BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា ធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥

2022/07/30 02:01:49 pm        671
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាចាប់ផ្ដើមធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន បានទទួលដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រយៈពេល៨ថ្ងៃ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។ជាក់ស្តែងថ្ងៃនេះឯកឧត្តម ស៊ឹម វីរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ានក្រសួងការងារបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំកិច្ចប្រជុំគណៈកម្មការឧត្តមមន្រ្តីការបរទេសអាស៊ាន ដើម្បីពិភាក្សា និងបញ្ជូនរបៀបវរៈចូលទៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ​និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ រួមមាន​កិច្ចប្រជុំ​គណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន​ជាមួយ​តំណាង​គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស, រដ្ឋមន្រ្តីការបរទេសអាស៊ាន​លើក​ទី៥៥, សន្និសីទ​ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ​ជាមួយដៃគូសន្ទនារបស់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ច​ប្រជុំ​កំពូលអាស៊ី-បូព៌ា លើកទី១២, កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។ ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ​រដ្ឋមន្រ្តីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន ​នឹង​អញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍​ការចូល​ជា​សមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយ​ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ ខណៈរដ្ឋមន្រ្តីការបរទេស ​និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួម​ក្នុងកម្មវិធីប្រគល់​ពានរង្វាន់អាស៊ានឆ្នាំ២០២១ផងដែរ។ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួន​បីដាច់​ដោយ​ឡែកពីគ្នា រវាងកម្ពុជា ​និងលេខាធិការដ្ឋានអាស៊ាន ​ជាមួយនឹងប្រទេសដៃគូសន្ទនារបស់​អាស៊ាន​ចំនួនបី រួមមាន៖ ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។ក្រៅពីប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ​និងប្រទេសទាំងប្រាំមួយ ដែលចូលជាសមាជិក​នៃ​សន្ធិសញ្ញាមិត្តភាព ​និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ខាងលើ ប្រទេស​ចំនួនបួនផ្សេងទៀត ​នឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ២០២២ រួមមាន៖ ប្រទេស​ប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។យ៉ាងណាក្តី ក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMM លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ​និងសហប្រតិបត្តិអន្តរជាតិ រំពឹងថា ​នឹងមានជំនួបទ្វេភាគីមួយចំនួន​ជាមួយ​នឹង​សមភាគី​បរទេស​ផងដែរ៕ អត្ថបទ៖ ឧត្ដម

ទ័ពកម្ពុជា និងទ័ពហ្វីលីពីននឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នានាពេលខាងមុខនេះ

2022/07/29 02:26:44 pm        668
ភ្នំពេញ៖ កងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំង​នៃវរសេនា​ធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេសកងទ័ពហ្វីលីពីន នឹងធ្វើលំហាត់​ហ្វឹកហ្វឺនរួមគ្នានាពេលខាងមុខ ​ដើម្បីលើកម្ពស់ទំនាក់ទំនង​កងទ័ពនៃប្រទេសទាំងពីរ​ឲ្យកាន់តែល្អប្រសើបន្ថែមទៀត។នៅក្នុងកិច្ចជំនួប រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ​និងគណៈប្រតិភូវរសេនាធំប្រឆាំងភេរវកម្ម នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការពិសេស ​កងទ័ពហ្វីលីពីន ​ដឹកនាំដោយ ​ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANGកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ម្សិលមិញនេះភាគីទាំងពីរបានបង្ហាញ​សុទិដ្ឋិនិយម​អំពី​គម្រោង​នៃការរៀបចំលំហាត់​ហ្វឹកហ្វឺន​រួមគ្នានាពេលខាងមុខនេះ​ ។នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវ​លទ្ធផល​ជាក់ស្តែង​នៃការភ្ជាប់ទំនាក់ទំនង​រវាងកងពលតូចលេខ៧០ ​កងទ័ពជើង​គោក​កម្ពុជា ជាមួយ​នឹងបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដោយបានឈានមកដល់ការរៀបចំ​វគ្គ​ហ្វឹកហ្វឺន​រួមគ្នា ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខ។វឌ្ឍនភាពនៃទំនាក់ទំនងបែបនេះ ​គឺការចាប់ផ្តើមដ៏ល្អនៃការភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាពថ្នាក់​យុទ្ធវិធី និងអាចជាការត្រួសត្រាយផ្លូវនាំឱ្យមានវគ្គហ្វឹកហ្វឺនរួមគ្នាជាបន្តបន្ទាប់​ទៀតជា​លក្ខណៈប្រចាំឆ្នាំផងដែរ។ជាមួយគ្នានោះឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG បានថ្លែង​អំណរ​គុណកងទ័ព​ជើង​គោក ​នៃកងយោធពលខេមរភូមិន្ទចំពោះ​បដិ​សណ្ឋារកិច្ច​ស្វាគមន៍​ដ៏​កក់ក្តៅ និងការបង្ក​លក្ខណៈដល់​ការបំពេញទស្សនកិច្ចការងាររបស់​គណៈប្រតិភូកងទ័ព​ហ្វីលីពីន​ឱ្យ​សម្រេច​បានជោគជ័យ។ លោកឧត្តមសេនីយ៍ ក៏បានបង្ហាញ​សុទិដ្ឋិនិយមផងដែរ «ចំពោះគម្រោងនៃការរៀបចំវគ្គ​ហ្វឹកហ្វឺន​រួមគ្នា​រវាង​កងទ័ពនៃប្រទេសទាំងពីរ ​ដែលអាចនឹងដំណើរទៅដោយរលូន ​ដោយសារកងពលតូច​លេខ៧០ របស់កម្ពុជា ​មានទីតាំងហ្វឹកហ្វឺនល្អ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបំពាក់​សមស្របសម្រាប់ហ្វឹកហ្វឺនលើជំនាញដែលបានឯកភាពគ្នា»។សូមរំលឹកថា​ វគ្គ​ហ្វឹកហ្វឺន​រួមគ្នារវាងកងកម្លាំង​នៃកងពលតូចលេខ៧០ ​កង​ទ័ពជើងគោក នៃកង​យោធពលខេមរភូមិន្ទ និងកងកម្លាំងនៃវរសេនាធំប្រឆាំងភេរវកម្ម ​បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ​ដែលគ្រោងនឹងដំណើរការក្នុងពេលខាងមុខនេះ​ គឺផ្នែកមួយនៃការអនុវត្តទិសដៅ​សហប្រតិបត្តិការទ្វេភាគី ដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពិភាក្សា ​និងឯកភាពគ្នាកន្លង​មក​ជាមួយ ឧត្តមសេនីយ៍ឯក Macairog Alberto និងឧត្តមសេនីយ៍ឯក CIRILITO SOBEJA-NA អតីតមេបញ្ជាការកងទ័ព​ជើងគោកហ្វីលីពីន ​ដើម្បីធ្វើយ៉ាងណាបើកច្រកឱ្យមានការភ្ជាប់​ទំនាក់ទំនង​រវាងអង្គភាពថ្នាក់យុទ្ធវិធី ​នៃកងទ័ពទាំងពីរឱ្យបានកាន់តែទូលំទូលាយ​ និងមានចំនួនកើនឡើង៕ អត្ថបទ៖ បាន ចក់

រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសមហាអំណាចមួយចំនួននឹងមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥

2022/07/29 02:11:47 pm        652
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសមហាអំណាច និងប្រទេសអ្នកមានមួយចំនួន​នឹង​មក​ប្រទេសកម្ពុជា ​ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេសអាស៊ាន​លើកទី៥៥ ​ដែលប្រទេសកម្ពុជា​ធ្វើជាម្ចាស់ផ្ទះចាប់ថ្ងៃទី៣០​ ខែកក្កដា​ រហូតដល់ថ្ងៃទី៦​ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។នេះបើយោងតាមកម្មវិធីនៃកិច្ចប្រជុំរបស់​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការអន្តរជាតិ។កម្មវិធី បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសចិន អាមេរិក កូរ៉េ ជប៉ុន កាណាដា អង់គ្លេស រុស្ស៊ី ឥណ្ឌា អូស្រ្តាលី ញូហ្សឺឡែន និង​សហគមន៍អឺរ៉ុប ​នឹងមកចូលរួម​កិច្ចប្រជុំរដ្ឋមន្រ្តី ក្រសួងការ​បរទេស​អាស៊ាន​ និងអាស៊ានបូក​ ដែលប្រទេសកម្ពុជា​ធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២នេះ៕

សម្តេច ហេង សំរិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម

2022/07/29 12:05:26 pm        494
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានជួបពិភាក្សាការងារមួយចំនួនជាមួយ លោក ដុ វ៉ាន់ចៀន (Do Van Chien) លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាមនៅវិមានរដ្ឋសភា។នៅក្នុងកិច្ចជំនួបនោះលោក ដុ វ៉ាន់ចៀន បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា នៅ​ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាពេលកន្លងមកនេះ។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាពដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។លោកក៏បានវាយតម្លៃខ្ពស់ពីការរីកចម្រើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាបងប្អូន​នៃ​ប្រទេសទំាងពីរ ​ដែលមានការរីកចម្រើនជាលំដាប់ ទោះបីនៅក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លង​រីករាល​ដាលជំងឺកូវីដ-១៩ជាសកលនេះយ៉ាងណាក្តី។ លោក ក៏បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម សម្រេច​បាន៩ពាន់​លាន​ដុល្លារនៅឆ្នាំ២០២១ ​និងសង្ឃឹមថា ​នៅឆ្នាំ២០២២នេះ នឹងសម្រេចបាន ១២ពាន់លានដុល្លារ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកវត្តមាន​របស់​គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមនាពេលនេះ បង្ហាញពីការបន្តលើកកម្ពស់ទំនាក់ទំនង​មិត្តភាព ​សាមគ្គីភាពជាប្រពៃណី ​និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានជា​យូរលង់​មកហើយ ពិសេសរវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សមាតុភូមិ​វៀតណាម​ឱ្យកាន់តែល្អប្រសើរថែមទៀត។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងប្រសើរលើគ្រប់វិស័យ​រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ​ដើម្បីជាឧត្តមប្រយោជន៍ ​សម្រាប់ប្រជាជាតិទាំងសងខាង មានជាអាទិ៍ ​ការសម្រេចបានកំណើននៃពាណិជ្ជកម្មទ្វេភាគីគួរឱ្យកត់សម្គាល់ ​ហើយថ្មីៗនេះ ប្រទេសទាំងពីរ​បានសហការគ្នាយ៉ាងជោគជ័យ​ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយ​អាច​បើក​ប្រទេសឡើងវិញ ​និងបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម

2022/07/29 11:57:00 am        299
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ដុ វ៉ាន់ចៀន (Do Van Chien) លេខាមជ្ឈិមបក្សកុំម្មុយនីស្ត និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។ឯកឧត្តម ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា ក្នុង​ជំនួប​នេះ សម្តេចតេជោ បានសាទរនិងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ​ដែលចាត់ទុក​ជា​ឱកាសដ៏ថ្លៃថ្លា មួយក្នុងការរួមចំណែកនៃការប្រារព្ធខួបទី៥៥ឆ្នាំនៃកថ្លៃបង្កើតទំនាក់ទំនង​ការទូត​រវាងប្រទេសទាំង២។ដំណើរទស្សនកិច្ចទៅវិញទៅមក រវាងប្រទេសទាំងពីរកម្ពុជា វៀតណាមនេះ បាន​បង្ហាញពីទំនាក់ទំនងយ៉ាងល្អប្រសើរនិងកិច្ចសហប្រតិបត្តិការជិតស្និតជាមិត្ត រវាងប្រទេស​ទាំងពីរ​ជាបងប្អូនភូមិផងរបងជាមួយគ្នា ហើយសម្ដេចសង្ឃឹមថា​ នេះជាទស្សនកិច្ចនេះដែល​នឹងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ រវាងបក្សទាំងពីរ រណសិរ្សទាំងពីរ។ឯកឧត្តម ដុ វ៉ាន់ចៀន បានសម្ដែងសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចក្នុងឱកាសនេះ ជាឱកាសដ៏ល្អក្នុងការរិតបន្តឹងទំនាក់ទំនងរវាងប្រទេសទទាំងពីរ រណសិរ្សនិងបក្សដែលក្នុង​ឱកាស​នេះ ឯកឧត្តម បាននាំមកនូវការសួរសុខទុក្ខ ពីថ្នាក់ដឹកនាំប្រធានបក្ស​ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីវៀតណាម​ជូនចំពោះសម្តេចផងដែរ។ទន្ទឹមនេះក៏បានសាទរ ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ឆ្នាំ២០២២ កន្លងមក ដែលបង្ហាញពីជំនឿទុកចិត្តដ៏ខ្ពស់របស់ ប្រជាជនកម្ពុជានិងជូនពរឱ្យគណបក្សប្រជាជន​កម្ពុជា​ទទួលបានជោគជ័យដ៏ត្រចះត្រចង់ថែម ​ទៀតក្នុងការ បោះឆ្នោតទូទៅក្នុងឆ្នាំ​២០២៣ ខាងមុខនេះ។ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលរាជរដ្ឋាភិបាលកម្ពុជា​ទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ១៩បានដោយជោគជ័យ តាមរយៈការចាក់វ៉ាក់សាំងនាំមុខគេ​និងបានបើកដំណើរការ​ប្រទេស​និង​បានស្តារសេដ្ឋកិច្ចឡើងវិញ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការពាំនាំ​ផ្ដាំផ្ញើ​សួរសុខទុក្ខពីប្រធានបក្ស​និង​ថ្នាក់ដឹកនាំ​ដទៃទៀតជូនចំពោះសម្តេចក៏ដូចជាគណបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជា និងបានអរគុណ ចំពោះការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់កន្លងមក ក៏ដូចជាការជូនពរសម្រាប់ការ​បោះឆ្នោតសកលឆ្នាំ ២០២៣ខាងមុខ នេះផងដែរ។សម្ដេច បានសម្ដែងមោទនភាព នៃការរីកចម្រើន ​ទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ រវាងបក្សរណសិរ្សទាំងពីរ។សម្តេចបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគណបក្ស​ប្រជាជន​កម្ពុជាបានគ្រប់គ្រងពីរភាគបីនៃទំនាក់ទំនងការទូត​រយៈពេល៥៥ឆ្នាំ​មកនេះ​ បាន​បង្ហាញ​ពីការ​ខិតខំរបស់​គណបក្សប្រជាជនកម្ពុជា​ក៏ដូចជាភាគីវៀតណាមក្នុងការប្រែក្លាយ​តំបន់ព្រំដែន​ដែលធ្លាប់​មាន​អារិភាព​ឱ្យក្លាយជាតំបន់សន្តិភាព ស្ថេរភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ហើយប្រជាជននៃប្រទេសទាំងពីរបានទៅមករកគ្នា ​ប្រកបរបររកស៊ីជាមួយគ្នា ធ្វើឲ្យកំណើន​សេដ្ឋកិច្ច ពាណិជ្ជកម្មបានកើនឡើងជាលំដាប់។សម្ដេចក៏បានសម្តែងការពេញចិត្តចំពោះស្ថេរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសក្នុងការបោះបង្គោលព្រំដែន​សម្រេចបាន៨៤% ហើយ ក៏បានឯកភាពគ្នានឹងជំរុញក្នុងការបោះបង្គោល​ព្រំដែន​ដែលនៅ​សេសសល់​ចំនួន១៦%ទៀត ​ឲ្យបានឆាប់រហ័សដើម្បីប្រែក្លាយប្រទេសទាំងពីរ​ឱ្យ​មានសុខសន្តិភាព ព្រំដែនស្ថេរភាព បង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរ​ទៅ​មករកគ្នា បំពេញឱ្យគ្នាជាពិសេសក្នុងដំណាក់កាលជំងឺ កូវីដ១៩ គឺប្រើឲ្យអស់សក្កានុពលដែល​យើង​មាន និងពង្រីកទំហំពាណិជ្ជកម្មឱ្យបានល្អប្រសើរថែមទៀត។ភាគីទាំងពីរក៏បានរំឭកអំពីដំណើរឆ្លងកាត់ដ៏វែងឆ្ងាយរវាងបក្សរណសិរ្សទាំងពីរដែលបានឆ្លងកាត់​និង​ជួយគ្នាទៅវិញទៅមក ជាពិសេសសម្ដេចបានរំលឹកអំពីដំណើរតស៊ូរបស់សម្ដេច​និងការជួយ​ឧបត្ថម្ភ​របស់​មិត្តវៀតណាមក្នុងការជួយរំដោះប្រទេសកម្ពុជា ជួយទប់ស្កាត់ការវិលត្រឡប់មកវិញ​នៃរបបខ្មែរក្រហមនិងការជួយជាបន្តបន្ទាប់។នៅឆ្នាំក្រោយនេះ ជាខួបទី៤៥ឆ្នាំនៃការបង្កើតកងទ័ព កម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីនិង​ក្រសួង​ពាក់​ព័ន្ធនឹងរៀបចំឱ្យមានមាតុភូមិវិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនកម្ពុជា ៤៩រូបដែលនៅសេសសល់​ទឹកដីវៀតណាមឲ្យវិលត្រឡប់មកមាតុភូមិវិញ។សម្តេចតេជោ បានអបអរសាទរ ការដែលវៀតណាមគ្រប់គ្រងជាប់ការឆ្លងកូវីដ១៩ ដែលរហូត​មក​ដល់​ពេលនេះ​មានការថយចុះគួរឱ្យកត់សម្គាល់។ឆ្លៀតឱកាសនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះភាគីវៀតណាម​ដែល​បានចាត់តាំងរៀបចំកីឡាស៊ីហ្គេម បានយ៉ាងល្អប្រសើរដែលផ្ដល់ឱកាសឲ្យកម្ពុជាបាន​ទទួល​មេដាយ​យ៉ាងច្រើនហើយនឹងទទួលបានបទពិសោធន៍សម្រាប់ការរៀបចំស៊ីហ្គេមនៅឆ្នាំ ២០២៣ ខាងមុខនេះ។ឯកឧត្តម ប្រធានគណៈប្រតិភូវៀតណាមក៏បានជូនពរឱ្យ សម្ដេច ដឹកនាំប្រធានអាស៊ាន​ឆ្នាំនេះ​និងការរៀបចំ​ស៊ីហ្គេម នៅឆ្នាំ ២០២៣ខាងមុខនេះ​ឱ្យសម្រេចបានជោគជ័យ។សម្តេច ក៏បានស្នើឲ្យប្រធានប្រតិភូវៀតណាម ពាំនាំនូវការសួរសុខទុក្ខដឹងជូនពរថ្នាក់ដឹកនាំ​វៀតណាម​អគ្គលេខាធិការបក្សឯកឧត្តមប្រធានាធិបតី និងនាយករដ្ឋមន្ត្រីវៀតណាមមានសុខភាពល្អ អាយុយឺនយូរដើម្បីបន្តធ្វើការសហការជាមួយគ្នាល្អប្រសើរថែមទៀតដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕

គណបក្សនយោបាយមួយចំនួនគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១0 ខណៈគណបក្សចំនួនបួនសម្តែងក្តីកង្វល់

2022/07/29 11:53:39 am        917
ភ្នំពេញ៖ គណបក្សនយោបាយមួយចំនួន បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាកម្ពុជានាថ្ងៃទី២៨ ខែកក្កដានេះ ដែលបាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​ធម្មនុញ្ញ​លើមាត្រា​មួយចំនួន ដោយ​គណបក្ស​ទាំង​នោះ​បាន​យល់​ឃើញ​ថាការ​ធ្វើ​វិសោធន​កម្ម​ធម្មនុញ្ញ​លើក​នេះ​គឺ​បាន​អនុវ​ត្ត​ស្រប​ទៅតា​ម​របប​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ ខណៈគណបក្សនយោបាយ ចំនួនបួនផ្សេងទៀតបានសម្តែងក្តីកង្វល់ ដោយ​ពួក​គេចាត់​ទុក​ថា ​ការ​ធ្វើវិសោធនកម្ម​ពេល​នេះ​បាន​កាត់​បន្ថយ​អំណាច​របស់រដ្ឋសភា។ យោងតាមសេចក្តីថ្លែងការណ៍ដាក់ដោយឡែកពីគ្នា របស់គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សកម្លាំងប្រជាធិបតេយ្យ បានលើកឡើងស្រដៀងគ្នាថា ពួកគេមានការគាំទ្រពេញទំហឹងចំពោះកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលបាន អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ តាមសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយទាំងប្រាំពីរខាងលើនេះ បានបញ្ជាក់ទៀតថា «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវ​របប​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឲ្យដំណើរការប្រព្រឹត្តទៅដោយរលួន នៅគ្រប់​កាលៈទេសៈ ការពារ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេស​ការ​ពារ​របបរាជានិយមអាស្រ័យធម្មនុញ្ញ ដើម្បីការអភិវឌ្ឍ​ប្រទេសជាតិ​មាតុភូមិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​លើ​គ្រប់​វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្រ្ត និងប្រជាជនខ្មែរ»។ សូមបញ្ជាក់ថា រដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញទាំងមូល ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដោយសំឡេងទាំង ១០៥ នៃសមាជិកសភាដែល​បាន​ចូលរួមប្រជុំ ។ ឯកឧត្តម កើត រិទ្ធ បានថ្លែងថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនា​ពេល​នេះ ​គឺមិនមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជាធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​តាម​បែបរបបសភានិយមប៉ុណ្ណោះទេ ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច​ថែម​ទៀត​។ ទាក់ទងនឹងការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញពេលនេះមានគណបក្សចំនួនបួន ដូចជាគណបក្សភ្លើងទៀន គណបក្សឆន្ទះខ្មែរ គណបក្សកែទម្រង់ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានបាន សម្តែងក្តីកង្វល់រហូតដល់បានដាក់ញ្ញាតិទៅកាន់ស្ថាប័នរដ្ឋសភា ដោយ​ពួក​គេ​អះអាង​ថា ការធ្វើវិសោធនកម្មនេះ បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងអំណាចក្នុងរដ្ឋសភាជាដើម។យ៉ាងណាក៏ដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងថា ការលើកឡើង​របស់​គណបក្ស​ទាំង​បួន​នេះ​គឺ​ជា​ការ​លើកឡើងដោយមិនត្រឹមត្រូវ ជាការលើកឡើង​ដោយ​មិន​យល់​ដឹង​ច្បាស់​លាស់ ទាំងមិនយល់លើខ្លឹមសារពិតប្រាកដ នៃដំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ និងទាំងលើប្រព័ន្ធ​ដឹកនាំប្រទេសតាមរបបសភានិយមជាដើម៕ អត្ថបទ៖ បាន ចក់

កម្ពុជាស្នើឲ្យបើកទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ពិសេសលើទំនិញយុទ្ធសាស្ត្រ

2022/07/28 01:22:40 pm        658
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (ESCAP) បានថ្លែងថា ក្នុងនាមប្រធានអាស៊ានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើប្រទេសក្នុងតំបន់ និងសកលលោក បើកទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម ពិសេសទៅលើទំនិញយុទ្ធសាស្ត្រ ឆ្លើយតបវិបត្តិពិភពលោកបានជួបប្រទះ គឺបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ ។ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយ អំពីរបាយការណ៍សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២២ សហការរៀបចំដោយ UNESCAP នៅថ្ងៃទី២៨ ខែកក្កដា នេះ ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេសកំពុងអភិវឌ្ឍន៍​ ដែលសម្រេចបានដោយក្រោមរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ឯកឧត្តម បានបន្តថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនផ្សេងទៀត ក្នុងនោះ​មាន​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រនយោបាយយោធា សង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ​ប្រែប្រួលអាកាសធាតុ និង​ការរឹតបន្តឹងគោលនយោបាយ​រូបិយវត្ថុ​ជាដើម​ ដែលបញ្ហាទាំងនេះ ​បានធ្វើឱ្យ​មានការ​ផ្លាស់ប្តូរ​ទៅលើ រចនា​សម្ព័ន្ធ​សេដ្ឋកិច្ចពិភពលោក និងរំខានដល់និន្នាការ​ពិភពលោក ដែលធ្វើឱ្យមានការ​ថយ​ចុះនៃខ្សែច្រវាក់តម្លៃ និងផលិតភាពពិភពលោក ។ឯកឧត្តម បានបន្ថែមថា ក្នុងស្ថានភាពនេះ សម្តេចតេជោជាប្រធានអាស៊ាន បានជំរុញឱ្យតំបន់ ក៏ដូចជាពិភព​លោកទាំងមូល ​ត្រូវរក្សាស្មារតីបើកទូលាយ ​និងគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូច ​ជាពង្រឹងពហុភាគីនិយម ​ជំរុញ​ការបើកទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ​ និងការកាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម ​ពិសេសទៅលើទំនិញយុទ្ធសាស្ត្រ រួមមាន​ អាហារ ថ្នាំពេទ្យ ​និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ​និងបង្កើនភាពធន់ នៃខ្សែច្រវាក់តម្លៃ ក្នុងតំបន់ និងពិភពលោក ។ឯកឧត្តម លី ធុជ បញ្ជាក់ថា កម្ពុជាពាក់ព័ន្ធស្ថានភាពសង្គម-សេដ្ឋកិច្ច រាជរដ្ឋាភិបាល បានដាក់ ចេញ​នូវវិធាន​ការគោលនយោបាយ ​ដើម្បីទាក់ទាញការ​វិនិយោគ​បន្ថែមពីបរទេស ​ដោយបន្តកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ​និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន​ ជំរុញការ​សម្របសម្រួល​ពាណិជ្ជកម្ម​អភិវឌ្ឍន៍​ធនធានមនុស្ស ​ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ​និង​បច្ចេកវិទ្យា ព្រមទាំង​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ ។កម្ពុជាបានពង្រីកទីផ្សារនាំចេញ ​តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា មាន​កិច្ច​ព្រមព្រៀង​ភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ក្នុងតំបន់, កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាង​កម្ពុជា-ចិន និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េ​ជាលទ្ធផលកម្ពុជា បានក្លាយ​ជា​ទីតាំងដ៏មានសក្តានុពលសម្រាប់ផលិតកម្ម អាជីវកម្ម​ និងវិនិយោគក្នុងតំបន់ ដែលមាន​ទីផ្សារ​នាំចេញ មានភាព​ប្រកួតប្រជែង​ខ្ពស់ ​សម្រាប់អ្នកវិនិយោគទូទាំងពិភពលោក៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចសាយ ឈុំ អនុញ្ញាតឲ្យបេក្ខជនជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

2022/07/28 10:53:21 am        655
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យបេក្ខជន បេក្ខនារីជ័យលាភី​អាហារូបករណ៍​អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហៅកាត់ថា JDS (Japanese Scholarship For Human Resource Development) ចំនួន ២៤នាក់ ដែលនឹងត្រូវបន្តការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចូលជួបសម្តែងការគួរសម ដើម្បី​ទទួលអនុសាសន៍ណែនាំស់ពីសម្តេច នៅវិមានព្រឹទ្ធសភា។សម្តេចប្រធានព្រឹទ្ធសភាបានណែនាំដល់ក្មួយៗទាំងអស់ ក្នុងរយៈពេលរៀនសូត្រនៅប្រទេសជប៉ុនត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវបញ្ហាមួយចំនួនដូចជា៖ គោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងអស់របស់ប្រទេសសាមីព្រមទាំងបទបញ្ជា និងវិន័យរបស់សាលា។ កសាងទំនាក់ទំនងល្អជានិច្ចជាមួយគណៈដឹកនាំសាលា សាស្រ្តចារ្យ បុគ្គលិកសិក្សា និងមិត្តភក្តិនៅក្នុងសាលាទាំងអស់ ទាំងជនជាតិជប៉ុន ទាំងនិស្សិតបរទេស។ រក្សាប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើងដែលជាប្រទេសមានអារ្យធម៌តាំងពីយូរលង់មកហើយ។ រក្សាឲ្យបានល្អនូវទំនាក់ទំនងជាមួយអាជ្ញាធរសាធារណៈ និងប្រជាជនជប៉ុន។ ខិតខំផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ សក្តានុពលនៃការវិនិយោគ និងវិស័យទេសចរណ៍ ព្រមទាំងសភាពការណ៍ សមិទ្ធផលរបស់សង្គមជាតិយើង ជូនប្រជាជនជប៉ុនក៏ដូចជាមិត្តភក្តិ នៅក្នុងសាលាដើម្បីបានជ្រាបច្បាស់អំពីសភាពការណ៍ពិតនៅកម្ពុជា។ ខិតខំធ្វើទំនាក់ទំនងជាមួយបងប្អូនខ្មែរដែលរស់នៅ និងធ្វើការងារនៅប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយជូននូវព័ត៌មានពិតអំពីប្រជាជន និងប្រទេសជាតិយើងសំដៅឲ្យបងប្អូនខ្មែរយើងនៅទីនោះបានជ្រាបអំពីការពិតរបស់ប្រទេសយើង។ ជាពិសេសសូមខិតខំថែរក្សាសាមគ្គីភាពក្នុងចំណោមជ័យលាភីអាហារូបករណ៍ទាំងអស់ដែលត្រូវទៅរៀននៅប្រទេសជប៉ុនក្នុងជំនាន់ជាមួយគ្នា តាមសុភាសិតបុរាណរបស់ខ្មែរយើង «“នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”»»។ ក្មួយៗទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ ខិតខំរៀនសូត្រឲ្យទទួលបាននូវនិទ្ទេសន៍ខ្ពស់គ្រប់ៗគ្នា។ ប្រទេសជាតិ និងប្រជាជនរងចាំក្មួយៗទាំងអស់រៀនបានចប់ប្រកបដោយជោគជ័យ ហើយវិលត្រឡប់មកកាន់មាតុភុមិវិញ ដើម្បីចូលរួមអឡិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ភាពសម្បូរ រុងរឿង និងសុភមង្គលនាពេលអនាគត។បេក្ខជន បេក្ខនារីទាំង ២៤នាក់នេះ ជាមន្ត្រីរាជការបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល បានប្រឡងជាប់អាហាររូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល ២ឆ្នាំ ឆ្នាំសិក្សា ២០២២-២០២៣ លើជំនាញ៖ អភិវឌ្ឍន៍រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច បច្ចេកវិទ្យា នីតិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ គុណភាពនៃការអប់រំ វិស័យសុខាភិបាល វិស័យទឹកស្អាត ពង្រឹងវិស័យជនបទ ពង្រឹងវិស័យកសិកម្ម និងជំនាញអភិបាលកិច្ច៕

កម្មវិធីល្ខោនខ្មែររដូវកាលទី១ ប្រកាសបើកទទួលពាក្យចូលរួមប្រកួតហើយ

2022/07/27 12:32:30 pm        870
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានប្រកាសបើកកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ និងប្រកាសបើកទទួលពាក្យចូលរួមប្រកួតហើយ សម្រាប់បេក្ខជនទាំង២៥រាជធានី-ខេត្តទូទាំងប្រទេស ដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួត ជាមួយលក្ខន្តិកៈងាយស្រួល ដែលមានគណៈកម្មការសុទ្ធសឹងជាកំពូលសិល្បករ សិល្បការិនីរបាំបុរាណ និងព្រឹទ្ធាចារ្យមានបទពិសោធន៍យូរឆ្នាំលើវិស័យសិល្បៈ។កម្មវិធីល្ខោនខ្មែរ រដូវកាលទី១នេះ បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែង អាចបំពេញ​បែបបទប្រកួត ដោយភ្ជាប់ជាមួយថវិកាត្រឹម ១០.០០០រៀល (មួយម៉ឺន) និងវីដេអូ សម្តែងទម្រង់​សិល្បៈបុរាណ​ខ្មែរណាមួយ យ៉ាងតិចរយៈពេល ៥នាទី ​ផ្ញើមកកាន់ទំព័រ Facebook របស់​សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឬតេឡេក្រាម 099 914 121 ដែលមាន​ឈ្មោះ«ល្ខោនខ្មែរ UYFC» ​ដោយការទទួលពាក្យ និងវីដេអូ ​ចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ជ័យលាភីលេខ១ នៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ចំនួន ១២លានរៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៨លានរៀល និងលេខ ៣ ទទួលបានទឹក​ប្រាក់ចំនួន ៤លានរៀល៕

ឯកឧត្ដម លី ធុជ៖ ខេត្តមួយចំនួនទៀតនឹងត្រូវប្រកាសជាខេត្តគ្មានមីននៅឆ្នាំនេះ

2022/07/27 10:36:37 am        643
​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​តាមរយៈ​កម្លាំង​ផ្សេងៗ​បាន​បន្ត​បញ្ចប់​ការ​បោសសំអាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ខេត្ត​មួយ​ចំនួន ហើយ​គ្រោង​ប្រកាស​ខេត្ត​ទាំង​អស់​នោះ​ជា​ខេត្ត​គ្មាន​មីន​នៅ​ឆ្នាំ​២០២២​នេះ ខណៈ​ខេត្ត​កែប​ត្រូវ​បាន​ប្រកាស​មុនគេ​ថា ​ជា​ខេត្ត​គ្មាន​មីន​កាលពីដើមឆ្នាំ។​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​មានប្រសាសន៍ថា នៅ​ឆ្នាំនេះ​ប្រតិបត្តិការ​បោសសំអាត​មីន​បាន​ជួប​ផល​លំបាក​មួយចំនួន​ផងដែរ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ប្រតិបត្តិករ​នៅតែ​បន្ត​ខិតខំ​ការងារ​បោសសំអាត​មីន នៅ​ទូទាំង​ប្រទេស។​ ឯកឧត្តម​បន្ត​ថា បច្ចុប្បន្ន​ខេត្ត​មួយ​ចំនួន​ត្រូវ​បាន​បញ្ចប់ ឬ​គ្រោង​បញ្ចប់​ការ​បោសសំអាត​មីន​នៅ​ឆ្នាំនេះ ក្នុង​នោះ​មាន​ខេត្ត​ត្បូងឃ្មុំ កងកម្លាំង​មួក​ខៀវ កំពុង​ប្រតិបត្តិការ​បោសសំអាត​លើ​ចម្ការ​មីន​ចំនួន​៩០ ដោយ​ប្រើ​រយៈពេល ​៤​ខែ ខណៈ​ខេត្ត​ព្រះសីហនុ​ កងកម្លាំង​ស៊ីម៉ាក់​បាន​បោសសំអាត​រួចរាល់ ហើយ​បាន​ដក​កម្លាំង​មកវិញ​ផង​ដែរ។​ឯកឧត្តម លី ធុជ បាន​បន្ថែម​ថា ក្នុង​រយៈពេល​ ៣០​ឆ្នាំ​មកនេះ ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ​បាន​បោស​សំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះបន្សល់ទុក​ពី​សម័យ​សង្គ្រាម​បាន​ជាង ២,៦០០​គីឡូម៉ែត្រ​ក្រឡា​ដោយ​បាន​រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់​ជាច្រើន​លាន​គ្រាប់ ដែល​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​អាច​រួច​ផុត​ពី​គ្រោះថ្នាក់ និង​បច្ចុប្បន្ន​កម្ពុជា​នៅសល់​ដីចម្ការ​មីន ៧០០​គីឡូម៉ែត្រ​ក្រឡា​ទៀត។គួរ​បញ្ជាក់​ថា ចាប់តាំងពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា​ចូលរួម​សកម្មភាព​បោសសំអាត​មីន ដើម្បី​ឲ្យ​កម្ពុជា​សម្រេច​នូវ​គោល​ដៅ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ក្នុង​នោះ​ព្រះមហាក្សត្រ សម្ដេចម៉ែ បាន​ប្រោស​ព្រះរាជទាន នូវ​ព្រះរាជ​ទ្រព្យ ​រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ក្នុង ក្រៅ​ប្រទេស និង​ផ្នែក​អន្តរជាតិ​ជាច្រើន​ម៉ឺន​នាក់​បាន​ចូលរួម​ថវិកា ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន​សរុប​ជា​ថវិកា​ប្រមាណ​ជាង ២០​លាន​ដុល្លារ​ហើយ​ក្នុង​រយៈពេល​ជិត ​១​ខែ​នេះ៕​អត្ថបទ៖ បាន សុខ​រិ​ទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក និងអឺរ៉ុប បានបង្កើតជម្រើសធានាសន្តិសុខមួយចំនួនរួចរាល់ហើយសម្រាប់អ៊ុយក្រែន
08/22/2025 08:08 AM
រុស្ស៊ី៖ លោក Putin ត្រៀមខ្លួនជួបលោក Zelenskiy ហើយ ប៉ុន្តែភាពស្របច្បាប់របស់មេដឹកនាំអ៊ុយក្រែន ជាបញ្ហា
08/22/2025 08:08 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងបន្តការចរចានៅតំបន់ហ្កាហ្សា ដើម្បីបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំង
08/22/2025 08:08 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម
08/21/2025 08:08 PM
បេឡារុស៖ របៀបបំពាក់ប្រព័ន្ធមីស៊ីលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានស្វែងយល់
08/21/2025 08:08 PM
រដ្ឋមន្ត្រីការបរទេស៖ ចិនសម្លឹងដល់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងជីករ៉ែ ជាមួយប៉ាគីស្ថាន
08/21/2025 08:08 PM
រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត
08/21/2025 08:08 PM
​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
08/21/2025 08:08 PM
រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM