​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

អូស្ត្រាលី នឹងផ្ដល់ឥណទានជាង ៦៥ លានដុល្លារសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយភាពធន់​នៅកម្ពុជា

2022/04/01 04:55:58 pm        545
ភ្នំពេញ៖ អូស្ត្រាលី គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ មានទឹកប្រាក់ចំនួនប្រមាណ ៨៧ លានដុល្លារអូស្រ្តាលី ត្រូវជាង ៦៥ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំដំបូង គិតចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ ។ឯកឧត្តម Pablo Chiho Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី លើកឡើងនៅក្នុងជំនួបពិភាក្សា ការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះថា ឆ្នាំនេះជាខួបគម្រប់ទី ៧០ឆ្នាំ នៃការចាប់ផ្តើមទំនាក់ទំនងការទូតរវាងកម្ពុជា-អូស្រ្តាលី។ ដើម្បីអបអរសាទរសម្រាប់ខួបទី ៧០ ឆ្នាំរវាងប្រទេសទាំងពីរ, ភាគីអូស្ត្រាលី តាមរយៈមូលនិធិ Department of Foreign Affairs and Trade (DFAT) គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​ឥត​សំណងថ្មី ​ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកប​ដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ប្រមាណ ៨៧ លានដុល្លារអូស្រ្តាលី ត្រូវជាង ៦៥ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំដំបូង គិតចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧, និងអាចបន្តផ្ដល់បន្ថែមចំនួន ៥៧ លានដុល្លារអូស្រ្តាលី ត្រូវប្រមាណជាង ៤២លាន​ដុល្លារអាមេរិក ​សម្រាប់​រយៈពេលបន្ថែម ៣ឆ្នាំបន្ទាប់ទៀត ដោយអាចបន្តទៅដល់​ពាក់​កណ្តាល​ឆ្នាំ ២០៣០។ឯកឧត្តម ឯកអគ្គរាជទូត បន្តឲ្យដឹងថា អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែល​គ្រោងផ្តល់ ហិរញ្ញប្បទានខាងលើនេះ ​មានគោលបំណងធំៗ ៣ គឺ៖ ទី១ ជួយជ្រោមជ្រែង​ដល់​កម្ពុជា​ក្នុងការអភិវឌ្ឍលើផ្នែក កសិកម្ម​ដែលមាន​តម្លៃខ្ពស់ ​និង​ចាប់ផ្តើម​លើ​វិស័យ​កែច្នៃ​កសិផល, ទី២ ការ​សហការជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ​លើការងារជុំវិញគោលនយោបាយពាណិជ្ជកម្ម ​និងវិនិយោគ ព្រមទាំង​អភិវឌ្ឍន៍សហគ្រាស ដើម្បីជួយជ្រោមជ្រែង​ កម្ពុជាក្នុងការពង្រីកទីផ្សាររបស់ខ្លួន និង​គាំទ្រ​អាជីវកម្មកម្ពុជា ​ដើម្បីលើកកម្ពស់ស្តង់ដាគុណភាពរបស់ខ្លូន​ ដើម្បីអាចនាំចូលទៅទីផ្សារនានា ចំណែកទី៣​ បន្តវិនិយោគដើម្បីពង្រីកវិស័យហេដ្ឋា​រចនាសម្ព័ន្ធ​ប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេស ក្នុងវិស័យទឹក ថាមពល និងភស្តុភារ ។ ក្នុងជំនួបនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្ម​ ក្នុងការ​ផ្តល់​ហិរញ្ញប្បទានឥត​សំណង ​ដល់កម្មវិធីចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ និងផ្តល់ការឧបត្ថម្ភ​ជា​វ៉ាក់សាំង និង​សម្ភារៈសុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា អូស្ត្រាលីតែងតែ​ផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​តាមរយៈការផ្តល់ជំនួយផ្នែកបច្ចេកទេស ​និងហិរញ្ញវត្ថុ លើវិស័យ​សំខាន់ៗជាច្រើន​ ជាពិសេសវិស័យកសិកម្ម ​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ​ ថាមពលជាដើម៕អត្ថបទ៖ សុន រ៉ាឌី

បទវិភាគ៖ ករណីវិវាទការងារនៅក្រុមហ៊ុន NAGA WORLD និងការ​បន្តអូសបន្លាយ​ធ្វើ​បាតុកម្ម​ដោយ​ក្រុម​មេដឹកនាំសហជីព

2022/04/01 02:57:30 pm        154
ភ្នំពេញ៖ វិវាទការងាររវាងអតីតបុគ្គលិក ជាមួយក្រុមហ៊ុន NAGA WORLD បានអូសបន្លាយពេលជាង៩ខែមកហើយ គឺចាប់តាំងពីខែមិថុនា ឆ្នាំ២០២១មក ដែលករណីវិវាទនេះ គឺកើតឡើងបន្ទាប់ពីក្រុមហ៊ុន NAGA WORLD ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺ Covid-19 បានសម្រេចកាត់បន្ថយបុគ្គលិករបស់ខ្លួន ជាមួយនឹងការផ្តល់សំណងត្រឹមត្រូវតាមច្បាប់ការងារ។ វិបត្តិជំងឺ Covid-19 ត្រូវបានគេដឹងថា ជះឥទ្ធិពលខ្លាំងជាងគេ លើវិស័យទេសចរណ៍ និងសេវាកម្សាន្ត។ បើយោងតាមប្រភពពីក្រុមហ៊ុន NAGA WORLD ដោយសារការបន្តធ្លាក់ចុះនៃភ្ញៀវ ព្រមទាំងការ​កែ​សម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងនៃក្រុមហ៊ុន ឱ្យស្របតាមការរក្សាគម្លាតសង្គម និងវិធានការសុខាភិបាល​ផ្សេងទៀត នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនបានជូនដំណឹងដល់​សហជីព និងតំណាងនិយោជិត​អំពី​គម្រោងកាត់បន្ថយបុគ្គលិក នៅខណៈនោះ ក្រុមហ៊ុន បានបញ្ជាក់ថា ខ្លួននឹងធ្វើការកាត់បន្ថយ​បុគ្គលិក​ក្នុង១២ផ្នែក ដែលមានចំនួន ជាង ១៣០០នាក់ ហើយនឹងអនុវត្ត​សំណងឱ្យស្របតាម​នីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ ក៏មានបុគ្គលិកចំនួន ជិត៣០០នាក់ ផ្សេងទៀត បានស្ម័គ្រចិត្តមកសុំលាឈប់ពីការងារ​ដោយខ្លួនឯង ដែលធ្វើឱ្យចំនួនបុគ្គលិក ដែលត្រូវកាត់បន្ថយបានកើនដល់ ជាង ១៦០០នាក់។ ក្រុមហ៊ុនបានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ជូនអតីតបុគ្គលិកទាំងជាង ១៦០០នាក់ ដែលក្នុងនោះជាង១២០០នាក់ បានយល់ព្រមទទួលយក និងជាង ៣០០នាក់ទៀត មិនព្រមទទួលយកនោះឡើយ ទោះបីក្រុមហ៊ុនបានផ្ទេរប្រាក់ចូលគណនីធនាគារ របស់​អតីត​បុគ្គលិកម្នាក់ៗរួច​ហើយក្តី។ ដោយពួកគេបានទាមទារដាក់លក្ខខណ្ឌផ្សេងៗ ដូចជាតម្រូវឱ្យក្រុមហ៊ុនទទួលយក​ពួកគេចូលធ្វើការ​វិញ ទាមទារដំឡើងប្រាក់ខែ ៧ភាគរយ និងទាមទារបន្ថែមលក្ខខណ្ឌផ្សេងៗដែលមិនសមរម្យ និងមិនស្របតាមគោលការណ៍ច្បាប់ការងារ។ ការទាមទារបែបនេះ ត្រូវបានភាគីនិយោជក​បដិសេធ ដែលបង្កនូវបាតុកម្មតវ៉ាអូសបន្លាយមកដល់បច្ចុប្បន្ននេះ។ តើចំណុចសំខាន់អ្វីខ្លះ ដែលយើងគួរស្វែងយល់ និងចាប់អារម្មណ៍ជុំវិញករណីវិវាទការងារមួយនេះ?១- ការពិតនៅពីក្រោយសកម្មភាពបាតុកម្មនៅ NAGA WORLD ៖ដើម្បីដឹងពីចេតនា និងគោលដៅពិតប្រាកដ ដែលក្រុមបាតុករបាននិងកំពុងធ្វើ យើងត្រូវចាប់ផ្តើមពី​សំណួរថា តើហេតុអ្វីក្រុមបាតុករទាំងនេះ អាចបន្តធ្វើបាតុកម្មអូសបន្លាយរយៈពេលយូរ​បែបនេះ​បាន? តើពួកគេបានប្រភពថវិកាមកពីណា? និងតើគោលដៅពិតប្រាកដនៃបាតុកម្មនេះ គឺជាអ្វី? បាតុកម្មនៅក្រុមហ៊ុន NAGA WORLD ត្រូវបានគេដឹងថា ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន NAGA WORLD និងបក្ខពួក។ យោងតាមក្រុមមន្ត្រីសហជីពឯករាជ្យ ដែលបានដឹងយ៉ាងច្បាស់ពីឧបាយកល និងយុទ្ធវិធី របស់​មេដឹកនាំបាតុកម្ម បានគូសបញ្ជាក់ថា បច្ចុប្បន្នបាតុកម្មនេះ គឺបានដើរហួសបន្ទាត់ក្រហម នៃ​ការទាមទារសិទ្ធិការងារ ​និងអត្ថប្រយោជន៍របស់អតីតបុគ្គលិក​ នៃក្រុមហ៊ុន NAGA WORLD ដែលត្រូវបានបញ្ឈប់ពីការងារហើយ។ ក្រុមបាតុករបានធ្វើសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់ ដោយមានការរៀបចំពីអ្នកដឹកនាំ ដើម្បីកេង​ចំណេញ តាមគ្រប់រូបភាព បម្រើ​មហិច្ឆតា​របស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាក​សម្តែង​ជាជនរងគ្រោះ ក្រោមរូបភាពផ្សេងៗ។ ជាក់ស្តែងខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ច អញ្ជើញ​ពួកគេឱ្យឡើងរថយន្ត ​ទៅសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ពួកគេបែរជាចោទប្រកាន់ថា អាជ្ញាធរ​មានសមត្ថកិច្ចប្រើអំពើហិង្សាលើពួកគេទៅវិញ។ នេះជាចេតនា បំភ័ន្ត​សាធារណមតិ​លើយន្តការច្បាប់ ខណៈដែលវិវាទនេះ ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចរួចហើយ។ តាមប្រភពដដែលខាងលើ គឺបាតុកម្មនេះ មានផែនការ រចនាសម្ព័ន្ធដឹកនាំ និងការ​បណ្តុះបណ្តាល​ច្បាស់លាស់ ដោយក្រៅពីកម្លាំងបាតុករ ​និងមេបាតុករ ដែលអនុវត្តផ្ទាល់ គឺនៅមានការដឹកនាំ​បញ្ជា​ច្បាស់លាស់ ​ពីខាងក្រៅថែមទៀត។ជាក់ស្តែងទន្ទឹមនឹងបាតុកម្មខាងក្នុងក៏មានបាតុកម្មគាំទ្រពីតាមបណ្តាប្រទេសនានា ដោយបណ្តាញ​សហជីពអន្តរជាតិទៀតផង។ ក្រៅពីរៀបចំផែនការយ៉ាងច្បាស់លាស់ ​បាតុកម្មនេះ ថែមទាំង​មានការគាំទ្រថវិកា​ពីក្រៅប្រទេសជាបន្តបន្ទាប់ ដើម្បីចិញ្ចឹមសកម្មភាពបាតុកម្មខុស ច្បាប់នេះ​បន្តទៅមុខទៀត។ ពួកក្រុមបាតុករ បានធ្វើសកម្មភាពបំពានច្បាប់ម្តងហើយម្តងទៀត ហើយបានយករាជរដ្ឋាភិបាល ធ្វើជាចំណាប់ខ្មាំង ក្រោមលេសទាមទារ​សិទ្ធិការងារ ​និងការពារផលប្រយោជន៍បុគ្គលិក។ ប៉ុន្តែទង្វើជាក់ស្តែង ​ពួកគេមិនស្តាប់ការសម្របសម្រួល របស់ស្ថាប័នមានសមត្ថកិច្ចដោះស្រាយ​ជម្លោះ​ឡើយ។ មួយវិញទៀត របៀបនៃការធ្វើបាតុកម្ម និងសញ្ញាផ្សេងៗ ដែលពួកគេប្រើប្រាស់ សុទ្ធសឹងតែ​មានការទាក់ទងនឹងបណ្តាញនៅបរទេស ដែលធ្លាប់បានប្រើប្រាស់ក្នុងការតវ៉ា និងផ្តួលរំលំរបបដឹកនាំនៅបណ្តាប្រទេសមួយចំនួន។ ជាមួយគ្នានេះ ពួកគេបានបន្ត​លាបពណ៌​រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ថា​បំបិទ សិទ្ធិ​សេរីភាពរបស់ពួកគេ និងមិនគិតពីផលប្រយោជន៍របស់កម្មករនិយោជិត ដើម្បីញុះញង់​ឱ្យ​សាធារណមតិយល់ច្រឡំ លើរាជរដ្ឋាភិបាល បង្កើតកំហឹងប្រឆាំងរដ្ឋាភិបាល តែធាតុពិតគឺពួក​គេបាននិងកំពុងប្រើប្រាស់ អតីតបុគ្គលិកក្រុមហ៊ុន NAGA WORLD ជាលេសនយោបាយ​សុទ្ធសាធ។ អ្នកចូលរួមបាតុកម្មខ្លះ ត្រូវបានបោកប្រាស់ដោយក្រុមជនខិលខូចនិងមេដឹកនាំសហជីព ដែល​អះអាងថា ការពារផលប្រយោជន៍របស់អតីតបុគ្គលិក ប៉ុន្តែបានគេងចំណេញពីការ​ចូលរួមបាតុកម្មរបស់​អតីតបុគ្គលិក ដើម្បីផលប្រយោជន៍ក្រុមបក្ខពួកខ្លួន និងបម្រើនយោបាយបរទេសទៅវិញ។ បើសិនជាពួកគេពិតជាមានឆន្ទៈការពារសិទ្ធិ និងផល​ប្រយោជន៍​អតីតបុគ្គលិក NAGA WORLD ពិតប្រាកដ ពួកគេនឹងយកច្បាប់ប្រទេសមក​ដោះស្រាយ មិនមែនបន្តប្រមាថច្បាប់ និងទាមទារទាំងបំពាន រហូតដល់រៀបចំផែនការរុញបាតុកម្ម ឱ្យជល់នឹងកម្លាំងសមត្ថកិច្ច តាមរយៈវិធីសាស្ត្រសាច់កម្ម ឱ្យសមត្ថកិច្ចចាប់ខ្លួនបាតុករ ដើម្បីពួកគេងាយស្រួល នឹងអនុវត្តផែនការបន្តបន្ទាប់ទៀត របស់ចៅហ្វាយនាយរបស់ពួកគេ។ តាមប្រភពពីក្រុមមន្ត្រីសហជីពឯករាជ្យ បានបន្តឱ្យដឹងថា សកម្មជន និងសមាជិកសហជីព ដែលដឹកនាំបាតុកម្ម បានគម្រាមបាតុករផ្សេងទៀត មិនឱ្យទទួលយកដំណោះស្រាយដែលស្របតាមច្បាប់ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានរៀបចំផែនការផ្សេងៗដើម្បីបន្តបាតុកម្មនេះ។ ទាំងអស់នេះច្បាស់ណាស់ថា ពួកគេមិនអាចធ្វើអ្វីបានដោយខ្លួនឯងឡើយ តែមានការជួយជ្រោមជ្រែងពីក្រៅប្រទេស។ ក្រុមមេដឹកនាំបាតុកម្ម ធ្លាប់បានទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ លើការធ្វើបាតុកម្ម និងអ្នកដែលបណ្តុះបណ្តាលនោះ គឺជាបណ្តាញបរទេស ដែលជាតួអង្គសំខាន់មួយ​ដែល​តែងតែ​ធ្វើសកម្មភាពនៅតាមបណ្តាប្រទេសនានា ក្នុងការផ្តួលរំលំរបបដឹកនាំ ដែលពួកគេមិនពេញចិត្ត ឬមិនបានដើរតាមបន្ទាត់នយោបាយរបស់ពួកគេ។២-ការធ្វើសកម្មភាពបំពានកិច្ចសន្យា និង​ចចេស​រឹងរូស​មិនទទួលយកការសម្របសម្រួល​តាមផ្លូវច្បាប់ ៖ ក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ច បានខិតខំរិះរកគ្រប់លទ្ធភាព និងបាន​សម្របសម្រួលជាច្រើនលើកច្រើនសារ ដើម្បីដោះស្រាយបញ្ហាវិវាទការងារនៅក្រុមហ៊ុន NAGA WORLD ប៉ុន្តែក្រុមបាតុករ មិនមានឆន្ទៈដោះស្រាយបញ្ចប់បញ្ហានោះឡើយ។ ពួកគេ​បានបន្ត​ចេញធ្វើបាតុកម្ម​ទាំងបំពានច្បាប់​ និងមិនគោរព​តាមកិច្ចសន្យា ដែលបានអះអាងក្នុងការ​សុំឱ្យដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន ដែលពួកគេទាំង១១នាក់ បានស្នើសុំទៅសមត្ថកិច្ច។ តាមលិខិតសុំសិទ្ធិនៅក្រៅឃុំជាបណ្តោះអាសន្ន ពួកមេក្លោងបាតុកម្ម បានសន្យាថា រក្សា​ភាពស្ងប់ស្ងាត់ ដើម្បីបង្កឱកាសល្អក្នុងការ​ចរចា​ជាមួយក្រុមហ៊ុន និងក្រសួង ឈានទៅស្វែងរក​ដំណោះស្រាយ និងការទូទាត់សំណងតាមផ្លូវច្បាប់។ ប៉ុន្តែពួកគេមិនបានគោរពតាមកិច្ចសន្យាទេ ដោយនៅតែបន្តដឹកនាំធ្វើបាតុកម្មខុសច្បាប់ដដែល បន្ទាប់ពីត្រូវបានដោះលែង។ ក្រុមបាតុករ នៅតែរក្សាការទាមទារ ដូចមុនការស្នើសុំនៅក្រៅឃុំដដែល ដែលជាការអនុវត្តផ្ទុយ​ពី​កិច្ចសន្យា ហើយអ្វីដែលគួរឱ្យសោកស្តាយ ​គឺពួកគេបែរជានៅតែទាមទារយកបុគ្គលិកចំនួន ជាង៣០០នាក់ ឱ្យចូលធ្វើការវិញដដែល ជាមួយនឹងការបញ្ជាក់ថា បើក្រុមហ៊ុនមិនទទួលទេ ពួកគេមិនសុខចិត្តជាដាច់ខាត។ នេះជាការដើរត្រឡប់ថយក្រោយវិញ ដែលការទាមទារនេះ គឺខាងនិយោជក មិនសុខចិត្តទទួលយក បុគ្កលិកទាំងនោះជាដាច់ខាត។ក្រសួងការងារបានបញ្ជាក់ថា តាមច្បាប់ការងារ ​សិទ្ធិរបស់ថៅកែក្រុមហ៊ុន គឺអាចបញ្ឈប់បុគ្គលិក​បាន ឱ្យតែដោះស្រាយតាមគោលការណ៍កំណត់ដោយច្បាប់ ហើយបើបុគ្គលិកកម្មករ មិនសុខ​ចិត្តនឹងការបញ្ឈប់ ឬបណ្តេញចេញនោះ ពួកគេអាចមានសិទ្ធិប្តឹងទៅតុលាការ។ ករណីថៅកែបញ្ឈប់ពីការងារហើយ គឺគ្មានទេការអនុញ្ញាតឱ្យចូលធ្វើការងារវិញ គឺមានតែយល់​ព្រមទទួលយកសំណងតែប៉ុណ្ណោះ​ ហើយបន្ទាប់ពីបញ្ឈប់ពីការងារ ពួកគេក៏គ្មានសិទ្ធិយកអ្នកថ្មី​មកប្តូរជំនួសបានដែរ។ កន្លងមកពួកបាតុករ បានព្យាយាមលាបពណ៌ដើម្បីបញ្ឆេះកំហឹងសាធារណៈ ដោយចោទប្រកាន់ថា អាជ្ញាធរលំអៀងទៅរកក្រុមហ៊ុន ហើយពួកគេបានបំផុសព័ត៌មានបំពុលថា ក្រុមហ៊ុននឹងបញ្ឈប់បុគ្គលិកជាង ៦០០នាក់ទៀត ដែលនឹងនាំឱ្យមានភាពច្របូលច្របល់។ ក្រៅពីបន្តធ្វើបាតុកម្មដោយខុសច្បាប់ លើសពីនេះពួកបាតុករ បានប្រើពាក្យសំដីអសីលធម៌ ញុះញង់​បង្កហេតុ និងថែមទាំងបង្កហិង្សាមកលើសមត្ថកិច្ចទៀតផង។៣-ការបង្កអសន្តិសុខ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ៖តាមការបញ្ជាក់ពីមន្ត្រីមានសមត្ថកិច្ច ការប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម បំពានវិធានការរបស់អាជ្ញាធរ ព្រមទាំងផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាទង្វើខុសច្បាប់ ហើយបាននឹងកំពុងបង្កផលប៉ះពាល់​ដល់​សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបំពាននូវវិធានការសុខាភិបាលស្តីពីការចូលរួមទប់​ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-១៩។ រដ្ឋបាលសាលារាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹងឱ្យក្រុមបាតុករ ទៅបញ្ចេញមតិនៅ​ទីលានប្រជាធិបតេយ្យ ដើម្បីចៀសវាងការបង្កអសន្តិសុខ ​និងខូចសណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្តែក្រុមបាតុករ មិនត្រឹមតែមិនធ្វើតាមការណែនាំ ថែមទាំងជេរប្រមាថលើកងកម្លាំងមានសមត្ថកិច្ច ដែលចុះរៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយព័ត៌មានបំភ្លៃចោទប្រកាន់ថា សមត្ថកិច្ចបាន​ប្រើអំពើ​ហិង្សាលើក្រុមបាតុករ ដែលនាំទៅរកការយល់ច្រឡំពីសាធារណៈមតិ អំពីស្ថានការណ៍​ពិតប្រាកដ​នៃបាតុកម្ម ព្រមទាំងអាចនាំទៅរកការចលាចលណាមួយ ជាពិសេសគឺគៀកនឹងពេលវេលា ដែលកម្ពុជាកំពុងខិតជិតការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខែដើមមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ការដឹកនាំ ធ្វើបាតុកម្ម ដោយនិយាយថា ជាការធ្វើកូដកម្ម និងបានយកផ្លូវសាធារណៈ និងសួន ធ្វើជាចំណាប់ខ្មាំង គឺជាចេទនាបំភ័ន្តសាធារណមតិ។ ជាងនេះទៅទៀត ក្រុមអ្នកតវ៉ា បានចោទប្រកាន់ថា ក្រុមហ៊ុនលុបបំបាត់សហជីព ដែលនោះជាការចោទប្រកាន់​ដោយគ្មាន​ភស្តុតាង​ទាល់តែសោះ។ ជាការពិតការសម្តែងមតិ ឬការទាមទារសិទ្ធិណាមួយ ត្រូវស្ថិតនៅក្រោម​ច្បាប់​ជាធរមាន ​មិនអាចចេះតែទាមទារស្រេចតែចិត្តនោះទេ។ ជាមួយគ្នានេះដែរ មេសហជីពមិន​មានអភ័យឯកសិទ្ធិទេ ប៉ុន្តែបច្ចុប្បន្នពួកគេបាននឹងកំពុងធ្វើការតវ៉ា ដោយប្រើសិទ្ធិ​ជា​ប្រធាន​សហជីពក្អេងក្អាង ​និងបំពានលើច្បាប់ការងារ។៤- ក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធ នៅតែរក្សាជំហរបន្តដោះស្រាយដោយសន្តិភាពវិធី ជាមួយ​ក្រុមបាតុករ ៖ ក្រសួងការងារបានបញ្ជាក់ឱ្យដឹងថា កន្លងមក ក្រសួងបានខិតខំដោះស្រាយវិវាទនេះ ស្រប​តាមនីតិវីធីច្បាប់​ ចាប់តាំងពីដំបូង រហូតដល់ពេលនេះ ដោយបានផ្សះផ្សាចំនួន៩លើក​រួចមកហើយ។ ក្រសួងបានបន្តនីតិវិធីនៃការចរចាសម្របសម្រួលដោយអញ្ជើញភាគីនិយោជិត និង​ភាគីនិយោជកមកប្រជុំដោះស្រាយបន្ត ​ប៉ុន្តែត្រូវបានភាគីនិយោជិតបដិសេដ។ ក្រសួងក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសហជីព ​និងអតីតបុគ្គលិក​ ឱ្យឈប់ធ្វើបាតុកម្ម ហើយងាក​មករកការដោះស្រាយវិវាទរួមគ្នា ដោយបញ្ជូនរឿងនេះទៅតុលាការ។ក្រសួងក៏បានសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការគណនាប្រាក់សំណងស្របតាមច្បាប់ និងតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបន្ថែមអត្ថប្រយោជន៍ខ្លះទៀត ដល់កម្មករនិយោជិតដែលត្រូវបានបញ្ឈប់។ ជាលទ្ធផល គឺក្រុមហ៊ុនបានឯកភាព និងបានអនុវត្តការទូទាត់សំណងថ្មី និងផ្តើមទូទាត់ប្រាក់បំណាច់អតីតភាពការងារក្នុង ឆ្នាំ២០២១ ឡើងវិញ។ បើតាមក្រសួងការងារ គិតត្រឹមថ្ងៃទី១៥មីនា ២០២២ មានអតីតបុគ្គលិកចំនួន ជាង១៥០​នាក់ ក្នុងចំណោម ជាង៣០០នាក់ បានយល់ព្រមទទួលយកសំណង។ នៅសល់ត្រឹម ជាង២០០នាក់ប៉ុណ្ណោះ ដែលបន្តចចេសរឹងរូស។ ជាក់ស្តែង ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច បានខិតខំដោះស្រាយវិវាទនេះ តាមនីតិវិធីច្បាប់ ដោយឈរលើស្មារតី អត់ធ្មត់ និងយោគយល់ខ្ពស់បំផុត។ ប៉ុន្តែគួរឱ្យសោកស្តាយ ដែល​វឌ្ឍនភាពថ្មីៗនៃកិច្ចចរចា មិនត្រូវបានក្រុមបាតុករ ទទួលយកនោះឡើយ ព្រោះតែ​ការញុះញង់ពីមេដឹកនាំសហជីពរបស់ពួកគេ។គួរបញ្ជាក់ថា ការខិតខំប្រឹងប្រែងសម្របសម្រួលកន្លងមក គឺដើម្បីផ្តល់ឱកាសឱ្យក្រុម​បាតុករ​ធ្វើការពិចារណា និងភ្ញាក់រលឹក ព្រោះថាអ្វីដែលល្អសម្រាប់ក្រុមអតីតបុគ្គលិក​ NAGA WORLD នៅពេលនេះ គឺវិលទៅរកការចរចា ​ពិភាក្សាដោះស្រាយជម្លោះដោយសន្តិវិធី។ ពួកគេមិនគួរបន្តចាញ់បោកក្រុមសហជីពទៀតឡើយ។ ពួកមេក្លោងបាតុកម្ម គឺទទួលបានជំនួយសម្រាប់ចាយវាយពេញៗដៃ ប៉ុន្តែបងប្អូន​អតីត​បុគ្គលិកដែលកំពុងធ្វើបាតុកម្មតាមការរុញរបស់មេសហជីពវិញ ​គឺត្រូវជួបការលំបាក និង​ខាតបង់ទាំងពេលវេលា ដូច្នេះសូមទុកចិត្តលើស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហានេះ ហើយយកពេលវេលា និងថវិកា ទៅប្រកបមុខរបរចិញ្ចឹមជីវិតតទៅមុខទៀត៕ពីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី

សភាបោះឆ្នោតជ្រើសតាំងឯកឧត្តម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី

2022/04/01 10:57:23 am        349
ភ្នំពេញ៖ អង្គសភានៃសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ បានធ្វើការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦ ដោយទទួលបានលទ្ធផលយល់ព្រមចំនួន ៩២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ព្រះមហាក្សត្រ កោត​សរសើរ​ការ​ដឹកនាំ​រដ្ឋ​សភា​របស់​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង​ការ​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា​របស់សម្តេចតេជោ ហ៊ុន សែន

2022/04/01 10:45:46 am        252
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ។នៅក្នុងឱកាសបើកសម័យប្រជុំលើកទី៧​នីតិកាល​ទី៦នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ​បានផ្ញើព្រះរាជសារជូនសម័យ​ប្រជុំ​រដ្ឋសភា ដោយនៅក្នុងនោះព្រះអង្គបានសម្តែង​ព្រះទ័យ​ពេញចិត្ត​ចំពោះលទ្ធផល​ការងារ​ដែល​រដ្ឋសភា​សម្រេចបាន។ ព្រះអង្គបានមានព្រះរាជបន្ទូលថា រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​នៅតែបន្តដំណើរការយ៉ាង​ស្វាហាប់លើភារកិច្ច ​ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បី​កសាង​គោលនយោបាយនិងច្បាប់រដ្ឋឱ្យបានត្រឹមត្រូវ​ធ្វើឱ្យមានសង្គតិភាពទៅ​នឹងការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ សមាហរណកម្មតំបន់ ​និងនៅលើសកលលោក។សមិទ្ធផល​ទំាងអស់នេះ បានផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាព​សុខ​ក្សេបក្សាន្ត មានសន្តិសុខ​សណ្តាប់ធ្នាប់ល្អ សក្តិសមជាព្រះរាជាណាចក្ររុងរឿងនិងខ្ពស់មុខ​ខ្ពស់​មាត់​លើឆាកអន្តរជាតិ។ព្រះករុណាជីវិតតម្កល់លើត្បូងបានកោតសរសើរចំពោះការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ធ្វើ​ពលិកម្មកម្លំាងកាយ ​កម្លំាងចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាង​នយោបាយដ៏ត្រឹមត្រូវ​ក្នុង​ភារកិច្ច​ថែរក្សាសន្តិភាព ​ស្ថិរភាពសង្គម ​និងការអភិវឌ្ឍរីកចម្រើនលើគ្រប់​វិស័យជាអាទិ៍ ការការ​ពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ​ ទប់ស្កាត់អតិផរណា ​មានសុខដុមនីយកម្មលើគ្រប់ជាតិ​សាសន៍ ​និងការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។ ព្រះអង្គ​ក៏​បាន​សម្ដែង​បីតិសោមនស្ស​រីករាយជាខ្លំាង ​ដោយតំាងពីចុងឆ្នាំ២០២១មក ក្រោមការដឹកនាំ​និងគ្រប់គ្រង​ដ៏វៃ​ឆ្លាត​នៃ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី កម្ពុជា​បាន​ទទួលនូវជ័យជំនះយ៉ាងត្រចេះត្រចង់ក្នុងការប្រយុទ្ធ ដើម្បី​បង្រ្កាប​នូវការរាតត្បាតនៃជំងឺកូវីដ-១៩។ ជ័យជំនះនេះបានធ្វើឱ្យរាល់សកម្មភាព ​នៃសង្គមជាតិបានងើបឡើងវិញ ​ហើយ​ចាប់​ដំណើរការងារ​របស់ខ្លួនគ្រប់វិស័យ។ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ​នរោត្តម សីហមុនី ​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ​បាន​មាន​ព្រះរាជបន្ទូល បញ្ជាក់ថា ឧត្តម​ប្រយោជន៍​ដែល​ប្រជាជាតិ​ទទួល​បាន​ទំាងអស់នេះ ​នាំឱ្យប្រជារាស្រ្តកម្ពុជាក៏ដូចជា ​ព្រះអង្គមាន​ការពេញចិត្ត​ពេញ​ព្រះទ័យ​ណាស់​ចំពោះ​វឌ្ឍនភាពជាបន្តបន្ទាប់រហូតមកនេះ៕

សាលាបឋមសិក្សា​នៅ​តំបន់​ជនបទ​ ក្នុងខេត្តឧត្ដរមានជ័យ បាន​ទទួល​គម្រោង​ទឹកស្អាត​សម្រាប់​សិស្ស​ប្រើប្រាស់

2022/03/31 03:37:04 pm        525
ឧត្ដរមានជ័យ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍជនបទ កាលពីម្សិលមិញ បានប្រគល់អំណោយគម្រោងទឹកស្អាត និងអនាម័យរបស់អង្គការសាម៉ារីតាន់ភឺស ជូនដល់សាលាបឋមសិក្សាពង្រ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដែលសាលាមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាតំបន់ដាច់ស្រយាល។លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ ​បានលើកឡើងថា ដោយមើលឃើញ​ពី​តម្រូវការទឹក ​និងការលំបាកផ្សេងៗ​របស់សិស្សានុសិស្ស ​នៅ​តាមបណ្តាសាលារៀនមួយចំនួន អង្គការ​ដៃគូអភិវឌ្ឍន៍​បានរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​យ៉ាងល្អប្រសើរ ​ជាពិសេសអង្គការសាម៉ារីតាន់ភឺស​ បានផ្តល់ជំនួយជាច្រើន​ ដើម្បីជួយគាំទ្រ និង​អភិវឌ្ឍវិស័យអប់រំ​នៅទូទាំងប្រទេស ​ជាងនេះទៅទៀត​ គឺខេត្តឧត្តរមានជ័យតែម្តង សម្រាប់​វិស័យទឹកស្អាត សម្រាប់សិស្សានុសិស្សបរិភោគ។ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ​បានមានប្រសាសន៍ថា ការងារ​គម្រោងទឹកស្អាត ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល ​ក៏ដូចជាក្រសួង​អភិវឌ្ឍន៍ជនបទ​ រួមមាន ស្រះទឹក បង្គន់អនាម័យ​ និងការអប់រំសុខភាព ។ល។ ដោយឡែកការគាំទ្រពីសហគមន៍នានា ​អង្គការដៃគូ រួមមានអង្គការច្រា ក៏បានធ្វើសកម្មភាពលើ​ការងារ​សុខភាពអនាម័យ ​ជាពិសេសបានការគាំទ្រយ៉ាង​ធំធេង​ពីអង្គការសាម៉ារីតាន់ភឺស សង្គ្រោះអន្តរជាតិ ​ដែលសមិទ្ធផល​ទាំងអស់នេះ គឺជាការរួមចំណែក​សម្រាប់ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា ​និងជួយទ្រទ្រង់នៅតាមបណ្តាក្រុង​ ស្រុកដទៃទៀតផងដែរ។ឯកត្តម ​បានបញ្ជាក់ថា​ កត្តា​ទាំងអស់នេះ​ហើយ គឺជាការរួម​ចំណែកអភិវឌ្ឍន៍​​មួយដ៏សំខាន់​ជាមួយ​រាជ​រដ្ឋាភិបាលកម្ពុជា ​ដើម្បីជួយដល់វិស័យនានា​នៅតាមបណ្តាសាលារៀន នៅ​តាម​ទីជន​បទដាច់​ស្រយាល​ ធ្វើឲ្យមានភាពល្អប្រសើរឡើងផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

មន្រី្តជាន់ខ្ពស់សុខាភិបាល ជំរុញមន្រី្តពង្រឹងសហការលើការលុបបំបាត់ជំងឺរបេង

2022/03/31 02:38:17 pm        523
​ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ស្នើមន្រី្តសុខាភិបាលទាំងអស់ ត្រូវពង្រឹងកិច្ចសហការ ការងារ របេងស៊ាំថ្នាំ និងរបេង អេដស៍ ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារបញ្ហានេះ។ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង យ៉ាងដូច្នេះ នាឱកាសបើកសន្និបាត​ស្តីពី​ការងារ​កម្ចាត់​រោគរបេងប្រចាំឆ្នាំ២០២១ ទូទាំងប្រទេស លើកទី២៤ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២២នេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ការងារទាំងនេះទាមទារឲ្យមាន ការចូលរួម​យ៉ាង​ជិតស្និទ​បន្ថែម ទៀត​ ពីគ្រប់ភាគីពាក់ព័ន្ធ ​ស្របតាមខ្លឹមសារនៃសារលិខិតរបស់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​ទិវា​កម្ចាត់​រោគ​របេង​ពិភពលោក ថ្ងៃទី២៤ ​ខែមីនា ឆ្នាំ២០២២ នាពេលថ្មីៗនេះ​ ពិសេសការរួមគ្នា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ​អាជ្ញាធរដែនដី និង​សហគមន៍មូលដ្ឋាន ​ស្ថាប័នសុខាភិបាលពាក់ព័ន្ធទាំងឡាយ ព្រមទាំង​ស្ថាប័ន​មិនមែន​សុខាភិបាល​ផ្សេងទៀត​ សំដៅបញ្ចប់ជំងឺរបេង នៅថ្ងៃអនាគត។បើតាមលោកវេជ្ជបណ្ឌិត ​ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិ ​កំចាត់រោគរបេង​ និងហង់​សិន បានឲ្យដឹងថា ​នៅកម្ពុជា ក្នុងឆ្នាំ២០២១​កន្លងមកនេះ​ ដោយមានជំនួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងពី​រាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំង​កិច្ច​សហ​ប្រតិបតិ្តការ​ និង​សម្របសម្រួល​​​ល្អ របស់មន្រី្ត សុខាភិបាល​បំរើការ​នៅមនី្ទរពេទ្យបង្អែក​ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព​ ជាមួយ​សហគមន៍​មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ ​និងស្ថាប័ន​មិនមែន​សុខាភិបាល​ បានធ្វើឲ្យកម្មវិធីជាតិ​កម្ចាត់​រោគរបេង​ បានទទួល​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ​ពិសេសគឺការរក្សា​បាន ​អត្រា​ព្យាបាល​ដោយ ជោគជ័យបាន៩៥% ដែល​លើស​ពី​គោលដៅ​ចំណុច​ប្រចាំឆ្នាំ​ដែលកំណត់ត្រឹមតែ៩០%៕ អត្ថបទ៖ រដ្ឋា

សម្តេចក្រឡាហោម ស ខេង គាំទ្រការ​បង្កើត​ច្បាប់​គ្រប់​គ្រង​សារធាតុទាំងឡាយ​ដែលអាច​ច្នៃ​ផលិត​គ្រឿងញៀន

2022/03/31 02:28:38 pm        498
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការគាំទ្រចំពោះការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុផ្សំទាំងឡាយ ដែលអាចយកទៅកែច្នៃ ឬផលិតជាគ្រឿងញៀន ខណៈនាពេលកន្លងទៅ សារធាតុផ្សំខ្លះ ត្រូវបានជនទុច្ចរិតយកទៅផ្សំធ្វើជាគ្រឿងញៀន។ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា សម្ដេចបាន​ពិភាក្សា​ជាមួយ​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួចរាល់ហើយ ដើម្បីរៀបចំបង្កើតច្បាប់នេះ សំដៅទប់ស្កាត់​ការ​លួចផលិត ​និង​កែច្នៃ​គ្រឿងញៀន​នៅក្នុងប្រទេសកម្ពុជា។សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា «បានពិភាក្សាជាមួយក្រសួងយុត្តិធម៌ និង​អគ្គស្នងការដ្ឋាននគរបាល យើងបានឯកភាពគ្នាថា យើងចាំបាច់ត្រូវតែបង្កើតក្របខណ្ឌច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលយកទៅ​កែច្នៃ​ផលិតគ្រឿងផ្សំ ​ដើម្បី​ផលិតគ្រឿង​ញៀន​បាន»។ការបញ្ជាក់បែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ក្រោយពេលដែលកម្ពុជា បង្ក្រាប​បានជា​បន្ដបន្ទាប់នូវបទល្មើសគ្រឿងញៀន ​ពិសេសការលួចផលិតនៅក្នុងស្រុកតែម្ដង ដើម្បីនាំចេញ​ទៅ​កាន់​ប្រទេសទីបី។ បើតាមសម្ដេច ស ខេង ក្រៅពីគ្រឿងញៀនហើយនោះ សមត្ថកិច្ចជំនាញ​ក៏បាន​រក​ឃើញនូវ​សារធាតុ​គីមីផ្សំ រហូតដល់ជាង ៣០០តោនផងដែរ ​ដែលបម្រើឲ្យការផលិត​គ្រឿងញៀន​។សម្ដេចក្រឡាហោម ស ខេង​ បានលើកឡើងទៀតថា ក្រសួងស្ថាប័នពាក់ព័ន្ធ បាន​អនុញ្ញា​ឲ្យ​នាំ​ចូល​សារធាតុគីមីស្របច្បាប់​មក​ប្រទេសកម្ពុជា ​ដើម្បីផលិត ​ឬកែច្នៃ សម្រាប់​ប្រើប្រាស់​ក្នុងវិស័យផ្សេងៗ ​សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ​ប៉ុន្ដែពួកក្រុមឧក្រិដ្ឋជនបានលួចបន្លំយកសារធាតុគីមីនេះ ទៅប្រើប្រាស់​ផ្សំ​ចេញជាគ្រឿងញៀន រួចហើយ ​ប្រើប្រាស់នៅប្រទេសកម្ពុជា និងប្រើប្រាស់ទៅប្រទេសទី៣ ឬទី៤ ជាដើម។ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យការងារទាំងនេះទទួលបានជោគជ័យ​ មិនមែនមានន័យថា រាំងស្ទះ​ដល់​ការ​នាំចូលសារធាតុគីមីទាំងនោះ ចូលមកកម្ពុជាឡើយ។ប៉ុន្ដែទន្ទឹមនឹងនោះ ត្រូវអនុវត្តផែនការ ក្នុងការលួចកែច្នៃគ្រឿងញៀន។ យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ​សង្ឃឹមថា​ ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងខិតខំធ្វើការងារទាំង​នេះ ក្នុងគោលដៅទប់ស្កាត់ គ្រឿងញៀនខុសច្បាប់​នៅប្រទេសកម្ពុជា។សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចកម្ពុជា បានបង្ក្រាបបានសារធាតុផ្សំ ដើម្បីធ្វើជាគ្រឿងញៀន រហូត​ដល់ជាង ៣០០តោន ហើយនៅពេលនេះ ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ កំពុងតែរួមគ្នា​គិតគូរ​រក​វិធី​ដើម្បី​បន្សាប​នូវសារធាតុផ្សំទាំងអស់នោះ​ មុនយកទៅកម្ទេចចោល។ នេះបើតាមការឲ្យដឹងពីសម្ដេចក្រឡាហោម ស ខេង ក្នុង​ពិធី​បិទសន្និបាត​បូកសរុបលទ្ធផល​ការងារ​ត្រួត​ពិនិត្យគ្រឿងញៀន ​ឆ្នាំ២០២១​ និងលើកទិសដៅការងារឆ្នាំ២០២២ របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង៕អត្ថបទ៖ បាន ចក់

ជាងមួយសប្តាហ៍កុមារអាយុក្រោម៥ឆ្នាំ ជាង១ម៉ឺននាក់នៅភ្នំពេញ ចាក់វ៉ាក់សាំងដូសទី២រួចរាល់

2022/03/31 12:45:42 pm        684
ភ្នំពេញ៖ ក្នុងរយៈពេលជាង១សប្តាហ៍ គិតចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣០ខែមីនាម្សិលមិញ កុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ជាង១ម៉ឺននាក់ រស់នៅរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២រួចរាល់ តាមការកំណត់របស់គ្រូពេទ្យ។តាមរយៈរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្រប ខណ្ឌទូទាំងប្រទេស​ ដែលBTVទទួលបាននៅថ្ងៃនេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមីនានេះ កុមារអាយុ៣ឆ្នាំ​ ដល់ក្រោម៥ឆ្នាំ ចំនួនជាង១៤០០០នាក់ រស់នៅរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងដូសទី២រួចរាល់ តាមការកំណត់របស់គ្រូពេទ្យ ខណៈដំណើរការចាក់វ៉ាក់សាំងនៅតែបន្ត។យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទSinovac ដូសទី១ ជូនកុមារអាយុពី៣ឆ្នាំ ដល់ ក្រោម៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ​ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ហើយការចាក់​ដូសទី២ ត្រូវមានគម្លាតពី២៨ថ្ងៃឡើងទៅ បន្ទាប់ពីចាក់ដូសទី១រួចរាល់។ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ​គឺជាយុទ្ធសាស្រ្តចំម្បងមួយ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ បានដាក់ចេញ ​ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ ​បានប្រមាណជិត ៥០លានដូស ​ទាំងការបញ្ជាទិញ ​និងជំនួយ​តាមរយៈយន្តការកូវ៉ាក់ ​និងជំនួយទ្វេភាគីពីបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​យក​ទៅប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជូនពលរដ្ឋ ​ចាប់ពីដូសទី១ ដល់ដូសទី៤៕ អត្ថបទ៖ ទូច សោភ័ណ

រដ្ឋមន្ត្រីទេសចរណ៍៖ សហគមន៍ទេសចរណ៍ ​និង​អេកូទេសចរណ៍ ​បានអភិវឌ្ឍរួចរាល់​ទទួល​ភ្ញៀវ​ចូល​ទស្សនា

2022/03/31 12:24:16 pm        507
ភ្នំពេញ៖ នៅថ្ងៃ៣១ ខែមីនានេះនៅក្រសួងទេសចរណ៍ បានបើកប្រជុំលើកទី១ គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានការចូលរួមពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន។ តាមរយៈគណកម្មាធិការជាតិ គឺយើងបានបង្កើត និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍ជាច្រើន។ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍​សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានថ្លែងថា ​នៅក្នុងអំឡុងពេលដែល ពិភពលោក​កំពុងជួបការរាតត្បាតមេរោគកូវីដ១៩កម្ពុជា តាមរយៈគណៈកម្មាធិការជាតិ គឺបានបង្កើត​សហគមន៍​ទេសចរណ៍ និងអេកូទេសចរណ៍ ​និងមាន​ការ​អភិវឌ្ឍ ដើម្បីជម្រុញការទទួលភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​អញ្ជើញទៅទស្សនាកម្សាន្ត ​ជាពិសេសនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ​ប៉ុន្មានថ្ងៃនេះទៀតនេះ។ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ក្នុងចំណោមសហគមន៍​ទេសចរណ៍ និងអេកូទេសចរណ៍​ដែលយើង​បាន​បញ្ចូល​សកម្មភាព​ទេសចរណ៍​ដែលអាចអោយភ្ញៀវទេសចរ​ទៅទស្សនាបាននោះ គឺមាន​សហគមន៍​ជាច្រើនបានអភិវឌ្ឍន៍អោយមានផ្លូវស្អាត ​រៀបចំដាក់បណ្តាញប្រព័ន្ធទូរស័ព្ទ Internet តភា្ជប់បណ្តាញ​អគ្គិសនី ការបោសសំអាតមីន ​ការរៀបចំទីតាំងដាក់ធុងសម្រាម និង​បណ្តុះបណ្តាលមគ្គុទេសទេសចរណ៍ បដិសណ្ឋារកិច្ច ​នៅក្នុងសហគមជាដើម។បើតាមលោក ជុក ជំនោរ​ ប្រធាន​នាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ថ្លែងថា ក្នុង​បរិបទកូវីដនេះ ក្រុមការងារបានចុះ​បណ្តុះបណ្តាល​បញ្ចូល​សកម្មភាព​ទេសចរណ៍​បៃតង​បាន​ចំនួនជាង៤០កន្លែងបន្ថែមទៀត និងបានបង្កើតការងារក្នុងសហគមន៍​បានចំនួនជាង៧០០នាក់ ​បន្ថែម​ទៀត ហើយចំណោមសហគមន៍ទេសចរណ៍​ និង​អេកូទេសចរណ៍​ទំាងនោះ ក៏មាន​សហគមន៍មួយចំនួនស្នើរាជរដ្ឋាភិបាល ​ពង្រីក​ស្ថាបនាផ្លូវចូលសហគមន៍ ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ និងបណ្តាញទូរសព្ទ Internetជាដើម។ សូមបញ្ជាក់ថា នៅទាំងប្រទេស មានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍បានរៀបចំ​សៀវភៅ​បញ្ជីសារពើភណ្ឌតំបន់​ទេសចរណ៍ជិត១១០០កន្លែង អាចទៅលេងកម្សាន្ត ក្នុងនោះ​សហគមន៍ស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន មានចំនួន ១៨២សហគមន៍​ក្នុងនោះ​មាន​សហគមន៍បញ្ចូល​សកម្មភាពទេសចរណ៍មានចំនួន ២៦សហគមន៍ ​ហើយសហគមន៍​ស្ថិតក្នុង​ការគ្រប់គ្រង​ដោយក្រសួងទេសចរណ៍មានចំនួន ៨៦សហគមន៍ ។ក្រៅពីនេះ ជា​សហគមន៍​ស្ថិតក្រោមការ​គ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ហើយតាមរយៈសហគមន៍​ដែលបាន​បញ្ចូល​សកម្មភាពទេសចរណ៍នោះ គឺបានផ្លាស់​ប្តូរមុខរបរពលរដ្ឋ​ក្នុង​សហគមន៍​ពីការកាប់ឈើ ​ដុតធ្យូង ​និងបរបាញ់សត្វព្រៃ​ ទៅជាការខិតខំថែរក្សាព្រៃឈើ និង​សត្វព្រៃ ធ្វើ​ការងាររកចំណូលពីវិស័យទេសចរណ៍វិញ៕អត្ថបទ៖ ស៊ុម សុខជា

ប្រទេសហ្គាបុងចង់បង្កើត MOU ជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

2022/03/31 12:11:17 pm        313
ភ្នំពេញ៖ ភាគីប្រទេសហ្គាបុង បានបង្ហើបពីគោលបំណង នៃការចង់បង្កើតMOU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ហ្គាបុង ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គិតក្នុងរយៈពេល ៤ឆ្នាំកន្លងទៅនេះ សម្រេចបានចំនួនប្រមាណ ១៤៩លានដុល្លារអាម៉េរិក។នៅក្រោយជំនួបការងារ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម វីត ហ្វើរណែម ម៉ែនហ្វមប៊ី (Yves Fernand Manfoumbi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសហ្គាបុង កាលពីល្ងាចថ្ងៃទី៣០ មីនា ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីបានកើនឡើងបន្តបន្ទាប់ ដោយគិតត្រឹមឆ្នាំ២០២១ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃប្រហែល ៤៥លានដុល្លារ ប្រៀបធៀបនឹងឆ្នាំ២០២០ មានតម្លៃ ៤៣លានដុល្លារក្នុងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញពីកម្ពុជាមានតម្លៃ ៤៤,៧៥លានដុល្លា និងកម្ពុជានាំចូលមានចំនួន ០,០២លានដុល្លារ។ក្នុងជំនួបនោះ ភាគីហ្គាបុង បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ហ្គាបុងកំពុងស្វែងរកប្រទេសដៃ​គូ​ពាណិជ្ជកម្ម​បន្ថែមនៅតំបន់អាស៊ី ​ជាពិសេសនៅកម្ពុជា និងបានស្នើភាគីទាំងពីរពង្រីកកិច្ច​សហប្រតិបត្តិការ​លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ​រួមមាន៖ ការបង្កើតMOU ស្តីពី​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​កម្ពុជា-ហ្គាបុង ​ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​និង​ពាណិជ្ជកម្មក្នុងការអនុវត្តក្របខណ្ឌគម្រោងនានា, ​ជំរុញការវិនិយោគផ្នែកឧស្សាហកម្ម និងការ​ដោះដូរ​ពាណិជ្ជកម្មទ្វេភាគី ​ដែល​មានលក្ខណៈបំពេញបន្ថែម និងការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ជាដើម។ ភាគីហ្គាបុង ក៏បានជម្រាបជូនអំពីការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដែលជួយសម្រួលច្រើនដល់​សកម្មភាព​ធុរកិច្ច​នៅហ្គាបុង ​និងចង់​ទទួល​បានការចែករំលែកបទបពិសោធន៍កម្ពុជា​នា​ពេលកន្លងមក។ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានស្វាគមន៍ និងគាំទ្រលើគ្រប់សំណើដែលបាន​ដាក់​ជូន ​និងជាពិសេសគាំទ្រឱ្យមានការបង្កើត MOU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង​កម្ពុជា-ហ្គាបុង ​ដែល​រំពឹងថា ​ភាគីទាំងពីរ​នឹង​ពន្លឿននីតិវិធី​ និង​ពិនិត្យ​បញ្ចប់​សេចក្តីព្រាងMOU នេះឲ្យបានឆាប់រហ័ស ដើម្បីអាចធ្វើការចុះហត្ថលេខាបាន ​នៅអំឡុងឆមាសទី២ ឆ្នាំ២០២២នេះ។ស្របគ្នានេះដែរ ឯកឧត្តមបានជម្រាបជូនថា កម្ពុជាកំពុងធ្វើកំណែទម្រង់ប្រព័ន្ធបញ្ជរតែមួយជាតិ សំដៅជួយសម្រួលសកម្មភាពធុរកិច្ច ​និងស្នើដាក់បញ្ចូលវិស័យនេះ ក្នុងកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា-ហ្គាបុងនាពេលខាងមុខ ​និងបានស្នើភាគីហ្គាបុងឱ្យពិចារណានាំចូល​ទំនិញ​សក្តានុពល​កម្ពុជា​បន្ថែមពីអង្ករ ដែលរួមមានជា​អាទ៍​ ផ្លែឈើស្រស់ ​ដំឡូងមី ​សំលៀកបំពាក់​ ស្បែកជើង និងកាបូបធ្វើដំណើរ ។ល។ប្រភពខាងលើ បានបញ្ជាក់ទៀតថា នៅមុនបញ្ចប់ជំនួបនាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនពីការត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍​និងសម្របសម្រួលដល់អ្នកវិនិយោគ និង​សកម្មភាពពាណិជ្ជកម្មរបស់ភាគីហ្គាបុង​ នៅប្រទេសកម្ពុជា ​និងលើកទឹកចិត្តដល់ក្រុមបណ្តាប្រទេស​ក្របខ័ណ្ឌតំបន់​ដែលនិយាយភាសាបារាំង​ ក៏ដូចជាក្រុមហ៊ុនមកពីហ្គាបុង ​និងក្រុមហ៊ុនកម្ពុជា ពិនិត្យលទ្ធភាពក្នុងភាពជាដៃគូក្នុងវិស័យធុរកិច្ច ​រវាងក្រុមហ៊ុនផ្សេងៗគ្នានៃភាគីទាំងពីរ៕ អត្ថបទ៖ បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធាន IATA៖ បញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ ធ្វើ​ឲ្យ​ក្រុមហ៊ុនអាកាសចរណ៍ខាតបង់​ ១១ពាន់លានដុល្លារ នៅឆ្នាំ២០២៥
06/09/2026 04:06 PM
ការសិក្សា៖ ការចំណាយលើអាវុធនុយក្លេអ៊ែរ កើនឡើងខ្ពស់បំផុត ចំ​​ពេល​មាន​ការប្រណាំងប្រជែងអាវុធ​ថ្មី
06/09/2026 04:06 PM
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានរដ្ឋវៀតណាម នៅរដ្ឋធានីហាណូយ
06/09/2026 04:06 PM
មន្ត្រី៖ មន្ត្រីយោធាអាមេរិកបានជួយការពារប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើអ៊ីស្រាអែល
06/09/2026 04:06 PM
មេបញ្ជាការកងទ័ពលីបង់ជួបពិភាក្សាជាមួយសមភាគីប៉ាគីស្ថានអំពីប្រតិបត្តិការយោធា
06/09/2026 04:06 PM
គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់ និងត្រៀមចុះបេសកកម្មនៅភូមិភាគឦសាន
06/09/2026 04:06 PM
រុស្ស៊ី ប្រតិកម្មចំពោះសេចក្តីថ្លែងការណ៍រួមរបស់អ៊ុយក្រែន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់
06/09/2026 04:06 PM
រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បន្តធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិផ្តល់ព័ត៌មានលើអេក្រង់ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល
06/09/2026 04:06 PM
លោក Vance៖ អាមេរិកនឹងបន្ត​ស្វែង​រក​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយមិនគិត​ពី​​ជំហររបស់អ៊ីស្រាអែល
06/09/2026 04:06 PM
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង
06/09/2026 04:06 PM