BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

កងទ័ព៖ជនជាតិស៊ីរី៧០០នាក់ ត្រូវបានចាប់ខ្លួន នៅពេលដែលព្យាយាមចូលប្រទេសលីបង់កាលពីសប្តាហ៍មុន

2023/08/24 01:43:02 pm        105
លីបង់៖ ទីបញ្ជាការកងទ័ពលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កងទ័ពលីបង់កាលពីសប្តាហ៍មុន បានរារាំងជនជាតិស៊ីរីប្រហែល៧០០ មិនឲ្យចូលទៅក្នុងប្រទេសលីបង់ ដោយខុសច្បាប់។ទីបញ្ជាការនោះ បានដឹងទៀតថា ជនជាតិស៊ីរីទាំងនោះ ត្រូវបានស្ទាក់ចាប់នៅព្រំដែនលីបង់-ស៊ីរី តាមកាលបរិច្ឆេទផ្សេងៗគ្នា ក្នុងសប្តាហ៍  មុន។កងកម្លាំងសន្តិសុខលីបង់ បាននិងកំពុងព្យាយាមបង្ក្រាបការរត់ពន្ធមនុស្សនៅតំបន់ព្រំដែនជាមួយប្រទេសស៊ីរី ខណៈដែលរដ្ឋាភិបាល កំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកលើលំហូរនៃជនភៀសខ្លួនស៊ីរី។ដោយមានជនភៀសខ្លួនស៊ីរីប្រមាណ១,៥លាននាក់ ដែលរស់នៅក្នុងព្រំដែនរបស់ខ្លួន ប្រទេសលីបង់   ទទួលបន្ទុកនៃការផ្តល់ការស្នាក់នៅដល់ជនភៀសខ្លួនដ៏ច្រើនបំផុតក្នុងមនុស្សម្នាក់ៗ។ វត្តមានដ៏ធំនៃជនភៀសខ្លួនស៊ីរី បានធ្វើឲ្យមានភាពតានតឹងលើធនធានរបស់ប្រទេសលីបង់ និងបង្កើតឲ្យមានការមិនសប្បាយចិត្តដ៏ទូលំទូលាយ ក្នុងចំណោមពលរដ្ឋរបស់ខ្លួន៕

រលកកម្ដៅរបស់បារាំង ធ្វើឱ្យអ្នកឡើងភ្នំ ម៉ុងប្លង់ (Mont-Blanc) មានហានិភ័យខ្ពស់

2023/08/24 01:27:41 pm        123
បារាំង៖ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកឡើងភ្នំបាននិយាយកាលពីថ្ងៃពុធ (២៣ សីហា) ថា កំណើនសីតុណ្ហភាពរបស់អឺរ៉ុប ក៏កំពុងវាយប្រហារដល់កំពូលភ្នំខ្ពស់បំផុតក្នុងតំបន់ផងដែរ គឺភ្នំ Mont Blanc ជាមួយនឹងហានិភ័យខ្ពស់នៃការធ្លាក់ផ្ទាំងថ្ម និងស្នាមប្រេះថ្មីបើកនៅលើផ្ទាំងទឹកកករបស់ភ្នំនេះ។ ប្រទេសបារាំង បានប្រកាសអាសន្នពណ៌ក្រហមកាលពីថ្ងៃពុធ (២៣ សីហា) នៅពេលដែលទែម៉ូម៉ែត្រនៅទីក្រុង Ganges ( កងហ្ស៍) ភាគខាងត្បូង បានឡើងដល់កម្រិត៤១អង្សាសេ ខណៈដែលឱសថការីក្នុងតំបន់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សីតុណ្ហភាពបានឡើងដល់កម្រិត៤២អង្សារសេនៅមុននោះបន្តិច។ក្រុមអាជ្ញាធរបានពង្រីកការប្រកាសអាសន្នអំពីរលកកម្តៅសម្រាប់ភាគខាងត្បូងកាលពីថ្ងៃអង្គារ ហើយក្រុមមន្ត្រីបានជំរុញឱ្យអ្នកឡើងភ្នំមួយចំនួនពន្យារពេលសកម្មភាពរបស់ពួកគេ ខណៈដែលអ្នករើសផ្លែទំពាំងបាយជូរត្រូវបានណែនាំឱ្យចាប់ផ្តើម និងបញ្ចប់ការងាររបស់ពួកគេនៅពេលព្រឹក ដើម្បីជៀសវាងការប៉ះពាល់ពីរលកកម្ដៅដ៏ខ្លាំងនេះ៕

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិនិត្យឡើងវិញនូវវត្តមានយោធាបរទេស នៅក្នុងប្រទេសស៊ីរី

2023/08/24 01:24:55 pm        107
ស៊ីរី៖ វត្តមានយោធាបរទេសនៅក្នុងប្រទេសស៊ីរី និងស្ថានភាពផ្លាស់ទីលំនៅដែលកំពុងបន្តអស់រយៈពេលជាង១២ឆ្នាំ បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះស៊ីរី គឺជាប្រធានបទនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ (២៣ សីហា)។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បានទម្លាក់កំហុសលើប្រទេសរុស្ស៊ី ចំពោះការពន្យារពេលដំណើរការនៃគណៈកម្មាធិការធម្មនុញ្ញ ដែលកំពុងស្វែងរកការព្រាងរដ្ឋធម្មនុញ្ញថ្មីដែលនាំទៅដល់ការបោះឆ្នោត។ខណៈពេលដែលតំណាងរបស់អ៊ីរ៉ង់ លោក Amir Saied Iravani បាននិយាយថា ប្រទេសរបស់លោកបានថ្កោលទោសការឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី ពីសំណាក់អ៊ីស្រាអែល ទើបតែសប្តាហ៍នេះ អ៊ីស្រាអែល និងរុស្ស៊ីបានរាយការណ៍ពីការវាយប្រហារនៅក្នុងទឹកដីស៊ីរី ដែលបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់ ក្នុងប្រតិបត្តិការពីរផ្សេងគ្នា។កាលពីខែមុន ការផ្តល់ជំនួយដល់ស៊ីរី បានក្លាយជាសំណួរនៅពេលដែលមហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តសំខាន់របស់រដ្ឋាភិបាលស៊ីរី គឺប្រទេសរុស្ស៊ី បានបរាជ័យក្នុងការយល់ព្រមលើការបន្តអាណត្តិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ប្រតិបត្តិការនេះ។នៅដើមខែសីហានេះ អង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងបន្តការបញ្ជូនជំនួយទៅកាន់ប្រទេសស៊ីរីភាគពាយ័ព្យ ដែលគ្រប់គ្រងដោយពួកឧទ្ទាម តាមរយៈច្រកឆ្លងកាត់ដែលជាខ្សែជីវិតសម្រាប់តំបន់នេះ បន្ទាប់ពីបុគ្គលិកជំនួយបាននិយាយថា ទីក្រុង Damascus ហាក់ដូចជាបន្ធូរបន្ថយលក្ខខណ្ឌដែលនាំឱ្យមានការផ្អាកជំនួយរយៈពេលមួយសប្តាហ៍នោះ៕

មនុស្ស៥នាក់បានស្លាប់ ក្នុងចំហេះព្រៃនៅប្រទេសប៉េរូ និងបូលីវី

2023/08/24 01:02:12 pm        136
បូលីវី៖ ចំហេះព្រៃដ៏កាចសាហាវ បាននិងកំពុងរីករាលដាលនៅក្នុងប្រទេសបូលីវី និងប្រទេសប៉េរូ ដែលប៉ះពាល់ដល់អ្នករស់នៅក្នុងប្រទេសទាំងពីរ ដោយមានអ្នកស្លាប់យ៉ាងហោចណាស់៥នាក់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសប៉េរូ។ នៅតំបន់ Cochabamba និងតំបន់ La Paz ចំហេះបានដុតបំផ្លាញរុក្ខជាតិ និងសត្វព្រៃដែលជិតផុតពូជជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីការពារជនស៊ីវិលប្រទេសបូលីវី លោក Juan Carlos Calvimontes (វ៉ាន់ កាឡូស ខាលវីម៉ូនតេ) បានរាយការណ៍ថា តំបន់បេនី (Beni) គឺជាតំបន់ដែលមានចំហេះព្រៃច្រើនជាងគេ។យោងតាមលោក Calvimontes បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធជាង៥០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយចំហេះនេះផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រទេសប៉េរូ ប្រឈមមុខនឹងការលំបាកស្រដៀងគ្នានេះ ខណៈដែលភ្លើងបានឆាបឆេះតំបន់ Apurimac ដែលមនុស្សប្រាំនាក់បានស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ផ្ទៃដីយ៉ាងហោចណាស់២០០ហិចតាត្រូវបានបំផ្លាញដោយចំហេះព្រៃនេះផងដែរ៕

និស្សិតកសិកម្មថា នឹងនាំគ្នាប្រឡងចូលបម្រើការបច្ចេកទេសកសិកម្មតាមឃុំសង្កាត់

2023/08/24 01:00:21 pm        2411
ភ្នំពេញ៖ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌបច្ចេកទេសកសិកម្ម ដាក់ពង្រាយតាមបណ្តាឃុំសង្កាត់​នានា​ទូទាំងប្រទេស នៅពេលនេះ បណ្តានិស្សិតនានាកំពុងសិក្សា និងខ្លះកំពុងហាត់ការជំនាញ​កសិកម្មខ្លួន​តាមឃុំសង្កាត់ស្រាប់ ​គឺបានសម្តែងរីករាយខ្លាំង ហើយបានត្រៀម​ខ្លួនដាក់ពាក្យ​ប្រឡងចូលក្របខ័ណ្ឌ និងស្ម័គ្រចិត្តចូលបម្រើការងារបច្ចេកទេសកសិកម្ម​នៅតាមឃុំសង្កាត់នានា។បើតាមបណា្តនិស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ​បានថ្លែងប្រាប់ BTV​ នៅថ្ងៃទី២៤ ខែសីហានេះថា​ ការអនុវត្តគោល​នយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​អាណត្តិ៧នេះ លើការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅតាមឃុំសង្កាត់នេះ ​គឺជាឱកាសដ៏ល្អខ្លាំងបំផុត និងជំរុញទឹកចិត្តនិស្សិតទាំងអស់នាំគ្នាខំប្រឹងរៀន ត្រៀមប្រឡងចូលក្របខណ្ឌមន្ត្រីបច្ចេកទេស​កសិកម្មទៅបម្រើការនៅតាមឃុំសង្កាត់។បើតាមប្រជាកសិករប្រកបរបរបណ្តុះកូនរុក្ខជាតិនៅសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា បច្ចុប្បន្ន​ ការប្រកបរបរដាំដំណាំ ​បណ្តុះកូនឈើលក់នេះ ​គឺនៅមានកម្រិត និងចេះដាំ​តៗគ្នា និងមិនមានបច្ចេកទេសដាំបង្កាត់ពូជណានោះទេ ហើយបើមានមន្ត្រីបច្ចេកទេស​កសិកម្មមកដឹកនាំដាំ នឹងជំរុញវិស័យកសិកម្មនៅកម្ពុជាបន្តការរីកចម្រើន។លោក ម៉ៅ មីនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម បានថ្លែងថា បច្ចុប្បន្នខាងនាយកដ្ឋានបុគ្គលិកក្រសួងកសិកម្មកំពុង​សហការ​ជាមួយ​ក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្ម ​១៦០០នាក់ ដើម្បី​ដាក់ពង្រាយ នៅតាមឃុំសង្កាត់ នៅក្នុងឆ្នាំ២០២៤នេះ ​ខណៈបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់​នេសាទ បាននិងកំពុងរៀបចំសាកល្បង ដាក់ពង្រាយមន្ត្រីជាប់កិច្ចសន្យា​ធ្វើការ​ផ្នែកបច្ចេក​ទេសកសិម្ម ចុះធ្វើការស្ម័គ្រចិត្តនៅតាមបណ្តាសង្កាត់ឃុំ ​បានចំនួន១០ឃុំ នៅក្នុងស្រុកជើងព្រៃ​ខេត្តកំពង់ចាម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល​នៅក្នុងអាណត្តិទី៧។ បច្ចុប្បន្ននេះដែរ ក៏មាននិស្សិតសិក្សាបញ្ចប់ឆ្នាំទី៤នៅសកលវិទ្យាល័យ​ភូមិន្ទកសិកម្មប្រមាណ ២០០នាក់ដែរ ​បានស្ម័គ្រចិត្តចុះហាត់ការធ្វើការងារនៅតាមឃុំសង្កាត់តាមខេត្តចំនួន១៣ ហើយ​គ្រប់និស្សិតទាំងនោះ ក៏បានត្រៀមខ្លួនប្រឡង​ចូលក្របខណ្ឌក្រសួងកសិកម្ម ដើម្បីចូល​បម្រើការស្ម័គ្រចិត្តនៅតាមឃុំសង្កាត់ផងដែរ។ អត្ថបទ ស៊ុម សុខជា 

អ្នកជម្លៀសខ្លួនរាប់ពាន់នាក់ត្រឡប់ទៅលំនៅឋានវិញ ខណៈចំហេះព្រៃកោះថេណេរីហ្វនៅអេស៉្បាញបានធូរស្រាល

2023/08/24 12:57:37 pm        100
អេស៉្បាញ៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា អ្នកជម្លៀសខ្លួនជាង៨.០០០នាក់ពីចំហេះព្រៃ ដែលបានបំផ្លិចបំផ្លាញព្រៃឈើនៅលើកោះថេណេរីហ្វ (Tenerife) របស់អេស្ប៉ាញ អស់រយៈពេលជាងមួយសប្តាហ៍មក អាចត្រឡប់ទៅលំនៅឋានវិញបាន ខណៈដែលចំហេះត្រូវបានគ្រប់គ្រង។ចំហេះដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែសីហា មកទល់ពេលនេះ បានបំផ្លាញព្រៃឈើជិត១៥.០០០ហិចតា នៅក្នុងឧទ្យានជាតិជុំវិញតំបន់ភ្នំភ្លើង Mount Teide ដែលជាកំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ។ អ្នកស្រុកប្រហែល៣.០០០នាក់ នៅតែមិនទាន់អាចទៅផ្ទះរបស់ពួកគេវិញបានទេ។ចំហេះត្រូវបានគ្រប់គ្រងមួយផ្នែកធំ លើកលែងតែក្នុងតំបន់មួយក្នុងភូមិ Guimar ប៉ុណ្ណោះ។ ក្រុមអាជ្ញាធរបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ មានចំហេះជាច្រើនដែលអាចដំណើរការឡើងវិញ ក្នុងអំឡុងពេលម៉ោងក្តៅបំផុត ហើយអាចឆ្លងកាត់ខ្សែគ្រប់គ្រងម្តងទៀត។រហូតមកដល់ពេលនេះ ចំហេះព្រៃបានបំផ្លាញផ្ទៃដីចំនួន៦៥.១២៧ហិចតានៅក្នុងប្រទេសអេស្ប៉ាញ ស្របតាមមធ្យមភាគនៃទសវត្សរ៍ចុងក្រោយ ប៉ុន្តែទាបជាងចំនួន ២២៨.៨៦៣ហិចតា ដែលបានឆេះក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលជាឆ្នាំដ៏អាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ នេះបើយោងតាមទិន្នន័យផ្លូវការ៕

ចំនួនអ្នកស្លាប់ដោយការបាក់រលំស្ពាននៅរដ្ឋ Mizoram ប្រទេសឥណ្ឌាកើនឡើងដល់២៦នាក់

2023/08/24 12:54:48 pm        128
ឥណ្ឌា៖ ក្រុមនគរបាលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ ក្នុងឧបទ្ទវហេតុបាក់ស្ពានផ្លូវរថភ្លើងនៅរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា បានកើនឡើងដល់២៦នាក់។ ស្ពានមួយកន្លែងដែលកំពុងស្ថិតក្រោមការសាងសង់បានបាក់រលំ នៅក្រុង Sairang មានចម្ងាយប្រមាណ២១គីឡូម៉ែត្រភាគពាយព្យ រដ្ឋធានី Aizawl ។នគរបាលនិយាយថា ខណៈអ្នកស្លាប់១៩នាក់ ត្រូវបានរកឃើញ ហើយការងារជួយសង្គ្រោះដើម្បីស្រង់យកសាកសពដែលនៅសេសសល់ បន្តនៅថ្ងៃព្រហស្បតិ៍នេះ។ អ្នកស្លាប់ទាំងអស់គឺជាកម្មករ ដែលកំពុងធ្វើការនៅការដ្ឋាននោះ។រដ្ឋមន្ត្រីប្រចាំរដ្ឋ Mizoram លោក Zoramthanga បានសំដែងទុក្ខសោកចំពោះអ្នកស្លាប់ និងសំដែងភាពសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ។មូលហេតុនៃការបាក់ស្ពាន ពុំទាន់បានដឹងភ្លាមៗនៅឡើយនោះទេ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីអយៈស្ម័យានរបស់ប្រទេស លោក Ashwini Vaishnaw បានចេញបញ្ជាឲ្យមានការស៊ើបអង្កេតក្នុងឧបទ្ទវហេតុនេះ និងបានប្រកាសសំណងសម្រាប់ជនរងគ្រោះ។ នាយករដ្ឋមន្ត្រី លោក Narendra Modi បានសំដែងភាពសោកសង្រេងរបស់លោកជុំវិញឧបទ្ទវហេតុនេះ នៅក្នុងសារមួយពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងអំឡុងកិច្ចប្រជុំកំពូលប្រទេស BRICS៕

មនុស្សមួយចំនួនបានស្លាប់ និងរបួសក្នុងបាញ់ប្រហារនៅក្លិបកម្សាន្តមួយកន្លែង ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

2023/08/24 12:52:02 pm        108
អាមេរិក៖ ក្រុមមន្ត្រីនគរបាលបានប្រាប់សារព័ត៌មាន Eyewitness News ថា មនុស្សយ៉ាងហោចណាស់១១នាក់ត្រូវបានបាញ់នៅក្លិបកម្សាន្តមួយកន្លែងក្នុងតំបន់ Orange County រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដោយមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ ហើយជនសង្ស័យបានត្រូវរបួស ឬអាចស្លាប់នៅកន្លែងកើតហេតុ។ វត្តមាននៃកងកម្លាំងអនុវត្តច្បាប់ដ៏ធំមួយក្រុម កំពុងប្រតិបត្តិការឆ្លើយតបនៅទីតាំងកើតហេតុគឺក្លិបកម្សាន្ត Cook's Corner ដែលជារបារសម្រាប់អ្នកជិះម៉ូតូដ៏ល្បីមួយ នៅលើផ្លូវ Santiago Canyon ក្នុងតំបន់ Trabuco Canyon។ហេតុការណ៍នេះត្រូវបានគេរាយការណ៍កាលពីវេលាម៉ោង៧និង៣០នាទីយប់ នេះបើតាមនាយកដ្ឋានតម្រួតតំបន់ Orange County។ ជនសង្ស័យត្រូវបានគេរៀបរាប់ថានៅកន្លែងកើតហេតុ ប៉ុន្តែគេមិនច្បាស់ថា តើបុគ្គលនោះនៅមានជីវិតឬយ៉ាងណានោះ៕

មន្ទីរពេទ្យជាតិ អំពាវនាវពលរដ្ឋមានកូនបបូរមាត់ឆែប ក្រអូមឆែប មកទទួលការព្យាបាលដោយឥតគិតថ្លៃ

2023/08/24 12:49:31 pm        384
ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប ដែលមានកូនកើតជំងឺបបូរមាត់ឆែប ជំងឺឆែបក្រអូមមាត់ និងបញ្ហាមុខខុសប្រក្រតីផ្សេងទៀត និងជើងខ្វេរ សូមមកទទួលការវៈកាត់ ព្យាបាលដោយឥតគិតថ្លៃ ជៀសវាងការបោះបង់កុមារចោល។បើតាមឯកឧត្តមសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានប្រាប់BTV ព័ត៌មានថា មនី្ទរពេទ្យកុមារជាតិ គឺធ្វើការវៈកាត់ដោយមិនគិតថ្លៃ ចំពោះកុមារដែលមានបញ្ហា​ឆែបមាត់ ឆែបក្រអូមមាត់ និងជើងខ្វេរជូនដោយមិនគិតប្រាក់។ ក្នុងនោះកុមារ ដែលកើតជំងឺឆែបមាត់នេះ មាន២ប្រភេទ គឺទី១ ឆែបតែបបូរមាត់ និងទី១ ឆែបរហូតដល់ក្រអូមមាត់ ខូចអញ្ចាញធ្មេញ ហើយកុមារនោះត្រូវការព្យាបាលយូរ។ឯកឧត្តមសាស្រ្តាចារ្យ បានជម្រាបបន្ថែមថា កុមារ ដែលកើតមកមានបបូរមាត់ឆែប ឆែបក្រអូមមាត់ គឺមានបញ្ហា២។ បញ្ហាទី១៖ ហ្សេនពីកំណើត(Zen) និងបញ្ហាទី២៖ ចំណីអាហារដែលមានសារជាតិ​គីមី ឬក៏ការប្រើប្រាស់ថ្នាំ នៅពេលស្រី្តពពោះ រួចញ៉ាំអាហារទាំងអស់នេះ វាធ្វើឲ្យប៉ះពាល់ដល់​កោសិកាដើម វាអាចបណ្តាលឲ្យមានបញ្ហា នៅពេលទារកកើតមក ​ក៏ជួបជំងឺឆែបមាត់នេះផងដែរ។ ប៉ុន្តែមូលហេតុឲ្យច្បាស់លាស់នោះ គឺពិបាកសន្និដ្ឋានថាបណ្តាលមកពីមូលហេតុអ្វី? ប៉ុន្តែ​ពិសេសនោះ កុមារដែលកើតបញ្ហានេះ ​គឺមនី្ទរពេទ្យកុមារជាតិ ធ្វើការព្យាបាលឲ្យជាសៈស្បើយ និងមិនប្រាក់កម្រៃនោះទេ។បើតាមអ្នកគ្រូ លីន ទទួលបន្ទុកសម្របសម្រួលកុមារឆែបមាត់ និងឆែបក្រអូមមាត់ នៃមនី្ទរពេទ្យ​កុមារជាតិ បានឲ្យដឹងថា អគារផ្នែកវៈកាត់ ជំងឺមាត់ឆែប​ និងឆែបក្រអូមនេះ ធ្វើការវៈកាត់ ព្យាបាល មិនគិតថ្លៃជារៀងរាល់ថ្ងៃ ដោយមិនកំណត់ថ្ងៃឈប់សម្រាកឡើយ។ ក្នុងនោះរៀងរាល់ថ្ងៃសុក្រ មាតាបិតា អាណាព្យាបាល ដែលមានកូនៗឆែបមាត់ ឆែបក្រអូមមាត់ ត្រូវមកជួបជុំគ្នា ធ្វើការ​ពិភាក្សា និងពិនិត្យវាយតម្លៃចំពោះស្ថានភាពរបស់កុមារទាំងនោះ ដើម្បីផ្តល់ការវៈកាត់ព្យាបាល និងជួយឲ្យកុមារមានមុខមាត់ស្អាតដូចកុមារដទៃទៀតផងដែរ៕អត្ថបទ រដ្ឋា

ក្រុមហ៊ុន Tepcoរបស់ជប៉ុន នឹងបញ្ឈប់ការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរភ្លាមៗបើសិនរកឃើញបញ្ហា

2023/08/24 12:48:59 pm        104
ជប៉ុន៖  ក្រុមហ៊ុនថាមពលអគ្គិសនី Tepco របស់ជប៉ុន និយាយថា ពួកគេនឹងចាប់ផ្តើមបញ្ចេញទឹកបន្សាបវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រនៅថ្ងៃព្រហស្បតិ៍នេះ ដូចតាមការគ្រោងទុក ប៉ុន្តែពួកគេនឹងបញ្ឈប់ប្រតិបត្តិការភ្លាមៗ បើសិនជាបញ្ហាណាមួយត្រូវបានរកឃើញ ។  ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានតាមអនឡាញចេញពីការិយាល័យនៅទីក្រុង Fukushimaរបស់ពួកគេ ក្រុមមន្រ្តីក្រុមហ៊ុន Tepcoបាននិយាយថា ការបញ្ចេញទឹកកាកសំណល់នេះ នឹងចាប់ផ្តើមនៅវេលាម៉ោង ១រសៀល ម៉ោងក្នុងស្រុក(ត្រូវនឹងម៉ោង ៤ ម៉ោងសកល) ។  ជប៉ុនបាននិយាយការពារថា ការបញ្ចេញទឹកបន្សាបនេះ មានសុវត្ថិភាព ស្របពេលដែលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)ដែលជាក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបើកភ្លើងខៀវផងដែរសម្រាប់ផែនការមួយនេះ កាលពីខែកក្កដាកន្លងទៅ ដោយពួកគេនិយាយថា ផលប៉ះពាល់លើមនុស្ស និងបរិស្ថាន មានតិចតួចបំផុត ។  ការបញ្ចេញទឹកកាកសំណល់នេះដែរ គ្រោងនឹងបញ្ចេញក្នុងបរិមាណតិចតួចប៉ុណ្ណោះអំឡុងពេលដំបូង ហើយនិងមានការត្រួតពិនិត្យបន្ថែមទៀត ។  ការបញ្ចេញទឹកកាកសំណល់ដំបូងសរុប ៧.៨០០ម៉ែត្រគូប ដែលស្មើនឹងទឹកក្នុងអាងហែលទឹកកីឡាអូឡាំពិកចំនួន ៣អាង នឹងត្រូវធ្វើឡើងរយៈពេលប្រហែល ១៧ថ្ងៃ ។  ទោះបីជាយ៉ាងណាក៏ដោយ ផែនការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរ បានរងការរិះគន់យ៉ាងខ្លាំងពីចិន ដែលបានចាត់ទុកជប៉ុនថា អាត្មានិយម និងគ្មានទំនួលខុសត្រូវ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ស្នើឱ្យតុលាការកំពូលអាមេរិក ដកដែនកំណត់លើការឆ្មក់បង្រ្កាបអន្តោប្រវេសន៍
08/08/2025 12:08 PM
អង្គការសុខភាពពិភពលោក៖ កុមារអាយុក្រោម៥ឆ្នាំ ជិត១២.០០០នាក់នៅហ្កាហ្សា ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ
08/08/2025 12:08 PM
ឥណ្ឌា ជំរុញឱ្យបង្កើតក្រមប្រតិបត្តិអាកាសចរណ៍សកល ជុំវិញការជួលអាកាសយានិកជំនាញ
08/08/2025 12:08 PM
ចិន ព្រមានហ្វីលីពីន ថាកំពុងតែប្រលែងលេងជាមួយភ្លើងលើបញ្ហាកោះតៃវ៉ាន់
08/08/2025 12:08 PM
លោក Trump អបអរពន្ធថ្មី ខណៈកិច្ចចរចាពាណិជ្ជកម្មនៅតែបន្តជាមួយប្រទេសចិន
08/08/2025 12:08 PM
កម្ពុជាបង្ហាញការព្រួយបារម្ភទាំងផ្នែកច្បាប់ និងសីលធម៌ ចំពោះយោធិនទាំង១៨នាក់ ដែលថៃចាប់ទៅ
08/08/2025 12:08 PM
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)
08/08/2025 12:08 PM
ពលរដ្ឋអ៊ីស្រាអែលសាសនានិយមជ្រុល ប៉ះទង្គិចជាមួយនគរបាលក្នុងពេលតវ៉ាអំពីច្បាប់កែណ្ឌកងទ័ព
08/08/2025 12:08 PM
មនុស្សយ៉ាងហោចណាស់៤នាក់ស្លាប់ បន្ទាប់ពីរឧបទ្ទវហេតុថភ្លើងបុកជាមួយរថយន្តក្រុងនៅកេនយ៉ា
08/08/2025 12:08 PM
លោក Trump៖ ជនអន្តោប្រវេសន៍គ្មានឯកសារនឹងមិនត្រូវបានរាប់បញ្ចូលក្នុងជំរឿនថ្មីរបស់អាមេរិកទេ
08/08/2025 11:08 AM