សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេច​តេ​ជោ​ ប្រគល់​អំណោយ​រថយន្ត​ដឹក​វ៉ាក់សាំង​កូ​វីដ​-១៩​ ចំនួន​១០​គ្រឿង ដល់​ក្រសួង​ការ​ពារ​ជាតិ

2021/07/05 02:34:48 pm        359
ភ្នំពេញ ៖ ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​១០​គ្រឿង ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ជូន​ទៅ​ក្រសួង​ការពារ​ជាតិ ​នៅ​ឃ្លាំង​ឱសថ​កណ្តាល (CMS)​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ​ឆ្នាំ​២០២១​នេះ​។លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ឲ្យ​ដឹង​ទៀតថា ​រថយន្ត​ដឹក​វ៉ាក់សាំង​កូ​វីដ​-១៩​ ត្រូវ​បាន​រៀប​ចំឡើង ឲ្យ​ត្រូវ​តាម​តម្រូវ​ការ​ដឹក​វ៉ាក់សាំង ហើយ​មាន​ប្រព័ន្ធ​ត្រជាក់​ដក​២៤​អង្សា​សេ​។ជា​ចុងក្រោយ​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់​ថា ​ឧបករណ៍​ដែរ​សំខាន់​សម្រាប់​ជួយ​សង្គ្រោះ​អាយុជីវិត ​គឺ​មានតែ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប៉ុណ្ណោះ ​ហើយ​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​៣​កុំ ​៣​ការពារ និង​វិធានការ​រដ្ឋបាល​របស់​ក្រសួងសុខាភិបាល​ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ អាល់កុល​ឲ្យ​បាន​ញឹកញាប់ ​និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​៕អត្ថបទ រដ្ឋា 

ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង នឹង​ដាក់​ដំណើរការ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក ​ជា​ជំនួយ​ឥត​សំណង់​របស់​សាធារណរដ្ឋ​កូរ៉េខាងត្បូង នា​ដើម​ឆ្នាំ​២០២២

2021/07/05 02:16:50 pm        414
ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​មន្រី្ត​ក្រសួងសុខាភិបាល​ នា​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ​គម្រោង​សាងសង់​អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ​ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក នា​ដើម​ឆ្នាំ​២០២២​ខាងមុខនេះ​។ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​ បាន​មានប្រសាសន៍ថា អគារ​ថ្មី នៃ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង​នេះ​ ជា​ជំនួយ​ឥត​សំណង់​របស់​សាធារណរដ្ឋ​កូរ៉េ ​ខាងត្បូង តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​កូរ៉េ ​ហៅ​កាត់​ថា ក​យ​កា​ (KOICA) ហើយក៏​ជា​តម្រូវការ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​យើង ​មក​ទទួល​ការថែទាំ​ផ្នែក​ត្រចៀក ​ច្រមុះ បំពង់ក​ផង​ដែរ​។ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកឧត្តម រដ្ឋ​ម​ន្រី្ត ក៏បាន​ជូនពរ​ដល់​បុគ្គលិក​នៃ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ​និង​ភាគី​កូរ៉េ ទទួល​បាន​សុខភាព​ល្អ ​និង​ជោគជ័យ​ក្នុង​ការ​បំពេញភារកិច្ច ខាង​សាងសង់ ​និង​ខាង​បម្រើ​សុខភាព​ប្រជាពលរដ្ឋ ​សមស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​និង​ឆ្លើយតប​តាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​។ក្រៅពីនោះ​ភាគី​កូរ៉េ ក៏បាន​ជួយ​សាងសង់​ម​នី្ទ​រ​ពេទ្យ នៅ​ខេត្តពោធិ៍សាត់​ និង​សាងសង់​គម្រោង​បន្ថែម​ម​នី្ទ​រ​ពេទ្យ ក្នុង​ខេត្តបាត់ដំបង ​និង​ម​នី្ទ​រ​ពេទ្យ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​សុខាភិបាល ​មាន​ចំនួន​ច្រើន​ផង​ដែរ​៕អត្ថបទ រដ្ឋា​​

តោ​១​ក្បាល​ដែល​ដកហូត​ពី​បុរស​​ជន​ជាតិ​ចិន​ ត្រូវបាន​សម្តេច​តេ​ជោ ​ប្រកាស​ឲ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​វិញ​

2021/07/05 01:03:11 pm        102
ភ្នំពេញ ៖ ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​នៅ​យប់មិញ​នេះ​សម្តេច​បាន​ប្រកាស​​អំពី​សត្វ​តោ​១ក្បាល​​ដែល​បាន​ដកហូត​ពី​ជនជាតិ​ចិន​ម្នាក់​នៅ​ភ្នំពេញ​ កន្លងមក​នេះ ​​ត្រូវបាន​សម្តេច​​ណែនាំ​ប្រគល់​ឲ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​ថែទាំ​វិញ​។សម្តេច​បាន​សរសេរថា ​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ​សម្តេច ​បាន​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម និង​បាន​ឯកភាពគ្នា​ថា​ អនុញ្ញាត​ឱ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​វិញ​ក្នុង​លក្ខខណ្ឌ​ម្ចាស់​ត្រូវ​ធ្វើ​ទ្រុង ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធានា ​សុវត្ថិភាព​ទាំង​មនុស្ស​ក្នុង​ផ្ទះ ​និង​អ្នក​រស់នៅ​ជិតខាង​។​ អរគុណ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​ និង​ក្រៅប្រទេស ​ដែល​បាន​ផ្តល់​យោបល់​និង​អាណិត​ដល់​សត្វ​តោ​។សូម​ជម្រាប​ជូន​ផងដែរ​ថា កាល​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​ចម្រុះ ​បាន​ចុះ​ធ្វើការ​ដក​ហូតយក​សត្វ​តោ​ឈ្មោល​មួយ​ក្បាល ​ពី​ជនជាតិ​ចិន​ ដែល​បាន​ចិញ្ចឹម​ដោយ​ខុសច្បាប់ ​នៅក្នុង​លំនៅឋាន​របស់​ខ្លួន ​ស្ថិតនៅ​ផ្ទះ​លេខ​២២ ផ្លូវ​៣០៦ ភូមិ​៧ សង្កាត់​បឹង​កេងកង​១ ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នេះ ​មាន​ទម្ងន់ ៧០​គីឡូក្រាម ​ត្រូវ​បាន​បុរស​ជនជាតិ​ចិន​ចិញ្ចឹម​តាំងពី​តូច ​រហូតដល់​ពេលនេះ ​មាន​អាយុ​ប្រមាណ១​ឆ្នាំ​កន្លះ ​ដោយ​ឱ្យ​វា​ស៊ីសាច់​៦​គីឡូក្រាម​ក្នុង​១​ថ្ងៃ​។ប្រតិបត្តិ​ការ​ចុះ​ដកហូត​សត្វ​តោ​ដែល​ជា​ប្រភេទ​សត្វព្រៃ​កម្រ​នេះ ​ដឹកនាំ​ដោយ​ លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើភ្នំពេញ ​សហការ​ជាមួយ​ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ ​និង​មានការ​ចូលរួម​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ​Wildlife Alliance ព្រមទាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋាន ​ដកហូត​ពី​ជនជាតិ​ចិន​ដែល​បាន​ចិញ្ចឹម​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​ជា​ប្រភេទ​សត្វព្រៃ​នៅ​ក្នុង​ផ្ទះ​ដោយ​ខុសច្បាប់​។សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ​បានឱ្យដឹងថា ដោយសារ​មាន​ប្រជាពលរដ្ឋ​ជិតខាង​បាន​រាយ​ការណ៍​ប្រាប់​អំពី​ការ​ចិញ្ចឹម​សត្វ​តោ​ នៅក្នុង​ផ្ទះ​វីឡា​ខាងលើ​ពី​សំណាក់​បុរស​ជនជាតិ​ចិន​ ទើប​អាជ្ញាធរ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ចុះ​ដកហូតយក​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នោះ ​ដើម្បី​បញ្ជូន​ទៅ​ថែរក្សា​ទុក​។ទោះជា​យ៉ាងណា​សត្វ​តោ​មួយ​ក្បាល​នេះ​ ត្រូវ​សម្តេច​អនុញ្ញាត​ឲ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​វិញ​ហើយ​ ប៉ុន្តែ​ត្រូវ​ធ្វើ​ទ្រុង​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធានា សុវត្ថិភាព​ទាំង​អ្នក​នៅ​ក្នុង​ផ្ទះ​ និង​អ្នកជិតខាង​៕អត្ថបទ ៖ មុត សុទ្ធ

ក្រសួង​ប្រៃសណីយ៍​ទទួល​បាន​ការ​បញ្ជាទិញ​ឧបករណ៍​តេស្ត​រហ័ស​រហូត​ជាង​២៦​ម៉ឺន​ឧបករណ៍​

2021/07/05 12:46:58 pm        91
ភ្នំពេញ ៖ ​គិត​ត្រឹម​ថ្ងៃទី ៤ ខែកក្កដា​ឆ្នាំ ២០២១​នេះ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បាន​ទទួល​ការ​បញ្ជាទិញ​ឧបករណ៍​តេស្ត​រហ័ស​ អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ​លើ​សំណើរ​ទិញ​ចំនួន​៧៤៥ ដោយ​គិត​ជា​ចំនួន​ឧបករណ៍​តេស្ត​សរុប​ គឺមាន​ចំនួន ២៦២,៧៧៥ ឧបករណ៍​។ យ៉ាងណា​ម៉ិ​ញ​ការ​ផ្គត់ផ្គង់​ជាក់ស្ដែង​គឺ​ក្រសួង​ផ្ដល់​ជូន​មុនគេ​ ដល់​បណ្ដា​ក្រុមហ៊ុន​-​ស្ថាប័ន ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​ពី​កូ​វីដ​-១៩​។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ប្រៃសណីយ៍​។ចាប់ពី​ការប្រកាស​លក់ ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ​មក​ត្រឹម​ថ្ងៃទី ​៤​ខែកក្កដា​ ឆ្នាំ​២០២១ ក្រសួង​ប្រៃសណីយ៍​បាន​ទទួល​ការ​បញ្ជាទិញ ​ពី​ក្រុមហ៊ុន​-​ស្ថាប័ន​ចំនួន​លើ​សំណើ​ទិញ​ចំនួន ៧៤៥ សំណើរ​គិត​ជា​បរិមាណ​ឧបករណ៍​គឺមាន ២៦២,៧៧៥​។ នេះ​ជា​ការ​បញ្ជាក់​របស់ ឯកឧត្តម ម៉ុក រ៉ា​ឌី ជា​អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ ឯកឧត្តម​ បន្តថា គិត​ត្រឹម​ថ្ងៃ​ម្សិល​ម៉ិ​ញ​ដដែល​នេះ គឺមាន​ក្រុមហ៊ុន​-​ស្ថាប័ន​ចំនួន​២១០ ​បាន​មក​ទទួល​ឧបករណ៍​តេស្ត​រហ័ស​ពី​ក្រសួង​រួចរាល់ ​ដោយ​គិត​ជា​ឧបករណ៍​គឺ​មាន​ចំនួន ៤៦៦៧៥ ឧបករណ៍​។ ​ការ​លក់​ឧបករណ៍​តេស្ត​រហ័ស​ជូន​បណ្ដា​ក្រុមហ៊ុន​-​ស្ថាប័ន ​គឺ​ក្រសួង​ផ្ដល់ជូន​អាទិភាព ​ដល់ទី​តាំង​ដែល​មាន​បុគ្គលិក​ច្រើន និង​កំពុង​ប្រឈម​ហានិភ័យ ​ឬ​មានការ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។ ក្រសួង​ក៏​នឹង​ធ្វើ​ការ​ដោះស្រាយ​សំណើ​ទិញ​ផ្សេងទៀត​ស្របតាម​អាទិភាព​ខាងលើ ​ជា​បន្តបន្ទាប់​ទៅ​តាម​បរិមាណ​ស្តុក​របស់​ឧបករណ៍ ដែល​នៅសល់ ​និង​នាំចូល​បន្ថែម​។ ​នេះ​ជា​ការ​បញ្ជាក់បន្ថែម​របស់ ​ឯកឧត្តម អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍​។ជុំវិញ​ការ​ផ្ដល់នូវ​វគ្គ​បណ្ដុះបណ្ដាល​ពី​ការប្រើប្រាស់​វិញ​ ឯកឧត្តម​ បញ្ជាក់ថា ​ក្រសួង​ប្រៃសណីយ៍​ និង​សហការ​ជាមួយ​ក្រសួងសុខាភិបាល ​ក្នុង​ការរៀបចំ​ការ​បណ្ដុះ​បណ្ដាល​ដល់​បណ្ដា​ក្រុមហ៊ុន​-​ស្ថាប័ន​ដែល​ត្រូវការ​។ តែ​បច្ចុប្បន្ននេះ ​គឺ​ក្រុមហ៊ុន​ដែល​បាន​ទិញ​នូវ​ឧបករណ៍​តេស្ត​រហ័ស​រួចរាល់ ​គឺ​មាន​ក្រុមការងារ​របស់​ខ្លួន រឺ​បាន​ជួល​នូវ​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​បំពេញ​លើ​ការងារ​នេះហើយ​។​ អ្វីដែល​ក្រុមហ៊ុន​-​ស្ថាប័ន​ត្រូវការ​ជា​ចាំបាច់​នាពេលនេះ ​គឺ​ឧបករណ៍​តេស្ត​រហ័ស​ ។ ទោះបីជា​ពុំ​ទាន់​មានការ​បណ្ដុះបណ្ដាល​ពីរ​បៀប​ប្រើប្រាស់​ក្ដី ក្រសួង​ប្រៃសណីយ៍ ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន គឺ​បាន​បង្ហោះ​នូវ​ វីដេអូ​ខ្លី​ស្ដីពី​នីតិវិធី​ប្រើប្រាស់ ឧបករណ៍​តេស្ត​រហ័ស ​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩​ ឱ្យបាន​ត្រឹមត្រូវ ដោយ​វីដេអូ​នោះ មាន​រយៈពេល​ជាង៣​នាទី ជា​ពីរ​ភាសា​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ផងដែរ​។យោងតាម​សេចក្ដីជូនដំណឹង​កន្លង​ទៅ​របស់ ក្រសួង​ប្រៃសណីយ៍​ បញ្ជាក់ថា​ ឧបករណ៍​តេស្ត​រហ័ស អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដែល​ក្រសួង​ប្រៃសណីយ៍​នាំចូល​ដើម្បី​លក់​ជូន ​ក្រុមហ៊ុន​-​ស្ថាប័ន​នា​ពេលនេះ គឺជា​ផលិតផល​មកពី​ប្រទេស​កូរ៉េ ដោយ​លក់​ក្នុង​តម្លៃ​ដើម​ត្រឹមតែ ៣.៧ ដុល្លារ​ក្នុង​មួយ​ឧបករណ៍​តែប៉ុណ្ណោះ​។ ​ការលក់​ជូន​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ប្រើប្រាស់​សម្រាប់​បុគ្គលិក​របស់​ក្រុមហ៊ុន​-​ស្ថាប័ន​របស់​ខ្លួន ​ដោយ​ហាមប្រាម​ការចែក​ចាយ រឺ​ លក់​បន្ត​ជាដាច់ខាត​។ គួរបញ្ជាក់ថា ​ការ​លក់​ឧបករណ៍​តេស្ត​រហ័ស​ អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ របស់​ក្រសួង​ប្រៃសណីយ៍ នាពេលនេះ ​គឺ​ពុំ​ទាន់​អនុញ្ញាត​ឱ្យ​សាធារណជន​ទូទៅ​បញ្ជា​ទិញ​បាន​នោះទេ​។ ​ចំពោះ​សាធារណជន​ដែល​មាន​ការសង្ស័យ គឺ​ត្រូវ​ទៅ​យក​សំណាក​តាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល ឬ​អាជ្ញាធរ បានកំណត់​៕​អត្ថបទ​៖ គឹម​ហុក

និស្សិតបណ្ឌិតសភាយោធាកម្ពុជា ដឹងគុណនិងអរគុណរាជរដ្ឋាភិបាល​ ដែលចេញថ្លៃការសិក្សារហូតដល់ចប់

2021/07/04 02:55:44 pm        416
ភ្នំពេញ ៖ ក្រុមនិស្សិតបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅអាមេរិក បាន​បង្ហាញ​នូវ​ក្តី​រំភើប និងអរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងខ្លាំង ដែលបានជួយបង់ថ្លៃ​សិក្សា​ដល់​ពេលគេទាំង៦នាក់ ដើម្បីបន្តការសិក្សាដល់ទីបញ្ចប់ ក្រោយរដ្ឋាភិបាលអាមេរិក​សម្រេចបញ្ឈប់​ការ​​ផ្តល់​អាហារូបករណ៍។ក្រុមនិស្សិតបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅអាមេរិកទាំងនោះ បាន​បង្ហាញ​នូវអារម្មណ៍ សប្បាយចិត្តរៀងៗខ្លួន តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ពួកគេ ដោយ​អរគុណ​និងដឹងគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំង ដែលមិនបោះបង់ពួកគេ។និស្សិតម្នាក់ ឈ្មោះ អ៊ុន វុឌ្ឍិ ជា​សិក្ខាកាម​កម្ពុជា ដែលកំពុងសិក្សានៅសាលាបណ្ឌិតសភា​យោធា​ជើកគោក​សហរដ្ឋអាមេរិក (United States Army Academy) នៃសាលា West Point ឆ្នាំទី១ បាន​លើកឡើងយ៉ាងនេះថា​ ៖ «ខ្ញុំបាទពិតជាមានសេចក្ដីក្តីរំភើប ​និងរីករាយក្រៃលែង ដែលរាជ​រដ្ឋាភិបាល​កម្ពុជា និងក្រសួងការពារជាតិកម្ពុជា សម្រេចផ្តល់ការ​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការសិក្សា​របស់ខ្ញុំ សម្រាប់រយៈពេល៣ឆ្នាំខាងមុខទៀត រហូតដល់ទីបញ្ចប់ បន្ទាប់ពីការ​បញ្ឈប់​ផ្ដល់ជំនួយ​ឧបត្ថម្ភ​អាហារូបករណ៍​ពី​សំណាក់រដ្ឋាភិបាលអាមេរិក»។ និស្សិតរូបនេះ បន្តថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារដោះស្រាយវិបត្តិ covid-19 នៅក្នុងប្រទេសកម្ពុជា​លំបាក​ប៉ុណ្ណាក្តី ប៉ុន្ដែថ្នាក់ដឹកនាំនូវតែយកចិត្តទុកដាក់ខ្ពស់​និងមាន​​ចំណាត់​ការ​បន្ទាន់សម្រាប់ដោះស្រាយការ​ឧបត្ថម្ភ​ជូននិស្សិតយោធាទាំង៦ រូបដែលកំពុងជួបការលំបាក និងខ្វះខាត​ក្នុងការបន្តការសិក្សានៅ​សហរដ្ឋអាមេរិក​ផងដែរ។នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស​ក្រសួង​ការពារជាតិ បានចាត់ទុកការសម្រេចជាឯកតោភាគី​របស់អាមេរិក​បញ្ឈប់​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត កម្ពុជា​នៅ​ពាក់កណ្តាលផ្លូវបែបនេះថា ​ជា​ការសម្រេចចិត្តដូចជាក្មេងបៀមដៃ ដែល​មាន​សក្ដិសម​នឹងខ្លួនជាប្រទេសមហាអំណាចនោះឡើយ។​តែយ៉ាងណា នាយឧត្តមសេនីយ៍ បានលើកឡើងថា ​បើទោះបីជា អាមេរិកធ្វើបែបនេះ ដាក់​និស្សិត​កម្ពុជាក្តី ក៏រាជរដ្ឋាភិបាលមិនព្រងើយចំពោះការលំបាក របស់និស្សិតកម្ពុជានោះដែរ ពោលគឺរាជរដ្ឋាភិបាលបានសម្រេចបង់ថ្លៃឲ្យនិស្សិតបានរៀនដល់ចប់។នាយឧត្តមសេនីយ៍ ណឹម សុវត្តិ បញ្ជាក់ប្រាប់BTVថា ការសម្រេចរបស់រាជរដ្ឋាភិបាលបែបនេះ គឺបង្ហាញពី គុណតម្លៃនៃថ្នាក់ដឹកនាំ និងជាទម្លាប់ធ្វើការរបស់ថ្នាក់ដឹកនាំកម្ពុជាឲ្យចប់ចុងចប់ដើម ដោយមិនបោះបង់ ចោលពាក់កណ្តាលទី ទោះបីជាកម្ពុជាមានការលំបាកក្តីដោយសារបញ្ហាកូវីដក្តី។ នាយឧត្តមសេនីយ៍ បន្ថែមថា ការយកចិត្តទុកដាក់របស់ថ្នាក់ដឹនាំជាន់ខ្ពស់ពេលនេះ ក៏ផ្ញើសារ​ដល់និស្សិតដែលត្រូវបានថ្នាក់ដឹកនាំយកចិត្តទុកដាក់ហើយ ត្រូវខិតខំប្រឹងរៀនដើម្បីយកចំណេះ មកជួយដល់ប្រទេសជាតិវិញ។ជាមួយគ្នានេះ និស្សិតម្នាក់ទៀត ឈ្មោះ ឡុង តុលា ជានិស្សិតអន្តរជាតិតំណាងឲ្យកម្ពុជា ដែល​បានជាប់ អាហារូបករណ៍បណ្ឌិតសភាទ័ពអាកាសអាមេរិកនិងកំពុងសិក្សាឆ្នាំទី១ បានប្តេជ្ញាចិត្តថា រូបគេនឹងខិតខំសិក្សារៀនសូត្រឲ្យទទួលបានជោគជ័យ ​និងទទួលលទ្ធផលល្អប្រសើរ ដោយវិល​មក​បំពេញការងារជូនជាតិមាតុភូមិវិញ ដើម្បីសងគុណនិងដឹងគុណចំពោះថ្នាក់នាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិ ដែលបានយកចិត្តទុកដាក់ជួយដល់ខ្លួនក៏ដូចជានិស្សិតរូបផ្សេងទៀត ដែល​ត្រូវអាមេរិកផ្តាច់អាហារូបករណ៍ពាក់កណ្តាលទី៕អត្ថបទ ជា ធីរិទ្ធ 

មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក អនុញ្ញាត​បើកទីតាំង​ធ្វើ​ចត្តាឡីស័ក​ ឲ្យដំណើរការឡើងវិញចំនួន៤ទីតាំង

2021/07/04 02:19:39 pm        380
ភ្នំពេញ ៖ ដោយមានការបញ្ជា​ផ្ទាល់ពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក​ បាន​ណែនាំឲ្យ​រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣​ដឹកនាំដោយលោក ជា ឃាង ចៅសង្កាត់ ចុះធ្វើកំណត់ហេតុ អនុញ្ញាត​បើកទីតាំងធ្វើចត្តាឡីស័ក ឲ្យ​ដំណើរការឡើងវិញចំនួន ០២ទីតាំង​បន្ថែម​ទៀត នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។យោងតាមរបាយការណ៍​របស់រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ បានបញ្ជាក់ថា ទីតាំង១.ផ្ទះលេខ៧៩A ច្រកផ្លូវលេខ១៩២ ភូមិ៨ ។ទី២.ផ្ទះលេខ៥១ ច្រកផ្លូវលេខ១៩២ ភូមិ១០។ ទី៣.ផ្ទះលេខP៩ ច្រកផ្លូវ២៦៥ ភូមិ១៣។ទី៤.ផ្ទះលេខ៦៣x ច្រកផ្លូវ២៦៥ ភូមិ១៣បានអនុវត្តវិធាន របស់​ក្រសួង​សុខា​ភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល បានត្រឹមត្រូវផងដែរ។ក្នុងនោះលោកចៅសង្កាត់ទឹកល្អក់ទី៣ បានណែនាំឲ្យ​ម្ចាស់ផ្ទះ​អនុវត្ត តាមវិធានការណ៍​របស់​រាជ​រដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្តន៍តាមការ ណែនាំ​របស់ក្រសួងសុខាភិបាលដាក់ខ្លួន ដាច់ដោយឡែក ចំពោះអ្នកដែលបាន​ជា​សះ​ស្បើយ​ពី​ជំងឺ៕អត្ថបទ ៖ កុម្ភះ

អំណោយ​សម្តេចតេជោ​ ត្រូវបាន​ប្រគល់​ជូន​លោកយាយ-លោកតា​ដែល​មាន​អាយុ​១០០​ដល់១០២ឆ្នាំ បាន​ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ​នៅមន្ទីរពេទ្យបង្អែកពញាឮ

2021/07/04 04:14:57 am        480
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការ​ចំពោះកិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ទៅជូនលោកយាយ លោកតាអាយុ ១០០ ដល់១០២ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក​ពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល និងនៅខណ្ឌកំបូល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សម្រាប់ទីតាំងទី១. លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រួមនឹងក្រុមការងារ​បាននាំយក​អំណោយដ៏​ថ្លៃថ្លារបស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ រួមនឹង​ថវិកាចំនួន ០៣លាន​រៀល ទៅជូនលោកយាយ ហាយ សាម៉េត មានអាយុ១០១ឆ្នាំ រស់នៅស្រុកពញាឮ ខេត្តកណ្ដាល បានស្ម័គ្រចិត្តចាក់វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​-19 ប្រភេទកូវីសែល។សម្រាប់ទីតាំងទី២. ថវិកាចំនួន០៣លានរៀល ទៅជូនលោកយាយ អៀម រៀមអាយុ១០១ឆ្នាំ រស់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះ​រទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទកូវីសែល។

ឯកអគ្គរដ្ឋទូតវៀតណាម ជំរាបសម្តេចតេជោថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម​មានការរីកចម្រើន

2021/07/03 12:01:35 pm        426
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាអនុញ្ញាត​ឲ្យឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គម និយមវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈឯកឧត្តម​បាន​បញ្ចប់​អាណត្តិ​​ បេសកកម្មការទូត​ប្រចាំនៅកម្ពុជា។ក្នុងជំនួបដែលធ្វើនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣ កក្កដានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ក្នុងបេសកកម្មការ​ទូត​នៅកម្ពុជា ឯកឧត្តម វូ ជំរាបសម្តេចតេជោថា បេសកម្មកម្មការទូតនៅកម្ពុជា ឯកឧត្តម បាន​សង្កេត​ឃើញ​ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម​មានការរីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់ ។ឯកឧត្តម បានបន្ថែថា ជា​ការឆ្លើយតបសម្តេចតេជោ ​បានយល់ស្រប ជាមួយអ្វីដែលឯកឧត្តមវូ បានលើកឡើង ហើយសម្តេច ក៏បានថ្លែងអំណរគុណជូនឯកឧត្តម វូ ដែលបានប្រឹងប្រែង​អស់ពី​កម្លាំង​កាយចិត្តបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ មានការរីកចម្រើនកាន់តែរឹងមាំ។សម្ដេចក៏បានជម្រាបជូនថា​ ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើទីមួយ ៖ ត្រូវរួមគ្នា​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩ តាមរយៈវិធានសុខាភិបាល,ទីពីរ ៖ បន្តជំរុញកិច្ច​សហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ ,និងទីបី ៖ ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចជំរុញធ្វើការរួមគ្នាបាន។ជាទីបញ្ចប់ សម្តេចបានជូនពរអោយឯកឧត្តម ទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត ក្នុង​បេសកកម្មការ​ទូតរបស់ឯកឧត្ដម នៅថ្ងៃអនាគត។សូមបញ្ជាក់ថា លោក វ៉ូ ក្វាង មិញ បានមកបំពេញ បេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ ដែលគិតរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ឆ្នាំ៕ អត្ថបទ៖ មុត សុទ្ធ 

មន្រ្តីជំនាញប្រាប់ពីហេតុផល​៣ចំណុច​ពី​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​នៅរាជធានីភ្នំពេញ​លើស​ផែនការ

2021/07/03 10:48:31 am        481
ភ្នំពេញ ៖ ស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ក្នុងរាជធានីភ្នំពេញ គណៈកម្មការចំពោះកិច្ចការ​ចាក់វ៉ាក់​សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងរាជធានីភ្នំពេញ លើសតួលេខដែលកំណត់ ដោយមន្រ្តីជំនាញបង្ហាញហេតុផលចំនួន៣ចំណុច។មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីប្រគល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា ជូនលោកយាយ ហូ ខាំ មានអាយុ១០១ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-19 ស្ថិតនៅសាលាបឋមសិក្សាចតុមុខ នាថ្ងៃទី០២ខែកក្កដាម្សិលមិញ លោកជំទាវ ឱ វណ្ណឌីន​រដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងពីហេតុផលបីចំណុច ធ្វើឱ្យដំណើរកាចាក់វ៉ាក់សាំងកូវីដ នៅរាជធានីភ្នំពេញ លើសតួលេខដែលបានកំណត់។ ហេតុផលទាំងបីនោះ រួមមាន ៖ ទី១.តួលេខដែលគ.វ.ក១៩ រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋ​ដែល​មាន​វ័យពី១៨ឡើងទៅ គឺជាតួលេខប៉ាន់ស្មាន ដែលមានចូលសហការពីអាជ្ញាធរមូលដ្ឋាន។ ទី២.ពលរដ្ឋមួយចំនួននៅជិតរាជធានីភ្នំពេញ គាត់ស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ។​ទី៣.ពេលរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង គឺគ.វ.ក ១៩ គិតតែពលរដ្ឋខ្មែរ ប៉ុន្តែនៅពេល​បើក​យុទ្ធនាការចាក់វ៉ាក់សាំង ដោយមានការគិតគូយកចិត្តទុក ពី​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី បានអនុញ្ញាតដល់ជនបរទេស​រស់នៅក្នុងរាជធានី​ភ្នំទទួលបានការចាក់​វ៉ាក់សាំង​ផងដែរ។ក្រៅពីនេះ លើកជំទាវបានក្រើនរំលឹកដល់ពលរដ្ឋចាក់វ៉ាក់សាំងកូវីដដូសទី១ រួចរាល់ ស្ថិត​ក្នុង​ខណ្ឌចំនួន៣ ចុងក្រោយគេក្នុងរាជធានីភ្នំពេញ ​សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ តាមការ​កំណត់​របស់គ្រូពេទ្យ ខណៈយុទ្ធនាកាចាក់វ៉ាក់សាំង នឹងបញ្ចប់នៅថ្ងៃទី០៨ ខែកក្ដដា ខាងមុខនេះ។តាមផែនការមេ នៃគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាក់វ៉ាក់សាំងជូនពលរដ្ឋមានវ័យ១៨ឆ្នាំឡើងទៅ គោលដៅប្រមាណ១០លាននាក់ នៅ​ពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែការអនុវត្តជាក់ស្តែង អាចនឹងបញ្ចប់នៅអំឡុងខែតុលា ឫខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ប្រមាណ២០លានដូស ដែលការគ្រោងទុក នឹងមកដល់នៅអំឡុងខែសីហា ខាងមុខនេះ។ ការចាក់វ៉ាក់សាំងកូវីដ-19 គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-19 និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-19 ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម៕អត្ថបទ៖ទូច សោភ័ណ 

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៖ វិទ្យាស្ថាន​ប៉ាស្ទ័រ​ គឺជា​ដៃគូ​ដ៏យូរអង្វែង​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ប្រទេស​កម្ពុជា

2021/07/02 03:48:05 pm        550
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រសៀល​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកស្រី វេជ្ជបណ្ឌិត Laurence Baril នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ជូនថា វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា គឺជាដៃគូដ៏យូរអង្វែងដែលបានជួយ​ឧបត្ថម្ភ​គាំទ្រ​ប្រទេសកម្ពុជា ទាំងការ​អភិវឌ្ឍស្ថាប័នផ្នែកមន្ទីរពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ​ចំពោះ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា និងស្នើសុំឲ្យបន្តសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ​ជាពិសេសលើការបណ្តុះបណ្តាល​ធនធានមនុស្ស និងស្រាវជ្រាវ​វិទ្យាសាស្រ្ត ផ្នែកជំងឺឆ្លង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់
07/01/2026 09:07 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា
07/01/2026 08:07 PM
អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍
07/01/2026 08:07 PM
UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ
07/01/2026 08:07 PM
ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក
07/01/2026 08:07 PM
ទិន្នន័យអង្គការណាសាបង្ហាញថា អគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាតក្នុងការរញ្ជួយដីនៅវេណេស៊ុយអេឡា
07/01/2026 08:07 PM
មនុស្ស ១២នាក់ស្លាប់ ក្រោយទឹកជំនន់វាយប្រហារតំបន់ជាច្រើនរបស់ហ្គាណា
07/01/2026 08:07 PM
ក្មេងៗ ១៤នាក់ស្លាប់ ក្នុងហេតុកាណ៍បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប៉ាគីស្ថាន
07/01/2026 08:07 PM
លោក Trumpរាយការណ៍ប្រាក់ចំណូលជាង១,៤ពាន់លានដុល្លារពីការបណ្តាក់ទុនគ្រីបតូ
07/01/2026 08:07 PM
មេដឹកនាំបេឡារុសបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ី
07/01/2026 08:07 PM