉ែន ស្របពេលមានករណីកើនឡើង
06/17/2025 06:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មើលឃើញពីលទ្ធភាពនៃការផ្លាស់ប្តូរអំណាច នៅក្នុងប្រទេសអ៊ីរ៉ង់
06/17/2025 06:06 PM
សម្ដេចធិបតី៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេសភ្ញាក់ផ្អើល ក្រោយឃើញកម្ពុជាម្ចាស់ការលើអគ្គិសនី និងអ៊ិនធឺណិតខ្លួនឯង
06/17/2025 06:06 PM
ចិនចោទលោក Trump ថា «ចាក់សាំងលើភ្លើងបន្ថែម» ជុំវិញជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល
06/17/2025 06:06 PM
អ្នកការទូតចក្រភពអង់គ្លេស៖ គ្មានភ័ស្តុតាងគួរឲ្យទុកចិត្តដែលថា អ៊ីរ៉ង់ជិតឈាលដល់ការបង្កើតអាវុធនុយក្លេអ៊ែរទេ
06/17/2025 06:06 PM
ប្រជាពលរដ្ឋអ៊ីរ៉ាក់ជួបជុំគ្នានៅទីក្រុងបាកដាដ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់
06/17/2025 06:06 PM
សម្ដេចធិបតី៖ ជំហររបស់កម្ពុជាប្ដឹងទៅតុលាការ ICJ មិនរាថយឡើយ ខណៈថៃស្នើសុំចរចាទ្វេភាគី
06/17/2025 06:06 PM