សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋសភា សម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ

2023/03/30 11:34:24 am        168
ភ្នំពេញ៖ នៅថ្ងៃនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ ក្រោយភាគីទាំងពីរសម្រេចលទ្ធផលប្រមាណ៨៦ភាគរយ។ ការអនុម័តនេះធ្វើឡើងក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការអញ្ជើញចូលរួម​ពីសមាជិក-សមាជិការដ្ឋសភាចំនួន ១០៥រូប។ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ មានសមាជិក-សមាជិកា គាំទ្រចំនួន ១០៥/១០៥សំឡេង។មុនការអនុម័តនេះ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និងជាតំណាងរាជរដ្ឋាភិបាល មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តដ៏មោះមុតបំផុត ក្នុងសុឆន្ទៈដើម្បីសម្រេចបានព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាព​ដែនដី រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បី​សុភមង្គល​និងភាពរុងរឿងរបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់​ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី ដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរឹងមាំ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តជាអន្តរជាតិ​ស្តីពីខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាទទួលបានឯករាជ្យ។ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី គោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក ប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់​សន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ ដើម្បីធានាបានស្ថិរភាពនិង ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ​ដែលរស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរកម្ពុជានិងឡាវ ខិតខំជម្នះ កំណត់ឱ្យបាន​ខ្សែព្រំដែនផ្លូវការដើម្បីរក្សាទុកប្រើប្រាស់ជាផ្លូវការ និងទុកជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា-ឡាវ គឺជាកំណត់ត្រា​ទទួល​យកលទ្ឋផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណ៨៦% ដែលប្រទេសទាំងពីរ​សម្រេច​បានលើការងារព្រំដែន បន្ទាប់ពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីខែកុម្ភៈកន្លងទៅនៅប្រទេសឡាវ។ គិតចាប់ពីឆ្នាំ១៩៩៥-២០០៩ ភាគីទាំងពីរសម្រេចបានការត្រួតពិនិត្យខ្សែព្រំដែន​បានប្រមាណជា៨៦% ស្មើនឹង៤៦៥ គីឡូម៉ែត្រនៃខ្សែព្រំដែនរួម ដែលមានប្រវែងប្រមាណជា ៥៤០គីឡូម៉ែត្រ ក្នុងនោះ ភាគីទាំងពីរបោះបង្គោល ព្រំដែនបានចំនួន១២១បង្គោលនៅ​លើដីជាក់ស្តែង នៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ខណៈគិតមកដល់ពេលនេះ គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបានជួបប្រជុំគ្នាចំនួន១៨៨លើក។ ក្រៅពីទទួលយកសមិទ្ធផលដែលសម្រេចបានខាងលើ សន្ធិសញ្ញានេះក៏ជាឯកសារផ្លូវការ​ដ៏មានសារៈសំខាន់បំផុត ដែលនឹងយកធ្វើជាមូលដ្ឋានក្នុងការបន្តចរចារកដំណោះស្រាយ​តំបន់ព្រំដែនដែលនៅសល់ ប្រមាណជាង១៤%ទៀត ដែលភាគីទាំងពីរមិនទាន់សម្រេចបាន។ ចំពោះតំបន់ដែលនៅសល់មិនទាន់ឯកភាពគ្នា ភាគីទាំងពីរឯកភាពបន្តការចរចានិងដោះស្រាយ​ដោយយកជាមូលដ្ឋានគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានអនុវត្តកន្លងមក ដើម្បី​បន្តរកដំណោះស្រាយនៅតំបន់ទាំងនោះឱ្យបានឆាប់ផងដែរ។ សន្ធិសញ្ញានេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់បំផុត ដែលកម្ពុជា និងឡាវ បានចុះហត្ថលេខា​ទទួល​ស្គាល់ជាផ្លូវការនូវខ្សែព្រំដែន ក្រោយអាណានិគមបន្សល់​ទុកឱ្យ​បន្ទាប់ពីប្រទេសទាំងពីរបានឯករាជ្យ ជាឯកសារផ្លូវការមូលដ្ឋានដ៏សំខាន់បំផុតក្នុង ការបន្តរក​ដំណោះស្រាយតំបន់ព្រំដែនដែលនៅសល់ប្រមាណជាង១៤%ទៀត ដែលភាគីទាំងពីរមិនទាន់​សម្រេចបាន និងជាឯកសារគ្រឹះការពារបានបូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែនមួយ​ច្បាស់លាស់ មិនឱ្យប្រែប្រួល ថែរក្សាបាននូវព្រំដែនសុខសន្តិភាព ស្ថេរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិឌ្ឍលើ គ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅព្រឹកស្អែកនេះ

2023/03/29 10:36:47 pm        111
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី៣០ ខែមីនាស្អែកនេះ។ សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុប​ចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។ វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ ត្រូវបានបង្កើតឡើងក្នុង​ឆ្នាំ​១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទ​ក្រសួង​ពាណិជ្ជកម្ម។ នៅឆ្នាំ១៩៨៥ ត្រូវបានប្ដូរឈ្មោះមកជាសាលាមធ្យម​សិក្សា​ឯក​ទេសពាណិជ្ជកម្ម។ នៅឆ្នាំ១៩៩៤ ត្រូវបានផ្ទេរមកនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ហើយនៅឆ្នាំ២០០១ បានប្តូរឈ្មោះមកជា វិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ដ្រ។ចាប់ពីឆ្នាំ២០០៤ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ត្រូវបានផ្ទេរមកស្ថិតនៅក្រោម​ការ​គ្រប់​គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថាននេះ មានភារកិច្ច​បណ្តុះ​បណ្តាលសិក្ខាកាម សិស្ស និស្សិត លើផ្នែកធុរកិច្ច និងសេវាកម្ម ចាប់ពីរយៈពេលខ្លី រហូត​ដល់រយៈពេលវែង ទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋ និងនិស្សិតបង់ថ្លៃសិក្សា។ វិទ្យាស្ថានមានគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងបុគ្គលិកខ្មែរ-បរទេសជាប់កិច្ចសន្យា សរុបចំនួន ១៤៥នាក់ ស្រី ៣៧នាក់ ដែលក្នុងនោះមានកម្រិតថ្នាក់បណ្ឌិតចំនួន​០៣នាក់ ស្រី ១នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន​​ ៩០នាក់ ស្រី ១៧នាក់ កម្រិតថ្នាក់​បរិញ្ញាបត្រ/វិស្វករ ចំនួន ២២នាក់ ស្រី ៦នាក់ និងកម្រិតក្រោមបរិញ្ញាបត្រ ចំនួន ៣០នាក់ ស្រី១៣នាក់។ចាប់តាំងពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន វិទ្យាស្ថានបានបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត បានសរុបចំនួន ២៣,៨៨៣នាក់ នារី ១០,១៦៣នាក់។ ក្នុងនោះមាននិស្សិត​អាហារូបករណ៍​របស់សម្តេចតេជោមានចំនួន ៨៣០នាក់។ សិស្ស និស្សិតកំពុងសិក្សាមានសរុបចំនួន ៥,០៦១នាក់ នារី ៣,៤៦៨នាក់។ សិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារធ្វើ ៩៩,៣៦ភាគរយ៕

ឯកឧត្តម វេង សាខុន ចាត់ក្រុមការងារនាំយកថវិកា និងអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកតំបែរ

2023/03/29 12:56:04 pm        65
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោយទទួលបានព័ត៌មានពីករណីខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងផ្គររន្ទះបណ្តាលឱ្យខូលខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានចាត់ឱ្យក្រុមការងារក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកតំបែរចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន៖ ថវិកាចំនួន ២៥លានរៀល និងសម្ភារៈមួយចំនួន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនេះ។គួរបញ្ជាក់ថា នៅវេលាម៉ោង ៧យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ម្សិលម៉ិញនេះ នៅស្រុកតំបែរ មានករណីខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងផ្គររន្ទះ បានធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន៣ ក្នុងចំណោមឃុំទាំង ៧ក្នុងស្រុកតំបែរ ស្មើនឹង១០៥គ្រួសារ ដែលលរួមមាន៖ ឃុំចុងជាច ចំនួន៩០គ្រួសារ រងផលប៉ះពាល់ធ្ងន់ធ្ងរ ចំនួន៨គ្រួសារ មធ្យមចំនួន៣៥គ្រួសារ ស្រាលចំនួន៤០គ្រួសារ និងរងរបួសមនុស្សចំនួន៥នាក់ កម្រិតស្រាល។ ឃុំនាងទើត ចំនួន១៣គ្រួសារ រងផល់ប៉ះពាល់ធ្ងន់ធ្ងរ ចំនួន៣គ្រួសារ មធ្យមចំនួន៤គ្រួសារ និងស្រាលចំនួន៦គ្រួសារ។ ឃុំទឹកជ្រៅ ចំនួន២គ្រួសារ រងផលប៉ះពាល់មធ្យម។ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ថវិកាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជួយធ្វើការជួសជុលជាបន្ទាន់ ដោយក្រុមការងារបានសហការជិតស្និតជាមួយអាជ្ញាមូលដ្ឋាន ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋរងគ្រោះទទួលបានជម្រកស្នាក់នៅវិញបានទាន់ពេលវេលា។ឯកឧត្តម វេង សាខុន បញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋាននៅឃុំទាំងបីខាងលើ បានឆ្លើយតបទាន់ពេលវេលា តបតាមសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕

អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី កោតសរសើរពីសុខដុមភាពសាសនានៅកម្ពុជា

2023/03/28 10:54:58 am        223
ភ្នំពេញ៖ អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី បានថ្លែងកោតសរសើរអំពី​សុខដុមភាព​សាសនា​នៅកម្ពុជា នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា សម្ដេចតេជោពិតជា​បាន​គ្រប់គ្រង និងដឹកនាំធ្វើឱ្យមានសុខដុមភាពខាងសាសនាបានយ៉ាងល្អជាទីបំផុត។នេះការលើកឡើងរបស់ឯកឧត្តមបណ្ឌិត Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី ប្រធានកាកបាទក្រហម​ឥណ្ឌូនេស៊ី ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាល​អាស៊ីប៉ាស៊ីហ្វិក(CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី ក្នុងពេលដែល​ឯកឧត្តមត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨មីនានេះ។ឯកឧត្តម Jusuf Kalla​ បានសម្ដែងនូវការគោរពជូនដល់សម្ដេចតេជោ ​ចំពោះការដឹកនាំដ៏ឈ្លាសវៃ​ដែលបាននាំកម្ពុជា​មកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេស​នាំ​មក​នូវ​សុខដុម​បនីយកម្ម​រវាងសាសនា។ឯកឧត្តមJusuf Kalla បានបញ្ជាក់គោរពជូនសម្ដេចតេជោថា ​ឯកឧត្តមបាននាំសាសនិកអ៊ីស្លាម​មកកម្ពុជា​ចំនួនជាង១០០នាក់ មកចូលរួមស្រាយបួស ​ហើយអ្វីដែលឯកឧត្តម​បានឃើញកាល​ពីម្សិលមិញគឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុត​រវាងសាសនា​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ​ឯកឧត្តមដែលបានដឹកនាំ​សាសនិកអ៊ីស្លាមមកចូលរួមស្រាយបួសនៅកម្ពុជា។​សម្ដេច បានជម្រាបជូនឯកឧត្តម ថាកម្ពុជា​រៀបចំ​កម្មវិធី​ស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនា​នៅកម្ពុជាគឺមានសុខដុមភាព​ណាស់​ទាំងរវាងសាសនាឥស្លាម ​សាសនាគ្រឹះ និងសាសនាព្រះពុទ្ធ៕

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជាលើកទី៧

2023/03/27 05:15:45 pm        367
​ភ្នំពេញ៖ នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិ​ព័រ​ណ៌​អន្តរជាតិ​ជ្រោយចង្វា​ នា​ល្ងាច​ថ្ងៃទី​២៧​មីនា​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អុ​ី​ប្រា​ហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​អញ្ជើញ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ​នៃ​សាសនា​ឥស្លាម​កម្ពុជា​លើក​ទី​៧ បន្ទាប់ពី​ខកខាន​ដោយសារ​វិបត្តិ​កូ​វីដ​១៩ នៅ​ឆ្នាំ​២០២០ ដល់​២០២២​។​ឯកឧត្តម​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ បាន​គោរព​រាយការណ៍​ដោយ​បញ្ជាក់ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៧​ហើយ​ដែលមាន​បងប្អូន​សាសនិក​ខ្មែរឥស្លាម ​៦​ពាន់ ​១០០​នាក់ មក​ចូលរួម ​បន្ទាប់ពី​សម្ដេច​តេ​ជោ​ បានសម្រេច​រៀបចំ​ឲ្យ​មាន​កម្មវិធី​អាហារ​ស្រាយ​បួស​ថ្នាក់ជាតិ​តាំងពី​ឆ្នាំ​២០១៤​ មក​ដែលជា​កម្មវិធី​មួយ​មិន​ធ្លាប់មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ត្រូវបាន​ខកខាន​នៅ​ឆ្នាំ​២០២០ ដល់​២០២២ ដោយសារ​វិបត្តិ កូ​វីដ​-១៩។​​បន្ទាប់ពី​តំណាង​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម​IOC​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បង្ហាញ​ចំណាប់អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ស្រាយ​បួស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជាមួយនឹង​ការ​រំលឹក​ពី​ការខិតខំ​លះបង់​ប្រែក្លាយ​កម្ពុជា​ពី​ការបែកបាក់​ជាតិ​ដោយសារ​ការ​ល្មោភ​អំណាច​ការផ្លាស់ប្ដូរ​រដ្ឋា​ភិ​បាល​ដោយ​ប្រើប្រាស់​កម្លាំង ការខ្វះ​សាមគ្គីភាព​ផ្ទៃក្នុង សម្តេច​លះបង់​គ្រប់បែបយ៉ាង​បានធ្វើ​ឱ្យមាន​ឯកភាព​ជាតិ​តាមរយៈ​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ ​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ស្មារតី​សាមគ្គី​ជាតិ​និង​ឯកភាព​ជាតិ​ក្នុង​គោលដៅ​បង្រួបបង្រួម​កម្លាំង​ប្រជាជាតិ​ទាំងមូល​ជា​ធ្លាប់​មួយ​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ នោះ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​ដោយ​ពុំ​មានការ​បង្ហូរឈាម​ជាតិ​សាសន៍​ឯង​សំដៅ​ស្ដារឡើងវិញ​និង​រក្សាបាន​នូវ​សុខសន្តិភាព​ជូន​ប្រជាជន​ដែល​ការណ៍​នេះ​ គឺជា​បុ​រេ​លក្ខខណ្ឌ​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​​សម្ដេច​បាន​គូសបញ្ជាក់ថា​សុខសន្តិភាព​ដែល​យើង​ខិតខំ​រកបាន​យ៉ាង​លំបាក​កំពុង​បាន​ខិតខំ​ថែរក្សា​ការពារ​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​ហើយ​សុខសន្តិភាព​នេះ​កំពុងផ្ដល់​ផ្លែផ្កា​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​រួមទាំង​បងប្អូន​សាសនិក​ខ្មែរឥស្លាម​ផងដែរ​។​ជាក់ស្ដែង​ការណ៍​ដែល​គេ​ល្បី​ថា​ពីមុន​កម្ពុជា​ជា​វាលពិឃាត ជា​តំបន់​អសន្តិសុខ ជា​ចំការមីន​ដែលមាន​ការភ័យខ្លាច​គ្រ​ប់​គ្នា ឥឡូវនេះ​បានក្លាយ​ជា​កោះសន្តិភាព​និង​ជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ប្រជាប្រិយភាព​។​​សម្ដេច​បន្តថា កម្ពុជា​ពីមុន​ដែលជា​ប្រទេស​អនថយ​ខាង​សេដ្ឋកិច្ច​គ្របដណ្ដប់​ដោយ​ភាពក្រីក្រ​និង​មាន​អសន្តិសុខ​ស្បៀង ឥឡូវ​បាន​ក្លាយទៅជា​ប្រទេស​នាំចេញ​ស្បៀង​និង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​។​​កម្ពុជា​ដែល​ពីមុន​ជា​ប្រទេស​រង​ការ​ហ៊ុ​ព័ទ្ធ​ និង​ឯកោ​ទាំង​ខាង​នយោបាយ​និង​សេដ្ឋកិច្ច ឥឡូវ​បាន​ក្លាយជា​ប្រទេសមួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម ជា​ប្រទេស​ដែល​កំពុង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​គ្រប់​កិច្ចការ​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ​។​លើសពីនេះ​សិទ្ធិ​ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​ត្រូវបាន​ធានា លើកកម្ពស់​ជំនឿ​និង​សុខដុម​នីយកម្ម​សាសនា​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​សាសនិក​សាសនា​គ្រប់រូប​ក្នុងការ​ប្រតិបត្តិ​ជំនឿ​សាសនា​និង​ការប្រឆាំង​ដាច់ខាត​ចំពោះ​ការរើសអើង​ពូជសាសន៍​និង​សាសនា​។​ជា​លទ្ធផល ជម្លោះ​ឬ​សង្គ្រាម​សាសនា​ពុំ​ធ្លាប់​កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​នោះឡើយ​ហើយ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​និង​ទទួលបាន​ការកោតសរសើ​រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ចំពោះ​សុខដុមភាព ជំនឿ​សាសនា​ដែល​កម្ពុជា​សម្រេច​បានជា​មួយ​នឹង​ការថែរក្សា​នូវ​សុខ​ឧត្តមភាព​ដ៏​ប្រពៃ​៕​

កម្ពុជា-ម៉ាឡេស៊ី ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់​ជាពិសេស​គណៈកម្មការចម្រុះ

2023/03/27 03:23:50 pm        285
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​បានឯកភាពគ្នា បានឯកភាពពង្រឹងយន្តការសហប្រតិបត្តិការ​ទ្វេភាគី​ដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះ កម្ពុជា-ម៉ាឡេស៊ី។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍បញ្ជាក់បែបនេះ ប្រាប់អ្នក​សារ​ព័ត៌មាន​ជាតិ-អន្តរជាតិ ក្នុងសន្និសីទរួមគ្នារវាងសម្តេចតេជោ និងឯឧត្តមនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បន្ទាប់ពី​ជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាត្រូវបានបញ្ចប់នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ​ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ចផ្លូវការរយៈពេល ​១ថ្ងៃរបស់ ឯឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅកម្ពុជា។សម្ដេចតេជោ បានថ្លែងថា​ ក្នុងជំនួបទ្វេភាគីរវាងសម្ដេច ​និង​ឯកឧត្តមនាយករដ្ឋមន្ត្រី​នៃប្រទេស​ម៉ាឡេស៊ី ​គឺបានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន​ និង​បាន​វាយ​តម្លៃខ្ពស់ ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាងប្រទេសទាំងពីរ​ និង​បាន​ប្ដេជ្ញា​បន្តលើកកម្ពស់ថែមទៀតនៅកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ​ រួមមាន​វិស័យ​ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍​ ថាមពល ការតភ្ជាប់​ និង​ទំនាក់ទំនង​ រវាងប្រជាជន ​និងប្រជាជន។ក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ ​បានលើកទឹកចិត្តឱ្យភាគីទាំងពីរ​ផ្លាស់ប្ដូរ​ទស្សនកិច្ចជាន់​ខ្ពស់​ឱ្យ​កាន់តែ​ញឹកញាប់​ និងគ្រប់កម្រិត​ ដើម្បីពង្រឹងមិត្តភាពឱ្យកាន់តែ​ជិតស្និត​ បង្កើន​ទំនុកចិត្ត​ឱ្យកាន់​តែខ្ពស់ ​និងពង្រីក​វិសាលភាព​នៃកិច្ច​សហប្រតិបត្តិការទ្វេភាគី​ឱ្យ​កាន់​តែ​ទូលំទូលាយ​ថែមទៀត។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​មកកាន់កម្ពុជា​ នាពេលខាងមុខនេះ នឹងនាំ​មកនូវសន្ទុះថ្មីដល់ទំនាក់ទំនង​ទ្វេភាគីដ៏រឹងមាំ​លើគ្រប់វិស័យរវាង​ប្រទេសទាំងពីរ​ ហើយ នឹង​រួមចំណែក​ដល់ការថែរក្សាសន្តិភាព ​និងស្ថិរភាពនៅក្នុងតំបន់ ​ក៏ដូចជា ​រួមចំណែកដល់​ការបន្ត​ការអភិវឌ្ឍ ​និងវិបុលភាព ​របស់សហគមន៍អាស៊ាន ​និងអន្តរជាតិផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី បង្ហាញទស្សនៈរួមដូចគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ

2023/03/27 03:06:48 pm        258
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅដោយ បង្ហាញនូវ​ទស្សនៈរួមដូចគ្នា ទៅលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម។នេះជាប្រសាសន៍បញ្ជាក់ឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​លើក​ឡើង​ប្រាប់ដល់អ្នកសារព័ត៌មានជាតិអន្តរជាតិ នៅក្នុងសន្និសីទរួមគ្នារវាងសម្តេច និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីជំនួបទ្វេភាគី និងពិធីចុះហត្ថលេខា​លើអនុស្សារណៈលើវិស័យការងារត្រូវបានបញ្ចប់នៅវិមានសន្តិភាព ខណៈឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។នៅក្នុងសន្និសីទ នាវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៧ ខែមីនានេះសម្តេច បានបញ្ជាក់ថា ក្នុងទំនាក់​ទំនង​ទ្វេភាគីសម្តេច និង​ឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានផ្លាស់ប្តូរ​ទស្សនៈជុំវិញបញ្ហាតំបន់​ និងអន្តរជាតិផងដែរ។ជាមួយនឹងសេចក្តីរីករាយ និងកោតសរសើរសម្តេចតេជោ ចំពោះការទទួលបដិសណ្ឋាកិច្ច​ដ៏​កក់ក្តៅ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​ក៏បានបញ្ជាក់ថា ​សម្ដេចតេជោ ហ៊ុន សែន មានបទពិសោធន៍ទូលំទូលាយ និងដោះស្រាយបញ្ហា​ស្មុគស្មាញ​ដូចជា​បញ្ហា​មីយ៉ាន់ម៉ា ជាពិសេសការរក្សាបាន​សន្តិភាព​នៅកម្ពុជា ​ហើយប្រសិនបើប្រៀបធៀប​ទៅនឹងស្ថានភាព​នៅ​មីយ៉ាន់ម៉ា បច្ចុប្បន្ននេះ ​នេះជាឧទាហរណ៍ ១ដ៏ល្អអស្ចារ្យ ​ដែលកម្ពុជា​ជាប្រទេសមួយដែល​ធ្លាប់​ញាំញី​ដោយ​សង្គ្រាមស៊ីវិល ​ហើយទីបំផុត​ទទួលបានសន្តិភាព​យ៉ាង​ពេញលេញ ហើយឯកឧត្តម​ក៏​ទន្ទឹងរង់ចាំការចូលរួម​ចំណែករបស់​សម្ដេច​ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​ នាពេលខាងមុខ ដើម្បី​ពិភាក្សាផ្ដល់នូវទស្សនៈមួយចំនួននៅក្នុងក្របខណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញការដោះ​ស្រាយបញ្ហា​មីយ៉ាន់ម៉ា អំពីរដ្ឋបាលយោធា ​របស់មីយ៉ាន់ម៉ា​ ឲ្យយល់អំពីថា​ បញ្ហានេះ​មិនត្រូវបន្តដោយ​មិនមានដំណោះស្រាយនោះទេ ​ហើយបញ្ហាសមុទ្រចិនខាងត្បូង ​បញ្ហារុស្ស៊ី អ៊ុយក្រែន បញ្ហាឧបទ្វីបកូរ៉េ ​បញ្ហាតៃវ៉ាន់និងចិនជាដើម គឺសម្តេច និងឯកឧត្តម ពិតជាមានទស្សនៈដូចគ្នា៕

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

2023/03/27 02:54:01 pm        242
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួលឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato' Seri Anwar bin Ibrahim ) ​នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម ​នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅកម្ពុជានាពេលនេះ ពិតជាមាន​សារៈសំខាន់ដល់ការពង្រឹងពង្រីក​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អដែលមាន​ស្រាប់​រវាងប្រទេស និងប្រជាជនទាំងពីរ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះឱ្យ​ស្ថិតស្ថេរ​រឹងមាំ​យូរអង្វែង ​ហើយនាំមកនូវផលប្រយោជន៍ទៅវិញទៅ​មកដ៏ធំធេងសម្រាប់ប្រជាជន និង​ប្រទេសទាំងពីរ ​ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការរត់ពន្ធជួញដូរមនុស្ស និងសំអាតប្រាក់

2023/03/27 02:07:50 pm        340
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន​ពាក់ព័ន្ធ​ប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស និងសំអាតប្រាក់រួមទាំងការពិចារណាបង្កើត​ឱ្យមាន​អនុស្សារណៈយោគយល់គ្នារវាង​នគរបាលនៃប្រទេសទាំង២។នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់អ្នកសារ​ព័ត៌មាន​ជាតិ​អន្តរជាតិនៅក្នុងសន្និសីទរួមគ្នារវាងសម្តេច និងឯកឧត្ដម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាត្រូវបានបញ្ចប់​នៅវិមានសន្តិភាព ខណៈ​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចជាផ្លូវការរយៈ១ថ្ងៃ​នៅកម្ពុជា។ក្នុងជំនួប​នៅវិមានសន្តិភា ​នាព្រឹកថ្ងៃទី ២៧ ខែមីនា នេះ នាយក​រដ្ឋមន្ត្រីទាំងពីរ បានធ្វើការពិភាក្សា​លើកិច្ចការជាច្រើន ក្នុងនោះ​បាន​ឯកភាពគ្នាពង្រឹង​កិច្ចសហប្រតិបត្តិការរវាង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីធ្វើការប្រឆាំង ​នឹងការរត់ពន្ធ ការជួញដូរមនុស្ស ​និងសំអាតប្រាក់រួមទាំង​ការពិចារណា​បង្កើត​ឱ្យមានអនុស្សារណៈយោគយល់គ្នារវាងនគរបាល​នៃប្រទេសទាំង២ផងដែរ។ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានសំដែងនូវការរីករាយ​ដែល​បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ ហើយឯកឧត្ដម ​ក៏បានលើកឡើងថា ​ការ​ពិភាក្សា​ក្នុងរយៈពេលដ៏វែង​ឯកឧត្ដម និងសម្តេចតេជោ បានលើកឡើង​យ៉ាង​ទូលំ​ទូលាយ​ពាក់ព័ន្ធ​ទៅនឹងបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម​ វិនិយោគក៏ដូចជា​បញ្ហាតំបន់ និងអន្តរជាតិផងដែរ៕

ឯកឧត្តម ហោ ណាំហុង៖ បារំាងជាប្រទេសទី១នៅអឺរ៉ុប បានទិញអង្ករពីកម្ពុជាច្រើន

2023/03/27 01:35:25 pm        242
ភ្នំពេញ៖ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ​បានថ្លែងអំណរគុណ​ប្រទេស​បារំាង ដែលជាប្រទេសទី១ នៅអឺរ៉ុបដែលបានទិញអង្ករពីកម្ពុជាច្រើន ហើយពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរបានដំណើរការ យ៉ាងសកម្មជិត ៦០០ លានដុល្លារក្នុងឆ្នាំ ២០២២។ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ​បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបឯកឧត្តម ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន ​ (Mr. PELLET Jacques Paul Gaston) ឯកអគ្គរដ្ឋទូតបារាំងថ្មី ចូលជួបសម្ដែងការគួរសម ​នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងឱកាសជំនួបនេះ​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ បានលើកឡើងថា ឆ្នាំ២០២៣នេះ ជាខួប​អនុស្សាវរីយ៍លើកទី៧០ នៃឯករាជ្យកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ​ដែលសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានទទួលពីបារាំងដោយព្រះអង្គបានធ្វើយុទ្ធនាការការទូត​ដោយសន្ដិវិធីដែល​អត់​មានការបង្ហូរឈាមដូចនៅប្រទេសជិតខាងកម្ពុជាទេ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ​បានវាយតម្លៃខ្ពស់អំពីការរួម ចំណែករបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារំាង ទៅ​លើវិស័យអាទិភាពចម្បងសំខាន់ៗដូចជា ទី១​ ការអភិវឌ្ឍវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។ ២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត ទី៣ ការគំាទ្រគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ល។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យប្រទេសបារាំងទិញកសិផលកម្ពុជា ឱ្យបានច្រើនថែមទៀត ព្រមទាំងវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម។ តារមយៈជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជូនអ្នក​អង្កេតការ​បារាំងមកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជាសម្រាប់នៅខែកក្កដា ខាងមុខនេះ ។ឯកឧត្តមឯកអគ្គរដ្ឋទូត ​បានឆ្លើយថា នឹងមានក្រុមអ្នកអង្កេតការអឺរ៉ុប​ដែលអាច​មកមុន៣ខែ ដើម្បីសង្កេតមើល។ឯកឧត្តមឯកអគ្គរដ្ឋទូត បានសួរជំហរកម្ពុជា​អំពីសង្រ្គាមរុស្ស៊ី ​និងអ៊ុយក្រែន ឯកឧត្តម​ឧបនាយករដ្ឋ​មន្រ្តី បានឆ្លើយថា​ កម្ពុជាមានគោលការណ៍គ្រឹះ ​គឺប្រឆាំងការ​អន្ដរគមន៍​កិច្ចការផ្ទៃក្នុង​ ឯករាជ្យ និង​អធិបតេយ្យភាព​នៃប្រទេសដទៃ ​ដូច្នេះ​បាន​ជា​កម្ពុជា​មិន​អាច​គាំទ្រ​រុស្ស៊ីបាន តែបានបញ្ជូន​ក្រុមដោះមីន​ទៅជួយអ៊ុយក្រែន៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែន ស្នើផ្តល់សមរភូមិជួរមុខរបស់ខ្លួនធ្វើជាទីតាំងសាកល្បងសម្រាប់អាវុធបរទេស
07/18/2025 08:07 AM
[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់រដូវមូសុងនៅប៉ាគីស្ថាន ឡើងដល់ប្រហែល១៨០នាក់ក្រោយអ្នកស្លាប់ថ្មី៥៤នាក់
07/18/2025 08:07 AM
អាជ្ញាធរខេត្តឧត្តរមានជ័យ បង្ក្រាបបទល្មើសអនឡាញ ៩កន្លែង ឃាត់ជនសង្ស័យជាង ១០០នាក់
07/18/2025 07:07 AM
សម្តេចពិជ័យសេនា៖ ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធាពិតជាមានសារៈសំខាន់បំផុត ដើម្បីកូនខ្មែរចងចាំ
07/18/2025 07:07 AM
ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដានេះ គ.ប.ឆ.ប. បង្រ្កាប ONLINESCAMS ២០ទីតាំងឃាត់ខ្លួនជនសង្ស័យ ១.៣៦២ នាក់ ក្នុងនោះជនជាតិវៀតណាម ៣៤៧នាក់
07/17/2025 10:07 PM
រាជរដ្ឋាភិបាលបានកំណត់តម្លៃនិងតួនាទីព្រៃឈើ ដោយមិនកាត់ផ្តាច់ចេញពីវិស័យអាទិភាពរបស់រដ្ឋ
07/17/2025 09:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ចែករំលែកដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល
07/17/2025 09:07 PM
ក្រសួងការងារបដិសេធចំពោះជនខិលខូចប្រើប្រាស់រូប និងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន
07/17/2025 09:07 PM
តើហេតុអ្វីបានជាប្រទេសប៉ាគីស្ថានងាយរងគ្រោះដោយសារទឹកជំនន់ស្លាប់មនុស្ស?
07/17/2025 08:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៥៨៤នាក់
07/17/2025 08:07 PM