សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

ខែមិថុនា​ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង ទទួលបាន​ទឹកភ្លៀង​ច្រើនជាង​ឆ្នាំមុន កសិករ​កំពុង​ចាប់ផ្តើម​បន្ត​បង្កបង្កើនផល​

2021/06/09 03:16:50 pm        27
កំពង់ឆ្នាំង ៖ គិត​មកដល់​ថ្ងៃទី​០៨ ខែមិថុនា នេះ ខេត្តកំពង់ឆ្នាំង ទទួលបាន​របប​ទឹកភ្លៀង​ច្រើនជាង​ដើមខែ​មិថុនា ឆ្នាំ​២០២០ ក្នុង​រយៈពេល​២​សប្តាហ៍​នេះ ​ទឹកភ្លៀង​បាន​បង្អុរ​មកជា​បន្តបន្ទាប់​ ធ្វើឱ្យ​ប្រជាកសិករ​ទាំងអស់​​ ចាប់ផ្តើម​បង្ក បង្កើន​ផល​នៅ​ស្ទើរ​​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត ​ដើម្បី​ធ្វើស្រែ​ឱ្យទាន់​ដើមរដូវ​។លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គិត​មកដល់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១​នេះ របប​ទឹកភ្លៀង​ទទួលបាន​ចំនួន​៦៩,២៩​ម​ម ​បូក​យោង​ពី​ដើមរដូវ​ សរុប​ជា​មធ្យម​បាន​ចំនួន​៣៣៥,៩២​ម​ម ​ប្រៀបធៀប ​ជាមួយ​ឆ្នាំ​២០២០ ​មាន​កម្រិត​ច្រើនជាង​ចំនួន​៦១,៦៧​ម​ម​។ ​ដោយសារ​ស្ថានភាព​ទឹកភ្លៀង​បាន​អំណោយផល ប្រជា កសិករ កំពុងតែ​ខំប្រឹង​ប្រែង​ក្នុងការ​បង្កបង្កើនផល នាំឱ្យ​សាប​រួច ចំនួន​៣២២​ហិកតា​ ផ្ទៃដី​ដាំ​ដុះ (​ព្រោះ​)​ បាន​ចំនួន​ជាង​១០​ម៉ឺន​ហិកតា ​ស្មើនឹង​៨៩% លើ​ផែនការ​១២​ម៉ឺន​២០០០​ហិកតា​។ចំណែក​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម អនុវត្តបាន​ជាង​៤​ពាន់​ហិកតា ស្មើនឹង​៧,៩៧% លើ​ផែនការ ៧៨០០​ហិកតា​ រួមមាន ពោត ស ដំឡូងជ្វា បន្លែ​គ្រប់មុខ ដំឡូងឈើ ​សណ្តែកបាយ អំពៅ ល្ង ថ្នាំជក់ ក្រចៅ ឪឡឹក និង សណ្តែកដី​។​ ចំពោះ​តម្លៃ​ស្រូវ​ក្នុង​សប្តាហ៍​នេះ​ គឺ​ស្រូវ​ស្ងួត ជា​មធ្យម​១១០០​រៀល​ ក្នុង​១​គីឡូក្រាម មានតម្លៃ​ខ្ពស់​ជាង ឆ្នាំ​២០២០ ​ចំនួន​៥០​រៀល​ ក្នុង​១​គីឡូក្រាម ស្រូវ​ក្រអូប តម្លៃ​១៣០០​រៀល ក្នុង​១​គីឡូក្រាម ខ្ពស់​ជាង​ឆ្នាំ​២០២០ ចំនួន ១០​រៀល ក្នុង​១​គីឡូក្រាម​។នៅក្នុង​ខែមិថុនា ឆ្នាំ​២០២១​នេះ ពុំ​មាន​សត្វ​គោក្របី​ឈឺ​ធ្ងន់ធ្ងរ​នោះទេ​ ដោយ​បច្ចុប្បន្ន ខាង​មន្ត្រី​បសុពេទ្យ​កំពុងជួយ​ពិនិត្យ​គ្រប់​ទីកន្លែង​ផងដែរ​។ទោះបី​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់ និង​ស្ថិតក្នុង​បរិបទ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-​១៩ ​ក្នុង​សហគមន៍​ក៏ពិតមែន តែ​ប្រជា​កសិករ ​កំពុង​សស្រាក់សស្រាំ​ខិតខំ​បង្កបង្កើនផល​នៅ​គ្រប់​ទីកន្លែង​។ ​មន្ទីរ​កសិកម្ម និង​មន្ទីរ​ធនធានទឹក​ កំពុង​ត្រៀម​ចុះ ​ជួយ​ប្រជាពលរដ្ឋ​ណា ​ដែល​ជួប​នូវ​ការ​ខ្វះខាត​ទឹក នៅ​គ្រប់​ទីកន្លែង ​តាម​គោលការណ៍ ​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី ឡើយ​៕​អត្ថបទ​៖ ហុង វាស្នា

ខេត្តកណ្តាល​ ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​១ ជូន​ពលរដ្ឋ​ទូទៅ​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា​តទៅ

2021/06/09 03:03:38 pm        266
កណ្ដាល ៖ រដ្ឋបាល​ខេត្តកណ្តាល ប្រកាស​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​នៅ​ទូទាំង​ខេត្ត ចាប់ពី​ថ្ងៃទី​១០​ ខែមិថុនា ​ស្អែក​នេះ​តទៅ ។ សម្រាប់​ការ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ គេ​សង្កេតឃើញថា ​អាជ្ញាធរ​នៅតាម​ឃុំ​សង្កាត់​ទូទាំង​ខេត្តកណ្តាល បាន​នឹង​កំពុង​មមាញឹក ចុះ​ចែក​លិខិត​ ឬ​ប័ណ្ណ​អញ្ជើញ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ទៅតាម​ពេលវេលា ​និង​ទីតាំង​ដែល​បាន​កំណត់​ទៅតាម​ការណែនាំ​ពី​ក្រុម​ពេទ្យ​ចាក់​វ៉ាក់សាំង​។បើតាម​លោក យ៉ាវ ឡេង ចៅសង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​បាន​ថ្លែងថា ​មកដល់​ថ្ងៃនេះ​សង្កាត់​កំពង់​សំណាញ់ ​ក៏​ដូច​ឃុំ​សង្កាត់​នានា​ទៀត ​នៅ​ទូទាំង​ខេត្តកណ្តាល ​គឺ​បាន​និងកំពុង​ចុះ​ចែក​លិខិត​អញ្ជើញ​ពលរដ្ឋ​នៅតាម​បណ្តា​ភូមិ​មកចាក់​វ៉ាក់សាំង​នៅ​ថ្ងៃស្អែក​នេះ​រួចហើយ ​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះដែរ អាជ្ញាធរ​ក៏​កំពុង​រៀបចំ​ទីតាំង​ចាក់​នៅ​អនុវិទ្យាល័យ ហ៊ុន សែន ខ្ពប​វែង ក៏​ជិត​រួចរាល់​ដែរ ។លោក យ៉ាវ ឡេង បន្តថា សម្រាប់​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នេះ​គឺ​យើង​បានរៀបចំ​តាម​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង ចៀសវាង​ការ​ប្រជ្រៀត​គ្នា ​ត្រូវ​រ​ក្សា​គ​ន្លាត​ត្រឹមត្រូវ ហើយ​សម្រាប់​ការចាក់​នេះ ​គឺ​យើង​ចាក់​ជូន​ចំពោះ​ពលរដ្ឋ​ណា​ដែល​មាន​លិខិត ​ឬ​ប័ណ្ណ​អញ្ជើញ​នៅក្នុង​ដៃ​តែប៉ុណ្ណោះ ​ហើយ​សម្រាប់​ពលរដ្ឋ​មិន​ទាន់មាន​ប័ណ្ណ​អញ្ជើញ​ ឬ​មិនទាន់​ដល់​ថ្ងៃ​ណាត់​ គឺ​ត្រូវ​រង់ចាំ​ចាក់​នៅពេល​ក្រោយ​។ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្តកណ្តាល​ បាន​ថ្លែង​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​នេះ ​គឺ​យើង​គ្រោង​នឹង​បើក​ការ​ចាក់​ទៅ​មនុស្ស​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់​ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​ដែលមាន​ពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តកណ្តាល ​និង​បណ្តា​ក​ម្មករ ក​ម្មការិនី​រោងចក្រ​នៅ​ខេត្តកណ្តាល ​ហើយ​ក​ម្មករ​ក​ម្មការិនី​មកពី​បណ្តា​ខេត្ត​រាជធានី​នានា ​មក​ធ្វើ​ការងារ​នៅក្នុង​ខេត្តកណ្តាល​ ក៏​អាច​អញ្ជើញ​ទៅ​ចាក់​បានដែរ ​តែ​ត្រូវ​មាន​លិខិត ឬ​ប័ណ្ណ​អញ្ជើញ​ពី​អាជ្ញាធរ​។ឯកឧត្តម បន្តថា កាលពីមុន​យើង​មាន​គំរោង​ចាក់​តែ​នៅក្នុង​ក្រុង​តាខ្មៅ​មួយ​ទេ ​ប៉ុន្តែ​ដោយសារ​មុននេះ ​យើង​ទទួល​ដំណឹង​ថា​ ខេត្តកណ្តាល​ ទទួលបាន​វ៉ាក់សាំង​ច្រើន​លើសលប់​ពី​ស​ម្តេច​តេ​ជោ ទើប​នៅថ្ងៃនេះ​យើង​ជំរុញ​អោយ​អាជ្ញាធរ​គ្រប់​ក្រុង​ស្រុក​ទាំងអស់​ក្នុង​ខេត្តកណ្តាល ​រៀបចំ​មណ្ឌល​ចាក់​ជាច្រើន​ ដោយ​ក្នុង​១​ស្រុក​ក្រុង​ត្រូវ​រៀបចំ​មណ្ឌល​ចាក់​ប្រមាណ​៨​ទៅ​១០​កន្លែង ​ហើយ​ការចាក់​នេះ​នៅ​ថ្ងៃ​ដំបូង​អាច​មាន​ភាពរអាក់​រអួល​បន្តិច​។បន្ថែម​ពីនេះ បើតាម​ការបញ្ជា​ក់​រប​ស់ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ​អភិបាលខេត្ត​កណ្តាល បាន​លើកឡើង​ដែរ​ថា ៖ នៅពេលនេះ​ ខេត្តកណ្តាល ​បាន​ត្រៀម​រួចរាល់​ហើយ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខេត្តកណ្តាល​ទ្រង់ទ្រាយ​ធំ​នេះ​ សម្រាប់​ការ​ចាក់​នេះ​ ក្រៅពី​ចាក់​នៅតាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក ខេត្ត​ក៏បាន​រៀបចំ​អោយ​មាន​ការ​ចាក់​នៅតាម​សាលារៀន និង​វត្ត​អា​រ៉ា​ម​តាម​ក្រុង​ស្រុក​ឃុំ​សង្កាត់​នានា​ទូទាំង​ខេត្តកណ្តាល​ ដែល​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​អញ្ជើញ ​ខណៈ​ការ​ចាក់​យើង​រៀបចំ​ក្រុមគ្រូពេទ្យ​ចំនួន ៧០០​នាក់ ​ស្មើនឹង ៧០​ក្រុម ហើយ​រដ្ឋបាលខេត្ត​ គ្រោង​នឹង​បន្ថែម​គ្រូពេទ្យ​ចំនួន ១៨០០ នាក់​ទៀតផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​យុទ្ធនាការ​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​រលូន និង​អាច​ចាក់​វ៉ាក់សាំង​បាន​ឆាប់​រ​ហ័​ស​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកណ្តាល​៕ ​អត្ថបទ សុខ​ជា

សាលា​រាជ​ធានី​ភ្នំពេញ ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចំនួន​៤​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ក្រោយ​មើល​ឃើញ​កំណើន​ករណី​ឆ្លង​ឡើង​វិញ

2021/06/09 01:34:30 pm        176
ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ បាន​បិទ​ខ្ទប់​​ផ្នែក​ខ្លះ​នៃ​ភូមិ​​ចំនួន​៤​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាន​កំណត់​ជា​តំបន់​លឿង​ទុំ​នូវ​ផ្នែក​ខ្លះ​នៃ​ភូមិ​ចោមចៅ​៣ ស្ថិត​ក្នុង​សង្កាត់​ចោមចៅ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំងពោធិ៍ ភូមិ​ព្រៃព្រីង​ខាង​ជើង​២ និង​ភូមិ​ជម្ពូវ័ន​២ នៅ​ក្នុង​សង្កាត់​ចោមចៅទី​៣ ជា​«តំបន់​លឿង​ទុំ»។បើ​តាម​សេចក្ដី​សម្រេច​នេះ វិធានការ​បិទ​ខ្ទប់​នេះ​ នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ស្អែក​នេះ រហូត​ដល់​ថ្ងៃទី​២៣ ខែ​មិថុនា​ខាង​មុខ​នេះ។នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទី​ស្នាក់​អាស្រ័យ​របស់​ប្រជា​ពលរដ្ឋ។ចំណែក​ឯ​សកម្មភាព​ខាង​មុខ​របរ ការងារ និង​អាជីវកម្ម ដែល​មិន​មែន​ជា​តម្រូវការ​ចាំ​បាច់ ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ។ទោះជាយ៉ាងណា​ សាលា​រាជ​ធានី​ភ្នំពេញ​ក៏​បាន​ផ្ដល់​ការ​លើក​លែង​សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន និង​សកម្មភាព​អាជីវកម្ម ការងារ ឬ​មុខ​របរ​មួយ​ចំនួន​ផង​ដែរ។សាលា​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​នោះ​ថា វិធានការ​នេះ ​គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ខណ្ឌ​ពោធិ៍សែនជ័យ​ បាន​មើល​ឃើញ​កំណើន​ឡើង​វិញ​នៃ​ចំនួន​ពលរដ្ឋ​ឆ្លង​មេរោគ​កូវីដ-១៩​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ៕

អាជ្ញាធរខេត្ត​បាត់ដំបង ​ពង្រីក​ទីតាំង​ព្យាបាល ខណៈ​មាន​កំណើន​អ្នកជំងឺ​កូ​វីដ​-១៩

2021/06/09 01:08:23 pm        79
បាត់ដំបង ៖​ មន្ទីរ​សុខាភិបាល​ខេត្ត បានសម្រេច​រៀបចំ​ពង្រីក​ទីតាំង​ព្យាបាល​បន្ថែមទៀត ​នៅតាម​បណ្ដា​ស្រុក​មួយចំនួន​ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ខណៈ​មានការ​រក​ឃើញ​អ្នក​វិជ្ជមាន​ ជំងឺ​កូ​វី​-១៩ ចាប់​តាំងពី​ដើមខែ​មិថុនា​នេះ​មក ​ជា​បន្តបន្ទាប់​ ពិសេស​នៅ​ក្នុង​ស្រុក​កំរៀង​។ក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ទីតាំង​សម្រាក​ព្យាបាល​ថ្មី នៃ​អ្នកជំងឺ​កូ​វីដ​-១៩ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិ បាល​រង​ខេត្តបាត់ដំបង ​បានឱ្យដឹងថា សម្រាប់​ទីតាំង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​បន្ថែម​ថ្មី ​មាន​ចំនួន​២​កន្លែង គឺ វិទ្យាល័យ​កំរៀង ​ស្ថិតនៅ​ឃុំ​អូរ​ដា ស្រុក​កំរៀង ​និង​ត្រៀម​១​កន្លែង​ទៀត នៅ​សាលា​បឋម​សិក្សា​សម្តេចតេ​ជោ ហ៊ុន សែន ជ្រៃ​សីមា​ ស្ថិតនៅ​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ។លោក ​បាន​បន្តថា​ សម្រាប់​អ្នកជំងឺ​កូ​វីដ-​១៩ ​ដែល​សម្រាក​ព្យាបាល​នៅ​ក្នុង​ទីតាំង​បន្ថែម​នេះ​ គឺជា អ្នក​កម្រិត​ស្រាល​ប៉ុណ្ណោះ​ ខណៈ​អ្នកមាន​សភាព​ធ្ងន់ធ្ងរ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យបង្អែកខេត្ត​។ បច្ចុប្បន្ន ​នៅតាម​ស្រុក​ជាប់​ព្រំដែន មាន​អ្នកជំងឺ​កូ​វីដ​-១៩ ជាង​១០០​នាក់​ហើយ ។​​លោក សុខ គឹម​ខុន​ អភិបាលស្រុក​កំរៀង ​បាន​ឲ្យ​ដឹងថា ​នៅ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ-​១៩ ក្នុង​វិទ្យាល័យ​កំរៀង ​គិត​ត្រឹម​ថ្ងៃទី​៧ ខែមិថុនា នេះ​ មាន​អ្នកជំងឺ ចំនួន​១០៧​នាក់ ​ភាគច្រើន​អ្នក​ជាប់​ពាក់ ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ មកពី​ខេត្ត​ប៉ៃលិន ​ខណៈ​វិទ្យាល័យ​នេះ អាច​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩​ បាន​ចំនួន​ជិត ២០០​នាក់ ។បន្ទាប់​មានការ​រៀបចំ​នូវ​ទីតាំង​កន្លែង​សម្រាក​ព្យាបាល ​នៃ​អ្នកជំងឺ​កូ​វីដ​-១៩​ បន្ថែម​នេះ​ អាជ្ញាធរ​ថៃ ក៏ បាន​ផ្ដល់​សម្ភារ​បរិក្ខារៈ ទប់ទល់​ជំងឺ​កូ​វីដ​-១៩​មួយចំនួន មាន​ដូចជា ៖ ម៉ាស់ អាវ​ពេទ្យ អាល់កុល និង​ស្រោម ជើង​ពេទ្យ ​ដែល​សម្ភារ​បរិក្ខារ​ពេទ្យ​ទាំងនេះ​ ត្រូវបាន​លោក​ សឿ​ម ប៊ុន​រិ​ទ្ធ ​ប្រគល់​ជូន​ដល់​ទៅ​មន្ទីរពេទ្យ ​បង្អែក​ស្រុក​កំរៀង​ ដើម្បី​ទុក​ប្រើប្រាស់​ចាំបាច់​នៅ​ក្នុង​អង្គភាព​របស់ខ្លួន​។​ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ​សម្រាប់​ខេត្តបាត់ដំបង​ មាន​អ្នក​ឆ្លង ចំនួន​៤៤៣​នាក់ ​តែ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ចំនួន​១៦២​នាក់ ​ស្លាប់​ចំនួន​២​នាក់ ​និង​កំពុង​ព្យាបាល ចំនួន​២៧៩​នាក់​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ​នាំ​យក​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​-១៩​ មួយចំនួន​ជូន​ដល់​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត

2021/06/09 12:57:24 pm        187
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី៩​ខែមិថុនា​នេះ ​ស្ថានទូត​រុស្សី​ប្រចាំ​កម្ពុជា​ បាន​នាំយក​នូវ​សម្ភារៈ​ការពារ​ជំងឺ កូវីដ​-១៩ ​មួយចំនួន​ ដើម្បី​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​ដែល​ជា​មន្ទីរពេទ្យ​សំខាន់​មួយ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ​តាំងពី​ដំបូង​មកទល់ពេលនេះ​។សម្រាប់​ការ​ផ្ដល់ជូន​នូវ សម្ភារៈ​ការពារ​កូ​វីដ​-១៩ ​នា​ព្រឹក​នេះ​ ធ្វើឡើង​ដោយមាន​វត្តមាន​របស់ ឯកឧត្តម Anatoly Borovik ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​រុស្ស៊ី​ប្រចាំ​កម្ពុជា​ រួមទាំង​វត្តមាន​របស់​លោក​វេជ្ជ​បណ្ឌិត ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ។ ការប្រគល់​ជូន​នូវ​សម្ភារៈ​ការពារ​កូ​វីដ​-១៩ នេះ រួមមាន​សំលៀកបំពាក់​ការពារ ម៉ាស​N95 និង​ស្រោមដៃ​មួយចំនួន ​ដែលជា​ការ​ ចូលរួមចំណែក របស់​បុគ្គលិក ​និង​មន្ត្រី​ការទូត ​នៃ​ស្ថានទូត​រុស្ស៊ី​។ក្នុងឱកាស​ផ្ដល់​នូវ​សម្ភារៈ​ទាំងអស់នេះ​ ឯកឧត្តម Anatoly Borovik ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​រុស្ស៊ី​ប្រចាំ​កម្ពុជា ​បាន​លើកឡើង​នូវ​ការ​កោត​សរសើរ នូវ​កិច្ចប្រឹងប្រែង​របស់​មន្ទី​រ​ពេទ្យ ក៏ដូចជា​បុគ្គលិក​មន្ទីរពេទ្យ ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ទាំងអស់​ ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម​ ក្នុង​ការផ្ដល់​ការ​ព្យាបាល​ជំងឺ​ទូទៅ និង​ជាពិសេស​គឺ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម​ បន្តថា ការងារ​របស់​ក្រុម​គ្រូពេទ្យ​ទាំងអស់ គឺ​គួរឱ្យ​គោរព​ ហើយ​ឯកឧត្តម ​សង្ឃឹម​ជឿជាក់ថា ​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា នឹង​ធ្វើឱ្យ​កម្ពុជា ​ឈ្នះ​លើ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។សម្រាប់​ការ​ទទួលបាន​សម្ភារៈ​មួយ​ចំនួន​នាពេលនេះ​ លោក​វេជ្ជបណ្ឌិត ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​ក៏បាន​ថ្លែងអំណរគុណ​ ដល់​ក្រុមការងារ​នៃ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​។​ លោក​វេជ្ជបណ្ឌិត​លើក​ឡើងថា ​ការផ្ដល់ជូន​សម្ភារៈ​ទាំង​នេះ ​ជា​ការ​រួមចំណែក​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ​ហើយ​វា​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ ​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ផងដែរ​។ ​លោក​វេជ្ជបណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់​ សហភាពសូវៀត ដែល​បាន​យកចិត្តទុកដាក់​ និង​ជួយ​កសាង​មន្ទីរពេទ្យ​នេះ​ឡើង ​តាំងពី​ជាង៦០​ឆ្នាំមុន​។ លោក​ថា មន្ទីរពេទ្យ​នេះ​ ជា​មរតក​មួយ​សម្រាប់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ​ក៏ដូចជា​ ប្រជាជន​កម្ពុជា​។ ហើយ​បច្ចុប្បន្ន មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ក៏បាន​ចូល​រួមចំណែក​យ៉ាង​សំខាន់​ ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ផងដែរ​៕​អត្ថបទ​៖ គឹម​ហុក

ពលរដ្ឋ​ចំនួន​១០៣​គ្រួសារ​ ដែលមាន​ជីវភាព​ខ្វះខាត នៅ​សង្កាត់​ទឹកល្អក់​ទី​៣​ ​ទទួល​អំណោយ​​ពីអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

2021/06/09 12:45:50 pm        40
ភ្នំពេញ​៖ ឯកឧត្តម ឌូ ដា​លី​តូ ទីប្រឹក្សា​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​យក​អំណោយ​ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១៣(​សំណង់​) ​សង្កាត់​ទឹកល្អក់​ទី​៣​ ដែលមាន​ជីវភាព​ខ្វះខាត​ក្នុងដំណាក់កាល​រីក​រាលដាល​ជំងឺ​កូ​វីដ-​១៩ ចំនួន ១០៣​គ្រួសារ ​នៅថ្ងៃទី​០៩ ខែមិថុនា ​នេះ។ក្នុងនោះដែរ​ឯកឧត្តម ក៏​សូម​អំពាវនាវ​ដល់​លោកតា​លោកយាយ បងប្អូន​ទាំងអស់ ​យកចិត្តទុកដាក់​ពី​សុខភាព ​ជាពិសេស​បន្ត​ការពារ ​និង​រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា សូមមេត្តា​អនុវត្ត​វិធាន​ការពារ​របស់​រាជ​រដ្ឋាភិបាល​ ៣​ការពារ ៣​កុំ​។​គួរបញ្ជាក់ថា ​អំណោយ​ដែល​ត្រូវ​ប្រគល់​នាពេលនេះ ​ក្នុង​មួយៗ គ្រួសារ ​ទទួល​បាន​អំណោយ អង្ករ​២៥​គីឡូ ត្រីខ​១០​កំប៉ុង មី​១២​កញ្ចប់ ​ទឹកត្រី​២​ដប ទឹក​ស៊ីអ៊ីវ២​ដប ប៊ីចេង​១​កញ្ចប់ អំបិល​១​កញ្ចប់ ៕អត្ថបទ​៖ កុ​ម្ភះ

រដ្ឋបាលខេត្ត​ពោធិ៍សាត់ ​និង​សប្បុរសជន​នានា​ផ្ដល់​អំណោយ​ជូន​ជន​ក្រីក្រ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​ក្រគរ

2021/06/09 11:39:02 am        165
ពោធិ៍សាត់ ៖ ​លោក ចេង ឡៃ អភិបាលរង​ខេត្ត​តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ របស់​សប្បុរស​នានា​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន អឹម ស៊ី ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ​ជន​ចាស់ជរា​ និង​ស្ត្រី​មេម៉ាយ​ជាច្រើន​គ្រួសារ មកពី ភូមិ​តាកែវ​ក្រោម​ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​ខណៈ​អំណោយ​ទាំងនោះ​ នឹង​ជួយ​សម្រាល​ទុក ​លំបាក​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ​។ការ​ផ្តល់នូវ​អំណោយ​សប្បុរសធម៌​នេះ គឺ​បាន​ធ្វើឡើង​នា​ថ្ងៃទី​៨ ​ខែមិថុនា ឆ្នាំ​២០២១​នេះ​ នៅ​បរិវេណ​វត្ត​សាមគ្គី​រតនៈ​សោ​ភ័​ណ្ឌ (​ហៅ​វត្ត​តាកែវ​ក្រោម​) ​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ថ្លែង​នៅក្នុង​ឱកាស​ចុះ​ចែក​អំណោយ​សប្បុរសធម៌​នោះ លោក ចេង ឡៃ អភិបាលរង​ខេត្តពោធិ៍សាត់ បាន​លើកឡើងថា​ នាពេល​កន្លងទៅ​ក៏ដូចជា​ បច្ចុប្បន្ននេះ ​ថ្នាក់ដឹកនាំ​ខេត្ត ​តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​គ្រប់ពេលវេលា​។ ​ជាក់ស្តែង​ដូច​ថ្ងៃនេះ​គឺ​ខាង​ថ្នាក់ ដឹកនាំ​ខេត្ត​ ជាមួយនិង​អ្នកស្រី ចោម ខ្វាន់ អគ្គនាយិការ ក្រុមហ៊ុន ( អឹម ស៊ី ) បាន​ជួយ​ឧបត្ថម្ភ​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយចំនួន ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត នេះ​។លោក​អភិបាលរង​ខេត្ត​ក៏បាន​ ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​នានា ​ដែល​បាន​ជួយឧបត្ថម្ភ ជា​ស្បៀង​ និង​ថវិកា​ជួយ​ដល់​ជន​ក្រីក្រ​ដែល​កំពុង​រស់នៅ​ខេត្តពោធិ៍សាត់ ខណៈ​សកម្មភាព​នៃ​ការ​ជួយ​នេះ​គឺ បញ្ជាក់​ឱ្យឃើញ​ពី​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ធំធេង​មួយ​ គឺ​ខ្មែរ​ចេះ​ជួយ​ខ្មែរ​ ក្នុង​គ្រា​មានទុក្ខ​លំបាក​។នៅក្នុង​ពិធី​ចែក​អំណោយ​នោះដែរ​លោក​អភិបាលរង​ខេត្ត ក៏បាន​ផ្ដាំផ្ញើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការ​ការពារ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩ ដោយ​អនុវត្តន៍​តាម​វិធានការ​ ៣​ការពារ និង​៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ ហើយ​លោក​បាន​បន្ត​ប្រាប់​ដល់ អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​បង្ការ​ទប់ស្កាត់​រាល់​បទល្មើស​ចោរលួច ​ឆក់​ប្លន់ ក្មេង​ទំនើង ​គ្រឿងញៀន ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ​និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា​។សូមបញ្ជាក់ថា ​អំណោយ​ដែល​បាន​ផ្តល់​ជូន​ដល់​បងប្អូន​នា​ពេលនេះ ​ក្នុង​មួយ​គ្រួសារៗ​ ទទួលបាន​អង្គ ២០​គីឡូក្រាម​មី ១​កេះ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹក​សុទ្ធ ១​កេះ ម៉ាស់ ១​ដុំ និង​ថវិកា ១០​ម៉ឺន​រៀល​។ ​ទន្ទឹមនឹងនោះ ​លោកស្រី​ក៏បាន​ប្រគេន​បច្ច័យ​ចំនួន ​១​លាន​រៀល ​ដល់​ព្រះ​ចៅ​អធិការ​វត្ត ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ទី​អារាម​ផងដែរ​៕ ​អត្ថបទ​៖ បាន ចក់

WHO ៖ មាន​មូលហេតុ​បួន​យ៉ាង​ដែល​នាំឱ្យ​កម្ពុជា​មិនទាន់​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍​២០​កុម្ភៈ​បាន​

2021/06/09 11:29:43 am        264
ភ្នំពេញ ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ​បាន​បង្ហាញ​ទឡ្ហីករណ៍​បួន​យ៉ាង ដែល​នាំឱ្យកម្ពុជា​ មិនទាន់​អាច​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ បាន​ដូច​ឆ្នាំ​២០២០​។អំឡុង​ពិធី​ប្រគល់​អំណោយ​ថេប​ប្លេ​ត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង សម្ភារ​វេជ្ជសាស្ត្រ​មួយ​ចំនួនទៀត ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្ត​ចំនួន​៥ ​ដែល​បាន​ធ្វើឡើង នៅ​ខេត្តពោធិ៍សាត់ ​កាលពី​ម្សិលមិញ លោកស្រី​វេជ្ជបណ្ឌិត​ លី អាយ​លែ​ន​ តំណាង​អង្គការ​សុខភាព​ពិភព លោក​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ប្រាប់​BTV​ថា ​មាន​ហេតុផល​៤​យ៉ាង​ ដែល​ធ្វើឱ្យ​កម្ពុជា មិនទាន់​អាច​គ្រប់ គ្រង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​បាន ​ដូច​កាលពី​ឆ្នាំមុន ​គឺ​ទី​១. ការ​បំប្លែង​ខ្លួន​ថ្មី នៃ​មេរោគ​កូ​វីដ​-១៩ ​ដែលនាំឱ្យ​មានការ​ចម្លង​លឿន ទី​២. លក្ខណៈ​ធម្មជាតិ​ នៃ​មេរោគ គឺ​ចេញ​រោគសញ្ញា​តិចតួច ឬ​មិន ចេញ​រោគសញ្ញា ទី​៣. ភាព​នឿយណាយ​របស់​ក្រុម​ឆ្លើយតប​បន្ទាន់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ​មិន​អនុវត្ត វិធានការ​សុខាភិបាល និង​ទី​៤. ភាព​សុទិដ្ឋិនិយម​ខ្លាំងពេក ដោយ​ផ្អែកលើ​វ៉ាក់សាំង​។យ៉ាងណាក៏ដោយ ដើម្បី​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន តំណាង​អង្គការ​សុខភាព​ពិភព លោក បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដូចជា ចៀសវាង​កុំទៅ​កន្លែង​៣​កុំ ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ត្រូវ​កាត់បន្ថយ​ហានិភ័យ​នៅ​កន្លែង​ប្រកប​អាជីវកម្ម ​កន្លែងធ្វើការ ​និង​ពលរដ្ឋ ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។បច្ចុប្បន រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​វិធានការ​ជាច្រើន ដើម្បី​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍​សហគមន៍ ​២០កុម្ភៈ កុំឱ្យ​មានការ​រីក​រាលដាល​កាន់​តែច្រើន​។ វិធានការ​ទាំង​អស់នេះ​ អាច​ទទួល​បាន​ជោគជ័យ លុះត្រាតែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ​៕​អត្ថបទ​៖ ទូច សោភ័ណ

សកម្មភាពក្រុមការងារ​ថែទាំ សម្អាត​អនាម័យ​-​បរិស្ថាន ដើម្បី​សោភ័ណភាព​រមណីយដ្ឋាន​អង្គរ​មាន​ភាព​ស្រស់​ត្រកាល​ជានិច្ច

2021/06/09 10:55:42 am        653
សៀមរាប ៖ តាមរយៈ​នៃ​រូបថត​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នឹង​សំណេរ​របស់​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​បានបង្ហាញ​អំពី​សកម្មភាព​នៃ​ក្រុមការងារ​ថែទាំ ​សម្អាត​អនាម័យ​-​បរិស្ថាន ​ដើម្បី​និរន្តរភាព​សម្រស់​អង្គរ ​ហើយ​អ្វី​ដែល​ជា​បំណង​នៃ​ការ​ចេញ​បង្ហាញ​រូបថត​ និង​សំណេរ​ទាំងនោះ ​គឺ​សំដៅ​ទៅ​រក​ការអំពាវនាវ ​ស្វាគមន៍​ជាថ្មីទៀត ​ការចូលរួម​ពី​សំណាក់​សាធារណជន​ទូទៅ និង​ភ្ញៀវទេសចរ !។នៅរសៀល​ថ្ងៃ​០៨ ខែមិថុនា ម្សិលមិញ​នេះ នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ​ការថែទាំ និង​សម្អាត​អនាម័យ​របស់​ក្រុមការងារ​សម្អាត​ប្រាសាទ ​បានធ្វើឱ្យ​តំបន់​រមណីយដ្ឋាន​អង្គរ មាន​ភាព​ស្រស់​បំព្រង​ទាំង​រដូវប្រាំង និង​រដូវវស្សា ។ ​ជាការ​កត់សម្គាល់​ក្នុង​រយៈពេល​កន្លងមក​ហើយ​ អ្វីដែល​សំខាន់​ដើម្បី​និរន្តរភាព​អនាម័យ​បរិស្ថាន​ស្អាត​នៅ​ក្នុង​តំបន់​នេះ គឺ​មិន​អាច​ខ្វះ​បាន​នោះទេ ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ។ជា​រៀងរាល់ថ្ងៃ​ក្រុមការងារ​ថែទាំ សម្អាត​អនាម័យ ពួកគាត់​បាន​បែង​ចែក​ជា​ក្រុមៗ​ ធ្វើ​សកម្មភាព​តាម​មុខព្រួញ​គោលដៅ​ដែល​បាន​រៀបចំ​ទុក​ រួមមាន​ ក្រុម​បោស​ស្លឹកឈើ ​បោស​ដី​ ស្រោច​ស្មៅ​ កាត់​រុក្ខជាតិ​ក្នុង​និង​ក្រៅ​តំបន់​ប្រាសាទ ​បារ​ស្លែ​និង​រុក្ខជាតិ​ក្នុង​ទឹកជា​ដើម​។ ​សកម្មភាព​ទាំងនេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​តំបន់​ប្រាសាទ​មាន​សោភ័ណភាព​ស្រស់បំព្រង​គ្រប់​រដូវ​កាល​ប៉ុណ្ណោះ​ទេ ​តែ​វា​ជា​កិច្ចការ​អភិរក្ស​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​និងកំពុង​ធ្វើជា​ប្រចាំ​។នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សង្កត់ធ្ងន់​លើ​សំណេរ​របស់ខ្លួន​ថា ​ច្បាស់​ណាស់ កិច្ចការ​ទាំងនេះ​មិន​អាច​ខ្វះ​បានទេ ការចូលរួម​ពី​សាធារណជន ​ក៏ដូចជា​ភ្ញៀវទេសចរ​ផងដែរ​ ហើយ​យើងទាំងអស់គ្នា​មាន​ស្មារតី​ដូចគ្នា ​ក្នុងការ​ធ្វើឱ្យ​បរិស្ថាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ភាព​ស្រស់ស្អាត​ជានិច្ច ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ពិសេស​ស័ក្ដិសម​ជាមួយ​គុណ​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន នៃ​រមណីយដ្ឋាន​អង្គរ​៕អត្ថបទ ៖ គឹម ឡេង 

ប្រមុខ​ការ​ពារជាតិ​ក​ម្ពុ​ជា ​ចាត់ទុក​ការរិះគន់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ថា ​គ្មាន​ប្រយោជន៍​និង​ហេតុផល

2021/06/09 10:47:52 am        250
ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ចាត់ទុក​ការរិះគន់​របស់​ជន​អគតិ​មួយចំនួន ​ជាពិសេស​ពួក​ឧទ្ទាម​ក្រៅច្បាប់​ថា​ គ្មាន​ប្រយោជន៍ និង​គ្មាន​ហេតុផល ​អ្វី​នោះឡើយ ​ខណៈ​ការរិះគន់​របស់​ពួក​ទាំងនោះ​ វា​ជា​ចេតនា​ចង់​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព ដែល​ប្រទេស​កម្ពុជា ​កំពុង​មាន​សព្វថ្ងៃនេះ​។ការលើកឡើង​របស់​ប្រមុខ​ការពារជាតិ​កម្ពុជា​រូបនេះ ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​រិះគន់​អំពី​ការ ដាក់​តាំង​នូវ​កែវ​ផ្ទុក​ដំណក់​ប្រេង​របស់​កម្ពុជា ​ជា​លើកដំបូង​យក​មក​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ នៃ​វិមាន ឈ្នះ ឈ្នះ នៃ​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ​។សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា វា​ជា​រឿង​ធម្មតា​នោះទេ ​ចំពោះ​ការរិះគន់​របស់ ជន​មួយ​ក្តាប់​តូច​តែងតែ​លើក​មក​និយាយ និង​ធ្វើការ​រិះគន់​គ្រប់​បែបយ៉ាង​មក​លើ​រាជរដ្ឋាភិបាល​របស់​យើង​ ហើយ​ការរិះគន់​របស់​ពួកគេ​ទាំងនោះ វា​គ្មាន​ប្រយោជន៍​អ្វី ​និង​គ្មាន​បាន​ផល​អ្វី​ឲ្យ​ប្រទេសជាតិ​កម្ពុជា​យើង មានការ​រីកចំរើន​នោះទេ​។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​របស់ខ្លួន ​យកមក​ដាក់ តាំង​បង្ហាញ​នូវ​សារមន្ទីរ​នៃ​វិមាន​ឈ្នះ ឈ្នះ ដែល​តំណក់​ប្រេង​ដំបូង​នេះ ​ត្រូវបាន​រហ័ស​នាម​ថា​«​បឋម​តេល​ពិន្ទុ​)​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ​ការដាក់​តាំងនូវ​តំណក់​ប្រេង​ដំបូង​នៅក្នុង​សារមន្ទីរ នៃ វិមាន​ឈ្នះ ឈ្នះ នេះ​គឺ​ដើម្បី​ទុក​បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ ​ហើយ​សម្រាប់​ទុក​ធ្វើជា​ប្រវត្តិសាស្ត្រ របស់​កម្ពុជា​ផងដែរ​។ប្រទេស​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​បូម​ប្រេង​របស់ខ្លួន​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ​ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ​ ។ ថ្ងៃ​ដែល​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នេះ គឺ​ចំ​ថ្ងៃ​ខួប ២២ ឆ្នាំ ​នៃ​ការ​ដាក់ចេញ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ​ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ១៩៩៨​។បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ​បច្ចុប្បន្ននេះ ក្រុមហ៊ុន Kris Energy ​កំពុង​ដំណើរការ​ផលិត​កម្ម​បូម​ប្រេង​ នៅលើ​អណ្តូង​ទាំង​៥ ​កន្លែង ​ដោយ​ផលិតកម្ម​ប្រចាំថ្ងៃ ​ក្នុង​រង្វង់ ២​ពាន់​ប៉ា​រ៉ែ​ល​ក្នុង​មួយថ្ងៃ ​ហើយ​នៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ​ក្រុមហ៊ុន​នេះ នឹង​នាំចេញ​ប្រេង​ឆៅ ទៅ​ទីផ្សារ​អន្តរជាតិ ​ខណៈដែល​ពេលនេះ ​ក្រុមហ៊ុន​កំពុង​រៀបចំ​សំណុំ​បែបបទ ​ដើម្បី​សុំ​គោលការណ៍​នៃ​ការនាំចេញ​៕​អត្ថបទ​ ៖ បាន ចក់  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ អឺរ៉ុប នឹងបំពេញស្ទើរ​គ្រប់​ចន្លោះបន្សល់ទុក​​ដោយ​​អាមេរិក ក្នុងផែនការការពារជាតិរបស់ណាតូ
07/02/2026 04:07 PM
ក្រុមការងារអន្តរក្រសួងចុះពិនិត្យវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងមួយខ្សែនៅខេត្តស្វាយរៀង
07/02/2026 04:07 PM
ក្រុម​ស្តាំនិយមជ្រុលបារាំង គិត​ក្រោយគ្មាន​លោកស្រី Le Pen ខណៈសេចក្ដី​សម្រេចតុលាការឧទ្ធរណ៍ជិត​មាន​
07/02/2026 04:07 PM
ក្នុងជំនួបជាមួយមេដឹកនាំលើពិភពលោក, សម្ដេចធិបតីតែងលើកឡើងអំពីកម្មភាពកងទ័ពថៃចូលជ្រៅឈ្លានពានទឹកដីកម្ពុជា
07/02/2026 04:07 PM
សមាជិកព្រឹទ្ធសភា៖ អឺរ៉ុបកំពុងជួបការលំបាកក្នុងការស្វែងរកអ្នកចរចាដែលសមរម្យសម្រាប់ការចរចាជាមួយរុស្ស៊ី
07/02/2026 04:07 PM
បក្សកុម្មុយនីស្តចិន ប្រារព្ធខួបលើកទី១០៥ ដោយ​សង្កត់ធ្ងន់​ខ្លាំង លើមនោគមវិជ្ជា និងភាពស្មោះត្រង់
07/02/2026 04:07 PM
ក្នុងបរិបទបច្ចុប្បន្ននយោបាយការបរទេសកម្ពុជាចាំបាច់ត្រូវតែបន្តមានឯករាជ្យ សំដៅទៅរកការរក្សាសន្ដិភាព
07/02/2026 04:07 PM
ក្តីសង្ឃឹមស្ទើរ​លែងមាន​​ ហើយ​ភាពអត់ឃ្លានកើតឡើង​​ ១សប្តាហ៍ក្រោយ​រញ្ជួយដីនៅវ៉េណេស៊ុយអេឡា
07/02/2026 04:07 PM
តម្លៃប្រេងធ្លាក់ចុះដល់កម្រិតមិនធ្លាប់ឃើញ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់
07/02/2026 04:07 PM
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
07/02/2026 04:07 PM