សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចប៉ាប៖ វិហារកាតូលិកបើកចំហសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែត្រូវមានច្បាប់

2023/08/07 02:44:52 pm        151
សម្តេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានមានព្រះបន្ទូល កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) ថា វិហារកាតូលិក គឺបើកចំហសម្រាប់មនុស្សគ្រប់រូប ក្នុងនោះរួមទាំងសមាជិកនៃសហគមន៍ស្រឡាញ់ភេទដូចគ្នាផងដែរ ហើយមានបន្ទូលថា វិហារមានកាតព្វកិច្ចអមដំណើរពួកគេនៅលើផ្លូវផ្ទាល់ខ្លួនខាងចិត្តវិញ្ញាណ ប៉ុន្តែស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់របស់វិហារ។គិតចាប់តាំងពីការចាប់ផ្តើមជាសម្ដេចសង្ឈកាតូលិក សម្ដេច ប៉ាប បានព្យាយាមធ្វើឲ្យវិហារកាតូលិកកាន់តែមានការស្វាគមន៍ជាងមុន ហើយកាត់បន្ថយការថ្កោលទោស រួមទាំងសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ប៉ុន្តែដោយគ្មានការផ្លាស់ប្តូរការបង្រៀន ដែលជំរុញអ្នកស្រឡាញ់ភេទដូចគ្នាទាំងនោះឲ្យទទួលបានភាពបរិសុទ្ធ។ជាមួយគ្នានេះ ដោយមានបន្ទូលទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ ដែលព្រះអង្គយាងត្រឡប់ពីប្រទេសព័រទុយហ្គាល់មកទីក្រុងរ៉ូមវិញនោះ សម្ដេចប៉ាប ហ្វ្រង់ស៊ីស បានមានបន្ទូលថា សុខភាពរបស់ព្រះអង្គ គឺល្អប្រសើរធម្មតា បន្ទាប់ពីការវះកាត់ព្យាបាលជំងឺក្លនក្នុងពោះ កាលពីខែមិថុនា។ ព្រះអង្គបានប្រាប់ថា ថ្នេរដេរត្រូវបានដកចេញ ប៉ុន្តែត្រូវមានប្រដាប់ពាក់លើក្បាលពោះរយៈពេល ២ ទៅ ៣ខែទៀត រហូតដល់សាច់ដុំរឹងមាំឡើងវិញ។ដោយគង់លើយន្តហោះត្រឡប់ពីពិធីបុណ្យ World Youth Day Catholic Festival នៅប្រទេសព័រទុយហ្គាល់ សម្តេចប៉ាប ដែលមានព្រះជន្ម ៨៦ព្រះវស្សា បានបង្ហាញវត្តមានជាមួយនឹងព្រះសុខភាពល្អប្រសើរ ខណៈដែលបានសួរសំណួរអស់រយៈពេលប្រហែលកន្លះម៉ោង នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការធ្វើដំណើរដោយគង់លើរទេះកង់តាមទម្លាប់របស់ព្រះអង្គ ដោយមានបន្ទូលពីការយាងទៅទស្សនកិច្ច នៅប្រទេសបារាំងនាពេលខាងមុខ ការរំលោភបំពានផ្លូវភេទ និងវិធីដើម្បីឲ្យបានទៅដល់ពួកយុវវ័យ តាមរយៈការអធិដ្ឋាន៕

ពុំមានសញ្ញានៃការតវ៉ាទ្រង់ទ្រាយធំក្នុងប្រទេសប៉ាគីស្ថានទេ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះត្រូវជាប់ពន្ធនាគារ

2023/08/07 02:42:16 pm        178
ប៉ាគីស្ថាន៖ ការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ពីបទប្រព្រឹត្តអំពើពុករលួយ បានជំរុញឱ្យមានការប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ប៉ុន្តែមិនមានសញ្ញានៃការបះបោរដ៏ធំណាមួយកាលពីថ្ងៃអាទិត្យ (៦ សីហា)នោះទេ បើទោះបីជាលោកអំពាវនាវឱ្យក្រុមអ្នកគាំទ្រធ្វើការតវ៉ាក៏ដោយ។ការជាប់ពន្ធនាគាររបស់លោក Khan បានធ្វើឱ្យមានកង្វល់ថ្មីៗអំពីអំពើហឹង្សានៅមុនការបោះឆ្នោតដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ដោយបច្ចុប្បន្ននេះលោកត្រូវបានដកសិទ្ធិពីការប្រកួតប្រជែង ហើយបានធ្វើឱ្យមានការសង្ស័យលើភាពត្រឹមត្រូវនៃការបោះឆ្នោតដែលមិនរាប់បញ្ចូលរូបលោក។ កាលពីថ្ងៃអាទិត្យ ក្រុមមេធាវីរបស់លោក Imran Khan បានរិះគន់ថា ពួកគេត្រូវបានគេបដិសេធមិនឲ្យចូលជួបលោកសម្រាប់ការពិគ្រោះយោបល់ ដូច្នេះពួកគេអាចនឹងរៀបចំករណីផ្លូវច្បាប់ជាបន្ទាន់ប្រឆាំងនឹងការកាត់ទោសរបស់លោក Khan។ក្រុមមន្ត្រីមកពីគណបក្សចលនាយុត្តិធម៌សម្រាប់ប៉ាគីស្ថាន (PTI) របស់លោក Khan បាននិយាយថា ក្រុមអ្នកគាំទ្រប្រហែល៥០នាក់ត្រូវបានឃុំខ្លួនពេញមួយយប់ ខណៈដែលនគរបាលបានធ្វើប្រតិបត្តិការយ៉ាងឆាប់រហ័សប្រឆាំងនឹងការតវ៉ា បន្ទាប់ពីលោក Khan ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ។ នៅក្នុងសវនាការតុលាការដែលលោក Khan មិនបានចូលរួមកាលពីថ្ងៃសៅរ៍ ចៅក្រមមួយរូបបានរកឃើញថាលោកមានទោសពីបទពុករលួយ ទាក់ទងនឹងអំណោយដែលលោកបានទទួលកាលពីលោកនៅជានាយករដ្ឋមន្ត្រី ហើយបានកាត់ទោសលោក Khan ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ៕

លោក Mike Pence និងមេធាវីរបស់លោក ដូណាល់ ត្រាំ បានប៉ះទង្គិចគ្នា ជុំវិញបញ្ហាមុនការបញ្ជាក់សន្លឹកឆ្នោត២០២០

2023/08/07 02:39:38 pm        77
វ៉ាស៊ីនតោន៖ មេធាវីការពារក្តីរបស់លោក ដូណាល់ ត្រាំ បាននិយាយថា លោកអតីតប្រធានាធិបតីរូបនេះ មិនដែលស្នើឱ្យលោក Mike Pence បោះបង់ឆន្ទៈរបស់អ្នកបោះឆ្នោត ក្នុងការបោះឆ្នោតឆ្នាំ២០២០ នោះទេ ប៉ុន្តែគ្រាន់តែចង់ឱ្យអតីតអនុប្រធានាធិបតីរូបនេះ «ផ្អាក» ការបញ្ជាក់សន្លឹកឆ្នោត ដើម្បីអនុញ្ញាតឱ្យរដ្ឋនានាស៊ើបអង្កេតការអះអាងរបស់លោក ត្រាំ អំពីការក្លែងបន្លំសន្លឹកឆ្នោត។ ការទាមទារគ្មានមូលដ្ឋានទាំងនោះ ត្រូវបានច្រានចោលដោយតុលាការជាច្រើនរួចទៅហើយ។ដោយថ្លែងនៅក្នុងកម្មវិធីព័ត៌មានជាច្រើនកាលពីព្រឹកថ្ងៃអាទិត្យ មេធាវីលោក ត្រាំ គឺលោក John Lauro បាននិយាយថាលោក ត្រាំ មានសិទ្ធិក្នុងវិសោធនកម្មលើកទីមួយរបស់ខ្លួន នៅពេលដែលលោកបានដាក់ញត្តិឱ្យលោក Pence ពន្យារពេលការបញ្ជាក់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។លោក Pence ក៏ដូចជាលោក ត្រាំ ដែរ គឺកំពុងព្យាយាមដណ្ដើមយកការតែងតាំងពីគណបក្សសាធារណរដ្ឋសម្រាប់តំណែងប្រធានាធិបតីនៅឆ្នាំ២០២៤ បានច្រានចោលការលើកឡើងនោះ ក្នុងអំឡុងពេលសម្ភាសន៍កាលពីថ្ងៃអាទិត្យ ដោយនិយាយថា លោក ត្រាំ ហាក់ដូចជាជឿជាក់កាលពីដើមខែធ្នូថា លោក Pence មានសិទ្ធិបដិសេធឬធ្វើការបោះឆ្នោតឡើងវិញ ហើយថានៅថ្ងៃទី៥ ខែមករា មេធាវីរបស់លោក ត្រាំ បានប្រាប់ខ្លួនថា «ពួកយើងចង់ឱ្យលោកបដិសេធការបោះឆ្នោតទាំងស្រុង»។ការចោទប្រកាន់កាលពីសប្តាហ៍មុនបានរៀបរាប់អំពីមធ្យោបាយដែលលោក ត្រាំ និងសម្ព័ន្ធមិត្តរបស់លោកនៅក្នុងអ្វីដែលរដ្ឋអាជ្ញាពិសេសលោក Jack Smith បានពិពណ៌នាថា ជាការវាយប្រហារលើមុខងារជាមូលដ្ឋានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបានកុហកម្តងហើយម្តងទៀតអំពីលទ្ធផលក្នុងរយៈពេលពីរខែបន្ទាប់ពីលោកបានចាញ់ការបោះឆ្នោត ហើយបានដាក់សម្ពាធលើលោក Pence ព្រមទាំងក្រុមមន្ត្រីបោះឆ្នោតរបស់រដ្ឋ ក្នុងការចាត់វិធានការជួយលោក ត្រាំ ឲ្យបានកាន់អំណាច៕

ក្រុមគ្រូពេទ្យវះកាត់អាមេរិកធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សាដើម្បីវះកាត់អ្នកជំងឺ និងបង្វឹកគ្រូពេទ្យ

2023/08/07 02:18:47 pm        105
អាមេរិក៖  ក្រុមគ្រូពេទ្យវះកាត់ឆ្អឹងសហរដ្ឋអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់តំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ដើម្បីជួយកាត់បន្ថយបញ្ជីឈ្មោះរង់ចាំជាយូរសម្រាប់ការវះគាត់ឆ្អឹងសន្លាក់ ដែលកំពុងធ្វើឲ្យមនុស្សរាប់រយនាក់មានពិភាការភាព ហើយនិងផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យក្នុងស្រុក ។  លោក Khaled Salehដែលជាប្រធានក្រុមវិទ្យាសាស្រ្តមិនរកប្រាក់ចំណេញ Fajrដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និយាយថា ដំណើរទស្សនកិច្ចនេះ នឹងជួយអ្នកជំងឺដែលមានបញ្ហាឆ្អឹងសន្លាក់ធ្ងន់ធ្ងរ និងការឈឺចាប់ដ៏រ៉ាំរ៉ៃ ក៏ដូចជាអ្នកដែលអង្គុយលើរទេះរុញ ឬអ្នកដែលប្រើប្រាស់ឈើច្រត់សម្រាប់ដើរ ។  បេសកកម្មនេះ នឹងវះកាត់អ្នកជំងឺ ១៥០នាក់ អំឡុងរយៈពេល ៥ថ្ងៃ ស្របពេលដែលបង្វឹកក្រុមគ្រូពេទ្យក្នុងស្រុក ហើយនិងបរិច្ចាគសម្ភារៈវេជ្ជសាស្រ្តចាំបាច់តម្លៃ ៤លានដុល្លារ ។  គួរឲ្យដឹងថា ទណ្ឌកម្មសេដ្ឋកិច្ច និងការបិទច្រករយៈពេលច្រើនឆ្នាំ បានធ្វើឲ្យទន់ខ្សោយសេដ្ឋកិច្ចនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ដែលជាដែនដីជាប់មាត់សមុទ្រគ្រប់គ្រងដោយក្រុមចលនាអ៊ីស្លាមហាម៉ាស់ ហើយនិងធ្វើឲ្យមានចន្លោះប្រហោងធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធសុខភាព ក្នុងនោះមានបញ្ជីឈ្មោះអ្នកជំងឺយ៉ាងច្រើន ដែលរង់កចាំការវះកាត់ឆ្អឹង ។  អ្នកស្រី Halima Abu Hayyaវ័យ ៥៧ឆ្នាំ និយាយថា អ្នកស្រីបានរង់ចាំអស់រយៈពេល ៣ឆ្នាំមកហើយ ដើម្បីវះកាត់ឆ្អឹងសន្លាក់ ដោយសារតែអ្នកស្រីគ្មានប្រាក់ព្យាបាលថ្លៃនោះទេ នៅក្រៅតំបន់ហ្គាហ្សា ។ ក្រោយការវះកាត់រួច ស្រ្តីមានកូន ៤នាក់រូបនេះ និយាយថា អ្នកស្រីទន្ទឹងរង់ចាំការដើរដោយគ្មានការឈឺចាប់នាពេលដ៏ខ្លីខាងមុខនេះ ៕

ពលរដ្ឋឆាដដឹកជនភៀសខ្លួនស៊ូដង់តាមរទេះសេះដោយឥតគិតថ្លៃ នៅតាមតំបន់ព្រំដែន

2023/08/07 02:15:00 pm        85
ស៊ូដង់៖  ក្រុមម្ចាស់រទេះសេះឆាដ កំពុងដឹកជនភៀសខ្លួនស៊ូដង់ និងឥវ៉ាន់របស់ពួកគេដោយឥតគិតថ្លៃនៅតាមព្រំដែនចូលទៅក្នុងប្រទេសឆាដ ស្របពេលដែលជម្លោះនៅស៊ូដង់ នៅតែបន្តបង្ខំឲ្យមនុស្សកាន់តែជ្រើនចាកចេញពីប្រទេសរបស់ខ្លួន ។  មិនសំខាន់ថាជនភៀសខ្លួនមានប្រាក់ ឬគ្មានប្រាក់នោះទេ ម្ចាស់រទេះសេះទាំងអស់នេះ និយាយថា ពួកគេនៅតែជួយដឹកពួកគេដដែលចេញពីប្រទេសស៊ូដង់ ចូលទៅកាន់ប្រទេសឆាដ ពោលគឺភាគច្រើននៃការដឹកនេះ ពុំគិតប្រាក់នោះឡើយ ។  រទេះសេះខ្លះប្រតិបត្តការផងដែរដោយព្រំដែន ដោយដឹកជញ្ជូនជាច្រើនជើងក្នុង១ថ្ងៃ ដោយដឹកអ្នកដំណើរ ៤នាក់ក្នុង១ជើង ។  សូមបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចូលទៅក្នុងប្រទេសឆាដ ចាប់តាំងពីជម្លោះចាប់ផ្តើមកាលពីខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ស្របពេលមានជម្លោះជុំវិញផែនការគាំទ្រដោយអន្តរជាតិសម្រាប់ការផ្លាស់ប្តូរទៅរកការគ្រប់គ្រងដោយស៊ីវិល ។  លោក Ismailដែលជាជនភៀសខ្លួនស៊ូដង់មួយរូប និយាយថា ពេលដែលពួកយើងត្រូវបានបង្ខំចិត្តចាកចេញដោយសារសង្រ្គាម ពួកយើងក៏បានធ្វើដំណើរមកទីនេះដោយគ្មានអ្វីនោះឡើយ ប៉ុន្តែបងប្រុស Yasser បានមកជួយខ្ញុំ ដើម្បីឲ្យខ្ញុំមកកាន់ជំរំនេះ ។ ខ្ញុំអរគុណគាត់ ពីព្រោះថាខ្ញុំគ្មានប្រាក់នោះទេ ហើយគាត់នៅតែដឹកខ្ញុំដដែល ។  ដោយឡែក លោក Mustafaដែលជាម្ចាស់រទេះសេះឆាដ និយាយថា ពួកគេមួយចំនួនមកគ្មានប្រាក់ជាប់ខ្លួននោះទេ ហើយពួកគេមួយចំនួនតូច បានប្រាក់ស្តួចស្តើងប៉ុណ្ណោះ ហើយពួកយើងជួយពួកគេដោយមិនគិតអ្វីទាំងអស់ ។ ពួកយើងតែងតែដឹកទាំងអ្នកមានប្រាក់ និងអ្នកដែលគ្មានប្រាក់ ។   លោកបន្តថា ពួកយើងដឹកពួកគេពីច្រកព្រំដែន រួចមកទម្លាក់ពួកគេនៅទីនេះនៅជំរំ ។ ពួកយើងជួយពួកគេ ដោយសារតែពួកគេគ្មានរថយន្ត ហើយនិងជួយឲ្យពួកគេជិះរទេះសេះរបស់ពួកយើង ៕

ក្រុមអ្នកភូមិយាមប៉ុស្តិ៍នៅលេណដ្ឋានធ្វើឡើងខ្លួនឯង នៅរដ្ឋញំាំញីដោយអំពើហិង្សា Manipur ប្រទេសឥណ្ឌា

2023/08/07 02:10:26 pm        81
 ឥណ្ឌា៖  ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Phayengស្ថិតនៅរដ្ឋភាឦសាន Manipurប្រទេសឥណ្ឌា ដែលភាគច្រើនមកពីសហគមន៍កុលសម្ព័ន្ធជនជាតិដើមភាគតិច Meitei បានធ្វើលេណដ្ឋានដើម្បីការពារក្រុមគ្រួសាររបស់ពួកគេ ស្របពេលដែលមនុស្សរាប់ពាន់នាក់ រស់នៅដោយការភ័យខ្លាច ក្រោយតំបន់មួយនេះ រងភាពរង្គោះរង្គើរដោយសារការប៉ះទង្គិចគ្នាជនជាតិដើមភាគតិចស្លាប់មនុស្សជាបន្តបន្ទាប់ ។  ភូមិ Phayengដែលស្ថិតនៅក្នុងស្រុក West Imphal គឺជាភូមិព្រំប្រទល់សម្រាប់សហគមន៍ជម្លោះទាំង ២ ដែលរួមមានសហគមន៍កុលសម្ព័ន្ធជនជាតិដើមភាគតិច Meitei និងសហគមន៍កុលសម្ព័ន្ធជនជាតិដើមភាគតិច Kuki ។  ក្រុមអ្នកភូមិ បានរៀបចំលេណដ្ឋាន ហើយនិងការពារភូមិរបស់ពួកគេនៅគ្រប់ម៉ោងនៃវេនយាមកាមរបស់ពួកគេ ។  គួរឲ្យដឹងថា អំពើហិង្សា បានផ្ទុះឡើងកាលពីថ្ងៃទី ៣ ខែឧសភា នៅរដ្ឋ Manipurក្រោយតុលាការបញ្ជាឲ្យរដ្ឋមួយនេះ ពិចារណាលើការបន្តអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេសដល់សហគមន៍ Meitei និងកូតាការងាររដ្ឋ និងការអប់រំ ដែលមកទល់នឹងពេលបច្ចុប្បន្ននេះ ត្រូវបានគេបម្រុងទុកសម្រាប់កុលសម្ព័ន្ធ Kuki ។  មនុស្សជាង ១៨០នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីអំពើហិង្សាចាប់ផ្តើមនៅរដ្ឋ Manipur ដែលជារដ្ឋមានពលរដ្ឋ ៣,២លាននាក់ ជាប់ព្រំដែនសហភាពមីយ៉ាន់ម៉ា ។  លោក Devinដែលជាឆ្មាំលេណដ្ឋានម្នាក់ និយាយថា កុលសម្ព័ន្ធផ្សេងទៀត ចាប់ផ្តើមវាយប្រហារមកលើសហគមន៍កុលសម្ព័ន្ធ Meiteiរបស់ពួកយើង ហើយក្រោយមកពួកយើងក៏ចាប់ផ្តើមការពារខ្លួន ពួកយើងការពារភូមិរបស់ពួកយើង ពួកយើងធ្វើលេណដ្ឋាននៅលើដីព្រៃ ដើម្បីសុវត្ថិភាពរបស់ពួកយើង ៕

ឯកឧត្តម ហ៊ុន ម៉ានី៖ នាយករដ្ឋមន្រ្តីថ្មី នឹងដឹកនាំនាវាកម្ពុជាបន្តឆ្ពោះទៅមុខយ៉ាងស្វាហាប់ ក្រោមម្លប់នៃសន្តិភាព

2023/08/07 02:08:36 pm        448
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមថា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ចាត់តាំងជានាយករដ្ឋមន្រ្តីដើម្បីរៀបចំគណៈរដ្ឋមន្រ្តីស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកទំព័រថ្មីសម្រាប់រាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត។ ការទទួលការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺជាការផ្តល់នូវព្រះរាជហឬទ័យជឿជាក់ និង​ទុកព្រះទ័យមកលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងក៏ដូចជាការប្រោះព្រុំពរជ័យ​បវរមហា​ប្រសើរ​ដល់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីថ្មីនេះផងដែរ។ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា "ការផ្ទេរអំណាចដែលបានប្រព្រឹត្តទៅនាពេលនេះ ពិតណាស់ គឺជាការបន្តនិរន្តរភាព និងការប្រព្រឹត្តទៅជាប្រកតីនៃស្ថាប័នកំពូលរបស់ជាតិ​ដោយរលូន​ក្នុងសុខសន្តិភាព។ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សដែលមាន​អាសនៈច្រើនជាងគេ​ក្នុងរដ្ឋសភា ដែលត្រូវដឹកនាំរាជរដ្ឋាភិបាល បានឈ្វេងយល់ច្បាស់ពីសារៈសំខាន់ និងភាព​ចាំបាច់នៃការបន្តវេន និងបានរៀបចំកិច្ចការនេះតាំងពីមុនស្រេចទៅហើយ។ អ្នកបន្តវេនរបស់គណបក្សសុទ្ធតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលអម្រែកទំនួលខុសត្រូវដ៏ធំមួយនេះ។​យើងខ្ញុំទាំងអស់គ្នាជាកម្មាភិបាលនៃគណបក្សប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគណបក្សដែលបានផ្តល់ការយកចិត្តទុកដាក់ ​និងផ្តល់ឱកាស​សម្រាប់​យុវជនជំនាន់ក្រោយក្រេបជញ្ជក់​យកចំណេះដឹង ​និងបទពិសោធន៍ ​បណ្តុះមនសិការស្នេហាជាតិ ព្រមទាំងបង្ហាញផ្លូវសម្រាប់ការបន្តកិច្ចការបម្រើជាតិមាតុភូមិ។ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា នឹងដឹកនាំនាវាកម្ពុជាបន្តឆ្ពោះទៅមុខយ៉ាងស្វាហាប់ ក្រោមម្លប់នៃសន្តិភាពដែល​បាន​ត្រួសត្រាយ ពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់មុន៕ 

អគ្គិភ័យនៅរោងចក្រកែច្នៃប្លាស្ទិកនៅរដ្ឋ New Mexico សហរដ្ឋអាមេរិក បង្ខំឲ្យមានការប្រកាសអាសន្នពីបញ្ហាសុខភាព

2023/08/07 01:45:49 pm        169
 អាមេរិក៖ អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើងនៅរោងចក្រកែឆ្នៃប្លាស្ទិក ស្ថិតក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃអាទិត្យ ក្នុងនោះក្រុមឆ្លើយតបសង្រ្គោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយក្រុមមន្រ្តី បានចេញការព្រមានពីបញ្ហាសុខភាព ។  ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ មកពីក្រុមជួយសង្រ្គោះអគ្គិភ័យក្រុង Albuquerque ( អាល់ប៊ូគើគី)ក្រុមជួយសង្រ្គោះអគ្គិភ័យស្រុក Bernalillo និងកងកម្លាំងរបស់មូលដ្ឋានកងទ័ពអាកាស Kirtland កំពុងព្យាយាមពន្លត់អណ្តាតភ្លើងនៅតំបន់ភាគខាងត្បូងទីក្រុង Albuquerque ស្របពេលដែលស្ថានភាពប្រែក្លាយឧបទ្ទេវហេតុអាសន្នជាច្រើន ។  រូបភាពវីដេអូឃ្លីបពីនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង ឃើញរោងចក្រហ៊ុព័ទ្ធដោយអណ្តាតភ្លើង និងផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក ។  គ្មានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ ប៉ុន្តែក្រុមមន្រ្តីក្រុង បានចេញសេចក្តីប្រកាសអាសន្នពីបញ្ហាសុខភាព នៅក្នុងតំបន់ ដោយសារតែការកខ្វក់ខ្យល់ដ៏គ្រោះថ្នាក់បង្កឡើងពីផ្សែងភ្លើងឆេះប្លាស្ទិក ។  ដោយឡែក ខ្យល់បក់ខ្លាំង បាននាំផ្សែងទៅកាន់តំបន់ជាច្រើននៅភាគអាគ្នេយ៍ទីក្រុង Albuquerque និងជ្រលងភ្នំខាងត្បូង ជាទីដែលក្រុមមន្រ្តីណែនាំឲ្យរឹតត្បិតសកម្មភាពខាងក្រៅ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ៕

យ៉ាងហោចណាស់ ២នាក់ បានស្លាប់ និងជាង ៣០នាក់ បាត់ខ្លួន បន្ទាប់ពីទូកជនអន្តោប្រវេសន៍ លិចនៅសមុទ្រម្ដុំកោះ Lampedusa របស់អ៊ីតាលី

2023/08/07 01:43:22 pm        162
អ៊ីតាលី៖ សាកសពស្ត្រីម្នាក់ និងកុមារម្នាក់ត្រូវបានស្រង់ឡើងដោយឆ្មាំល្បាតឆ្នេរសមុទ្ររបស់ប្រទេសអ៊ីតាលី បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍ចំនួន២ បានលិចនៅសមុទ្រម្ដុំកោះ Lampedusa ភាគខាងត្បូងនៃប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ (ទី៦ ខែកក្កដា) ហើយជាមួយគ្នានេះ ឆ្មាំល្បាតឆ្នេរ បាននិយាយថា មនុស្សប្រមាណជា ៥៧នាក់ ត្រូវបានជួយសង្គ្រោះ ហើយជាង ៣០នាក់ត្រូវបានគេជឿថា បានបាត់ខ្លួន ក្នុងសមុទ្រ គិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីមានហេតុការណ៍លិចទូកនោះ។ដោយឡែក សេវាសង្គ្រោះតាមតំបន់ភ្នំ នៅអ៊ីតាលី បាននិយាយថា ក្នុងប្រតិបត្តិការមួយ ជនអន្តោប្រវេសន៍ ៣៤នាក់ ត្រូវបានយោងឡើងដោយឧទ្ធម្ភាគចក្រពីច្រាំងថ្មចោទនៅកោះ Lampedusa ដែលពួកគេបានជាប់នៅទីនោះ តាំងពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានការលិចកប៉ាល់មួយទៀត។ សេវាសង្គ្រោះបានបន្ថែមទៀតថា កុមារម្នាក់ និងស្ត្រីមានផ្ទៃពោះ ២នាក់ ក៏ស្ថិតក្នុងចំណោមអ្នកត្រូវបានជួយសង្គ្រោះនោះដែរ។សារព័ត៌មាន Guardian បានរាយការណ៍ថា ដោយដកស្រង់ការរៀបរាប់ដំណើររឿងពីអ្នកនៅរស់រានមានជីវិត ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ទូកទាំង ២នេះ បានចាកចេញពីទីក្រុង Sfax ក្នុងប្រទេសទុយនីស៊ី ហើយបានលិចនៅក្នុងសមុទ្រ ដែលមានការលំបាក ក្នុងការធ្វើដំណើរ។ក្រសួងមហាផ្ទៃអ៊ីតាលី បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ប្រទេសនេះកំពុងជួបប្រទះការកើនឡើងនៃការធ្វើដំណើររបស់ជនអន្តោប្រវេសន៍តាមសមុទ្រ ដោយមានអ្នកចូលមកដល់ជិត ៩២.០០០នាក់មកទល់ពេលនេះ នៅឆ្នាំនេះ ធៀបនឹងចំនួនប្រហែល ៤៣.០០០នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ របាយការណ៍មួយ បានឲ្យដឹងថា មនុស្សជាង ២.០០០នាក់ បានមកដល់កោះ Lampedusa ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

អ៊ីស្រាអែលបញ្ចុះសពទាហានល្បាតម្នាក់ ដែលត្រូវបានសម្លាប់ ក្នុងការបាញ់ប្រហារនៅទីក្រុង Tel Aviv

2023/08/07 01:37:37 pm        185
អ៊ីស្រាអែល៖ ប្រជាជនអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) បានធ្វើពិធីបញ្ចុះសពអ្នកល្បាតក្រុង ដែលត្រូវបានសម្លាប់ ដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីនកាលពីថ្ងៃមុន។មិត្តភ័ក្តិ និងក្រុមគ្រួសារ បានកាន់ទុក្ខសពលោក Chen Amir ដែលបានស្លាប់ បន្ទាប់ពីត្រូវបានបាញ់ ដោយជនជាតិប៉ាឡេស្ទីន នៅលើផ្លូវមួយ នាកណ្តាលទីក្រុង Tel Aviv។ ហើយបន្ទាប់មកអភិបាលក្រុង Tel Aviv បាននិយាយថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើងនោះ ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីល្បាតក្រុង។សេចក្តីថ្លែងការណ៍របស់នគរបាលអ៊ីស្រាអែលបានឲ្យដឹងថា អ្នកបាញ់ប្រហារនោះ គឺជាអ្នកស្រុកវ័យ ២៧ឆ្នាំម្នាក់ នៅទីក្រុង Jenin របស់ប៉ាឡេស្ទីន ក្នុងតំបន់កាន់កាប់ West Bank។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានសរសើរពីភាពក្លាហាននៃការវាយប្រហារនេះ ប៉ុន្តែមិនទទួលខុសត្រូវចំពោះហេតុការណ៍នេះឡើយ។សូមបញ្ជាក់ថា ការបាញ់ប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីក្មេងជំទង់ជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយជនស៊ីវិលអ៊ីស្រាអែលលើភូមិប៉ាឡេស្ទីនមួយនៅតំបន់ West Bank ហើយទីក្រុងវ៉ាស៊ីនតោនបានសម្តែងកង្វល់ពីការកើនឡើងនៃការវាយប្រហារ ដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វលើភូមិប៉ាឡេស្ទីននៅតំបន់ West Bank ជាកន្លែងដែលអំពើហិង្សាមានសភាពកាន់តែអាក្រក់ទៅៗ ចាប់តាំងពីឆ្នាំមុន ដោយការវាយឆ្មក់របស់អ៊ីស្រាអែលកាន់តែកើនឡើង ក្នុងពេលដែលការវាយប្រហារតាមដងផ្លូវពីសំណាក់ប៉ាឡេស្ទីនលើជនជាតិអ៊ីស្រាអែលក៏កាន់តែកើតមានដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចសន្ទនារវាងកម្ពុជា-កូរ៉េ ឆ្លុះបញ្ចាំងពីការយកចិត្តទុកលើការថែទាំគាំទ្រវិនិយោគបរទេសនៅកម្ពុជា
06/25/2025 09:06 PM
ក្រុមហ៊ុននេប៉ាល់ ប្រើប្រាស់យានដ្រូន ដើម្បីដឹកជញ្ជូនសម្ភារៈ និងកាកសំណល់នៅលើភ្នំ Everest
06/25/2025 08:06 PM
លោក Macron ៖ អឺរ៉ុបនឹងចំណាយបន្ថែមទៀតលើថ្លៃការពារ ដើម្បីប្រឈមការគំរាមកំហែងពីរុស្ស៊ី
06/25/2025 08:06 PM
ពលរដ្ឋហ្កាហ្សាចូលរួមពិធីបុណ្យសពអ្នកកាសែតដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
06/25/2025 07:06 PM
អាកាសយានដ្ឋានក្រុងតែល អាវីវ ចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់
06/25/2025 07:06 PM
លោក Medvedev របស់រុស្ស៊ី ហៅ EU ថា ជា «ការគំរាមដោយផ្ទាល់» និងថា ភាពជាសមាជិករបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់
06/25/2025 07:06 PM
សមាជិកសភារុស្ស៊ី ព្រមានថា ទីក្រុងមូស្គូ នឹងស្វែងរកការឆ្លើយតបចំពោះការគំរាមកំហែងណាមួយពី ណាតូ
06/25/2025 07:06 PM
លោក Grossi៖ឱកាសសម្រាប់ដំណោះស្រាយការទូតចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បច្ចុប្បន្ន បានបើកចំហ
06/25/2025 07:06 PM
សង្រ្គាមច្រកអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់ធ្វើឲ្យក្រុមវិនយោគព្រួយបារម្ភពីច្រកសមុទ្រ Hormuz
06/25/2025 07:06 PM
សារព័ត៌មាន Yonhap៖ តុលាការកូរ៉េខាងត្បូងបដិសេធមិនចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី
06/25/2025 07:06 PM