​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន៖ កត្តាសន្តិភាព គឺជាចំណុចចាប់ផ្តើម នៃអ្វីទាំងអស់

2022/03/31 08:19:46 am        505
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ​ការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានឱ្យតម្លៃ និងយល់ឃើញពីគុណតម្លៃសុខសន្តិភាព តាំងទសវត្សរ៍ឆ្នាំ១៩៧៩មកម្លេះ ដែលសន្តិភាពទាំងនេះហើយ គឺកត្តាផ្តើម នៃអ្វីៗទាំងអស់នៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបានកំពុងស្វែងរកសន្តិភាព និងការពារសន្តិភាព ខណៈបញ្ហាសង្រ្គាមនៅអ៊ុយក្រែនបានកំពុងបន្ត។ សម្តេចតេជោបញ្ជាក់ថា ពេលវេលានេះ ម៉ោងនេះ កម្ពុជាកំពុងធ្វើការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រទេសអ៊ុយក្រែន​កំពុងបានបំផ្លាញដោយហេដ្ឋារចនាសម្ព័ន្ធនានាដោយសារសង្រ្គាម៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

2022/03/31 07:33:56 am        1503
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖- ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។- ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។- ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានកំណត់ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨.៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕

ប្រជាពលរដ្ឋ២ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល ទទួលបានផ្លូវបេតុងមួយខ្សែប្រវែង ២៥០០ម៉ែត្រ

2022/03/30 05:22:25 pm        726
កណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ២ មានឃុំពុកឬស្សី និងឃុំព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តខេត្តកណ្តាល ទទួលបានផ្លូវបេតុងមួយខ្សែប្រវែង ២៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ កាលពីថ្ងៃទី២៩មិនាម្សិលមិញនេះ ។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ គឺជា​សក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ខេត្តកណ្តាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកប​ដោយ​ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ក្រោមម្លប់​ដ៏ត្រជាក់​នៃសុខសន្តិភាព ​ដែលត្រូវបាននាំមកជូនប្រទេសជាតិ ​និង​ប្រជាជនកម្ពុជា​យើង។ឯកឧត្តម បានបន្តថា ផ្លូវបេតុង១ខ្សែនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានបង្ក​នូវភាព​ងាយ​ស្រួលគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ​ក្នុងការធ្វើដំណើរបានងាយ​ស្រួល​ឆាប់​រហ័ស​ជាងមុន ប្រកប​ដោយសុវត្ថិភាព​ ជួយសម្រួលដល់ការដឹកជញ្ជូន​កសិផល​ទៅកាន់ទីផ្សារ និងបានចូលរួម​ចំណែកយ៉ាងធំធេង ​ក្នុងការជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។ឯកឧត្ដម បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក​ និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំង​បានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើន​លើ​គ្រប់វិស័យ ​ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ​នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង​នាពេលនេះ​ជាសក្ខីភាពស្រាប់ ។នាឱកាសនោះដែរ ​ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយក​ចិត្តទុក​ដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាល ​នៃជំងឺកូវីដ-១៩​ ឱ្យបានល្អបំផុត ដោយ​ត្រូវ​បន្តអនុវត្តវិធានការ​អនាម័យ​តាមការណែនាំរបស់ក្រសួងសុខាភិបាល ​និងអភិក្រម របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣កុំ និង៣ការពារ ពិសេស​ត្រូវនាំគ្នា​ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ និងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ សៅ យ៉ាម៉ង់

ប្រធានកិច្ចប្រជុំ AICHR មិនលូកដៃចូលកិច្ចការមីយ៉ាន់ម៉ាទេ ដោយខុសនឹង​ធម្មនុញ្ញ​អាស៊ាន

2022/03/30 05:09:55 pm        412
ភ្នំពេញ៖ កិច្ចប្រជុំ AICHR ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០២២នេះ បានប្រកាសមិនលូកដៃចូលកិច្ចការរបស់ប្រទេសមីយ៉ាន់ម៉ានោះទេ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដោយខុសទៅនឹងធម្មនុញ្ញរបស់អាស៊ាន និងលក្ខន្តិកៈរបស់ AICHR ។ឯកឧត្តម ស្រៀង ចិន្ដា សមាជិកគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងជាជំនួយការ AICHR បានឱ្យដឹងក្រោយពេលប្រជុំអាយឆា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ មានប្រសាសន៍ថា ក្នុងកិច្ច​ប្រជុំ​ដែល​កម្ពុជា​ធ្វើជាប្រធាននេះ ​មានតំណាងប្រទេសមួយចំនួន បានលើកឡើង​នូវពីចំណាប់​អារម្មណ៍​លើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ​ហើយក្នុងនោះគ្រាន់ជាការសំដែង ​នូវ​ចំណាប់​អារម្មណ៍ ឬ​កង្វល់ខ្លះៗ​ពាក់ព័ន្ធនឹងមីយ៉ាន់ម៉ាប៉ុណ្ណោះ ។ឯកឧត្តម បន្តថា ទន្ទឹមនេះ ខាងតំណាងប្រទេសមីយ៉ាន់ម៉ា ​ក៏បានបកស្រាយពន្យល់ដែរថា គាត់បាន​នឹង​កំពុងធ្វើរឿងដែលពាក់ព័ន្ធនឹងការលើកកម្ពស់​ និង​ការការពារសិទ្ធិមនុស្ស​ នៅមីយ៉ាន់ម៉ា ដូចជា​ការលើកឡើងនូវអ្វីដែលគាត់បានខិតខំ ​ដូចជា​ការផ្ដល់នូវសេវាសុខាភិបាល ឬក៏ប្រព័ន្ធជំនួយ​សង្គមផ្សេងៗ​ ដើម្បីជួយដល់ប្រជាជនមីយ៉ាន់ម៉ាហើយ ។ឯកឧត្តម ស្រៀង ចិន្ដា បានអះអាងថា ​AICHR មិនលូកដៃចូលកិច្ចការប្រទេសមីយ៉ាន់ម៉ាទេ ដោយ​សារតែ​ធម្មនុញ្ញអាស៊ាន​ និងលក្ខខន្តិកៈរបស់ AICHR ​តម្រូវឱ្យមានការឯកភាពពីគ្រប់ភាគី​ដើម្បី​អាចជជែកពិភាក្សាបាន ។ គួរបញ្ជាក់ថា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ​អាណត្តិថ្មីឆ្នាំ២០២២ ​ដល់ឆ្នាំ២០២៤ ​ឯកឧត្តម កែវ រ៉េមី បានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំ ​ជាលើកដំបូង ​តាមរយៈប្រព័ន្ធវីដេអូ ​Conference បន្ទាប់ពីបានក្លាយ​ជា​អ្នកតំណាង AICHR ជាផ្លូវការ ​នៅថ្ងៃទី៣០ ​ខែមីនា ​ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ​នឹងមាន​រយៈពេល៣ថ្ងៃ ៕ អត្ថបទ៖ បាន សុខ​រិទ្ធ​

រដ្ឋមន្ត្រីទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

2022/03/30 04:59:20 pm        623
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថា ក្នុងឱកាសថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញដើរកម្សាន្តច្រើន បើទោះបីតំលៃប្រេងសាំងហាក់មានការឡើងថ្ងៃបន្តិចក៏ដោយ។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មាន ​នៅថ្ងៃទី៣០ ខែមីនា មកដល់​ថ្ងៃនេះ ក្រសួងសំគាល់ឃើញថា ​បណ្តាខេត្តរាជធានី ​ជាពិសេសបណ្តាខេត្តនៅតាមគោលដៅ​ទេសចរណ៍​សំខាន់ៗ ​បានរៀបចំកម្មវិធីកម្សាន្តសប្បាយ ​និង​រៀបចំ​កម្មវិធី​សង្ក្រាន្ត​កម្រិត​ថ្នាក់​ខេត្ត​ជាច្រើន ខណៈនិន្នាការ​ប្រជាពលរដ្ឋគឺ ចង់ចេញ ​ដើរម្សាន្ត​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរផងដែរ។ឯកឧត្តម រដ្ឋមន្ត្រី បន្តថា តាមរយៈការបើកប្រទេស ការផ្តល់VISA ON ARRIVAL និង​លប់ការ​ធ្វើ​តេស្តកូវីដ ៧២ម៉ោងចំពោះទេសចរអន្តរជាតិ ​ចាក់វ៉ាក់សាំង ​កម្ពុជា នឹង​ទទួល​បាន​ភ្ញៀវបរទេស​មក​ទស្សនាកម្ពុជា ​ថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ​កាន់តែច្រើនថែមទៀត។ឯកឧត្តម ថោង ខុន បន្តថា កម្ពុជានៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ មាន​ភ្ញៀវទេសចរជាតិ​អន្តរជាតិផ្ទៃ ក្នុង​ដើរទស្សនាកម្ពុជា​បានជិត ៣លាននាក់ ខណៈនៅទូទាំងប្រទេស​នៅក្នុង​២០២១នោះ​ កម្ពុជាមានទេសចរផ្ទៃក្នុង ​បានចេញដើរកម្សាន្តបានជិត ៥លាននាក់ នឹងកើនឡើង​ជិត​៨លាននាក់នៅក្នុងឆ្នាំ២០២២នេះ ។ ដោយឡែននៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ​ភ្ញៀវទេសចរអន្តរជាតិបានអញ្ជើញ​មកទស្សនាកម្ពុជា កើនឡើង ១១៤% បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១នេះ។ទោះយ៉ាងណាក៏ដោយ ​ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ​ក៏បានអំពាវនាវឲ្យ​បណ្តា​អាជ្ញាធរមូលដ្ឋាន​រាជ​ធានីខេត្ត​ អាជីវកម្មទេសចរណ៍ទំាងអស់​ ត្រូវរៀបចំទីតាំង​កម្សាន្ត​អោយ​មានសុវត្ថិភាព អនុវត្តវិធាន​អនាម័យ៣កុំ៣ការពារ​ រៀបចំការផ្តល់​សេវា​ទេសចរណ៍​អោយ​មាន​គុណភាព កុំឡើងថ្លៃហួស​កំណត់​នៅក្នុងតារាងតម្លៃជាដើម៕ អត្ថបទ ស៊ុម សុខជា

កម្ពុជាប៉ាគីស្ថាន ឯកភាពគ្នាសហការលើការផ្សព្វផ្សាយគោលដៅទេសចរណ៍

2022/03/30 04:42:05 pm        446
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប៉ាគីស្ថាន នឹងរៀបចំការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ដើម្បីជំរុញចលនាទេសចរណ៍ប្រទេសពីរ មានកំណើនឡើងវិញ។នេះជាការលើកឡើងនៅក្នុងកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ រវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋថ្មី​សាធារណៈរដ្ឋអ៊ីស្លាម​ប៉ាគីស្ថាន ប្រចាំនៅនៅក្នុងកម្ពុជា​ នៅទីស្តីការក្រសួង។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាដោយ បាន​គិតគូរ​ ខ្លាំងលើការផ្សព្វផ្សាយគោលដៅទេសចរណ៍​ដែល​មាន​សុវត្ថិភាព និងមានសក្តានុពល​នៃ​ប្រទេសទំាងពីរ​ដើម្បីធ្វើអោយ​យ៉ាង​ណា​អោយប្រជាជន​នៃប្រទេសទាំងពីរ​មានការផ្លាស់ប្តូរ​ដំណើរ​ទស្សនា​កម្សាន្តពីគ្នាទៅវិញទៅមក​ អោយបានច្រើនជាពិសេសកំណើន​ទេសចរណ៍​នៅពេលកូវីដ-១៩​ មានការធូរសា្រល។ឯកឧត្តម ថោង ខុន បន្តថា ជាក់ស្តែងនៅក្នុងឆ្នាំកន្លងមក​ប្រទេសទាំងពីរ​មិនធ្លាប់មានការធ្វើ​អនុសារណៈ ​ការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យ​ទេសចរណ៍​នោះទេ ហើយ​នៅ​ក្នុងអាណត្តិការទូតថ្មីរបស់ ​ប្រទេសប៉ាគីស្ថាននេះ ​គឺ​នឹងជម្រុញ​អោយមានការចុះហត្ថលេខាលើ​អនុសារណៈការយោគយល់គ្នានេះ ​ដើម្បី​ជម្រុញកំណើន​ចលនាទេសចរប្រទេសទាំងពីរ។ឯកឧត្តម Zaheeruddin Babar Thaheem ថ្លែងថា ​នៅក្នុងអណត្តិបេសកកម្មបំពេញការងារកាទូតនៅ កម្ពុជានេះ ​ការងារដំបូងគឺឯកឧត្តម ​ចង់​ជំរុញ​ចលនាទេសចរអោយមានជាបណ្តើរៗ រវាង​ប្រទេស​ទាំងពីរ កម្ពុជា ប៉ាគីស្ថាន​ ចាប់ពីពេលនេះតទៅ ​ខណៈកម្ពុជា​ ប៉ាគីស្ថាន កំពុង​សម្រេច​គោលដៅ​ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាជនដូចគ្នា៕អត្ថបទ៖ ស៊ុម សុខជា

ព្រៃវែងគ្រោងបញ្ចប់ការបោសសម្អាតសំណល់ជាតិផ្ទុះនៅឆ្នាំនេះ ខណៈសល់ត្រឹម២ចម្ការមីន

2022/03/30 04:30:57 pm        567
ព្រៃវែង៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា ឆ្នាំ២០២២នេះ ខេត្តព្រៃវែងនឹងបញ្ចប់ការបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខណៈដីចម្ការមីន ក្នុងខេត្តមួយនេះ នៅសល់តែ២កន្លែងប៉ុណ្ណោះ ។ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងអាជ្ញាធរមីនកម្ពុជា និង​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំកម្ពុជា និងប្រគល់-ទទួល​វិភាគទានសប្បុរសធម៌ ​គាំទ្រ​ការងារបោសសំអាតមីន នៅ​ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ផ្ទៃដីចម្ការមីន​ដែល​នៅសល់ចំនួន ២កន្លែង ​ស្មើនឹង ៣.៦ហិកតា​ នៅក្នុងខេត្តព្រៃវែង គ្រោងត្រូវបោសសំអាតអស់​ត្រឹម​រយៈពេល ២សប្ដាហ៍ ​អនុវត្តដោយកងកម្លាំងមួកខៀវ ។ឯកឧត្តម បន្តថា សម្រាប់គម្រោងថវិកា​សំអាត​មីនទាំង ​២ចម្ការមីននេះ គាំទ្រដោយសភាពាណិជ្ជកម្ម​អាមេរិកប្រចាំនៅកម្ពុជា ​ក្នុងទំហំថវិកាជិត ១ម៉ឺនដុល្លារ​ ដែលថវិកាទាំងអស់នេះ ​គ្រប់គ្រាន់ និង​សមរម្យ​ក្នុងការងារបោសសំអាត ។លោក Anthony Galliano ភាគីខាងសភាពាណិជ្ជកម្មអាមេរិក ​ប្រចាំនៅកម្ពុជា ​បានលើកឡើងថា ការ​ផ្ដល់ជំនួយនេះ ​ដោយមើលឃើញពីផល​លំ​បាក​របស់កម្ពុជា ដែលសេសសល់ចម្ការមីន​ជា​ច្រើន​កន្លែង​ពាស់ពេញប្រទេស ​ហើយបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។លោក បន្តថា សម្រាប់ថវិកានេះ​ គឺជាចំណូលរបស់សភាពាណិជ្ជកម្មអាមេរិក​ប្រចាំនៅកម្ពុជា រកបាន​នៅក្នុងប្រទេសកម្ពុជា ​ហើយលោកសន្យាបន្តកៀរគរអ្នកវិនិយោគ ​ឬដៃគូផ្សេងៗទៀត ប្រមូល​ថវិកា​ជួយដល់កម្ពុជា​ ក្នុងការដោះស្រាយ​លើវិស័យមីននេះ ។គួរបញ្ជាក់ថា ​នៅដើមឆ្នាំ២០២២នេះ ​កម្ពុជា​បានប្រកាស​រួចរាល់​ហើយ​ នៅ​ខេត្តកែប ​ដែលជា​ខេត្តដំបូងគេ​ ត្រូវបានបោស​សំអាត​មីនរួចរាល់ ​ធ្វើឲ្យដីមានសុវត្ថិភាព​ ហើយ​ប្រជាពលរដ្ឋ​អាច​ធ្វើ​កសិកម្ម ​ឬរស់នៅមិនមានការ​ភ័យខ្លាច​ដោយសារ​បញ្ហា​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​នោះ ៕ អត្ថបទ៖ បាន​ សុខ​រិទ្ធ​

ក្រសួងសុខាភិបាលប្រគល់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់បណ្តារាជធានី-ខេត្តទាំង២៥

2022/03/30 02:46:35 pm        449
ភ្នំពេញ៖ លោកជំទាវវេជ្ជបណិ្ឌត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍របេង គ្រុនចាញ់ នៅឃ្លាំងឱសថកណ្តាល (Central Medical Stores) ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានប្រគល់អំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដល់បណ្តារាជធានី-ខេត្តទាំង២៥។សម្ភារៈបរិក្ខារវេជ្ជសាស្រ្តដែលចែកជូនមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនាថ្ងៃនេះ រួមមាន៖ បរិកា្ខរ​បំពាក់ផ្តល់អុកស៊ីហ្សែនក្នុងមន្ទីរពេទ្យ ម៉ាស៊ីនវិភាគកំហាប់អុកស៊ីហ្សែន ឱសថ​ព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរ ​ឧបករណ៍​ពិនិត្យជីពចរ​ និងកំហាប់អុកស៊ីហ្សែន ​ម៉ាស់ សំលៀកបំពាក់​សុវត្ថិភាព​សម្រាប់មន្រ្តីសុខាភិបាល (PPE)​គិតជាទឹកប្រាក់ចំនួន ១.៧៩៤.៦៧៨ដុល្លារអាមេរិកនៃថវិកាសរុបចំនួន២៣.៨៩២.៥៦៨ ដុល្លារអាមេរិក ដែល​ជាជំនួយ​ឥតសំណង​របស់មូលនិធិសកលសម្រាប់រយៈពេល៣ឆ្នាំ(២០២១-២០២៣) ​ក្រោម​គម្រោងឆ្លើយតប នឹង​ជំងឺកូវីដ-១៩ បន្ថែមពីលើថវិកា​ សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង ដែលមាន​ថវិកា​សរុប​ជាង ​៦១លានដុលា្លរអាមេរិក ​សម្រាប់រយៈពេល៣ឆ្នាំ ​គឺពីឆ្នាំ២០២១ ​ដល់២០២៣ ដែលត្រូវបានផ្តល់​ជូនតាម​រយៈក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។នៅក្នុងឱកាសនោះ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានលើកឡើងពីភាពជោគជ័យ​នៃការ​គ្រប់គ្រង​ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ កើតឡើង​ពីការដឹកនាំដ៏ឈ្លាសវៃ​ប្រកបដោយគតិបណ្ឌិត​ របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ​ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុល​បង្ហាញ​ផ្ទាល់។លោកជំទាវ រដ្ឋលេខាធិការ ​ក៏បានថ្លែងអំណរគុណ​ ដល់មូលនិធិសកលប្រយុទ្ធ ​នឹងជំងឺអេដស៍ របេង ​គ្រុនចាញ់ ​ដែលបានសហការ​គាំទ្រ​ទាំងថវិកា ​និង​បច្ចេកទេសដល់វិស័យសុខាភិបាល​នា​ពេលកន្លងមក។ លោកជំទាវ ក៏បានសម្តែងនូវការកោត​សរសើរ ​និងជូនពរដល់មន្រ្តីសុខាភិបាល​គ្រប់លំដាប់ថ្នាក់ ដែល​បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវា​ជូនប្រជាពលរដ្ឋ​ប្រកប​ដោយស្មារតី​ទទួលខុសត្រូវខ្ពស់៕ អត្ថបទ៖ រដ្ឋា

កូរ៉េផ្តល់ឥណទាន ១,២ ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

2022/03/30 01:09:24 pm        587
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រេចផ្តល់ការសន្យា សម្រាប់កញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលានដុល្លារអាមេរិក សម្រាប់យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KOO Yun Cheol, ​រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល ​នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះថា ប្រទេសកូរ៉េបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងការរួម​ចំណែកដល់សកម្មភាពអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ​តាមរយៈមូលនិធិសហប្រតិបត្តិការសម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ច ​និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​ (KOICA)​ ជាភ្នាក់ងារអនុវត្ត ក្នុងនោះ​ចាប់តាំងពីឆ្នាំ ១៩៩៦​ ដល់បច្ចុប្បន្ន, សាធារណរដ្ឋកូរ៉េបានផ្តល់ហិរញ្ញប្ប ​ទានឥតសំណង​ដល់កម្ពុជា​ប្រមាណជា ៤៣១ ​លានដុល្លារអាមេរិក ។ ចំណែកក្នុងក្របខ័ណ្ឌឥណទានសម្បទាន ​គិតចាប់ពីឆ្នាំ ២០០០ ​មកដល់បច្ចុប្បន្ន ភាគីកូរ៉េ​បាន​ផ្តល់ឥណទានសម្បទានដល់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១ ២១១ លានដុល្លារអាមេរិក សម្រាប់​ហិរញ្ញប្បទាន​ដល់គម្រោង/​កម្មវិធីអភិវឌ្ឍន៍ចំនួន ២៦ គម្រោង ដែលសុទ្ធសឹងជាគម្រោង​អាទិភាព​ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា​ ដែលធ្វើឱ្យ កូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគី​ដ៏​សំខាន់​លំដាប់ទី ៣ ​បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន ​និងប្រទេសជប៉ុន ។ក្រៅពីគម្រោងខាងលើ, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់ការសន្យាកញ្ចប់ឥណទាន​សម្បទាន​បន្ថែមទៀត ​តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌថ្មី ​ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២​ ដល់ឆ្នាំ ២០២៦ ​និង​សង្ឃឹមថា ភាគីទាំងពីរ​នឹងពិភាក្សា​សម្រេច​ទៅលើវិស័យ​ និងគម្រោងអាទិភាព​ ក្នុងការប្រើប្រាស់កញ្ចប់ថ្មីនេះ តាមរយៈកិច្ចពិគ្រោះ​យោបល់​កម្រិតគោលនយោបាយលើកទី៤ ​ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែល​បានគាំទ្រ ​និងជួយជ្រោមជ្រែងដល់គម្រោងសាងសង់ស្ពាន​មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែល​នឹងក្លាយជានិមិត្តរូបនៃចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា ​និងសាធារណរដ្ឋកូរ៉េ ។ក្រៅពីគោលការណ៍ខាងលើ, ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងអំពីតម្រូវការវិនិយោគ​បន្ថែមរបស់កម្ពុជា ​ទៅលើវិស័យសំខាន់ៗដទៃទៀតរួមមាន៖ ​ហេដ្ឋារចនាសម្ព័ន្ធបៃតង, កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ​ដែលជាវិស័យដ៏មានសក្តានុពលក្នុងការជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជា ។ ជាងនេះទៀត, ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistics) និងឌីជីថល ក៏បានក្លាយជាវិស័យអាទិភាព​មួយ​ដែលរាជរដ្ឋាភិបាល​កម្ពុជាបាន​ និងកំពុងយកចិត្តទុក ។ ​ដូចច្នេះ, ការកៀរគរទុនវិនិយោគពី​វិស័យ​ឯកជន ​ទាំងក្នុង ​និងក្រៅប្រទេស ​ជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ ការចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ ។ ក្នុងជំនួបនេះ, ឯកឧត្តម KOO Yun Cheol បានសម្តែងនូវការកោតសរសើរ​ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំង​នឹង​វិបត្តិជំងឺកូវីដ-១៩​ ជាពិសេសការទប់ស្តាត់ផល​ប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ច ក្នុង​រយៈពេលកន្លងមក, ​ឯកឧត្តមបានជូនពរឱ្យកម្ពុជា ​បំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ​២០២២ ប្រកប​ដោយជោគជ័យ ​និងដឹកនាំអាស៊ានឆ្ពោះទៅរកសុខសន្តិភាព​ និងវិបុលភាពជារួម សំដៅ​បន្ត​បេសកកម្ម​ក្នុង​ការ​កសាង​សហគមន៍អាស៊ាន ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់អាស៊ាន​ក្នុងឆាក​អន្តរជាតិ ​ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ៕អត្ថបទ៖ សុន រ៉ាឌី

ការធ្វើជំរឿនសេដ្ឋកិច្ចទូទាំងប្រទេសសម្រេចបាន ៩៦% ខណៈរាជធានីភ្នំពេញនៅមានភាពយឺតយ៉ាវ

2022/03/30 01:00:33 pm        490
ភ្នំពេញ៖ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ តាមការគ្រោងគឺនឹងបញ្ចប់ នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២២។ លទ្ធផលជំរឿនសេដ្ឋកិច្ចគិតត្រឹម ល្ងាចថ្ងៃទី ២៩ខែមីនា គឺសម្រេចបាន ៩៦% ទូទាំងប្រទេស តែរាជធានីភ្នំពេញគឺនៅមានភាពយឺតយ៉ាវជាងគេ ដែលអាចពន្យារពេលប្រមូលទិន្នន័យសម្រាប់ទីតាំងនេះ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងផែនការ។ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺបានចាប់ផ្ដើមតាំងពីថ្ងៃទី ១ខែមីនា មកម្លេះ ដោយគ្រោងបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា រយៈពេលពេញ១ខែ ក៏ប៉ុន្តែការងារជំរឿនគិតត្រឹមល្ងាចថ្ងៃទី ២៩ ខែមីនា គឺមិនទាន់​បាន​បិទបញ្ចប់គ្រប់ រាជធានី-ខេត្តនោះទេ។ ​នេះជាការលើកឡើងរបស់ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ។ ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា ជារួមក្នុងក្របខណ្ឌទូទាំងប្រទេសគឺសម្រេចបាន​ ៩៦% តែរាជធានី​ភ្នំពេញ មានភាពយឺតយ៉ាវជាងគេ ​ដោយទើបសម្រេចបានប្រមាណ​ ៧០%ប៉ុណ្ណោះ។ ភាព​យឺតយ៉ាវនេះ គឺដោយសារកត្តាមួយចំនួនដូចជា ​ចំនួនសហគ្រាសមានការកើនឡើង បើធៀប​ទៅ​នឹង​ការស្រង់​បញ្ជីសហគ្រាសកាលពីឆ្នាំ២០២០ និងដោយសារចំនួនមន្រ្តីប្រមូលទិន្នន័យ​មាន​ចំនួន​កំណត់។ ​ករណីនេះ​ ឯកឧត្តមអ្នកនាំពាក្យថា​ នឹងអាចពន្យារពេលប្រមូលទិន្នន័យសម្រាប់ ទីតាំង​រាជធានី​ភ្នំពេញ ព្រោះសហគ្រាសខ្លះ ក៏បានសុំពន្យារពេល​ដើម្បីបំពេញព័ត៌មាន​លម្អិត​ជូន​មន្រ្តីសម្ភាសន៍។ការងារជំរឿនសេដ្ឋកិច្ចនេះ គឺធ្វើឡើងរៀងរាល់ ១០ឆ្នាំម្ដង ដោយលទ្ធផលទិន្នន័យដែលទទួល​បាន​ពីការធ្វើជំរឿននេះ ​គឺមានសារៈសំខាន់ជាខ្លាំងសម្រាប់ជាតិ ​ក្នុងការបង្កើតគោលនយោបាយ។ នេះជាអ្វីដែល​លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលន្ទុកអគ្គនាយកវិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃក្រសួងផែនការធ្លាប់បានលើកឡើង។​លោកជំទាវលើកឡើងថា ជំរឿនសេដ្ឋកិច្ច ​គឺពិតជាមានសារសំខាន់មិនអាចខ្វះបាន ដើម្បីឆ្លើយតប​សេចក្តីត្រូវការទិន្នន័យសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​បរិស្ថាន សង្គម វប្បធម៌ ​និង​សុខុមាលភាព​របស់​ប្រជាជនកម្ពុជា ​ក៏ដូចជា​ការត្រួតពិនិត្យ តាមដានវាយតម្លៃ ​គោលនយោបាយអភិវឌ្ឍន៍​សេដ្ឋកិច្ច ​សង្គមកិច្ច ​របស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤ ​និងគោលដៅអភិវឌ្ឍន៍​ដោយចីរភាពឆ្នាំ២០១៦-២០៣០៕ អត្ថបទ៖ គឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ
06/09/2026 02:06 PM
ប៉ាឡេស្ទីនអំពាវនាវឲ្យអន្តរជាតិបង្កើនសម្ពាធ ដើម្បីបញ្ឈប់វិធានការខុសច្បាប់និងអំពើហិង្សារបស់ អ៊ីស្រាអែល
06/09/2026 02:06 PM
ក្រសួងថាមពល៖ ការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងបណ្តាលឲ្យខ្វះខាតប្រេងឥន្ធនៈ នៅភាគខាងត្បូងរុស្ស៊ី
06/09/2026 02:06 PM
រដ្ឋមន្ត្រី៖ សេដ្ឋកិច្ចលីបង់ អាចនឹងធ្លាក់ចុះដល់ ១០% នៅឆ្នាំ ២០២៦ ប្រសិនបើជម្លោះ នៅតែបន្ត
06/09/2026 02:06 PM
សម្តេចតេជោ៖ ដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់បច្ចុប្បន្នត្រូវតែយកមកវិញឲ្យខាងតែបាន
06/09/2026 02:06 PM
សម្តេចតេជោ ណែនាំឱ្យចាត់វិធានការចំពោះបុគ្គល ដែលបន្តនាំទិញខុសច្បាប់ ចូលមកពីថៃដោយដកទ្រព្យសម្បត្តិ
06/09/2026 01:06 PM
សម្ដេចតេជោ ដាក់ឈ្មោះភូមិបណ្ដោះអាសន្នសម្រាប់ជនភៀសសឹក ក្នុងស្រុកស្វាយចេក ថា «ភូមិរង់ចាំ»
06/09/2026 01:06 PM
សម្ដេចតេជោ មិនចង់ឃើញជម្លោះព្រំដែនកម្ពុជា-ថៃ ប្រែក្លាយជាជម្លោះតពូជដូចអ៊ីស្រាអែលនិងកាហ្សា
06/09/2026 01:06 PM
កោះតៃវ៉ាន់ប្រដូចទៅនឹងការបំផ្លាញកម្លាំង ចូលលុកលុយរបស់ចិន ក្រសោបយកកោះនេះ ក្នុងសមយុទ្ធនៅឆ្នេរសមុទ្រ
06/09/2026 12:06 PM
យន្តហោះចម្បាំងបារាំងមួយគ្រឿងក្នុងបេសកកម្មណាតូ បាញ់ទម្លាក់យានដ្រូនក្នុងដែនអាកាសឡាតវី
06/09/2026 12:06 PM