BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងមហាផ្ទៃនឹងបើកប្រតិបត្តិការធំត្រួតពិនិត្យការរស់នៅរបស់ជនបរទេសលើកលែងតែមន្រ្តីការទូត

2022/07/26 12:47:43 pm        731
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងបើកប្រតិបត្តិការជាទ្រង់ទ្រាយធំ ត្រួតពិនិត្យការរស់នៅរបស់ជន​បរទេស​ទាំងអស់ ​លើកលែងតែមន្រ្តីការទូត ខណៈគម្រោងនេះ ធ្វើឡើងបន្ទាប់ពីអាមេរិក បានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ នៃការ​ជួញ​ដូរមនុស្ស។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គសុក្រឹតការវគ្គ១ នៅបណ្ឌិត្យសភានគរបាល នៅ ព្រឹកថ្ងៃទី២៦ ​ខែកក្កដានេះ សម្តេចក្រឡាហោម ស ខេង ​បានលើកឡើងថា ​ដើម្បី​លុបបំបាត់ការ​សង្ស័យ និ​ងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្សនេះ​ ក្រសួងមហាផ្ទៃ ត្រូវតែ​បើក​ប្រតិបត្តិការទ្រង់ទ្រាយធំ​ ត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថា​នៅ​តាមសណ្ឋាគារ ​ការដ្ឋាន ​និងតាមក្រុមហ៊ុន នានានោះទេ​ លើកលែងតែមន្រ្តីការទូត។សម្តេចក្រឡាហោម ក៏បានសម្តែងការ​ងឿងឆ្ងល់​យ៉ាងខ្លាំងចំពោះក្រសួងការបរទេសអាមេរិក ដាក់ ប្រទេសកម្ពុជា​ចូលក្នុងបញ្ជីជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ចំពោះការជួញដូរមនុស្ស ខណៈកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការសហការទប់ស្កាត់នូវអំពើជួញដូរមនុស្សនេះ។សហរដ្ឋអាមេរិក បានដាក់កម្ពុជា ក្នុងចំណាត់ថ្នាក់លេខ២អស់រយៈពេលពីរឆ្នាំមកហើយ​ ខណៈ ចំណាត់ថ្នាក់លេខ២នេះ ​គឺជាប្រទេសមានការខិតខំប្រឹងប្រែង​ និងមាន​ការឆ្លើយតប និង​មានភាពចន្លោះប្រហោង ដែលត្រូវបំពេញបន្ថែមក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២ ​ដែលអាមេរិកសម្រេចដាក់កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ គឺ​គេចង់និយាយថា កម្ពុជាមានភាព​ប្រងើយកន្តើយ ​គ្មានការយកចិត្តទុកដាក់ និងគ្មានការខ្វាយខ្វល់​ចំពោះកិច្ចការប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស រហូតដល់គេអាចសម្រេចដាក់ទណ្ឌកម្មដល់ ប្រទេសកម្ពុជាផងដែរនោះ។យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ស ខេង បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការ សម្រេច របស់ក្រសួងការបរទេសអាមេរិក ​ដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនេះ ​ប៉ុន្តែកម្ពុជា នៅតែមាន​ឆន្ទៈមោះ មុតក្នុងការសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជានិច្ច ហើយនឹង​បើក​ប្រតិបត្តិការ​ធំ​ដើម្បីសម្អាត ​អំពើជួញដូរមនុស្សនៅកម្ពុជានេះ ឱ្យស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល​កម្ពុជា៕អត្ថបទ៖ បាន ចក់

ជិត១ខែរាជរដ្ឋាភិបាលទទួលបានថវិកាជាង ២០លានដុល្លារ សម្រាប់ការងារបោសសម្អាតមីន

2022/07/26 12:03:47 pm        517
ភ្នំពេញ៖ ក្នុងរយៈពេលជិត១ខែ រាជរដ្ឋាភិបាលកម្ពុជា ទទួលព្រះរាជអំណោយពីព្រះមហាក្សត្រ សម្ដេចម៉ែ និង សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ប្រមាណជាង ២០លានដុល្លារ សម្រាប់​ប្រើប្រាស់​លើការងារបោស ​សម្អាតមីន ​នៅទូទាំងប្រទេស ។ក្នុងពិធីប្រគល់ និងទទួលព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ចំនួន៥០ម៉ឺនដុល្លារ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១លានដុល្លារ ជាព្រះរាជូបត្ថម្ភ​ដ៏ថ្លៃថ្លា​ជូនរាជ រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ នៅ​មជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា បន្ទាប់ពីមាន ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សកម្មភាពការចូលរួមបោសសម្អាតមីន បានទទួលការគាំទ្រពីប្រជាពលរដ្ឋ និងចូលរួមថវិកា​ជា​បន្តបន្ទាប់។ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ថវិកាដែលទទួលបាននេះ អាជ្ញាធរមីន នឹងខិតខំប្រើប្រាស់ឲ្យចំ គោលដៅ លើការងារដោះស្រាយបញ្ហាមីន ខណៈកម្ពុជា នៅមានផ្ទៃដីចម្ការមីនជាង ៧០០គីឡូ​ម៉ែត្រក្រឡា​ ហើយប្រឹងប្រែងធ្វើយ៉ាងណាឲ្យសម្រេចគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥។ឯកឧត្តម លី ធុជ បានបញ្ជាក់ថា កម្ពុជាគ្រោងនឹងបន្តប្រកាសខេត្តមួយចំនួនថាគ្មានមីន ក្នុងនោះ មាន​ខេត្តព្រះសីហនុ កំពត កណ្ដាល​ រាជធានីភ្នំពេញ ​តាកែវ ​និងខេត្តត្បូងឃ្មុំ ដោយ​កាល​ពីដើមឆ្នាំនេះ​ ក៏បានប្រកាសរួចរាល់ផងដែរ​ នូវខេត្តកែប ​ជាខេត្តគ្មានមីនដំបូងគេ ។គួរបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវា​មច្ឆជាតិ​ កាលពីថ្ងៃទី១ ​ខែកក្កដានេះ ប្រមុខ រាជ​រដ្ឋាភិបាល​កម្ពុជា ​សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការងារ​បោស សំអាតមីន ដើម្បីធ្វើឲ្យដីមានសុវត្ថិភាពនៅទូទាំងប្រទេស ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចតេជោ អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi ចូលជួបសម្តែងការគួរសម

2022/07/26 11:53:05 am        346
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក យូស៊ីហីសា កៃនុម៉ា នាយក ប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi ចូលជួបសំដែងការគួរសម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ។លោក យូស៊ីហីសា កៃនុម៉ា បានគោរពរាយការណ៍ជូនសម្តេចតេជោពីវឌ្ឍនភាព នៃដំណើរការរោង ចក្រជាប្រក្រតីនៅប្រទេសកម្ពុជា ទោះបីមានស្ថានភាពកូវីដ-១៩ក៏ដោយ ហើយលោកក៏បានគោរព អញ្ជើញសម្ដេចដើម្បីជាអធិបតីក្នុងពិធីខួប១០ឆ្នាំ ​នៃដំណើរការរោងចក្រមីនៀបៀ នៅកម្ពុជាផងដែរ។ នេះបើឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ។សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការសាទរជូនចំពោះក្រុមហ៊ុន ​ដែលរយៈពេល១០ឆ្នាំ កន្លងមក ទទួលបានជោគជ័យ ​ដោយបានពង្រីកសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់។ សម្ដេចតេជោ បាន ថ្លែងអំណរគុណផងដែរដល់លោក កៃនុម៉ា ដែលបានចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់កូវីដ-១៩ ហើយ សម្ដេច​ ក៏បានទទួលយកនូវការអញ្ជើញជាអធិបតីក្នុងខួប១០ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា។សម្ដេចបានរំឭកអំពីប្រវត្តិរបស់ក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេល ដែលក្រុមហ៊ុនសម្រេចចិត្ត មកវិនិយោគនៅកម្ពុជា ដែលពេលនោះ សម្ដេច​មាន​យុទ្ធសាស្ត្រ​ត្រី​ណា​មក​ដល់មុន គឺចាប់​យកត្រី​នោះមុន ​ហើយត្រូវធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទាំងអស់មកកម្ពុជា មានជំនឿចិត្តមកលើកម្ពុជា៕អត្ថបទ៖ មុត សុទ្ធ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម

2022/07/26 09:52:13 am        326
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសមនៅពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។លោកជំទាវ ហា ធីង៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃរបស់សម្តេច អនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកជំទាវ បានជម្រាបសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារដែលសហព័ន្ធនារីវៀតណាម បានសម្រេចបាននាពេលកន្លងមក នៅក្នុងនោះមានកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលទើបបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយគ្នាពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងត្រៀមចុះកិច្ចសហប្រតិបត្តិការ ៥ឆ្នាំបន្តទៀត។លោកជំទាវ ប្រធានគណៈប្រតិភូ បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា នៅក្នុងរដ្ឋសភាប្រទេសវៀតណាម ដែលមានសមាជិកចំនួន ៤៩៩នាក់ មានសមាជិកជានារីចំនួន១៥១នាក់ ដែលស្មើប្រមាណជាង៣០%។ លោកជំទាវ ហា ធីង៉ា បានគោរពស្នើសូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងសមាជិករដ្ឋសភាកម្ពុជាជាស្រ្តី និងសហព័ន្ធនារីវៀតណាម នៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នានាពេលអនាគត។ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ លោកជំទាវ ហា ធីង៉ា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ពិតជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរ។ សម្តេច បានអបអរសាទរលោកជំទាវ ដែលបានជាប់ឆ្នោតសារជាថ្មី ជាប្រធានសហព័ន្ធនារីវៀតណាម សម្រាប់អាណត្តិទី១៣ ឆ្នាំ២០២២-២០២៧ ផងដែរ។សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា វត្តមានស្រ្តីនៅក្នុងវិស័យនយោបាយ និងកិច្ចការសង្គមទូទៅ ទាំងនៅវៀតណាម និងកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សិទ្ធិនារី និងការជំរុញលើកកម្ពស់សមភាពយ៉េនឌ័រ ដែលជារបៀបវារៈនយោបាយដ៏សំខាន់របស់សកលលោកបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន និងសកលលោកផងដែរ។  វត្តមានស្រ្តី នៅក្នុងវិស័យកិច្ចការសង្គមនយោបាយ ជាកម្លំាងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងរួមចំណែកថែរក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម។  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា នៅកម្ពុជា វត្តមានស្ត្រី ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់ជាមួយនិងបរិមាណ កំណើនគួរឱ្យកត់សំគាល់ នៅស្ទើរគ្រប់វិស័យសាធារណទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឆ្លៀតឱកាសនោះ សម្តេចបានគាំទ្រ និងលើកទឹកចិត្តក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហព័ន្ធនារីវៀតណាម ឱ្យបានកាន់តែល្អថែមទៀត៕

ប្រធានអាស៊ានតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤នាក់ នៅមីយ៉ាន់ម៉ា

2022/07/26 08:30:09 am        544
ភ្នំពេញ៖ ប្រធានអាស៊ាន មានក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤នាក់ បើទោះបីមានការស្នើឲ្យមានការពិចារណាឡើងវិញក៏ដោយ។ប្រធានអាស៊ាន នៅតែប្រកាសបន្តរិះរកវិធីសាស្ត្រឲ្យមីយ៉ាន់ម៉ាត្រលប់ទៅរកប្រក្រតីភាព និងដំណើរការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី។

រដ្ឋសភាបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

2022/07/25 11:06:57 am        550
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។ ក្នុងនោះ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ និងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានរបៀបវារៈចំនួន៥ នៅក្នុងនោះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ក្រៅពីសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និង កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ចំណែករបៀបវារៈមួយទៀត គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។ នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី២៨ កក្កដា ខាងមុខនេះ នឹងប្រកាសការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព ផងដែរ៕

បញ្ជាការដ្ឋានកងទ័ពជើងអាកាស ពង្រឹងស្មារតីចិត្តសាស្ត្រដល់មន្ត្រី ឆ្លើយតបព័ត៌មានផ្សេងៗលើបណ្ដាញសង្គម

2022/07/25 11:00:21 am        92
ភ្នំពេញ៖ ឆ្លើយតបនឹងព័ត៌មានដ៏សម្បូរបែប នៅលើបណ្ដាញសង្គម មានទាំងព័ត៌មានវិជ្ជមាន និងអវិជ្ជមាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បានពង្រឹងចិត្តសាស្ត្រដល់មន្ត្រីឲ្យមានភាពម្ចាស់ការ ស្មោះត្រង់នឹងការងារតួនាទីរបស់ខ្លួន ។ ក្នុងពិធីវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ ប្រចាំឆ្នាំ២០២២ រយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ទី២៩ ខែកក្កដា) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានប្រសាសន៍ថា ប្រព័ន្ធព័ត៌មានវិទ្យាបច្ចុប្បន្ន ទំនើបខ្លាំងណាស់ ដែលពីមុននៅកម្ពុជាព័ត៌មានវិទ្យា មានកម្រិតទាបណាស់ មានត្រឹមវិទ្យុស្ដាប់ ឬទូរទស្សន៍មើល ហើយអ្នកខ្លះការទទួលព័ត៌មានផ្សេងៗ មិនបានជាក់លាក់ ឬច្បាស់លាស់ ។ឯកឧត្តមបន្តថា ឥឡូវបណ្ដាញព័ត៌មានវិទ្យានៅជាប់មនុស្សម្នាក់ៗ ពលរដ្ឋមានទូរស័ព្ទនៅក្នុងដៃ អាចមើលព័ត៌មានបានគ្រប់ពេល ដែលព័ត៌មានទាំងអស់នោះមកពីគ្រប់ទិសទី មានទាំងល្អ អាក្រក់ និងព័ត៌មានបំភ្លៃជាដើម ដែលព័ត៌មានខ្លះធ្វើឲ្យកងកម្លាំងមានភាពច្របូកច្របល់នៅក្នុងអារម្មណ៍ ដោយបញ្ហានេះហើយ ទើបមានវគ្គបំប៉ននេះ ។នាយឧត្តមសេនីយ៍ សឹង សំណាង បន្ថែមថា ការចូលរួមវគ្គបំប៉ននេះបានបង្ហាញឲ្យឃើញអំពីស្មារតីយកចិត្តទុកដាក់ក្នុងភារកិច្ច និងសារៈសំខាន់នៃការងារអប់រំចិត្តសាស្រ្ត ដែលជាកត្តាមិនអាចខ្វះបាន សម្រាប់កងកម្លាំងប្រដាប់អាវុធ និងនិយាយដោយឡែកចំពោះកងយោធពលខេមរភូមិន្ទ ព្រោះជាកម្លាំងចលករមួយដ៏មានឥទ្ធិពល ជាអាវុធដ៏មុតស្រួចផ្តល់នូវកម្លាំងចិត្ត កម្លាំងកាយ ដល់យោធិនគ្រប់រូបឱ្យរឹតតែមានភាពខ្លាំងក្លា រឹងមាំ ជាពិសេសជំរុញនូវគោលជំហរ ស្មារតី សតិអារម្មណ៍របស់យោធិនម្នាក់ៗ ឱ្យមានឆន្ទៈមនសិការស្នេហាជាតិមុតមាំ ឈានទៅអនុវត្តសម្រេចជោគជ័យនូវ ភារកិច្ចធំៗ ។មេបញ្ជាការកងទ័ពជើងអាកាស សង្កត់ធ្ងន់ថា ផ្អែកលើការងារនយោបាយចិត្តសាស្ត្រអប់រំផ្លូវចិត្តវិញ ត្រូវខិតខំឆ្លុះបញ្ចាំង សិក្សាឲ្យបានស៊ីជម្រៅថែមទៀតពីសច្ចៈភាព និងភាពមិនអាចខ្វះបាននៃការងារនេះ ហើយត្រូវត្រងត្រាប់ស្តាប់រាល់ការពន្យល់ បកស្រាយរបស់គ្រូដោយត្រូវមានការកត់ត្រា និងសាកសួរគ្រូរាល់ចំណុចសំខាន់ៗនៃមេរៀនឯកសារ ទុកជាទុនយកទៅផ្សព្វផ្សាយបន្ត ៕(ដោយ៖ បាន សុខរិទ្ធិ)

កម្ពុជា ធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលេីកដំបូងក្នុងខេត្តសៀមរាប

2022/07/25 10:55:22 am        324
សៀមរាប៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញក្នុងពិធីបេីកកិច្ចសន្ទនាយុវជនអាស៊ាន លេីកទី១ ក្រោមប្រធានបទ យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ដែលកម្ពុជាធ្វេីជាម្ចាស់លេីកដំបូង ខណ:កិច្ចសន្ទនាអាស៊ាននេះមានការអញ្ជេីញចូលរួមពីបណ្តារដ្ឋមន្រ្តីយុវជនអាស៊ាន និងប្រតិភូយុវជនប្រមាណជាង២០០នាក់។ កិច្ចសន្ទនាយុវជនអាស៊ាន ដែលរៀបចំលេីកដំបូងនៅកម្ពុជានាពេលនេះ មានគោលបំណងក្នុងការបង្កេីតវេទិកាសម្រាប់យុវជនអាស៊ាន និងយុវជនមកពីសាធារណរដ្ឋកូរ៉េ ក្នុងការចូលរួមកិច្ចពិភាក្សាគោលនយោបាយដ៏មានអត្ថន័យ ជាមួយនឹងរដ្ឋមន្រ្តីយុវជនអាស៊ាន-សាធារណរដ្ឋកូរ៉េ និងដៃគូសន្ទនាជាន់ខ្ពស់សំខាន់ៗជាច្រេីនរូប៕

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស

2022/07/25 10:50:50 am        308
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រោសព្រះរាជទានព្រះរាជទ្រព្យចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស។យោងតាមព្រះរាជសារចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ៥០ម៉ឺនដុល្លារអាមេរិក និងសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលព្រះរាជទាន ព្រះរាជទ្រព្យ ១លានដុល្លារសហរដ្ឋអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស៕

សមត្ថកិច្ចកម្ពុជារកឃើញបុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វាហើយ

2022/07/23 06:57:52 pm        1606
ភ្នំពេញ៖ ជនជាតិនីហ្សេរីយ៉ាដែលត្រូវបានរកឃើញថាមានជំងឺអុតស្វាដោយអាជ្ញាធរប្រទេសថៃ និងទទួលបានព័ត៌មានថាជនជាតិនីហ្សេរីយ៉ារូបនេះបានរត់គេចខ្លួនពីប្រទេសថៃចូលមកកាន់ប្រទេសកម្ពុជានៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចរាជធានីភ្នំពេញបានរកឃើញនិងឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានេះហើយ។លោក វរសេនីយ៍ទោ មៀច ឈួនសុីម៉ូលីន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌចំការមន បានប្រាប់ BTV ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានេះនៅត្រង់ចំណុចផ្ទះសំណាក់ពណ៌មាស ផ្លូវ៤៣០កែងផ្លូវ ៤៨០ ក្បែររង្វង់មូលផ្សារដើមថ្កូវ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំកូរ៉េខាងជើង បង្ហាញការឈឺចាប់ ចំពោះការបាត់បង់ជីវិតរបស់កងទ័ព ក្នុងសមរភូមិរុស្ស៊ី-អ៊ុយក្រែន
08/22/2025 12:08 PM
បេសកជនចិន៖រដ្ឋាភិបាលក្រុងប៉េកាំងប្រកាន់ជំហររឹងមាំជាមួយក្រុងញូវដេលីប្រឆាំងការគំរាមសម្លុតពីអាមេរិក
08/22/2025 12:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ​នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ០៣វត្ត និងអាស្រមមួយនៅស្រុកបាទី
08/22/2025 12:08 PM
ក្រុមអ្នកតវ៉ា បានរិះគន់ខ្លាំងៗ ជុំវិញការបង្រ្កាបឧក្រិដ្ឋកម្មរបស់លោក Trump នៅទីក្រុងវ៉ាស៊ីនតោន
08/22/2025 12:08 PM
លទ្ធផលកិច្ចប្រជុំRBC យោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ភាគី​ទាំង​ពីរ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច
08/22/2025 12:08 PM
មនុស្សយ៉ាងហោចណាស់១៨នាក់ស្លាប់ក្នុងការវាយប្រហារ២លើកនៅប្រទេសកូឡុំប៊ី
08/22/2025 12:08 PM
ផ្ទុះឃ្លាំងកាំជ្រួចនៅប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងជាង៣០នាក់រងរបួស
08/22/2025 11:08 AM
ឃាតកម្មនៅប្រទេសអេក្វាឌ័រ កើនឡើង៤០% ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៥
08/22/2025 11:08 AM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បទឧទ្ទេសនាមក្នុងវគ្គអប់រំ​នយោបាយ​របស់​គណបក្ស កម្រិត២ ជំនាន់ទី២០
08/22/2025 11:08 AM
ប្រទេសលីបង់ ចាប់ផ្តើមឲ្យក្រុមប៉ាឡេស្ទីនរំសាយអាវុធ នៅក្នុងជំរំជនភៀសខ្លួន
08/22/2025 11:08 AM