សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ប្រគល់អំណោយរថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ជូនទៅ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត

2021/07/09 05:12:15 pm        420
ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធាន​គណៈកម្មាការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងអញ្ជើញ​ជា​​អធិបតីក្នុង​ពិធីប្រគល់​រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ នៅឃ្លាំងឱសថកណ្តាល (CMS) នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ដោយគោរព​តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោកមានការ​គិតគូរ​ទៅដល់ការខ្វះខាត​របស់​ក្រុមការងារ​ចាក់វ៉ាក់សាំងកូវីដ-19 ជាពិសេសបណ្តារាជធានី-ខេត្តទាំង២៥។ ក្រោយពីមានការសម្រេច​ដ៏ខ្ពង់ខ្ពស់​ពី​សម្តេចតេជោ ក្នុងការប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់វ៉ាក់សាំងជូន​បងប្អូន​ប្រជាពលរដ្ឋ ជូនទៅដល់ក្រុមគ្រូពេទ្យកងទ័ពចំនួន១០គ្រឿង ​រួចមកហើយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា រថយន្តដឹកវ៉ាក់សាំងនេះ នឹងចូលរួមបម្រើ​សេវា​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ ​ជាពិសេសរថយន្តនេះ ជាអំណោយ​របស់​សប្បុរសជនខ្មែរ តាមរយះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ទន្ទឹមនឹងនោះក្នុងនាមក្រសួងសុខាភិបាល គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ​និងប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត សូមគោរពថ្លែង​អំណរគុណ​ជូនចំពោះ ​សម្តេចតេជោ ហ៊ុន សែន ដែលមានទឹកចិត្ត​ដ៏​មហិមា និងសម្រេចប្រគល់​ជូននូវ​រថយន្ត​ដឹកវ៉ាក់សាំង សម្រាប់ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលជាការជម្រុញ​ឲ្យដំណើរការចាក់វ៉ាក់សាំង ​កាន់តែរលូន និងល្អប្រសើរបន្ថែមទៀត៕អត្ថបទ រដ្ឋា 

មាត្រាចំនួន១០ នៃច្បាប់ការងារធ្វើ​វិសោធនកម្ម​​ ត្រូវ​បាន​គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ

2021/07/09 08:25:25 am        730
ភ្នំពេញ ៖ តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពី​ចម្ងាយតាមប្រព័ន្ធវីដេអូក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី​៩កក្កដានេះ សេចក្តី​ព្រាងច្បាប់ ស្តីពី វិសោធនកម្ម​មាត្រាចំនួន ១០នៃច្បាប់ការងារត្រូវបាន​គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ។មាត្រាចំនួន១០ ​ត្រូវបានធ្វើវិសោធនកម្ម ដែល​គណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ រួមមាន ៖​ មាត្រា១២៣ ,មាត្រា១៣៨, មាត្រា១៦២,មាត្រា៣០០, មាត្រា៣៤៣,មាត្រា៣៥០, មាត្រា៣៦៣, មាត្រា៣៥០, មាត្រា៣៦៣ និងមាត្រា៣៦៧ នៃ​ច្បាប់ស្តីពីការងារ ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​ដោយ ព្រះរាជក្រមចុះ​ថ្ងៃទី១៣ខែមីនា ឆ្នាំ១៩៩៧” ។ នេះបើយោងតាមផេកហ្វេសបុក​របស់ ឯកឧត្តម​ ផៃ ស៊ី ផាន រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ៩ខែកក្កដា នេះ ។សេចក្តីព្រាងច្បាប់​ស្តីពីវិសោធនកម្មចំនួន១០មាត្រានៃច្បាប់ស្តីពីការងារ​នេះរៀបចំឡើង ក្នុង​គោល​បំណង ៖ កែ​សម្រួល​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វេនការងាររបស់រោងចក្រ​សហគ្រាសដែលមាន ដំណើរការលើសពី១វេនជាប្រចាំ ដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប​ដូចជា​រោងចក្រ ផលិត​បរិក្ខារអគ្គិសនី​គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារជាដើម​ និងបង្កើនការងារជូន ប្រជាពលរដ្ឋ ។ពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ក្នុងការដោះស្រាយ​វិវាទបុគ្គលដើម្បី ពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតប នឹងតម្រូវការរបស់ភាគីវិវាទ ព្រមទាំងកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ។លុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់​ថ្ងៃឈប់​សម្រាកបុណ្យចំថ្ងៃអាទិត្យ​ដែលដូចគ្នាទៅ​នឹងការ​មិន​លើក​ពេលឈប់សម្រាក ​បុណ្យចំថ្ងៃអាទិត្យរបស់មន្ត្រីរាជការ ដើម្បីឆ្លើយតបទៅ​នឹងការវិវឌ្ឍ​ផ្នែក​សង្គម - សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារនិងពង្រឹងភាពប្រកួត​ប្រជែង​សេដ្ឋកិច្ច​កម្ពុជា ទាំងក្នុងតំបន់ និងសកលលោក ។ផ្តល់នីតិសម្បទាជានគរបាល យុត្តិធម៌ដល់អធិការការងារឱ្យពិនិត្យបទល្មើសនៃច្បាប់ ស្តីពីការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធី ព្រហ្មទណ្ឌ និងស្របតាមភារកិច្ច ដែលមន្ត្រីអធិការកិច្ច ការងារ ត្រូវធ្វើនិងបានកំពុងធ្វើ ។ កែសម្រួលមាត្រាពាក់ព័ន្ធ នឹងមាត្រាដែលត្រូវបានធ្វើវិសោធនកម្មក្នុងឆ្នាំ ២០០៧ និងឆ្នាំ២០១៨ ហើយមិនទាន់ត្រូវបានធ្វើវិសោធនកម្មឱ្យមានសង្គតិភាពនឹងគ្នា ។សូមជម្រាបថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៩ខែកក្កដានេះ ក្រៅពីពិនិត្យពិភាក្សាអនុម័តលើ សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធន កម្មដែលមាន១០មាត្រាស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជ ស / រកម ០៣៩៧/០១ ចុះ ថ្ងៃទី១៣ខែមីនា ឆ្នាំ១៩៩៧ កិច្ចប្រជុំក៏បានអនុម័តលើសំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័ត យល់ព្រម​លើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូក​បី​ស្តីពី​ការត្រៀម​បម្រុង​អង្ករសង្ក្រោះបន្ទាន់ផងដែរ៕អត្ថបទ មុត សុទ្ធ

សម្តេចតេជោបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនៅកម្ពុជា ជា​អាទិភាព​នាំឱ្យបរទេស​មក​វិនិយោគ

2021/07/09 01:13:03 pm        390
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រម្លឹកថា សន្តិភាព និង​ស្ថិរភាព គឺ​ជា​កត្តា​អាទិភាព​មួយដែលនាំឱ្យបរទេសមានការជឿជាក់មកវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសរបស់យើង បើទោះបីពិភពលោកកំពុងប្រឈមបញ្ហានយោបាយ ពាណិជ្ជកម្ម និង​វិបត្តិកូវីដ១៩​យ៉ាង​ណា​ក៏ដោយ។ការរម្លឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី​តាម​ប្រព័ន្ធ​វីដេអូ​ពីចម្ងាយ នៅព្រឹកថ្ងៃទី៩កក្កដានេះ ដែល ត្រូវពិភាក្សាលើសេចក្តីព្រាងច្បាប់​ស្តីពី​ការ​ពីការវិនិយោគ ។សម្តេច ក៏បានរំលេចថា សំណើរច្បាប់ស្តីពីការវិនិយោគនេះ ជាមូលដ្ឋាន​គតិយុត្តិ​សម្រាប់​ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ នេះបើតាមឯកឧត្តម​​​ ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានដកស្រង់ប្រសាសន៍​សម្តេច​តេជោ ​មកចែកចាយលើបណ្តាញសង្គម។ឯកឧត្តម​​​ ស៊ីផាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់បន្ថែមថា «អ្នកវិនិយោគត្រូវ​ការ​សន្តិភាព ស្ថិរភាព ដែលជាអាទិភាព​នៃការសម្រេចចិត្ត​យកកម្ពុជា​ជាទិសដៅវិនិយោគ ទោះជា​ស្ថានភាព​អន្តរជាតិ ប្រឈម​ក្នុង​វិស័យ​នយោបាយ ​ពាណិជ្ជកម្ម​យ៉ាងណាក៏ដោយ»។គម្រោង​វិនិយោគនេះ​បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០​ មានការថយចុះប្រមាណ ៦៣គម្រោង។ តែទុនវិនិយោគមិនបានថយចុះនោះទេ ​គឺមានការកើនឡើងប្រមាណ ១២ភាគរយ ដោយសារតែគម្រោងវិនិយោគធំៗ​មួយចំនួនបានដាក់ទុនវិនិយោគខ្ពស់។ ចិន​ជាប្រទេសបាន​វិនិយោគ​ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ ​ក្រុមហ៊ុនចិន បានបោះទុនវិនិយោគរហូតដល់ទៅជាង២ពាន់លានដុល្លារអាមេរិក។សូមបញ្ជាក់ថា ​កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ បានពិភាក្សាទៅលើសេចក្តីព្រាងច្បាប់​ស្តីពីការ​វិនិយោគ​ដែលសេចក្តីព្រាងច្បាប់នេះ​ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ​ដែលត្រូវបាន​ផ្តួចផ្តើម និង​ចង្អុលបង្ហាញ​ដោយ​ឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ការងារសិក្សា និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបានធ្វើឡើងយ៉ាង​ម៉ត់ចត់​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក. អ. ក)។ នៅក្នុងកិច្ចដំណើរការនៃការ​តាក់តែង​សេចក្តីព្រាងច្បាប់ បានប្រជុំពិគ្រោះយោបល់​ជាមួយតំណាង​ផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ រៀបចំឡើង​ក្នុងគោលបំណងបង្កើតនូវ​ក្របខ័ណ្ឌ​គតិយុត្ត​ដែលបើកចំហ មាន​តម្លាភាព អាច​ប៉ាន់ប្រមាណ​ទុកជា​មុនបាន ប្រកប​ដោយភាពអំណោយផលសម្រាប់ការវិនិយោគ ​ដើម្បីទាក់ទាញ និងលើក​កម្ពស់​ការ​វិនិយោគដោយ​បុគ្គល​សញ្ជាតិខ្មែរ​ ឬបរទេស ប្រកប​ដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។សេចក្តីព្រាងច្បាប់ក៏ត្រូវបានរៀបចំឡើងឱ្យមានភាព​បត់បែន ដោយមានការផ្តល់ការលើក​ទឹក​ចិត្ត​ពិសេស ចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយ​ដែលមាន​សក្តានុពលខ្ពស់​ក្នុងការ​ចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹក​ចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន ​សេចក្តីព្រាងច្បាប់នេះ បាន​ដាក់​បញ្ចូល​នូវកាតព្វកិច្ច​ជា​អន្តរជាតិ​មួយចំនួន​របស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញា​របស់​រាជរដ្ឋាភិ​បាល​​កម្ពុជា​ក្នុង​ការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់​អន្តរជាតិ​នូវ​ប្រព្រឹត្តកម្ម​ដែលមិនរើសអើង ព្រមទាំង​ផ្តល់សេវា​ថែទាំ​វិនិយោគផងដែរ។នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី១៩ ​ដែល​កំពុង​ញាំញី​ពិភពលោក ​រួមទាំងកម្ពុជាផង សេចក្តីព្រាង​ច្បាប់​ស្តីពីវិនិយោគនេះ​ ពិតជាមានសារៈសំខាន់ខ្លាំង​ណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តី​ព្រាង​ច្បាប់នេះ នឹងធ្វើឱ្យកម្ពុជា​កាន់តែមានភាពទាក់ទាញ​ចំពោះការវិនិយោគផ្ទាល់​ពី​បរទេស​និង​ការវិនិយោគក្នុងស្រុក។យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានឱ្យដឹងថា ​​ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ គណៈកម្មាធិការ​វិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មី ​និងគម្រោងពង្រីកផលិតកម្មចំនួន ៨៧គម្រោង ដែលមានទុនវិនិយោគសរុបជិត៣ពាន់លានដុល្លារអាមេរិកបង្កើតការងារបានចំនួន ៥០,០២៩កន្លែង៕អត្ថបទ មុត សុទ្ធ

ពលរដ្ឋសម្រុក​ទៅ​ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ជំហាន​បញ្ចប់​នៅមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ

2021/07/08 01:24:23 pm        624
ភ្នំពេញ ៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលនៅសេសសល់ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ និង​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ​បានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសទី១ ជំហានបញ្ចប់ ​នៅក្នុងមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ​ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ០៦ ​ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។បើតាមលោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យស្រុកប្រតិបតិ្តមេគង្គ ​បានឲ្យដឹងថា មនី្ទរពេទ្យ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជំហានចុងក្រោយ ជូន​ប្រជាពលរដ្ឋ មានអាយុពី១៨ឆ្នាំឡើង​ តាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ដោយឡែកសម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ​ ជាថ្ងៃ​បញ្ចប់​យុទ្ធនាការជាតិចាក់វ៉ាក់សាំង ការពារ​ជំងឺកូវីដ-១៩ ដូសទី១ តាមកម្មវិធីដែលបានគ្រោងទុក​ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ​អញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមកពីមូលដ្ឋានខណ្ឌឬស្សីកែវ ​និងខណ្ឌជ្រោយចង្វារ កំពុងទទួល​បាន​​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានបង្ហាញ​ចំណាប់​អារម្មណ៍​ដោយកី្តសប្បាយរីករាយជាខ្លាំង បានមកចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ដូសទី១ ជំហានចុងក្រោយ ​ក៏ជាថ្ងៃបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង និង​សូមគោរព​ដឹងគុណ ​និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល​ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្ត ​ខិតខំស្វះសែ្វងរកវ៉ាក់សាំងកូវីដ១៩ មកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំង​ប្រទេស ​ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩ ផងដែរ។ជាចុងក្រោយលោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ​និងកម្មករ កម្មការិនី ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​ ដូសទី១ ជំហានបញ្ចប់ សូមអញ្ជើញ​មក​ចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ​ ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕ អត្ថបទ រដ្ឋា

សម្តេចតេជោ នឹង​អញ្ជើញ​ជា​សហប្រធានកិត្តិយស​កិច្ចប្រជុំកំពូល​នៅកូរ៉េខាង​ត្បូង​ចុងឆ្នាំនេះ​ ពាក់ព័ន្ធ​បញ្ហា​សន្តិភាព

2021/07/08 01:03:22 pm        498
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បានឯកភាពតាមការ​ស្នើសុំ​ពីលោកបណ្ឌិត Yun Young-ho តំណាងលោកបណ្ឌិត Hak Ja Han moon ​នៃអង្គការ​សហព័ន្ធ​សន្តិភាព​សកល​ (UPF) តាមរយៈប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី៨កក្កដានេះ ​ដែលបានសុំ​ឱ្យ​សម្តេច​ធ្វើ​ជាស​ហ​ប្រធា​នកិត្តិយសនៃ​កិ​ច្ចប្រ​ជុំ​កំពូលស្តីពីសន្តិភាពនៅកូរ៉េខាងត្បូងចុងឆ្នាំនេះ​ និងសុំសម្តេច ធ្វើ​ជាបេក្ខភាព ​ទទួល​យក​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ ។ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន​ប្រាប់​ដល់ក្រុមអ្នកយកព័ត៌មានថា អង្គការ UPF បានរៀបចំកិច្ចប្រជុំបែបនេះ រយៈពេលប៉ុន្មានលើករួចមកហើយពោលគឺ កាល​ពី​ឆ្នាំ២០០៨ នៅប្រទេស​នេ​ប៉ាល់​ ឆ្នាំ២០១៩ នៅប្រទេសកម្ពុជា ឆ្នាំ២០២០ នៅប្រទេសកូរ៉េខាងត្បូង ហើយ​អ្វីដែល​សំខាន់ ​សម្រាប់​ការពិគ្រោះ​យោបល់​នៅថ្ងៃនេះ ​គឺ​ពាក់ព័ន្ធ​នឹង​ការងារបន្តឲ្យ​តំណាង​អង្គការUPF និង​ដៃគូផ្សេង​​ទៀត​ បាន​ពិគ្រោះ​យោបល់​ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឯកឧត្តម បញ្ជាក់ថា ​ឆ្នាំ២០​២១នេះ គឺជាឆ្នាំដែលមានសកម្មភាពជាច្រើន​ជាពិសេសគម្រោងរៀប​ចំ​កិច្ច​ប្រជុំ​កំពូល នៅប្រទេសកូរ៉េខាងត្បូង ក្នុងខែវិច្ឆិកាខាងមុខ លើប្រធានបទ ៖ទី១,ពាក់ព័ន្ធនឹងសន្តិភាព​នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទី២,ពាក់ព័ន្ធនឹងការអញ្ជើញសម្តេចធ្វើ សហប្រធានកិត្តិយស និងទី៣,គឺពាក់ព័ន្ធស្នើសុំ​សម្តេ​ចជា​បេក្ខភាព​ក្នុង​ការ​ទទួល​ពានរង្វាន់ សន្តិភាពស៊ុនហាក់។ឯកឧត្តម បញ្ជាក់បន្ថែមថា បញ្ហា​ទន្លេមេគង្គ ជាបញ្ហាសំខាន់ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខស្បៀង ដូច្នេះ​យើង​អាច​សហការគ្នាបាន ​ព្រោះកន្លងមក យើងមានកិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​និងរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌ​មេគង្គកូរ៉េ។មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ ​សម្ដេច បានគាំទ្រ​ទៅលើ​ផែនការក្នុងការរៀបចំសកម្មភាពនេះ ហើយ​សម្ដេច ក៏បានផ្តល់យោបល់មួយចំនួន ទៅនឹងគំនិត​ផ្ដួចផ្ដើម ​ហើយពាក់ព័ន្ធនឹង ការប្រជុំ ពាក់ព័ន្ធ​នឹងសន្តិភាព នៅខែវិច្ឆិកា ខាងមុខនេះ​ សម្តេចបានគាំទ្រ​និង​ទទួល​យក​ធ្វើ​ជា​សហប្រធានកិត្តិយស ​និង​បានជម្រាបជូ​ន​ថា សន្តិភាព​គឺ​ជា​ប្រធានបទដ៏សំខាន់​សម្រាប់​បណ្ដា​ប្រទេសមួយ​ចំនួន​សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពិភព​លោក​ផង​ដែរ ​។​សម្តេច​ក៏ទទួល​ជា​បេក្ខភាព ក្នុងការទទួលយកពានរង្វាន់សន្តិភាពស៊ុនហាក់ នៅពេលនោះផងដែរ៕អត្ថបទ៖ មុត សុទ្ធ 

ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បានរីកមុខមាត់​លើ​ឆាក​អន្តរជាតិ

2021/07/08 11:43:25 am        417
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា​ក្រោយចុះបញ្ជីជាសម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ប្រាសាទសំបូរព្រៃគុកបានរីកមុខមាត់នៅ លើឆាកអន្តរជាតិ និងបានក្លាយ​ជា​តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។តាមរយៈសារ នៅលើទំព័រហ្វេសប៊ុក សម្តេចតេជោ បានថ្លែងអបអរសាទរ ខួប៤ឆ្នាំនៃ ការដាក់​បញ្ចូល​ប្រាសាទ សំបូរព្រៃគុក​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​ ហើយសម្ដេច បានបញ្ជាក់ថានៅ​​ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២១នេះ ជាខួប៤ឆ្នាំហើយនៃការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២១)។សម្តេច បន្តថា ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារ​ជាអន្តរជាតិនោះទេ ​តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិផងដែរ។ ក្រោយចុះបញ្ជីជាសម្បត្តិ​បេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។សម្តេច ក៏បាន​ផ្តាំផ្ញើ​សូមចូលរួមថែរក្សា​ការពារប្រាសាទ​បូរាណ​ទាំងអស់នៅទូទាំង​ប្រទេស​ឲ្យ​បាន​គង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។សូមរម្លឹកថា គ្រប់ប្រាសាទនានា​របស់ខ្មែរក៏ជាសក្តានុពល​ដ៏ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​វិស័យ​ទេសចរណ៍​ ត្រូវរាជរដ្ឋាភិបាល​ចាត់ទុកជា“ មាសបៃតង” បាន ចូលរួមចំណែកក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតការងារជាច្រើន​សម្រាប់ប្រជាជនកម្ពុជា​ការផ្តល់ប្រាក់​ចំណូល​ខ្ពស់​សម្រាប់ប្រទេសជាតិ ​លើសពីនេះទៀត វិស័យទេសចរណ៍​ក៏បានចូលរួមចំណែក​យ៉ាងច្រើន ​ដល់ការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជាផងដែរ៕អត្ថបទ ៖ មុត សុត 

អាជីវករខ្មែរ ចេញចូលលក់ដូរនៅផ្សារថៃ តាមច្រកអន្តរជាតិដូងប្រចាំថ្ងៃ​ទទួលការចាក់វ៉ាក់សាំង

2021/07/08 09:43:48 am        484
បាត់ដំបង៖ ដូចការគ្រោងទុក ក្រុមអាជីវករ រួមទាំងអ្នកបើកបររថយន្តដឹកទំនិញ ចេញចូលប្រចាំថ្ងៃ​ទៅ​លក់ដូរនៅក្នុងផ្សារថៃ ឬ ដឹកទំនិញផ្សេងៗក្នុងផ្សារថៃ ជាប់ព្រំដែនកម្ពុជា ឆ្លងកាត់តាម​ច្រកអន្តរជាតិដូង-ឡែម ទទួលបាន​ការវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទ Astrazeneca បន្ទាប់ពីមានការសម្របសម្រួល និងសហការពីអាជ្ញាធរខេត្តបាត់ដំបង ។លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ាក់ ប្រធានសមាគមលក់ដូរ និងទេសចរណ៍ព្រំប្រទល់​ជាយ​ដែនកម្ពុជា-ថៃ ប្រចាំខេត្តច័ន្ទបុរី ​បានលើកឡើងថា ការ​ចាក់វ៉ាក់សាំងជូនអាជីវករ និង​អ្នកបើកបររថយន្តនេះ ​ក្នុងគោលបំណងកាត់បន្ថយការ​ព្រួយបារម្ភ​ ពី​ការឆ្លង​រាលដាលនៃជំងឺកូវីដ-១៩ ហើយវានឹងជួយឲ្យការ​ធ្វើ​ពាណិជ្ជកម្ម​នៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេស​នៅ​តាមច្រកទ្វារអន្តរជាតិដូង-ឡែម ​កាន់តែមានភាពល្អប្រសើរឡើងវិញ ​ខណៈអាជីវករថៃ លក់ដូរ​ក្នុង​ផ្សារ​ជាមួយគ្នា ក៏​ទទួលការចាក់វ៉ាក់សាំង ​ការពារជំងឺកូវីដ១៩នេះដូចគ្នា ។ លោកបណ្ឌិត បានបន្តថា ការចាក់វ៉ាក់សាំងជូនអាជីវករ​ និងអ្នកបើកបររថយន្តខ្មែរ រួមទាំង​អាជីវករថៃ ប្រកបរបរ​នៅផ្សារជាប់ច្រកអន្តរជាតិដូង សរុបចំនួន១១០៣នាក់​ ក្នុងនោះ ពលរដ្ឋខ្មែរ ៤៣៣នាក់ ​ហើយការចាក់វ៉ាក់សាំងលើកទី១ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ និងនៅលើកទី២ នៅអំឡុងខែកញ្ញាខាងមុខនេះ ។ គួរបញ្ជាក់ថា កាលចុងខែមិថុនា ឆ្នាំ២០២១ នៅក្នុងបរិវេណផ្សារបានឡែម ស្ថិតនៅ ស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង ​ដែលមានច្រកអន្តរជាតិដូង ឆ្លងកាត់​ដឹក​ទំនិញរួមគ្នា ​គឺមានសកម្មភាពក្រុមគ្រូពេទ្យថៃ ចុះពិនិត្យសុខភាព និងតេស្តយកវត្ថុសំណាក​ដល់​អាជីវករខ្មែរ-ថៃ និងអ្នកបើករថយន្តចេញចូលប្រចាំ ​នៅច្រកអន្តរជាតិដូង ដើម្បីត្រៀម​ទទួល​នូវការ​ចាក់វ៉ាក់សាំង​ការពារឆ្លងជំងឺកូវីដ១៩ ។សូមបញ្ជាក់ថា ថ្ងៃចាក់វ៉ាក់សាំងលើកទី១ ជូន​អាជីវករ ​និងអ្នកបើករថយន្តខ្មែរ ក៏មានការចូលរួម​ចុះ​ពិនិត្យ​មើល​ពីបណ្ឌិត សាធីត ពិទូតេឆាត ​អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃផងដែរ ៕

ខួប៤ឆ្នាំនៃការដាក់​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក

2021/07/08 09:17:29 am        1404
កំពង់ធំ ៖ ថ្ងៃនេះ កាលពី៤ឆ្នាំមុន គឺជាថ្ងៃដែលប្រជាជាតិខ្មែរអបអរសាទរ និងមានមោទនភាពបំផុត ដែល រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​ត្រូវបាន​អង្គការយូណេស្កូ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ការសម្រេចដាក់បញ្ចូលក្រុមប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានធ្វើឡើង​ក្នុងកិច្ចប្រជុំកំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ ខែកក្កដា នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក គឺជាតំបន់ប្រវត្តិសាស្រ្តទី៣ហើយ​ដែលបានដាក់​បញ្ចូល​ជាសម្បត្តិ បេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ។ តំបន់ប្រាសាទសំបូរព្រៃគុក​ គឺជាអតីតរាជធានី​នៃអាណាចក្រចេនឡា ដែលមានឈ្មោះថា ឦសានបុរៈ នាសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា​ព្រាហ្មណ៍​សម្រាប់​ឧទ្ទិសថ្វាយដល់ព្រះសិវៈ។ អតីត​រាជធានីនេះ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១នាពីស.វ ទី ៧។ បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក ​មានទីតាំងស្ថិតក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ មានចំងាយប្រមាណ២៨គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ស្ថិតនៅតាមបណ្ដោយស្ទឹងសែន។ ជាប្រភេទ រមណីយដ្ឋាន​វប្បធម៌ និងប្រវត្តិសាស្រ្ត រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ត្រូវបានសាងសង់ឡើង លើវាលទំនាបដែលមានទំហំ ៣០០០ហិកតា។ ដោយសារសង្គ្រាមរាំងជល់ ក្រុមប្រាសាទនេះត្រូវបានគេបោះបង់ចោលកាលពីឆ្នាំ ១៩៧១ និងត្រូវ រៀបចំឡើងវិញនៅឆ្នាំ ១៩៨០។ អ្នកសិក្សាស្រាវជ្រាវបានរកឃើញ និងចុះបញ្ជីប្រាសាទ និងរចនា សម្ព័ន្ធ​សំណង់ប្រាសាទចំនួន ២៩១ និងត្រូវបានចែកចេញជា៤ក្រុមធំៗគឺ ៖ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្ដាល ក្រុមប្រាសាទខាងត្បូង និងក្រុមប្រាសាទរបងរមាស។ ចាប់តាំងពីដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកមក បានប្រែ ក្លាយទីនេះទៅជាទីតាំងទេសចរណ៍ដ៏ល្បីឈ្មោះមួយប្រចាំខេត្តកំពង់ធំ។ ក្រៅពីការទស្សនាភ្ញៀវ ទេសចរចម្រុះជាតិសាសន៍ក៏បានមកសិក្សាស្វែងយល់បន្ថែមពីវប្បធម៌ ​និងប្រវត្តិសាស្រ្តនៅទីនេះ ដែលធ្វើឱ្យប្រាង្គប្រាសាទលែងឯកា និងស្ងាត់ជ្រងំដូចមុនទៀតឡើយ។ ជាង៤០ឆ្នាំមកនេះ ក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យប្រទេសជាតិមានសេចក្ដីសុខក្សេមក្សាន្តពេញ បរិបូរណ៌ ហើយកត្តាសន្តិភាពនេះក៏ជាបុព្វហេតុ ជួយលើកតម្កើង​នូវតម្លៃ​មរតកវប្បធម៌​ជាតិ​ក៏ដូចជាការ ការពារ​អធិបតេយ្យភាព​ជាតិឱ្យបានគង់វង្សដូចសព្វថ្ងៃនេះ៕

កម្ពុជាអបអរខួប៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2021/07/07 09:58:31 am        666
ភ្នំពេញ ៖ ថ្ងៃទី៨ខែកក្កដា គឺជាខួបគម្រប់៤ឆ្នាំហើយដែលកម្ពុជា​បានដាក់​បញ្ចូល​ប្រាសាទ​សំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។គួរម្លឹក​ថា គ្រប់ប្រាសាទនានារបស់ខ្មែរក៏ជាសក្តានុពលដ៏ទាក់ទាញ ដល់វិស័យទេសចរណ៍​កម្ពុជា​ដែល​វិស័យទេសចរណ៍ត្រូវរាជរដ្ឋាភិបាលចាត់ទុកជា“ មាសបៃតង” បានចូលរួមចំណែកក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​តាមរយៈការបង្កើតការងារ​ជាច្រើនសម្រាប់ប្រជាជនកម្ពុជា​ការផ្តល់​ប្រាក់​ចំណូលខ្ពស់សម្រាប់ប្រទេសជាតិការលើកទឹកចិត្តនៃការវិនិយោគ និងការកាត់បន្ថយផលប៉ះពាល់​របស់ពួកគេហើយ លើសពីនេះទៀត វិស័យទេសចរណ៍ក៏បានចូលរួមចំណែកយ៉ាងច្រើន ដល់ការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជាផងដែរ។ដោយសារថ្ងៃ៨កក្កដា ជាខួប៤ឆ្នាំនៃការដាក់ប្រាសាទសំបូរព្រៃគុក​ទៅក្នុងបញ្ជី​បេតិកភណ្ឌពិភព​លោក សំដៅអភិរក្សថែរក្សា​ឲ្យ​គង់វង្សសំរាប់កូនចៅគ្រប់ជំនាន់ ផេកហ្វេសប៊ុក​ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈក៏បានលើកយកឯកសារវីដេអូ ដែលមានរយៈពេលជាង៦​នាទី​មកផុស​រម្លឹក​ឡើងវិញ​ផងដែរ។ទាក់ទងនឹងប្រាសាទបុរាណនានាជិត២ឆ្នាំមកនេះ ទោះជាមានការបាត់បង់នូវចំនួនភ្ញៀវទេសចរណ៍​ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ ប៉ុន្តែតាមរយៈ ការខិតខំប្រឹងប្រែងប្រកបដោយវីរភាព​របស់​រាជ​រដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជា​មិនបានភ្លេចពីការខិតខំថែរក្សាអភិរក្សបណ្តុះស្មារតីកូនខ្មែរឲ្យ​ស្រលាញ់​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី​ និង​អរូបីយ​ដែលត្រូវបានចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។តំបន់ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងមានចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្ត ឬ២០៦គីឡូម៉ែត្រខាងជើងរាជធានីភ្នំពេញ។ តំបន់នេះគ្របដណ្តប់លើផ្ទៃដី២៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ទំនាបដែលមានទន្លេ​ទឹកហូរ​វាលភក់ទំនប់វារីអគ្គិសនី ​និងអាងស្តុកទឹក​ដែលមានដំណាំកសិកម្ម។តំបន់សំបូរព្រៃគុកត្រូវបានគេស្គាល់ថា“ ឥសានបុរៈ” ដែលជារាជធានី​នៃនគរចេនឡា​រវាង​ចុង​សតវត្សទី៦ និងដើមសតវត្សរ៍ទី៧ ។ប្រាសាទសំបូរព្រៃគុក​ត្រូវបានរាជរដ្ឋាភិបាល​ចុះក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក ​ជា​សម្បត្តិបេតិកភណ្ឌរូបី​ នៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៧៕អត្ថបទ មុត សុទ្ធ 

ផ្លូវចូលទៅវត្តសាក់សំពៅ ដែលខូចខាត​ដោយសារ​រថយន្តធុនធំ​បំផ្លាញ​ត្រូវបាន​អាជ្ញាធរខណ្ឌដង្កោ​ស្ថាបនា​ជា​ផ្លូវបេតុង​រួចហើយ

2021/07/07 04:25:32 pm        461
ភ្នំពេញ ៖ ផ្លូវចូលទៅកាន់វត្តសាក់សំពៅ ចាប់ពីចំណុចផ្លូវលេខ១០៤ ( ផ្លូវ ២០អា ) សង្កាត់គងនយ ឆ្លងកាត់ក្លោងទ្វារ វត្តសាក់សំពៅ ស្ថិតក្នុងសង្កាត់សាក់សំពៅ ដែល​រងការខូចខាតយ៉ាងខ្លាំង ដោយឡែកក្លោងទ្វារវត្តសាក់សំពៅ ក៏ស្ទើរបាក់បែកធ្លាក់ផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់ ក៏ដូចជា រថយន្តធុនធំផ្សេងៗទៀតជាអ្នកបំផ្លាញ ។បញ្ហានេះដោយមានការសំណូមពរជាច្រើនលើកច្រើនសារ ពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់​​នៅ​តំបន់នោះ ឥឡូវផ្លូវដែលរងការខូចខាតនោះ ត្រូវបានអាជ្ញាធរខណ្ឌដង្កោ ស្ថាបនាជាផ្លូវបេតុង បានល្អប្រសើរ​ហើយ ។ដោយឡែក ក្លោងទ្វារវត្តសាក់សំពៅ ដែលរងការបុកប៉ះ ពីសំណាក់ក្រុមរថយន្តធុនធំទាំងនោះ គឺនៅ​មិនទាន់មាន​ការកសាង ឬ ស្ថាបនា ជួសជុល ឲ្យ​បានស្អាតនៅឡើយនោះទេ ដែលបញ្ហានេះ នៅតែជាកង្វល់​របស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ហើយ​ពួកគាត់​ព្រួយបារម្ភ​នៃ​ការបាក់ធ្លាក់​នៅថ្ងៃណាមួយមិនខាន ។ពលរដ្ឋរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ ​ធ្លាប់ប្រាប់​​ឲ្យដឹងថា បញ្ហាផ្លូវ គឺមិនបាច់និយាយទេ ខូចចង់អស់ហើយ ដោយឡែកក្លោងទ្វារចូលទៅកាន់ វត្តសាក់សំពៅ ក៏ស្ទើរបាក់បែកធ្លាក់ផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់ ក៏ដូចជា រថយន្តធុនធំផ្សេងៗទៀត ជាអ្នកបំផ្លាញ ។ ចំណែក​រឿងផ្លូវវិញ ពេលខែប្រាំងដីហុយ ពេលភ្លៀងបែកភក់ជ្រាំ ធ្វើដំណើរទៅមកសឹងតែមិនចង់កើត បញ្ហានេះ កើតមានរាប់ឆ្នាំមកហើយ ដែលធ្វើអោយពួកគាត់រស់នៅតំបន់នេះ ពិបាកខ្លាំងណាស់ ហូបបាយមិនចង់កើតនោះទេ ដោយសារដីហុយ ។ ពេលស្រែកទើបគេស្រោចទឹកអោយម្តងម្កាល​ទៅ ប៉ុន្តែបើមិនស្រែកវិញ ក៏គេមិនខ្វល់នោះដែរ ។ពលរដ្ឋបានបន្ដទៀតថា អ្វីដែលពួកគាត់ចង់បាននោះ គឺសំណូមពរ សូម​ឲ្យ​អាជ្ញាធរ​ជួយស្ថាបនា​ជាផ្លូវបេតុង និង ជួសជុល កសាងក្លោងទ្វារ វត្តសាក់សំពៅ ឲ្យ​បានល្អស្អាតឡើងវិញ ពីព្រោះថា ផ្លូវក៏លំបាក និងជាពិសេស ណាមួយខ្លាចក្លោងទ្វារ វត្តសាក់សំពៅ បាក់រលំទៀតផង ។ចំពោះបញ្ហារឿងក្រុមរថយន្តដឹកដី ដឹកខ្សាច់នេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ កាលពីកន្លងទៅ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថាន ពួកគាត់ក៏បានប្រតិកម្មសម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដី ដឹកខ្សាច់បើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់ ៕តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មាន៖ NATO មិនទាន់ឯកភាពគ្នាលើលក្ខខណ្ឌនៃជំនួយដល់អ៊ុយក្រែនទេ ដោយសារជំហររបស់អ៊ីតាលី
07/01/2026 06:07 PM
សហរដ្ឋអាមេរិកប្រកាសទណ្ឌកម្មស្រប​ជាមួយប្រទេសឈូងសមុទ្រ លើ​ក្រុមហេសបូឡារបស់​លីបង់
07/01/2026 06:07 PM
ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
07/01/2026 06:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ កងទ័ពនឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា ដោយគ្មានពេលវេលាកំណត់
07/01/2026 06:07 PM
ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង
07/01/2026 06:07 PM
អាគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ
07/01/2026 06:07 PM
ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា
07/01/2026 05:07 PM
របាយការណ៍៖ នាវាមួយគ្រឿងបានជាប់គាំងនៅច្រកសមុទ្រហ័រមូស ដោយសារការបិទផ្លូវ
07/01/2026 05:07 PM
ប្រជាជនលីបង់រាប់ម៉ឺន​នាក់ តម្រង់​ទៅផ្ទះសម្បែង​វិញ ខណៈការប្រយុទ្ធគ្នាធូរស្រាល
07/01/2026 05:07 PM
បង់ក្លាដែសព្រមានអំពីការកើនឡើងនៃជំងឺគ្រុនឈាម ខណៈមានភ្លៀងធ្លាក់ច្រើន
07/01/2026 05:07 PM