សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម លី ធុជ ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​ជំនួយ​រយៈពេល៦ឆ្នាំ សរុប​ថវិកា​ប្រមាណ​២០លាន​ដុល្លារ​ ដោយ​ផ្តោត​ទៅ​លើ​សកម្មភាព​ចំនួនបី

2021/06/30 08:05:01 am        384
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានវាយ​តម្លៃថា «សហគមន៍​ផ្តល់​ជំនួយ​បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីន តាម​រយៈគម្រោង​បោស​សម្អាត​មីន ដើម្បីលទ្ធផលក្នុងគោលដៅ បញ្ចប់ការគំរាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥»។ការលើកឡើងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សា​ភិបាល​គម្រោង​​បោស​សម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ តាមរយៈប្រព័ន្ធវីដេអូ។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលសម្រេចបានក្នុងឆមាសទី១ និងផែនការ​សកម្មភាពការងារក្នុងឆមាសទី២ឆ្នាំ២០២១ នៃការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី៤។ប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោង​បោស​សម្អាតមីនដើម្បីលទ្ធផល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស របស់ប្រជាជននិងរដ្ឋាភិបាលនៃ​ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺ ឡង់ និង អង្គការ UNDP ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីន​ដើម្បី​​លទ្ធផលដំណាក់កាលទី៤ រយៈពេល៦ឆ្នាំចាប់ពីឆ្នាំ២០២០-២០២៥ សរុបថវិកាប្រមាណ ២០ លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតទៅលើសកម្មភាពចំនួនបី ទី១-ការ បោសសម្អាតមីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹង អំពី​គ្រោះថ្នាក់​ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ។ឯកឧត្តម ក៏​បានបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពមីន​ ២០១៨-២០២៥ (NMAS) ដើម្បីសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីននៅឆ្នាំ២០២៥» ​និង​ស្របតាម​សំណើសុំពន្យាពេលបោសសម្អាតមីន លើកទី២របស់កម្ពុជា ព្រមទាំងការបញ្ចប់​ការអនុវត្ត​ផែនការ បីឆ្នាំរបស់ NMAS ដំបូង២០១៨ -២០២០ប្រកបដោយជោគជ័យ ដែលបានផ្តល់​ផល​ប្រយោជន៍ដល់ប្រជាជនចំនួន១.១២០.៤៩៧ នាក់ ។លោក Nick Beresford តំណាងអង្គការUNDP ប្រចាំកម្ពុជា បានសម្តែងអបអរសាទរ​ចំពោះ​អាជ្ញាធរ​មីន ​ដែលបានអនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយបាន​សហការ​យ៉ាង​ជិតស្និទ ជាមួយ UNDP ក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមក ដើម្បី រួមគ្នាបន្តដំណើរ​ជួយ​​​សង្គ្រោះជីវិត ​និងរំដោះដីសុវត្ថិភាពជូនប្រជាពលរដ្ឋ ​ហើយអង្គការ UNDP នៅតែបន្តតាំងចិត្ត​យ៉ាងមុតមាំ និងឈរជាមួយរាជរដ្ឋា ភិបាលកម្ពុជា ក្នុងការសម្រេចឲ្យបាននៅកម្ពុជា​គ្មាន​មីនឆ្នាំ២០២៥។ឆ្លៀតក្នុងឱកាសនោះ លោក Nick Beresford ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជ​រដ្ឋា​ភិបាល​កម្ពុជា ដែលខិតខំយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងនូវការរីករាលដាលជំងឺ​ឆ្លងកូវីដ-១៩៕

សម្តេចតេជោ ៖ ការឆ្លងធ្ងន់ធ្ងរកូវីដ-១៩ កើតឡើងក្នុងពេលដ៏លំបាកមួយ​ នៃការកើតឡើងនៃ​​និន្នាការ​ឯកតោនិយម

2021/06/29 01:15:21 pm        614
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរនៃមេរោគ​កូវីដ-១៩ បានកើតឡើងក្នុងអំឡុង​ពេលដ៏លំបាកមួយ​ដែលពិភព​លោក​កំពុងតែស្ថិតនៅក្រោមការ​គំរាមកំហែង​ពីសំណាក់នៃការកើនឡើងនិន្នាការឯកតោនិយម និង​ប្រជានិយមជាដើម។តាមរយៈកិច្ចពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយនៃបណ្ដាប្រទេសអាស៊ាន-រុស្ស៊ីតាមប្រព័ន្ធវីដេអូ​ពីភូមិ​គ្រឹះក្រុងតាខ្មៅ នៅល្ងាចថ្ងៃទី ២៩ខែមិថុនានេះ សម្ដេចតេជោ​មានប្រសាសន៍ថា បើទោះបីពេលនេះ សម្តេច​កំពុងជាប់ធ្វើ​ចត្តាឡីស័ក​ដែលមានរយៈពេល១០ថ្ងៃរួចមកហើយ នៅសល់ ៤ថ្ងៃទៀត ប៉ុន្ តែដើម្បីបានជួប​ជាមួយ​កិច្ចពិភាក្សាជំនួបកំពូលតុមូលនេះ សម្តេចបានខិតខំម្ខាងដើម្បីដោះស្រាយ​ជាមួយនឹងវិស័យ​សុខាភិបាលជាមួយបញ្ហាចត្តាឡីស័ក ដែលពុំមានអ្នកអមដំណើរក្នុងការប្រជុំ​ ហើយសូម្បីតែអ្នកថត​ទាំងអស់ក៏ស្ថិតក្នុងឯកសណ្ឋានពេទ្យទាំងអស់ផងដែរ​នៅក្នុងដំណាក់កាលកូវីដ ដែលវាមិនស្គាល់​នាយករដ្ឋមន្ត្រី ឬប្រធានគណបក្ស នោះទេ។ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះគណបក្សរួបរួមរុស្ស៊ី ដែលបានរៀបចំ​កិច្ច​ពិភាក្សា​តុមូលនេះ​ ក្រោមប្រធានបទ តួនាទីនៃការទទួលខុសត្រូវនៃកម្លាំងគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងស្ថាបន្យកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ​នៅក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិច សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចែករំលែកទស្សនៈមួយចំនួនជូន​កិច្ច​ពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយនៃ ប្រទេសអាស៊ាន រុស្ស៊ី ដោយវាយតម្លៃថា វេទិកាតុមូលនេះ មានសារៈសំខាន់ណាស់នៅក្នុងបរិបទនៃកូវីដ១៩។សម្តេច បានបន្តថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋកំពុងត្រូវបានកំណត់​ដោយការបែងចែកភូមិសាស្ត្រ​នយោបាយ ភាពមិនប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រ​នយោបាយនេះ បានជំរុញឲ្យមានការដាក់​គំលាបលើខ្លួនឯងពីសំណាក់រដ្ឋមួយចំនួននៅពេលដែលពួកគេព្យាយាម លើកកំពស់​ការធ្វើពិពិធកម្ម​និងកិច្ចសហប្រតិបត្តិការពហុទិស។សម្ពាធនេះ បានរារាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍដែលសមស្របនិងបរិបទនៃប្រទេសនោះ។សម្ដេចបានបន្តថា ក្នុងស្ថានការណ៍នេះ សន្និសីទមួយនេះ ពិតជាត្រូវរៀបចំឡើងទាន់ពេលវេលា​ក្នុងការបញ្ជ្រាបតួរនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់​ពិភពលោក​ដែលអោយតម្លៃទៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិ មានការប្រឈមមុខដាក់គ្នា​សាមគ្គីភាព ជៀសវាងការបែកបាក់ និងការអភិវឌ្ឍ ចៀសវាងការបំផ្លិចបំផ្លាញ។សន្និសីទមួយនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ឲ្យយើងទាំងអស់គ្នារួបរួមគ្នានឹងបង្ហាញនូវសារមួយយ៉ាងម៉ឺងម៉ាត់ក្នុងការទាត់ចោលនូវស្មារតីសង្គ្រាមត្រជាក់ថ្មី និងកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើត​លំហសម្រាប់​កិច្ចសហប្រតិបត្តិការដែលមានវិសាលភាពធំជាងការបែងចែកនៃភូមិសាស្ត្រនយោបាយ៕អត្ថបទ មុត សុទ្ធ

សម្តេចតេជោ ៖ បក្សប្រជាជនកម្ពុជា នឹងបន្តពុះពារគ្រប់យ៉ាងដើម្បីប្រជាជន

2021/06/28 03:32:12 pm        527
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជា​ជន​កម្ពុជា​អះអាងថា គណបក្សប្រជាជន នឹងបន្តពុះពារធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារឯករាជ្យ និង​អធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យចាក់ឫសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមនីយកម្មសង្គម និងជំរុញ ការអភិវឌ្ឍ សេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។នេះគឺជាខ្លឹមសារដែល សម្តេចបានលើកឡើងក្នុងសារលិខិតផ្ញើជូនជនរួមជាតិសម្រាប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃគម្រប់ខួបទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ។សម្តេចរម្លឹកថា គណបក្សប្រជាជនកម្ពុជាមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដោយ​មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួក​អាណានិគមនិយម​ដើម្បីឯករាជ្យជាតិ។ ក្នុងនាមជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និង​ដើម្បី​ប្រជាជន គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅ ខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ ពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម ។ គណបក្សបានដឹកនាំប្រជាជនធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចដើម្បីរំដោះប្រទេសជាតិពី ការ​ឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ ឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបាន បញ្ចប់ទាំងស្រុងសម័យ​កាល​ដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មីនៃការកសាងទឹកដីឡើង វិញ របស់​ប្រជាជនលើមាគ៌ាសន្តិភាព បង្រួប បង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ រយៈពេល៤២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនបានដឹកនាំប្រទេសសម្រេចបានសមិទ្ធផល ដ៏ធំធេងក្នុងបុព្វហេតុនៃការការពារការរស់ឡើងវិញ របស់ប្រជាជន រាំងស្កាត់ការ​ប៉ុនប៉ងវិល​ត្រឡប់​មកវិញ នៃរបបប្រល័យពូជសាសន៍, ការស្តារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ និងពីបាត​ដៃទទេ ឱ្យមាន ស្ថិរភាពជាជំហានៗ បង្កើតបានបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋាន​សម្រាប់ការ​បង្រួបបង្រួមជាតិ, ការ បង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទីពីរនាឆ្នាំ១៩៩៣, ការបង្កើត​សន្តិភាពពេញ លេញជូនជាតិ ចាប់ពីចុង ឆ្នាំ១៩៩៨ មកតាមរយៈ នយោបាយឈ្នះ ឈ្នះ, ការលើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព របស់ពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចធ្វើ​ឱ្យ​ប្រជាជន​មានជីវភាពកាន់តែ ប្រសើរឡើង ហើយកំពុងរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនា។សម្តេច បន្តថា ក្នុងនាមគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្តេចបានសម្តែង​កតញ្ញុតាធម៌​ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅ ប្រទេស ដែលបានឃើញច្បាស់​សច្ចធម៌​នៃការដឹកនាំរបស់គណបក្ស ហើយផ្តល់ យុត្តិធម៌ និង​ការគាំទ្រឥត ​រង្គោះរង្គើ​ដល់គណបក្សនៅគ្រប់កាលៈទេសៈ ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់ គ្រាន់ក្នុងការបម្រើជាតិ និងប្រជាជន។ ឆ្លើយតបនឹងការជឿទុកចិត្តនេះ គណបក្សនឹងបន្តពុះពារធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យចាក់ឫសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមនីយកម្មសង្គម និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើង ។សម្តេច បានបន្តទៀតថា ទោះបី នៅពេលនេះពុំមានការជួបជុំធំដើម្បីរំឭកខួបលើក ទី៧០ នៃ ថ្ងៃកំណើត​គណបក្សប្រជាជនកម្ពុជា ដោយសារតែ ប្រទេសកំពុងប្រឈមនឹងការឆ្លងរាតត្បាតជា សាកលនៃជំងឺកូវីដ-១៩ក្តី ក៏ស្មារតីចងចាំ គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វការីជន យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ នៅតែស្ថិតក្នុងដួង ចិត្តរបស់យើងជានិច្ច។ នៅក្នុងឱកាសនេះ សម្តេចក៏បានអំពាវនាវបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមអនុវត្តតាម​ការ​ណែនាំ របស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានម៉ត់ចត់ អំពីវិធានការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចូលរួមចាក់វ៉ាក់សាំងការពារជំងឺនេះ និងបន្តអនុវត្តវិធានការ "៣កុំ ៣ការពារ” ដើម្បីឱ្យយើងអាចឆ្លងផុត​កាលៈទេសៈដ៏លំបាក​នេះបាន​ឆាប់ ឈានទៅរកប្រក្រតីភាព ​ឡើងវិញតាមគន្លងថ្មីនៃជីវភាពសង្គម ផលិតកម្ម មុខរបរ និងការងារ​របស់​ប្រជាជន សម្តេច មានជំនឿថា អាស្រ័យដោយមានការចូលរួមដ៏សកម្មរបស់ប្រជាជនគ្រប់រូប យើងពិតជានឹងយកឈ្នះបាន ក្នុងសមរភូមិប្រយុទ្ធនឹងជម្ងឺកូវីដ១៩៕អត្ថបទ ៖ មុត សុទ្ធ

យ៉ាងយូរ​នៅ​ដើមខែ​សីហា គណៈ​អភិបាលក្រុង​បូកគោ នឹង​តម្រូវ​ឱ្យ​ចូល​កាន់តំណែង ​និង​តួនាទី​

2021/06/26 02:28:05 pm        484
កំពត ៖ បើ​មិនមាន​ការប្រែប្រួល​ទេនោះ យ៉ាងយូរ​នៅ​ដើមខែ​សីហា ​គណៈ​អភិបាលក្រុង​បូកគោ នឹង​តម្រូវឱ្យចូលកាន់​តំណែង និង​តួនាទី ខណៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ​ត្រូវបាន​ គជប តម្រូវឱ្យធ្វើ​នៅថ្ងៃទី​២៥ខែកក្កដាឆ្នាំ​២០២១​នេះ​។នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តកំពត ​បាន​បើក​កិច្ច​ជុំ​ពិភាក្សា​ជាមួយ​ប្រតិភូ​ក្រសួង មហាផ្ទៃ ស្ដីពី​ការពិនិត្យ​វឌ្ឍនភាព​ នៃ​ការរៀបចំ និង​ដាក់​ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ខេត្តកំពត ​ហើយ​ក្នុង​កិច្ចប្រជុំ​នោះ ថ្នាក់ដឹកនាំ​ក្រសួង ​បាន​ជំរុញ​អាជ្ញាធរ​ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឱ្យ​ពន្លឿន​ការងារ​រៀបចំ ​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ក្រុង​បូកគោ ​ឲ្យ​បាន​ឆាប់រហ័ស​។ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា​ ជំនួប​ប្រជុំ​ពេលនេះ ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​ការជំរុញ​រៀបចំ​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ​ ឲ្យ​បាន​លឿន​ឆាប់រហ័ស ​ដោយ​អនុលោម​តាមច្បាប់ ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជនី-ខេត្ត​ក្រុង ស្រុក និង​តាម​ការ​ជូនដំណឹងរបស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ដែល​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ នៅ​ថ្ងៃទី​២៥ខែកក្កដា ២០២១​នេះ​។ ដូច្នេះ​ការប្រកាស​ចូលកាន់​មុខ​តំណែងតួនាទី​ក្រុមប្រឹក្សា ​និងគណៈ​អភិបាលក្រុង​ត្រូវធ្វើ​ឲ្យ​បាន​លឿន​បំផុត ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ខាងមុខនេះ​។ឯកឧត្តម សក់ សេដ្ឋា បាន​ស្នើ​ឲ្យ​រដ្ឋបាលខេត្ត មន្ត្រី​ពាក់ព័ន្ធ ត្រូវ​រៀបចំ​ក្របខ័ណ្ឌ​មន្ត្រីរាជការ រដ្ឋ បាល​ក្រុង​បូកគោ​ ឲ្យ​សមស្រប​នឹង​ទំហំ​ការងារ​ចាំបាច់​ ចៀសវាង​មន្ត្រី​តែ​ម្នាក់ ​ទទួលបន្ទុក​ច្រើន​វិស័យ ដែលនាំ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការងារ​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​។ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ​បាន​លើកឡើងថា​ ចំពោះមុខ ​មាន​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​ការ ធ្វើ​សមាហរណកម្ម​មន្ត្រី​រាជកា​រ ក្នុង​ក្រប​ខណ្ឌ​រដ្ឋបាល​ក្រុង​ ដែល​មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​តិចតួច និង​មាន ការផ្ទេរ​ពិបាក ​ពី​ក្រសួង​សាមី ដែល​បញ្ហា​នេះ​ អាច​ធ្វើឱ្យ​ការ​ឆ្លើយតប​តម្រូវការ​ក្នុង​រចនាសម្ព័ន្ធ​ក្របខ័ណ្ឌ​រដ្ឋ ​បាល​ក្រុង​បង្កើត​ថ្មី​ មានការ​ពិបាក ​ដែល​ត្រូវ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ជួយ​អន្តរាគមន៍​៕​អត្ថបទ​៖ អន សារឹម

ពេទ្យ​យោធា​កម្ពុជា​នឹងត្រូវUN ស្នើ​ឲ្យ​ចូលរួម​បេសកកម្ម​ការងារ​ចាក់​ជូន​ពលរដ្ឋ​ប្រទេស​ដទៃ

2021/06/26 01:36:30 pm        408
ភ្នំពេញ ៖ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ឲ្យដឹង​នៅ​ថ្ងៃទី​២៦ ​ខែមិថុនា​នេះថា ក្រុម​កង​ពេទ្យ​យោធា​មួយចំនួន​ ដែល​កំពុង​ស្ម័គ្រចិត្ត​ចុះ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជា​កូ​វីដ​-១៩​ ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​នៅក្នុង​ស្រុក ​អាច​នឹង​ស្នើសុំ​ការស្ម័គ្រចិត្ត​បញ្ជូន​ចូលរួម​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​លើ​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​កងកម្លាំង​មួក​ខៀវ​មកពី​ប្រទេស​ផ្សេងៗ​ និង​បណ្តា​ពលរដ្ឋ​ស៊ីវិល​នៅតាម​ប្រទេស​កំពុង​មាន​ជម្លោះ​សង្គ្រាម​។ដោយមាន​ការ​ស្នើ​ពី​ខាង​ភាគី​អង្គការសហប្រជាជាតិUN អោយ​កម្ពុជា​រៀបចំ​ក្រុម​ពេទ្យ​មួក​ខៀវ​ជំនាញ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ត្រៀមខ្លួន​បញ្ជូន​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​UN លើ​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ ជូន​កង​កម្លាំង​មួក​ខៀវ​ និង​ពលរដ្ឋ​ស៊ីវិល​នានា ​នៅក្នុង​តំបន់​បេសកកម្ម​តាម​បណ្តា​ប្រទេស​កំពុង​មាន​ជម្លោះ​សង្គ្រាម ។ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​បញ្ជូន​កង​កម្លាំ​ងរ​ក្សា​សន្តិភាព ​បានសម្រេច​ថា ​នឹង​ស្នើ​ប្រមុខ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​រៀបចំ​ក្រុម​ពេទ្យ​យោធា​មួយ​ចំនួន​ដែល​កំពុង​អនុវត្ត​ផ្ទាល់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ជូន​ពលរដ្ឋ​ទូទៅ​នេះ ត្រៀម​ចូលរួម​បំពេញបេសកកម្ម​សកម្ម​ភាព​មនុស្សធម៌​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ នៅក្រៅ​ប្រទេស​ទៀត​។នាយ​ឧ​ត្ត​ម​សេនីយ៍​ សែម សុវណ្ណនី នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ក្រុម​ពេទ្យ​រក្សា​សន្តិភាព​ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ ​ជូន​ពលរដ្ឋ​ទូទៅ​នៅ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ​កាលពីពេល​ថ្មី​នេះ ក៏បាន​ថ្លែងថា ​ដើម្បី​បញ្ជូន​កង​ពេទ្យ​មួក​ខៀវ​កម្ពុជា​ ចូលរួម​បំពេញបេសកកម្ម​ជូន​ព​ល​រដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​មាន​ជម្លោះ​សង្គ្រាម​នោះបាន​លុះត្រា​ កង​ពេទ្យ​យោធា​យើង​មាន​បទពិសោធន៍​ចាក់​វ៉ាក់សាំង និង​មាន​វិញ្ញាបនបត្រ​បញ្ជាក់ ឬ​ មាន Certificate បញ្ជាក់​ពី នាយកដ្ឋាន​សុខាភិបាល នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​នៃ​ក្រសួងការពារជាតិ ​ឬ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ក្រសួងសុខាភិបាល​ និង​មានការ​ហ្វឹកហ្វឺន​បន្ថែម​ពី​ក្រុម​ពេទ្យ​បន្ថែម​មកពី​អង្គការសហប្រជាជាតិ​។ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា​ បច្ចុប្បន្ន​ដោយមាន​តម្រូវ​ការ​ស្នើ​ពី​ខាង​ភាគីUN គឺមាន​កង​ពេទ្យ​ទ័ព​មួក​ខៀវ​កម្ពុជា ​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​តាម​បណ្តា​ប្រទេស​នានា​ គឺ​បាន​និងកំពុង​ចូលរួម​សកម្មភាព​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជូន​ដល់​បណ្តា​កងកម្លាំង​ទ័ព​មួក​ខៀវ​គ្នា​យើង​ផង ​និង​ទ័ព​មួក​ខៀវ​មកពី​តាម​ប្រទេស​ផ្សេងៗ​ផងដែរ ​ប៉ុន្តែ​មិនបាន​ពង្រីក​ការ​ចាក់​ជូន​បណ្តា​ពលរដ្ឋ​ស៊ីវិល​នៅក្នុង​តំបន់​ប្រទេស​កំពុង​មាន​ជម្លោះ​សង្គ្រាម​នោះទេ ដោយសារ​ចំនួន​វ៉ាក់សាំង​មាន​កម្រិត​។សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មាន​ទ័ព​មួក​ខៀវ​ប្រមាណ​ជិត​៨០០​នាក់ ​បាន​និងកំពុង​ឈរជើង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ នៅតាម​បណ្តា​ប្រទេស​ចំនួន​៥​រួមមាន​ ៖ ​ប្រទេស ស៊ូដង់ ស៊ូដង់​ខាងត្បូង ប្រទេស​លី​បង់​ សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​កណ្តាល​ និង​ប្រទេស​ម៉ាលី​៕​​អត្ថបទ ៖ ស៊ុម សុខ​ជា

ឯកឧត្តម លី ធុជ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បន្ត​ចូលរួម​មហា​ចលនា​គ្រួសារ​ខ្មែរ​តែមួយ​ ​ក្រោម​ម្លប់​ដឹកនាំ​របស់​សម្តេច​​តេ​ជោ​ជា​ប្រធាន​

2021/06/26 05:31:52 am        542
ស្វាយរៀង ៖ ឯកឧត្តម លី ធុជ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បន្ត​ចូលរួម​មហា​ចលនា​គ្រួសារ​ខ្មែរ​តែមួយ ជាតិតែមួយ អនាគត​តែមួយ និង​គោលដៅ​តែមួយ ក្រោម​ម្លប់​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មានសម្តេច​​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​។ថ្លែងនៅ​ព្រឹក​ថ្ងៃទី​២៦ខែមិថុនានេះ ឯកឧត្តម លី ធុជ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​បាវិត ​ ក្នុងឱកាសអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ខួប អនុស្សាវរីយ៍​លើកទី​៧០​ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា​ និង​ផ្សព្វផ្សាយ«ផែនការ​សកម្ម​ភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២» នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ។ក្នុងឱកាស​នោះ​ឯកឧត្តម លី ធុជ បាន​កោតសរសើរ​ប្រកបដោយ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកាក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់ កន្លងមក ដែល​បាន​យកចិត្តទុកដាក់គាំទ្រ​ និង​ជំរុញ​លើក​ទឹកចិត្ត​ដល់​សមាជិក​បក្ស ឲ្យ​មានការ​បំពេញភារកិច្ច​សម្រេច​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ។ ​ពិសេស​ការ​ឆ្លើយតប​នឹង​គុណបំណាច់ ​និង​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ដែល​ថ្មីៗ​នេះ ​ប្រឈម​នឹង​បញ្ហា​ចំពោះមុខ ​បាន​ចូលរួម​យ៉ាងសកម្ម​ដឹកនាំ​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ការរក្សាសន្តិសុខ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ​បានល្អ​ប្រសើរ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ ​បង្កើនបាន​នូវ​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​​ឯកឧត្តម ​ប្រធាន​ក្រុមការងារគណបក្សចុះជួយក្រុងបាវិត​ ក៏បានពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង​សេចក្តី​នឹករលឹក​ពីសម្តេចតេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល សម្តេច​ទាំងពីរ​មាន​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន និង​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ដោះស្រាយ​ទុក្ខ​លំបាក​សព្វបែបយ៉ាងគ្រប់​ទីកន្លែង​ទូទាំងប្រទេស​កម្ពុជា​។​​ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​នយោបាយ ដែល​មាន​អាយុ​វែង​ជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ​ហើយក៏​ជា​គណបក្ស​ដែល​បាន​តស៊ូ​គ្រប់​កាលៈទេសៈ​ជាមួយ​ប្រជាជន និង​ប្រទេសជាតិ ដោយបាន​នាំមក​នូវ​សមិទ្ធផល​មហាសាល​ជូន​ជាតិ​មាតុភូមិ ជាពិសេស​បាន​នាំមក​នូវ​សុខ សន្តិភាព ហើយនឹង​បាន​នាំមក​នូវ​ការអភិវឌ្ឍ​ប្រទេសជាតិ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ ប្រែក្លាយ​ប្រទេស​កម្ពុជា ពី​ប្រទេស​ក្រីក្រ និង មាន​ប្រជាជនប្រមាណ៧​លាននាក់ ទៅជាប្រទេសដែលមានការអភិវឌ្ឍ លើគ្រប់វិស័យនិងមានប្រជាជន ជាង១៦លាននាក់ ។ ​ឯកឧត្តម លី ធុជ បាន​បន្តទៀតថា គណបក្ស​ប្រជាជន​កម្ពុជា បាន​នឹង​កំពុង​កសាង​នូវ​មុខមាត់​ថ្មី រូបរាង​ថ្មី ក្តី​សង្ឃឹម​ថ្មី និង​ការ​ញញឹម​ថ្មី​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​ទាំងមូល​ជាមួយនឹង​សុខ​សន្តិភាព និង​ស្ថិរភាព​ពាសពេញ​ផ្ទៃ​ប្រទេស​ ដោយ​បាន​ផ្តល់​នូវ​ឱកាស​នៃ​ការអភិវឌ្ឍ ​និង​ឱកាស​ជូន​ដល់​ប្រជាជន​គ្រប់រូប​ ដើម្បី​កសាង​អនាគត​របស់​ខ្លួន​គ្មាន​ដែន​កំណត់​ឡើយ​ គឺ​មានតែ​ជើងមេឃ​ទេ ជាពិសេស​នៅ​ពេលដែល​ប្រជាជន​ឈរ​ជាមួយ​ នឹង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។បញ្ចប់កម្មវិធី ឯកឧត្តម ​ប្រធាន​ក្រុមការងារគណបក្សចុះជួយក្រុងបាវិត ក្រុមការងារ​ និងសហការី ក៏បានអញ្ជើញ​លើក​ប៉ាណូគណបក្សជានិមិត្តរូប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍​លើកទី៧០ នៃបង្កើតគណបក្សប្រជាជន​កម្ពុជា​នៅមុខទីស្នាក់ការគណបក្សសង្កាត់បាទីក្រុងបាវិត៕អត្ថបទ ៖ សារិទ្ធ

ក្រសួង​អភិវឌ្ឍន៍ជនបទ​ ចុះ​វាយតម្លៃ​ការងារ​ថែទាំ​ខួប​ផ្លូវ​ចំនួន​៣​គម្រោង ក្នុង​ខេត្ត​ចំនួន​៣

2021/06/25 04:45:10 pm        359
ភ្នំពេញ ៖ ​ឯកឧត្តម​បណ្ឌិត ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ តំណាង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ​ នា​ថ្ងៃទី ២៤-២៥ ខែមិថុនា ​ឆ្នាំ​២០២១ នេះ ​បាន​ដឹកនាំ​គណៈកម្មាធិការ​អន្តរ ក្រសួង​ រួមមាន ក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ ​និង​បញ្ចប់​សុពលភាព ​លើ​ការងារ​ថែទាំ​ខួប​ផ្លូវ​ចំនួន ​៣​គម្រោង ក្នុង​ខេត្ត​ចំនួន​៣​។គម្រោង​ទី​១៖ ការងារ​ថែទាំ​ខួប​ផ្លូវ​ក្រាល​ល្បាយ​ថ្មភ្នំ​ចំនួន​០៣​ខ្សែ​ប្រវែង១៨ ៣០០​ម៉ែត្រ ទទឹង ៤​ម៉ែត្រ​ និង ៥​ម កម្រាស់​០,២០​ម​ ស្ថិតនៅ​ឃុំ​តា​អូរ ឃុំ​អង្គ​ប្រាសាទ ​ឃុំ​ព្រៃ​រំដេង ស្រុក​គីរីវង់ ​ខេត្តតាកែវ​។គម្រោង​ទី​២៖ ការងារ​ថែទាំ​ខួប​ផ្លូវ​ក្រាល​ក្រហម​ចំនួន ០២​ខ្សែ ប្រវែង​សរុប ២០ ០០០​ម៉ែត្រ​ ទទឹង ៦​ម កម្រាស់​០,២០​ម ស្ថិតក្នុង​ឃុំ​ច​ន្ត្រី ឃុំ​ម្រាម ឃុំ​កំពង់ត្រាច ​និង​ឃុំ​សំបួរ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ គម្រោង​ទី​៣៖ ការងារ​ថែទាំ​ខួប​ផ្លូវ​ក្រាល​ល្បាយ​ថ្មភ្នំ​ចំនួន ០២​ខ្សែ ប្រវែង​សរុប ៩ ៥០០​ម ទទឹង​ខ្នង​លើ ៤​ម និង ៥​ម កម្រាស់ ០,២០​ម និង​សាងសង់​លូ​ចំនួន ០២​កន្លែង ស្ថិតក្នុង​ឃុំ​ពងទឹក និង​ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។គម្រោង​ទាំងបី​ខាងលើ​ប្រើប្រាស់​ថវិកា​ជំពូក៦១ អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​។​ ជា​លទ្ធផល​គឺ គណៈកម្មការ​បាន​ឯកភាព​សម្រេច​ទទួលយក​លទ្ធផល​របស់​គម្រោង​ទាំង​បី ​ខាងលើ​ជា​ស្ថាពរ​៕

សម្តេច​តេ​ជោ​ អំពាវនាវ​ជនរួម​ជាតិ​ទប់ស្កាត់ ​និង​អប់រំ​កូនចៅ​អោយ​ចៀស​ឆ្ងាយ​គ្រឿងញៀន

2021/06/25 02:30:41 pm        574
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍​ ព្រះសង្ឃ ប្រជាពលរដ្ឋ​ឲ្យ​​បន្ត​ចូលរួម​ទប់ស្កាត់​ និង​អប់រំ​កូនចៅ​អោយ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅថ្ងៃទី​២៦ខែមិថុនា ឆ្នាំ​២០២១ ​សម្តេចតេជោ ​បាន​ផ្ញើ​សារលិខិត​ជូន​ជនរួមជាតិ ​ដោយសរសេរថា ​ក្នុងនាម​រាជរដ្ឋាភិបាលនៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា និង​ក្នុងនាម​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា ​និង​ពិធីសារ ​របស់​អង្គការ​សហ ប្រជាជាតិ​ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។សម្តេច​ បាន​សម្ដែង​មនោសញ្ចេតនា​រីករាយចូលរួម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ខ្លឹមសារ និង​ការរៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ខែមិថុនា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​ចែករំលែក​ព័ត៌មាន​ពិត ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន គឺ​ជួយសង្គ្រោះ​ជីវិត ក្នុង​គោល​បំណង បន្ត​បំផុស​ឱ្យ​ជន​គ្រប់រូប​បង្កើន​ការ​ស្វែង​យល់​អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ក៏ដូចជា​យល់ដឹង​អំពី​សារៈសំខាន់នៃ​ការប្រើប្រាស់​ចំណេះដឹង និង​មាន​ភស្តុតាង​ធ្វើជា​មូលដ្ឋាន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម​បង្ការ ទប់ស្កាត់ ព្យាបាល ដល់​ជនដែល​ងាយ​និង​កំពុង​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ និង​ចែករំលែក​ព័ត៌មាន​ពិត ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទាំង​ក្នុង​កម្រិត​បុគ្គល គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំង​មូល​។សម្តេច​ បាន​គូសបញ្ជាក់​ថា ទោះបីជា​យើង​សម្រេច​បាន​នូវ​លទ្ធផល​គួរ​ជាទី មោទនៈ​ក៏ដោយ ក៏​បញ្ហា​គ្រឿងញៀន​នៅតែ​ជា​បញ្ហាសង្គម​ដ៏​ស្មុគស្មាញ​មួយ ដែល​បាន​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​សង្គម​របស់​យើង​។ ដូច្នេះ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​បន្ថែម​ទៀត​លើ​ការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​ក្នុង​ដំណាក់កាល​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ឱ្យ​ស្របតាម​ខ្លឹមសារ​នៃ​ប្រធានបទ​ដែល​បាន​លើកឡើង​សម្រាប់​ឆ្នាំនេះ ​សម្តេច បាន​ណែនាំ​ និង​អំពាវនាវ អោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​និង​គណៈបញ្ជាការ​យុទ្ធនា ​ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់ ​ព្រមទាំង​ក្រសួង ស្ថាប័ន ​និង​អង្គភាព​ពាក់ព័ន្ធ​នានា ត្រូវ​បន្ត​យកចិត្តទុកដាក់​ម្ចាស់ការ​ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ ​អនុវត្ត​ឱ្យ​កាន់​តែ​មានប្រសិទ្ធភាព​ទៅតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន នូវផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់ ​លើក​ទី​៦ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ នាពេល​កន្លង​ទៅនេះ​។ ជាមួយនេះ ​ត្រូវ​ធ្វើការ​ដាស់តឿន ក្រើនរំលឹក ​និង​ណែនាំ​មន្ត្រី​ប្រតិបត្តិ​របស់​ខ្លួន​ឱ្យ​បាន​ជាប្រចាំ ក្នុងការ​អនុវត្ត​ការផ្លាស់ប្ដូរ​ កែប្រែ​ទម្លាប់​ និង​ឥរិយាបថ​នៃ​ការ​បំពេញ​ភារកិច្ច​ឱ្យស្រប​ទៅតាម​របត់​នៃ​ការរស់នៅ "​សកម្មភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩” ដោយប្រកាន់យក​នូវ​វិធានការ ៣​ការពារ ៣​កុំ - និង​វិធានការ​សុខាភិបាល​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​បង្ការទប់ស្កាត់​ និង​ឈាន​ទៅដល់​ការ​កាត់ផ្ដាច់​ខ្សែចម្លង​ នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​នៅ​តាម​កន្លែង ធ្វើការ​មក​លើ​ខ្លួនឯង ​ក្រុមគ្រួសារ ​និង​សហគមន៍​។គណៈកម្មការ​ទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ ត្រូវ​បន្ត​ជំរុញ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ​គណៈកម្មាធិការ ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី ​ខេត្ត​ទាំងអស់ រោងចក្រ សហគ្រាស ធ្វើការ​អប់រំ​ផ្សព្វ​ផ្សាយ អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ឱ្យ​ស្រុះដៃ​គ្នា ជាពិសេស​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩៕​អត្ថបទ មុត សុទ្ធ

អាជ្ញាធរ​រាជធានី​ពង្រឹង​អនុវត្ត​វិធានការ​ចំពោះ​ការប្រមូលផ្ដុំ​ជួបជុំ​មនុស្ស​តាម​ទីសាធារណៈ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩

2021/06/25 02:07:42 pm        660
ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ជំរុញ​ឱ្យ​ពង្រឹង​ការអនុវត្ត​វិធានការ​ក្រសួងសុខាភិបាល ​និង​មិន​អនុញ្ញាត​ឱ្យ​ជួបជុំ​ប្រមូលផ្ដុំ​មនុស្ស​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​តាម​ទីសាធារណៈ​។ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​ត្រូវតែ​ពង្រឹង​ការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យ​ម៉ឺងម៉ាត់​បំផុត ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​។ ឯកឧត្ដម បញ្ជាក់ថា ក្រៅពី​មិន​អនុញ្ញាត​ឱ្យ​បើក​កា​រ៉ា​អូ​ខេ ក្លឹប​កំសាន្ត ​ក្លឹប​ហាត់ប្រាណ​ជាដើម​ហើយ​នោះ ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ការជួប​ជុំគ្នា​ពពាក់ពពូន​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​តាម​ទីសាធារណៈ​ដែរ​។ ​អ្នក​ដែល​ប្រព្រឹត្តិ​ករណីនេះ​ ត្រូវតែ​ឃាត់ខ្លួន ដោយ​អាជ្ញាធរ ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​អប់រំ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ជា​សាធារណៈ​ថែមទៀត​។ការជំរុញ​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​តាមរយៈ​ video conference ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​នៅ​សាលា​រាជធានី​ភ្នំពេញ ។ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​យើង​ឃើញ​មាន​យុវជន​មួយ​ចំនួន​បាន​ជួបជុំគ្នា​ពពាក់ពពូន ទទួលទាន​គ្រឿង​ស្រវឹង​នៅ​តាម​ទីសាធារណៈ ​ដូចជា​នៅ​ផ្លូវ​៦០​ម៉ែត្រ ឬ​នៅ​តំបន់​លី​យ៉ុង​ផាត់​ជាដើម​ ។ អ្នក​ដែល​ប្រព្រឹត្តិ​ករណីនេះ ​ត្រូវតែ​ឃាត់ខ្លួន ​ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​នាំ​យកមក​អប់រំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ ប៉ុន្តែ​យើង​មិនបាន​ហាមឃាត់​ចំពោះ​ការ​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​នោះទេ​។ឯកឧត្ដម ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា ​ការ​បណ្តែតបណ្តោយ​ឱ្យមាន​ការ​លួចបើក​កា​រ៉ា​អូ​ខេ ក្លឹប​កំសាន្ត ​ហាង​ម៉ាស្សា ក្លឹប​ហាត់ប្រាណ​ជាដើម នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន​ ហើយ​ស្រាប់តែ​ទីតាំង​ទាំង​នោះបាន​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ គឺ​អភិបាលខណ្ឌ​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។ក្នុងកិច្ចប្រជុំ​នេះដែរ​ អាជ្ញាធរ​តាម​បណ្ដា​ខណ្ឌ​ បាន​លើកឡើងថា ​ជំងឺ​កូ​វីដ​-១៩ ​នៅតែ​បន្ត​កើតមាន​នៅក្នុង​មូលដ្ឋាន​រាល់ថ្ងៃ ហើយ​ភាគច្រើន​កើត​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម កម្មករ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ​ដោយ​រាយប៉ាយ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាក្តី អាជ្ញាធរ​ខណ្ឌ​នឹង​ពង្រឹង​ការអនុវត្ត​វិធានការ​ម៉ឺងម៉ាត់​បំផុត ​ទៅតាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានី និង​ថ្នាក់ជាតិ ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​ បន្ដទៀត​។ចំពោះ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​វិញ ​ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់ថា ​នៅ​ភ្នំពេញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ​មិនទាន់​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ ​ដូច្នេះ​ អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ចុះ​ស្រង់​ស្ថិតិ និង​ស្វែងរក​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់ ​ថា​តើ ​ហេតុអ្វី​មកដល់​ម៉ោង​នេះហើយ​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​។ ឯកឧត្ដម ឃួ​ង ស្រេង បន្ថែមថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​បើក​ការ​ចាក់​វ៉ាក់សាំង​នេះ​ នៅតាម​មណ្ឌល​សុខភាព​ខណ្ឌ​ទាំងអស់ ​ដោយ​ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃអាទិត្យ​ទី​២៧ ​ខែមិថុនា​នេះ​រហូតដល់​ថ្ងៃទី​០៨ ​ខែកក្កដា ឆ្នាំ​២០២១ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ​ដែល​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង រួសរាន់​មក​ទទួល​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​បាន​បន្ត​ទៅ​ចាក់ឱ្យ​ប្រជាពលរដ្ឋ​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

អភិបាលខេត្ត​បាត់ដំបង ​ជំរុញ​បង្កើន​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ខណៈ​រកឃើញ​អ្នក​វិជ្ជមាន​រាល់ថ្ងៃ

2021/06/25 01:45:36 pm        461
បាត់ដំបង ​៖ ដោយមាន​ការព្រួយបារម្ភ ពី​ការ​ឆ្លង​រាលដាល​កាន់​តែខ្លាំង​ក្នុង​សហគមន៍ ​នៃ​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​ជំរុញ​អាជ្ញាធរ​ខេត្ត​គ្រប់លំដាប់​ថ្នាក់ ​និង​ប្រជាពលរដ្ឋ​ទាំងអស់ ​បង្កើន​ការទប់ស្កាត់​ កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​កាន់​តែខ្លាំង​បន្ថែមទៀត​ ខណៈ​ការ​រកឃើញ​អ្នក​វិជ្ជមាន នៅ​ខែមិថុនា នេះ ជា​រៀងរាល់ថ្ងៃ ។ក្នុងឱកាស​នាំ​អំណោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចែក​ជូន​ពលរដ្ឋ រង​ការ​ប៉ះពាល់​ជីវភាព​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ១០០​គ្រួសារ នៅ​ភូមិប​ល្ល័​ង្គ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង នៅ​ថ្ងៃទី​២៥ ​ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ បាន​លើក​ឡើងថា ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​ច្រើន​នៅក្នុង​ខេត្តបាត់ដំបង ​រហូត​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​នេះ ​ដែល​បញ្ហា​នេះ ត្រូវតែ​ចូលរួម​ទាំង​អស់គ្នា​ក្នុង​ការ​ទប់ស្កាត់ ដោយ​មិន​ត្រូវ​មានការ​ព្រងើយកន្ដើយ និង​មាន ការធ្វេសប្រហែស ។ឯកឧត្តម​ បាន​បន្តថា ក្នុង​ដំណាក់កាល​នេះ យើង​មិនត្រូវ​ទុកចិត្ត​អ្នកណាម្នាក់​នោះទេ​ ក្រៅពី​សមាជិក​ក្រុម​គ្រួសារ​របស់ខ្លួន ដូច្នេះ​គ្រប់គ្នា ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធានការ ​មាន​៣​កុំ ៣​ការពារ តាមការណែនាំ​របស់​រាជ​រ​ដ្ឋា​ភិ​បាល ​និង​ក្រសួងសុខាភិបាល ​រួមទាំង​បង្កើន​នូវ​ការផ្សព្វផ្សាយ ពី​ការទប់ស្កាត់ នៃការឆ្លង​រាលដាលនៃ​ជំងឺ​កូ​វីដ​១៩ ។ទន្ទឹមនឹង​ការ​ព្រួយបារម្ភ ពី​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ អភិបាលខេត្ត​បាត់ដំបង ក៏បាន​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ស្វែងរក​ប្រជាពលរដ្ឋ ដែល​បាន​រង​ការ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ​និង​មាន​ជីវភាព​ខ្វះខាត ​ដើម្បី​ផ្ដល់​ស្បៀងអាហារ​ជូន​ពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ ​ដោយ​ធ្វើ​ឲ្យ​បាន​ច្បាស់លាស់ និង​មាន​តម្លាភាព​។ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា សម្រាប់​ខេត្តបាត់ដំបង ​រហូតមកដល់​ពេលនេះ ​មាន អ្នក​ឆ្លង​ជំងឺ​នេះ ​ចំនួន​៧៣៣​នាក់ ​ព្យាបាល​ជាសះស្បើយ ​ចំនួន​៤២៦​នាក់ ស្លាប់​៦​នាក់ ​និង​កំពុង​សម្រាកព្យាបាល ​ចំនួន​៣០១​នាក់​។ ដោយ​ក្នុងចំណោម​អ្នក​ឆ្លង​ទាំង ​៧៣៣​នាក់​នោះ គឺ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ​អាជ្ញាធរខេត្ត ​បាន​រកឃើញ​ចំនួន​២៥​នាក់ ​និង​ជាសះស្បើយ ចំនួន​១៣​នាក់ ៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់
07/01/2026 09:07 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា
07/01/2026 08:07 PM
អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍
07/01/2026 08:07 PM
UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ
07/01/2026 08:07 PM
ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក
07/01/2026 08:07 PM
ទិន្នន័យអង្គការណាសាបង្ហាញថា អគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាតក្នុងការរញ្ជួយដីនៅវេណេស៊ុយអេឡា
07/01/2026 08:07 PM
មនុស្ស ១២នាក់ស្លាប់ ក្រោយទឹកជំនន់វាយប្រហារតំបន់ជាច្រើនរបស់ហ្គាណា
07/01/2026 08:07 PM
ក្មេងៗ ១៤នាក់ស្លាប់ ក្នុងហេតុកាណ៍បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប៉ាគីស្ថាន
07/01/2026 08:07 PM
លោក Trumpរាយការណ៍ប្រាក់ចំណូលជាង១,៤ពាន់លានដុល្លារពីការបណ្តាក់ទុនគ្រីបតូ
07/01/2026 08:07 PM
មេដឹកនាំបេឡារុសបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ី
07/01/2026 08:07 PM